ព្រះបាទមហេន្ទ្រវរ្ម័នទី១

ព្រះបាទមហេន្ទ្រវរ្ម័នទី១
រជ្ជកាល៦០០-៦១៥
រាជ្យមុនព្រះបាទភវវរ្ម័នទី១
រាជ្យបន្តព្រះបាទឥសានវរ្ម័នទី១
សាសនាព្រហ្មញ្ញសាសនា និងរាជធានីភវបុរៈ

ព្រះបាទមហេន្ទ្រវរ្ម័នទី១ (ឆ្នាំ៦០០-ឆ្នាំ៦១៥នៃគ.ស) កែប្រែ

ព្រះអង្គបងប្អូនជីដូនមួយ និងជាមេទ័ពរបស់ព្រះបាទភវវរ្ម័នទី១។ ព្រះអង្គបានកសាងសិលាចារឹកផ្សេងៗនៅពាមទន្លេមូល នៅខេត្តសុរិន្ត រូបគោនន្ទិនិងកសាងព្រះសិវលិង្គ។ ព្រះអង្គបានធ្វើសង្រ្គាមពង្រីកទឹកដីបន្តពីព្រះរាមឆ្ពោះទៅទិសខាងលិច និងទិសខាងត្បូង។ ព្រះអង្គបានបញ្ជូនរាជទូតឈ្មោះ សិង្ហទេវៈ[១]ទៅកាន់នគរចម្ប៉ា ដើម្បីចងស្ពានមេត្រីខាងលារទូត។ ព្រះអង្គបានកសាងក្រុងឥន្ទ្របុរៈពង្រីកទឹកដីដល់បូរីរម្យ និងសុរិន្ត កសាងសិលាចារឹកនៅភូល្ខោន(ឡាវ)[២]។ ពេលឡើងសោយរាជ្យព្រះបាទចិត្រសេន យកព្រះនាមសម្រាប់រាជ្យថា ព្រះបាទមហេន្ទ្រវរ្ម័ន[៣]។ ព្រះអង្គមានមន្ត្រីពីរនាក់បម្រើព្រះអង្គគឺធម្មទេវៈ និងសឹម្ហទេវៈ ដែលត្រូវជាបងប្អូនជីដូនមួយជាមួយគ្នា ព្រោះត្រូវជាកូនរបស់ព្រាហ្មណ៍ពីរនាក់បងប្អូនព្រាហ្មទត្តៈ និងព្រាហ្មសឹម្ហៈ។ អ្នកទាំងពីរនេះធ្លាប់ជាមន្ត្រីរបស់ព្រះបាទភវវរ្ម័នទី១ ហើយព្រះបាទមហេន្ទ្រវរ្ម័នទី១ ពិនិត្យឃើញថាជាទីប្រឹក្សាល្អ ទ្រង់ក៏បានរក្សាទុកព្រោះពួកនេះ ចេះចាំច្បាស់លាស់អំពីវិទ្យាសាស្រ្តត្រឹមត្រូវ និងវិទ្យាសាស្រ្តមានប្រយោជន៍ មានន័យថាជាអ្នកអនុវត្តន៍ជាក់ស្តែង និងត្រឹមត្រូវ។ មន្ត្រីទាំងពីរនាក់នេះ ជាជំនួយ ដែលជួយឱ្យព្រះអង្គទទួលបាននូវជ័យជម្នះ។ ទ្រង់បានចាត់ឱ្យសឹម្ហទេវៈទៅធ្វើជាចចារជាមួយនគរចម្ប៉ា ដើម្បីរក្សាចំណងមេត្រីភាពរវាងព្រះរាជាកម្ពុជា និងព្រះរាជាចម្ប៉ា។ បេសកម្មនេះត្រូវបានជោគជ័យ ហើយសន្តិភាពត្រូវបានធានា[៤]

ឯកសារយោង កែប្រែ

  1. តាមសិលាចារឹកអង្គជំនីក
  2. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៤០
  3. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី១១៣
  4. សិលាចារឹកអង្គជំនីក កម្រងក្បាលទី១ ទំព័រទី៦៨ ដល់ ៧០