ព្រះបាទឥសានវរ្ម័នទី១

ព្រះបាទស្រីឦសានវម៌្មទី១
រជ្ជកាល៦១៥-៦៣៥
រាជ្យមុនព្រះបាទស្រីមហេន្ទ្រវម៌្មទី១
រាជ្យបន្តព្រះបាទស្រីភវវម៌្មទី២
សាសនាព្រហ្មញ្ញសាសនា និងរាជធានីឦសានបូរ

ព្រះបាទស្រីឦសានវម៌្មទី១ (ឆ្នាំ៦១៥-ឆ្នាំ៦៣៥នៃគ.ស)

កែប្រែ

ព្រះអង្គជាបុត្ររបស់ព្រះបាទស្រីមហេន្ទ្រវម៌្មទី១ ព្រះអង្គបានបន្តនយោបាយពង្រីកទឹកដីពីព្រះរាជបិតាទៅលើអាណាចក្រភ្នំ។ ព្រះអង្គបានកសាងសិលាចារឹកនៅប្រាសាទបាយ៉ង់កោរ ប្រាសាទសំបូរព្រៃគុកនិងសិលាចារឹកអង្គជំនីក។ ព្រះអង្គបានកសាងរាជធានីឦសានបូរតាមដងស្ទឹងសែននៃខេត្តកំពង់ធំ។ ព្រះអង្គបានវាយយករាជធានីនរវរនគរនៅស្រុកអង្គរបូរីនៃខេត្តតាកែវ។ ព្រះអង្គបានវាយយកក្រុងអនិន្ទិតបូរ(កំពង់ធំ) ចក្រាង្កបូរ (ជីក្រែង សៀមរាប) អមោឃបូរ (បាត់ដំបង) ភីមបូរ(បាត់ដំបង)និងអមរិន្ទ្របូរ(ប្រាសាទអកយំ)។ ព្រះអង្គបានគ្រប់គ្រងទំនាបទន្លេមេណាម(ប្រទេសថៃ) សិលាចារឹកនៅខេត្តប៊ីន នៅខាវណយខាវរ៉ាង និងវាយយកអាណាចក្រមននៅទ្វារវតី។ ព្រះអង្គបានចង់ស្ពានមេត្រីជាមួយប្រទេសចម្ប៉ាផងដែរ[]។ ដើម្បីរឹតចំណងមិត្តភាពព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនច្រើនលើកគឺឆ្នាំ៦១៦-ឆ្នាំ៦២៨នៃគ.ស និងបានរៀបរាជាភិសេតបុត្រីរបស់ព្រះអង្គនាម សាវ៌ានិ ជាមួយព្រះអង្គម្ចាស់ចាម្ប៉ាមួយអង្គ[]។ ព្រះអង្គទ្រង់ឡើងសោយរាជ្យដោយមានព្រះនាមថា ព្រះបាទស្រីឥសានវរ្ម័ន ដែលមាន័យថាព្រះឦសាន[] ជាអ្នកការពារ ឬជាព្រះរាជាជាអ្នកការពារ។ ទ្រង់បានប្រកាសថា ព្រះអង្គជាដៃគូររបស់ចក្រៈ(ព្រះឥន្ទ្រ)អំពីកម្លាំង និងជាដៃគូររបស់ហរិ(ព្រះវិស្ណុ)អំពីកិត្តិគុណ[] ជាព្រះធិរាជលើស្តេចទាំងបី និងជាម្ចាស់នៃរាជធានីមិនរង្គើទាំងបី[] តាមមើលទៅគឺចក្រានកបូរ អមោឃរបូរ និងភីមបូរ ដែលទ្រង់ដណ្តើមយកបាន ប៉ុន្តែទុកឱ្យស្តេចរាជធានីនីមួយៗជាអ្នកគ្រប់គ្រងដដែលគ្រាន់តែស្តេចទាំងនៅជាចំណុះព្រះអង្គ។ ព្រះរាជាអង្គនេះគឺជាស្តេចវាតទឹកដីដូចជាព្រះរាជាមុនដែរ។ ទ្រង់បានពង្រើកអាណាចក្ររបស់ព្រះអង្គពាសពេញទឹកដីទាំងហ្វូណន។ ព្រះអង្គមានរាជធានី ដែលមានឈ្មោះតាមព្រះអង្គគឺឥសានបូរ ដែលមានន័យថា រាជធានីរបស់ព្រះបាទស្រីឦសានវម៌្មទី១ ប្រហែលជាព្រះអង្គមានរាជធានីផ្សេងទៀត រាជធានីឥសានបូរនេះគ្រាន់តែជារាជធានីបណ្តោះអាសន្ន ហើយឥសានបូរជាឈ្មោះហៅក្រៅ។ ឯកសារប្រវត្តិសាស្រ្តចិន និយាយថារាជធានីនេះមានផ្ទះ២មុឺនខ្នង និងមានសាលប្រជុំមួយនៅកណ្តាលជាកន្លែងដែលព្រះរាជាធ្វើសវនាការ។ ព្រះរាជាគ្រងនៅក្នុងសាលាខាងលើរាល់៣ថ្ងៃម្តង ប្រថាប់លើគ្រែលម្អទៅដោយគ្រឿងក្រអូប៥យ៉ាង និងត្បូងមានតម្លៃ៧ប្រភេទ នៅពីក្រោយបុស្បុកមួយធ្វើអំពីក្រណាត់។ សសរទ្របុស្បុកនេះធ្វើឈើមានតម្លៃ តែងលម្អទៅដោយភ្លុក និងផ្កាមាស។

ឯកសារយោង

កែប្រែ
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំយុវជននិងកីឡា ទំព័រទី១៤០
  2. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី១១៧
  3. ជាឈ្មោះរបស់ព្រះសិវដែរ
  4. សិលាចារឹកវត្តចក្រឹត កម្រងក្បាលទី១ ទំព័រទី៤២
  5. សិលាចារឹកស្វាយស្នោ កម្រងក្បាលទី១ ទំព័រទី៤៦