ប្រាសាទបាយ៉ង់កោរ

ប្រាសាទបាយ៉ង់កោរ

ឈ្មោះ: ប្រាសាទបាយ៉ង់កោរ
អ្នកកសាង: ព្រះបាទភវវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៧
ឧទ្ទិសថ្វាយ: ព្រះសិវៈ
ស្ថាបត្យកម្ម: រចនាបថសម្បូរព្រៃគុក និង រចនាបថព្រៃក្មេង
ទីតាំង: ភូមិពោធិ៍រោង និង ភូមិត្រពាំងសង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

ប្រវត្តិប្រាសាទ

កែប្រែ

ប្រាសាទបាយ៉ង់កោរមានទីតាំងស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២១ គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តតាកែវ។ ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាប់ព្រំដែនវៀតណាមប្រហែល ២០គីឡូម៉ែត្រ។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំ ដែលមានកម្ពស់ប្រហែល ៣០០ម៉ែត្រនេះ។ ប្រាសាទនេះមានឈ្មោះដើមថា សិវបុរ។ ប្រាសាទនេះ គឺជាប្រាសាទទោលមានរាង៤ជ្រុង ដោយជ្រុងនីមួយៗមានប្រវែង ១០ម៉ែត្រ និងកម្ពស់ជាង១៤ម៉ែត្រ។ ប្រាសាទកសាងអំពីឥដ្ឋនៅសម័យបុរេអង្គរ(សម័យមុនអង្គរ) គឺមានតែប្រាសាទបាយ៉ង់នេះទេ ដែលសាងសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ។ ប្រាសាទបាយ៉ង់ ស្ថិតក្នុងអន្តរកាលរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង មានក្បាច់លម្អប្រាសាទចម្លងតូចៗ អមសងខាងទ្វារពិត និងទ្វារបញ្ឆោត ដែលគេហៅថា វិមានអាកាសជាដើម។ ប្រាសាទនេះមានសិលាចារឹកច្រើនជាភាសាខ្មែរបុរាណ និងភាសាសំស្រឹ្កត ដែលចាប់ផ្តើមចារពីសតវត្សរ៍ទី៧ រហូតដល់សតវត្សរ៍ទី១២ ដែលមានចុះលេខបញ្ជីដូចជា សិលាចារឹកលេខK.១៣ សិលាចារឹកលេខK.១៤ សិលាចារឹកលេខK.៤៨៣ សិលាចារឹកលេខK.៨៥០ សិលាចារឹកលេខK.៨៥១ សិលាចារឹកលេខK.៨៥២ សិលាចារឹកលេខK.៨៥៣ និងសិលចារឹកលេខK.៨៥៤។

សិលាចារឹក

កែប្រែ

សិលាចារឹកលេខK.១៣ និយាយអំពីការតម្កល់ សិវបាទ នៅលើកំពូលភ្នំដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាពិន្ទុ និងសាងស្រះទឹកចំនួន២។ សិលាចារឹកលេខK.១៤ ចារនៅឆ្នាំ៨៧៨ ក្នុងរជ្ជព្រះបាទឥន្ទ្រវរ្ម័នទី១បានចារថានៅក្នុងក្រុងសិវបុរៈ ស្តេចនៃកម្ពុជា បានធ្វើអំណោយដល់ទេព។ សិលាចារឹកលេខK.៤៨៣ និយាយអំពីឈ្មោះ ឧត្យន្នេស្វរ ដែលប្រហែលជាលិង្គនៃអំណាចរបស់ព្រះឥសូរ។ សិលាចារឹកលេខK.៨៥០ ចារនៅក្នុងសតវត្សរ៍ទី១២ ក្នុងរាជ្យ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ និយាយពីតង្វាយចំពោះប្រាសាទព្រះសិវបុរៈ មានអង្ករសម្រាប់បុណ្យសង្ក្រាន្ត នារីកិនគ្រឿងក្រអូប បុរសជាអ្នកបម្រើបុណ្យសង្ក្រាន្ត ដោយចែកចាយការងារតាមវេនខ្នើត និងរនោច។ សិលាចារឹកលេខ K.៨៥១ ចារនៅសម័យមុនអង្គរនៅសតវត្សរ៍ទី៧ មានពីរបន្ទាត់គឺ បន្ទាត់ទី១ អាគ្នេយ៍ និងបន្ទាត់ទី២ ឱជៃមិណយេស្វាហា ជាពាក្យបួងសួងដល់មហាឥសី ជៃមិណ ដែលល្បីល្បាញខាងវិជ្ជាតារាសាស្រ្ត។ សិលាចារឹកលេខK.៨៥២ ចារនៅឆ្នាំ១០២៩ មហាសករាជត្រូវនឹងឆ្នាំ១១០៧នៃគ.ស និយាយដល់កាល ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ឡើងសោយរាជ្យរួចហើយទ្រង់បានប្រតិស្ថាន ព្រះស្រីភទ្រេស្វរាស្រម នៅឯប្រាសាទព្រះសិវបុរៈ។ ទ្រង់បានថ្វាយព្រះជំនូនដល់ព្រះស្រីភទ្រេស្វរាស្រម និងស្រុកស្រីភទ្រេស្វរាស្រមជាមនុស្សបម្រើនៅទីនោះជាពីរក្រុមតាមវេនខ្នើត និងរនោច ព្រមទាងស្រែសម្រាប់ព្រាហ្មណ៍ជាស្មឹង ខែខ្នើត៥ ខែរនោច៥[]

ឯកសារយោង

កែប្រែ
  1. អត្តបទដើម លោក ញឹម សុធាវិន្ទ