ភូមិសាស្ត្រនយោបាយរុស្ស៊ី
ភូមិសាស្ត្រនយោបាយរុស្ស៊ី
កែប្រែរុស្ស៊ីចង់ក្លាយជាមហាអំណាចដូចសម័យសហភាពសូវៀត
កែប្រែក្នុងឆ្នាំ១៩៩៩ នៅពេលដែល បូរីស យ៉េលស៊ីន (Boris Eltsine) បានចាកចេញពីតំណែងប្រធានាធិបតី និងបានប្រគល់អំណាចទៅឲ្យ វ្ល៉ាឌីមៀរ ពូទីន(Vladimir Poutine) រុស្ស៊ីជាប្រទេសទន់ខ្សោយ។ ប្រព័ន្ធសេរីប្រជាធិបតេយ្យបែបបស្ចិមលោក ដែលប្រជាជនបានស្រឡាញ់ផ្កាប់មុខ ក្រោយពីសហភាពសូវៀតបានរំលំរលាយបាត់ទៅ អស់មានតម្លៃទៀតហើយ ពីព្រោះវាមិនបានជួយរុស្ស៊ីឲ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៨។ រីឯនៅលើឆាកអន្តរជាតិវិញ រុស្ស៊ីគ្មានទម្ងន់ ទឹកមាត់មិនប្រៃ ត្រូវសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមាក់ងាយ។
នៅក្នុងបរិបទនេះ វ្ល៉ាឌីមៀរ ពូទីន ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងស៊ើបការណ៍សម្ងាត់KGB និងដែលជាអ្នកស្រណោះស្រណោកសម័យសហភាពសូវៀត មានមហិច្ឆតាធ្វើឲ្យរុស្ស៊ីរស់និងមានកម្លាំងខ្លាំងឡើងវិញ។
ម្ល៉ោះហើយបានជាលោកប្រធានាធិបតីថ្មី ចេញបញ្ជាឲ្យប្រើបា្រស់ជាផ្លូវការឡើងវិញ ភ្លេងទង់ជាតិសម័យសហភាពសូវៀត ឲ្យយន្តហោះចម្បាំងរបស់រុស្ស៊ីផ្តើមហោះហើរឡើងវិញ នៅក្នុងដែនអាកាសអន្តរជាតិ និងឲ្យនាវាមុជទឹកបង្កើនសកម្មភាពក្នុងសមុទ្រនានា នៅគ្រប់ជ្រុងជ្រោយ ក្នុងពិភពលោក។ មិនតែប៉ុណ្ណោះ លោក ពូទីន លើកតម្កើងកេរ្តិ៍ឈ្មោះរបស់ស្តាលីន (Staline)ប្រមូលលុយដែលបានពីការលក់ថាមពល យកមកបង្កើតនូវអ្វីដែលវិមានក្រេមឡាំង(Kremlin) ប្រសិទ្ធនាមឲ្យថា «លទ្ធិប្រជាធិបតេយ្យក្រោមការឃ្លាំមើល»។
នៅក្នុងន័យនេះ អាជ្ញាធរបំបិទមាត់អ្នកប្រឆាំង កាន់កាប់ទូរទស្សន៍ កាត់បន្ថយអំណាច របស់រដ្ឋសភា ឃ្លាំមើលរាល់សកម្មភាពនយោបាយរបស់បក្សប្រឆាំង ត្រួតត្រាវិស័យសេដ្ឋកិច្ចណាដែលមានលក្ខណៈយុទ្ធសាស្រ្ត ចាប់Mikhaïl Khodorkovski ថៅកែក្រុមហ៊ុនសាំងIoukos ដាក់គុក ពីព្រោះមហាសេដ្ឋីរូបនេះចង់ចូលប្រឡូកក្នុងឆាកនយោបាយ។
ក្នុងគោលដៅធ្វើឲ្យរុស្ស៊ីរស់ និងមានកម្លាំងខ្លាំងឡើងវិញ លោក វ៉្លាឌីមៀរ ពូទីន អនុវត្តធម៌ក្តៅ នៅឆេឆេនី(Tchétchénie) តាមរយៈនយោបាយបោសសម្អាតពូជសាសន៍ ចាប់ផ្តើមពង្រឹងឥទ្ធិពលរបស់រុស្ស៊ីឡើងវិញ នៅក្នុងបណ្តាប្រទេសជិតខាង ដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ មហិច្ឆតាអន្តរជាតិរបស់លោកពូទីនស្តែងឡើងជាពិសេស នៅថ្ងៃទី២សីហាឆ្នាំ២០០៧។ កាលណោះ តាមរយៈការដោតទង់ជាតិរុស្ស៊ី នៅលើដីបាតមហាសមុទ្រArctiqueត្រង់ចំណុចអក្ខោសានឧត្តរ ក្នុងជម្រៅប្រមាណ៤២៦១ម វិមានក្រេមឡាំងបញ្ជាក់ប្រាប់ពិភពលោកថា ប៉ូលចុងខាងជើងបំផុតនៃភពផែនដី ជាកម្មសិទ្ធិរបស់រុស្ស៊ី។
ដើម្បីដាក់គំនាបទៅលើបណ្តាអតីតសាធារណរដ្ឋសហភាពសូវៀតដែលចង់ងាក ចេញពីរុស្ស៊ីទៅរកបស្ចិមលោក វិមានក្រេមឡាំងយកឧស្ម័នមកធ្វើជាអាវុធ ដោយដំឡើងតម្លៃនៃថាមពលនេះ ឬក៏ឈប់បង្ហូរវាទៅចែកចាយឲ្យបណ្តាប្រទេសក្បាលរឹង ដូចជាហ្ស័កហ្ស៊ី (Georgie) អ៊ុយក្រែន(Ukraine) អារមេនី(Arménie) និង បៀឡូរុស្ស៊ី(Biélorussie)។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសអឺរ៉ុបខាងកើតខ្លះដែលជាសមាជិកថ្មីថ្មោងរបស់សហភាព អឺរ៉ុប ដូចជាហុងគ្រី(Hongrie) ប៉ូឡូញ(Pologne) និង ប៊ុលហ្ការី(Bulgarie)ក៏ឋិតនៅក្រោមការឃ្លាំមើលរបស់ថ្នាក់ដឹកនាំ រុស្ស៊ីដែរ។
នៅលើវិស័យការទូត តាំងពីឆ្នាំ១៩៩៩មក រុស្ស៊ីប្រឹងប្រែងបង្កើតរណសិរ្សមួយដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ទីក្រុងMoscou ចងសម្ព័ន្ធភាពផ្នែកថាមពល និងយោធាជាមួយប្រទេសវេណេហ្ស៊ុយអេឡា(Venezuela) អៀរ៉ង់(Iran)និង ស៊ីរី(Syrie)។ នៅក្នុងន័យនេះដែរ នាឱកាសសន្និសីទនៅទីក្រុងMunich ស្តីពីសន្តិសុខ ក្នុងឆ្នាំ២០០៧ លោកវ៉្លាឌីមៀរ ពូទីន និយាយវាយប្រហារយ៉ាងខ្លាំងក្លាទៅលើអ្វីដែលហៅថា «ឯកតោភាគីនិយម» ខ្លាំងជ្រុលរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ រុស្ស៊ីជំទាស់មិនឲ្យអាមេរិកស្រូបយកអ៊ុយក្រែន និងហ្ស័កហ្ស៊ី ទៅចូលជាសមាជិកអង្គការOTAN។
គឺនៅក្នុងបរិបទតានតឹងបែបនេះហើយ ដែលសង្គ្រាមរវាងរុស្ស៊ីនិងហ្ស័កហ្ស៊ីដែលផ្ទុះឡើងក្នុងឆ្នាំ២០០៨ ត្រូវគេបកស្រាយថា ជាការប្រឈមមុខដាក់គ្នាដោយប្រយោល រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។
ក្រោយមកទៀត ឌ្មីទ្រី មេដវេដេវ (Dmitri Medvedev) ដែលជាប់ឆ្នោតជាប្រធានាធិបតីនៅខែមីនាឆ្នាំ២០០៨ដោយសារតែ អន្តរាគមន៍និងការគាំទ្ររបស់ ពូទីន ដែលគ្មានសិទ្ធិឈរឈ្មោះជាប្រមុខរដ្ឋមួយអាណត្តិបន្ថែមទៀត បន្តនយោបាយរបស់ពូទីន តទៅទៀត។ នោះគឺ ធ្វើឲ្យរុស្ស៊ីរស់និងមានកម្លាំងខ្លាំងឡើងវិញ។
បីខែប៉ុណ្ណោះក្រោយជ័យជំនះយោធារបស់រុស្ស៊ីទៅលើហ្ស័កហ្ស៊ី លោកប្រធានាធិបតីថ្មី មេដវេដេវ បំពេញទស្សនកិច្ចមួយជុំទ្វីបអាមេរិកខាងត្បូង នៅពេរូ(Pérou) វេណេហ្ស៊ុយអេឡា(Venezuela) ប្រេស៊ីល(Brésil) និងគុយបា(Cuba)។ ជាលើកទីមួយបង្អស់ ក្រោយពីសង្រ្គាមត្រជាក់បានចប់ទៅ នាវាចម្បាំងរុស្ស៊ីធ្វើចរាចរណ៍ទៅដល់សមុទ្រការ៉ាអ៊ីប្ស(Caraïbes)។ សមយុទ្ធនេះ គឺជាការឆ្លើយតបទៅនឹងវត្តមានរបស់នាវាចម្បាំងអាមេរិកនៅម្តុំ សមុទ្រខ្មៅ ក្នុងពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងហ្ស័កហ្ស៊ីកំពុងតែប្រព្រឹត្ត ទៅនៅខែសីហាឆ្នាំ២០០៨។
បន្តិចម្តងៗ រុស្ស៊ីដែលស្រណោះស្រណោកសម័យសហភាពសូវៀត ក៏មានគំនិតដូចថ្នាក់ដឹកនាំសម័យសហភាពសូវៀតដែរ។ នោះគឺ បស្ចិមលោកចង់ធ្វើឲ្យរុស្ស៊ីខ្សោយ ចង់បានសម្បត្តិធម្មជាតិរបស់រុស្សី ម្ល៉ោះហើយរុស្ស៊ីត្រូវតែប្រុងប្រយ័ត្ននិងចេះការពារខ្លួន។
អ៊ីចឹងហើយ បានជាវិមានក្រេមឡាំង បន្តចាត់ទុកអង្គការOTAN ថាជាសត្រូវធំ។ ជាក់ស្តែង នៅក្នុងឯកសារទ្រឹស្តីយោធាថ្មីរបស់រុស្ស៊ី ចុះហត្ថលេខាដោយមេដវេដេវ ផ្ទាល់ ទីក្រុងម៉ូស្គូ យល់ឃើញថា អង្គការOTAN ជាសត្រូវទីមួយរបស់ខ្លួន មុនការសាយភាយអាវុធនុយក្លេអ៊ែរ ឬក៏ភេរវកម្មទៅទៀត។
យ៉ាងណាក៏ដោយ ជាមួយវិបត្តិសកលតាំងពីឆ្នាំ២០០៨មក សេដ្ឋកិច្ចរបស់រុស្ស៊ីថមថយកម្លាំង ជាហេតុធ្វើឲ្យទីក្រុងMoscou ពិបាកខ្លាំងឡើងៗ ក្នុងការសម្រេចមហិច្ឆតាអន្តរជាតិរបស់ខ្លួន។ មិនតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមហាអំណាចថ្មីថ្មោង ដូចជាប្រេស៊ីល ចិន និង ឥណ្ឌាជាដើម រុស្ស៊ីជាប្រទេសមួយដែលមិនសូវមានសក្តានុពល។ ប្រជាជនរុស្ស៊ីមានវ័យចាស់ទៅៗ និងមានចំនួនតិចទៅៗ។ រីឯសេដ្ឋកិច្ចនៃប្រទេសវិញ ពឹងពាក់ខ្លាំងជ្រុលពេកទៅលើតែការលក់ថាមពល ពិសេសឧស្ម័ននិងប្រេងកាត។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធដែលសល់ពីសម័យសហភាពសូវៀត កាន់តែចាស់ខូចខាតខ្ទេចខ្ទី និងស្ទើរតែមិនដែលទទួលការជួសជុលសោះឡើយ៕
តើរុស្ស៊ីក្លាយជាមហាអំណាចពិភពលោកហើយឬនៅ?
កែប្រែ១០ឆ្នាំក្រោយមក តើរុស្ស៊ីក្លាយជាមហាអំណាចពិភពលោកហើយឬនៅ?
នៅឆ្នាំ ២០១០នេះ តើប្រទេសរុស៊្សីក្លាយជាមហាអំណាចពិភពលោក ដូចសម័យសហភាពសូវៀតវិញហើយឬនៅ ស្របទៅតាមមហិច្ឆតារបស់ ពូទីន និងមេដវេដេវ? ពូទីនដែលបច្ចុប្បន្ន ជានាយករដ្ឋមន្ត្រីនិងដែលតាមពិតជាបុរសខ្លាំង ខ្លាំងជាងប្រមុខរដ្ឋ មេដវេដេវទៅទៀត ជាអ្នកប្រាកដនិយម។ ពូទីន មិនដែលសង្ឃឹមថា រុស្ស៊ីនឹងអាចក្លាយជាចក្រភពមួយវិញ ដូចសម័យស្តេចត្សារ (Tsar) ឬដូចសម័យសហភាពសូវៀតទេ។ ពូទីន ចង់បានតែម្យ៉ាង នោះគឺ ប្រទេសរុស្ស៊ីមួយរុងរឿង ប្រកបទៅដោយមហិទ្ធិឫទ្ធិ ដែលបណ្តាប្រទេសជិតខាងកោតខ្លាច និងដែលមានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ។
ជាង ដប់ឆ្នាំក្រោយពីគ្រប់គ្រងរុស្ស៊ីក្នុងឋានៈជាប្រធានាធិបតី និងក្រោយមកជានាយករដ្ឋមន្ត្រី ពូទីនតែងតែអួតអាងថា លោកបានធ្វើឲ្យប្រទេសមានស្ថិរភាពឡើងវិញ។ ជាការពិតណាស់ដែលថារុស្ស៊ីបច្ចុប្បន្ន មានស្ថិរភាពជាងសម័យគ្រប់គ្រងរដ្ឋរបស់លោក បូរីស យ៉េលស៊ីន ក៏ប៉ុន្តែរបបនយោបាយនៅទីក្រុង Moscou ក៏មានលក្ខណៈផ្តាច់ការជាងមុនដែរ។ ពិតមែនហើយ សេរីភាពសារព័ត៌មាន នៅបន្តមានត ទៅទៀតតាមរយៈ បណ្តាញវិទ្យុនិង Internet ក៏ប៉ុន្តែ អាជ្ញាធរកាន់កាប់ទូរទស្សន៍ បំបិទមាត់អ្នកប្រឆាំង កាត់បន្ថយអំណាចរបស់រដ្ឋសភា ឃ្លាំមើលរាល់សកម្មភាពនយោបាយ និងត្រួតត្រាវិស័យសេដ្ឋកិច្ចណាដែលមានលក្ខណៈយុទ្ធសាស្រ្ត។ ក្នុងគោលដៅពង្រឹងអំណាចផ្តាច់ការដែរ តាមរយៈអត្ថបទមួយចេញផ្សាយក្នុងខែកញ្ញាឆ្នាំ ២០០៩ លោកប្រធានាធិបតី មេដវេដេវ ពន្យល់ថា មិនត្រូវ ប្រញាប់ផ្តល់សិទ្ធិនយោបាយទៅឲ្យប្រជាពលរដ្ឋទេ។
ដូចគ្នាអ៊ីចឹងដែរ ការដែល ពូទីនគ្រោងត្រឡប់មកក្តាប់អំណាចប្រធានាធិបតីវិញ មិនបំផុសឲ្យមានសុទិដ្ឋិនិយមទេ ចំពោះសេរីភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី។ ជាគោលការណ៍ ពូទីននឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី នៅឆ្នាំ ២០១២ ហើយនឹងត្រូវក្លាយជាប្រមុខរដ្ឋប្រទេសរុស្ស៊ីវិញ បើសិនជាគ្មានការប្រកួត ប្រជែងពីសំណាក់ មេដវេដេវនោះទេ។
ដោយឡែក នៅឆ្នាំ ២០១០នេះ រុស្ស៊ីហាក់បីដូចជាមានអំណាចឡើងវិញហើយ នៅលើឆាកតំបន់ ក្នុងដែនដីអតីតសហភាពសូវៀត។ គួរនិយាយរំឭកថា បដិវត្តន៍ផ្កាកុលាបនៅហ្ស័កហ្ស៊ីឆ្នាំ ២០០២ និងក្រោយមកទៀតបដិវត្តន៍ពណ៌លឿងទុំនៅអ៊ុយក្រែនឆ្នាំ ២០០៤ បាននាំមកនូវថ្នាក់ដឹកនាំថ្មី ដែលចេញមុខប្រឆាំងនឹងរុស្ស៊ី និងដែលបែរទៅរកបស្ចិមលោក។ អស់រយៈពេលជាច្រើនឆ្នាំ រុស្ស៊ីបានត្រឹមខាំមាត់ទប់កំហឹង និងបានត្រឹមយកឧស្ម័នមកធ្វើជាអាវុធ តាមរយៈការដំឡើងតម្លៃនៃថាមពលនេះ និងតាមរយៈការឈប់បង្ហូរវាទៅចែកចាយឲ្យបណ្តាប្រទេសក្បាលរឹងទាំង ពីរ ហ្ស័កហ្ស៊ី និង អ៊ុយក្រែន។
នៅខែសីហាឆ្នាំ ២០០៨ ស្រាប់តែរុស្ស៊ីសម្រេចប្រើធម៌ក្តៅ ដោយចូលធ្វើអន្តរាគមន៍យោធា ក្នុងដែនដី អូស្សេទីខាងត្បូងដែលជាតំបន់អបគមន៍របស់ហ្ស័កហ្ស៊ី។ គេអាចនិយាយថា តាមរយៈសង្គ្រាមប្រឆាំងនឹងហ្ស័កហ្ស៊ីនៅខែសីហាឆ្នាំ ២០០៨ ពូទីននិងមេដវេដេវ ចង់បញ្ជូនសារទៅកាន់បស្ចិមលោកផង និងទៅកាន់បណ្តាអតីតសាធារណរដ្ឋសហភាពសូវៀតផង។ សារទៅកាន់បស្ចិមលោក គឺ រុស្ស៊ីជាមហាអំណាចមួយដែលចាត់ទុកទឹកដីនៃអតីតសហភាពសូវៀតថា ជាដែនប្រមាញ់របស់ខ្លួន។ រីឯសារទៅកាន់បណ្តាប្រទេសជិតខាងវិញ គឺវិមានក្រេមឡាំងមិនអនុញ្ញាតជាដាច់ខាត ឲ្យពួកគេងាកចេញពីរៀម ច្បងរុស្ស៊ី ហើយបែរទៅរកបស្ចិមលោក។
រីឯទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនវិញ មានលក្ខណៈកាន់តែប្រសើរឡើងវិញហើយ តាំងពីខែកុម្ភៈឆ្នាំ ២០១០នេះមក។ មូលហេតុ គឺមកអំពីរដ្ឋអំណាចថ្មីនៅទីក្រុង Kiev ក្រោមការដឹកនាំរបស់ Victor Yanoukovitch មានទំនោរមកខាងរុស្ស៊ី និងបានសន្យាថានឹងមិនបញ្ចូលអ៊ុយក្រែនឲ្យទៅជាប្រទេសសមាជិករបស់ អង្គការ OTANឡើយ។
រីនៅលើឆាកអន្តរជាតិវិញ រុស្ស៊ីក៏កំពុងមានទឹកមាត់ប្រៃឡើងវិញដែរ។ ទម្ងន់នៃប្រទេសនេះនៅក្នុងទំនាក់ទំនងអន្តរជាតិក្នុងគ្រា បច្ចុប្បន្ន មិនដូចសម័យបូរីស យ៉េលស៊ីន កាលពី ១០ឆ្នាំមុនឡើយ។ បស្ចិមលោក ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប មិនអាចមាក់ងាយរុស្ស៊ីដូចមុនបានទៀតទេ ហើយក៏មិនអាចបន្តមិនត្រូវការឲ្យរុស្ស៊ីជួយដោះស្រាយបញ្ហា អន្តរជាតិធំៗ បានទៀតដែរ។
ក្នុងអំឡុងពេលជាងមួយឆ្នាំចុងក្រោយនេះ នយោបាយការបរទេសរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ស្តែងឲ្យពិភពលោក ឃើញនិងយល់ឡើងវិញនូវលក្ខន្តិកៈជាមហាអំណាចពិភពលោករបស់ប្រទេស រុស្ស៊ី។ កិច្ចចរចារវាងទីក្រុង Washington និងទីក្រុង Moscou ស្តីពីការប៉ងកាត់បន្ថយរហូតដល់ទៅ ៨០% នៃស្តុកឃ្លាំងអាវុធនុយក្លេអ៊ែររបស់គេរៀងៗខ្លួន ធ្វើឲ្យគេនឹកឃើញថា រុស្ស៊ីដែលមានកាំជ្រួចនុយក្លេអ៊ែរដល់ទៅ ៥ ២០០ដើម ជាមហាអំណាចបរមាណូពិភពលោកទីពីរ នៅពីក្រោយសហរដ្ឋអាមេរិក។
ដោយឡែករដ្ឋការលោកអូបាម៉ា ត្រូវការរុស្ស៊ីនៅលើឆាកអន្តរជាតិ។ អូបាម៉ា ត្រូវការទីក្រុង Moscou ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ប្រទេសអៀរ៉ង់ និងដើម្បីជួយបង្កើតឲ្យមានស្ថិរភាពឡើងវិញនៅក្នុងប្រទេស អាហ្វហ្កានីស្តង់ដែលនៅជាប់នឹងប្រទេសរុស្ស៊ី។ គឺនៅក្នុងបរិបទនេះហើយ ដែលអូបាម៉ា សម្រេចបោះបង់ចោលផែនការរបស់រដ្ឋការប៊ូស នោះគឺការដាក់រាយខែលមីស៊ីលប្រឆាំងមីស៊ីល នៅ ប៉ូឡូញ និងនៅ សាធារណរដ្ឋឆែក។
យ៉ាងណាមិញ ចំណុចខ្សោយរបស់រុស្ស៊ីក្នុងនាមជាមហាអំណាចពិភពលោកគឺប្រជាសាស្ត្រនិងសេដ្ឋកិច្ច។ ចំនួនប្រជាជនរុស្ស៊ីបានផ្តើមធ្លាក់ថយចុះ តាំងពីទសវត្សរ៍ទី ៦០មកម្ល៉េះ។ សព្វថ្ងៃនេះ ទោះបីជាជនជាតិរុស្ស៊ីភាគច្រើនបានត្រឡប់ពីបណ្តាអតីតសាធារណរដ្ឋ សហភាពសូវៀត ក្រោយពីរដ្ឋទាំងអស់នេះបានទទួលឯករាជ្យរួចមកក៏ដោយ ក៏ចំនួននៃប្រជាជនរុស្ស៊ីបាននិងកំពុងបន្តថយចុះ គួឲ្យព្រួយបារម្ភ។ មូលហេតុគឺមកអំពីជាទូទៅ ស្ត្រីរុស្ស៊ីដែលពេញវ័យមិនព្រមបង្កើតកូន។ មិនតែប៉ុណ្ណោះ បុរសរុស្ស៊ីមានអាយុខ្លី ជាមធ្យមភាគ គឺរស់បានយ៉ាងយូរ៥៦ឆ្នាំសម្រាប់អ្នកស្រុកស្រែចម្ការ និង ៦៥ឆ្នាំ សម្រាប់អ្នកទីក្រុង។ ម្ល៉ោះហើយ មិនយូរមិនឆាប់ រុស្ស៊ីនឹងត្រូវខ្វះកម្លាំងពលកម្ម។
ដោយឡែក សេដ្ឋកិច្ចនៃប្រទេសរុស្ស៊ីមិនមានថាមពលខ្លាំងដូចបណ្តាប្រទេសមាឌ ធំដទៃនៅក្នុងលោកទេ។ ជាក់ស្តែង រុស្ស៊ីវិញមិនមែនជាប្រទេសដែលចេញពីវិបត្តិសេដ្ឋកិច្ចសកល ខ្លាំងលើសដើម ដូចប្រទេសចិន ឥណ្ឌានិងប្រេស៊ីលឯណា។ មូលហេតុ គឺមកពីសេដ្ឋកិច្ចនៃប្រទេសនេះ នៅតែបន្តពឹងផ្អែកទៅលើការលក់ថាមពលចេញទៅក្រៅប្រទេស ជាអាទិ៍ប្រេងកាតនិងឧស្ម័ន។ ហើយដោយហេតុតែវិបត្តិសេដ្ឋកិច្ច សព្វថ្ងៃនេះ តម្លៃប្រេងកាតធ្លាក់ចុះខ្លាំង នៅលើទីផ្សារអន្តរជាតិ។ ម្ល៉ោះហើយប្រាក់ចំណូលរបស់រុស្ស៊ីក៏ត្រូវថយចុះដែរ។ ក្រោមអាណត្តិប្រធានាធិបតីរបស់ពូទីន(Poutine) កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី បានកើនដល់ទៅ ៦ឬ ៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំរុស្ស៊ីមិនបានឆ្លៀតឱកាសដ៏ល្អនេះ ដើម្បីជួសជុលឬកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីធ្វើនវូបនីយកម្មទៅលើវិស័យឧស្សហកម្មឡើយ។ និយាយបែបផ្សេង ថ្នាក់ដឹកនាំរុស្ស៊ីមិនចេះអភិវឌ្ឍប្រទេស បន្តទ្រមក់មិនចេះរួសរាន់និងនៅតែអាងលើរ៉ែប្រេងកាតនិងរ៉ែឧស្ម័ន ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
- http://www.khmer.rfi.fr/Russia%20wan%20grow%20URSS
- http://www.khmer.rfi.fr/general/20100906-%E1%9E%8F%E1%9E%BE%E2%80%8B%E1%9E%9A%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%8A%E1%9E%B8%E2%80%8B%E1%9E%80%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%98%E1%9E%A0%E1%9E%B6%E2%80%8B%E1%9E%A2%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%85%E2%80%8B%E1%9E%96%E1%9E%B7%E1%9E%97%E1%9E%96%E1%9E%9B%E1%9F%84%E1%9E%80%E2%80%8B%E1%9E%A0%E1%9E%BE%E1%9E%99%E2%80%8B%E1%9E%AC%E2%80%8B%E1%9E%93%E1%9F%85%E2%80%8B