មជ្ឈិមបូព៌ា
មជ្ឈិមបូព៌ា (Middle East) គឺជាតំបន់មួយដែលលាតសន្ធឹងចាប់ពីប៉ែកនិរតីនៃទ្វីបអាស៊ី និង ប៉ែកឦសាននៃទ្វីបអាហ្វ្រិក។ ពាក្យ "មជ្ឈិមបូព៌ា" ត្រូវបានគេស្គាល់ប្រហែលជានៅឆ្នាំ១៩០០ នៅរាជាណាចក្ររួម។
បើយើងងាកក្រោយត្រឡប់ទៅមើលពីសម័យបុរាណ មជ្ឈិមបូព៌ាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃពិភពលោក។ តំបន់នេះ បានផ្ដល់កំណើតដល់សាសនាធំៗ០៣គឺ៖ សាសនាហូដា (Judaism), គ្រិស្តសាសនា និង សាសនាឥស្លាម។ ជាទូទៅ មជ្ឈិមបូព៌ាគឺជាតំបន់ដែលមានអាកាសស្ងួតហែង និង ក្ដៅខ្លាំង ជាមួយទន្លេធំៗជាច្រើន បានផ្ដល់ទឹកសម្រាប់ស្រោចស្រពក្នុងវិស័យកសិកម្មនៅលើផ្ទៃដីមានកម្រិត។ ប្រទេសជាច្រើនដែលស្ថិតនៅជុំវិញឈូងសមុទ្រពែក សម្បូរទៅដោយធនធានប្រេងកាតយ៉ាងច្រើន។ នាសម័យបច្ចុប្បន្ននេះ មជ្ឈិមបូព៌ានៅតែជាតំបន់មួយ ដែលមានសក្ដានុពលទាំងវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង សាសនា។