រតនមាលី
ព្រះអង្គរតនមាលី រជ្ជកាលស្រីធម្មរាជាទី១ ទ្រង់ជាបុត្រីនៃព្រះបាទធម្មរាជាទី១។
រតនមាលី | |
---|---|
ព្រះនាង | |
រជ្ជកាល | រជ្ជកាលព្រះបាទស្រីធម្មរាជាទី១ |
វង្ស | ធម្មរាជា |
សន្តតិវង្ស | អង្គជ័យ |
បិតា | ធម្មរាជាទី១ |
ប្រសូត | ក្រុងចតុមុខ |
សុគត | ស្រុកសំបូរ |
ព្រះសុសាន | ព្រែកឆ្លូង |
សោយទិវង្គត
កែប្រែសម័យថ្ងៃមួយនោះ ព្រះអង្គរតនមាលី ព្រះរាជបុត្រីនៃសម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹកទន្លេធំឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរទៅជាមួយដែរ។ ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទីកំពង់ចាម ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។ នេះនឹងនិយាយពីក្រពើមួយនៅព្រែកឆ្លូង ថាក្រពើនោះ មានក្បាល ៥ ហត្ថ សាហាវ ហានក្លាក្រឡាខ្លួនបាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅ លេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេក ឃើញព្រះរាជបុត្រី ព្រះរតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រី ចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតំរង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះវររាជមាតាបិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់កាំភ្លើងបង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់ច្បូក ធ្នូ ស្នា ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។ ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហ្មចូលទាក់ក្រពើនោះ លុះត្រាតែបានយកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥ អង្គ សំរឹទ្ធិ ៥ អង្គ ទង់ហ៊្វា ៥ អង្គ ទង់ដែង (ស្ពាន់) ៥ អង្គ។ ព្រះអង្គឲ្យសាងចេតិយ តំកល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះអថ័ន (មកពីពាក្យ សំស្ក្រឹត អថវ៌ន ប្រើជាឈ្មោះ មន្តអាគមពួកមួយសំរាប់សូតសែកហៅ ឬ បណ្ដេញភូតបីសាចជាដើម និងពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ) ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធនឹងអស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១ នាក់ ខ្ញុំស្រី ២១ នាក់ រទេះគោ ២១ នឹម រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចំរើនដល់ព្រះរាជបុត្រី។ លុះសំរេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ។
រឿងខាងលើប្រហែលជារឿងនាំឱ្យមានជារឿង ក្រពើអាធន (ប្រជុំរឿងព្រេងខ្មែរ) និង រឿងក្រៃថោង និង ក្រពើឆារ៉ាវ៉ាន់។