វត្តសារាវន្ត
វត្តសារាវន្តឬវត្តសារាវ័នតេជោស្ថិតនៅចន្លោះផ្លូវលេខ១៧៨និង១៧២ កាត់ទទឹងមុខ វត្តដោយផ្លូវលេខ១៩ក្នុងទឹកដីនៃសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង"[១]។ ទីបឹងនេះ ក្រោយមកក៏ ក្លាយទៅជាទីទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញកសាងទីទួលវត្តភ្នំឲ្យក្លាយជាវត្តអារាមសម្រាប់តម្កល់ព្រះពុទ្ធរូប ដែលគាត់យកបានមកពីរូងដើមគគីរអណែ្តតទឹកនោះ គឺជាសម័យដែលមានមនុស្សម្នាជាច្រើនបានមករស់ក្នុងតំបន់ផេ្សងៗនៃក្រុងភ្នំពេញសព្វថៃ្ង។ នៅសម័យនោះជាសម័យនៃការនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបអ្នកចំណូលថ្មីដែលមករស់នៅតំបន់វត្តសារាវ័នកាលពីសម័យនោះហៅទីទួលនោះជាភាសាបាលីថាទួលសាលវ័ន។
នៅពាក់កណ្តលសតវត្សទី១៥ពោលគឺក្នុងរវាងឆ្នាំ១៤០០នៃគ.សជាសម័យកាល ដែលមានការរីកចម្រើនខាងផែ្នកពុទ្ធសាសនា។ ជំនាន់នោះ នៅតំបន់ទនេ្លច្រាបឈាម (ទនេ្លចតុមុខសព្វថៃ្ង) ស្ទើរតែគ្មានវត្តអារាមនោះទេ គឺមានត្រឹមតែជាទួលអស់លោក ឬរោងឧបោសថសម្រាប់ធ្វើពិធីបុណ្យសាសនាតែប៉ុណ្ណោះ ហេតុដូចេ្នះហើយទើបទីអារាម"សារាវ័នតេជោ "ត្រូវបានកកើតទៅជាវត្តនៅក្នុងអំឡុងឆ្នាំ១៤២២ ពោលគឺរហូតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ៤៨៦ឆ្នាំហើយ និងមានសង្ឃបាលអ្នកគ្រប់គ្រងទីអារាមនេះ ជាព្រះគ្រូជាតាបស ជាសង្ឃនាយក និងជាចៅអធិការចំនួន១៤អង្គផងដែរ។ បើគិតរហូតមកដល់សព្វថៃ្ងនេះទីអារាម"សារាវ័នតេជោ"ត្រូវបានចាត់ទុកថា ជាទីអារាមព្រះពុទ្ធសាសនា ដ៏ចំណាស់មួយក្នុងទឹកដីនៃខណ្ឌដូនពេញ រាជធានីភ្នំពេញក្នុងចំណោមវត្តទាំង៧។ វត្ត "សារាវ័នតេជោ"ត្រូវបានគេដឹងថាមានកំណើតឡើងក្រោយការកកើតវត្តភ្នំដូនពេញ និងវត្តចំនួន៣ទៀតកាលពីគ.ស១៣៧២ មានដូចជាវត្តកោះ វត្តលង្កា និងវត្តព្រះពុទ្ធឃោសាចារ្យ។
ទាក់ទិនដល់ប្រវត្តិនៃឈ្មោះរបស់ទីអារាម"សារាវ័នតេជោ"នេះ ចាប់តាំងពីក្រោយពេលដែលព្រះចៅពញាយ៉ាត បានមកគង់ប្រថាប់នៅរាជធានីចតុមុខមង្គលសកលកម្ពុជាធិបតី នាថៃ្ងអង្គារ ខែពិសាខ ឆ្នាំខាល គ.ស១៤៣៤នោះ ព្រះអង្គបានទតឃើញថា មណ្ឌលសីមានេះនៅមានថ្លុក ស្ទឹង បឹងបួ អូរត្រពាំងក្រហេងក្រហូងជាច្រើនពុំរាបស្មើហេតុដូចេ្នះហើយទើប ព្រះអង្គបានត្រាស់បង្គាប់ឲ្យឧកញ៉ាតេជោស្រី ដែលជាចៅហ្វាយខេត្តសំរោងទង (ខេត្តកំពង់ស្ពឺសព្វថៃ្ង)កេណ្ឌប្រជានុរាស្រ្តឲ្យមកជីកយកអាចម៍ដីតាមទីវាលទំនាប ដែលស្ថិតនៅខាងត្បូងទីតាំងវត្តភ្នំដូនពេញ ទៅចាក់បំពេញនៅក្រោមជើងភ្នំដូនពេញ ពិសេសនៅក្នុងបរិវេណនៃព្រះបរមរាជវាំង ហើយព្រះអង្គ ព្រមទាំងបានត្រាស់ បញ្ជាឲ្យគេចាក់អាចម៍ដីបំពេញ និងបង្អាប់ឲ្យទីតាំងនេះបានរាបស្មើ រហូតដល់មាត់ទនេ្លចតុមុខថែមទៀតផង និងបានដាក់នាមផ្លូវមុខវាំងនោះថា"ផ្លូវកំពង់រាប" ។ ឯទីវាលទំនាបដែលគេជីកយកអាចម៍ដីនោះ ក៏បានក្លាយទៅជាបឹងមួយមានឈ្មោះថា"បឹងឧកញ៉ាតេជោ" ហើយទីទួលសាលវ័នក៏ត្រូវបានក្លាយទៅជាកនែ្លងបោះជំរំរបស់អ្នកឧកញ៉ាតេជោស្រី សម្រាប់ត្រួតពិនិត្យកម្លាំងពលករដែលបានកេណ្ឌមកពីនិគមផេ្សងៗ ហើយក្រោយមកក៏បានក្លាយឈ្មោះដែលអ្នកងារបានហៅថា " ទួលតេជោ " ហើយនៅពេលដែលទីទួលនេះ បានក្លាយជាទីអារាមនោះក៏មាននាមបញ្ញត្តិថា"វត្តសារាវ័នតេជោ"រហូតដល់សព្វថៃ្ង។ គួរបញ្ជាក់បនែ្ថម ទៀតថាចំពោះព្រះវិហាររបស់ទីអារាម"សារាវ័នតេជោ"ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ហើយបានធ្វើការជួសជុលធំម្តងកាលពីអំឡុងឆ្នាំ១៩៥២ ក៏ប៉ុនែ្តនៅរក្សារចនាប័ទដើមទាំងអស់គ្មានការផ្លាស់ប្តូរនោះទេ។
ឯកសារពិគ្រោះ
កែប្រែ- ↑ ឯកសារដែលចងក្រងសរសេរឡើងដោយលោកសំ ចាន់រ៉េន