សម្ដេចចៅពញាបែន
សម្ដេចចៅពញាបែន (កាន់.ប្រ.គស.១៥១៦) ជាមេទ័ពនៃព្រះបាទបរមខត្តិយា មហាចន្ទរាជា មានរំលឹកនៅក្នុងសមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរកាលពីឆ្នាំ គស. ១៥២៤។
សម្ដេចចៅពញាបែន | |
---|---|
សម្ដេចចៅពញានៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.គ.ស. ១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | បែន |
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤
កែប្រែ
សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រីកាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” កូនចៅពញាមឿង កាន់ពល៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅ ខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។ ព.ស ២០៦៨, គ.ស ១៥២៤, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។
រីឯសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន្ត។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជព្រំ (សួស)ឃុំពល ២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភគិយ្យោយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។
សម្ដេចចៅហ៊្វាកៅដែល នាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។
ឯកសារយោង
កែប្រែយសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
សម្ដេចចៅពញានៃកម្ពុជាធិបតី ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |