ស្រីសុវត្ថិ
ស្រីសុវត្ថិ | |||||
---|---|---|---|---|---|
ព្រះ | |||||
រជ្ជកាល | រាមាធិបតី | ||||
| |||||
វង្ស | រាមាធិបតី | ||||
សន្តតិវង្ស | ឧទង | ||||
បិតា | រាមេសូរ | ||||
ប្រសូត | មហានគរ | ||||
សុគត | មហានគរ |
ព្រះស្រីសុវត្ថិ ទ្រង់ត្រូវជាបុត្រព្រះរាមេសូរ និងត្រូវជាព្រះនត្តារបស់ព្រះបាទឧទង ក្នុងរាជវង្សឧទង។
ព្រះរាជជីវប្រវត្តិ
កែប្រែកាលនោះនៅឆ្នាំថោះ ព.ស ១៨៩៥, ម.ស ១២៧៣, ច.ស ៧១៣, គ.ស ១៣៥១ ស្ដេចសៀមឧទង (ឧទង ជារាជធានីយ៉ាងចំណាស់មួយរបស់ប្រទេសសៀម ដែលស្ថិតនៅក្នុងតំបន់សុពណ៌បុរី។ នៅគ.ស ១៣៤៧ ដោយមានជំងឺអាសន្នរោគរាលដាលក្នុងនគរ ស្ដេចសៀមអង្គនេះក៏រើព្រះរាជធានី ហើយមកបង្កើតទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា ស្រីអយុធ្យា។ ស្ដេចឧទង ឬព្រះរាមាធិបតីបានចូលទិវង្គតក្នុងគ.ស ១៣៦៩) ដែលមានគោរមនាម ព្រះរាមាធិបតី បានលើកទ័ពយ៉ាងធំសំបើមអស្ចារ្យ ចេញមកចូលវាយប្រហារប្រទេសខ្មែរ។ ស្ដេចសៀមបានតែងតាំងព្រះរាមេសូរដែលជាកូន ឲ្យធ្វើជាមេទ័ពធំ។ ចៅរបស់ព្រះអង្គ ឈ្មោះព្រះស្រីសុវត្ថិ ដែលជាបុត្រព្រះរាមេសូរបានទទួលតំណែងជាមេទ័ពស្រួច។ ព្រះរាមេសូរបាននាំកងពលសេនាធ្វើដំណើរទាំងយប់ទាំងថ្ងៃកាត់ចុះ មកតាមនគររាជសីមា។ ចៅហ្វាយខេត្ដខ្មែរនៅទីនោះដែលមិនបានប្រុងប្រយ័ត្នដឹងខ្លួនជាមុន ហើយដែលមិនបានប្រុងប្រៀបប្រមូលកងទ័ពទប់ទល់សត្រូវឲ្យទាន់ពេលវេលាឡើយ ក៏ត្រូវបង្ខំចិត្ដនាំក្រុមគ្រួសារខ្មែរ និងនាម៉ឺនមន្ដ្រីរាជការ រត់ចាកចោលទីកន្លែងដែនសីមា។ ជាមួយគ្នានោះដែរ គេក៏បានធ្វើចុតហ្មាយមួយថ្វាយទៅព្រះមហាក្សត្រ រៀបរាប់គ្រប់ព្រឹត្ដិការណ៍ និងកិច្ចការទាំងឡាយដែលកំពុងតែកើតមានឡើង។ ក្រោយដែលបានទទួលសារ ដឹងស្គាល់អស់គ្រប់ហេតុការណ៍ ព្រះស្រីសុរិយោទ័យព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងចេញបញ្ជាឲ្យប្រមែប្រមូលកេណ្ឌកងទ័ព ពលសេនាតាមខេត្ដខណ្ឌនានាក្នុងព្រះនគរ។ ឧកញ៉ាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជាមេទ័ព ទទួលបេសកកម្ម ត្រូវលើកកងពលយោធាចេញទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបស្ចិមបុរី។ តែបើតាមពង្សាវតារវត្ដទឹកវិល និងពង្សាវតារគណៈកម្មការសម្ដេចសង្ឃនាយកទៀង មេទ័ពធំ ដែលព្រះមហាក្សត្របានតែងតាំងនោះ មានឋានៈជាឧបរាជ ហើយត្រូវជាប់ជាព្រះញាតិវង្សទៀតផង។ កងទ័ពសៀមដែលមើលងាយទ័ពខ្មែរ បានធ្វេសប្រហែស មិនសូវយកចិត្ដទុកដាក់ប្រុងប្រយ័ត្នឡើយ។ ឆ្លៀតឱកាសដ៏ល្អនេះ ព្រះឧបរាជមេទ័ពខ្មែរ ក៏បញ្ជាកងពលរេហ៍ឲ្យវាយឆ្មក់សន្ធប់សំរុកបុកយ៉ាងខ្លាំងទៅលើសៀម បំបែកបំបាក់ធ្វើឲ្យអស់របៀបរៀបរយ ភ័យស្លន់ស្លោរត់ប្រសេកប្រសាចទៅគ្រប់ទិសទី។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពយ៉ាងសាហាវខ្លាំងក្លាគួរឲ្យ រន្ធត់តក់ស្លុតក្រៃលែង។ គ្រានោះឧបរាជខ្លួនឯងបានបំបោលដំរី រុលចូលលុកទៅច្បាំងកាប់ចាក់តទល់ផ្ទាល់នឹងព្រះស្រីសុវត្ថិ ព្រះចៅស្ដេចសៀម។ នៅទីបំផុត ព្រះឧបរាជក៏បានកាប់ចំកព្រះស្រីសុវត្ថិ មេទ័ពសៀម ដាច់ត្មិលធ្លាក់ពីលើខ្នងដំរី។ ដោយកំពុងតែបានទទួលជោគជ័យ ព្រះឧបរាជខ្មែរក៏បញ្ជាកងយោធាឲ្យលុករុលសម្រុកតទៅមុខដេញតាម កងទ័ពសៀម។ ដេញទៅៗកងទ័ពខ្មែរបានទៅជួបប៉ះទង្គិចគ្នា ជាមួយនឹងកងទ័ពធំសៀម ដែលដឹកនាំដោយព្រះរាមេសូរ។ ព្រះរាមេសូររៀបចំពលសេនាទប់ទល់មិនទាន់ ក៏បញ្ជាឲ្យវាយដកថយរត់យករួចខ្លួនសិន។ កងទ័ពសៀមត្រូវទទួលបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយអស់ ហើយត្រូវដកឃ្លាត្រលប់ចូលនគរវិញ។ ពលសេនាសៀមជាច្រើន ត្រូវកងទ័ពខ្មែរចាប់បានយកមកធ្វើជាឈ្លើយ ហើយគ្រឿងអាវុធយុទ្ធភណ្ឌជាច្រើនត្រូវរឹបអូសយកបាន។ កូនស្ដេចសៀម ព្រះរាមេសូរ កាលបើរត់បានឆ្ងាយចេញផុតពីទឹកដីខ្មែរហើយ ហើយដោយពុំឃើញមានទ័ពខ្មែរដេញតាមប្រកិតពីក្រោយ ក៏បញ្ជាឲ្យទ័ពដែលនៅសេសសល់ទាំងប៉ុន្មានឈប់សម្រាកនៅនឹងមួយកន្លែង។ បន្ទាប់មកព្រះអង្គបានរៀបចំចុតហ្មាយមួយ ផ្ញើថ្វាយទៅព្រះបិតាព្រះឧទងរាមាធិបតី ដែលគង់នៅទីក្រុងស្រីអយុធ្យា។ ព្រះរាមាធិបតីឈឺចុកចាប់ខ្លាំងណាស់ ក្រោយដែលដឹងថាចៅព្រះអង្គ ព្រះស្រីសុវត្ថិ ត្រូវមេទ័ពខ្មែរប្រហារជីវិតកាត់ក្បាលលើសមរភូមិ។ មិនបង្អង់យូរ ព្រះអង្គចេញបញ្ជាឲ្យរៀបចំប្រមែប្រមូល បង្ហាត់បង្រៀនកងពលយោធាឲ្យបានចំនួនច្រើនកុះករជាទីបំផុត។ ព្រះអង្គបានតែងតាំងបងថ្លៃព្រះអង្គ ព្រះនាមព្រះបរមរាជា ជាប្រមុខទ័ពធំដោយមានកូនប្រុសទាំងបីរបស់ព្រះអង្គ នៅអមធ្វើជាជំនួយផង។ ស្ដេចសៀមទាំងបីអង្គ ដែលត្រូវជាប្អូនរបស់ព្រះរាមេសូរ មានចៅប៉ាសាត ចៅប៉ាអាត និងចៅដំបងពិសី។