ហង់រី មូហូ
ហង់រី មូហូ (Henri Mouhot) (កើតថ្ងៃទី១៥ ឧសភា ១៨២៦- មរណៈភាពថ្ងៃ១០ វិច្ឆិកា ១៨៦១) គឺជាជនជាតិបារាំង និងជាអ្នកស្រាវជាវរុករកនៅពាក់កណ្តាលសតវត្សរ៍ទី១៩។ គាត់កើតនៅ ម៉ុងបេលីយ៉ា (Montbéliard), ឌូ (Doubs) ប្រទេសបារាំង ក្បែរព្រំដែនប្រទេសស្វីស។ គាត់បានចំនាយវ័យកុមាររបស់គាត់នៅក្នុងប្រទេសរុស្ស៊ី និងមួយផ្នែកនៅអាស៊ី។ គាត់បានទទួលមរណៈភាពនៅក្បែរ Naphan, ប្រទេសឡាវ។ គាត់ត្រូវបានទទួលស្គាល់ថាជាជនដ៏ល្បី ដែលបានរកឃើញប្រាសាទអង្គរវត្តរបស់ខ្មែរនៅ ឆ្នាំ ១៨៦០។
ជីវប្រវត្តិ
កែប្រែក្នុងនាមជាសាស្ត្រាចារ្យវ័យក្មេងផ្នែកទស្សនវិជ្ជា លោក មូហូបានចំនាយពេលវេលាយ៉ាងតិច១០ឆ្នាំ ក្នុងការបំរើការងារជាគ្រូបង្រៀនភាសាក្នុងប្រទេសរុស្ស៊ី។ គាត់បានធ្វើដំនើរទូទាំងអ៊ឺរ៉ុបជាមួយបងប្រុសរបស់លោកឈ្មោះឆាលស៍ ដើម្បីសិក្សាពីបច្ចេកទេសថតរូបដែលបានបង្កើតដោយលោកល្វីដាហ្គែរ។ នៅឆ្នាំ ១៨៥៦ គាត់បានចាប់ផ្ដើមសិក្សាអំពីវិទ្យាសាស្ត្រធម្មជាតិ។ នៅឆ្នាំដដែលគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីរបស់អ្នករុករកផ្សងព្រេងសញ្ជាតិស្កុតលែនម្នាក់ឈ្មោះម៉ាំងហ្គោផាក(Mungo Park)។ បន្ទាប់ពីបានអានសៀវភៅមួយក្បាលដែលមានចំនងជើងថា "The Kingdom and People of Siam" (រាជាណាចក្រនិងប្រជារាស្ត្រសៀម) សរសេរឡើងដោយលោក ចេម បូរីង ក្នុងឆ្នាំ១៨៥៧, លោកមូហូវានសំរេចចិត្តធ្វើដំនើរទៅកាន់ឥណ្ឌូចិន ក្នុងបេសកកម្មដឹកនាំការរុករកជាផ្នែកជីវចំរុះដើម្បីប្រមែប្រមូលវត្ថុគំរូជីវសាស្ត្រថ្មីៗ។ សំនើដំបូងៗរបស់លោកត្រូវបានបដិសេធដោយក្រុមហ៊ុនបារាំងនានានិងរដ្ឋាភិបាលរបស់ ណាប៉ូលេអុងទី៣ ។ ទីបញ្ចប់លោកត្រូវបានទទួលការគាំទ្រពី The Royal Geographical Society និង the Zoological Society of London ហើយលោកក៏បានចេញកប៉ាល់ទៅបាងកក កាត់តាមសិង្ហបុរី។
មូហូនិងអង្គរ
កែប្រែមូហូជាញឹកញាប់ត្រូវបានគេច្រលំនិយាយថាបានរកឃើញអង្គរ។ តាមពិតអង្គរមិនដែលបានបាត់ទៅណាទេ។ វត្តមាននិងទីតាំងរបស់ក្រុងអង្គរទាំងមូលត្រូវបានប្រជាជនខ្មែរស្គាល់ជានិច្ច និងត្រូវបានពួកបស្ចឹមប្រទេសជាច្រើននាក់មកទស្សនាតាំងពីសតវត្សរ៍ទី១៦មកម៉្លោះ។ មូហូខ្លួនឯងបានពោលក្នុងសៀវភៅរបស់លោកថាមានបេសកជនបារាំងម្នាក់នៅបាត់ដំបងឈ្មោះឆាលអេមីលប៊ុយយឺវ៉ូ និងអ្នករុករកបស្ចឹមប្រទេសប៉ុន្មាននាក់ផ្សេងទៀតបានទៅដល់អង្គរវត្ត ៥ឆ្នាំមុនខ្លួនលោកទៅដល់។ លោកឆាលអេមីលប៊ុយយឺវ៉ូ បានបោះពុម្ពសៀវភៅមួយនៅឆ្នាំ១៩៧៥ដែលមានចំនងជើងថា "Travel in Indochina 1848-1856, The Annam and Cambodia" (ការធ្វើដំនើរនៅឥណ្ឌូចិន ១៨៤៨-១៨៥៦, អណ្ណាមនិងកម្ពុជា)។
ទោះជាយ៉ាងណាក៏ដោយ មូហូបានរួមចំនែកក្នុងការអោយបស្ចឹមប្រទេសស្គាល់ពីអង្គរ។ ប្រហែលជាមកពីអ្នកមកដល់មុនលោកមិនបានសរសេរអោយបានក្បោះក្បាយដូចលោក។ លោកបានបន្ថែមគំនូរប្លង់លំអិតដ៏គួរអោយចាប់អារម្មណ៍ទៅក្នុងសៀវភៅលោក។ នៅក្នុងសៀវភៅ "Travels in Siam, Cambodia and Laos" (ការធ្វើដំនើរនៅសៀម កម្ពុជា និង ឡាវ) លោកមូហូបានប្រៀបធៀបអង្គរវត្តទៅពីរ៉ាមីដ ព្រោះពួកបស្ចឹមប្រទេសពេលនោះស្គាល់ពីរ៉ាមីដយ៉ាងច្បាស់ ថាជាឬសគល់នៃអារ្យ ធម៌មជ្ឍឹមបូព៌ា។ ជាក់ស្ដែង លោកបានពិពណ៌នាព្រះកេសពុទ្ឋបដិមាករនៅក្លោងទ្វារអង្គរធំ ថាជា រូបចំលាក់ព្រះកេសដ៏ធំទាំង៤ក្នុងរចនាបថអេហ្ស៊ីប។ គាត់បានសរសេរពីអង្គរថា៖ «មានប្រាសាទមួយក្នុងចំនោមប្រាសាទទាំងនេះដែលអាចទទូលទីកន្លែងកិត្តិយសដូចសំនង់នានាដ៏ស្រស់ត្រកាលរបស់យើងដែរ។ វាមហិមាជាងអ្វីដែលក្រិចនិងក្រុងរ៉ូមបានបន្សល់ទុកអោយយើង។ វាបង្ហាញក្នុងរូបភាពផ្ទុយស្រលះពីភាពទុនខ្សោយអារ្យធម៌បច្ចុប្បន្នដែលកំពុងញាំញីប្រទេសមួយនេះ»[Henri Mouhot]
លោកមូហូក៏បានសរសេរបន្ថែមផងដែរថា៖
«នៅអង្គរ មាន...ប្រាសាទមហិមាជាច្រើន...ដែលគ្រាន់តែបានឃើញភ្លាម អ្នកនឹងមិនស្ញើចសរសើរពីក្នុងចិត្តមិនបាន។ តើអ្វីទៅដែលបានបង្កើតនូវជាតិសាសន៍ដ៏ខ្លាំងពូកែ មានអារ្យធម៌ខ្ពង់ខ្ពស់ និងវាងវៃ ដែលជាអ្នកស្ថាបនាប្រសាទដ៏មហិមាបែបនេះ?