កាំង ហ្កិច អ៊ាវ
កាំង ហ្កិច អ៊ាវ ឬអាចសរសេរថា កាំង ហ្កេចអ៊ាវ (ហៅ មិត្តឌុច) គឺជាលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយខ្មែរក្រហម ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ លោកត្រូវគេចោទប្រកាន់លើករណីបួន គឺបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទធ្វើមនុស្សឃាត និងការធ្វើទុក្ខទារុណកម្មទៅលើអ្នកទោស។
កាំង ហ្កិច អ៊ាវ | |
---|---|
កើត | ១៧ វិច្ឆិកា ១៩៤២ ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រទេសកម្ពុជា |
ស្លាប់ | ២ កញ្ញា ២០២០ (អាយុ ៧៨ ឆ្នាំ) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
សញ្ជាតិ | ខ្មែរ |
ឈ្មោះផ្សេងទៀត | សមមិត្តឌុច ហង្ស ពិន |
ត្រូវបានគេស្គាល់ថា | លេខាគណៈកម្មាធិការមន្ទីរ ស-២១ |
គណបក្សនយោបាយ | បក្សកុម្មុយនិស្តកម្ពុជា |
បន្ទុកឧក្រិដ្ឋកម្ម | ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ |
ពិន័យព្រហ្មទណ្ឌ | ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ តែត្រូវតំឡើងទៅអស់មួយជីវិតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ |
ពន្ធភាព | ឈឹម សុផល (?–១៩៩៥) |
មាតាបិតា | ឪពុក៖ កាំង គី ម្តាយ៖ កាំង គីមស៊ីវ |
លោកកាំង ហ្កេច អ៊ាវគឺជាអ្នកដែលទទួលខុសត្រូវមកលើការសម្លាប់មនុស្សរាប់ពាន់នាក់។ ខុសពីកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ឌុចបានសារភាព ប្រគល់ខ្លួនឱ្យអាជ្ញាធរកម្ពុជានៅក្នុងឆ្នាំ១៩៩៩។ ក្នុងរយៈកាលចាប់ខ្លួនរបស់ឌុច លោកបាននិយាយរៀបរាប់ប្រាប់តុលាការកម្ពុជាអំពីរឿងដ៏លម្អិតៗនៅក្នុងគុក ស-២១ និងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជារួម។ សេចក្តីរបាយការណ៍របស់ឌុចទាំងនោះគឺជាពន្លឺដែលបំភ្លឺឱ្យជនជាតិខ្មែរនិងបរទេសដឹងអំពីភាពឃោរឃៅនៅក្នុងរបបខ្មែរក្រហម។[១][២]
ដើមជីវិតនិងការសិក្សាពីកុមារភាព
កែប្រែកុមារា កាំងហ្កេកអ៊ាវ បានចាប់ផ្តើមចូលរៀនក្នុងសាលាពោធិ៍អណ្តែត ដែលស្ថិតក្នុងវត្តក្បែរភូមិដែលគាត់រស់នៅ។ បន្ទាប់មកទៀត កាំង ហ្កិចអ៊ាវ បានផ្លាស់ទៅរៀននៅសាលាបឋមសិក្សាកំពង់ចិនវិញ ដែលស្ថិតនៅក្បែរសាលាចាស់នោះដែរ។ កាំង ហ្កិចអ៊ាវ ជាមនុស្សដែលញៀននឹងការអានសៀវភៅ ហើយកម្រចេញពីផ្ទះណាស់។ តាមរយ: លាម សារុន អតីតព្រះសង្ឃគង់នៅវត្តឧណ្ណាលោម ហើយក៏ជាអតីតមិត្តជិតស្និទ្ធរបស់ កាំងហ្កេកអ៊ាវ ដែលទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លេខ៦ ខែមិថុនា ឆ្នាំ២០០០ បានដកស្រង់នោះ ឱ្យដឹងថា កាំងហ្កេកអ៊ាវ ជាសិស្សម្នាក់ដែលរៀនពូកែខ្លាំងណាស់ ៖ «រៀននៅកំពង់ធំល្បីវារៀនពូកែខាង គណិតវិទ្យា គឺលេខ១ រហូត ប្រឡងទូទាំងប្រទេសគឺវាជាប់លេខ១ទៀត។ ដល់វារៀនជាប់បាក់អង ទៅប្រឡងធ្វើសាស្ត្រាចារ្យ ជាប់ទៀត។ ដល់ពេលចេញមកវិញ រៀនយកសញ្ញាបត្រជាមួយខ្ញុំខាងអក្សរសាស្ត្រនៅសកលវិទ្យាល័យភ្នំពេញវិញ អត់យកគណិតវិទ្យាទេ»។
ជីវិតយុវវ័យនិងការសិក្សា
កែប្រែនៅឆ្នាំ១៩៦១ ពេលដែលពេញវ័យ ១៩ឆ្នាំ យុវជន កាំងហ្កេកអ៊ាវ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយរូបគាត់ក៏បានទៅបន្តការសិក្សានៅវិទ្យាល័យសូរ្យវរ្ម័នទី២ ក្នុងទឹកដីខេត្តសៀមរាប។ ការសិក្សានៅឯខេត្តសៀមរាប យុវជន កាំង ហ្កិចអ៊ាវ បានប្រឡងជាប់មធ្យមសិក្សាបត្រភាគទី១។ ក្នុងឆ្នាំ១៩៦២ យុវជន កាំង ហ្កិចអ៊ាវ បានមកបន្តការសិក្សាថ្នាក់ទីបញ្ចប់នៅវិទ្យាល័យស៊ីសុវត្ថិ រហូតប្រឡងជាប់មធ្យមសិក្សាបត្រភាគទី២ ផ្នែកគណិតសាស្ត្រដោយទទួលបាននិទ្ទេសល្អទៀតផង។
ស្នាក់នៅជាមួយព្រះសង្ឃដើម្បីបន្តការសិក្សា
កែប្រែនៅក្នុងទស្សនាវដ្តីស្វែងរកការពិតលេខដដែល បានឱ្យដឹងថា នៅភ្នំពេញ កាំង ហ្កិចអ៊ាវ ស្នាក់នៅកុដិលេខ៣ ក្នុងវត្តឧណ្ណាលោម។ លាម សារុន អតីតព្រះសង្ឃគង់នៅវត្តឧណ្ណាលោមដដែលបានឱ្យដឹងទៀតថា កាំងហ្កេកអ៊ាវ មានឈ្មោះហៅក្រៅមួយទៀតថា គៀវ។ គៀវ ជាមនុស្សកើតក្នុងឆ្នាំមមី មានចរិតស្លូតបូត និងមិនដែលតបតជាមួយអ្នកណាឡើយ។ ក្រៅពីមានបុគ្គលិកលក្ខណ:រាបសារ គៀវ ក៏មិននិយមការផឹកស៊ីលេងបៀប៉ោឡើយ តែគាត់ជាមនុស្សម្នាក់ដែលជាប់ចិត្តនឹងបារី ៖ «បើចរិតវា គឺបើវាខឹង អត់ដែលមានតនឹងអ្នកណាទេ។ គេប្រមាថវា គេជេរវាយ៉ាងម៉េចក៏វាអត់ត ចិត្តធ្ងន់។ រួចបើដឹងតែគេកាទីកាទើ រកវ៉ៃ វាបែរជាលួងលោមទៅវិញ។ គ្មានផឹក គ្មានស៊ី។ បារី បើថាវាជក់ មួយថ្ងៃហ្នឹង គឺអុជបន្តរហូតអស់ពីរកញ្ចប់ក៏មាន បីកញ្ចប់ក៏មាន ហើយល្បែងអត់មានទេ នៅម៉ាកុដិ អាណាលេងអី ក៏វាអត់លេងដែរ»។
ដំណើរជីវិតនិងការសិក្សា
កែប្រែឆ្នាំ១៩៦៤ យុវសិស្ស កាំង ហ្កិចអ៊ាវ បានចូលរៀននៅវិទ្យាស្ថានគរុកោសល្យដើម្បីយកវិញ្ញាបនបត្រធ្វើជាសាស្ត្រាចារ្យ។ វិទ្យាស្ថាននេះ គ្រប់គ្រងដោយសាស្ត្រាចារ្យគណិតសាស្ត្រ មកពីទីក្រុងប៉ារីសម្នាក់ឈ្មោះ សុន សេន ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៥ កាំង ហ្កិចអ៊ាវ បានទទួលវិញ្ញាបនបត្រគ្រូ ហើយត្រូវបានចាត់តាំងឱ្យទៅបង្រៀននៅអនុវិទ្យាល័យស្គន់ ដែលជាស្រុកមួយរបស់ខេត្តកំពង់ចាម។ នៅក្នុងទស្សនាវដ្តីស្វែងរកការពិតលេខដដែល បានឱ្យដឹងថា ក្នុងឋាន:ជាអ្នកបង្រៀន លោកគ្រូ កាំង ហ្កិចអ៊ាវ មានសិស្សជាច្រើនគោរពស្រឡាញ់គាត់ ដែលខុសប្លែកពីសាស្ត្រាចារ្យដទៃទៀត។
សំដីរបស់សិស្ស
កែប្រែគឹម សួរ អតីតសិស្សរបស់ កាំងហ្កេកអ៊ាវ បានឱ្យដឹងថា គាត់ជាគ្រូបង្រៀនម្នាក់ដែលធ្វើឱ្យសិស្សជាច្រើននិយមចូលចិត្តគាត់ ៖ «គាត់ចូលចិត្តជាមួយសិស្ស ស្និទ្ធស្នាលជាមួយកូនសិស្សណាស់ ហើយកូនសិស្សហាក់ដូចជាស្រឡាញ់គាត់ហ្នឹងតែម្តង។ ហើយពេលហ្នឹងគឺថា សាស្ត្រាចារ្យខ្លះគេធ្វើឫកធំ ធ្វើឱ្យកូនសិស្សខ្លាចដល់គ្រូ។ កាំងហ្កេកអ៊ាវ នេះ គឺមិនធ្វើឱ្យកូនសិស្សខ្លាចទេ គាត់ធ្វើឱ្យកូនសិស្សស្រឡាញ់រហូតដល់កូនសិស្សឱប ឬក៏ចាប់លើកបោះអ៊ីចឹង ភាគច្រើនគឺកូនសិស្សស្រឡាញ់គាត់ណាស់»។ សូមបញ្ជាក់ផងដែរថា ការសិក្សារបស់ កាំងហ្កេកអ៊ាវ តែងតែបានទទួលការជួយជ្រោមជ្រែងទាំងលុយកាក់ និងការលើកទឹកចិត្តពីគ្រូរបស់គាត់ឈ្មោះ កែ គីមហួត ជានិច្ច។[២]
ចំណង់ចំណូលចិត្តខ្លះៗ
កែប្រែកែ គីមហួត ជាអ្នកប្រឆាំងរាជានិយមដ៏ស្រួចស្រាល់បំផុត ហើយតាមរយ:ការណែនាំរបស់គាត់ កាំងហ្កេកអ៊ាវ ប្រាកដជាបានអានកាសែតដែលនិយាយអំពីចលនារំដោះនៅទូទាំងពិភពលោកនាសម័យកាលនោះជាក់ជាមិនខាន។ ទ្រឹស្តីមហាលោតផ្លោះរបស់ប្រធាន ម៉ៅ សេទុង នៃប្រទេសចិន តែងតែបានជ្រាបចូលទៅក្នុងផ្នត់គំនិតរបស់ កាំង ហ្កិចអ៊ាវ ហើយរូបគាត់តែងតែនិយាយទិតៀនប្រឆាំងទៅនឹងសក្តិភូមិ រាជានិយម អ្នកមាន និងរបបគ្រប់គ្រងថា បានជិះជាន់ប្រជាជនក្នុងសង្គមនោះជានិច្ច។ គួររំឭកផងដែរថា ក្នុងពេលកំពុងសិក្សានៅខេត្តកំពង់ធំ កាំង ហ្កិចអ៊ាវ មានមិត្តជាច្រើន ដែលខ្លះនៅមានជីវិតរហូតដល់សព្វថ្ងៃនេះ ក្នុងនោះមានដូចជា សុខ ឃាង, សុម៉ាលី និង ហូ ងី ជាដើម ហើយ ហូ ងី ដែលប្រហែលជាស្លាប់នៅឆ្នាំ១៩៧០ គឺជាមិត្តជិតដិតបំផុតរបស់ កាំង ហ្កិចអ៊ាវ។
មរណភាព
កែប្រែបន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល ១០ ឆ្នាំ លោកតាកាំង ហ្កេចអ៊ាវក៏បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។[៣][៤] ដោយសារតែវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា សពរបស់លោកតាកាំង ហ្កេចអ៊ាវត្រូវបានយកទៅបូជាភ្លាមៗនៅថ្ងៃដដែលនោះដោយមិនបានធ្វើពិធីបុណ្យសព្វតាមប្រពៃណីទំនាមទម្លាប់ខ្មែរនោះទេ។[៥]
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ "Propaganda, Torture and French Colonial Heritage: Looking into the Methods of the Khmer Rouge - Cambodia Tribunal Monitor". www.cambodiatribunal.org. Retrieved 25 November 2018.
- ↑ ២,០ ២,១ "Biography of Kang Kek Iew (Comrade Duch)". វិទ្យាបារាំង RFI. Retrieved 4 September 2020.
- ↑ ហូ, ថុនា (2 កញ្ញា 2020). "កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ – Kang Kek Iew, former leader of S-21 prison". រស្មីកម្ពុជា. https://www.rasmeinews.com/archives/359350។ បានយកមក 4 កញ្ញា 2020.[តំណភ្ជាប់ខូច]
- ↑ ញឹម សុផល (2 កញ្ញា 2020) "ភ្ញៀវប្រចាំថ្ងៃ - លោក ហង្ស វណ្ណៈ៖ 'ការស្លាប់របស់ឌុច គឺជាការបាត់បង់អ្នកដឹងការពិតម្នាក់ពីអាថ៌កំបាំងរបស់ខ្មែរក្រហម' " វិទ្យុបារាំង RFI ដកស្រង់នៅថ្ងៃ 4 កញ្ញា 2020
- ↑ ស៊ុន ណារិន, ២ កញ្ញា ២០២០, "សពអតីតប្រធានមន្ទីរស២១សម័យខ្មែរក្រហម លោក ឌុច ត្រូវបូជាដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ", VOA News។
អានបន្ថែម
កែប្រែ- Kang Kek Iew's biography (part 1). វិទ្យុអាស៊ីសេរី (RFA). 2009. http://www.rfa.org/khmer/event/duch-profile-02192009071058.html?searchterm=None.