នរោត្តម បុប្ផាទេវី
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
ទំព័រគំរូ:Infobox manner of address
នរោត្តម បុប្ផាទេវី | |
---|---|
សម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ក្នុងឆ្នាំ ១៩៦៥ | |
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ | |
ក្នុងតំណែង | ៣០ វិច្ឆិកា ១៩៩៨ – ១៥ កក្កដា ២០០៤ |
នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
ប្រសូត | ភ្នំពេញ, កម្ពុជា, សហភាពឥណ្ឌូចិន | 8 មករា 1943
សុគត | 18 វិច្ឆិកា 2019 បាងកក, ថៃ | (អាយុ 76 ឆ្នាំ)
រាជបច្ឆាញាតិ | ស៊ីសុវត្ថិ មុនី កុសុម៉ា ស៊ីសុវត្ថិ កល្យាណ ទេវី កែវ ជិនស៊ីថា ហ្វ័រស៊ីនីតទី ស៊ីសុវត្ថិ ជីវណ្ណារិទ្ធ ស៊ីសុវត្ថិ វិច្ឆរាវុទ្ធ |
វង្ស | នរោត្តម |
បិតា | នរោត្ដម សីហនុ |
មាតា | ផាត់ កាញ៉ុល |
សាសនា | ថេរវាទ |
សម្តេចព្រះរៀម ព្រះករុណា នរោត្តម បុប្ផាទេវី ទ្រង់ប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់គឺជាព្រះរាជបុត្រីច្បង របស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ដែលជាបិតាឯករាជ្យ បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីខ្មែរ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ។
នៅក្នុងព្រះជន្ម១៥ព្រះវស្សាព្រះអង្គទ្រង់បានក្លាយជាអ្នករបាំព្រះរាជទ្រព្យដំបូងនៅក្នុងព្រះបរមរាជវំាង។ក្នុងព្រះជន្ម១៨ព្រះវស្សាព្រះអង្គបានទទួលពានរង្វាន់ខាងរបាំឡេថែមទៀតផង។ក្រៅពីនេះព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាសាស្រ្តចារ្យរបាំបុរាណនិងវប្បធម៌នៅក្នុងប្រទេសកម្ពុជាហើយទ្រង់ក៏ធ្លាប់ជារដ្ឋមន្រ្តីនិងទីប្រឹក្សានៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។នៅក្នុងឆ្នាំ២០០១សម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់បានទទួលគ្រឿងឥស្សរិយយសពីសម្ដេចព្រះមហាក្ស័ត្រីយ៍កុសុមៈនារីរ័ត្នសេរីវឌ្ឍនា។ លើសពីនេះទៅទៀតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៤ ព្រះអង្គត្រូវបានតំឡើងងារជា «សម្ដេចរាជបុត្រីព្រះរៀម»។ នៅក្នុងឆ្នាំ២០១៣ សម្តេចព្រះរាជបុត្រីច្បង ទ្រង់ត្រូវបានទទួលតំណែងជា«ទេពនាថវដ្តីឯក»ពីព្រះរាជក្រឹត្យស្ដីពីការតែតាំងមត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាដែលនៅក្នុងមួយជីវិតរបស់ព្រះអង្គទ្រង់មានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ ជាពិសេសចំពោះសិល្បៈ វប្បធម៌ អរិយធម៌កម្ពុជា រហូតដល់ទ្រង់ទទួលបានគោរមងារជា ទេពនាថវដ្ដីឯក ដែលជាជាតួឯកក្នុងរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងពិភពលោក។ ក្រៅពីនេះសម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាអនុប្រធានកាកបាទក្រហមជាតិ កម្ពុជាហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រិយ៍និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញាផងដែរ។
ក្នុងព្រះជន្ម៧២ព្រះវស្សាព្រះអង្គទ្រង់បានទទួលព្រះគោរមងារមួយដែលថ្វាយដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជាថា “មរតកមនុស្សរស់” ។ លើសពីនេះទៅទៀតស្នាព្រះហស្ថរបស់ព្រះអង្គត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែងរបស់ទ្រង់និងការខិតខំប្រឹងប្រែងថែរក្សាសិល្បៈវប្បធម៌របស់ទ្រង់ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជនជំនាន់ក្រោយ ។
បកមកជីវិតគ្រួសាររបស់ព្រះអង្គវិញ សម្តេច ព្រះរៀម នរោត្តមបុប្ផាទេវី ទ្រង់បានរៀបអភិសេកចំនួន ៤លើក ដែលលើកដំបូងគឺនៅក្នុងឆ្នាំ ១៩៥៩ ក្នុងព្រះជន្ម១៥ព្រះវស្សា ព្រមទាំងមានព្រះរាជបុត្រា បុត្រីទាំងអស់ចំនួន ៥អង្គ។
មកដល់ថ្ងៃច័ន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់បានយាងចូលទិវង្គត់ ក្នុងព្រះជន្មាយុ ៧៦ព្រះវស្សា នៅឯមន្ទីរពេទ្យទីក្រុងបាងកក ព្រះរាជាណាចក្រថៃ វេលាម៉ោង ១២ និង៣០នាទី ដោយរោគជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គ បានយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ដែលមានប្រជាជនជាច្រើនរងចាំទទួលយ៉ាងច្រើនកុះករ បន្ទាប់ពីនោះព្រះបរមសពរបស់សម្តេចព្រះរាជបុត្រីនរោត្តមបុប្ផាទេវី ត្រូវបានដង្ហែរបន្តមកកាន់វត្តបទុមវតីរាជវរារាម ខាងត្បូងព្រះបរមរាជវាំង ដើម្បីប្រារព្ធពិធីទក្ខិណានុប្បទានថ្វាយតាមព្រះពុទ្ធសាសនា និងព្រះបរមរាជបវេណី។
នៅក្នុងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះគឺជាថ្ងៃអនុវត្តនូវសេចក្តីប្រកាសណែនាំជាផ្លូវការរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមគោលការណ៍សំខាន់ចំនួន៣ចំណុចធំៗ ដែលទី១គឺ ចាត់ទុកថ្ងៃទី២០ ខែវិច្ឆិកានេះគឺជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស រីឯគ្រប់គ្រឹះស្ថានសិក្សានិងស្ថាប័នជាតិនិងអន្តរជាតិទាំងអស់ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលចំណែកឯគ្រប់ស្ថាប័ន្ថទូរទស្សន៍និងវិទ្យុទាំងអស់ត្រូវផ្អាកការចាក់ផ្សាយនូវកម្មវិធីដែលមានលក្ខណៈសប្បាយៗនៅក្នុងថ្ងៃទី ២០ ខែវិច្ឆិកានេះផងដែរ
ប្រវត្តិ
កែប្រែសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ព្រះអង្គ មានព្រះបុត្រាបុត្រីចំនួន ៥អង្គ គឺ
១/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ប្រសូតឆ្នាំ១៩៦០
២/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១
៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ប្រសូតឆ្នាំ១៩៦៥
៤/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ ប្រសូតឆ្នាំ១៩៦៨
៥/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ ប្រសូតឆ្នាំ១៩៧៨។
ព្រះអង្គ បានចូលហាត់របាំចាប់តាំងពីព្រះជន្ម ៥ព្រះវស្សា ទ្រង់ជាព្រះរាជនត្តាជាទីគាប់ព្រះរាជហឫទ័យ នៃសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រះមាតាសិល្បៈខ្មែរ ហើយតែងតែទទួលបានការទំនុកបម្រុង និងមើលថែរក្សាអំពីការហាត់របាំពីសំណាក់សាស្រ្តាចារ្យចំណាន នៃរជ្ជកាលក្សត្រជំនាន់មុនៗ។ ព្រះអង្គ បានក្លាយជានាដការីដ៏ប៉ិនប្រសព្វក្នុងព្រះជន្ម ១៥ព្រះវស្សា និងបានទទួលងារជា «នាដការឯក» ក្នុងព្រះជន្ម ១៨ព្រះវស្សា។
ព្រះអង្គ ត្រូវបានត្រាស់បង្គាប់ជា នាដការីដំបូងគេបំផុត សម្រាប់សម្តែងនូវ របាំអប្សរា ដែលតម្លើងដោយ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់ទទួលបដិសណ្ឋារកិច្ច នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ១៩៦៤ និងក្រោយមកទៀតដោយទតឃើញពីភាពល្អឯកនេះហើយ ទើប ព្រះអង្គ ត្រូវបានប្រោសព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ យាងទៅសម្តែងរបាំព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទោកាន់ក្រៅប្រទេស និងសម្តែងជូន ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។
ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។
ព្រះអង្គ ជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយរយៈមុនបន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គ បានបង្ហាត់បង្រៀនជូនប្រជាជនខ្មែរ ដែល រស់នៅក្នុងជំរុំ Site B អំពីរបាំ ព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវ ការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះ ទ្រង់ បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម ។
ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ព្រះអង្គ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៏ និងក្រោយមកកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤ ។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ទ្រង់ បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈរបាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិក នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ស្នាព្រះហស្តដ៏សំខាន់ របស់ ទ្រង់ គឺការនាំឲ្យ មានការ បញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
រឿងរាជឥស្សរិយយស ដែលព្រះអង្គទទួលបានរួមមាន
- ១៥ មីនា ២០០៦ : គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
- ២២ តុលា ២០០១ : គឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា
- ១៦ ឧសភា ២០០១ : គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ
- សម្ដេចរាជបុត្រីរី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕
ឯកសារយោង
កែប្រែអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |