នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីក៏ជាប្រធានគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកនីតិប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេលប្រាំឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥ មក មានបុគ្គលចំនួន ៣៧ រូប​ បានបម្រើការជានាយករដ្ឋមន្ត្រីដែលក្នុងនោះមាន ៣៣ រូបជានាយករដ្ឋមន្រ្តីផ្លូវការ និងបួនរូបទៀតជានាយករដ្ឋមន្រ្តីស្តីទី (ជំនួស)។[] នាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែងបច្ចុប្បន្នគឺ ឯកឧត្ដមហ៊ុន ម៉ាណែត មកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលលោកបានចូលកាន់តំណែងនេះតាំងពីឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីនៃ
ព្រះរាជាណាចក្រកម្ពុជា
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ហ៊ុន ម៉ាណែត

ចាប់​តាំងពី ២២ សីហា ២០២៣
ទីស្ដីការគណៈរដ្ឋមន្រ្តី
រាជរដ្ឋាភិបាលកម្ពុជា
ការិយាល័យនៃនាយករដ្ឋមន្ត្រីកម្ពុជា
បែបបទសម្ដេចនាយក (ក្រៅផ្លូវការ)
សម្ដេចមហាបវរធិបតី ឬសម្ដេចធិបតី (ផ្លូវការ និងការទូត)
ស្ថានភាពប្រមុខរាជរដ្ឋាភិបាល
សមាជិកនៃគណៈរដ្ឋមន្ត្រី
ក្រុមប្រឹក្សារាជបល្ល័ង្ក
សេចក្ដី​រាយការណ៍​ចំពោះរដ្ឋសភា
និវេសនដ្ឋានវិមានសន្តិភាព
អាសនៈភ្នំពេញ
អ្នកតែងតាំងព្រះមហាក្សត្រនៃកម្ពុជាតាមព្រះរាជក្រឹត្យ
អ្នកចាត់តាំងគណបក្សនយោបាយធំបំផុតនៅក្នុងសភា
រយៈពេល៥ ឆ្នាំ (អាចបន្តបាន គ្មានកំណត់)
Constituting instrumentសភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
និម្មិតកម្ម១៨ មីនា ១៩៤៥
អ្នកកាន់តំណែងដំបូងនរោត្តម សីហនុ
ប្រាក់ខែ១០,០០០,០០០ /២,៤៦៥ ដុល្លារ ក្នុងមួយខែ[]
គេហទំព័រhunmanet.kh

ប្រវត្តិសាស្រ្ត

កែប្រែ

មុខតំណែងនេះដំបូងត្រូវបានកាន់កាប់ដោយព្រះបាទនរោត្តម សីហនុនៅខែមីនា ឆ្នាំ១៩៤៥ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមអាណានិគមបារាំង[] នៅថ្ងៃទី១២ មីនា ឆ្នាំ១៩៤៥ ព្រះបាទសីហនុបានសហការជាមួយចក្រភពជប៉ុនហើយបានប្រកាសកម្ពុជាជារដ្ឋឯករាជ្យផ្តាច់ចេញពីបារាំង។ នៅថ្ងៃទី១៨ ខែមីនា ព្រះអង្គបានប្រកាសខ្លួនជានាយករដ្ឋមន្ត្រីនិងបានបង្កើតរដ្ឋាភិបាលដំបូងដែលមានអត្ថិភាពរហូតដល់ខែសីហា ឆ្នាំ១៩៤៥។[]

នៅឆ្នាំ១៩៤៦ បារាំងបានណែនាំនូវកំណែទម្រង់ថ្មីទៅឱ្យអាណានិគមរបស់ខ្លួននៅឥណ្ឌូចិនហើយបានអនុញ្ញាតឱ្យមានគណបក្សនយោបាយនិងការបោះឆ្នោតសភាជាលើកដំបូងបង្អស់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកដំបូងនៅកម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦គណបក្សប្រជាធិបតេយ្យគឺជាគណបក្សនយោបាយលិចធ្លោជាងគេនៅកម្ពុជាពេញមួយទសវត្សឆ្នាំ១៩៤០ រហូតទាល់តែពេលសង្គមរាស្រ្តនិយមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ សង្គមរាស្ត្រនិយមគឺជាគណបក្សស្របច្បាប់តែមួយគត់នៅកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ បន្ទាប់ពីសេនាប្រមុខលន់ នល់បានធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចសីហនុចេញពីអំណាច។

នៅឆ្នាំ១៩៩៣ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញនៅប្រទេសកម្ពុជា។ តួនាទីរបស់នាយករដ្ឋមន្រ្តីត្រូវបានកំណត់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំនោះ។ កិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​ប្រជាជន​កម្ពុជានៅឆ្នាំ១៩៩៣ បានសម្គាល់នូវរយៈពេលដ៏ខ្លីមួយដែលប្រទេសកម្ពុជាត្រូវមាននាយករដ្ឋមន្រ្តីចំនួនពីររូបគឺសម្តេចតេជោហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ នៅឆ្នាំ១៩៩៧ សហនាយករដ្ឋមន្រ្តីហ៊ុន សែនបានធ្វើរដ្ឋប្រហារដកព្រះអង្គរណឫទ្ធិចេញពីតំណែង។ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោកអ៊ឹង ហួតឱ្យឡើងកាន់តំណែងជំនួសរណឫទ្ធិ។ សម្តេចហ៊ុន សែននិងគណបក្សប្រជាជនក៏ក្លាយជាអ្នកកាន់អំណាចចាប់តាំងពីការបោះឆ្នោត ឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃ។

ការតែងតាំង

កែប្រែ

នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកសភា។ ដំបូង លោក/នាង ត្រូវជ្រើសតាំងដោយសភាសម្លេងភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាច។ ពិធីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីត្រូវប្រព្រឹត្តិធ្វើឡើងនៅឯព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តីដែលបានតែងតាំងត្រូវតែធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ បន្ទាប់មកគណៈរដ្ឋមន្រ្តីនឹងត្រូវបានបង្ហាញ។ ការបង្កើតរដ្ឋាភិបាលថ្មីធ្វើឡើងមិនលើសពី ៦០ ថ្ងៃនោះទេបន្ទាប់ពីការបោះឆ្នោតហើយ ដូចដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកដែលជួយណែនាំ និងនៅពីក្រោយនាយករដ្ឋមន្រ្តីគឺ'ឧបនាយករដ្ឋមន្រ្តី'។

មាត្រា ១២៥ នៃច្បាប់រដ្ឋធម្មនុញ្ញ[]បានចែងថា បើតំណែងនាយករដ្ឋមន្រ្តីត្រូវទំនេរនោះ នាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន) នឹងឡើងកាន់ជំនួស។

ការិយាល័យ

កែប្រែ

វិមានសន្តិភាពកំពុងដំណើរការជាកន្លែងប្រតិបត្តិការងាររបស់នាយករដ្ឋមន្រ្តី។[] ទីកន្លែងនេះត្រូវបានបើកសម្ពោធដោយព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ នាយករដ្ឋមន្រ្តីគឺមិនអាចស្នាក់នៅទីនេះបានទេ។

អំណាចរដ្ឋធម្មនុញ្ញ

កែប្រែ

អំណាចនាយករដ្ឋមន្រ្តីត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាមអនុម័តឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយធ្វើវិសោធនកម្មនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩។[] ច្បាប់អំណាចទាំងនេះត្រូវបានកំណត់ដោយមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញមានដូចជា:

  • មាត្រា ១១: ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
  • មាត្រា ១៣: ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្ដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ - អនុប្រធានទី និងអនុប្រធានទី ២ ; ព្រឹទ្ធសភា - អនុប្រធានទី ១ និងអនុប្រធានទី ២, រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
  • មាត្រា ១៩: ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០។
  • មាត្រា ២០: ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែអោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
  • មាត្រា ២២: នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
  • មាត្រា ៧៨: នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈ ១២ ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាម ឫក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាល របស់រដ្ឋសភាត្រូវសម្រចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
  • មាត្រា ៨៣: រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឫ សេចក្តីស្នើរសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។ ក្នុងករណីនេះ របៀបវរៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
  • មាត្រា ៨៨: ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។ រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើរសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឫពីនាយករដ្ឋមន្ត្រី។ ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល។
  • មាត្រា ៩១: សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ តំណាងរាស្ត្រមានសិទ្ធិស្នើរធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឫបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
  • មាត្រា ៩៦: តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឫច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឫច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឫសរសេរជាលាយល័ក្ខអក្សរ។ ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឫមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្តង ។ បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធឫនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។ រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពេះមានការបោះឆ្នោតប្រភេទណាមួយបានឡើយ ។
  • មាត្រា ១០៧: ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ ឫសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។
  • មាត្រា ១១១: ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។ ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រីឫពីប្រធានរដ្ឋសភា។ ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
  • មាត្រា ១១៨: គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការជាសមាជិក។
  • មាត្រា ១១៩: តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត អោយបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឫជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងអោយកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងអុបសម្ព័ន្ធ ៦ ។
  • មាត្រា ១២១: សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
  • មាត្រា ១២៣: គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឫជាប្រជុំពិនិត្យស្រាវជ្រាវ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។ កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
  • មាត្រា ១២៤: នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនអោយទៅឧបនាយករដ្ឋមន្ត្រី ឫសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
  • មាត្រា ១២៥: បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។
  • មាត្រា ១៤០: ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, តំនាងរាស្ត្រចំនួនមួយភាគដប់, ប្រធានព្រឹទ្ធសភា ឫសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅអោយ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសអោយប្រើ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសអោយប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេច ក្នុងរយពេលសាមសិប (៣០ ) ថ្ងៃយ៉ាងយូរថា តើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឫមិនស្របនឹងរដ្ឋធម្មនុញ្ញ។
  • មាត្រា ១៤១: ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនតំណាងរាស្ត្រចំនួនមួយភាគដប់ ឫតុលាការអាចសុំអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយតំណាងរាស្ត្រឫ ប្រធានរដ្ឋសភា ឫសមាជិកព្រឹទ្ធសភា ឫប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
  • មាត្រា ១៤៨: សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
  • មាត្រា ១៥១: ការផ្តើមគំនិតសើរើ ឫការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឫវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

កែប្រែ

ឧបនាយករដ្ឋមន្រ្តីមានតួនាទីជានាយករដ្ឋមន្រ្តីរង ឬជំនួយណែនាំដល់នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាតំណែងខ្ពស់បំផុតទីពីរនៅក្នុងគណៈរដ្ឋមន្រ្តី។ គិតត្រឹមខែសីហា នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាមានឧបនាយករដ្ឋមន្រ្តីទាំងអស់សរុបចំនួន ១០ រូប។

នាម កាន់តំណែងតាំងពី តំណែងរដ្ឋមន្ត្រី គណបក្ស
អូន ព័ន្ធមុនីរ័ត្ន ៦ កញ្ញា ២០១៨ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
វង្សី វិស្សុត ២២ សីហា ២០២៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
ទៀ សីហា ២២ សីហា ២០២៣ រដ្ឋមន្រ្តីក្រសួងការពារជាតិ (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
ស សុខា ២២ សីហា ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
ហង់ជួន​ ណារ៉ុន ២២ សីហា ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (២០១៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
កើត រិទ្ធ ២២ សីហា ២០២៣ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (២០២០–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
នេត សាវឿន ១២ មីនា ២០០៩ គ្មាន គណបក្ស​ប្រជាជន​កម្ពុជា
សុខ ចិន្តាសោភា ៦ កញ្ញា ២០១៨ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
សាយ សំអាល់ ២២ សីហា ២០២៣ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០២៣–បច្ចុប្បន្ន) គណបក្ស​ប្រជាជន​កម្ពុជា
ស៊ុន ចាន់ថុល ២២ សីហា ២០២៣ គ្មាន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (២០០៤–២០០៨, ២០១៦–២០២៣)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (២០១៣–២០១៦)
គណបក្ស​ប្រជាជន​កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជា (១៩៩៣–បច្ចុប្បន្ន)

កែប្រែ
ល.រ. រូបភាព នាម រយៈពេលកាន់តំណែង គណបក្សនយោបាយ អាណត្តិ ព្រះមហាក្សត្រ
(រជ្ជកាល)
កាន់តំណែង ចោលតំណែង រយៈពេល
  នាយករដ្ឋមន្រ្តីទីមួយ
នរោត្តម រណឫទ្ធិ
(១៩៤៤– ២០២១)
២ កក្កដា ១៩៩៣ ៦ សីហា ១៩៩៧ ៤ ឆ្នាំ, ៣៥ ថ្ងៃ ហ៊្វុនស៊ិនប៉ិច (១៩៩៣) សម្ដេច
នរោត្តម សីហនុ
 
(១៩៩៣–២០០៤)
  នាយករដ្ឋមន្រ្តីទីពីរ
ហ៊ុន សែន
(១៩៥២–)
២៤ កញ្ញា ១៩៩៣ ៣០ វិច្ឆិកា ១៩៩៨ ៥ ឆ្នាំ, ៦៧ ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា
  នាយករដ្ឋមន្រ្តីទីមួយ
អ៊ឹង ហួត
(១៩៤៥–)
៦ សីហា ១៩៩៧ ៣០ វិច្ឆិកា ១៩៩៨ ១ ឆ្នាំ, ១១៦ ថ្ងៃ ហ៊្វុនស៊ិនប៉ិច
(២)   ហ៊ុន សែន
(១៩៥២–)
៣០ វិច្ឆិកា ១៩៩៨ ២២ សីហា ២០២៣ ២៤ ឆ្នាំ, ២៦៥ ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា (១៩៩៨)
(២០០៣)
(២០០៨)
សម្ដេច
នរោត្តម សីហមុនី
 
(២០០៤–បច្ចុប្បន្ន)
(២០១៣)
(២០១៨)
  ហ៊ុន ម៉ាណែត
(១៩៧៧–)
២២ សីហា
២០២៣
កំពុងកាន់តំណែង 1 year, 43 days គណបក្ស​ប្រជាជន​កម្ពុជា (២០២៣)
ហ៊ុន ម៉ាណែតហ៊ុន សែនអ៊ឹង ហួតហ៊ុន សែននរោត្តម រណឫទ្ធិ

អតីតនាយករដ្ឋមន្រ្តីដែលកំពុងនៅមានជីវិត

កែប្រែ

គិតត្រឹម ខែតុលា ឆ្នាំ២០២៤ កម្ពុជាមានអតីតនាយករដ្ឋមន្ត្រីពីររូបដែលនៅរស់រានជីវិត។ មរណភាពរបស់​​អតីត​នាយក​រដ្ឋមន្ត្រីថ្មីបំផុតគឺសម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិដោយព្រះអង្គបានសោយទិវង្គតនៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៧៧ ​ព្រះវស្សា។[]

 
ខៀវ សំផន (អាយុ 93 ឆ្នាំ)
(១៩៧៦)
ខៀវ សំផន (អាយុ 93 ឆ្នាំ)
(១៩៧៦) 
 
អ៊ឹង ហួត (អាយុ 79 ឆ្នាំ)
(១៩៩៧–១៩៩៨)
អ៊ឹង ហួត (អាយុ 79 ឆ្នាំ)
(១៩៩៧–១៩៩៨) 
 
ហ៊ុន សែន (អាយុ 72 ឆ្នាំ)
(១៩៨៥-សព្វថ្ងៃ)
ហ៊ុន សែន (អាយុ 72 ឆ្នាំ)
(១៩៨៥-សព្វថ្ងៃ) 

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. Taing, Rinith (3 April 2020). "(អង់គ្លេស) Several ministers and officials pledge to donate salaries to fight coronavirus". ខ្មែរថែមស៍. Retrieved 27 មករា 2022.
  2. "36 Cambodian Prime Ministers since 1945". ខ្មែរថែមស៍. 21 August 2014.
  3. http://rulers.org/rulc1.html Retrieved 7 September 2014.
  4. "សៀវភៅប្រវត្តិវិទ្យា (សម័យអាណាព្យាបាលបារាំង–ព្រះរាជាណាចក្រកម្ពុជាទី២)". ក្រសួងអប់រំ យុវជន និងកីឡា. 1 November 2017. Archived from the original on 29 កក្កដា 2020. Retrieved 18 កក្កដា 2020.
  5. (ជាភាសាបារាំង) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
  6. "Cambodia's proud history of building art". The Phnom Penh Post. 13 July 2012. Retrieved 5 September 2014.
  7. (ជាភាសាបារាំង) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
  8. "Former Cambodian premier Prince Norodom Ranariddh dies at 77". Reuters. 28 November 2021. https://www.reuters.com/world/asia-pacific/former-cambodian-prime-minister-prince-norodom-ranariddh-has-died-information-2021-11-28/។ បានយកមក 29 វិច្ឆិកា 2021. 

អានបន្ថែម

កែប្រែ
  • Strangio, Sebastian. Cambodia: From Pol Pot to Hun Sen and Beyond (2020) ួន