នាងទាវ (រឿងនិទាន)
ព្រះនាងទាវ រជ្ជកាល (គ.ស ១-៧៨) ទ្រង់ជាអគ្គមហេសីរបស់ព្រះបាទទេវង្សអស្ចារ្យមានព្រះនាមសំរាប់រាជ្យថា សម្ដេចព្រះទេវុត្ដីអគ្គមហេសីស្រីទ្រង់ លក្ខណ៍អត្ដនារី។
ទាវ | |||||
---|---|---|---|---|---|
សម្ដេចព្រះមហាក្សត្រី | |||||
រជ្ជកាល | គ.ស ១-៧៨ | ||||
រាជ្យមុន | សុវណ្ណមាលា | ||||
រាជ្យបន្ត | មិនស្គាល់ | ||||
ស្វាមី/មហេសី | ទេវង្សអស្ចារ្យ | ||||
បុត្រ | ព្រះកេតុមាលា ព្រះនាងសុធាវត្តី | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
សុគត | មហានគរធំ |
ប្រវត្តិ
កែប្រែកាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និងភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគររាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់មានឫទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ ណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់របរអ្វីមួយហើយ របស់របរនោះ នឹងអាចក្លាយជាមាស ទៅជាប្រាក់ ឬទៅជាត្បូងពេជ្រចរណៃ។ ប្រជាពលរដ្ឋមួយចំនួន ធំដែលបានឃើញជាក់ស្ដែងនឹងភ្នែក មហិទ្ធិឫទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និងនាងទាវ បានបាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំណុះចូលសុំជ្រោកកោនក្រោមម្លប់ បារមី។ កាលនោះដោយស្រុកខ្មែរពុំទាន់មាន ព្រះមហាក្សត្របន្ដរាជ្យអំពីព្រះបាទប្រទេសរាជ នាម៉ឺនមន្ដ្រីសេនាតូចធំទាំងអស់ក្នុងព្រះរាជអាណាចក្រដែលបានដឹង បានយល់ និងមានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិរៀបចំពលសេនាជាក្បួន ធ្វើដំណើរហែបុស្បុកទៅសុំអញ្ជើញប្ដីប្រពន្ធទាំងពីរនាក់ ឲ្យមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។
ត្រង់ វគ្គនេះ បើតាមសៀវភៅ “ប្រជុំរឿងព្រេងខ្មែរភាគទី៥” នៃពុទ្ធសាសនបណ្ឌិត្យ អ្នកវង្សនិងនាងទាវគ្មានបុណ្យបារមី ឬសមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់បានឡើងសោយរាជ្យដោយសារបានបរិភោគសាច់មាន់ខ្មៅ ត្រង់ដើមទ្រូង និងភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរក អ្នកមានបុណ្យ ដែលរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ ដែលជាហេតុសំគាល់ថាជាអ្នកមានបុណ្យ។
ថ្ងៃ ១កើត ខែពិសាខ ឆ្នាំវក ព.ស ៥៤៤ ត្រូវជា គ.ស ទី១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្តឫក្សប្រជាជនខ្មែរ និងនាម៉ឺនមន្ដ្រីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេកអ្នក វង្ស-នាងទាវជាព្រះមហាក្សត្រីយានីនៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្សមានព្រះនាមថា ព្រះបាទសម្ដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ ឯនាងទាវវិញ បានប្ដូរព្រះនាមទៅជា សម្ដេចព្រះទេវុត្ដីអគ្គមហេសីស្រីទ្រង់ លក្ខណ៍អត្ដនារី។
បុត្រ
កែប្រែព្រះនាងគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែតាមពង្សាវតារក្រុងកម្ពុជារបស់វត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ព្រះបាទទេវង្សអស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសម្រាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុបិនឃើញព្រះឥន្ទ្រាធិរាជយាងចុះមកស្ទាបពោះ ព្រះនាង ហើយបានប្រទានកម្រងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះថ្លា មានប្រាំពីរពណ៌។ ព្រះនាងបានទូលថ្វាយព្រះរាជាអំពីសុបិននោះតាមដំណើរ។ ក្រោយបានសណ្ដាប់សុបិន ព្រះបាទទេវង្សអស្ចារ្យកោះហៅហោរាឲ្យទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនឹងទ្រង់មានគភ៌ មានបុត្រមួយព្រះអង្គ មានឫទ្ធិអំណាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។ គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំច ព.ស ៦០៦ ត្រូវជា គ.ស ៦២។ ព្រះរាជបុត្រនោះមានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមឲ្យថា “ព្រះកេតុមាលា” ដើម្បីរំលឹកឲ្យសមទៅតាមសុបិន។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ សុវណ្ណមាលា |
មហានគរ | តដោយ មិនស្គាល់ |