ទេវង្សអស្ចារ្យ

ព្រះបាទទេវង្សអស្ចារ្យ (ម.គ.ស ៣១-គ.ស ៧៨) រជ្ជកាល (គ.ស ១-៧៨) ទ្រង់ជាស្ដេចដែលបានសោយរាជ្យពីស្ដេចប្រទេសរាជដែលជាក្សត្រចុងក្រោយនៃរាជវង្សព្រះថោង។ ទ្រង់ព្រះ​នាម​ថា​ ​ព្រះបាទ​សម្ដេច​ទេវង្សអស្ចារ្យ​ខត្ដិយធិរាជ្យ។​

វង្ស
ព្រះបាទ
រជ្ជកាលគ.ស ១-៧៨
រាជ្យមុនព្រះបាទប្រទេសរាជ
រាជ្យបន្តព្រះបាទអរដ្ឋពលពាសោ
ស្វាមី/មហេសីនាងទាវ
បុត្រព្រះកេតុមាលា ព្រះនាងសុធាវត្តី
ព្រះនាមពេញ
ព្រះបាទ​សម្ដេច​ទេវង្សអស្ចារ្យ ​ខត្ដិយធិរាជ្យ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
ប្រសូតម.គ.ស ៣១
សុគតគ.ស ៧៨
មហានគរធំ

ប្រវត្តិ

កែប្រែ

កាលនោះ ​ ​មាន​បុរស​កសិករ​ម្នាក់​ឈ្មោះ​អ្នក​វង្ស​ ​និង​ភរិយា​ឈ្មោះ​ទាវ​ ​តាំងទី​លំនៅ​រស់នៅ​ជិត​វាំង​ហ្លួង​ ​នៅ​មហានគរ​រាជធានី​នៃ​កម្ពុជា​ធិបតី។​ ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​មាន​ឫទ្ធិ​អនុភាព​ខ្លាំង​ពូកែ​អស្ចារ្យ​ ណាស់។​ ​ដៃ​អ្នក​ទាំង​ពីរ​ ​បើ​កាន់​របស់របរ​អ្វីមួយ​ហើយ​ ​របស់របរ​នោះ​ ​នឹង​អាច​ក្លាយជា​មាស ទៅ​ជា​ប្រាក់​ ​ឬ​ទៅ​ជា​ត្បូង​ពេជ្រចរណៃ។​ ប្រជាពលរដ្ឋ​មួយ​ចំនួន ​ធំ​ដែល​បាន​ឃើញ​ជាក់ស្ដែង​នឹង​ភ្នែក​ ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​អស្ចារ្យ​របស់​អ្នក​វង្ស​ ​និង​នាង​ទាវ​ ​បាន​បាក់បប​ខ្លបខ្លាច​ ​គោរព​ស្ញប់ស្ញែង​ ​ហើយ​នាំ​គ្នា​មូលមី​កុះករ​មក​ចំណុះ​ចូល​សុំ​ជ្រោក​កោន​ក្រោម​ម្លប់​ បារមី។​ កាលនោះ​ដោយ​ស្រុក​ខ្មែរ​ពុំ​ទាន់​មាន​ ព្រះមហាក្សត្រ​បន្ដ​រាជ្យ​អំពី​ព្រះបាទ​ប្រទេសរាជ នាម៉ឺន​មន្ដ្រី​សេនា​តូច​ធំ​ទាំងអស់​ក្នុង​ព្រះរាជ​អាណាចក្រ​ដែល​បាន​ដឹង​ បាន​យល់​ ​និង​មាន​ជំនឿ​ថា​ ​អ្នក​វង្ស-នាង​ទាវ​ ​ជា​មនុស្ស​មាន​សមត្ថភាព​ ​មានបុណ្យ​បារមី​ខ្ពង់ខ្ពស់​អស្ចារ្យ​ ​បាន​នាំ​គ្នា​មូលមតិ​រៀបចំ​ពល​សេនា​ជា​ក្បួន​ ​ធ្វើ​ដំណើរ​ហែ​បុស្បុក​ទៅ​សុំ​អញ្ជើញ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ ​ឲ្យមក​សោយរាជសម្បត្ដិ​ ​ដឹកនាំ​ថែរក្សា​ការពារ​ប្រទេស​ជាតិខ្មែរ។​

ត្រង់​ វគ្គ​នេះ បើ​តាម​សៀវភៅ​ ​“ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៥” នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ​អ្នក​វង្ស​និង​នាង​ទាវ​គ្មាន​បុណ្យ​បារមី​ ​ឬ​សមត្ថភាពអ្វី​ឡើយ។​ ​អ្នក​ទាំង​ពីរ​នាក់​​បាន​ឡើង​សោយរាជ្យ​ដោយ​សារ​បាន​បរិភោគ​សាច់​មាន់​ខ្មៅ​ ត្រង់​ដើមទ្រូង​ ​និង​ភ្លៅ​តែ​ប៉ុណ្ណោះ។​ ​ការ​ឡើង​សោយរាជ​សម្បត្ដិ​នេះ​កើតឡើង​ដោយសារ​ការ​ផ្សងព្រេង​លែង​ដំរី​រក​ អ្នក​មាន​បុណ្យ ដែល​រៀបចំ​ដោយ​ក្រុម​សេនាបតី។​ ​ដំរី​នោះ​បាន​ទៅ​លុតជង្គង់​ក្រាប​នៅ​ចំពោះ​មុខ​អ្នក​វង្ស-នាង​ទាវ ​ដែល​ជា​ហេតុសំគាល់​ថា​ជា​អ្នកមាន​បុណ្យ។​

ថ្ងៃ​ ១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំវក​ ​ព.ស ​៥៤៤ ត្រូវជា​ គ.ស​ ទី១​ ​វេលា​ម៉ោង​៩​ព្រឹក​ ​ដែល​ជា​ថ្ងៃ​នក្ខត្តឫក្ស​ប្រជាជន​ខ្មែរ​ ​និង​នាម៉ឺន​មន្ដ្រី​សេនាបតី​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ ​មក​ពី​គ្រប់​ទិស​តំបន់​បាន​នាំ​គ្នា​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អភិសេក​អ្នក ​វង្ស-នាង​ទាវ​ជា​ព្រះ​មហាក្សត្រី​យានី​នៃ​នគរ​ខ្មែរ​ ​កាលនោះ​អ្នក​វង្ស​មាន​អាយុ​ ​៣១​ឆ្នាំ។ បាន​ឡើង​សោយរាជ​សម្បត្ដិ​កាលណា​ ​កសិករ​វង្ស​មាន​ព្រះ​នាម​ថា​ ​ព្រះបាទ​សម្ដេច​ទេវង្សអស្ចារ្យ​ខត្ដិយធិរាជ្យ​ ​ឯ​នាង​ទាវ​វិញ​ ​បាន​ប្ដូរ​ព្រះ​នាម​ទៅ​ជា​ សម្ដេច​ព្រះ​ទេវុត្ដី​អគ្គមហេសី​ស្រី​ទ្រង់​ លក្ខណ៍​អត្ដ​នារី។​

ព្រះបាទ​ទេវង្សអស្ចារ្យ​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៦។​ ​ព្រះ​អង្គ​បាន​គ្រប់គ្រង​ប្រទេស​ជាតិ​ដោយ​សុខក្សេមក្សាន្ដ នាំ​មក​នូវ​ក្ដី​ចម្រុងចម្រើន​បរិបូណ៌​ត្រជាក់ត្រជុំ​គ្រប់​បែប​យ៉ាង។ ​ក្នុង​រជ្ជកាល​ព្រះ​អង្គ​ប្រទេស​កម្ពុជា​គ្មាន​សត្រូវ​ ​ហើយ​ក៏​មិន​បាន​ជួប​ប្រទះ​នឹង​សង្គ្រាម​ដែរ។​

បុត្រ

កែប្រែ

ព្រះអង្គ​គ្មាន​បុត្រាបុត្រី​ទេ​ ​ក៏​ប៉ុន្ដែ​តាម​ពង្សាវតារ​ក្រុង​កម្ពុជា​របស់​វត្ដ​ទឹកវិល​ ​ស្រុក​ស្អាង ​ខេត្ដ​កណ្ដាល​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​ ​មាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​សុធាវត្ដី។​ ​ដោយ​យល់​ឃើញ​គ្មាន​បុត្រ​សម្រាប់​ស្នងរាជ្យ​បន្ដ​ ​ព្រះ​អគ្គមហេសី​ទ្រង់​សុបិន​ឃើញ​ព្រះ​ឥន្ទ្រាធិរាជ​យាងចុះ​មក​ស្ទាប​ពោះ​ ព្រះ​នាង​ ​ហើយ​បាន​ប្រទាន​កម្រង​ពេជ្រចរណៃ​ជះ​ចែងចាំង​ពន្លឺ​ភ្លឺ​ផ្លេក​ឆ្លុះ​ថ្លា​ មាន​ប្រាំពីរ​ពណ៌។​ ​ព្រះ​នាង​បាន​ទូល​ថ្វាយ​ព្រះរាជា​អំពី​សុបិន​នោះ​តាម​ដំណើរ។​ ​ក្រោយ​បាន​សណ្ដាប់​សុបិន​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​កោះហៅ​ហោរា​ឲ្យ​ទស្សន៍​ទាយ។​ ​ហោរា​បាន​ទូល​ថ្វាយ​ថា​ ​ព្រះ​អគ្គមហេសី​នឹង​ទ្រង់​មានគភ៌​ ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​ឫទ្ធិ​អំណាច​ ​តេជៈ​បារមី​ខ្លាំងពូកែ​ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ទិស​ទី។​ ​បន្ទាប់​មក​ព្រះ​នាង​ក៏​មានគភ៌​មែន។​ គ្រប់​ខែ​ថ្ងៃ​កាលណា​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​បុត្រ​មួយ​អង្គ​ក្នុង​ឆ្នាំ ​ព.ស​ ​៦០៦ ត្រូវជា​ គ.ស​ ៦២។​ ​ព្រះរាជបុត្រ​នោះ​មាន​រូបឆោម​លោម​ពណ៌​ល្អ​ស្អាត​ណាស់​ ​ព្រះ​មាតាបិតា​បាន​ដាក់​ព្រះ​នាម​ឲ្យ​ថា​ ​“ព្រះ​កេតុមាលា” ដើម្បី​រំលឹក​ឲ្យ​សម​ទៅ​តាម​សុបិន។​

សម្ដេចទេវង្សអស្ចារ្យ​ក្សត្រ​ខ្មែរ​ទី​៦​ ​សោយរាជ​សម្បត្ដិ​នគរ​កម្ពុជា​បាន​ ៧៨ ​ឆ្នាំ​ ​ព្រះ​អង្គ​សុគត​​ក្នុង​ព្រះ​ជន្ម​​ ១០៨ ​វស្សា​ដោយ​ជំងឺជរាពាធ។​

ឯកសារយោង

កែប្រែ
មុនដោយ
ព្រះបាទប្រទេសរាជ
មហានគរ តដោយ
ព្រះបាទអរដ្ឋពលពាសោ