អរិដ្ឋពលពាហនោ

(ត្រូវបានបញ្ជូនបន្តពី កេតុមាលា)

ព្រះបាទអរិដ្ឋពលពាហនោ រឺ កេតុមាលា (គ.ស ៦២-៤៦៨) រជ្ជកាល (គ.ស ៧៨-៤៦៨) ព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរទី៧ ដែលបានសោយរាជ្យពីព្រះបាទទេវង្សអស្ចារ្យ ទ្រង់មានព្រះជន្មរហូតដល់ទៅ ៤០៦ វស្សា។

កេតុមាលា
ព្រះបាទ
រជ្ជកាលគ.ស ៧៨-៤៦៨
រាជ្យមុនព្រះបាទទេវង្សអស្ចារ្យ
រាជ្យបន្តព្រះបាទសហស្សរង្សី (វាំងជួន) រឺ ព្រះបាទបទុមវរវង្ស (វត្តកោកកាក) រឺ ព្រះបាទធនញ្ជ័យគោរពរាជ្យ (សង្ឃរាជទៀង)
ស្វាមី/មហេសីនាងពៅ រឺ នាងខ្មៅ ព្រះនាងពិនសុវណ្ណ ព្រះអង្គម្ចាស់ក្សត្រីកោសុមកេស្សរា អ្នកម្នាងមាលាបទុម
បុត្រអង្គព្រហ្ម, ទេវង្ស, ទេវេស, អង្គកែវ, បទុមមាលា, ពញាអរ
ព្រះនាមពេញ
ព្រះ​អរិដ្ឋពលពាហនោ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទទេវង្សអស្ចារ្យ
មាតានាងទាវ
ប្រសូតគ.ស ៦២
មហានគរធំ
សុគតគ.ស ៤៦៨
ឥន្ទបត្តបុរី

ព្រះនាម

កែប្រែ

បើតាមវចនានុក្រមជួនណាត កេតុមាលា គឺជា ព្រះ​នាម​ស្ដេច ១ អង្គសោយ​រាជ្យ​នៅ​នគរ​ធំ គឺ​ព្រះ​បាទជយវម៌្មទី៣

ប្រវត្តិ

កែប្រែ

ការតាំងមហាសករាជ

កែប្រែ

ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួកតាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា, កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ, ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាលពុទ្ធ​សករាជ ១១៨៣។

ប្រសូត

កែប្រែ

កាលណោះព្រះមាតាព្រះកេតុមាលា ​​ព្រះ​អគ្គមហេសី​ទ្រង់​សុបិន​ឃើញ​ព្រះ​ឥន្ទ្រាធិរាជ​យាងចុះ​មក​ស្ទាប​ពោះ​ ព្រះ​នាង​ ​ហើយ​បាន​ប្រទាន​កម្រង​ពេជ្រចរណៃ​ជះ​ចែងចាំង​ពន្លឺ​ភ្លឺ​ផ្លេក​ឆ្លុះ​ថ្លា​ មាន​ប្រាំពីរ​ពណ៌។​ ​ព្រះ​នាង​បាន​ទូល​ថ្វាយ​ព្រះរាជា​អំពី​សុបិន​នោះ​តាម​ដំណើរ។​ ​ក្រោយ​បាន​សណ្ដាប់​សុបិន​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​កោះហៅ​ហោរា​ឲ្យ​ទស្សន៍​ទាយ។​ ​ហោរា​បាន​ទូល​ថ្វាយ​ថា​ ​ព្រះ​អគ្គមហេសី​នឹង​ទ្រង់​មានគភ៌​ ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​ឫទ្ធិ​អំណាច​ ​តេជៈ​បារមី​ខ្លាំងពូកែ​ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ទិស​ទី។​ ​បន្ទាប់​មក​ព្រះ​នាង​ក៏​មានគភ៌​មែន។​ គ្រប់​ខែ​ថ្ងៃ​កាលណា​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​បុត្រ​មួយ​អង្គ​ក្នុង​ឆ្នាំច ​ព.ស​ ​៦០៦ ត្រូវជា​ គ.ស​ ៦២។​ ​ព្រះរាជបុត្រ​នោះ​មាន​រូបឆោម​លោម​ពណ៌​ល្អ​ស្អាត​ណាស់​ ​ព្រះ​មាតាបិតា​បាន​ដាក់​ព្រះ​នាម​ឲ្យ​ថា​ ​“ព្រះ​កេតុមាលា” ដើម្បី​រំលឹក​ឲ្យ​សម​ទៅ​តាម​សុបិន។​

ស្ថានត្រៃត្រឹង្ស

កែប្រែ

កាលណោះ​ព្រះ​ កេតុមាលា​ព្រះ​ជន្ម​បាន​ ៦​ វស្សា​ ​ព្រះ​ឥន្ទ្រាធិរាជ​ដែល​ជា​ឪពុក​ដើម​ ​ដោយសារ​នឹក​ស្រណោះ​កូន​ខ្លាំង​ពេក​បាន​បញ្ជា​ឲ្យ​ទេវបុត្រ​ព្រះ​នាម​មាតុលី ​ ​រៀបចំ​រាជរថ​ពេជ្រ​យន្ដ​ធ្វើ​ដំណើរ​ចុះ​ទៅ​ស្ថាន​មនុស្សលោក​ ​ទៅ​ទទួល​យាង​យក​ព្រះ​រាជបុត្រ​មក​លេង​កំសាន្ដ​នៅ​ស្ថាន​ត្រៃត្រិង្ស។ ​​ពីព្រោះ​អតីតជាតិ​ ​ព្រះ​កេតុមាលា​ ​ត្រូវជា​កូន​របស់​ព្រះឥន្ទ្រ​ ​ព្រះ​កេតុមាលា​បាន​ទទួលបញ្ជា​ ​និង​បេសកកម្ម​ឪពុក​ ​មក​ចាប់ជាតិ​ជា​មនុស្សលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ជួយ​ការពារ​ថែរក្សា​ព្រះពុទ្ធ​សាសនា​ ​និង​ស្រុក​ខ្មែរ​ឲ្យ​បាន​ជួប​តែ​សេចក្ដីសុខ​សន្ដិភាព​ក្សេមក្សាន្ដ​ ​ប្រកប​ទៅ​ដោយ​ជោគជ័យ​ ​សេរី​មង្គល​ ​សម្បូណ៌​សប្បាយ​ចម្រុងចម្រើន​ជា​និច្ច​និរន្ដ។​

ពេល ​ព្រលប់​យប់​រាត្រី​ ​ឈាន​ជើង​មក​ដល់​កាលណា ទេវបុត្រ​ព្រះ​មាតុលី​ ​ក៏​បរ​ព្រះ​រាជរថ​ចុះ​មក​លើ​ផែន​ពសុធា​ ​អនុវត្ដ​ទៅ​តាម​ព្រះ​ឥន្ទ្រាធិរាជ។​ ​ព្រឹក​ព្រហាមស្រាងៗ​ ​ដោយ​ដឹង​ថា​បាត់​ព្រះរាជបុត្រ​ ​ក្សត្រា​ក្សត្រី​ទាំង​ពីរ​អង្គ​កើតទុក្ខ​សោកសង្រេង​ ​ភ័យ​ព្រួយបារម្ភ​ឥតឧបមា​ ​ព្រះមហាក្សត្រ​បាន​កោះហៅ​ក្រុម​ហោរាសាស្ដ្រ​បុរោហិត​ឲ្យមក​ប្រជុំ​ជំនុំ​ គិតគូរ​ពិចារណា​ទស្សន៍​ទាយ​មើល​អស់​គ្រប់​ជើង​លេខ​ ​ដើម្បី​ឲ្យ​បានដឹង​អំពី​ហេតុផល​ការ​ពិត​ ​ហោរា​បាន​ទស្សន៍​ទាយ​ទូល​ព្រះរាជា​ថា​ ​មនុស្ស​ម្នា​ទាំងអស់​ក្នុង​ព្រះ​មហានគរ​ត្រូវ​តែ​សមាទាន​កាន់​សីលធម៌​ ​តាម​ក្រឹត្យ​ក្រម​វិន័យ​ព្រះពុទ្ធ​ឱវាទ​ចំនួន​ប្រាំពី​ថ្ងៃ​ ​ពេល​នោះ​គេ​នឹង​រក​ឃើញ​ព្រះ​កេតុមាលា​ជា​មិន​ខាន។​

ចំណែក ​ព្រះ​ឥន្ទ្រាធិរាជ​វិញ​ ​កាលបើ​បាន​ជួប​ព្រះរាជបុត្រ​ ​បាន​ខំ​បង្ហាត់បង្រៀន​កូន​ឲ្យ​ចេះ​ចង​ចាំ​ដឹង​ ​ឮ​ ​យល់​នូវ​អស់​គ្រប់​ចំណេះវិជ្ជា​សិល្បសាស្ដ្រ​ ​និង​ពាក្យ​ប្រៀនប្រដៅ​អប់រំ​ច្បាប់​វិន័យ​ទសពិធរាជធម៌​ ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ជាតិ​ ​ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​ ​ព្រះឥន្ទ្រ​បាន​យក​ព្រះ​កេតុមាលា​ ​ទៅ​ឧទ្យាន​ព្រះ​អង្គ​ផ្ទាល់​ ​ឲ្យ​មុជទឹក​ក្នុង​អាង​អប់ផ្កា​ ​ក្នុង​មួយ​ថ្ងៃ​ប្រាំពីរ​ដង​ ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ ​ឱកាស​នោះ​ទេវតា​ព្រាហ្មណ៍​ម្នាក់​ ​ត្រូវ​បាន​ព្រះ​ឥន្ទ្រាធិរាជ​ ​យាង​ឲ្យមក​សូត្រ​វេទមន្ដ​ ​ចម្រើន​ព្រះ​ជន្ម​ព្រះ​កេតុមាលា​ ​ឲ្យ​អាយុ​វែង​ច្រើន​រយ​វស្សា​ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​កេតុមាលា​បាន​ដើរ​កំសាន្ដ​ទៅ​ស្ពាន​ត្រៃត្រិង្ស​ ​មើល​អស់​វាំង​ប្រាសាទ​គ្រប់​ធុន​គ្រប់​ធី​ ​រហូត​ទៅ​ដល់​ក្រោលគោ​សួគ៌​ទៀត។​

ប្រាំពីរ​ថ្ងៃ​ ក្រោយមក​ ​ដោយសារ​កម្លាំង​អំណាច​ធម៌​ ​និង​ឧបោ​សថសីល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​បញ្ជា​ឲ្យ​ទេវបុត្រ​មាតុលី​ ​ដង្ហែ​នាំ​ព្រះ​កេតុមាលា​ចុះ​ទៅ​ស្ថាន​កណ្ដាល​ ​ដាក់​ក្នុង​ព្រះ​បរមរាជវាំង​ព្រះ​មហានគរ​វិញ។​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​ ​និង​ព្រះ​អគ្គមហេសី​ ​ទ្រង់​សប្បាយ​រីករាយ​ក្នុង​ព្រះ​ហឫទ័យ​ឥតឧបមា​ ​ក្រោយ​ដែល​បាន​ជួប​មុខ​ ​រក​ឃើញ​ព្រះរាជបុត្រ។​

ប្រាសាទនគរវត្ត

កែប្រែ

ក្នុង ​ខណៈ​ជាមួយ​គ្នា​នោះ​ដែរ​ ​ព្រះ​ឥន្ទ្រាធិរាជ​បាន​ចាត់ចែង​ ​បញ្ជា​ឲ្យ​វិស្សកម្ម​ទេវបុត្រ​ ​ឬ​ព្រះ​ពិស្ណុការ​ ​និង​ទេវបុត្រ​ចំនួន​ប្រមាណ ​៥០០ ​អង្គ​ទៀត​ ​ចុះ​មក​ចាប់ជាតិ​មាន​កំណើត​ជា​មនុស្សលោក​លើ​ទឹកដី​ខ្មែរ​ ​ដើម្បី​ធំ​ដឹងក្ដី​ឡើង​កាលណា​ត្រូវ​តែ​នាំ​គ្នា​រៀបចំ​កសាង​ប្រាង្គ​ ប្រាសាទ​ថ្វាយ​ព្រះ​កេតុមាលា។​

ចាប់ជាតិ​កើតជា​ មនុស្ស​កាលណា​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​មានឈ្មោះ​ចៅ​ចិត្ដ​កុមារ​ ​ព្រះ​អង្គ​មាន​ប្រាជ្ញា​ភ្លឺ​មោះមុត​ ​ចេះ​ចង​ចាំ​គ្រប់​តម្រិះវិជ្ជា​ទាំងអស់​គ្មាន​ភ្លេច​ភ្លាត់​ភាន់​ច្រឡំ​ ឡើយ។​ ​អាយុ​បាន​ ៨ ​ឆ្នាំ​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​ឬ​ព្រះ​ពិស្ណុការ​ ​ឬ​ចៅ​ចិត្ដ​កុមារ​បាន​សុំ​ខ្លួន​ចូល​ទៅ​បម្រើ​ព្រះមហាក្សត្រ​ព្រះបាទ​ ទេវង្សអស្ចារ្យ។​ ​ដោយ​យល់​ឃើញ​ថា​ ​ចៅ​ចិត្ដ​កុមារ​ជា​ក្មេង​ម្នាក់​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ ​មាន​ប្រាជ្ញា​វាងវៃ​ ​ឆ្លៀវឆ្លាត​ពូកែ​អស្ចារ្យ​ ​ព្រះ​អង្គ​ក៏​ចាត់ចែង​តាំង​ជា​មេជាង​ប្រចាំ​ក្នុង​ព្រះ​បរមរាជវាំង​ ​ព្រះ​អង្គ​បាន​បញ្ជា​ព្រះ​ពិស្ណុការ​ឲ្យ​សាង​វាំង​ប្រាសាទ​ ​និង​កំពែង​នគរ​នានា​ជា​ច្រើន។​

ក្នុង​ឆ្នាំច​ ​ព.ស​ ៦១៨​ ​ត្រូវជា ​គ.ស​ ​៧៤ ចៅ​ចិត្ដ​កុមារ​ ​និង​មេជាង​ឯទៀត​បាន​សាង​ធ្វើ​ប្រាសាទ​ ​និង​បូជនីយដ្ឋាន​អំពី​ថ្ម​ដោយ​មាន​ទាំង​ជីក​បារាយណ៍​ ​សង់ស្ពាន​ ​និង​ថ្នល់​ផង។​

តែ​បើ​តាម​ ​“ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៥” របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​វិញ​ ​ព្រះ​ពិស្ណុការ​មិនមែន​ចុះ​មក​ពី​ឋានសួគ៌​តាម​បញ្ជា​ព្រះ​ឥន្ទ្រាធិរាជ​ ទេ។​ ​ព្រះ​ពិស្ណុការ​ជា​កូនប្រុស​របស់​ទេពធីតា​ទិព្ធ​សុតាច័ន្ទ​ ​និង​ចិក លឹម​សេង​ ដែល​រស់នៅ​ក្រុង​សៀងហៃ​ ​នៃ​ប្រទេស​ចិន។​ ​តាម​រឿង​ព្រេង​និទាន​នោះ​ ​ថ្ងៃមួយ​ ​នាង​ទិព្ធសុតាច័ន្ទ​ ​និង​ទេពធីតា​បួន​អង្គ​ទៀត​បាន​នាំ​គ្នា​ចុះ​មក​លេង​ឋាន​កណ្ដាល​ ​នៅ​ចំពោះ​មុខ​ផ្កា​គ្រប់​ពណ៌​ ​រីក​ចម្រុះ​ស្គុះស្គាយ​ព្រោងព្រាត​ ​ជះ​ក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់​សុះសាយ​ក្នុង​សួនច្បារ​ចិក លឹមសេង​ ​ទេពធីតា​ទិព្ធសុតាច័ន្ទ​ ​ដែល​ខំ​ទប់ចិត្ដ​អារម្មណ៍​មិន​បាន​ ​ក៏​លូកដៃ​ទៅ​លួច​កាច់​បេះ​ផ្កា​បាន​ប្រាំមួយ​ទង​ ​ដោយសារ​កំហុស​នេះ​ ​នាង​ត្រូវ​ទទួល​កម្មពៀរ​វេរា​ចុះ​មក​រស់នៅ​ធ្វើ​ជា​ប្រពន្ធ​បម្រើ​ចិក លឹមសេង​ ចំនួន​៦​ឆ្នាំ​ ​គឺ​មួយ​ទង​ផ្កា​ស្មើ​នឹង​មួយ​ឆ្នាំ។​ ​ទេពធីតា​បាន​បម្រើ​ចិក លឹមសេង​ដោយ​គ្មាន​ហ្មង។​ ​មួយ​ឆ្នាំ​ក្រោយមក​ ​នាង​ប្រសូត្រ​បាន​កូន​ប្រុស​មួយ​ ​ហើយ​ដាក់​ឈ្មោះ​ថា​ពិស្ណុការ។​ ​ព្រះ​ពិស្ណុការ​ត្រូវ​បាន​ម្ដាយ​នាំ​យក​ទៅ​សិក្សា​រៀន​សូត្រ​គ្រប់​អស់​ វិជ្ជា​ជាង​ជ្រៅជ្រះ​នៅ​ឋានសួគ៌។​

ព្រះ​ពិស្ណុការ​ ​ឬ​ចៅ​ចិត្ដ​កុមារ​ ​បាន​សាង​ប្រាង្គ​ប្រាសាទ​ ​ជា​ច្រើន​ថ្វាយ​ដល់​ព្រះមហាក្សត្រ​មាន​ជា​អាទិ​ ​ប្រាសាទ​បាយ័ន​ ​បាពួន​ ​ភិមាន​អាកាស​ ​រំលេច​ដោយ​ក្បូរ​ក្បាច់រ​ចនា​ល្អ​ប្រណិត​ ​អម​ទៅ​ដោយ​រូប​សត្វ​ដូច​ជា​ ​នាគ​គ្រុឌ​ ​ក្រពើ​ ​សិង្ហតោ​ដំរី៘​ ​ថ្ងៃមួយ​ព្រះបាទ​សម្ដេច​ទេវង្សអស្ចារ្យ​ ​បាន​បង្គាប់​ឲ្យ​ព្រះ​ពិស្ណុការ​រៀបចំ​សាង​ប្រាសាទ​មួយទៀត​សម្រាប់​ថ្វាយ​ ដល់​ព្រះ​កេតុមាលា​ ​ប្រាសាទ​ដ៏​សែន​ល្អ​ប្រណិត​នេះ​ ​ថ្ងៃ​ក្រោយមក​មានឈ្មោះ​ថា​ នគរវត្ដ​ ​ដោយសារ​ព្រះ​កេតុមាលា​បាន​ដាក់​ថ្វាយ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា។ ​ ​ប្រាសាទ​នគរវត្ដ​មាន​ទម្រង់​ទ្រង់ទ្រាយ​ដូច​ក្រោល​គោ​សួគ៌​របស់​ព្រះឥន្ទ្រ ​ ​ពីព្រោះ​កាល​ព្រះ​អង្គ​បាន​យាង​ទៅ​ស្ថាន​ត្រៃត្រិង្ស​ ​ព្រះ​កេតុមាលា​បាន​ទត​ឃើញ​ប្រាសាទ​ធំៗ​ ​ល្អល្អះ​ជា​ច្រើន​មាន​ទាំង​ក្រោល​គោ​សួគ៌​ផង។​ ​ដោយហេតុ​ព្រះ​អង្គ​មិន​ហ៊ាន​មានចិត្ដ​លោភលន់​ ​ប្រាថ្នា​ចង់បាន​ប្រាសាទ​ដូច​ព្រះ​ឥន្ទ្រាធិរាជ​ហើយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ក្លាយជា​ការ​ប្រមាថ​កាតទាន​ដល់​ចេស្ដា​ព្រះឥន្ទ្រ​ ​ទើប​បានជា​ព្រះ​កេតុមាលា​ទ្រង់​សម្រេចចិត្ដ​ ​ចង់បាន​ត្រឹមតែ​ក្រោល​គោ​ព្រះឥន្ទ្រ​ប៉ុណ្ណោះ។​ សម្ដេច ​ទេវង្សអស្ចារ្យ​ក្សត្រ​ខ្មែរ​ទី​៦​ ​សោយរាជសម្បត្ដិ​នគរ​កម្ពុជា​បាន​៧៨​ឆ្នាំ​ ​ព្រះ​អង្គ​សុគត​​ក្នុង​ព្រះ​ជន្ម​១០៨​វស្សា​ដោយជំងឺ​ជរាពាធ។​ ព្រះ​កេតុមាលា​ត្រូវ​ឡើង​សោយរាជសម្បត្ដិ​បន្ដ​ពី​ព្រះ​បិតា​ ​ពិធី​អភិសេក​ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​យ៉ាង​អធិកអធម​គគ្រឹកគគ្រេង​នៅ​ថ្ងៃ​ ១០​កើត ខែ​ផល្គុន​ ​ឆ្នាំឆ្លូវ ​ព.ស​ ៦២១​ ​ត្រូវជា​ គ.ស ​៧៨​ ​នៅវេលា​ម៉ោង​៧​ព្រឹក​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​១៦​វស្សា។​ ​ព្រះ​កេតុមាលា​ជា​ក្សត្រ​ខ្មែរ​ទី​៧។​ ​ព្រះ​នាម​ព្រះ​អង្គ​ជា​ក្សត្រ​គឺ​ ​ព្រះ​អរិដ្ឋពលពាហនោ។​ ​ព្រះ​អង្គ​បាន​គ្រប់គ្រង​ផែនដី​ដោយ​សន្ដោស​ធម៌​ប្រោសប្រណី​ ​និង​ទសពិធរាជធម៌។​

ការភ្លេចរាជកិច្ច

កែប្រែ

ដោយ​ព្រះ​អង្គ​មាន​រូបឆោម​លោម​ ពណ៌​ ​សម្ផស្ស​ឆើតឆាយ​លើស​បុរស​នានា​ ​ស្ដ្រី​គ្រប់​ទិស​ទី​ ​មាន​ស្នំ​ភីលៀង​មី​នុំ​មី​នាង​នាំ​គ្នា​ចោមរោម​ព័ទ្ធ​ ​ចង់​ប្រតិព័ទ្ធ​រួម​តម្រេក​កៀកកើយ​ដាក់ស្នេហ៍មន្ដអាគម​ធ្វើ​ឲ្យ​ព្រះ​អង្គ ​ឆ្កួត​វង្វេង​ភ្លេច​ភាន់ភាំង​ស្មារតី​ ​ចិត្ដ​អារម្មណ៍​ ​ហើយ​លុះ​ទៅ​ដោយ​ភ្លើងតណ្ហាកាម​តម្រេក​ ​ស្រវឹងវក់វី​ ​សប្បាយ​ភ្លើតភ្លើន​ត្រេកត្រអាល​ ​លែង​មាន​វិចារណញ្ញាណ​ ​ដែល​មាន​សតិសម្បជញ្ញៈ​ ​ភ្លេច​អស់​ត្រូវ​ ​ភ្លេច​អស់ខុស​ ​ភ្លេច​អស់​ថា​ខ្លួន​ជា​ស្ដេច​ ​ភ្លេច​អស់​អ្វីៗ​ជា​ប្រជាជាតិ​ ​អ្វី​ដែល​ជា​ផលប្រយោជន៍​នគរ​ ​ភ្លេច​អស់​អ្វី​ជា​សីលធម៌​ ​ភ្លេច​អស់​អ្វី​ជា​ទសពិធរាជធម៌​ ​ភ្លេច​អស់​ព្រះពុទ្ធ​សាសនា។ ​ព្រះ​កេតុមាលា​ ​ឆ្កួត​វង្វេងវង្វាន់​បាត់ស្មារតី​ក្នុង​រយៈពេល​មួយ​ឆ្នាំ។​

បើតាម​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​ការ​ឆ្កួត​វង្វេង​ឡប់​សតិ​របស់​ព្រះបាទ​កេតុមាលា​ ​បណ្ដាល​មក​អំពី​ការ​ដាក់ស្នេហ៍​ស្នូក​ ​ធ្វើ​មន្ដ​វិជ្ជាការ​របស់​ម្ចាស់​ក្សត្រី​សោយ​សមន្ថា​ ​បុត្រី​ស្ដេច​ប្រទេស​លាវ​នៅ​ទីក្រុង​វៀងច័ន្ទ​ ​ដែល​មាន​ស្រីស្នំ​ពីរ​នាក់​ឈ្មោះ​កែវ​ថង​ ​និង​កែវ​ពេជ្រ​ ​ចូល​ដៃជើង​រួមគំនិត​ជាមួយ​ផង​ ​(ព្រះ​នាង​សយ​សមន្ថា​ត្រូវ​ធ្លាក់​ឋានៈ​ទៅ​ជា​ស្រីស្នំ​ចុង​ផុត​ក្រោយ​គេ​ ទាំងអស់​ ​ព្រះ​នាង​បាន​ចូល​ទិវង្គត​ដោយសារ​ក្ដី​ទុក្ខ​ព្រួយ​រីងរៃ។​ ​ចំណែកឯ​ពួក​មី​នុំ​មី​នាង​ ​កែវ​ថង​ ​និង​កែវ​ពេជ្រ​វិញ​ត្រូវ​ទទួល​ខ្លួន​ទៅ​ជា​ទាសាទាសី​ ​ធ្វើការ​បម្រើ​នៅ​ឯ​ជើងក្រាន​បាយ)។

ឧប្បត្តិហេតុ​ នេះ​ ​បាន​ធ្វើ​ឲ្យ​ក្ដៅ​ទៅ​អាសនៈ​ព្រះ​ឥន្ទ្រាធិរាជ​ ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្រហល់ក្រហាយ​គង់​នៅ​ស្ងៀមស្ងាត់​មិនកើត​ ​ព្រះ​អង្គ​ក៏​បើក​ទិព្វចក្ខុ​ក្រឡេក​មើល​មក​ឃើញ​ច្បាស់​ប្រត្យក្ស​ថា​បុត្រ ​ព្រះ​អង្គ​ ​ព្រះ​កេតុមាលា​ ​បាន​ដើរ​ឃ្លៀងឃ្លាត​ចាក​ចេញពី​គន្លងធម្ម​វិន័យ​ ​និង​ក្បួនតម្រា​កាតព្វកិច្ច​ជា​ស្ដេច​ផែនដី។​ ​ក្នុង​គ្រាអាសន្ន​នេះ​ ​ព្រះឥន្ទ្រ​បាន​ចាត់​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យទៅ​និមន្ដ​ព្រះ​អានន្ទ​ ​និង​ព្រះសង្ឃ​ប្រាំពីរ​អង្គ​ទៀត​ ​នៅ​កោះ​សេរី​លង្កា​ ​ដែល​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ខ្លាំងពូកែ​ទៅ​មហានគរ​ ​ចំណែក​ព្រះឥន្ទ្រ​ខ្លួនឯង​វិញ​ ​ព្រះ​អង្គ​ទៅ​សុំ​យាង​ព្រះព្រហ្ម​ឲ្យ​ចុះ​មក​ជួយ​ដែរ។​

រដ្ឋបាលនគរ

កែប្រែ

យាងចុះ ​មក​ដល់​ទឹកដី​មហានគរ​កាលណា​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ពិធី​អភិសេក​ ​ព្រះ​កេតុមាលា​ជា​ថ្មី​ម្ដងទៀត​ ​ព្រះ​រាជាភិសេក​ម្ដងនេះ​ ​បាន​ប្រព្រឹត្ដ​ទៅ​ក្នុង​បរិយាកាស​យ៉ាង​សែន​ធំ​អឹកធឹក​ឧត្ដុង្គឧត្ដម​ អស្ចារ្យ​ ​ដោយ​មាន​ទេវតា​ ​ទេពធីតា​ ​ទេវបុត្រ​ ​ពី​គ្រប់​ទិស​ទី​ ​យាងចុះ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ជា​កិត្ដិយស ។​

ដំបូង ​ព្រះព្រហ្ម​ ​និង​ព្រះឥន្ទ្រ​ ​សូត្រ​ស្វាធ្យាយ​ធម្មទេសនា​ថ្វាយព្រះពរ​ ​ស្រោចស្រព​ ​និង​ស្រង់​ទឹកមន្ដ​លើ​ព្រះ​កេស​ ​និង​រូបរាង​កាយ​ព្រះ​កេតុមាលា​ ​ដើម្បី​ដេញ​កម្ចាត់​អស់​មន្ដអាគម​ស្នេហ៍​ស្នូក​ទាំង​ប៉ុន្មាន​ ​ដែល​មាន​ជោកជាំ​នៅ​ក្នុង​ខ្លួន​ព្រះ​អង្គ​ ​ព្រមទាំង​ប្រសិទ្ធិ​ពរ​ជ័យ​ឲ្យ​បាន​សុខ​ ​សេរី​មង្គល​ឡើង​វិញ។​ ​បន្ទាប់​មក​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះព្រហ្ម​ ​និង​ព្រះសង្ឃ​ឯទៀត​នាំ​គ្នា​ប្រជុំ​និយាយ​ទូន្មាន​ប្រដែប្រដៅ​ផ្ដាំផ្ញើ​ ដល់​ព្រះ​កេតុមាលា​ឲ្យ​ចេះ​ស្គាល់​យល់​អំពី​ធម្ម​វិន័យ​ ​ក្នុង​មាគ៌ា​ព្រះពុទ្ធ​សាសនា។​ ​បន្ត​មក​ ​ព្រះ​ឥន្ទ្រាធិរាជ​ធ្វើ​ពិធី​ស្រង់ទឹក​អភិសេក​ព្រះ​កេតុមាលា​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ជា​ថ្មី​តាម​ប្រពៃណី។​ ​គឺ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ​ថ្ងៃ​ ១១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំជូត​ ​ព.ស​ ៦២៣​ ​ត្រូវជា ​គ.ស​ ៨០។​ ​ពិធី​អភិសេក​ដោយ​ព្រះ​ឥន្ទ្រាធិរាជ​ ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​ព្រះឥន្ទ្រភិសេក។​ ​ដូច្នេះ​ហើយ​ ​ចាប់ពី​ថ្ងៃ​នោះ​មក​ ​ទីក្រុង​មហានគរ​មានឈ្មោះ​ថា​ ​ឥន្ទបត្តបុរី។​

គ្រានោះ ​ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​ព្រះ​តម្រិះ​គិត​ឈ្វេងយល់​ឃើញ​ថា​ ​បើ​ប្រគល់​អំណាច​នគរ​មួយ​ទាំងមូល​ទៅ​ឲ្យ​ស្ដេច​តែ​មួយ​អង្គ​ឯង​ ​ឬ​មនុស្ស​ម្នាក់​គត់​ ​ហើយ​បើ​ស្ដេច​អង្គ​នោះ​ ​ឬ​មនុស្ស​នោះ​បែរជា​ប៉ោឡែ​ឆ្កួត​វង្វេង​ស្រវឹង​អំណាច​ ​បុណ្យ​សក្ដិ​ ​លុយ​កាក់​ សម្បត្ដិទ្រព្យ​ ​ស្រា​ស្រី​ល្បែង​អំពើ​ពា​លា​ ​មិន​ស្គាល់​ខុស​ស្គាល់​ត្រូវ​ ​យក​អាក្រក់​ជា​ល្អ​យក​ល្អជា​អាក្រក់​ ​គិតតែ​សប្បាយ​ត្រេកត្រអាល​ភ្លើតភ្លើន​ ​គ្មាន​សីលធម៌​ ​គ្មាន​សតិសម្បជញ្ញៈ​ ​គ្មាន​ទសពិធរាជធម៌​ ​មិន​យក​ចិត្ដ​ទុក​ដាក់​ ​មិន​ស្គាល់​អំពី​ផលប្រយោជន៍​អាយុជីវិត​ជាតិ​ ​នោះ​ប្រជាពលរដ្ឋ​តូច​ធំ​ ​និង​នគរ​មុខតែ​ជួប​ប្រទះ​មហន្ដរាយ​ ​គ្រោះ​ថ្នាក់​កំណាច​កាច​ចង្រៃ​ ​វិនាស​រលាយ​រលត់​ ​សាបសូន្យ​ជីវិត​ជា​មិន​ខាន។​ ​ទ្រង់​យល់​ដូច្នេះ​ហើយ​ ​ទើប​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះ​អង្គ​កំណត់​តែងតាំង​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ​សម្រាប់​ជួយ​ធ្វើការ​អម​ស្ដេច។​ ​ក្នុង​គណៈ​ក្រុមប្រឹក្សា​ស្ដេច​នេះ​មាន ៖

  • គណៈសង្ឃ​ ​៧​អង្គ ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ ​ហើយ​ដែល​ត្រូវ​ជ្រើសតាំង​ឡើង​ដោយ​ព្រះ​អានន្ទ
  • ព្រាហ្មណ៍​បាគូរ​ ​៧ រូប តែងតាំង​ដោយ​ព្រះព្រហ្ម​ ​ដែល​មាន​មុខ​នាទី​ចាត់ចែង​ធ្វើ​ពិធីបុណ្យ​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​ក្នុង​ព្រះ​នគរ
  • ព្រាហ្មណ៍​ហោរាសាស្ដ្រ​ម្នាក់​ ​ជា​តំណាង​ព្រះឥន្ទ្រ​ ​សម្រាប់​ទស្សន៍​ទាយ​ព្យាករ​មើល​ដំណើរ​នគរ
  • រដ្ឋមន្ដ្រី​ ​៧​នាក់ សម្រាប់​ចាំ​ជួយ​ណែនាំ​ ​រក្សា​ ​និង​ការពារ​ព្រះមហាក្សត្រ​ ​ចៅហ៊្វាទឡ្ហៈ​ ​ដែល​មាន​ឋានៈ​ធំ​ជាងគេ​បំផុត ចៅពញា​យមរាជ ចៅពញា​ក្រឡាហោម ចៅពញា​ចក្រី ចៅពញា​វាំង ចៅពញា​មហាមន្ដ្រី​ ​និង​ចៅពញា​មហាទេព។

មិនតែប៉ុណ្ណោះ ​ ​ដើម្បី​ឲ្យ​បាន​ឆាប់​ដឹង​ ​ឆាប់​បាន​យល់​អំពី​ហេតុការណ៍​ផ្សេងៗ​ដែល​នឹង​កើត​មាន​ឡើង​ ​ព្រះ​ឥន្ទ្រាធិរាជ​ព្រះ​អង្គ​បាន​សុំ​ឲ្យ​ព្រះ​មហា​អានន្ទ​ ​កម្រិត​កំណត់​ទីកន្លែង​សំខាន់​មួយ​ទុក​សម្រាប់​កន្លែង​មើល​ប្រផ្នូល​នគរ​ ​ព្រះ​អង្គ​អានន្ទ​បាន​និមន្ដ​ទៅ​ភ្នំ​បាណន់​ ​រៀបចំ​ធ្វើ​ឲ្យ​មាន​ស្រះ​ទឹក​បី​ ​មួយ​សម្រាប់​ព្រះមហាក្សត្រ​ ​មួយ​សម្រាប់​នាម៉ឺន​មុខមន្ដ្រី​ ​និង​មួយទៀត​សម្រាប់​ប្រជានុរាស្ដ្រ​ ​គឺ​ទុក​ធ្វើ​ជា​ឧបករណ៍​មើល​ប្រផ្នូល​ដល់​ដំណើរ​វិវត្ដ​នគរ​ ​រៀង​រាល់​ឆ្នាំ​ក្រុម​បុរោហិត​ ​ត្រូវ​តែ​ដួស​ទឹក​ក្នុង​ស្រះ​ទាំង​បី​យក​ទៅ​ដាក់​ជិត​ជាប់​នឹង​ព្រះ​ខ័នរាជ​រតន​មង្គល​ ​ដើម្បី​សង្កេត​មើល​ប្រផ្នូល​ទឹក ៖

  • ១. ទឹក​ក្នុង​ស្រះ​សម្រាប់​មហាក្សត្រ​

បើ​ទឹក​ត្រូវ​រីងស្ងួត​ ​នោះ​ព្រះមហាក្សត្រ​នឹង​ត្រូវ​អស់​ព្រះជន្ម បើ​ទឹក​នោះ​ចោល​ក្លិន​មិនល្អ​នោះ​ ​នឹង​កើត​មាន​ចម្បាំង​ក្នុង​នគរ បើ ​ទឹក​ក្នុង​ស្រះ​នោះ​ល្អក់​កខ្វក់​ខ្វល់​ ​នោះ​ជម្ងឺ​រោគាពាធ​នឹង​កើត​ពាសពេញ​នគរ ហើយ​បើ​ទឹក​នោះ​ធុំក្លិន​ស្អុយ​អសោច​ ​នោះ​នៅ​ក្នុង​នគរ​នឹង​មាន​ភ័យ​អន្ដរាយ​ ​កើត​មាន​រាំង​ស្ងួត​មាន​ទុរ្ភិក្ស​ ​និង​មាន​ចោរ​លួច​ប្លន់​កាប់សម្លាប់ ។

  • ២. ទឹក​ក្នុង​ស្រះ​នាម៉ឺន​មុខមន្ដ្រី​

បើ​ទឹក​ត្រូវ​រីងស្ងួត​ ​នោះ​នាម៉ឺន​មុខមន្ដ្រី​ត្រូវ​អស់បុណ្យ​បារមី​ ​លែង​មាន​សមត្ថភាព​ទៀត​ហើយ បើ ​ទឹក​នោះ​ចោល​ក្លិន​អាក្រក់​ ​ល្អក់​ខ្វល់​នោះ​ ​នាយក​រដ្ឋមន្ដ្រី​ ​និង​មន្ដ្រី​តូច​ធំ​ទាំងឡាយ​ខ្វល់ខ្វាយ​ពិបាកចិត្ដ បែកបាក់​សាមគ្គី​ឈ្លោះប្រកែក​គ្នា​ ​ ប្រសិនបើ​ទឹក​នោះ​ថ្លា​ល្អ​ត្រចង់​ទេ​ ​នោះ​នាយក​រដ្ឋមន្ដ្រី​ ​និង​នាម៉ឺន​ឯទៀត​ ​បាន​សុខ​សប្បាយ​ជា​ធម្មតា​ ​

  • ៣. ទឹក​ក្នុង​ស្រះ​ប្រជានុរាស្ដ្រ​ ​

បើ​ទឹក​ក្នុង​ស្រះ​រីងស្ងួត​ ​នោះ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ស្លាប់​ពាសពេញ បើ​ទឹក​នោះ​ឡើង​ល្អក់​ ​ពេល​នោះ​ប្រជានុរាស្ដ្រ​នឹង​រង​ទុក្ខវេទនា​ ​ត្រូវ​ព្រាត់ប្រាស់​ប្ដី​ប្រពន្ធ​កូនចៅប្រសិនបើ ​ទឹក​នោះ​ធុំក្លិន​អាក្រក់​ស្អុយ​អសោច​ឆ្អេះឆ្អាប​ ​នោះ​ប្រជារាស្ដ្រ​ ​មុខជា​នឹង​ជួប​ការ​រីងរាំង​ស្ងួត​គ្មាន​ភ្លៀង​ ​ជួប​នឹង​ចោរហារយ​លួច​ប្លន់​កាប់សម្លាប់​ ​និង​មាន​ឧក្រិដ្ឋកម្ម​ជា​មិន​ខាន ។​ ​ដូច្នេះ ​ហើយ​ ​ទើប​បានជា​មាន​ស្រះ​ទឹក​ទាំង​បី​នោះ​ជាប់​ឈ្មោះ​ត​មក​ជា​ ​ភ្នំ​ព្រះ​អានន្ទ​ ​បន្ទាប់​មក​ក្លាយជា​ភ្នំ​បានន្ទ​ ​ហើយ​រហូត​ដល់​សព្វថ្ងៃ​ ​ឈ្មោះ​ក៏​ប្រែ​ទៅ​ជា​ ​ភ្នំ​បាណន់​ដែល​ស្ថិត​នៅ​ខេត្ដ​បាត់ដំបង ។​

ក្នុង​កិច្ចការ​រៀបចំ​ទឹកដី​ខ្មែរ​ឲ្យ​ល្អ​ប្រពៃ​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​ឲ្យ​ស្ល​លោហធាតុ​ធ្វើ​ដាវ​ជ័យ​សេរី​មង្គល​ ​(ដាវ​បួន​ទៀត​ត្រូវ​បាន​ស្ល​ធ្វើ​ដែរ​ ​ហើយ​ត្រូវ​បាន​ព្រះឥន្ទ្រ​ប្រគល់​ឲ្យ​ព្រហ្ម​ជ័យ​យក​ទៅ​ទុក​ថែរក្សា​នៅ​ឯ​ ភូមិ​ប្រាសាទ​ ​ក្នុង​ខេត្ដ​បារាយណ៍។​ ​ចំពោះ​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​គឺជា​លំពែង​ទេ​ ​ដែល​ព្រះ​ឥន្ទ្រាធិរាជ​បាន​បង្គាប់​ឲ្យ​ធ្វើ។​ ​លំពែង​ទាំង​៤​ ​ត្រូវ​ចែក​ទៅ​ឲ្យ​ស្ដេច​ត្រាញ់​ទាំង​៤​ ​នៅ​ ទ្រាំង​ ​ត្បូងឃ្មុំ​បាភ្នំ​ ​និងភ្នំ​កំពង់ស្វាយ​ ​កាន់កាប់​ថែរក្សា។​ ​កាំបិត​ស្ដាំ​ និង​កាំបិត​ឆ្វេង​ ​ពីរ​ទៀត​ក៏​ត្រូវ​បាន​ស្ល​ធ្វើ​ដែរ។​ ​កាំបិត​ស្ដាំ​ត្រូវ​យក​ទៅ​តម្កល់​ទុក​ឯ​ខេត្តពោធិ៍សាត់​ ​កាំបិត​ឆ្វេង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ឯ​ខេត្ដ​ជើងព្រៃ។) ដែល​ត្រូវ​តម្កល់​ទុក​ដោយ​ក្រុម​បុរោហិត​ ​ទន្ទឹម​គ្នា​ជាមួយ​នឹង​បញ្ច​ក្សត្រ​ (ក្នុង​បញ្ច​ក្សត្រ​ ​ឬ​ប្រដាប់ប្រដាសម្រាប់​សំគាល់សេ្ដច​ទាំង​៥​ជំពូក​នោះ​ ​មាន​ជា​អាទិ​ ​ព្រះ​ខ័ន​រាជ រតន​មង្គល សរព្រហ្មណ៍​មាស គ្រឿង​សក្ការៈបូជា​របៀប​ព្រហ្មញ្ញសាសនា រូបសំណាក​តំណាង​ព្រះពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ ​ព្រមទាំង​ចម្លាក់​ព្រះកច្ចាយនៈ និង​រូបសំណាក​ព្រះ​អាទិទេព​ទាំង​៣៥​អង្គ​ទៀត។) ក្នុង​ប្រាសាទ​មួយ​ដាច់​ដោយឡែក​ក្នុង​ព្រះ​មហានគរ។​

សក្ដិ

កែប្រែ

សេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។


  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ សំរាប់ខ្នងពស់ទាំង ៤ សំរាប់ (ចៅហ្វាទឡ្ហៈ រឺ អគ្គមហាេសេនា, សម្ដេចចៅពញា (អង្គឌួង), ជេដ្ឋាមន្ត្រី (អង្គឌួង) និង អធិបតីសេនា (អង្គឌួង)) តាំងឡើងជា ........................... សម្ដេចចៅពញា
  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ន (យមរាជ វាំង ចក្រី មហាទេព ក្រឡាហោម និង មហាមន្ត្រី)ជា ... ឧកញ៉ា
  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ...................................... ចៅពញា
  • សក្ដិ ៨ រឺ ៧ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ........................................ ពញា
  • សក្ដិ ៦ ហ៊ូពាន់ តាំងឡើងជា ........................................................ ព្រះ
  • សក្ដិ ៥ ហ៊ូពាន់ តាំងជា ............................................................ ហ្លួង
  • សក្ដិ ៤ ហ៊ូពាន់ តាំងជា ............................................................ ឃុនម៉ឺន
  • សក្ដិ ៣ ហ៊ូពាន់ តាំងជា ............................................................ ឧកម៉ឺន
  • សក្ដិ ២ ហ៊ូពាន់ តាំងជា ............................................................. ចៈម៉ឺន
  • សក្ដិមួយម៉ឺន តាំងជា ................................................................ ម៉ឺន

គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ

មហេសី

កែប្រែ
  • នាងពៅ កូនរបស់សេដ្ឋី ឬនាងខ្មៅបានបុត្រអង្គព្រហ្ម ឬ ព្រហ្មកុមារ
  • ព្រះនាងពិនសុវណ្ណ បានបុត្រអង្គព្រហ្មជាបុត្រីទីពីរមាននាមដូចកូននាងពៅដែរ ប៉ុន្តែជាព្រះអង្គម្ចាស់តែមួយទេមើលទៅ
  • អ្នកម្នាងមាលាបទុម
  • ព្រះអង្គម្ចាស់ក្សត្រីកោសុមកេស្សរា មានបុត្រនាមទេវេសជាមួយព្រះបាទអរិដ្ឋពលពាហនោ។
  • នៅ​ឆ្នាំច ​៣៦៣ ​ម.ស​ ជាមួយ​និង​អ្នក​ម្នាង​មាលាបទុម​ ​ព្រះ​កេតុមាលា​បាន​មាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​បទុមមាលា​អាយុ​ ១៦​ ឆ្នាំ​ ​ព្រះ​នាង​ត្រូវ​បាន​រៀបចំ​អភិសេក​ជាមួយ​នឹង​ព្រះ​អង្គ​ធនញ្ជ័យ​ ​ដែល​ជា​កូន​របស់​ព្រះ​អង្គ​កែវ​ (ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​ កេតុមាលា មាន​ក្សត្រ​មួយ​អង្គ​ព្រះ​នាម​អង្គ​កែវ​ដែរ)។

កូនចៅ

កែប្រែ

ក្នុង​ បញ្ហា​បុត្រាបុត្រី​ព្រះ​កេតុមាលា​ ​ពង្សាវតារ​ខ្មែរ​ទាំងអស់​មិន​បាន​យល់​ស្រប​ចុះសម្រុង​គ្នា​ទេ។​ ​ឯកសារ​នីមួយៗ​សុទ្ធតែ​កត់ត្រា​ប្រវត្ដិ​ផ្សេងៗ​ខុស​អំពី​គ្នា​ ​ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​បញ្ជាក់​ថា​ ​ព្រះ​កេតុមាលា​ ​និង​ព្រះ​នាង​ពិន​សុវណ្ណ​បាន​បុត្រ​ច្បង​មួយ​ឈ្មោះ​ ​ទេវង្សកុមារ​ ​អង្គ​ព្រហ្ម​ជា​បុត្រ​ទី​ពីរ​ ​បន្ទាប់​មក​គឺ​ ​ព្រះ​អង្គ​ទេវេស​ ​ជា​បុត្រ​ទី​បី​របស់​ព្រះ​កេតុមាលា​ ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ​កោសុម​កេស្សរា​ ​ដែល​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​

ដូចដែល ​យើង​បាន​អធិប្បាយ​ពី​ខាង​ដើម​រួច​មក​ហើយ​ ​អង្គ​ព្រហ្ម​មាន​បងប្រុស​ម្នាក់​ ​និង​ប្អូនប្រុស​ម្នាក់​ដែល​មាន​ម្ដាយ​ខុស​គ្នា​ ​តែ​មាន​ឪពុក​តែ​មួយ​ ​គឺ​ព្រះ​កេតុមាលា។​ ​ក្នុង​ចំណោម​បុត្រ​ទាំង​បី​អង្គ​នេះ​ ​គ្មាន​អង្គ​ណាមួយ​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​ ​ព្រះបាទ​កេតុមាលា​ឡើយ។​ ព្រះ​អង្គ​ទេវង្ស​កូនច្បង ​ ​បាន​ប្រសូត​ក្នុង​ឆ្នាំជូត​ ​ហើយ​សុគត​នៅ​ឆ្នាំរកា​ ​ក្នុង​ព្រះ​ជន្ម ​៨២​ ឆ្នាំ។​ ​ដោយ​ព្រះ​អង្គ​អារឹស​កូន​ ​ព្រះ​អង្គ​គ្មាន​កូនចៅ​សម្រាប់​បន្ដ​ព្រះរាជ​វង្ស​ទេ។​ ​ព្រះ​អង្គ​ទេវេស​បុត្រ​ពៅ​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់​ ​ហើយ​បាន​សុគត​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រ​ជន្ម​៩៥​វស្សា។​

ចំពោះ ​ប្រវត្ដិ​ព្រះ​កេតុមាលា​ ​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​បាន​សរសេរ​រៀបរាប់​បន្ថែម​យ៉ាង​ក្បោះក្បាយ​ជា​ច្រើន​ទៀត។​ ​ព្រះ​កេតុមាលា​ ​ដោយសារ​ព្រះ​ឥន្ទ្រាធិរាជ​បាន​ធ្វើ​អន្ដរាគមន៍​យាងចុះ​មក​ស្រោច​ទឹក​អភិសេក ​ថ្វាយ​ មាន​ព្រះ​ជន្ម​យឺនយូរ​ណាស់ (ថ្ងៃ​ព្រះឥន្ទ្រ​អភិសេក​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​ឆ្នាំ​ទី​១​ក្នុង​មហាសករាជ​ ​ប៉ុន្ដែ​ចំណោទ​ស្ថិត​នៅ​ត្រង់​ឯកសារ​ផ្សេងៗ​មិន​បាន​ចុះសម្រុង​គ្នា​ក្នុង​ ការ​កំណត់​ថ្ងៃ​អភិសេក។​ ​បើ​តាម​អ្នក​ស្រាវជ្រាវ​បរទេស​ ​ដូច​ជា​លោក​ ​F. Gfaraut​ ​មហាសករាជ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​ ​១១​រោច ខែចេត្រ​ ​ឆ្នាំថោះ​ ​ព.ស ​៦២៣​ ​ត្រូវជា​ថ្ងៃ​ ​១៧​មីនា គ.ស​ ​៧៩) ដែល​ជា​ហេតុ​មិន​អនុញ្ញាត​ឲ្យ​ព្រះរាជបុត្រ​ព្រះអង្គ​ណា​មួយ​អាច​នឹង​ សោយរាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ឡើយ។​ ​ម្យ៉ាងវិញទៀត​ដោយសារ​ព្រះ​ជន្ម​វែង​យឺនយូរ​ដ៏​អស្ចារ្យ​នេះ​ ​ព្រះ​កេតុមាលា​ត្រូវ​មាន​មហេសី​ ​ស្រីស្នំ​ ​មី​នុំ​មី​នាង​ភីលៀង​ទាំងអស់​ប្រាំ​ជំនាន់​ ​ជំនាន់​ទី​មួយ​ ​ក្នុង​ឆ្នាំឆ្លូវ​ ​និង​ខាល​ ​ត្រូវជា​ឆ្នាំ​១០២-១០៣ មហាសករាជ​ ​ជំនាន់​ទី​២​ ​ក្នុង​ឆ្នាំរកា​ត្រូវជា​ឆ្នាំ ​១៥៧​​ ម.ស​ ​និង​បន្ទាប់​មក​ក្នុង​ឆ្នាំ​​ ១៥៨-១៥៩​ម.ស​ ​ជំនាន់​ទី​៣​ ​ក្នុង​ឆ្នាំមមែ​ត្រូវជា​ឆ្នាំ​ ២០៤​ម.ស​ ​និង​ក្នុង​ឆ្នាំ​ ២០៥-២០៦​ម.ស​ ​ជំនាន់​ទី​៤​ ​ក្នុង​ឆ្នាំថោះ​ត្រូវជា​ឆ្នាំ​ ២៦០​ម.ស​ ​និង​ក្នុង​ឆ្នាំ​ ២៦១-២៦២​ម.ស​ ​និង​ជំនាន់​ទី​៥​ ​ជា​ជំនាន់​បង្ហើយ​ ​ក្នុង​ឆ្នាំមមែ​ ​ត្រូវ​ជា​ឆ្នាំ ​៣០០​ម.ស​ ​និង​ ៣០១-៣០២​ម.ស។​ ​ព្រះ​អង្គ​មាន​ព្រះរាជ​បុត្រាបុត្រី​ជា​ច្រើន​ ​ដែល​ព្រះ​អង្គ​ចែកចាយ​ឲ្យ​មាន​ងារ​តំណែង​ ​និង​ប្រគល់​បេសកកម្ម​ឲ្យទៅ​ត្រួតត្រា​ទឹកដី​ខេត្ដ​ខណ្ឌ​ ​ក្នុង​ព្រះរាជាណាចក្រ​ផ្សេងៗ​ពី​គ្នា។​

ការបះបោរ

កែប្រែ

ក្នុង​រាជ្យ​ព្រះ​អង្គ​ ​គេ​កត់សំគាល់​ដឹង​ថា​ ​ស្ដេច​ចាម​ដែល​ចំណុះ​ព្រះមហាក្សត្រ​ខ្មែរ​ ​ហើយ​ដែល​គ្រប់គ្រង​ខេត្ដ​បាទី​ ​បាយ៉ង់កោ​លើកដែក​បាសាតស្លាកែត​ ​និង​ត្បូងឃ្មុំ ​បាន​បះបោរ​ប្រឆាំង​មិន​ព្រម​គោរព​តាម​បទបញ្ជា​កូន​ព្រះ​កេតុមាលា។​ ចម្បាំង​រាំងជល់​រវាង​ខ្មែរ​ ​និង​ចាម​ក៏​កើត​ផ្ទះ​ឡើង​យ៉ាង​ខ្លាំងក្លា។​ ​ស្ដេច​ចាម​ទាំង​ប៉ុន្មាន​ ​ត្រូវ​បរាជ័យ​ ​ហើយ​ត្រូវ​ក្សត្រ​ខ្មែរ​សម្លាប់​ដេញ​កម្ចាត់​ចោល​អស់​ ​លើកលែងតែ​ស្ដេច​ចាម​ស្រុក​បាសាត​ ​និង​ស្រុក​ស្លាកែត​ ​ដែល​បាន​គេច​រត់​រួចខ្លួន។​

អព្ភូតហេតុ

កែប្រែ

ព្រឹត្ដិការណ៍​មួយទៀត ​ ​ដែល​គេ​អាច​ចង​ចាំ​បាន​នោះ​ ​គឺ​នៅ​ឆ្នាំ ​១៥​ ម.ស​ ​ព្រះ​កេតុមាលា​បាន​នាំ​ពលរេហ៍​ ​និង​ទ័ព​ដំរី​ទៅ​ក្រសាល​លេង​នៅ​ភ្នំ​ដងរែក។​ ​ព្រះ​អង្គ​បាន​ទទួល​ដំណឹង​មក​ថា​ ​មាន​ដំរី​ពីរ​ធំៗ​ ​មាន​ភ្លុក​វែង​ល្អ​ ​ហើយ​មាន​សម្បុរ​ពណ៌​ស​ទៀត។​ ​ដំរី​នីមួយៗ​មាន​ដំរីស្ដ​ប្រាំបី​ឥត​ភ្លុក​ចាំ​បម្រើ​រក​ចំនីអាហារ​យក​មក​ឲ្យ។​ ​ក្រៅពី​នេះ​ ​មាន​ហ្វូង​ដំរី​ពីរ​ផ្សេង​ទៀត​ចាំ​ថែរក្សា​ការពារ​ដំរី​ស​ទាំង​ពីរ។​ ​ព្រះ​កេតុមាលា​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ហ្មដំរីខ្មែរ​លាវ​ ​ព្នង​ ​រៀបចំ​ចេញ​ទៅ​ទាក់​ដំរី​ស​ទាំង​ពីរ។​ ​ក្នុង​គ្រា​ដែល​ចាប់​បាន​ដំរី​ស​ទាំង​ពីរ​ ​ស្រាប់តែ​មាន​ដំរីព្រៃ​មួយ​យ៉ាង​ធំ​ ​កំពស់​ ១២​ ហត្ថ មាន​ភ្លុក​វែង​ ​បោល​សម្រុក​យ៉ាង​លឿន​ស្លេវ​សំដៅ​ទៅ​បុក​ដំរី​ជំនិះ​ព្រះ​កេតុមាលា​ ​ក្នុង​ខណៈនោះ​ព្រះ​អង្គ​ក៏​ដក​ព្រះ​ខ័ន​រាជ​រតនមង្គល​ ​កាប់សម្លាប់​ដំរី​នោះ​ដាច់​ជា​បី​កំណាត់។​ ​អព្ភូតហេតុ​ដ៏​ចម្លែក​ក្នុង​ឱកាស​នោះ​ ​គឺ​ព្រះ​ខ័នរាជ ​ដែល​ធ្វើ​ដោយ​ព្រះ​ឥន្ទ្រាធិរាជ​សម្រាប់​ទុក​មើល​ប្រផ្នូល​ប្រទេស​ជាតិ​ ​ត្រូវ​កោង​រេចរឹល។​ ​ទត​ឃើញ​ដូច្នោះ​ ​ព្រះ​កេតុមាលា​ ​ព្រះ​អង្គ​កើត​មាន​សេចក្ដី​សោកសង្រេង​មានទុក្ខ​ព្រួយ​ក្នុង​ចិត្ដជា​ខ្លាំង។​ ​ពីព្រោះ​ព្រះ​អង្គ​យល់​ថា​ ​តទៅ​អនាគត​ ​ស្ដេច​ខ្មែរ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​មិនសូវ​មានបុណ្យ​បារមី​ ​និង​សមត្ថភាព​គ្រប់គ្រាន់​ឡើយ។​ ​ភាព​ចលាចល​ ​ច្របូកច្របល់​ ​អន្ដរកប្ប​ ​នឹង​កើត​មាន​ពាសពេញ​ស្រុក​ខ្មែរ។​ ​ប្រទេស​ជិត​ឆ្ងាយ​នឹង​ឆ្លៀតឱកាស​នេះ​ ​លួច​ប្លន់​យក​ទឹកដី​ខ្មែរ​ជា​មិន​ខាន។​ ​ដោយ​ការ​ឈឺ​ចុកចាប់​ ​ព្រួយបារម្ភ​ខ្លាំង​ពេក​ចំពោះ​អាយុជីវិត​អនាគត​ប្រទេស​ជាតិ​ ​ដែល​ទឹកដី​នឹង​ត្រូវ​រួម​តូច​ទៅៗ​ ​និង​បណ្ដារាស្ដ្រ​ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ទុក្ខ​ព្រួយ​ ​មហន្ដរាយ​ ​ព្រាត់ប្រាស់​ក្រុម​ញាតិ​គ្រួសារ​ ​ក្ដៅក្រហាយ​ ​ស្លាប់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ​ព្រះ​កេតុមាលា​ក៏​ធ្លាក់ខ្លួន​មាន​ជំងឺជា​ទម្ងន់។​

ក្សត្រជាន់ក្រោយ

កែប្រែ

ព្រះកេតុមាលា​ ​ឬ ​ព្រះអរិដ្ឋពលពាហនោ​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​វែង​ណាស់។​ ​ព្រះ​អង្គ​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បាន​​ ៣៩០ ​ឆ្នាំ។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​មមី​ ​ក្នុង​ព្រះ​ជន្ម​ ​៤០៥ ​វស្សា។

ព្រះ​កេតុមាលា​ ​ដែល​មាន​បរម​នាម​ ​អរិដ្ឋពលពាហនោ​ដោយ​មានការ​ប្រោសប្រណី​ប្រទាន​អំពី​ព្រះ​ឥន្ទ្រាធិរាជ​ ​បាន​មាន​ព្រះ​ជន្ម​យូរអង្វែង​ ​វែង​រហូត​ដល់​៤០៥​វស្សា​ ​ព្រះ​អង្គ​បាន​គ្រប់គ្រង​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​ ​៣៩០ ​ឆ្នាំ។ ដោយ​មាន​អាយុ​វែង​ពេក​ ​ព្រះ​កេតុមាលា​មាន​មហេសី​ ​និង​ស្រីស្នំ​ច្រើន​ជំនាន់​ដែរ។​ ​ក្រោយ​ដែល​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ ​គ្មាន​ព្រះរាជបុត្រ​អង្គ​ណា​បាន​ស្នងរាជ្យ​បន្ដ​អំពី​ព្រះ​អង្គ​ឡើយ។

  • នៅ​ទីបំផុត គឺ​ចៅ​របស់​ព្រះ​អង្គ​ ​ព្រះ​នាមសហស្សរង្សី ​ព្រះ​ជន្ម ​៣៤ ​វស្សា​ ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។​ ​ព្រះ​អង្គ​បាន​ក្លាយជា​មហាក្សត្រ​ទី​៨​ ​នេះ​បើ​យើង​សំអាង​ទៅ​លើ​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​។ ​
  • ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គឺ​ព្រះ​បទុមវរវង្ស​ ​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​កេតុមាលា។​ ​ព្រះ​បទុមវរវង្ស​ ​ត្រូវជា​ក្មួយ​របស់​ឥសីភ័ក្ដិធម្មឫទ្ធិ ​គ្រូបាធ្យាយ​របស់​ព្រះ​កេតុមាលា ​(នៅ​ក្នុង​ក្រឹត្យ​ក្រម​វិន័យ​ទំនៀមទម្លាប់​ខ្មែរ​ ​កាលបើ​អស់​លែង​មាន​ពូជពង្ស​វង្សត្រកូល​ស្ដេច​ហើយ​ ​នោះ​បុរោហិត​ ​មាន​សិទ្ធិ​ឡើង​សោយរាជសម្បត្ដិ​បន្ដ​បាន)។ មុន​នឹង​បាន​ឡើង​សោយរាជ្យ​ ​ព្រះ​អង្គ​បាន​រៀប​ការ​ជាមួយ​នឹង​ក្មួយ​ស្រី​ព្រះមហាក្សត្រ​។ ពង្សាវតារ​សម្ដេច​វាំងជួន​បាន​កត់ត្រា​ថា​ ​ព្រះ​អង្គ​សហស្សរង្សី​ ​បាន​តាំង​ព្រះរាជ​ធានី​នៅ​ឯ​មហា​នគរធំ​ដដែល។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​៤៦​ឆ្នាំ​ ​ហើយ​ចូល​ទិវង្គត​នៅ​ឆ្នាំថោះ​ក្នុង​ព្រះ​ជន្ម ​៨០ ​វស្សា។​ ​ព្រះ​អង្គ​ធ្លាប់​បាន​ចែក​កេរ្ដិ៍​ដល់​ព្រះរាជ​វង្ស​ដែល​ជា​ស្ដេច​នៅ​ស្រុក​សៀម​ ​នូវ​ដង​ព្រះខ័នរាជ្យ​ ​និង​ដល់​ព្រះរាជ​វង្ស​ស្ដេច​នៅ​ប្រទេស​លាវ​នូវ​ស្រោមដាវ​នោះ។​ ជាមួយ​នឹង​ព្រះ​នាងច័ន្ទបុប្ផា​ ​ព្រះ​អង្គ​បាន​មាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​ព្រះ​ជ័យវង្ស​ ​ដែល​ប្រសូត​នៅ​ក្នុង​ឆ្នាំថោះ។​
  • តែបើ​តាម​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​ព្រះ​សង្ឃរាជ​ទៀង​ ​គឺ​ព្រះ​អង្គធនញ្ជ័យគោរពរាជ្យ ​ដែល​បាន​ឡើង​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​កេតុមាលា។​ ​គ្រានោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ១៦​ វស្សា​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​ ២៤​ឆ្នាំ។​ ​ក៏​ប៉ុន្តែ​ពង្សាវតារ​វត្ដ​ទឹក​វិល​បាន​បញ្ចា​ក់ថា​ ​ព្រះ​អង្គ​ធនញ្ជ័យ​គោរពរាជ្យ​ ​ជា​បុត្រ​របស់​ព្រះ​អង្គ​កែវ​ ​ព្រះ​អង្គ​ក៏​ត្រូវជា​ស្វាមី​ព្រះ​នាង​បទុមមាលា​ ​បុត្រី​ព្រះ​កេតុមាលា​ដែរ។​ ​ព្រះ​ធនញ្ជ័យ​បាន​មក​បម្រើ​ព្រះមហាក្សត្រ​ ​ក្នុង​ឋានៈ​ជា​អ្នកត្រួតត្រា​គ្រប់គ្រង​កងទ័ព។​ ​ដោយសារ​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​កេតុមាលា​ ​គ្មាន​វត្ដមាន​នៅ​ក្នុង​ព្រះ​នគរ​ ​ដោយ​ត្រូវ​បាន​តែងតាំង​ឲ្យទៅ​គ្រប់គ្រង​ប្រទេស​ជិត​ឆ្ងាយ​ ​ហើយ​និង​ដោយសារ​ស្វាមីភរិយា​ទាំង​ពីរ​អង្គ​មាន​នាម៉ឺន​រាជការ​ ​មេទ័ព​ជា​ច្រើន​គាំទ្រ​ ​ស្រឡាញ់​គោរព​កោតខ្លាច​ ​ទើបបាន​ជានា​ម៉ឺន​មុខមន្ត្រី​តូច​ធំ​ទាំងអស់​នាំ​គ្នា​មូលមតិ​សុំ​អញ្ជើញ​ ព្រះ​ធនញ្ជ័យ​ឲ្យ​ឡើង​សោយរាជសម្បត្ដិ។​ ​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ ​និង​ទៅ​តាម​ឋានៈ​ព្រះ​អង្គ​ជា​អ្នក​ការពារ​ថែរក្សា​ព្រះ​រាជបល្ល័ង្ក​ ​ទើប​បានជា​ព្រះ​អង្គ​ដាក់​ព្រះ​បរមនាម​ថា​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ។​

ឯកសារយោង

កែប្រែ
មុនដោយ
ព្រះបាទទេវង្សអស្ចារ្យ
មហានគរ តដោយ
ព្រះបាទសហស្សរង្សី រឺ ព្រះបាទបទុមវរវង្ស រឺ ព្រះបាទធនញ្ជ័យគោរពរាជ្យ