និទានសុន្ទរីនន្ទាភិក្ខុនី

ព្រះត្រៃបិដក > វិន័យបិដក > ភិក្ខុនីវិភង្គ > បារាជិកកណ្ឌ> បារាជិក ទី ២ > និទានសុន្ទរីនន្ទាភិក្ខុនី

(សៀវភៅលេខ ៥ ទំព័រទី ១៧)

[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគគង់នៅវត្តជេតវនរបស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី ។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានគភ៌​ដោយ​សាឡ្ហ​ជា​ចៅ​មិគារមាតា ។ កាលគភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន ។ លុះគភ៌ (នោះ) ចាស់ (ជិត​គ្រប់​ខែ) ភិក្ខុនីនោះក៏សឹកទៅហើយសម្រាលកូន ។ ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្លនន្ទា​ភិក្ខុនីថា បពិត្រលោកម្ចាស់ សុន្ទរីនន្ទា សឹកទៅមិនទាន់បានយូរប៉ុន្មានក៏សម្រាល (កូន​ភ្លាម)​ សុន្ទរីនន្ទានោះ មានគភ៌តាំងអំពីនៅជាភិក្ខុនីនៅឡើយទេឬ ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយ​តប​ថា យ៉ាង​ហ្នឹង​ហើយ លោក​​ម្ចាស់ ។ ពួក​ភិក្ខុនី​អម្បាល​នោះ ក៏​និយាយ​ថា បពិត្រ​លោក​ម្ចាស់ (បើ) លោក​ម្ចាស់​ដឹង​ថា ភិក្ខុនី​ត្រូវ​​អាបត្តិ​បារាជិកហើយ ចុះ​​ហេតុ​​ដូចម្តេច​​បាន​ជា​លោក​ម្ចាស់​មិន​ចោទ​ដោយ​ខ្លួន​ឯង និង មិន​ប្រាប់​ដល់​ពួក​គណៈ ។ ឯ​ថុល្លនន្ទាភិក្ខុនី​ក៏​និយាយ​ថា ទោស​​ណា​​ដែល​កើត​ឡើង​ដល់សុន្ទរីនន្ទានោះ ទោស​នោះ​នឹង​មាន​ដល់​ខ្ញុំ កេរ្តិ៍​អាក្រក់​ណា​ដែល​កើត​ឡើង​ដល់សុន្ទរីនន្ទា​​នោះ កេរ្តិ៍​អាក្រក់​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​អាប់យសណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​នោះ​សេចក្តី​​អាប់​យស​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​សូន្យ​លាភ​ណា​ដែល​កើត​ឡើង​ដល់សុន្ទរីនន្ទា​នោះ សេចក្តី​​សូន្យ​​លាភ​​នោះ​​នឹង​​មាន​​ដល់​ខ្ញុំ (មិន​ខាន) បពិត្រ​លោក​ម្ចាស់ (បើ​ដូច្នេះ) ខ្ញុំ​នឹង​ប្រាប់​ទោស​របស់​ខ្លួន កេរ្តិ៍​អាក្រក់​របស់​ខ្លួន សេចក្តី​​អាប់​​យស​​របស់​​ខ្លួន​​ សេចក្តី​សូន្យ​លាភ​របស់​ខ្លួន​ដល់​ពួក​ជន​ដទៃ​ដូច​ម្តេច​បាន ។ ពួក​ភិក្ខុនី​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច ។បេ។ ពួក​​ភិក្ខុនី​អម្បាល​​នោះ​ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទាជា​ម្ចាស់​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិ​បារាជិកហើយ មិន​គួរ​នឹង​មិន​ចោទ​ដោយ​ខ្លួន​ឯង និង មិន​ប្រាប់​ដល់​ពួក​គណៈ​សោះ ។ លំដាប់​នោះ​ពួក​ភិក្ខុនី​អម្បាល​នោះ ដំណាល​​រឿង​នោះ​ដល់​ភិក្ខុ​ទាំងឡាយ ។ ភិក្ខុ​ទាំងឡាយ​ក៏​ក្រាប​ទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ ។ ព្រោះ​រឿង​នេះ ដំណើរ​​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ត្រាស់​ប្រជុំ​ភិក្ខុ​សង្ឃ​ទ្រង់​សំដែងធម្មីកថា ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទា​ភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិ​បារាជិកហើយ មិន​ចោទ​ដោយ​ខ្លួន​ឯង និង មិន​​ប្រាប់​​ដល់​​ពួក​គណៈ ពិត​មែន​ឬ ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូម​ទ្រង់​មេត្តា​ប្រោស ពិតមែន ។ ព្រះ​សម្ពុទ្ធ​​ដ៏​​មាន​​ព្រះភាគ​​ទ្រង់​​តិះដៀល​​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទា​ភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិ​បារាជិកហើយ មិន​​គួរ​​នឹង​​មិន​​ចោទ​​ដោយ​​ខ្លួន​ឯង និង មិន​ប្រាប់​ដល់​ពួកគណៈ​ទេ នែ​ភិក្ខុ​ទាំងឡាយ​ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិន​ទាន់​ជ្រះថ្លា និង​ មិន​​មែន​នាំ​​ឲ្យ​រឹតតែ​ជ្រះ​ថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​នោះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​​នេះ​​ច្បាស់​​ជា​​នាំ​​បណ្តាល​ឲ្យ​​មនុស្ស​​ពួក​​ខ្លះ​​ដែល​មិន​​ទាន់​​ជ្រះ​ថ្លា​ឲ្យ​ខាន​ជ្រះថ្លា និង​នាំ​បណ្តាល​ពួក​មនុស្ស​ខ្លះ​ដែល​ជ្រះ​ថ្លា​ហើយ​ឲ្យ​ត្រឡប់​ជា​ទាស់​ចិត្ត​បាត់​ជ្រះថ្លា​ទៅ​វិញ ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនីចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថា ភិក្ខុនីផងគ្នាត្រូវ​អាបត្តិ​បារាជិក ហើយ​មិន​ចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈ កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី ច្យុតហើយក្តី វិនាសហើយក្តី ចៀស​ទៅកាន់លទ្ធិដទៃហើយក្តី ទោះភិក្ខុនីដែលដឹងរឿងនោះ និយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំ​បាន​ដឹង (រឿង) ភិក្ខុនីនោះថា នាងនោះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចោទ​ចំពោះ​ខ្លួន​ឯង និង មិនបានប្រាប់ដល់ពួកគណៈទេ ដូច្នេះភិក្ខុនីនេះ ក៏ត្រូវ​អាបត្តិ​បារាជិក ឈ្មោះវជ្ជបដិច្ឆាទិក (ព្រោះ​ជួយ​បិទ​បាំង​ទោសគេ) ជាស្រីមិនមានសំវាស

[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី ១ នៃបារាជិកកណ្ឌនេះ ។ ដែលហៅថា ដឹង គឺ​ភិក្ខុនី​ដឹង​ខ្លួនឯងក្តី មានពួកអ្នកដទៃមកប្រាប់ដល់ភិក្ខុនីនោះក្តី ភិក្ខុនីដែលត្រូវបារាជិកនោះប្រាប់ក្តី ។ ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា បណ្តាបារាជិកទាំង ៨ (ដឹងថា) ត្រូវបារាជិកណាមួយ ។ ពាក្យថា មិនចោទដោយខ្លួនឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹង​ខ្លួន​ឯង ។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់ដល់ពួកភិក្ខុនីឯទឿត ។

[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅបានដល់ភិក្ខុនីស្ថិតនៅក្នុងភេទនៃ​ខ្លួន​ដដែល ។ ដែលហៅថា ច្យុត គឺធ្វើកាលកិរិយាស្លាប់ទៅហើយ ។ សឹកខ្លួនឯងក្តី ពួកភិក្ខុនីឯទៀតឲ្យវិនាសក្តី ហៅថា វិនាស​ហើយ ។ ចៀសទៅកាន់លទ្ធិតិរ្ថិយ ហៅថា ចៀសទៅកាន់លទ្ធិដទៃ ។

[១៥] ត្រង់ពាក្យថា ទោះភិក្ខុនីដែលដឹងរឿងនោះនិយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនេះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង សេចក្តី​ថា ខ្ញុំមិនបានប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង ។ ពាក្យថា ខ្ញុំមិនបានប្រាប់ដល់ពួកគណៈ អធិប្បាយថា ខ្ញុំ​មិន​ប្រាប់​ដល់​ពួក​ភិក្ខុ​ដទៃ​ឡើយ ។

[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងពួកភិក្ខុនីដែលត្រូវ​អាបត្តិ​បារាជិកមុនៗ ។ ពាក្យ​ថា​ ត្រូវ​អាបត្តិ​បារាជិក អធិប្បាយថា ធម្មតាស្លឹកឈើទុំដែលជ្រុះផុតអំពីទងហើយ មិនគួរលូតលាស់ឡើងវិញបាន មាន​គួរនា​យ៉ាងណាមិញ ភិក្ខុនីដែលដឹងថា ភិក្ខុនីផងគ្នាត្រូវ​អាបត្តិ​បារាជិកហើយ គ្រាន់តែដាក់ធុរៈថា អញ​មិន​ចោទ​ចំពោះ​ខ្លួន​ឯង អញមិនប្រាប់ដល់ពួកគណៈដូច្នេះ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូល​ឡើយ ព្រោះហេតុនោះ ភិក្ខុនីនោះបានជាតថាគតហៅថា ត្រូវ​អាបត្តិ​បារាជិក ។ ពាក្យថា មិន​មាន​សំវាស​ អធិប្បាយថា ដែលហៅថា សំវាស (នោះ) គឺ សង្ឃកម្មជាមួយ​គ្នាឧទ្ទេសជាមួយគ្នា សភាព​ជា​បុគ្គល​មានសិក្ខាស្មើគ្នា នេះហៅថា សំវាស សំវាសនោះ​មិន​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះ ព្រោះហេតុដូច្នោះ បាន​ជាតថាគត ហៅថា ជាភិក្ខុនីមិនមានសំវាស