បញ្ចក្ខន្ធ

កែប្រែ

ពាក្យ​ថា "បញ្ចក្ខន្ធ" ផ្សំ​មកពីពាក្យ បញ្ច មាន​ន័យ​ថា ៥ និង ពាក្យ​ថា​ ខន្ធ មាន​ន័យ​ថា កង, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យ​ថា ខន្ធ (khandha) គឺ​ជាពាក្យបាលី ដែល​ត្រូវ​​នឹង​ពាក្យ​ថា​ ស្កន្ធ (skandha) នៅ​ក្នុង​ភាសា​សំស្រ្កឹត ។ ខន្ធ​ គឺជា​បាតុភូត ៥ យ៉ាង ដែល​ជា​ឧបករណ៍​នៅ​ជាប់​​ជាមួយ​ខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណ​ឲ្យដឹងអំពីខ្លួន​ ។ នៅ​ក្នុងបញ្ចក្ខន្ធ​គ្មានអ្វីជា "អញ" ឬជា "​របស់​អញ" ទេ ។ ទ្រឹស្តី​​​ពុទ្ធសាសនា​ថេរវាទ អះអាង​ថា​ សេចក្តី​ទុក្ខកើតឡើង​នៅ​ពេល​​ណា​ចិត្ត​មនុស្ស​​ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះ​​​មនុស្ស​មាន​លទ្ធភាព​អាច​រំលត់​សេចក្តីទុក្ខ​បាន​ដោយការ​ព្យាយាម​លះបង់​ចោលនៅ​​វត្ថុ​,​មនុស្ស ឬ​សត្វ​​ទាំង​ឡាយ​ដែល​ចិត្ត​​ជាប់​​​ជំពាក់ ។ នៅ​ក្នុង​​ពុទ្ធ​សាសនា​មហាយាន អះអាង​ថា​​ដើម្បី​រំដោះ​ចិត្ត​របស់​យើង​ឲ្យ​​រួចផុត​ពី​សេចក្តី​ទុក្ខ យើង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​ច្បាស់​នូវ​​ធម្មជាតិ​ពិត​នៃបញ្ចក្ខន្ធ ពោល​គឺ​ពួក​វា​គឺ​ជា​​របស់សោះសូន្យទទេ, គ្មាន​​អ្វី​​ជា​ខ្លឹមសារ​ដែល​នាំ​ឲ្យ​ចិត្ត​ជាប់​ជំពាក់​សោះ​ឡើយ ។

សេចក្តីពន្យល់​ពាក្យ​​បញ្ចក្ខន្ធ

កែប្រែ

ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ ៖

  1. រូបក្ខន្ធ (the corporeality group) ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះ ឬ ហៅថារូបធម៌ មាន ២៨ គឺ មហាភូតរូប ៤ និងឧបាទាយរូប ២៤ ។ រូបទាំង ២៨ នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
  2. វេទនាខន្ធ(the feeling group) ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥ យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១ ។
  3. សញ្ញាខន្ធ (the perception group) ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើម ឈើជាដើម បានដល់សញ្ញាដែលកើត ជាមួយចិត្ត៨៩ដួង ។
  4. សង្ខារក្ខន្ធ (the mental-formation group) ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការ សម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក ៥០ គឺចេតសិកទាំងអស់ ៥២ ដកវេទនា១ និង សញ្ញា១ចេញ ។
  5. វិញ្ញាណក្ខន្ធ(the consciousness group) ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត ៨៩ ដួង ។
    1. តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
    2. តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
    3. តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។

វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ក្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ ៣ ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា ២ ផ្នែកគឺ នាម(អរូបក្ខន្ធ ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។

ចំណែកផ្សេងៗនៃរថ

កែប្រែ

តាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែល មានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។

ទស្សនៈរបស់ពុទ្ធសាសនា​ថេរវាទ

កែប្រែ

នៅ​ក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យ​ឲ្យទុក្ខក្នុងអនាគត ។ ដើម្បីរំដោះខ្លួន​ឲ្យផុត​ពី​ទុក្ខទាំងពួង ​អ្នក​បដិបត្តិ​ធម៌​ត្រូវតែ​ហ្វឹកហាត់​រំលត់​​ខន្ធ​ទាំង ៥ (បញ្ចក្ខន្ធ) ។

ឯកសារ​យោង

កែប្រែ
  1. ព្រះត្រៃបិដក សៀវភៅ​លេខ ១៩ ទំព័រ​ទី ១៧៣ ទៅ ១៧៤