ប្រាសាទបាគង
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទឥន្រ្ទវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ឆ្នាំ៨៨១នៃគ.ស |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថព្រះគោ |
ទីតាំង: | ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប |
ទីតាំងភូមិសាស្រ្ត
កែប្រែប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃ រាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។ ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែ ស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ សូមជម្រាប ថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២,៥គ.ម តែប៉ុណ្ណោះ។ ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាប ប្រាសាទបាគងត្រូវបានសាងសង់ឡើង ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុដ៏មានមហិទ្ធិឫទ្ធិ។ ប្រាសាទបាគងដែលជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហល័យ ។[១]។
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទបាគងគឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ ប្រាសាទ មានន័យថាទីកន្លែងអាទិទេពគង់នៅ។ បា មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ គង មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។ តាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រេស្វរៈ[២]។
ប្លង់ និងសំណង់ស្ថាបយ្យកម្ម
កែប្រែរូបភាពតូច|ប្លង់ប្រាសាទបាគង ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយក្រៀម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីក "បារាយណ៍ឥន្រ្ទតដាក" នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុនប្រាសាទអង្គរវត្ត ទៅទៀត [៣]។ ការសិក្សាបានឲ្យដឹងថាប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទត្រូវបានជួសជុលនៅ ស.វទី១២ ក្នុងរជ្ជកាល របស់ព្រះបាទ សុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអរមួយចំនួនស្ថិតក្នុងរចនាប័ថ្មអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលនេះដែលរលំបាក់ ត្រូវបានជួសជល់ដោយលោក ហ្លែស្ស ។ ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង ។ កំពែងខាងក្រៅមានទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា ។ ផ្លូវចូលកាន់ប្រាសាទ មានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ ។ តែឥឡូវនេះ ត្រូវ បានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលរិចរិលប៉ុណ្ណោះ។ រីឯចម្លាក់ លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូង នៅថ្នាក់ទី៤ ឆ្លាក់រូបយក្ខដែលសេសសល់ ។ ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ ដែល ដូចពោលខាងលើ តំណាងឲ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង ៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺ តំណាងឲ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្ស និង នាគជាដើម នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ រីឯថ្នាក់ទី ៥ គឺជា ទេវស្ថានឬឋាន សួគ៌តំណាងដោយប្រាង្គកណ្តាល ដែលត្រូវបានគេចាត់ទុកថា ជាភ្នំសុមេរុផ្ទាល់ ។ យើងឃើញមានប្រាសាទឥដ្ឋចំនួន ៨ ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម ។ នៅលើបាទដ្ឋានយើងឃើញ មានជណ្តើរនៅគ្រប់អ័ក្ស ។ ជណ្តើរទាំងនោះ នាំសាសនិកជនទៅកាន់ ទីលាននៃថ្នាក់នីមួយៗ បន្តបន្ទាប់លើគ្នា ពិសេសទៅកាន់ប្រាង្គកណ្តាលដែលជាកន្លែងស័ក្តិសិទ្ធជាងគេបំផុត។ មើលពីចម្ងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ ប្រាសាទតូចៗ នៅជុំវិញធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ។ ដូចនេះ ប្រាសាទបាគង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ តំណាងឲ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ ។ សូមរំលឹកឡើងថា គឺនៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែល ក្នុងអតីតកាល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គ ដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្រ្ទស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាល របស់ទ្រង់ ។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្រ្ទាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម[៤]។
សិលាចារឹក
កែប្រែតាមសិលាចារឹកលេខ K-៨២៦ ប្រាសាទបាគងមានឈ្មោះដើមថា ឥន្ទ្រស្វរៈ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ព្រះឥន្ទ្រេជាម្ចាស់ ស្ថាបនាឡើងនៅក្នុងឆ្នាំ៨៨១នៃគ្រិស្តសករាជរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១នៅចុងសតវត្សរ៍ទី៩[៥]។