ស្វាមិនពាលាទិត្យ រឺ ឝ្រីពាលាទិត្យ (គ.ស ប្រ.សតវត្សទី៨) រជ្ជកាល (ប្រ.សតវត្សទី៨) គឺជាស្វាមិននៃបុរ មួយដែលមានឈ្មោះថាអនិន្ទិតបុរ ក្រោយមកក្លាយជា ពាលាទិត្យបុរ

ពាលាទិត្យ
ស្វាមិន
រជ្ជកាលគ.ស ប្រ.សតវត្សទី៨
រាជ្យមុនព្រះនាងជយទេវី
រាជ្យបន្តស្វាមិនវិឝ្វរូប
បុត្រសរស្វតី
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
មាតាមាតាជាអ្នកជ្រោមជ្រែងទ្រង់
ប្រសូតអនិន្ទិតបុរ
សុគតពាលាទិត្យបុរ

ព្រះរាជប្រវត្តិ

កែប្រែ

ឯកសារចិនហ្សិយងាតហូ (ជំពូក១៩៧) និងសិលាចារឹកខ្មែរបានឲ្យដឹងថា ព្រះមហាក្សត្រខ្មែរ សោយរាជ្យនៅ ប៉ូឡូទីប៉ូ ដែលត្រូវនឹងពាក្យ ពាលាទិត្យបុរ នៃសិលាចារឹកខ្មែរនាគ.ស ៨០៦ ក្នុងរជ្ជកាលនៃវ្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) នៃគ.ស។ សូមរំលឹកថា ទីក្រុងរបស់ព្រះមហាក្សត្រអង្គនេះ គឺអនិន្ទិតបុរ។ តាមប្រភពឯកសារខាងលើនេះ បានឲ្យដឹងថាវ្រះបាទរាជេន្ទ្រវម៌្មទី២ស្ថិតក្នុងសន្តតិវង្សអនិន្ទិត។ តាមពិតវត្តមានរបស់ព្រះរាជវង្សអនិន្ទិតនេះ នៅទសវត្សរ៍ទី៨នៃគ.ស ដែលមាននយោបាយ វប្បធម៌នៅ អនិន្ទិតបុរ គឺជាភស្តុតាងបង្ហាញឲ្យយើងដឹងថា នៅសម័យចេនឡា ជាសម័យដែលប្រទេសខ្មែរ ជាប្រទេសដែលលេចធ្លោឡើងនូវអំណាចមូលដ្ឋានជាច្រើន និងសារជាតិនៃរបៀបគ្រប់គ្រងស្រុកទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯខ្លឹមសារសំខាន់មួយទៀតរបស់សិលាចារឹកខាងលើនេះគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ បានបញ្ជាក់ ថាព្រះអង្គមានព្រះបំណងចង់ស្តារឡើងវិញនូវរាជវង្សពាលាទិត្យជាវង្សត្រកូលរបស់ព្រះអង្គ ដែលសោយរាជ្យនៅ ពាលាទិត្យបុរ ឬ អនិន្ទិត្យបុរ។ តាមប្រភពសិលាចារឹកប្រែរូប (K.៨០៦) ដែលបានចារឡើងនៅឆ្នាំ៩៦១ នៃគ.ស គេឃើញមាន បញ្ជាក់នូវរាជវង្ស ឝ្រីពាលាទិត្យ ដែលមានបុព្វបុរស កៅណ្ឌិន្យ និង សោមា។ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ​ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក (K.៥០៨) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាព្រះអង្គបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គគឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្ស ឝម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនឹងព្រាហ្មណ៍វិឝ្វរូបខាងលើនេះ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម (អង្គរ) ដោយក្រោយមកចុះមកព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវី (សម័យអង្គរ)។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្ម និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ។ បញ្ហាមួយទៀតដែលបានចោទឡើងនៅទីនេះ គឺគេពិបាកដោះស្រាយឲ្យដាច់ស្រឡះណាស់ ពីទីតាំងរបស់រាជធានី ពាលាទិត្យបុរ ឬ អនិន្ទិតបុរ ដោយហេតុថា សិលាចារឹករបស់វ្រះបាទពាលាទិត្យ ត្រូវគេជួបប្រទះពីតំបន់អង្គរ រហូតដល់ទឹកដីកម្ពុជាក្រោម (K.១១) ដូចជានៅខេត្តមាត់ជ្រូកជាដើម។ ចំពោះយើង យើងជឿថាព្រះរាជធានីខាងលើនេះពិតជានៅឆ្ងាយពីតំបន់អង្គរជាពុំខាន។

រីឯទីក្រុងភវបុររបស់វ្រះបាទភវវម៌្មទី១ (៥៩៨ នៃគ.ស) វិញដែលស្ថិតនៅម្តុំអំពិលរលំ ប្រមាណ ៣០ សហាតិមាត្រ នៅទិសខាងជើងឆៀងខាងកើតនៃខេត្តកំពង់ធំ យើងជឿថានាដើមសម័យអង្គររាជវង្សអនិន្ទិតពិតជាបានផ្លាស់ទីតាំងរបស់ព្រះអង្គ ទៅកាន់តំបន់ខាងជើងនៃជួរភ្នំដងរែក

រួមសេចក្តីមក សេចក្តីអធិប្បាយនៃសិលាចារឹកដែលជាមូលដ្ឋានប្រវត្តិសាស្ត្រនាសម័យចេនឡា ជាពិសេស គឺវត្តមានរបស់បុរាណស្ថានជាច្រើន នៅម្តុំជួរភ្នំដងរែកទាំងពីរខាង បង្ហាញផ្ទុយពីមតិខ្លះ គឺក្នុងភូមិភាគទាំងនេះហើយដែលរាជវង្សអនិន្ទិតបុរបានស្ថិតនៅ។ ជាមូលដ្ឋានដំបូងនៃការជ្រើសរើស ភូមិសាស្ត្រនេះដែលជាប្រភពនៃវឌ្ឍនភាពគឺទី១ស្ថិតនៅឆ្ងាយពីតំបន់អង្គរ និងជានិមិត្តរូបនៃអំណាចកណ្តាល។ ទី២គឺជាតំបន់សេដ្ឋកិច្ច ដែលប្រកបដោយភាពងាយស្រួលក្នុងការអភិវឌ្ឍតំបន់។ ដោយឡែកទៀត អំណាចកណ្តាលពុំមានវត្តមាននៅទីនេះទេ ហើយថែមទាំងស្ថិតយ៉ាងឆ្ងាយពីរាជធានីផង គឺប្រហែលជាករណីនេះហើយ ដែលយើងបានជួបប្រទះ នូវវត្តមាននគរមួយចំនួនដូចជាចានាស ជាដើម នៅលើខ្ពង់រាបនគររាជសីមា

ម៉្យាងទៀត សម័យនោះក៏ដូចជាសម័យនគរភ្នំដែរ ការលេច ឡើងនូវរាជវង្សខ្មែរនានា ជាសក្ខីភាពមួយអាចបញ្ជាក់ឲ្យឃើញ នូវការទន់ខ្សោយនូវអំណាចកណ្តាល។ ភស្តុតាងនៃបញ្ហានេះ ត្រូវបានឯកសារចិនកត់ត្រាទុកដែរ ពីព្រោះក្នុងអន្តរកាលនេះហើយ ដែលប្រទេស ចេនឡាត្រូវចែកបែកជាពីរ គឺចេឡាទឹក និង ចេនឡាគោក

ពង្សាវលី

កែប្រែ

ឯកសារយោង

កែប្រែ
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ស្វាមិននៃអនិន្ទិតបុរ, ពាលាទិត្យបុរ តដោយ
ស្វាមិនវិឝ្វរូប