ភ្នំបាយ៉ង
ភ្នំបាយ៉ងស្ថិតនៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ មានចំងាយ ១២១ គ.ម ពីក្រុងភ្នំពេញ។ គេអាចទៅដល់ទីនោះដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង ស្រុកដូនកែវ និង ស្រុកទ្រាំង ។ បើធ្វើដំណើរចេញពីទីរួមខេត្តតាកែវមានចំងាយ ៤៣គីឡួម៉ែត្រ នៅប៉ែកខាងត្បូង។
ប្រាសាទបាយ៉ងស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ងមានកំពស់ ៣១៣ម៉ែត្រ និង មានជណ្តើរបី ចំនួន ៩០កាំ។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៧ ពីឆ្នាំ៦១៥-៦៣៥ ដោយព្រះបាទភវវរ្ម័នទី២។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និង កំពស់ ១២ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកខូចខាតយ៉ាងខ្លាំង បំណែកទាំងឡាយត្រូវនៅរាយប៉ាយពេញដី ផ្ទៃកំពូលប្រាសាទមានធ្លាក់មកដី រីឯរបងធ្វើអំពីថ្មបាយក្រៀមត្រូវខូចខាតបាក់បែកអស់ដែរ។
ក្រៅពីប្រាសាទបាយ៉ងនៅលើភ្នំបាយ៉ងមានប្រាសាទ ៤ទៀតនៅក្បែរនោះ រួមមានប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ដែលត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតំកល់លិង្គព្រះឥសូរ ក្នុងសម័យកាលសាងសង់ប្រាសាទនោះ។