ម៉ាត្សឹស៊ីតា ខូណុស្កិ
ម៉ាត្សឹស៊ីតា ខូណុស្កិ(松下 幸之助 Matsushita Kōnosuke) (២៧ វិច្ឆិកា ១៨៩៤ – ២៧ មេសា ១៩៨៩) ជាឧស្សាហករជនជាតិជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនប៉ាណាសូនិច ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីមួយនៅលើពិភពលោក។ សំរាប់ជនជាតិជប៉ុនភាគច្រើន គេច្រើនហៅលោកជា «ព្រះចាត់ចែងគ្រប់គ្រងក្រុមហ៊ុន»។
ជីវិតបឋមវ័យ
កែប្រែម៉ាត្សឹស៊ីតា ខូណុស្កិ ចាប់កំនើតនៅថ្ងៃទី២៧ វិច្ឆិកា ១៨៩៤ នៅភូមិវ៉ាសា ក្នុងខេត្តវ៉ាកាយ៉ាម៉ា។ ឪពុករបស់លោកជាម្ចាស់ដីតូចមួយនិងជាសមាជិកសំខាន់ម្នាក់របស់សហគមន៍។ ខូណុស្កិ ជាកូនពៅក្នុងចំនោមបងប្អូន៨នាក់។ កុមារភាពរបស់លោកប្រកបដោយភាពស្រនុកសុខស្រួល។ ប៉ុន្តែជីវិតរបស់លោកបានផ្លាស់ប្ដូរ ដោយសារឪពុករបស់លោករកស៊ីខាតនិងបាត់បង់ទ្រព្យសម្បត្តិទាំងអស់ ហើយគ្រួសាររបស់លោកទាំងមូល បានចាកចោលស្រែចំការរបស់ខ្លួនរួចរើទៅនៅផ្ទះតូចមួយក្នុងទីក្រុង។ ដើម្បីជួយទ្រទ្រង់គ្រួសារ ខូណុស្កិបានទៅធ្វើការជាកូនជាងនៅក្នុងហាងលក់ហ៊ីបាជី(ចង្ក្រានធ្បូង)មួយនៅអូសាកា ក្រោយពីលោករៀនចប់បឋមសិក្សាបានប៉ុន្មានខែ។ កុមារខូណុស្កិដែលទើបតែមានអាយុត្រឹម៩ឆ្នាំ បានលាម្ដាយនៅស្ថានីយ៍រថភ្លើង ហើយធ្វើដំនើរតែម្នាក់ឯងទៅកាន់ទីក្រុងធំ។
ធ្វើការមិនដល់១ឆ្នាំផង ហាងលក់ហ៊ីបាជីនេះបានដួលរលំ។ ខូណុស្កិបានទៅធ្វើការជាកូនជាងនៅក្នុងហាងលក់កង់ (នៅសម័យនោះ កង់ជាសំភារៈប្រណិតនាំចូលពីអង់គ្លេស)។ ហាងលក់កង់នេះក៏ធ្វើការងារលើលោហៈផងដែរ ជាហេតុធ្វើអោយលោកអាចរៀនពីរបៀបប្រើម៉ាស៊ីនក្រឡឹងនិងឧបករណ៍ផ្សេងៗបានយ៉ាងឆាប់រហ័ស។ លោកបានចំនាយពេល៥ឆ្នាំនៅទីនោះ ដោយធ្វើការដូចជាសមាជិកម្នាក់របស់គ្រួសារម្ចាស់ហាងអញ្ចឹង។ ខូណុស្កិចង់ឈប់ពីការងារជាកូនជាងនេះ ទៅរកការងារផ្សេងដែលអាចអោយលោកឆ្លៀតពេលទៅរៀនសូត្រពេលយប់ ប៉ុន្តែត្រូវបានឪពុកលោកហាមឃាត់អោយនៅធ្វើការនៅហាងកង់បន្តទៀត។ ឪពុកលោកបានពន្យល់លោកថា «ជំនាញដែលឯងកំពុងរៀនអាចធានាអនាគតល្អអោយឯង។ ពេលដែលឯងរកស៊ីក្លាយជាសហគ្រិន ឯងអាចជួលអ្នកដែលរៀនសូត្រជ្រៅជ្រះអោយធ្វើការអោយឯងបាន។»
នាសម័យនោះ រថភ្លើងលើថ្នល់ (Streetcar) ចាប់ផ្ដើមចេញមុខនៅតាមដងវិថីសំខាន់ៗនៅអូសាកា។ ខូណុស្កិបានសំលឹងឃើញថា អគ្គីសនីនឹងជាវត្ថុមិនអាចខ្វះបាននាពេលអនាគត។ លោកបានចាកចេញពីហាងលក់កង់នៅអាយុ១៥ឆ្នាំ ហើយទៅសុំធ្វើការនៅក្រុមហ៊ុន Osaka Electric Light Company។ ការងាររបស់លោកគឺរៀបចំបណ្ដាញភ្លើងនៅក្នុងរោងមហោស្រពធំមួយ។ គំរោងស្មុគស្មាញនេះចំនាយពេលអស់៦ខែ ដោយខូណុស្កិជាអ្នកដឹកនាំក្រុមការងារអោយធ្វើការស្ទើរ២៤ម៉ោងក្នុងមួយថ្ងៃដើម្បីអោយគំរោងសំរេចទាន់ពេលវេលា។ ទោះជាគំរោងនោះបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក៏ដោយ ខូណុស្កិបានកើតជំងឺរលាកសួតបណ្ដាលមកពីការធ្វើការយូរម៉ោងក្នុងរោងមហោស្រពដែលគ្មានម៉ាស៊ីនកំដៅនារដូវធ្លាក់ទឹកកក។
ក្នុងសង្គមជប៉ុននៅមុនសង្គ្រាម ការរៀបការដោយមានការរៀបចំពីចាស់ទុំ ជារឿងធម្មតា។ សំរាប់ខូណុស្កិក៏មិនខុសគ្នាដែរ។ នៅរដូវផ្ការីកឆ្នាំ១៩១៥(ពេលអាយុ២០ឆ្នាំ) បងស្រីរបស់ខូណុស្កិបានណែនាំនារីម្នាក់ឈ្មោះ មុមិណុ អោយលោក ហើយប៉ុន្មានខែក្រោយមកគេទាំង២ក៏រៀបការកសាងគ្រួសារ។ គាត់បន្តធ្វើការងារនៅក្រុមហ៊ុន Osaka Electric Light Company ហើយឡើងដំនែងជាមេការត្រួតពិនិត្យ (តំណែងខ្ពស់ជាងគេក្នុងឋានៈជាអ្នកបច្ចេកទេស) នៅអាយុ២២ឆ្នាំ។ ក្រោយពីមិនមានការទទួលស្គាល់ពីចៅហ្វាយរបស់លោក អំពីsocketចង្កៀងរង្គុំដែលលោកបានរចនាឡើងនាពេលទំនេរ គាត់បានសំរេចចិត្តចាកចោលការងារប្រាក់ខែខ្ពស់នេះ នៅថ្ងៃទី១៥ មិថុនា ១៩១៧ ហើយបង្កើតក្រុមហ៊ុនផលិតកម្មផ្ទាល់ខ្លួនតូចមួយ។ ប្រាក់សន្សំរបស់ខូណុស្កិនៅពេលនោះមានមិនដល់ ១០០យ៉េនផង ដែលល្មមសំរាប់តែទិញសំភារៈសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ ទោះជាយ៉ាងនោះក៏ដោយ លោកមិនបានចុះចាញ់ទេ។ លោកបានបើកហាងមួយក្នុងផ្ទះតូចចង្អៀតនិងកខ្វក់ ដោយមានបុគ្គលិកជាមិត្តរួមការងារនៅOsaka Electric Light Company ២នាក់និងប្អូនថ្លៃរបស់លោកឈ្មោះថូស៊ីអុ។ ការលក់socketរបស់លោកមិនបានល្អទេ ហេតុនេះនៅចុងឆ្នាំ១៩១៧ អតីតមិត្តរួមការងារលោកទាំង២នាក់នោះបានចាកចោលលោកទៅ។ ប្រាក់ចំនូលរបស់លោកនៅពេលនោះសំរាប់ត្រឹមតែមួយចំអែតក្រពះប៉ុណ្ណោះ។ ពេលដែលក្រុមហ៊ុនជិតក្ស័យធុនទៅហើយនោះ សំនាងល្អស្រាប់តែមានការបញ្ជាទិញបន្ទះអ៊ីសូឡង់សំរាប់កង្ហាល់អគ្គីសនីចំនួន១ពាន់ ហើយក្រុមហ៊ុនក៏រស់ឡើងវិញ។
ការចាប់កំនើតរបស់ក្រុមហ៊ុនអេឡិចត្រូនិចដ៏មហិមា
កែប្រែខូណុស្កិក៏មានលុយបោះទុន ហើយលោកបានជួលផ្ទះ២ជាន់មួយខ្នងដើម្បីធ្វើជាទីតាំងក្រុមហ៊ុន Matsushita Electric Devices Manufacturing Works (ក្រុមហ៊ុនផលិតបរិក្ខារអគ្គីសនីម៉ាត្សឹស៊ីតា) ដែលក្រោយមកក្លាយជាក្រុមហ៊ុនប៉ាណាសូនិក។ ជាន់ក្រោមទូលាយ លោកយកធ្វើជារោងជាងដើម្បីពង្រីកផលិតផលថ្មីៗ រួមទាំង socketភ្លោះ ដែលលោកឌីហ្សាញដោយខ្លួនឯង។ ផលិតផលថ្មីៗរបស់ក្រុមហ៊ុន ទទួលបានការពេញនិយមយ៉ាងខ្លាំងក្លា ដែលជួយលើកតំកើងកិត្តិយសក្រុមហ៊ុនថាជាក្រុមហ៊ុនផលិតរបស់មានគុណភាពខ្ពស់ក្នុងតំលៃថោក។ នៅឆ្នាំ១៩២២ ខូណុស្កិត្រូវសាងសង់ការិយាល័យនិងរោងចក្រថ្មីមួយសំរបតាមការរីកចំរើនរបស់ក្រុមហ៊ុន។ នៅឆ្នាំ១៩២៣ ខូណុស្កិបានសំលឹងឃើញទីផ្សាដ៏ធំសំរាប់អំពូលដើរដោយថ្មពិលសំរាប់បំពាក់អោយកង់។ នាសម័យនោះ ទោះបីជាមានអំពូលបែបនេះជាច្រើនក្ដី ក៏វានៅមិនទាន់មានការទុកចិត្តពីអ្នកប្រើប្រាស់ ដោយវាច្រើនតែអស់ថ្មពេលប្រើប្រាស់បានត្រឹមតែ៣ម៉ោងប៉ុណ្ណោះ។ ខូណុស្កិបានចំណាយពេល៦ខែដើម្បីរចនាអំពូលមានរាងដូចគ្រាប់កាំភ្លើងដែលអាចប្រើប្រាស់បានដល់ទៅ៤០ម៉ោងដោយមិនបាច់ដូរថ្ម។ ជាអកុសល អ្នកលក់ដុំនានាបានបដិសេធមិនយកផលិតផលរបស់លោកនេះទៅលក់។ ខូណុស្កិក៏សម្រេចចិត្តធ្វើការដោយមិនបាច់ឆ្លងកាត់អ្នកបោះដុំទាំងនោះ ដោយលោកបានផ្ញើផលិតផលគំរូទៅអោយម្ចាស់ហាងកង់នានាដោយផ្ទាល់ ដើម្បីអោយពួកគេសាកមើលគុណភាពអំពូលរបស់គាត់ដោយខ្ឡនគេផ្ទាល់។ ជាលទ្ធផលក្រុមហ៊ុនបានទទួលការបញ្ជាទិញដូចព្យុះ ហើយអ្នកបោះដុំដែលធ្លាប់បដិសេដនឹងលោក បានងាកមកចរចារសុំចែកចាយផលិតផលរបស់លោកវិញ។
នៅឆ្នាំ១៩២៣ ខូណុស្កិបានសំលឹងឃើញទីផ្សាដ៏ធំសំរាប់អំពូលដើរដោយថ្មពិលសំរាប់បំពាក់អោយកង់។ នាសម័យនោះ ទោះបីជាមានអំពូលបែបនេះជាច្រើនក្ដី ក៏វានៅមិនទាន់មានការទុកចិត្តពីអ្នកប្រើប្រាស់ ដោយវាច្រើនតែអស់ថ្មពេលប្រើប្រាស់បានត្រឹមតែ៣ម៉ោងប៉ុណ្ណោះ។ ខូណុស្កិបានចំនាយពេល៦ខែដើម្បីឌីហ្សាញអំពូលមានរាងដូចគ្រាប់កាំភ្លើងដែលអាចប្រើប្រាស់បានដល់ទៅ៤០ម៉ោងដោយមិនបាច់ដូរថ្ម។ ជាអកុសល អ្នកលក់ដុំនានាបានបដិសេដមិនយកផលិតផលរបស់លោកនេះទៅលក់។ ខូណុស្កិក៏សំរេចចិត្តធ្វើការដោយមិនបាច់ឆ្លងកាត់អ្នកបោះដុំទាំងនោះ ដោយលោកបានផ្ញើផលិតផលគំរូទៅអោយម្ចាស់ហាងកង់នានាដោយផ្ទាល់ ដើម្បីអោយពួកគេសាកមើលគុណភាពអំពូលរបស់គាត់ដោយខ្ឡនគេផ្ទាល់។ ជាលទ្ធផលក្រុមហ៊ុនបានទទួលការបញ្ជាទិញដូចព្យុះ ហើយអ្នកបោះដុំដែលធ្លាប់បដិសេដនឹងលោក បានងាកមកចរចារសុំចែកចាយផលិតផលរបស់លោកវិញ។
ខូណុស្កិបានចាប់ផ្ដើមអភិវឌ្ឍអំពូលដើរដោយថ្មសំរាប់ដាក់កង់ ជំនាន់ទី២ ដោយបានប្ដូររាងជាការ៉េវិញ។ ពេលដែលលោកព្យាយាមរកនឹកឈ្មោះដាក់អោយផលិតផលថ្មីនេះ លោកបានប្រទះភ្នែកនឹងពាក្យអង់គ្លេស «international» នៅលើទំព័រកាសែត។ លោកបានឆែកមើលនិយមន័យរបស់ពាក្យនេះក្នុងវចនានុក្រម ហើយបានឃើញក្នុងពាក្យ «international» មានពាក្យ «national» ដែលមានន័យថា «ជារបស់ជាតិ, ជាតិ»។ ពាក្យនេះសក្ដិសមឥតខ្ចោះជាមួយផលិតផលរបស់លោក ដែលលោកជឿថាថ្ងៃណាមួយគ្រប់ផ្ទះសម្បែងក្នុងប្រទេសនឹងប្រើប្រាស់ផលិតផលរបស់លោក។ នៅឆ្នាំ១៩២៧ ម៉ាក National(ណាស្យូណាល់) បានចាប់បដិសន្ធិ។
នៅសម័យនោះ ផលិតផលអគ្គីសនីភាគច្រើនត្រូវគេចាត់ទុកថាជារបស់ប្រណិត និងមានតម្លៃថ្លៃសំរាប់អ្នកប្រើប្រាស់ទូទៅ។ ខូណុស្កិមានទស្សនវិស័យផលិតបរិក្ខារអគ្គីសនីដែលអាចអោយអ្នកអតិថិជនមានជីវភាពមធ្យមមានលទ្ធភាពទិញប្រើដែរ។ លោកបានបង្កើតផ្នែកថ្មីដើម្បីរចនាផលិតផលឧណ្ហអគ្គីសនី (thermoelectric) និងអភិវឌ្ឍឆ្នាំងអ៊ុតអគ្គីសនី។ ៣ខែក្រោយមក «Super-Iron» (ឆ្នាំងអ៊ុតស៊ុបពែរ) ម៉ាកណាស្សូណាល់បានលេចរូបឡើង។ ទោះជាផ្នែកទីផ្សាបានប៉ាន់ប្រមាណលក់បានតែ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំក៏ដោយ ក៏ខូណុស្កិបានបញ្ជាអោយផលិត ១ម៉ឺនគ្រឿងក្នុងមួយខែ។ លោកបានប្រមើលមើលថា ការផលិតក្នុងបរិមាណច្រើននឹងកាត់បន្ថយតំលៃឯកតា ហើយអ្នកប្រើប្រាស់ប្រាកដជាទិញផលិតផលរបស់លោក ពេលដែលតំលៃមិនថ្លៃពេកសំរាប់គេ។ ឆ្នាំងអ៊ុតរបស់លោកបើកឆាកក្នុងតំលៃ ៣,២យ៉េន ថោកជាងឆ្នាំងអ៊ុតរបស់គូប្រជែងដែលមានតំលៃ៥យ៉េន។ ភ្លាមៗនោះ ឆ្នាំងអ៊ុតនេះបានក្លាយជាផលិតផលលក់ដាច់ជាងគេមួយទៀតរបស់ក្រុមហ៊ុន។
នៅឆ្នាំ១៩២៩ ខូណុស្កិបានបង្កើតគោលដៅគ្រប់គ្រងជាមូលដ្ឋាននិងគោលការណ៍ក្រុមហ៊ុន ដើម្បីដឹកនាំការរីកលូតលាស់របស់ប៉ាណាសូនិក។ លោកបានមានប្រសាសន៍ពីអនាគតរបស់ក្រុមហ៊ុនថា «ការរកស៊ីរបស់យើងពឹងផ្អែកលើការជឿទុកចិត្តរបស់សង្គមមកលើយើង។ ហេតុនេះយើងមានកាតព្វកិច្ចគ្រប់គ្រងនិងអភិវឌ្ឍក្រុមហ៊ុនតាមរបៀបស្មោះត្រង់និងទទួលខុសត្រូវ ដើម្បីជួយអភិវឌ្ឍសង្គមនិងលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិ»។
នៅឆ្នាំ១៩៣១ វិទ្យុមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ប៉ុន្តែនាពេលនោះ វិទ្យុមានតំលៃខ្ពស់និងគុណភាពមិនអាចទុកចិត្តបាន។ ខូណុស្កិបានបង្កើតវិទ្យុមានរចនាបទបំពង់សុញ្ញកាស៣ ក្នុងរយៈពេល៣ខែ ហើយភ្លាមៗបានឈ្នះរង្វាន់លេខ១ ក្នុងការប្រកួតរៀបចំដោយ ស្ថានីយ៍ផ្យព្វផ្សាយសាធារណតូក្យួ (Tokyo Public Broadcasting Station)។ ដើម្បីជំរុញអោយមានការរីកចំរើនបន្ថែមទៀត លោកបានទិញអាជ្ញាបណ្ណសំរាប់វិទ្យុ២រចនាបទ ហើយបើកសិទ្ធអោយផលិតជាសាធារណៈ។
ខូណុស្កិមិនមានចំណាប់អារម្មណ៍ជាពិសេសណាមួយខាងផ្នែកសាសនាឬលទ្ធិអ្វីទេ។ ប៉ុន្ទែលោកតែងតែបើកចិត្តទទួលយករាល់គំនិតនិងយោបល់នានា។ នៅខែមិនា ១៩៣២ ខូណុស្កិត្រូវបានមិត្តម្នាក់អញ្ជើញទៅកាន់វិហារស៊ីនតូល្បីមួយ។ ពេលនោះលោកចាប់ផ្តើមគិតឃើញពីភាពស្រដៀងគ្នារវាងសាសនានិងការគ្រប់គ្រងការរកស៊ី។ លោកបាននិយាយថា«មនុស្សលោកត្រូវការវិបុលភាពទាំងផ្នែកផ្លូវចិត្តនិងសំភារៈ។ សាសនាដឹកនាំមនុស្សអោយចៀសផុតពីការរងទុកវេទនា ទៅកាន់សុភមង្គលនិងសន្ដិភាពក្នុងចិត្ត។ ចំនែកឯការរកស៊ីក៏ដូចគ្នាដែរ។ ការរកស៊ីអាចផ្ដល់អោយនូវវត្ថុចាំបាច់នានា សំរាប់សុភមង្គល។ នេះគួរតែជាបេសកកម្មចម្បង»។ ក្រោយមកលោកបានបើកអង្គប្រជុំបុគ្គលិកក្រុមហ៊ុនទាំងអស់របស់លោក ហើយបានធ្វើការប្រកាសក្នុងអ្វីដែលគេហៅថា ទស្សនៈម៉ាត្សឹស៊ីតាខូណុស្កិ សំរាប់ដឹកនាំក្រុមហ៊ុននេះរាប់ទស្សវត្សរ៍ក្រោយមក។ លោកបានមានប្រសាសន៍ថា«បេសកកម្មរបស់អ្នកផលិតគឺយកឈ្នះលើភាពក្រីក្រតាមរយៈការផលិតទំនិញអោយបានច្រើនបរិបូរ។ ទោះជាទឹកអាចចាត់ទុកជាផលិតផលមួយមុខក្ដី ក៏គ្មាននរណាម្នាក់ហាមមិនអោយអ្នកដំណើររឆ្លងកាត់មិនអោយផឹកទឹកពីរ៉ុប៊ីនេរបស់គេដែរ។ នេះមកពីទឹកមានបរិបូរនិងមានតំលៃថោក។ បេសកកម្មរបស់យើងក្នុងនាមជាផលិតករគឺបង្កើតរបស់អោយបានបរិបូរនិងថោកដូចទឹកអញ្ចឹង។ នេះជាវិធីដែលយើងអាចលុបបំបាត់ភាពក្រីក្រ និងផ្ដល់សុភមង្គលដល់មនុស្សគ្រប់គ្នា និងធ្វើអោយពិភពលោកកាន់តែជាកន្លែងល្អសំរាប់រស់នៅ។»
ខូណុស្កិបានលើកឡើងនិងចងក្រងប្រព័ន្ធគ្រប់គ្រងជាស្វ័យភាព ដោយបានចែកក្រុមហ៊ុនជា៣ផ្នែកគឺ ផ្នែកទី១ខាងផលិតវិទ្យុ ផ្នែកទី២ខាងបរិក្ខារបំភ្លឺនិងថ្មពិលស្ងួត និងផ្នែកទី៣ខាងឧបករណ៍ប្រើខ្សែ ប្លាស្ទិចសំយោគ និងផលិតផលឧណ្ហអគ្គីសនី។ ផ្នែកនីមួយៗមានរដ្ឋបាលគ្រប់គ្រងដោយឡែកពីគ្នា និងទទួលបន្ទុកតែក្នុងអគារផលិតកម្មផ្ទាល់ខ្លួន។ ការធ្វើបែបនេះជួយអោយខូណុស្កិសម្រាលទំទួលខុសត្រូវរបស់ខ្លួន និងផ្ដល់ឱកាសអោយអ្នកគ្រប់គ្រងក្រោមៗបានរៀនសូត្រពីយុទ្ធសាស្ត្រជំនួញរបស់ពួកគេ គិតតាំងពីការអភិវឌ្ឍស្រាវជ្រាវផលិតផលរហូតដល់ការលក់។
មកទល់ពេលនេះក្រុមហ៊ុនមានផលិតផលជាង២០០ប្រភេទ ហើយការរកស៊ីរបស់ពួកគេកាន់តែរីកចំរើន ហើយខូណុស្កិគិតថាដល់ពេលដែលលោកពង្រីកក្រុមហ៊ុនម្ដងទៀតហើយ។ ហេតុនេះនៅខែមិថុនា ១៩៣៣ ក្រុមហ៊ុនបានប្ដូរទីតាំងទៅកាន់រោងចក្រថ្មីនិងការិយាល័យកណ្ដាលនៅ កូដាម៉ា ខណ្ឌភាគឥសានក្រុងអូសាកា។
«ពាណិជ្ជកម្មគឺមនុស្ស» ជាពាក្យស្លោកសំណព្វចិត្តរបស់ខូណុស្កិ។ កាត់ជឿជាក់លើការបណ្ដុះបណ្ដាលសមត្ថភាពរបស់បុគ្គលិករបស់លោក។ ហេតុនេះទើបនៅឆ្នាំ១៩៣៤ លោកបានបង្កើតវិទ្យាស្ថានហ្វឹកហ្វឺនបុគ្គលិក នៅរោងចក្រកូដាម៉ាដែលផ្ដល់ការអប់រំរយៈពេល៣ឆ្នាំផ្នែកវិស្វកម្មនិងពាណិជ្ជកម្មដល់បុគ្គលិកដែលរៀនចប់ត្រឹមបឋមសិក្សា។ នៅឆ្នាំ១៩៣២ ខូណុស្កិបានបង្កើតគ្រឹះស្ថានជំនួញសម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍសក្ដានុពលភាពនៃការលក់លើទីផ្សាអន្តរជាតិ។ ដោយមានការកើនឡើងផ្នែកនាំចេញ ខុណុស្កិបានធ្វើសហគ្រាសកម្មគ្រឹះស្ថាននេះអោយក្លាយជា Matsushita Electric Trading Company (ក្រុមហ៊ុនជំនួញអគ្គីសនីម៉ាត្សឹស៊ីតា) នៅខែសីហា ១៩៣៥។ នៅថ្ងៃទី១៥ ធ្នូ ឆ្នាំដដែល ខូណុស្កិបានធ្វើសហគ្រាសកម្មក្រុមហ៊ុន និងប្ដូរឈ្មោះមកជា Matsushita Electric Industrial Company limited (ក្រុមហ៊ុនឧស្សាហកម្មអគ្គីសនីម៉ាត្សឹស៊ីតាចំកាត់)។ ខូណុស្កិបានថ្លែងទៅកាន់បុគ្គលិកថា «ក្រុមហ៊ុនរបស់យើងបានពង្រីកខ្លួនទាំងផ្នែកលក់និងចំនួនបុគ្គលិក។ វាបានក្លាយជាក្រុមហ៊ុនផលិតកម្មដ៏ធំដែលមានឋានៈខ្ពស់ក្នុងសង្គម។» ពេលដែលសង្គ្រាមជប៉ុននិងចិនផ្ទុះឡើងក្នុងឆ្នាំ១៩៣៧ ការធ្វើយោធាកម្មសេដ្ឋកិច្ចជប៉ុនកាន់តែបង្កើនកម្លាំងឡើង។ ដោយមានការភ័យខ្លាចការណ៍នេះធ្វើអោយមានការកែប្រែគោលការណ៍ក្រុមហ៊ុន ខូណុស្កិបានចេញផ្សាយសេចក្ដីណែនាំមួយចំនួនដើម្បីអះអាងពីទស្សនវិជ្ជាគ្រប់គ្រងរបស់លោក។ បន្ទាប់មកនៅខែមករាឆ្នាំ១៩៤០ លោកបានផ្ដាំទៅកាន់បុគ្គលិកក្រុមហ៊ុនទាំងអស់អោយប្រឹងប្រែងរក្សាគុណភាពផលិតផលទោះបីជាមានកង្វះខាតវត្ថុធាតុដើម ដោយសារតែសង្ក្រាមក៏ដោយ។
កំឡុងសង្គ្រាមប៉ាស៊ីហ្វិកឆ្នាំ១៩៤១ (ផ្នែកមួយនៃសង្គ្រាមលោកលើកទី២) ក្រុមហ៊ុនត្រូវបានបង្ខំអោយ ទទួលកុងត្រាយោធា ដែលតំរូវអោយស្ថាបនា Matsushita Shipbuilding Company (ក្រុមហ៊ុនសំនង់នាវាម៉ាត្សឹស៊ីតា) និង Matsushita Airplane Company (ក្រុមហ៊ុនសំនង់យន្ដហោះម៉ាត្សឹស៊ីតា) នៅឆ្នាំ១៩៤៣។ នៅទីបំផុតសង្គ្រាមដែលធ្វើអោយជប៉ុនចំនាយធនធានជាតិ១ភាគ៤បានបញ្ចប់។ ក្រុមហ៊ុនប៉ាណាសូនិកបានបាត់បង់រោងចក្រនិងការិយាល័យ៣២កន្លែង ទាំងនៅតូក្យូនិងអូសាកា។ ការិយាល័យកណ្ដាលនិងរោងចក្រចំបងត្រូវជួសជុលឡើងវិញ ប៉ុន្តែក្រុមហ៊ុនត្រូវចាប់ផ្ដើមពីសូន្យឡើងវិញម្ដងទៀត។
ពីចប់សង្គ្រាមដល់សម័យផុសផុលខាងបរិក្ខារអគ្គីសនី
កែប្រែនៅថ្ងៃទី១៦ សីហា ១៩៤៥ មួយថ្ងៃបន្ទាប់ពីជប៉ុនចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ ខូណុស្កិបានកោះប្រជុំអ្នកគ្រប់គ្រងកំពូលៗក្នុងក្រុមហ៊ុនរបស់លោកហើ់យប្រកាសផែនការរៀបចំអោយមានដំនើរការផលិតកម្មឡើងវិញ។ ៤ថ្ងៃក្រោយលោកបានថ្លែងទៅកាន់បុគ្គលិកថា «ការផលិតជាវីធីចំបងជាងគេរបស់យើង ដើម្បីក្រោកឈរឡើងវិញ។ ចូររំលឹកឡើងវិញពីស្មារតីជាប្រពៃណីរបស់ក្រុមហ៊ុនម៉ាត្សឹស៊ីតា និងសូមធ្វើការកសាងប្រទេសជាតិនិងបង្កើនជីវភាពរស់នៅរបស់ប្រជាជន។» ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ម៉ាកអាធួ (MacArthur) កងកំលាំងយោធាអាមេរិចដែលកាន់កាប់ជប៉ុនបានជំរុញកំនែទំរង់ប្រជាធិបតេយ្យជាបន្ទាន់នៅជប៉ុន ដោយរួមបញ្ចូលទាំងការបង្កើតសហព័ន្ធការងារ។
ពេលដែលខូណុស្កិចេញមុខនៅក្នុងអង្គប្រជុំសហព័ន្ធការងារលើកទី១របស់ក្រុមហ៊ុន ដែលធ្វើនៅសាលសាធារណកណ្ដាលណាកាណុស៊ីម៉ា លោកបានទទួលបានសំលេងគាំទ្រភ្លាមៗពីបុគ្គលិក ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថាលោកអោយអតិភាពខ្ពស់ទៅលើផលប្រយោជន៍របស់អ្នករាល់គ្នា ហើយថាគោលនយោបាយប្រសើរបំផុតសម្រាប់ការងារនិងការគ្រប់គ្រងរួមនឹងសម្រេចបាន។ ប៉ុន្តែការក្រោកឈរឡើងវិញរបស់ក្រុមហ៊ុនបានប្រឈមមុខនឹងឧបសគ្គមួយរំពេច។ កងកំលាំងយោធាអាមេរិចដែលកាន់កាប់ជប៉ុនបានចេញនួវបទបញ្ជាយ៉ាងច្រើនដែលបានរារាំងដល់ប្រតិបត្តិការក្រុមហ៊ុននិងគំរាមគំហែងដល់អត្ថិភាពរបស់វា។ ច្បាប់ទាំងនោះមានបំណងលុបបំបាត់អ្វីដែលគេហៅថា «ហ្សៃបាត្សឹ» (សហគ្រាសក្រុមហ៊ុនឧស្សាហកម្មនិងហិរញ្ញវត្ថុដែលគ្រប់គ្រងដោយគ្រួសារ ដែលជាប្រពៃណីមានរាប់ជំនាន់មកហើយនៅជប៉ុន)។ ដោយដឹងថាច្បាប់នេះធ្វើឡើងសំដៅមករកក្រុមហ៊ុនខ្លួន ខូណូស្កិក្នុងនាមជាសហគ្រិនឯករាជ្យវ័យ៣០ឆ្នាំ បានចូលទៅការិយាល័យកណ្ដាលទូទៅរបស់កងសម្ព័ន្ធមិត្ត ច្រើនជាង៥០ដង ហើយលោកនាយកប្រតិបត្តិឈ្មោះ អារ៉ាថារ៉ូ ថាកាហាស៊ីបានចេញទៅចរចារជាមួយមេដឹកនាំការកាន់កាប់នៅជប៉ុន ជិត១០០ដង។
ដោយសារតែក្រុមហ៊ុនបានផលិតសំភារៈយោធាក្នុងសម័យសង្គ្រាម ខូណុស្កិត្រូវគេបញ្ជាអោយចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន។ ប៉ុន្តែសហព័ន្ធការងារ ហាងលក់រាយ និងសាខានានារបស់ក្រុមហ៊ុនបានធ្វើការគាំទ្រលោក តាមរយៈញត្តិអោយធ្វើនិរាករណ៍បទបញ្ជាលាលែងតំណែងនោះ ដោយពួកគេនិយាយថាខូណុស្កិពិតជាចាំបាច់ខ្លាំងណាស់សំរាប់កសាងក្រុមហ៊ុនឡើងវិញ។ នេះជាចលនាមួយដែលមិនធ្លាប់មានពីមុនទេ។ នៅក្នុងការធ្វើត្រឡប់គោលនយោបាយដ៏កម្រមួយ នៅខែឧសភា ១៩៤៧ អគ្គមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងសម្ព័ន្ធមិត្តបានធ្វើការអនុញ្ញាតិអោយខូណុស្កិនិងនាយកផ្នែកទាំងអស់របស់ក្រុមហ៊ុននៅបន្តតំណែងនៅទីនោះតទៅទៀត។ សង្គមជប៉ុនក្រោយសង្គ្រាម ជាសង្គមប្រកបដោយអតិផរណា កង្វះស្បៀងអាហារ និងការរកស៊ីទុច្ចរិត។ នៅខែវិច្ឆិកា១៩៤៦ ខូណុស្កិបានបង្កើតអោយមានអង្គការចោទសំនួរមូលដ្ឋានសំខាន់ៗទាក់ទិននឹងលក្ខខណ្ឌរស់នៅរបស់មនុស្ស។ ដោយឈរលើគំនិត “Peace and Happiness through Prosperity” (សន្តិភាពនិងសុភមង្គលតាមរយៈវិបុលភាព) គាត់បានដាក់ឈ្មោះអោយអង្គការនោះថា PHP Institute (វិទ្យាស្ថានPHP) និងចាប់ផ្ដើមបោះពុម្ភផ្សាយទស្សនាវដ្ដីPHPចាប់ពីឆ្នាំបន្ទាប់។
ប៉ាណាសូនិកត្រូវបានដកចេញពីការកំហិតក្រោយសង្គ្រាមនៅឆ្នាំ១៩៥០។ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំស្ថីពីនយោបាយគ្រប់គ្រងនៅឆ្នាំ១៩៥១ ខូណុស្កិបានថ្លែងថាដល់ពេលហើយដែលក្រុមហ៊ុនស្វែងរកកន្លែងខ្លួនក្នុងសហគមន៍អន្តរជាតិ។ លោកបានដាស់តឿនអោយបុគ្គលិករបស់លោកគោរពរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួនពេលដែលពួកគេប្រលូកចូលក្នុងឆាកអន្តរជាតិ។ ពេលដែលខូណុស្កិទទៅទស្សនកិច្ចសហរដ្ឋអាមេរិក ដើម្បីមើលពីដំណើរការឧស្សាហកម្មអាមេរិកដោយផ្ទាល់ភ្នែក លោកបានសំគាល់ឃើញពីគំលាតដ៏មហិមារវាងអាមេរិកដ៏ស្ដុកស្ដម្ភនិងជប៉ុនដ៏ក្រីក្រតោកយ៉ាក។ លោកបានសង្កេតឃើញថា «តម្រូវការចាំបាច់ដើម្បីអោយមានវិបុលភាព គឺរចនាសំព័ន្ធសង្គមដែលផ្ដល់លទ្ធភាពអោយប្រជាពលរដ្ឋធ្វើការអោយអស់សមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួនគេ»។ ដើម្បីធ្វើការប្រកួតប្រជែងជាមួយលោកខាងលិច លោកដឹងថាក្រុមហ៊ុនរបស់លោកត្រូវការចំណេះដឹងខាងអេឡិចត្រូនិច (ឬអគ្គីស្យាណូ) និងវិធីសាស្ត្រឯកទេសក្នុងការអភិវឌ្ឍផលិតផលបន្ថែមទៀត។ ដោយជឿជាក់ថាការនាំចូលនូវបច្ចេកទេសបស្ចិមប្រទេសពិតជាចាំបាច់ខានមិនបានសំរាប់ការកសាងជប៉ុនក្រោយសង្ក្រាម ខូណុស្កិចាប់ផ្ដើមសំលឹងរកមើលដៃគូពាណិជ្ជកម្មបរទេស។ នៅឆ្នាំ១៩៥២ បន្ទាប់ពីការចរចារដ៏តានតឹងមក ប៉ាណាសូនិកបានបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសជាមួយក្រុមហ៊ុនហ្វីលីព(Philips) របស់ហុល្លង់ ដោយបានបង្កើតសាជីវកម្មអេឡិចត្រូនិចម៉ាត្សឹស៊ីតា (Matsushita Electronics Corporation)ដែលក្រុមហ៊ុនទាំង២រកស៊ីហ៊ុនគ្នា។ ទោះបីជាដំបូងឡើយអ្នកចរចារខាងក្រុមហ៊ុនហ្វីលីពបានទាមទារចំណែកពីការលក់របស់ក្រុមហ៊ុនថ្មីនេះខ្ពស់ជាងជាថ្នូនឹងការដឹកនាំបច្ចេកទេសក៏ដោយ ក៏ខូណុស្កិបានជំទាស់តបទៅវិញថាប៉ាណាសូនិកផ្ដល់ជំនាញផ្នែកគ្រប់គ្រងដែលមានតំលៃស្មើគ្នានឹងបច្ចេកទេសដែរហើយថែមទាំងទទួលខុសត្រូវលើថ្លៃចំណាយក្នុងការដឹកនាំផ្នែកគ្រប់គ្រងទៀតផង។ ទីបញ្ចប់ភាគគីទាំង២បានសម្រុះសម្រួលលើកិច្ចព្រមព្រងសមរម្យមួយសម្រាប់ទាំងសងខាង។
នៅឆ្នាំ១៩៥៦ (ខូណុស្កិអាយុ៦១ឆ្នាំ) រដ្ឋាភិបាលបានប្រកាសពីការសម្រេចជោគជ័យជាស្ថាពរក្នុងការកសាងសេដ្ឋកិច្ចប្រទេសជប៉ុនឡើងវិញ (គេប្រើពេលមិនដល់១០ឆ្នាំផង ចំណែកខ្មែរវិញជិត៣០ឆ្នាំហើយ…….)។ ពេលនោះខូណុស្កិបានធ្វើអោយបុគ្គលិកនិងឧស្សាហកម្មទាំងមួលភ្ញាក់ផ្អើល ដោយប្រកាសនូវមហិច្ចតាពង្រីកសាជីវកម្មប៉ាណាសូនិកក្នុងរយៈពេល៥ឆ្នាំ។ គម្រោងការណ៍នេះស្នើអោយបង្កើនការលក់ប្រចាំឆ្នាំអោយបាន៤ដង បង្កើតចំនួនបុគ្គលិក៦០% និងបង្កើនមូលធនក្រុមហ៊ុនពី ៣ពាន់លានយ៉េនទៅ១០ម៉ឺនលានយ៉េន។ ខូណុស្កិបាននិយាយថា «ខ្ញុំធានាថាប្រកដជាជោគជ័យ។ ព្រោះថាតួលេខនេះតំណាងអោយតំរូវការរបស់ប្រជាជន ដែលពួកគេទាំងនោះចុះកិច្ចសន្យាមើលមិនឃើញនឹងភ្នែកមួយជាមួយយើង»។ ខូណុស្កិបានសម្រេចគោលដៅដែលមើលទៅមិនគួរអោយទៅរួចនេះ ក្នុងរយៈពេលតែ៤ឆ្នាំជាងប៉ុណ្ណោះ។ នៅទសវត្សរ៍ឆ្នាំ៥០ សេដ្ឋកិច្ចជប៉ុនដែលរីកលូតលាស់ជាលំដាប់បាននាំមកនូវសម័យការផុសផុល(ប៊ូម Boom) ក្នុងការលក់បរិក្ខារអគ្គីសនីប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុនផលិតឧបករណ៍អគ្គីសនីធុនធ្ងន់ចាប់ផ្ដើមប្រលូកក្នុងវិស័យនេះដែរ ដែលធ្វើអោយមានការប្រកួតប្រជែងតម្លៃយ៉ាងស្វិតស្វាញ។ បរិក្ខារតាមផ្ទះថ្មីៗចេញជាបន្ដបន្ទាប់ ដែលធ្វើអោយផ្ទះកាន់តែមានផាសុកភាពនិងស្រួលរស់នៅ។ អ្នកគ្រប់គ្នាចង់បានអ្វីដែលគេអោយឈ្មោះថា «វត្ថុទិព្វទាំង៣»គឺ ទូរទស្សន៍ ម៉ាស៊ីន(ឬយន្ត)បោកខោអាវ និង ទូរទឹកកក។ ខូណុស្កិបានប្រមើលឃើញសយន្តសម័យនៃយុគអគ្គីសនីកម្ម ហើយបានពង្រឹងបណ្ដាញលក់និងធ្វើអោយមានស្ថេរភាពទីផ្សាររបស់ខ្លួនតាមរយៈការបង្កើតចំណងស្អិតរមួតជាមួយអ្នកលក់រាយ។ នៅខែមិថុនា ១៩៥៨ (អាយុ៦៣ឆ្នាំ) ក្នុងពិធីរៀបចំឡើងនៅស្ថានទូតហុល្លង់នៅតូក្យូ ខូណុស្កិបានទទួលមេដៃកិត្តិយសជា Commander in the Order of Orange-Nassau ពីម្ចាស់ក្សត្រីនៃប្រទេសហុល្លង់ សម្រាប់ «ការរួមចំណែកដ៏បវរ ក្នុងការបំរើការដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការជំរុញចំណងមិត្តភាព»។ រង្វាន់នេះជារង្វាន់ឧត្តមជាងគេរបស់ប្រទេសហុល្លង់សម្រាប់ជនបរទេស។ រង្វាន់នេះត្រូវបានផ្ដល់ដល់ខូណុស្កិដោយសារតែកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសនិងកិច្ចសហការជាមួយក្រុមហ៊ុនហ្វីលីពដែលបានរួមចំនែកក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២។ លោកបន្តធ្វើការរឹងចំណងមិត្តភាពនេះ ដោយបង្កើតនិងធ្វើជាប្រធានសហគមន៍ជប៉ុន-ហុល្លង់នៅតំបន់ខាន់សៃ (Japan-Netherlands Society of the Kansai) ក្នុងឆ្នាំ១៩៥៩។
ជាបន្តបន្ទាប់មកទៀត ខូណុស្កិបានទទួលមេដាយកិត្តិយសជាច្រើនទៀតក្នុងកិច្ចរួមចំនែករឹតចំនងមិត្តភាពជាមួយប្រទេសដទៃទៀតដូចជា Medalie De Honra Ao Merito Cultural Award ពីប្រទេសប្រេស៊ីលក្នុងខែមេសាឆ្នាំ១៩៦៨, Commandeur de L’Ordre de la Couronne Award ពីព្រះរាជាបែលហ្ស៊ិក ក្នុងខែតុលាឆ្នាំ១៩៧២ និង Panglima Mangku Negara និងងារជាTan Sri ពីព្រះចៅម៉ាឡេស៊ីក្នុងខែកុម្ភៈឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៥៩ (អាយុ៦៤ឆ្នាំ) ដោយត្រៀមខ្លួនរួចរាល់ក្នុងការពង្រីកពាណិជ្ជកម្មទៅក្រៅប្រទេស ខូណុស្កិបានស្ថាបនា សាជីវកម្មអគ្គីសនីម៉ាត្សឹស៊ីតាប្រចាំអាមេរិក (Matsushita Electric Corporation of America ហៅកាត់ថា MECA) នាទៅក្រុងញូយ៉ក។ នេះជាក្រុមហ៊ុនលក់ក្រៅប្រទេសទី១ហើយរបស់ប៉ាណាសូនិកនៅក្រោយសង្គ្រាម។ លោកបានទទូចអោយអ្នកគ្រប់គ្រងទាំងអស់របស់លោកនៅទីនោះ អោយសម្រាប់ខ្លួនតាមប្រទេសថ្មីនេះ នឹងផ្ដល់អោយនូវផលិតផលទាំងឡាយណាដែលប្រជាជនអាមេរិកកោតសរសើរ។ ក្នុងកំឡុងពេលដដែលនេះ លោកក៏បានស្ថាបនារោងចក្រនៅបរទេស រួមមាន ក្រុមហ៊ុនNational Thai (ថៃ) (ក្រុមហ៊ុនផលិតដំបូងគេនៅបរទេស)នៅឆ្នាំ១៩៦១ និង ក្រុមហ៊ុនMatsushita Electric (តៃវ៉ាន់)នៅឆ្នាំ១៩៦២។
សុបិន្តគ្មានព្រំដែន
កែប្រែនៅក្នុងអង្គប្រជុំប្រចាំឆ្នាំស្ដីពីគោលនយោបាយគ្រប់គ្រងនៅឆ្នាំ១៩៦១ (អាយុ៦៥ឆ្នាំ) ខូណុស្កិបានថ្លែងសុន្ទរកថាក្រើនរំលឹកនិងបានប្រកាសថាក្រុមហ៊ុនបានសម្រេចគោលដៅរបស់គម្រោងផែនការ៥ឆ្នាំរបស់ខ្លួន ហើយកំពុងតែឈានជើងចូលក្នុងដំណាក់កាលលូតលាស់ថ្មីមួយ។ ជាចុងបញ្ចប់ លោកបានធ្វើអោយគេអង្គមីទិញភ្ញាក់ផ្អើល ដោយប្រកាសពីការលាលែងដំណែងរបស់លោក។ លោកមានប្រសាសន៍ថា «ខ្ញុំទើបតែធ្វើពិធីអបអរខួបគម្រប់៦៥ឆ្នាំរបស់ខ្ញុំ។ ខ្ញុំបានគិតជាយូរមកហើយពីពេលវេលាសមគួរសម្រាប់ខ្ញុំចុះចេញីតំណែង ហើយពេលវេលានោះវាបានមកដល់ហើយ។ ខ្ញុំនឹងបន្តជួយទ្រទ្រង់ក្រុមហ៊ុនពីខាងក្រោយឆាកក្នុងឋានៈជាប្រធានកិត្តិយស។» នៅឆ្នាំ១៩៦៣ ខូណូស្កិលេចមុខលើកញ្ចាក់ទូរទស្សន៍ NHK (ទូរទស្សន៍សាធារណៈរបស់ជប៉ុន) ដោយនិយាយជាមួយនាយករដ្ឋមន្ត្រី អ៊ីកិដា ហាយ៉ាតុ។ ខូណូស្កិបានទំនុកបម្រុងការអប់រំផ្នែកស្មារតីនិងការអភិវឌ្ឍធនធានមនុស្ស ដែលលោកពោលថាការធ្វើបែបនេះជាបញ្ហាអាយុជីវិតរបស់ជាតិនាពេលអនាគត។ វិចាររបស់លោកទទួលបានប្រជាប្រិយភាពយ៉ាងសន្ធឹកសន្ធាប់ពីសាធារណជន។
ពេលដែលជោគជ័យរបស់ក្រុមហ៊ុនម៉ាត្សឹស៊ីតាអគ្គីសនី (Matsushita Electric)ចាប់ផ្ដើមសាយភាយទៅបរទេស «ម៉ាត្សឹស៊ីតា ខូណុស្កិ» ចាប់ផ្ដើមទទួលបានការទទួលស្គាល់ថាជាសហគ្រិនឆ្នើមម្នាក់របស់ពិភពលោក។ បុគ្គលសំខាន់ៗពីបរទេសជាច្រើននាក់មកទស្សនាក្រុមហ៊ុននេះ រួមមាន អគ្គមេធាវីអាមេរិក រូបឺត ខេនណឺឌី (Robert Kennedy), នាយករដ្ឋមន្ត្រីឥណ្ឌា ឥណ្ឌីរ៉ា គន្ធី (Indira Gandhi) និងប្រធានាធិបតីយូហ្គោស្លាវី ទីតូ (Tito)។ ខូណុស្កិជូនពួកគេដើរទស្សនាអាគារក្រុមហ៊ុនដោយខ្លួនលោកផ្ទាល់ និងតែងនិយាយផ្លាស់ប្ចូរយោបល់ជាមួយពួកគេ។
បណ្ដាញព័ត៌មានបរទេសរំពេចនោះបានបង្វែរចំណាប់អារម្មណ៍មកលើក្រុមហ៊ុនប៉ាណាសូនិកនិងស្ថាបនិករបស់វា។ នៅខែកុម្ភៈ ១៩៦២ រូបថតខូណុស្កិត្រូវបានបោះផ្សាយលើក្របមុខរបស់ទស្សនាវដ្ដីថាម (TIME) ដែលជាទស្សវដ្ដីពត៌មានប្រចាំសប្ដាហ៍ដ៏ល្បីនៅអាមេរិក។ ខូណុស្កិនិងភរិយាមុមិណុ ត្រូបានគេអញ្ជើញទៅចូលរួម «ពិធីជប់លៀងប្រចាំសតវត្សរ៍» ដើម្បីអបអរសាទរខូបគំរប់៤០ឆ្នាំរបស់ទស្សនាវដ្ដីថាមនៅញូវយ៉ក ជាមួយមនុស្សល្បីៗដទៃទៀត។ ជាងនេះទៅទៀតនៅខែកញ្ញា ១៩៦៤ ខូណុស្កិត្រូវបានគេលើកឡើងក្នុងទស្សនាវដ្ដីឡៃហ្វ (LIFE) និងត្រូវបានពណ៌នាជា «ឧស្សហករកំពូល» «អ្នករកលុយបានច្រើនជាងគេ» «ទស្សនវិទូ» «អ្នកបោះផ្សាយទស្សនាវដ្ដី» និង «អ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេ»ជាដើម។ ទស្សនាវដ្ដីនេះលើកតម្កើងម៉ាត្សឹស៊ីតា ខូណុស្កិ និងបាននាំកិត្តិស័ព្ទដល់ក្រុមហ៊ុនម៉ាត្សឹស៊ីតាអគ្គីសនី។
នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៦៣ ខូណុស្កិបានទៅចូលរួមក្នុងសន្និសិទគ្រប់គ្រងអន្តរជាតិលើកទី១៣ (13th International Management Conference) ឧបត្ថម្ភដោយក្រុមប្រឹក្សាអង្គការអន្តរជាតិនិងវិទ្យាសាស្ត្រនៅទីក្រុងញូវយ៉ក។ នៅក្នុងការបង្ហាញជូនពីទស្សនវិជ្ជាគ្រប់គ្រងរបស់លោក លោកបានសង្កត់ធ្ងន់លើគោលគំនិតគ្រប់គ្រង ការប្រកួតប្រជែងដោយយុត្តិធម៌ សហត្តិភាព (រួមរស់ជាមួយគ្នា) និងវិបុលភាពទៅវិញទៅមក។
ពេលដែលចំនូលរបស់ក្រុមហ៊ុនប៉ាណាសូនិកដាំក្បាលចុះជាលើកដំបូងនៅឆ្នាំ១៩៥០ ខូណុស្កិបានអញ្ជើញប្រធានក្រុមហ៊ុនលក់និងចែកចាយទាំងអស់របស់ប៉ាណាសូនិកនៅទូទាំងប្រទេសជប៉ុនអោយចូលរួមសន្និសិទរយៈពេល៣ថ្ងៃនៅរមណីយដ្ឋានអុនសេនអាតាមី ខាងត្រូងក្រុងតូក្យូ។ ក្រុមហ៊ុនលក់និងចែកចាយទាំងនោះបន្ទោសដល់សាជីវកម្មអំពីវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែ នាយកប្រតិបត្តិរបស់ប៉ាណាសូនិកបានច្រានចោលទំនួលខុសត្រូវ ដោយបានចោទទៅវិញថាបញ្ហាមកពីក្រុមហ៊ុនលក់ទាំងនោះចាត់ចែងមិនបានល្អ។ ដើម្បីបញ្ចៀសការបែកបាក់គ្នា នៅថ្ងៃចុងក្រោយខូណុស្កិបានថ្លែងទៅកាន់អ្នកទាំងនោះថា៖ «ខ្ញុំយល់ពីស្ថានភាពអ្នកទាំងអស់គ្នា។ យើងកុំឈ្លោះគ្នាទៀតអី។ ក្រុមហ៊ុនរបស់យើងគួរតែត្រូវបានស្ដីបន្ទោសមែន។ ខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពក្នុងការកែខៃស្ថានការណ៍ឡើងវិញ ដោយមានជំនួយការពីអ្នកទាំងអស់គ្នា»។ សេចក្ដីអង្វរកដ៏រញ្ជួលចិត្តនេះធ្វើអោយអ្នកទាំងនោះស្ងាត់មាត់ឈឺង ហើយបានសច្ចាថានឹងធ្វើការជាមួយគ្នាឡើងវិញជាភក្ដីភាពចំពោះខូណុស្កិ។ នៅចុងបញ្ចប់នៃសន្និសិទនេះ ខូណុស្កិបានលើកបដាដោយខ្លួនឯងបង្ហាញទៅប្រធានក្រុមហ៊ុនទាំងនោះ ដោយមានពាក្យស្លោក «សហត្ថិភាពនិងវិបុលភាពទៅវិញទៅមក»។ បន្ទាប់ពីនោះខូណុស្កិបានត្រឡប់ពីការចូលនិវត្តន៍ មកធ្វើជានាយកផ្នែកលក់របស់សាជីវកម្ម ជាបណ្ដោះអាសន្ន និងបានស្ដារឡើងវិញនូវប្រព័ន្ធលក់និងចែកចាយបានជាស្ថាពរ។ លោកបានរៀបចំក្រុមហ៊ុនលក់ឡើងវិញ និងបានបើកលទ្ធភាពអោយមានការទិញលក់ដោយផ្ទាល់រវាងក្រុមហ៊ុនលក់និងផ្នែកផលិតកម្ម និងបានបង្កើតអោយមានផែនការក្រេឌីតសំរាប់អតិថិជន។ ដោយមានវិធានការណ៍ទាំងនេះ ការលក់របស់ក្រុមហ៊ុនចាប់ផ្ដើមរីកចំរើនឡើងវិញជាបណ្ដើរៗ។
នៅឆ្នាំ១៩៦១ (អាយុ៧០ឆ្នាំ) ខូណុស្កិបានព្រមានថាសេដ្ឋកិច្ចជប៉ុនរីកចំរើនលឿនពេកហើយ ហើយលោកយល់ឃើញពីសារសំខាន់ក្នុងការកសាងរចនាសម្ព័ន្ធខាងក្នុងដ៏រឹងមាំមួយដែលអាចជួយអោយក្រុមហ៊ុនរួចរានមានជីវីតបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលនៅរង់ចាំនៅខាងមុខ។ ដូចដែរអ្វីដែលលោកបានបារម្ភ សេដ្ឋកិច្ចជប៉ុនបានដើរថយក្រោយវិញនៅឆ្នាំ១៩៦៤ បន្ទាប់ពីតូក្យូអូឡាំពិចបានបញ្ចប់ទៅ។ ខូណុស្កិគាំទ្រគំនិតអំពី «ទំនប់ប្រព័ន្ធគ្រប់គ្រង» ពេលដែលសេដ្ឋកិច្ចជប៉ុនមកដល់ចំនុចរបត់។ គំនិតរបស់ខូណុស្កិនេះបង្ហាញពីវិធីរក្សាសហគ្រាសអោយនៅដដែលទៅជាមានបំរែបំរួលលក្ខខណ្ឌពាណិជ្ជកម្មឥតព្រាងទុក និងបានបង្ហាញបច្ចេកទេសមានប្រយោជន៍ដើម្បីសម្រេចគោលដៅតាមផែនការក្នុងការរក្សាអោយមានការរីកលូតលាស់គ្រប់កាលៈទេសៈនោះ។ ពាណិជ្ជកម្មមួយអាចរក្សាការរីកលូតលាស់ជាប់ និងអាចការពារខ្លួនទល់នឹងបម្រែបម្រួលបរិស្ថានជុំវិញ ដោយសាងសង់ទំនប់និងអាងស្តុកនៅគ្រប់ផ្នែកទាំងអស់របស់ប្រព័ន្ធគ្រប់គ្រងខ្លួន ដូចជា «ទំនប់បរិក្ខារ» «ទំនប់មូលធន» ដែលអាចធានាអោយពួកគេរីកចំរើនស្ថិតស្ថេរ។ នៅខែកក្កដា១៩៧៣(អាយុ៧៩ឆ្នាំ) ពេលដែលក្រុមហ៊ុនប្រារព្ធខួបកំនើតទី៥៥ ខូណុស្កិចូលនិវត្តន៍ពីសកម្មភាពសកម្មៗ និងកាន់តំណែងជាទីប្រឹក្សាប្រតិបត្តិ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមានអាយុជិត៨០ឆ្នាំហើយ។ ក្នុងកំឡុងពេល៥៥ឆ្នាំនេះ ខ្ញុំបានសំរេចនូវការងារដែលខ្ញុំគួរតែធ្វើ ហើយខ្ញុំចូលចិត្តអង្អែលខ្នង(សរសើរ)ខ្លួនឯងថាបានធ្វើការបានល្អណាស់»។ បន្ទាប់មកលោកបានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានទ្រទ្រង់ក្រុមហ៊ុន និងបានលើកទឹកចិត្តអោយពួកគេជំនះការលំបាកនាពេលអនាគតទៀត។ ខូណុស្កិចាប់ផ្ដើមចំណាយពេលវេលាអភិវឌ្ឍទ្រឹស្ដីទស្សនវិជ្ជារបស់លោកនិងសរសេរសៀវភៅ។ លោកបានបោះពុម្ភសៀវភៅដ៏មានប្រជាប្រិយចំនងជើងថា «人間を考える» (អង្គគ្លេស៖Thoughts on Man, ខ្មែរ៖ គំនិតអំពីមនុស្ស)។ សៀវភៅនេះនិយាយពីការក្រឡេកមើលធម្មជាតិនិងចរិតលក្ខណៈប្រែប្រួលរបស់មនុស្ស។ បន្ទាប់មកនៅឆ្នាំ១៩៧៤ លោកបានបោះពុម្ភសៀវភៅ «崩れゆく日本をどう救うか» (Japan at the Brink តើជួយប្រទេសជប៉ុនដែលកំពុងដួលរលំដោយរបៀបណា) ដែលនិយាយពីវិស័យអប់រំល្អនិងនយោបាយពង្រីកសេដ្ឋកិច្ចនាំជប៉ុនអោយរួចផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ចនិងវិបត្តិប្រេងកាតឆ្នាំ១៩៧៣។ សៀវភៅនេះលក់ដាច់យ៉ាងខ្លាំង បានចំនួនជាង២សែនច្បាប់។
ខូណុស្កិជឿថានៅសតវត្សរ៍ទី២១ ជប៉ុននិងប្រទេសនៅអាស៊ីដទៃទៀតនឹងគ្រប់គ្រងធនធានពិភពលោកភាគច្រើន។ លោកបានបណ្ឌុះនូវគំនិតពីសេដ្ឋកិច្ចនិងនយោបាយថ្មីដូចជា រដ្ឋដែលគ្មានពន្ធនិងប្រព័ន្ធផ្សេងៗទៀតដែលនឹងរៀបចំជប៉ុនអោយដើរតួនាទីដែលខ្លួនគួរធ្វើ។ លោកបានទៅទស្សនកិច្ចសាធារណរដ្ឋប្រជាមានិតចិនដោយមានការអញ្ជើញពីសមាគមមិត្តភាពជប៉ុន-ចិន (Japan-China Friendship Association) ដែលនៅទីនោះលោកបានជួបនិយាយជាមួយមន្ត្រីរដ្ឋាភិបាលនានា អំពីចំនាប់អារម្មណ៍របស់លោកចំពោះការរីកចំរើនរបស់ប្រទេសនេះ ហើយបានប្រាប់ពួកគេថាសតវត្សរ៍ទី២១ជាយុគប្រកបដោយវិបុលភាពសម្រាប់អាស៊ី និយមថាជប៉ុនមានកាតព្វកិច្ចជួយធ្វើទំនើបកម្មរបស់ចិន។ ជាលទ្ធផលនៃទស្សនកិច្ចនេះ ក្រុមហ៊ុនប៉ាណាសូនិកបានឧបត្ថម្ភសន្និសិទផ្លាស់ប្ដូរបច្ចេកវិទ្យាអេឡិចត្រូនិចដែលធ្វើឡើងនៅទីក្រុងប៉េកាំង។
នៅឆ្នាំ១៩៧៨ (អាយុ៨៥ឆ្នាំ) ខូណុស្កិបានថ្លែងថា «បើសិនជាយើងបានដាក់គោលដៅរបស់យើងលើភាពសំបូរហូរហៀរខាងសំភារៈនិងស្មារតីសំរាប់ពលរដ្ឋរបស់យើង យើងត្រូវតែហ្វឹកហាត់គ្រូបង្រៀនអំពីភារកិច្ចនេះដែរ»។ លោកបានចំនាយប្រាក់ ៧ពាន់លានយ៉េនពីមូលនិធិផ្ទាល់ខ្លួនលោកដើម្បីស្ថាបនាវិទ្យាស្ថានម៉ាត្សឹស៊ីតាសំរាប់រដ្ឋបាលនិងគ្រប់គ្រង (Matsushita Institute of Government and Management) ដែលបានបើកទ្វារនៅខែមេសាឆ្នាំ១៩៨០។ គោលបំណងរបស់វិទ្យាស្ថាននេះគឺធ្វើការសិក្សាស្រាវជ្រាវពីគំនិតគ្រឹះនានាដែលនឹងជួយជំរុញនិងអភិវឌ្ឍជប៉ុននៅសតវត្សរ៍ទី២១ និងអភិវឌ្ឍអ្នកដឹកនាំដែលមានសមត្ថភាពធ្វើអោយគំនិតទាំងនេះលេចជារូបរាង។
នៅឆ្នាំ១៩៨៥ (អាយុ៩០ឆ្នាំ) ខូណុស្កិត្រូវបានអញ្ជើញទៅធ្វើជាអ្នកប្រគល់រង្វាន់ Japan Prize គឺរង្វាន់ដែលខ្លួនលោកផ្ទាល់ផ្ដួចផ្ដើមគំនិតនិងបង្កើត។ Japan Prize ផ្ដល់រង្វាន់ជាកិត្តិយសដល់អំពើដែលជំរុញការរីកចំរើនវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិភាពនិងវិបុលភាព។
នៅថ្ងៃទី២៧ មេសា ១៩៨៩ ម៉ាត្សឹស៊ីតា ខូណុស្កិ ស្ថាបនិកក្រុមហ៊ុនប៉ាណាសូនិកបានលាចាកពិភពលោកដែលលោកបានកែខៃយ៉ាងច្រើនឥតគណនា នៅជន្មាយុ៩៤ឆ្នាំ។
ពាក្យពេជន៍មានតំលៃរបស់ម៉ាត្សឹស៊ីតា ខូណុស្កិ
កែប្រែ- មនុស្សរាល់គ្នាមានផ្លូវមួយសំរាប់ខ្លួនដើរ។ ផ្លូវនោះអាចរីកធំ រួមតូច ឡើងចុះ។ មានពេលខ្លះយើងដើរវង្វេងទិសដៅទាំងប្រថុយប្រថាន។ ប៉ុន្ដែជាមួយនឹងការតាំងចិត្តពុះពារនិងការជឿជាក់លើខ្លួនឯង យើងប្រាកដជាជ្រើសរើសផ្លូវត្រឹមត្រូវដើរបាន។ នោះហើយទើបជាសេចក្ដីសប្បាយរីករាយយ៉ាងពិតប្រាកដ។
- យុវភាពជាចិត្តគំនិត។ ប្រសិនបើក្នុងចិត្តយើងពោរពេញដោយស្វាមីភក្ដិ សេចក្ដីសង្ឃឹម និងវីរភាព ហើយយើងប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងជីវភាពប្រចាំថ្ងៃរបស់យើង នោះយុវភាពនោះនឹងនៅជាមួយអ្នកជារៀងរហូត។
ជ័យលាភី និងរង្វាន់កិត្តិយស
កែប្រែ- Grand Cordon of the Order of the Sacred Treasure
- Grand Cordon of the Order of the Rising Sun (29 April 1981)
- Grand Cordon of the Order of the Paulownia Flowers
- Knight Commander of the Order of the Defender of the Realm (Panglima Mangku Negara which carries the title "Tan Sri")
- Medal with Blue Ribbon
- Medal with Dark Blue Ribbon
អានបន្ថែម
កែប្រែ- Matsushita Leadership by John Paul Kotter, Simon and Schuster (1998)
- Matsushita Konosuke (1894-1989) His Life & His Legacy: A Collection of Essays in Honor of the Centenary of His Birth by Matsushita Konosuke, PHP Research Institute(1994)
- The Matsushita Perspective, A Business Philosophy Handbook, Published by PHP Institute, Inc. First edition 1997.
- Michi wo hiraku
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែតំណភ្ជាប់ខាងក្រៅ
កែប្រែ- The Founder, Konosuke Matsushita Archived 2006-07-19 at the វេយប៊ែខ ម៉ាស៊ីន.