ឧកញ៉ាយមរាជសួស រឺ សួស្តិ៍ (កា.១៥២២-ប្រ.១៥៣០) ជាមេទ័ព និង សេនាបតីសម័យលង្វែកក្នុងរាជព្រះបាទចន្ទរាជា ចូលរួមក្នុងសង្គ្រាមបង្ក្រាបសៀមឈ្លានពាននៅសៀមរាបមហានគរក្នុងឆ្នាំគស.១៥៣០។

យមរាជសួស
ឧកញ៉ាយមរាជនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស. ១៥២២ – ប្រ.១៥៣០
ព្រះមហាក្សត្រចន្ទរាជា
មុនឧកញ៉ាយមរាជព្រំ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សួស

សមរភូមិមហានគរ

កែប្រែ

ព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំខាល ទោស័ក សម្ដេចព្រះចៅចក្រពត្តិ រាជាធិរាជ ត្រាស់ចាត់មេកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ស្រេច សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសំរាប់ពិជ័យយុទ្ធនាស្រេច ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រឈ្មោះ ប្លាយមង្គលទ្វីប ហើយក៏ឱ្យគោះគង ទូងភេរី លើកយោធាមុខ ក្រោយ ឆ្វេង ស្ដាំតាមក្បួនពិជ័យសង្គ្រាមដើរ។ ទ័ពធំមកត្រូវនគររាជសីមា និង មហានគរ។ ឯព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។ ឯបំរើសេះ ខាងក្រុងកម្ពុជា ដែលឱ្យទៅស៊ើបកិច្ចរាជការ ក្នុងក្រុងទេពនោះដឹងថា សៀមឱ្យកេណ្ឌរេហ៍ពលមកត្រៀមទ័ពហើយ ក៏ប្រញាប់មកប្ដឹងសេនាបតី សេនាបតី នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទជាអម្ចាស់។ ស្ដេចទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ពតាមជនបទតូចធំថែមទៀត។ លុះមកជួបជុំហើយ ទ្រង់ត្រាស់បង្គាប់ សម្ដេចព្រះរាមា ជាព្រះឱរសាធិរាជ និង សម្ដេចចៅហ្វាទឡ្ហៈ នៅចាំក្រោយព្រះមហានគរ ចាត់ដូច្នេះរួចហើយ ទើបទ្រង់ត្រាស់អស់មុខមន្ត្រីតូចធំថា បើយើងចាំទទួលទ័ពសៀមក្នុងព្រះនគរនោះឃើញថាអស់រាស្ត្រ ដែលនៅតាមផ្លូវមុខសឹកនឹងទៅជាឈ្លើយសៀមប្រាសវិនាសពីភូមិលំនៅអស់ពុំខាន។ ដូច្នេះ អញយល់ថា យើងត្រូវលើកទ័ពទៅទទួលទ័ពសៀម នៅទីប្រទល់ដែនទើបជា។ នោះអស់មុខមន្ត្រី ក៏ក្រាបទូលថា ទ្រង់ព្រះតំរិះយល់សេចក្ដី ទ្រង់ព្រះមហាករុណាដល់ប្រជានុរាស្ត្រនេះជាត្រឹមត្រូវណាស់។ ទើបព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ឱ្យក្រុមព្រះរាជគ្រូបុរោហិត និង ក្រុមពិជ័យរាជហោរាតាំងព្រះរាជពិធីប្រក់ពលស្រេច លុះបានឫក្សជាពេលាល្អហើយ សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ផែនដី ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់រាជ្យ ចេញរណយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធកុញ្ចរក្លាខ្លាំងបាំងនូវបវរស្វេត្រច្ឆ័ត្រមានជាន់ ៧ ដោយពុំទាន់ប្រាប្ដាភិសេកនៅឡើយ ហើយទ្រង់ចាត់ឱ្យអស់អគ្គសេនាចតុរង្គជាទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ព្រមដោយគ្រឿងអភិរម្យរាជនានា និង ដាវ កាំភ្លើង គ្រឿងប្រដាប់សំរាប់យុទ្ធទង់ជ័យ ប្រពៃថ្លៃថ្លា និងសេះសឹក សន្ធឹកមហិមា។ នោះព្រះពិជ័យរាជហោរាគោះគង ទូងភេរី ព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ប្រាប្ដាភិសេកហែទង់ជ័យផ្លុំត្រែស័ង្ខ សុរិយាតន្ត្រី ដំណើរក្បួនទ័ពចេញអំពីព្រះនគរ តាមរយៈផ្លូវទៅដល់ស្រុកពោធិ៍សាត់។ ឯទ័ពសៀម លុះមកដល់ស្រុកនាងរង ក៏រំលងមកដល់ស្រុកមហានគរវត្ត។ ចៅហ្វាយស្រុកនគរវត្ត កេណ្ឌបានពល ៥០០០ នាក់ ចេញទទួលច្បាំងនឹងទ័ពមុខ។ សៀមបានច្បាំងដោយអាវុធវែងខ្លី ពលស្លុតស្លាប់ទាំងសងខាង តែពលខ្មែរឃើញពលសៀមច្រើនណាស់លប់កំលាំងនឹងទប់ទល់ពុំបានក៏រត់បែកទ័ពចេញទៅទីទៃ។ ទើបចៅហ្វាយស្រុកមហានគរឃើញកងទ័ពខ្លួនបែកទ័ពរត់ចោលខ្លួនដូច្នោះក៏នាំតែទាហានរួមចិត្តចំនួន ៥០ នាក់រត់ទៅដល់ខែត្រពោធិ៍សាត់ជួបនឹងទ័ពហ្លួងត្រេកអរណាស់ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ ក្រាបទូលតាមហេតុសព្វសេចក្ដី ហើយថាដែលទូលព្រះបង្គំជាខ្ញុំរត់ចោលស្រុកនេះមានទោសដល់ជីវិត ស្រេចនៅព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ យល់ថាទ័ពសៀមជាទ័ពក្រស័ត្រ ពលក៏ច្រើនត្រាស់តែម៉្លោះហើយ ក៏តឿនឱ្យគ្រប់នាយកងទ័ពឱ្យលើកចេញពីខែត្រពោធិ៍សាត់ទៅទល់ដែនស្រុកនគរវត្ត។ ទ្រង់ត្រាស់ឱ្យតាំងទ័ពនៅមាត់វាលខាងលិចរង់ចាំស្ដាប់ជើងសឹកព្រះចៅចក្រពត្តិ។ ឯព្រះចៅចក្រពត្តិ លុះចៅហ្វាយស្រុកមហានគររត់ទៅហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយមហានគរ ហើយទ្រង់ទតអស់ប្រាសាទរាជរដ្ឋខ្មែរ។ ទ្រង់យល់ល្អត្រកាលណាស់ទ្រង់ត្រាស់សរសើរថា: ស្រុកនេះគប្បីជាស្រុក សម្ដេចអម្រិន្ទ្រាធិរាជសាងថ្វាយព្រះបាទអរិដ្ឋពលពាហនោជាព្រះបុត្រមែន សមជាស្រុកមហានគរមានក្សត្រាធិរាជ ១២១ ជាចំណុះមែន។ ស្ដេចកំពុងតែត្រាស់សរសើរ ដូច្នេះកងល្បាតសេះចូលទៅក្រាបទូលថា ទ័ពស្ដេចខ្មែរលើកមកតាំងបន្ទាយនៅមាត់វាលខាងលិចចំងាយប្រមាណ ៥០ សិន។ ឯព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់បង្គាប់អស់នាយកងទ័ពឱ្យប្រុងខ្លួនគ្រប់គ្នា។ លុះព្រឹកឡើងទ្រង់ត្រាស់បង្គាប់ឱ្យរៀបក្បួនទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ និង ដំរី សេះសឹកជាសន្ធឹកពន្លឹកមហិមាឱ្យទាហានពាក់អាវក្រហម មួកក្រហម ដែលមានចៅពញាមហាសេនាជាមេកងទ័ពមុខ។ ឯទ័ពឆ្វេងឱ្យព្រះសន្ធរសង្គ្រាមជាមេកងរេហ៍ពលពាក់អាវខៀវ មួកខៀវ ប៉ែកស្ដាំឱ្យចៅពញាព្រះឃ្លាំងធិបតីជាមេកងរេហ៍ពលពាក់អាវបៃតង មួកបៃតង។ ឯទ័ពក្រោយ ឱ្យចៅពញាចក្រីជាមេកងរេហ៍ពល ពាក់អាវខ្មៅ មួកខ្មៅ។ ឯទ័ពហ្លួង រេហ៍ពលពាក់អាវលឿង មួកលឿង។ លុះបាននពឫក្សហើយ សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសុវណ្ណរាជភូសា ព្រះមណីរតន៍ សង្វារប្រដាប់ដោយមណីរតន៍ សំរាប់រាជសង្គ្រាម ស្រេចស្ដេចឡើងគង់ព្រះទីនាំង ប្លាយមង្គលទ្វីបចុះប្រេងបាំងនូវស្វេត្រច្ឆ័ត្រ ៩ ជាន់គង់នៅលើរយាងបិទមាសឱភាសសោភា ហើយឱ្យមន្ត្រីម្នាក់នៅជិះជាកណ្ដាល កាន់កន្ទុយក្ងោកឱ្យមន្ត្រីម្នាក់ទៀតជិះកន្សៃ វាយខ្ជែងឱ្យអស់នាយកង នាយទ័ពជិះដំរី សេះ សឹក ហើយវាយគងទូងស្គរសុរិយាតន្ត្រី ប្រគុំរងំរអើកកក្រើកលើកទ័ពតំរង់ទៅទ័ពស្ដេចខ្មែរ។ ឯព្រះចៅក្រុងខេមរាប្រទេស វិសេសខត្តិយា មហាចន្ទរាជាធិរាជក្នុងវេលាយប់នោះ ព្រះអង្គត្រាស់ប្រាប់ឱ្យប្រុងខ្លួនគ្រប់នាយកងទ័ព។ លុះព្រឹកឡើង ទ្រង់ចាត់សម្ដេចព្រះរាមាជាព្រះរាជបុត្រាច្បងឱ្យធ្វើជាមេទ័ពមុខគង់ព្រះទីនាំងពិជ័យកុញ្ជរបវរហត្ថីឱ្យចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ (មឿង) ទី៣ ជាមេទ័ពមុខបង្អស់ឧកញ៉ាចក្រីទេព កូនពញាពេជ្រ (មឿង) ទី៤ ជាមេកងទ័ពប៉ែកស្ដាំឱ្យឧកញ៉ាយមរាជសួសជាមេកងទ័ព ប៉ែកឆ្វេងឱ្យសម្ដេចព្រះសុទត្តជាមេកងក្រវែលក្រោយ។ លុះបានដល់ឫក្សល្អហើយ ព្រះរាជគ្រូហោរាចារ្យ អញ្ជើញសម្ដេចចៅពញាចន្ទរាជា បរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គចូលស្រង់ទឹកមន្តភិសេកហើយ ព្រាហ្មណ៍ថ្វាយទឹកស័ង្ខ រួចទ្រង់គ្រឿងសិរីរាជ្យ អលង្ការបវរពិចិត្រ ពិភិតភូសា សំរាប់ទ្រង់រាជរណយុទ្ធ ស្ដេចឡើងគង់ព្រះទីនាំងកុញ្ជរគជសារសឹកពន្លឹកចុះប្រេងមហិមា គង់នៅលើរយាងទិព្វមាស បោះបាំងនូវស្វេត្រច្ឆ័ត្រមានមន្ត្រីជិះកណ្ដាលកាន់កន្ទុយមយូរាសំរាប់ឱ្យសញ្ញាទ័ព ហើយបង្គាប់ឱ្យមន្ត្រីម្នាក់ជិះកន្សៃសំរាប់វាយខ្ជែ។ ឯអស់មន្ត្រីខ្ញុំរាជការដែលជាសេនាទាហានធំ តូច ក៏ជិះដំរី សេះសឹករាល់ខ្លួនតាមពួកតាមកងជាអធិកពន្លឹកដោយក្លស់ក្លំអភិរម្យ សែនត្វាន់កាន់នូវទង់ជ័យ ប្រពៃថ្លៃថ្លា សស្ត្រាវុធ។ លុះព្រះសុរិយារឿងរះ ស្រឡះនភាកាសស្ដេចត្រាស់ឱ្យសម្ដេចព្រះរាជបុត្រាគឺសម្ដេចព្រះរាមាធិបតីចេញទ័ពមុខ ទាហានក៏តគោះគង ទូងភេរីតាំងហ៊ោ ដំណើរពេលទៅជាមុន ឯព្រះទីនាំង គជេន្ទ្រក៏ស្រែក។

"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជ នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។

ឯកសារយោង

កែប្រែ
យសស័ក្ដិខ្មែរ
មុនដោយ
យមរាជព្រំ
ឧកញ៉ាយមរាជនៃកម្ពុជាធិបតី
គ.ស.១៥២២-ប្រ.១៥៣០
តដោយ
មិនស្គាល់