សួគ៌ាលោកសុខ
ឧកញ៉ាសួគ៌ាលោកសុខ (សម័យចតុមុខ-លង្វែក) លោកជាបុត្រទី៤ នៃចៅពញាពេជ្រ ដែលជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់ក្នុងរាជ្យព្រះបាទចន្ទរាជាជាអម្ចាស់។ គ្រាដំបូងនៃជីវិតគេមិនបានដឹងទេ តែក្នុងពេលពេញវ័យ លោកបានចូលបំរើព្រះចន្ទរាជាជាមួយឪពុកក្នុងគ្រាដែលទ្រង់បានវិលត្រឡប់មកពីស្រុកសៀមរួចច្បាំងគ្នាជាបន្តបន្ទាប់ជាមួយឃុនហ្លួងព្រះស្ដេចកន។ កាលណោះ ព្រះបាទចន្ទរាជាមានរាជធានីនៅបន្ទាយមានជ័យ នៅតំបន់បាកាន ខែត្រពោធិ៍សាត់ សព្វថ្ងៃនេះ។ មុនដំបូងនៃការបំរើកងទ័ព លោកទទួលងារជា ចៅពញារាជតេជៈ ក្រោយពីបានសំលាប់ចៅហ្វាយស្រុកខែត្រពោធិ៍សាត់របស់ព្រះស្ដេចកនរួច ក្រោយចំបាំងបន្តបន្ទាប់លោកក៏ឡើងជាចៅពញាសង្គ្រាម រឺ យោធាសង្គ្រាម ក្រោយមកជាសេនាសង្គ្រាម រឺ មហាសេនាសង្គ្រាម រឺ សេនាធិបតីសង្គ្រាមគឺជាងារចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ ចុងក្រោយសួគ៌ាលោក ជាងារស្ដេចត្រាញ់ខែត្រពោធិ៍សាត់។
សួគ៌ាលោកសុខ | |
---|---|
ឧកញ៉ាសួគ៌ាលោកនៃខែត្រពោធិ៍សាត់ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ចៅពញាសួគ៌ាលោកទេព |
បន្ទាប់ | ឱកញាឱង |
ចៅពញាយោធាសង្គ្រាមនៃក្រុងបន្ទាយមានជ័យ | |
មុន | ចៅពញាយោធាសង្គ្រាមទេព |
ចៅពញាសេនាសង្គ្រាមនៃខែត្រអមរគីរិន្ទបូរ | |
ក្នុងការិយាល័យ គ.ស ១៥៤៩ | |
មុន | ចៅពញាសេនាសង្គ្រាមសួស |
ចៅពញារាជតេជៈនៃក្រុងបន្ទាយមានជ័យ | |
ក្នុងការិយាល័យ គ.ស ១៥៤៩ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សុខ ស្រុកភ្នំក្រវាញ បច្ចុប្បន្ន |
ឪពុកម្តាយ(s) | សួគ៌ាលោកពេជ្រ |
ប្រវត្តិក្នុងមុខតំណែង
កែប្រែសត្រូវព័ទ្ធបន្ទាយនៅពោធិ៍សាត់
កែប្រែចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។
ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។
ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។
ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជាចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។
ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។
កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា "ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពចៅពញាបរទេសរាជ និងវិបុលរាជជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រីដេញរេហ៍ពលឲ្យចូលទៅជួយច្បាំងថែមទៀត។
ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ពខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្របានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាងសុទ្ធសឹងតែរបឹងរឹងរូសមោះមុតដូចៗគ្នា។
ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថាកងទ័ពចៅពញាចក្រីមានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរជាសញ្ញាឲ្យដំណឹងដល់កងទ័ពឲ្យឈប់ច្បាំងទាំងសងខាង។
ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់នាំសេនាទាហានរេហ៍ពលថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូលតាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោកបន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។
លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ពតាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖
១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។
២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។
៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។
៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។
សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកពេជ្រ ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកពេជ្របានចូលទៅក្នុងបន្ទាយអស់ទៅហើយ។
សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ" ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញា ចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។
សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។
សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា:
"បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេ មានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។
សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកពេជ្រ ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។
ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។
រឿងពញាពេជ្រ នេះមានក្នុងព្រះរបាក្សត្រថា: ពញាពេជ្រនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាពេជ្រ មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។
សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាពេជ្រនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។
សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។
ពញាពេជ្រកេណ្ឌទ័ពខ្មោច
កែប្រែខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាពេជ្រចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។
កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំលាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជទេព១ ចៅពញារាជតេជៈសុខ ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅរួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រដល់សព្វថ្ងៃនេះ)។
លុះដល់ ព្រះចន្ទចរត្រង់ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដីនាំឲ្យភិតភ័យតក្កមាក្រៃលែងហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូលសម្ដេចចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រដែលបានផ្ដាំនោះ។ សម្ដេចចៅពញាចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិតតែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារ សេះ ដំរីជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។
កាលពញាពេជ្រ ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រីតាំងប្រគុំរងំខ្ទរខ្ទារ ទាំង ៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។ ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ ថ្ងៃ ៣ យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាពេជ្រ។ ចៅពញាតេជៈសុខ ជាកូនពញាពេជ្រ ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ (ឬអម្រិន្ទបូរ) សក្ដិ ១០ ហ៊ូពាន់ដូចគ្នា។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។
ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹកមានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ ៦ ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះមានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់ (ការប្រកាន់) នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទានរង្វាន់ជាមាសប្រាក់ និង យសសក្ដិដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។
ឯសម្ដេចចៅហ្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។
ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជាពីក្រោយដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជាស្ដេចរត់រួច។
ឯសម្ដេចចៅពញាចន្ទរាជាតាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជាជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ។
សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។
ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។
ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរីសេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។
រារាំងការវាយរុលមកអម្រិន្ទបូរពោធិ៍សាត់
កែប្រែលុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្រអម្រិន្ទបូរពោធិ៍សាត់វិញឲ្យបាន។
សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបានឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខែត្រសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។
ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខែត្រលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០ នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខែត្រលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែលើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយក ព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។ មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខែត្របាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយនាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខែត្រដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខែត្រទ្រាំងក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខែត្រនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជាជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខែត្រលង្វែក។ លុះដល់សំរេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូក ប្រទីបថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស ៣ ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យហៅថា “ភូមិសូរវង្ស”។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្ស កំពង់ប្រាសាទរៀងមក។ លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។
លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី ៣ ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
ការពារអាណាខែត្រភ្នំពេញ និង លង្វែក
កែប្រែសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខែត្របរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភាគិនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយ ឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្ល ឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុទត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខែត្រលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតសទ្រង់ ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខែត្ររលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
ស្ដេចកនបែកទ័ពលើកទី១
កែប្រែសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន្ត។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាពេជ្រ (មឿង) និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅបន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ “ជាលន់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជសួសឃុំពល ២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។
បទឈប់សឹក
កែប្រែសម្ដេចចៅហ៊្វាកៅ ដែលនាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។ ក្នុងខណៈនោះ ចូលក្នុងឆ្នាំមមី ចត្វាស័ក ព.ស ២០៦៦, គ.ស ១៥២២, ម.ស ១៤៤៤, ច.ស ៨៨៤ ខែជេស្ឋ ដែលគួរទុកឱកាសឲ្យរាស្ដ្រធ្វើស្រែចំការច្បារដំណាំ ទើបសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីគ្រប់គ្រងពិជ័យនគរមានព្រះរាជសារចាត់ឲ្យចៅពញាមន្ដ្រីជារាជទូតនាំទៅថ្វាយព្រះបរមខត្តិយាមហាបពិត្រជាអម្ចាស់ជីវិតលើត្បូងផែនដីត្រើយខាងលិច ដែលមានសេចក្ដីថា៖ ព្រះរាជសារមហាទ័ពវិសេស ព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះស្រីជេដ្ឋា បរមខត្តិយាមហាធិបតីសិរីយសោធរ គ្រងពិជ័យនគរបវររាជធានីជាអម្ចាស់លើត្បូង។ ចំរើនផ្លូវព្រះរាជមេត្រីមកព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះមហាចន្ទរាជារាមាធិបតីទិសខាងលិចបានទ្រង់ជ្រាប។ យើងធ្វើមហាពិជ័យសង្គ្រាមនឹងគ្នាជាអង្វែងឆ្នាំមកហើយ អស់អាណាប្រជានុរាស្ដ្រ ទាសកម្មករ បវររាជធានី ក៏នឿយព្រួយព្រាត់ប្រាស់បុត្រភរិយាជាច្រើន។ ឥឡូវនេះរដូវដែលត្រូវឲ្យរាស្ដ្រធ្វើស្រែក៏មកដល់ហើយ។ យើងជាម្ចាស់ផែនដីទិសខាងកើតយល់ថា គួរឈប់ធ្វើសង្គ្រាមមួយវេលា បង្អង់ឲ្យរាស្ដ្រធ្វើស្រែចំការសិន លុះរាស្ដ្រធ្វើរួចកាលណាសុំយើងធ្វើសង្គ្រាមល្បងព្រះបារមីតទៅទៀត។ ព្រះអង្គជាអម្ចាស់ទិសខាងលិចយល់ដូចម្ដេច? ថាបើយល់ព្រមហើយ ឲ្យរំសាយកងទ័ពទៅធ្វើស្រែចំការយកប្រយោជន៍ចិញ្ចឹមបុត្រភរិយាតាមប្រវេណីចុះ។ ព្រះបាទសម្ដេច ព្រះបរមខត្តិយា មហាចន្ទរាជាធិរាជ ជាអម្ចាស់លើត្បូង ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ និងព្រះរាជទូតថា ម្ចាស់ឯងគិតនេះក៏ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ។ សេចក្ដីនេះអញយល់ព្រមតាមហើយ តែឲ្យម្ចាស់ឯងរំលាយកងទ័ពទៅជាមុនចុះចាំអញរំសាយកងទ័ពទៅតាមក្រោយ។ វេលានោះ ចៅពញាមន្ដ្រីរាជទូតក៏ថ្វាយបង្គំត្រឡប់ទៅក្រាបទូលសម្ដេចព្រះស្រីជេដ្ឋាវិញ។ សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកន បានទ្រង់ជ្រាបហើយក៏ឲ្យរំសាយកងទ័ពទៅធ្វើស្រែចំការតាមភូមិលំនៅទីទៃៗ។ ឯសម្ដេចព្រះបរម ឧត្ដមខត្តិយា ចន្ទរាជាទ្រង់ជ្រាបដោយកងល្បាតថា ព្រះស្ដេចកនរំសាយកងទ័ពហើយ ព្រះអង្គក៏រំសាយកងទ័ពដែរ ទ្រង់ទុកនៅសំរាប់តែបន្ទាយប្រមាណ ១០០០ នាក់។
សង្គ្រាមនៅស្រឡប់ដូនតីពិជ័យព្រៃនគរ
កែប្រែសម្ដេចព្រះបរមបពិត្រ ខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រី ចៅហ្វាយស្រុកខែត្របាត់ដំបង កាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ កូនចៅពញាពេជ្រ កាន់ពល ៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភាគិនេយ្យជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី “ទេព” កូនទី៣ ពញាពេជ្រ ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។ ព.ស ២០៦៨, គ.ស ១៥២៥, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយា មហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។
គិតពីស្ដេចកន សោយរាជ្យជាសុខជាសម្ដេចព្រះស្រីជេដ្ឋា មកដល់ ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័កត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរ ហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀតត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំសុវណ្ណគតដោយអាវុធ។
បង្ក្រាបសម្ដេចឱកញាឱង
កែប្រែនៅព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំខាល ទោស័ក សម្ដេចព្រះចៅចក្រពត្តិ រាជាធិរាជ ត្រាស់ចាត់មេកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ស្រេច សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសំរាប់ពិជ័យយុទ្ធនាស្រេច ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រឈ្មោះ ប្លាយមង្គលទ្វីប ហើយក៏ឱ្យគោះគង ទូងភេរី លើកយោធាមុខ ក្រោយ ឆ្វេង ស្ដាំតាមក្បួនពិជ័យសង្គ្រាមដើរ។ ទ័ពធំមកត្រូវនគររាជសីមា និង មហានគរ។ ឯព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។ ឯបំរើសេះ ខាងក្រុងកម្ពុជា ដែលឱ្យទៅស៊ើបកិច្ចរាជការ ក្នុងក្រុងទេពនោះដឹងថា សៀមឱ្យកេណ្ឌរេហ៍ពលមកត្រៀមទ័ពហើយ ក៏ប្រញាប់មកប្ដឹងសេនាបតី សេនាបតី នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទជាអម្ចាស់។ ស្ដេចទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ពតាមជនបទតូចធំថែមទៀត។ លុះមកជួបជុំហើយ ទ្រង់ត្រាស់បង្គាប់ សម្ដេចព្រះរាមា ជាព្រះឱរសាធិរាជ និង សម្ដេចចៅហ្វាទឡ្ហៈ នៅចាំក្រោយព្រះមហានគរ ចាត់ដូច្នេះរួចហើយ ទើបទ្រង់ត្រាស់អស់មុខមន្ត្រីតូចធំថា បើយើងចាំទទួលទ័ពសៀមក្នុងព្រះនគរនោះឃើញថាអស់រាស្ត្រ ដែលនៅតាមផ្លូវមុខសឹកនឹងទៅជាឈ្លើយសៀមប្រាសវិនាសពីភូមិលំនៅអស់ពុំខាន។ ដូច្នេះ អញយល់ថា យើងត្រូវលើកទ័ពទៅទទួលទ័ពសៀម នៅទីប្រទល់ដែនទើបជា។ នោះអស់មុខមន្ត្រី ក៏ក្រាបទូលថា ទ្រង់ព្រះតំរិះយល់សេចក្ដី ទ្រង់ព្រះមហាករុណាដល់ប្រជានុរាស្ត្រនេះជាត្រឹមត្រូវណាស់។ ទើបព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ឱ្យក្រុមព្រះរាជគ្រូបុរោហិត និង ក្រុមពិជ័យរាជហោរាតាំងព្រះរាជពិធីប្រក់ពលស្រេច លុះបានឫក្សជាពេលាល្អហើយ សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ផែនដី ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់រាជ្យ ចេញរណយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធកុញ្ចរក្លាខ្លាំងបាំងនូវបវរស្វេត្រច្ឆ័ត្រមានជាន់ ៧ ដោយពុំទាន់ប្រាប្ដាភិសេកនៅឡើយ ហើយទ្រង់ចាត់ឱ្យអស់អគ្គសេនាចតុរង្គជាទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ព្រមដោយគ្រឿងអភិរម្យរាជនានា និង ដាវ កាំភ្លើង គ្រឿងប្រដាប់សំរាប់យុទ្ធទង់ជ័យ ប្រពៃថ្លៃថ្លា និងសេះសឹក សន្ធឹកមហិមា។ នោះព្រះពិជ័យរាជហោរាគោះគង ទូងភេរី ព្រះរាជគ្រូ បុរោហិត ថ្វាយទឹកស័ង្ខ ប្រាប្ដាភិសេកហែទង់ជ័យផ្លុំត្រែស័ង្ខ សុរិយាតន្ត្រី ដំណើរក្បួនទ័ពចេញអំពីព្រះនគរ តាមរយៈផ្លូវទៅដល់ស្រុកពោធិ៍សាត់។
ឯទ័ពសៀម លុះមកដល់ស្រុកនាងរងក៏រំលងមកដល់ស្រុកមហានគរវត្ត។ ចៅហ្វាយស្រុកនគរវត្ត កេណ្ឌបានពល ៥០០០ នាក់ ចេញទទួលច្បាំងនឹងទ័ពមុខ។ សៀមបានច្បាំងដោយអាវុធវែងខ្លី ពលស្លុតស្លាប់ទាំងសងខាង តែពលខ្មែរឃើញពលសៀមច្រើនណាស់លប់កំលាំងនឹងទប់ទល់ពុំបានក៏រត់បែកទ័ពចេញទៅទីទៃ។ ទើបចៅហ្វាយស្រុកមហានគរឃើញកងទ័ពខ្លួនបែកទ័ពរត់ចោលខ្លួនដូច្នោះក៏នាំតែទាហានរួមចិត្តចំនួន ៥០ នាក់រត់ទៅដល់ខែត្រពោធិ៍សាត់ជួបនឹងទ័ពហ្លួងត្រេកអរណាស់ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ ក្រាបទូលតាមហេតុសព្វសេចក្ដី ហើយថាដែលទូលព្រះបង្គំជាខ្ញុំរត់ចោលស្រុកនេះមានទោសដល់ជីវិត ស្រេចនៅព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ យល់ថាទ័ពសៀមជាទ័ពក្រស័ត្រ ពលក៏ច្រើនត្រាស់តែម៉្លោះហើយ ក៏តឿនឱ្យគ្រប់នាយកងទ័ពឱ្យលើកចេញពីខែត្រពោធិ៍សាត់ទៅទល់ដែនស្រុកនគរវត្ត។ ទ្រង់ត្រាស់ឱ្យតាំងទ័ពនៅមាត់វាលខាងលិចរង់ចាំស្ដាប់ជើងសឹកព្រះចៅចក្រពត្តិ។
ឯព្រះចៅចក្រពត្តិ លុះចៅហ្វាយស្រុកមហានគររត់ទៅហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយមហានគរ ហើយទ្រង់ទតអស់ប្រាសាទរាជរដ្ឋខ្មែរ។ ទ្រង់យល់ល្អត្រកាលណាស់ទ្រង់ត្រាស់សរសើរថា: ស្រុកនេះគប្បីជាស្រុក សម្ដេចអម្រិន្ទ្រាធិរាជសាងថ្វាយព្រះបាទអរិដ្ឋពលពាហនោជាព្រះបុត្រមែន សមជាស្រុកមហានគរមានក្សត្រាធិរាជ ១២១ ជាចំណុះមែន។ ស្ដេចកំពុងតែត្រាស់សរសើរ ដូច្នេះកងល្បាតសេះចូលទៅក្រាបទូលថា ទ័ពស្ដេចខ្មែរលើកមកតាំងបន្ទាយនៅមាត់វាលខាងលិចចំងាយប្រមាណ ៥០ សិន។ ឯព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់បង្គាប់អស់នាយកងទ័ពឱ្យប្រុងខ្លួនគ្រប់គ្នា។ លុះព្រឹកឡើងទ្រង់ត្រាស់បង្គាប់ឱ្យរៀបក្បួនទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ និង ដំរី សេះសឹកជាសន្ធឹកពន្លឹកមហិមាឱ្យទាហានពាក់អាវក្រហម មួកក្រហម ដែលមានចៅពញាមហាសេនាជាមេកងទ័ពមុខ។ ឯទ័ពឆ្វេងឱ្យព្រះសន្ធរសង្គ្រាមជាមេកងរេហ៍ពលពាក់អាវខៀវ មួកខៀវ ប៉ែកស្ដាំឱ្យចៅពញាព្រះឃ្លាំងធិបតីជាមេកងរេហ៍ពលពាក់អាវបៃតង មួកបៃតង។ ឯទ័ពក្រោយ ឱ្យចៅពញាចក្រីជាមេកងរេហ៍ពល ពាក់អាវខ្មៅ មួកខ្មៅ។ ឯទ័ពហ្លួង រេហ៍ពលពាក់អាវលឿង មួកលឿង។ លុះបាននពឫក្សហើយ សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសុវណ្ណរាជភូសា ព្រះមណីរតន៍ សង្វារប្រដាប់ដោយមណីរតន៍ សំរាប់រាជសង្គ្រាម ស្រេចស្ដេចឡើងគង់ព្រះទីនាំង ប្លាយមង្គលទ្វីបចុះប្រេងបាំងនូវស្វេត្រច្ឆ័ត្រ ៩ ជាន់គង់នៅលើរយាងបិទមាសឱភាសសោភា ហើយឱ្យមន្ត្រីម្នាក់នៅជិះជាកណ្ដាល កាន់កន្ទុយក្ងោកឱ្យមន្ត្រីម្នាក់ទៀតជិះកន្សៃ វាយខ្ជែងឱ្យអស់នាយកង នាយទ័ពជិះដំរី សេះ សឹក ហើយវាយគងទូងស្គរសុរិយាតន្ត្រី ប្រគុំរងំរអើកកក្រើកលើកទ័ពតំរង់ទៅទ័ពស្ដេចខ្មែរ។
ឯព្រះចៅក្រុងខេមរាប្រទេស វិសេសខត្តិយា មហាចន្ទរាជាធិរាជក្នុងវេលាយប់នោះ ព្រះអង្គត្រាស់ប្រាប់ឱ្យប្រុងខ្លួនគ្រប់នាយកងទ័ព។ លុះព្រឹកឡើង ទ្រង់ចាត់សម្ដេចព្រះរាមាជាព្រះរាជបុត្រាច្បងឱ្យធ្វើជាមេទ័ពមុខគង់ព្រះទីនាំងពិជ័យកុញ្ជរបវរហត្ថីឱ្យចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ (មឿង) ទី៣ ជាមេទ័ពមុខបង្អស់ឧកញ៉ាចក្រីទេព កូនពញាពេជ្រ (មឿង) ទី៤ ជាមេកងទ័ពប៉ែកស្ដាំឱ្យឧកញ៉ាយមរាជសួសជាមេកងទ័ព ប៉ែកឆ្វេងឱ្យសម្ដេចព្រះសុទត្តជាមេកងក្រវែលក្រោយ។ លុះបានដល់ឫក្សល្អហើយ ព្រះរាជគ្រូ ហោរាចារ្យ អញ្ជើញសម្ដេចចៅពញាចន្ទរាជា បរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គចូលស្រង់ទឹកមន្តភិសេកហើយ ព្រាហ្មណ៍ថ្វាយទឹកស័ង្ខ រួចទ្រង់គ្រឿងសិរីរាជ្យ អលង្ការបវរពិចិត្រ ពិភិតភូសា សំរាប់ទ្រង់រាជរណយុទ្ធ ស្ដេចឡើងគង់ព្រះទីនាំងកុញ្ជរគជសារសឹកពន្លឹកចុះប្រេងមហិមា គង់នៅលើរយាងទិព្វមាស បោះបាំងនូវស្វេត្រច្ឆ័ត្រមានមន្ត្រីជិះកណ្ដាលកាន់កន្ទុយមយូរាសំរាប់ឱ្យសញ្ញាទ័ព ហើយបង្គាប់ឱ្យមន្ត្រីម្នាក់ជិះកន្សៃសំរាប់វាយខ្ជែ។ ឯអស់មន្ត្រីខ្ញុំរាជការដែលជាសេនាទាហានធំ តូច ក៏ជិះដំរី សេះសឹករាល់ខ្លួនតាមពួកតាមកងជាអធិកពន្លឹកដោយក្លស់ក្លំអភិរម្យ សែនត្វាន់កាន់នូវទង់ជ័យ ប្រពៃថ្លៃថ្លា សស្ត្រាវុធ។ លុះព្រះសុរិយារឿងរះ ស្រឡះនភាកាសស្ដេចត្រាស់ឱ្យសម្ដេចព្រះរាជបុត្រាគឺសម្ដេចព្រះរាមាធិបតីចេញទ័ពមុខ ទាហានក៏តគោះគង ទូងភេរីតាំងហ៊ោ ដំណើរពេលទៅជាមុន ឯព្រះទីនាំង គជេន្ទ្រក៏ស្រែក។
"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជា នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។
លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យានឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយ ជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថា ក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យា ត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់ លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខែត្រត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិមួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមររាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា:
ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសុរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។
លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងស្វាយដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខែត្រពោធិ៍សាត់។
ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រព្ធរារឹទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។
លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរារឹទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេព្តា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។
កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរីទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។
ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។ ទ័ពសៀមខ្លះ ដែលរត់ត្រឡប់ទៅស្រុកវិញ ក៏ទូលស្ដេចសៀមតាមរឿងគ្រប់ប្រការ។ ស្ដេចសៀមនឹករអាកោតខ្លាចព្រះចេស្ដា មិនហ៊ានឱ្យលើកទ័ពមកទៀតឡើយ។ សៀម និង ខ្មែរ ក៏ឈប់ធ្វើសង្គ្រាមនឹងគ្នា។ ក្រោយនោះ ស្ដេចឱ្យអញ្ជើញសពពញាអុងដាក់ព្រះស្ថានរួចស្ដេចឱ្យធ្វើព្រះមេរុថ្វាយព្រះភ្លើងដោយសមគួររើសអដ្ឋិធាតុដាក់កោដ្ឋមាសសាងព្រះចេតិយបញ្ចុះទុកនៅទីនោះ។ ស្ដេចទ្រង់សាងព្រះវិហារមួយនៅក្បែរដើមពោធិ៍ ទ្រង់យកព្រះពានព្រះស្រីរបស់ព្រះអង្គមួយ ព្រះពានព្រះស្រីរបស់ពញាអុងមួយសាងព្រះពុទ្ធរូប បដិមាករមាស ទ្រង់ព្រះភ្នែនជាសមាធិ ពីរព្រះអង្គប្រតិស្ថានទុកក្នុងព្រះវិហារនោះ។ ស្ដេចទ្រង់បានសាង សាលា កុដិ និមន្តព្រះភិក្ខុសង្ឃមកគង់ធ្វើបុណ្យបញ្ចុះសីមាវេរប្រគេនសង្ឃរួចស្រេច ស្ដេចទ្រង់បញ្ញត្តិឱ្យហៅថា វត្តពោធិ៍មានបុណ្យ។ វត្តនោះនៅក្នុងខែត្រពោធិ៍សាត់។ ទ្រង់តាំងចៅអធិការ ងារជាព្រះពោធិវង្ស។ ថ្ងៃក្រោយ ស្ដេចលើកពលយោធាពាលានិករត្រឡប់មកព្រះរាជវាំងលង្វែកវិញ។ ស្ដេចគង់ជាសុខសប្បាយ គ្មានសត្រូវមកបៀតបៀន ព្រះនគរបានឡើយ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ ស្ដេចសោយរាជសម្បត្តិសំបូរ។ គ្រប់មហាជនច្រើនសាសន៍ចូលមកពឹងបារមីបានសេចក្ដីក្សេមក្សាន្ត។
(សាស្ត្រវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីដូចតទៅ) "ពីក្រោមបែរក្បាលផ្អៀង សម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចំណាប់ស្ដេចកាប់នឹងព្រះសែងដាវត្រូវព្រះអង្សា "ស្មា" ចៅពញាអុងរាជា ព្រះអង្គសួគ៌លោកដាច់ចង្ហូតស្ពាយឆៀង ក៏ដល់ព្រះវិលាល័យក្ស័យព្រះជន្មាយុនៅនាកដំរី ព្រះទីនាំងគជេន្ទ្រ។ កាលព្រះមហាក្សត្រ ស្ដេចធ្វើការសង្គ្រាមមានជ័យហើយ សេនាបតី មន្ត្រី យោធាទាហាន ក៏មានចិត្តអំណរតាំងហ៊ោចូលច្បាំង សំរុកគ្រលុកកាប់ទ័ពសៀមឥតសំចៃដៃឡើយ។ ទ័ពសៀមក៏បាក់បែកខ្ចាត់ខ្ចាយអន្តរាយក្នុងវេលារាត្រីនោះ ទើបព្រះបរមបពិត្រមានព្រះរាជឱង្ការឱ្យចៅពញាមហាសេនា ចៅពញាយោធាសង្គ្រាម ចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកបាត់ដំបង ចៅហ្វាយស្រុកនគរវត្ត និងចៅហ្វាយស្រុកបរិបូណ៌ឱ្យឃុំពលដេញតាមទ័ពសៀមឱ្យដល់ផុតដែនកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចក៏មានជ័យជំនះដោយព្រះបញ្ញាធិការចេស្ដានុភាព។ វេលានោះទ័ពខ្មែរចាប់បានសៀមឈ្លើយ ១០០០០ ប្លាយនាក់បានដំរី ៩០ ប្លាយបានសេះ ៤៥០ បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ គ្រឿងស្បៀងអាហារ នូវគ្រឿងបរិភោគ ឧបភោគជាច្រើន។ ឯពលសៀមស្លាប់នៅទីចំបាំង ខ្មោចរាយរៀងតាមផ្លូវប្រមាណជា ២០០០០ នាក់ប្លាយ។ ក្រោយមកសម្ដេចព្រះបរមបពិត្រ ស្ដេចឱ្យនាំព្រះសពពញាអុងដាក់លើព្រះទីនាំង ដែលពញាអុងគង់មកធ្វើសង្គ្រាម ទើបស្ដេចលើកក្បួនទ័ពចូលមកបន្ទាយមានជ័យវិញ"។ ខាងទ័ពជើងទឹក ពញាយមរាជលើកពលសៀមមកដល់ស្រុកកំពតមកដល់ច្បាំងនឹងចៅពញាពិស្ណុលោក ចៅពញាអធិកវង្សា កងទ័ពខ្មែរមានជ័យ ទ័ពសៀមបរាជ័យចាញ់រត់ទៅស្រុកសៀមវិញ។ ខ្មែរយកដាវ កាំភ្លើង គ្រឿងសស្ត្រាវុធបានជាច្រើន។ ទ័ពគោក ដែលសល់ពលប្រមាណជា ៥០០០០ ប្លាយនាក់នោះរត់វិលទៅទូលព្រះចៅក្រុងស្រីអយុធ្យាវិញ។ ស្ដេចសៀមទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ក្រែងថ្វីព្រះហស្ថ សម្ដេចព្រះបរមរាជាណាស់ស្ដេចក៏លែងលើកសឹកសង្គ្រាមទៅទៀត។
លុះដល់ថ្ងៃក្រោយ សម្ដេចព្រះមហាក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញជួបជុំអគ្គមហាសេនា ពលទ័ពធំតូចទ្រង់ត្រាស់ព្រះរាជបរិហារថា: ព្រះសពចៅពញាអុងរាជានេះ តើយើងត្រូវធ្វើដូចម្ដេច? ទើបអស់មុខមន្ត្រីធំតូច ក្រាបបង្គំទូលព្រះករុណាថា: ចៅពញាអុងរាជាជាសម្ដេចព្រះរៀមក៏មែន តែព្រះអង្គនាំទ័ពសៀមមកបំផ្លាញក្រុងកម្ពុជា ខេមរាប្រទេសឱ្យទៅជាឈ្លើយសៀម ឥឡូវនេះទ្រង់បរាជ័យក្ស័យព្រះជន្មទៅហើយ ដូច្នេះទូលព្រះបង្គំយល់ថា: គួរតែបញ្ចុះព្រះសពនេះ ឱ្យតែសមគួរបានហើយ។
ទើបព្រះករុណាពិសេស បរមរាជាធិរាជ ជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជឱង្ការថា: បំណាច់ជាខត្តិយត្រកូលរៀងប្រយូរវង្ស យើងត្រូវធ្វើតាមទំនៀមសមគួរចុះ។ ទើបទ្រង់ព្រះរាជដំណើរទៅស្រង់ព្រះសព ចៅពញាុងដាក់ក្នុងព្រះផែនរតនាស្រេច ហើយទ្រង់ត្រាស់ឱ្យកេណ្ឌខ្ញុំក្រោមល្អងធូលីព្រះបាទមកធ្វើព្រះមេរុខ្នាតតូចតំកល់ព្រះសព។ លុះស្រេចហើយ ព្រះបរមបពិត្រសិតសាងព្រះអារាមឱ្យកេណ្ឌមនុស្សកាប់ឈើប្រុងគ្រឿងព្រះវិហារ ទើបទ្រង់ត្រាស់នឹងអស់ខ្ញុំរាជការថា: យើងធ្វើសង្គ្រាមម្ដងនេះ ជាការធំលើសលែងសព្វគ្រារហូតដល់ស្ដេចចេញសមយុទ្ធនឹងហត្ថីប្រជល់ដំរី ដូច្នេះ ស្ដេចនឹងសាងព្រះវិហារទុកជាព្រះកេរ្តិ៍ ព្រះយសតទៅ។ ទ្រង់ត្រាស់ឱ្យជាងទង យកព្រះពានព្រះស្រីធំទៅសាងជាព្រះពុទ្ធបដិមាមួយអង្គឱ្យយកព្រះពានព្រះស្រីធំជារបស់ចៅពញាអុង ដែលរើសបាននៅព្រះទីនាំងគជេន្ទ្រ កាលសុគតនោះឱ្យធ្វើជាព្រះពុទ្ធរូបមួយអង្គ ហើយទ្រង់ឱ្យរៀបរាជពិធីសង្គ្រាមាជយាសេដ្ឋា។ លុះដល់ភ្នាក់ងាររៀបចំស្រេចព្រះមហារាជគ្រូ ក៏អញ្ជើញសម្ដេច ស្ដេចព្រះបរមក្សត្រវិសុទ្ធមកុដ កម្ពុជាធិបតី គង់លើមហាពិជ័យមណ្ឌលថ្នាក់បន្ទាប់សម្ដេចព្រះបរមរាជបុត្រាធិរាជ ថ្នាក់ក្រោមជាន់ទីបី សេនាបតី ឯរាជសេវកាមាត្យជាន់ក្រោមរៀបចតុរង្គកាស។ លុះបានឫក្សជាពេលាល្អ ព្រះមហារាជគ្រូបុរោហិត ហោរាចារ្យ ក៏គោះគង ទូងស្គរតូរ្យតន្ត្រី ថ្វាយទឹកក្លស់ ទឹកស័ង្ខ មុទ្ធាភិសេក ស្រេចតាមកិច្ចព្រះរាជពិធីជាសុវត្ថិមង្គលាការតាមការប្រាបអរិន្ទរាជសត្រូវ មានជ័យហើយ ហើយប្រទានរង្វាន់សេនាទាហានរាល់ខ្លួនស្រេច ស្ដេចចូលព្រះពន្លាវិញ។ ថ្ងៃក្រោយមានសំបុត្រមកថាទ័ពទឹកមានជ័យជំនះ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះសោមនស្ស ប្រីតាភិរម្យណាស់ សប្បាយយ៉ាងឆ្អែតឆ្អន់បាត់ឃ្លានបាយ។ វេលានោះ ជាងសាងព្រះវិហាររួចស្រេច ប្រក់ស្បូវអំបែងបិទមាសជហ្វាដងក្ដារ ជញ្ជាំងក្ដារព្រមទាំងសាលាកុដិ។ ឯព្រះពោធិ៍ ដែលស្លាប់ហើយរស់វិញ នៅមុខព្រះវិហារនោះ ទ្រង់ឱ្យលើកខឿន បិទមាសដើមពោធិព្រឹក្ស លុះស្រេចការព្រះវិហារមែនទែនហើយ ស្ដេចនិមន្តព្រះសង្ឃមកគង់ ទ្រង់ឱ្យរៀបក្បួនដង្ហែព្រះពុទ្ធរូបទាំងពីរព្រះអង្គ ចូលប្រតិស្ឋានទន្ទឹមគ្នាក្នុងព្រះវិហារ។ ទ្រង់ត្រាស់ឱ្យយកស្វេត្រច្ឆ័ត្រ ៩ ជាន់ ដែលតាំងលើព្រះទីនាំងគជេន្ទ្រសំរាប់ទ្រង់មកបាំងថ្វាយព្រះពុទ្ធរូបផង។ ព្រះអង្គឱ្យយកស្វេត្រច្ឆ័ត្រ ៥ ជាន់ដែលតាំងនៅលើព្រះទីនាំងចៅពញាអុងរាជាមកបាំងថ្វាយព្រះពុទ្ធរូប ដែលយកពានចៅពញាអុងសាងនោះ ដាក់ខាងឆ្វេង ហើយហែព្រះសព ចៅពញាអុងរាជាចូលមេរុ ស្ដេចធ្វើបុណ្យសាងព្រះរាជកុសលឆ្លងព្រះវិហារ អភិសេកព្រះតាមព្រះពុទ្ធានុញ្ញាតហើយ ទ្រង់សន្មតដើមពោធិ៍ជា បូព៌និមិត្តនោះឱ្យឈ្មោះថា: ព្រះពោធិ៍មានបុណ្យ។ ទ្រង់ព្រះរាជទានភ្លើងបូជាព្រះសពចៅពញាអុងរាជាជាព្រះរៀមអយ្យកោមួយ ហើយបញ្ចុះព្រះអដ្ឋិទៅក្នុងព្រះចេតិយនៅក្នុងវត្តនោះ ទ្រង់ឱ្យកេណ្ឌពលជាសំរាប់សំរេចការ។ ទ្រង់ត្រាស់ឱ្យត្រួតត្រៀមក្បួនទ័ពកៀរឈ្លើយសៀមនឹងត្រឡប់ចូលមកក្នុងព្រះនគរលុះដល់ថ្ងៃកំណត់ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រចងកញ្ចោងចតុម្មុខចេញក្បួនទ័ពពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចយាងដល់ខែត្រក្រគរ ស្ដេចមានព្រះឱង្ការត្រាស់ថា: កាលយើងធ្វើចំបាំងនឹងអាកននោះបានលើកទ័ពមកបោះតាំងបន្ទាយនៅខែត្រពោធិ៍សាត់រៀងមកដល់ឧដុង្គ។
ឯកសារយោង
កែប្រែយសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ សួគ៌ាលោកទេព |
ឧកញ៉ាសួគ៌ាលោកនៃខែត្រពោធិ៍សាត់ | តដោយ ឱកញាឱង |
មុនដោយ យោធាសង្គ្រាមទេព |
ចៅពញាយោធាសង្គ្រាមនៃក្រុងបន្ទាយមានជ័យ | តដោយ មិនស្គាល់ |
មុនដោយ សេនាសង្គ្រាមសួស |
ចៅពញាសេនាសង្គ្រាមនៃអមរគីរិន្ទបូរ | តដោយ មិនស្គាល់ |
មុនដោយ បានតែងតាំង |
ចៅពញារាជតេជៈនៃក្រុងបន្ទាយមានជ័យ | តដោយ មិនស្គាល់ |