ចៅពញាវង្សាអនុជិតយស (ចៅពញា ជាសក្ដិ, វង្សាអនុជិត ជាងារ, យស ជាឈ្មោះ) លោកជាចៅហ្វាយស្រុកខែត្របាទី និងជាមេទ័ពខាងព្រះស្ដេចកន

វង្សាអនុជិតយស
ចៅពញាវង្សាអនុជិតនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
ប្រហែល ១៥១៦
ព្រះមហាក្សត្រស្រីជេដ្ឋា
មុនចៅពញាវង្សាអនុជិត (ឝ្រីឝៅគន្ធបទ)
បន្ទាប់ចៅពញាវង្សាអនុជិត (ក្រុងមានជ័យ)
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
យស

ប្រវត្តិ និង ការងារ

កែប្រែ

លើកទៅវាយអាណាចក្របន្ទាយមានជ័យ

កែប្រែ

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា : បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយ ជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូង តាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ៊្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលាលើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុកឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយ កុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ព នៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯង កាន់ពល១៥០០០នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង។ ចៅពញសួគ៌ាលោកមឿងយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។ ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោ ពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជ ឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទី ជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជ និង ចៅពញាវិបុលរាជ ដែលបង្កប់តាមសងខាងផ្លូវនោះ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាមឿង ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។

លើកទៅវាយបន្ទាយមានជ័យលើកទី២

កែប្រែ

ព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជាវាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ៊្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។ ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖

  • ១. ផ្លូវទី១
  • ២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖

ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។ លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​យមរាជ​ព្រាប​ជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅហ្វាយ​ស្រុក​ខេត្ត​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខក្រោយ ឆ្វេង​ ស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយ ដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

ឯកសារយោង

កែប្រែ
យសស័ក្ដិខ្មែរ
មុនដោយ
វង្សាអនុជិត(ឝ្រីឝៅគន្ធបទ)
ចៅពញាចក្រីនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ប្រហែល ១៥១៦
តដោយ
វង្សាអនុជិត (ក្រុងមានជ័យ)