ស្រែន្យាធិបតីភឹម
ចៅពញាស្រែន្យាធិបតីភឹម លោកជាមន្ត្រីបំរើសម្ដេចព្រះចន្ទរាជា តំណែងជាចៅហ្វាយស្រុកខែត្ររលាប្អៀរ។ ដំបូងលោកមានងារជាហ្លួងរាជាភឹម។ ប្រហែលជាក្នុងឆ្នាំ ១៥៤៩ លោកបានកាន់តំណែងជាចៅហ្វាយស្រុកខែត្ររលាប្អៀរ មានគោរម្យងារថា ស្រែន្យាធិបតី។
ស្រែន្យាធិបតីភឹម | |
---|---|
ចៅពញាស្រែន្យាធិបតីនៃក្រុងកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស ១៥៤៩ – ? | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ចៅពញាស្រែន្យាធិបតីសោម |
បន្ទាប់ | មិនស្គាល់ |
ហ្លួងរាជានៃក្រុងមានជ័យ | |
ក្នុងការិយាល័យ ? – គ.ស ១៥៤៩ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ភឹម |
ប្រវត្តិ
កែប្រែក្នុងរាជពង្សាវតារ
កែប្រែក្រោយពីបង្ក្រាបសង្គ្រាមជ័យនៅក្រុងបន្ទាយមានជ័យមកហើយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោងដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ពចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នាជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។
ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជាឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ្វាកៅក៏រា-តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ្វាកៅមួយអន្លើ ចៅហ្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។
ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាមសម្ដេចចៅហ្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។
ចៅពញាស្រែន្យាសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។
សមរភូមិលង្វែក និង ភ្នំពេញ
កែប្រែសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ទ្រង់ឲ្យចៅហ្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខេត្តបរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភាគិនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាពេជ្រឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាពេជ្រ (មឿង) ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតីភឹម ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុទត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខេត្តលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាលពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោកសុខ ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជសូរដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន ១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខេត្តលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។
លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតសទ្រង់ ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខេត្តរលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ ស្រែន្យាធិបតីសោម |
ចៅពញាស្រែន្យាធិបតីនៃកម្ពុជាធិបតី គ.ស ១៥៤៩-? |
តដោយ មិនស្គាល់ |
មុនដោយ មិនស្គាល់ |
ហ្លួងរាជានៃក្រុងមានជ័យ ?-គ.ស ១៥៤៩ |
តដោយ មិនស្គាល់ |