សារាយអណ្ដែត ចង្ហាន់ហុយ

ព្រះទីនាំងចក្រពត្តិ រឺ​ សារាយអណ្ដែត ចង្ហាន់ហុយ ជាប្រភេទទូក-ងសំរាប់កងទ័ពវាមានល្បឿនលឿនបើតាមដំណាលក្នុងពង្សាវតារបានពោលថា ទូកនេះមានល្បឿនដែលសូម្បីតែចង្ហាន់លោកទៅវិញទៅមកគឺនៅតែក្ដៅហុយៗដដែល មានន័យថាវាមានល្បឿនលឿនណាស់។ ទូកនេះកសាងនៅសម័យព្រះបាទឝ្រីឝៅគន្ធបទ តំកល់នៅវត្តមួយនៅខែត្រអមរគីរិន្ទបូរ (ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងសព្វថ្ងៃ)។

ប្រវត្តិ
កម្ពុជាក្រុងបន្ទាយមានជ័យ ក្រោយមក កម្ពុជាធិបតី
ឈ្មោះ: ចក្រពត្តិ រឺ សារាយអណ្ដែត ចង្ហាន់ហុយ
ប្រតិបត្តិករ: កម្ពុជា កងទ័ពជើងទឹកក្រុងបន្ទាយមានជ័យ និង កម្ពុជាធិបតី
អ្នកធ្វើ: ព្រះមង្គលសត្ថាជ័យ
ធ្វើរួច: គ.ស ១៥៤៩
ខូច: គ.ស ១៥៥៦
លក្ខណៈទូទៅ
ប្រភេទ: ទូកអុំ
ថាមកម្ម: អុំ
ល្បឿន: ចង្ហាន់ហុយ
កងទ័ព: ១២៤ នាក់

ប្រគល់ឱ្យព្រះបាទចន្ទរាជាជាទូកចំបាំង

កែប្រែ

ក្រោយពីពេលបង្ក្រាបសឹកសង្គ្រាមនៅក្រុងបន្ទាយមានជ័យហើយ សម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះនាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:

សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិនប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅអាចក្ដីក៏នាំសិស្សានុសិស្សទៅកាប់ចាំងឈើនោះធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅអាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរ (គួរតែស្រុកសានគរ) អាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ

សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។

លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗនៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះថ្វាយព្រះពរមែន។

សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំងខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោង ដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។

សឹកសង្គ្រាមជ័យ

កែប្រែ

ចៅហ្វាយស្រុក​ខែត្រ​អាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់ខែត្រ​ដែល​ឡើង​ខែត្រ​អាសន្ទុក​នោះគឺ​ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​ ២៥ ​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រសំរាប់ចំលង​​កងទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​អមរគីរីន្ទបូរ (អម្រិន្ទបូរី)។ ក្នុង​​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខែត្រក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់បំរើសេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជាដែល​នៅ​រក្សា​ខែត្រ​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាបកុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យ (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល ​១០០០០ ​នាក់កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន។ ទ្រង់​ត្រាស់​កំណត់​ថាបើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​បាន។ សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បំរើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យោ​ចៅពញា​យសរាជា​រួច​ហើយ ស្ដេច​ត្រាស់​បង្គាប់​ចៅពញា​ធិបតី​សេនាពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅឲ្យ​នាំ​រេហ៍ពល​ ២០០០០ ​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សំរេច​ចុះ” ។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិគឺ​ទូក​-ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក-​ង​ផ្សេងៗ​ ២៥ ​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាបចាំ​ទ័ព​សត្រូវ។ ចៅពញា​ឧទ័យធិរាជ​ ចៅហ្វាយស្រុក​ខែត្រ​អាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ខាងលិច។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ធំ​តូច​រំពង​ឡើង។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែន គ្មាន​ចំណាប់​នឹង​បាញ់ ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខែត្រអម្រិន្ទបូរ។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​វិញ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ ឬ​ បី​ពាន់​នាក់។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​ ២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សំរុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​ ១០ ​នាក់​ទៀត។ ឯ​ចៅ​មឿង ​១១ ​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​មុន។ ឯ​ចៅពញា​ធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង​ ១១​ នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទំរាំ​ស្ដេច​យាង​ទៅ​ដល់។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយ ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅនាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​ ២២​ នាក់ និង​ឈ្លើយ​ទាំង ​៦០០០០​ នាក់​ដែល​ចាប់​បាន​នោះនាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​ ៦០០០០​ នាក់ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយនឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើត ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ ​៣ ​ដង​ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច។ លុះ​ពល​ទាំងនោះ​សុំ​ចុះចូល​អស់ហើយ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ពញា​ឧទ័យធិរាជ​ជា​ចៅហ្វាយ​ស្រុក​ខែត្រ​អាសន្ទុក​ដែល​ទើបនឹង​សុំ​ចុះចូល​ឲ្យ​នាំ​មឿង​ទាំង​ ២២ ​ស្រុក និង​រេហ៍ពល ​៦០០០០​ នាក់​ដែល​សល់​ពី​ស្លាប់​នោះ​ឲ្យ​លើកទ័ព​ទៅ​វាយបន្ទាយ​ខែត្រ​កំពង់សៀម បន្ទាយ​ខែត្រ​ជើងព្រៃ និង​ស្ទឹងត្រង់ ទាំង ​៣​ ខែត្រ​នេះ​ឲ្យ​បាន។ ចៅហ្វាយស្រុក​ទាំង ​៣ ​ខែត្រ​នេះ​ធ្លាប់​ខ្លាច​ថ្វីដៃ​ចៅពញា​ឧទ័យធិរាជ​ស្រាប់លុះ​ឃើញ​កងទ័ព​ពញា​ឧទ័យធិរាជ​ចាត់​សេនា​ទាហាន​ឲ្យ​នៅ​រក្សា​ខែត្រ​ទាំង ​៣​ នោះ​ហើយក៏​លើកទ័ព​មក​ក្រាប​បង្គំ​ទូល​ស្ដេច​ចៅពញា​ចន្ទរាជា​អំពី​ជ័យ​ជំនះ​ ដែល​ខ្លួន​យក​បាន​គ្រប់​ប្រការ។ ស្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ព្រះ​រាជទាន​មាស ប្រាក់ យសស័ក្ដិ​ដល់​សេនា​ទាហាន​ទាំងនោះ​ឲ្យ​ឡើង​ទីទៃៗ​ពី​គ្នា​តាម​សមគួរ​ហើយ ទ្រង់​ផ្ដាំ​នឹង​ចៅពញា​ឧទ័យធិរាជ​ឲ្យ​ការពារ​សឹក​សង្គ្រាម​ត្រើយ​ខាងកើត ទិស​ខាងជើង​នេះ​ឲ្យ​ជាប់​នៅ​នឹង​បា​ឯងឲ្យ​បា​ឯង​ខំ​រក្សា​អាណាខេត្ដ ព្រមទាំង​បញ្ចុះ​បញ្ចូល​ចៅហ្វាយស្រុក ចៅ​មឿង​ទីទៃៗ​ឲ្យ​បាន​មក​ជា​ចំណែក​ខាងយើង​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ និង​ចៅ​មឿង ​២១​ ខែត្រក៏​ថ្វាយបង្គំ​ទូល​ថ្វាយ​ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខែត្រ​ទីទៃៗ​រៀងខ្លួន។ ចៅពញា​ឧទ័យធិរាជ​ទៅ​ដល់ខែត្រហើយ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន និង​អ្នកមាន​ប្រាជ្ញា​ស្មារតី​មាន​ថ្វីមាត់​ចេញ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ ចៅហ្វាយស្រុក​ចៅ​មឿង​ដែល​នៅ​ទិស​ខាងកើត​ ប៉ែក​ខាងលិច​នោះ​ទាំងអស់។ សេនា​ទាហាន និង​អ្នក​មាន​ប្រាជ្ញា​ស្មារតី​ថ្វីមាត់​ទាំងនោះ​ទៅ​បញ្ចុះបញ្ចូល​បាន​ ចៅហ្វាយស្រុក​មហានគរ ចៅ​មឿង​សូទ្រ​និគម ចៅ​មឿង​ពួក ចៅ​មឿង​ក្រឡាញ់ ចៅ​មឿង​ចុងកាល់ និង​រហូត​រៀង​ទៅ​ដល់​ចុងផែន​បានជា​ច្រើន​នៅ​ទិស​ខាងលិច​ជា​ស្រេច​ដាច់ខាត​មកខាង​ស្ដេច​ពញា​ចន្ទរាជា​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ​ជោគជ័យ​ដូច្នោះ​ហើយ ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ចូល​មក​ព្រះបាទ​ចន្ទរាជា​ជា​ម្ចាស់​តាម​ដំណើរ។ ព្រះបាទ​អ្នក​អង្គ​ម្ចាស់​ទ្រង់​ជ្រាប​ហើយ ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទើប​ព្រះ​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ខេត្ដ​អម្រិន្ទបូរ​វិញ។ ក្នុង​ឆ្នាំជូតអដ្ឋស័ក​នោះ ព្រះ​សង្ឃរាជ​រាជាគណៈ ​ឋានានុក្រម និង​ព្រះ​បុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ​វង្សានុវង្ស​ដែល​រត់​ខ្ចាត់​ភ្លាត់​ចេញពី​ក្រុងភ្នំពេញ និង​ពី​ក្រុង​បាសាន្ត​នោះ​ដឹង​ថា “សម្ដេច​ព្រះអនុជ (ព្រះ​ចន្ទរាជា) ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ហើយ” ក៏​ចេញពី​ព្រៃ​ដែល​ពួន​ជ្រក​នោះ​មក​ជួបជុំ​នាយកង​នាយ​ទ័ពសុំ​ឲ្យ​នាំ​ខ្លួន​យក​ទៅ​ថ្វាយ​ជា​ខ្ញុំ​រាជការ ហើយ​ប្រឹក្សា​គ្នា​ថា “ទ្រង់​ព្រះករុណា​ពិសេស​ជា​អម្ចាស់​យើង​នេះ​ពេញ​ជា​ព្រះរាជ​បុត្រា​បង្កើត​នៃ​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ ព្រះ​ធម្មរាជា​ដែល​ជា​ព្រះមហាក្សត្រ​ទ្រង់ធម៌ ទ្រង់​ប្រាថ្នា​ជា​ពុទ្ធភូមិ វិរិយោធិក ព្រះ​អង្គ​ម្ចាស់​យើង​នេះ​ពេញ​ជា​មាន​សតិបញ្ញា​ឈ្លាសវៃ​ណាស់ ព្រះ​អង្គ​ឈម​ព្រះ​ភ័ក្ដ្រ​ទៅ​ធ្វើសង្គ្រាម​ទិស​ណា ក៏​វាយ​ទិស​នោះ​បាក់បប​ខ្លបខ្លាច​ទាំងអស់ ពុំដែល​ទើស​ទាក់ និង​ព្រះ​រាជានុភាព​បាន​ឡើយ។

ការពារអាណាខែត្រភ្នំពេញ និង លង្វែក

កែប្រែ

ក្រោយមក​ក្នុង​ឆ្នាំ​ដដែល ព្រះ​បរមខត្តិយា​ចន្ទរាជា ព្រះ​អង្គ​ឲ្យ​តែង​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​ស្រុក​ជ្វា​ម៉ាឡាយូ ហើយ​ទិញ​បាន​កាំភ្លើង​ធំ​ ១០០ កាំភ្លើង​តូច​ ១០០០​ ដើមថែម​លើ​កាំភ្លើង​ចាស់​ទុក​រក្សា​ព្រះ​នគរ។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត​កាល​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​ទិញ​កាំភ្លើង​បាន​ជាច្រើន​មក​ទុកសំរាប់​ព្រះ​នគរ​ ហើយព្រះ​អង្គ​ក៏​ឲ្យធ្វើ​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​លក់​ឯ​ស្រុក​ម៉ាឡាយូ​ដែរ ហើយ​ទិញ​បាន​កាំភ្លើង​ធំ ​១៥០ កាំភ្លើង​តូច ​៣០០០​ ដើម។ លុះ​សំពៅ​នោះ​វិល​មក​វិញខ្យល់​ផាត់​សំពៅ​មួយ​ទៅ​ជាប់​ពាម “ប្រហែលជា​ពាម​មាត់ជ្រូក” សំពៅ​មួយទៀត​ជាប់​នៅ​ស្រុក​កំពត។ ពេល​នោះ​នាយកង​ស្រុក​ពាម ស្រុក​កំពតចាប់​បាន​សំពៅ​មួយ​យក​បាន​កាំភ្លើង​ធំ​ ១៥០ កាំភ្លើង​តូច ​៣០០០​ ដាក់​ទុក​ក្នុង​រទេះ​ឲ្យ​មេឃុំ​នាំ​ទៅ​ថ្វាយ​ព្រះបាទ​ អ្នក​អម្ចាស់​នៅ​ខែត្របរិបូណ៌។ ព្រះបាទ​ជា​អម្ចាស់​ត្រើយ​ខាងលិច កាល​ទ្រង់​ទត​ឃើញ​បំរើនាំ​គ្រប់សព្វ​សាស្ត្រាវុធ​មក​ក្រាប​បង្គំ​ទូល​ ថ្វាយ​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់។ ទ្រង់​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​មេទ័ព​មេកង​នោះ​ជា​ច្រើន។

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខែត្រ​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុទត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខែត្រ​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខែត្រ​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ ​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខែត្ររលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

ចន្ទរាជាលើកទ័ពមកវាយស្រឡប់ដូនតីពិជ័យព្រៃនគរ

កែប្រែ

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង

  • ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច
  • ឲ្យ​ឧកញ៉ា​មនោមេត្រី ចៅហ្វាយស្រុកខែត្របាត់ដំបង កាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។
  • ឲ្យ​ឧកញ៉ា​រាជា​មេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ ជា​មេទ័ព​ឆ្វេងកាន់​ពល ​១០០០០ ​នាក់។
  • ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ កូនចៅពញា​ពេជ្រ កាន់​ពល​៣០០០០ ​នាក់​ជា​ទ័ព​មុខ។
  • ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភាគិនេយ្យជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រ​ព្រៃវែងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន។ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖
  • ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុកជា​មេទ័ព​មុខ
  • ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង។
  • ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។
  • ចៅពញា​មន្ដ្រី​ភក្ដីជា​កងទ័ព​ក្រោយ។

ទាំង ​៤​ កងឃុំ​ពល ​៥០០០០ ​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ខែត្រ​កំពង់សៀមឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅពញា​កំហែងជា​ឪពុកក្មេក​ ព្រះស្ដេច​កនលើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣ ​ពញា​ពេជ្រ ឃុំ​ពល​ ២០០០០​ នាក់ជា​មេកង​ទ័ព​មុខ។
  • ឧកញ៉ា​យមរាជឃុំ​ពល​ ១០០០០ ​នាក់​ជា​ទ័ព​ឆ្វេង។
  • ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ស្ដាំ។
  • ព្រះ​អង្គ​ឯង​ទ្រង់​ពល​ ៤០០០០ ​នាក់ជា​ទ័ព​ហ្លួង។

ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល ​៥០០០​ នាក់ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ។ ព.ស ​២០៦៨, គ.ស​ ១៥២៥, ម.ស​ ១៤៤៦, ច.ស ​៨៨៦ ឆ្នាំវក ​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​កកុធភ័ណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយានព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​ ៩ ​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ ព្រាតឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំងចក្រពត្ដិ​សារាយអណ្ដែត។ ឯ​អស់​មន្ដ្រី​សេនារេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក-​ង មួង យោង​ពីមុខនៅ​ពីក្រោយតាម​អណ្ដាប់​អណ្ដោយលើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ។

ទូកត្រូវបានខ្ទេច

កែប្រែ

ក្នុងគ្រា ព.ស ២១០០, គ.ស ១៥៥៦, ម.ស ១៤៧៨, ច.ស. ៩១៨ ឆ្នាំរោង អដ្ឋស័កនោះ ចៅអធិការវត្តព្រះពុទ្ធលាយល័ក្ខណ៍ លោកគង់ទូកសារាយអណ្ដែតនោះទៅបិណ្ឌបាត្រឯនគរវត្ត ព្រមដោយនូវព្រះភិក្ខុសាមណេរជាសិស្សានុសិស្ស។ លុះត្រឡប់មកវិញ លោកអុំពានទៅលើអន្លង់ឆ្លាម ឆ្លាមកាត់ទូកព្រះទីនាំចក្រពត្តិ សារាយអណ្ដែតនោះដាច់ជាពីរកំណាត់ខាងកន្សៃ ស្លាប់មនុស្ស ៤៦ នាក់ នៅខាងក្បាល និងកណ្ដាលនោះមានតែចៅអធិការ និងបរិស័ទ ៨៥ នាក់មកដល់ត្រើយឈប់ហើយ ទើបទឹកហូរចូលលិចទូក-ងព្រះទីនាំងនោះទៅ។ ព្រះបាទបរមបពិត្រទ្រង់ជ្រាប ទ្រង់រំពឹងដោយទិព្វញ្ញាណយល់ថា ទូកនេះជាសំរាប់ចំបាំងប្រាបប្រាមរាជសត្រូវ ឥឡូវតាំងពីពេលនេះតទៅអស់រាជសត្រូវហើយបានជាទេវតាឱ្យនិមិត្តដូច្នេះ។ ទ្រង់មានព្រះរាជឱង្ការតែប៉ុណ្ណេះចប់ហើយស្រាប់តែឮសូរតូរ្យតន្ត្រីទាំង ៨ ទិស បណ្ដាខ្ញុំរាជការដែលក្រាបបង្គំគាល់ទាំងប៉ុន្មានក៏សឹងសរសើរព្រះប្រាជ្ញាបារមីគ្រប់ៗគ្នា។ ទើបព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ក្រុមមុខងារឱ្យទៅតាមយកកន្សៃ ទូកសារាយអណ្ដែត ដែលដាច់លិចនោះបានមកវិញហើយ។ ទ្រង់ឱ្យកាត់ទូកសារាយអណ្ដែតខាងក្បាលឱ្យប្រវែងខាងកន្សៃសាងរូបព្រះមហាអានន្ទ ព្រះសារីបុត្រ។ លុះសាងជាសូរេចហើយ ស្ដេចឱ្យធ្វើបុណ្យអភិសេកទេសនាឆ្លង ៧ ថ្ងៃជាសូរេចការបុណ្យនោះ។

ឯកសារយោង

កែប្រែ