អាវផាយ
អាវផាយ (រាជស័ព្ទហៅថា «ព្រះភូសាផាយ») ជាអាវវែងរលុងស្រុងដល់ជង្គង់ឬដល់ស្មងជើង ដៃវែង ចំហមុខ ពុំមានដាក់ឡេវទេ ច្រើនធ្វើពីសំពត់ស្បៃ មានពណ៌ផ្សេងៗ ប៉ាក់ផ្កាឬឌិន ហើយមានចំនៅជាយខាងក្រោម ខាងមុខ ចុងដៃ ព្រមទាំងប៉ាននៅលើដៃអាវដោយកំណាត់សំពត់ពណ៌និងមានរចនាជាក្បាច់លម្អផ្សេងៗ។ អាវផាយប្រើសម្រាប់ពាក់គ្របពីលើអាវធម្មតា (ពិសេសពាក់លើអាវកត្រង់) របស់មនុស្សប្រុស នៅក្នុងពិធីតាមប្រពៃណី ឬក្នុងពិធីជាផ្លូវការផ្សេងៗ។ គេធ្វើអាវនេះឲ្យមានពណ៌ មានក្បាច់រចនា និងគុណភាពកំណាត់សំពត់ទៅតាមកម្រិតបុណ្យសក្តិ ឋានៈ កិត្តិយសរបស់មនុស្សនានា។
នៅស្រុកខ្មែរមានប្រើអាវផាយរបៀបនេះយូរយារតាំងពីរាប់សតវត្សមុនមកម្ល៉េះ ហើយនៅទីនេះខ្ញុំសូមបង្ហាញភស្តុតាងជាឧទាហរណ៍ខ្លះៗ។ បើមើលទៅចម្លាក់នៅតាមប្រាសាទបុរាណមួយចំនួន យើងនឹងឃើញមានរូបមនុស្សពាក់អាវវែងបែបនេះជាច្រើន ដូចយ៉ាងចម្លាក់នៅប្រាសាទបាយ័ន្ត ស.វ.ទី១២ជា ដើម៖ យើងឃើញមានមនុស្សប្រុសម្នាក់អង្គុយក្នុងរយាងលើខ្នងដំរី មានពាក់អាវផាយវែង តែដៃអាវនោះខ្លី។ មានមនុស្សប្រុសជាច្រើនបែបជាទាហានពាក់អាវវែងស្រុងដល់ជង្គង់ ជាចម្លាក់បង្ហាញពីក្បួនហែវត្ថុជាទីសក្ការៈ (ប្រហែលជាព្រះភ្លើង) ហើយមានមនុស្សប្រុសខ្លះពាក់អាវផាយវែងៗនេះដែរ។ ក្បួនហែដែលមានបុរសពាក់អាវផាយរបៀបនេះក៏នៅតែមានជាធម្មតាក្នុងព្រះរាជពិធីផ្សេងៗតាមទំនៀមព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន។ បើយើងពិនិត្យមើលមកសម័យក្រោយៗពីនោះទៀត ពោលគឺក្នុងសម័យកណ្តាលក៏ឃើញថាគេប្រើអាវផាយក្នុងពិធីធំៗជាធម្មតាដែរ។
ក្នុងក្បួនប្រាប្ដាភិសេក ឆ្នាំ១៦១៣ មាននិយាយច្រើនដងពីព្រះរាជាត្រូវទ្រង់ព្រះភូសាផាយ និងព្រាហ្មណ៍បុរោហិត ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីនានា ពាក់អាវផាយជាពណ៌ផ្សេងៗទៅតាមកិច្ចពិធី និងតាមបណ្តាសក្ដិរៀងៗខ្លួន ហើយជួនកាលមានប្រើអាវផាយពណ៌ទៅតាមថ្ងៃនីមួយៗផង។ រីឯសម័យសព្វថ្ងៃនេះក៏យើងនៅតែឃើញមានប្រើអាវផាយដដែលទៅតាមកិច្ចពិធីជាប្រពៃណីខ្លះ ទាំងក្នុងព្រះបរមរាជវាំង ទាំងនៅតាមបណ្តាស្រុកភូមិនានា។