ម៉ៃឃើល ហ្វារ៉ាដេយ

(ត្រូវបានបញ្ជូនបន្តពី Faraday)
ម៉ៃឃើល ហ្វារ៉ាដេយ
Michael Faraday
ម៉ៃឃើល ហ្វារ៉ាដេយ , ឆ្នាំ១៩១៣
កើតនៅ ថ្ងៃ​ទី ២២ កញ្ញា ១៧៩១
ឡិនដិនខាងត្បូង, អង់គ្លេស
មរណភាព ថ្ងៃ​ទី ២៥ សីហា ១៨៦៧
ឡិនដិន , អង់គ្លេស
សញ្ជាតិ  អង់គ្លេស
ស្នាដៃសំខាន់ៗ​ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយ
អេឡិចត្រូគីមី
ផលហ្វារ៉ាដេយ

ខែលហ្វារ៉ាដេយ
ថេរហ្វារ៉ាដេយ
ពែងហ្វារ៉ាដេយ
ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ
បរិមតិរបស់ហ្វារ៉ាដេយ
ហ្វារ៉ាដេយរ៉ូថេធើរ
រលកហ្វារ៉ាដេយ
កង់ហ្វារ៉ាដេយ
ខ្សែកំលាំង

រង្វាន់​ Royal Medal (១៨៤៦)
ហត្ថលេខា

ម៉ៃឃើល ហ្វារ៉ាដេយ (Michael Faraday) (២២ កញ្ញា ១៧៩១ - ២៥ សីហា ១៨៦៧) ជារូបវិទូនិងគីមីវិទូ​អង់គ្លេស ដែលបានរួមចំនែកក្នុងការស្រាវជ្រាវ​ផ្នែកអេឡិចត្រូម៉ាញ៉េទិច​និងអេឡិចត្រូគីមី

ហ្វារ៉ាដេយ​បានសិក្សាអំពីដែនម៉ាញ៉េទិច​នៅជុំវិញអង្គធាតុចំលង​ដែលមានចរន្តជាប់ឆ្លងកាត់។ គាត់បានបង្កើតគំនិតគ្រឹះអំពីដែនម៉ាញ៉េទិច​នៅក្នុងរូបវិទ្យា។ គាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ។ គាត់បានរកឃើញថា​ម៉ាញ៉េទិច​អាចមានឥទ្ធិពលលើ​កាំពន្លឺ​និងបានពោលថា មានទំនាក់ទំនងពិសេស១នៅពីក្រោយបាតុភូតទាំង២នេះ។ គាត់បានរកឃើញគោលការណ៍ដែលគេប្រើក្នុងម៉ាស៊ីនអគ្គីសនី

ក្នុងផ្នែកគីមីវិទ្យា ហ្វារ៉ាដេយ​បានរកឃើញបង់សែន បង្កើតចំពុះប៊ុនសិន និងប្រព័ន្ធចំនួនអុកស៊ីតកម្ម និងបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។

ទោះបីជាហ្វារ៉ាដេយ​មិនបានទទួលការអប់រំជាផ្លូវការអោយបានច្រើន និងមានចំនេះដឹងតិចតួច​ពីគណិតវិទ្យាថ្នាក់ខ្ពស់ ក៏ដោយ ក៏គាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែលជាខ្នាតរបស់កាប៉ាស៊ីតេ​នៅក្នុងSI ត្រូវបានដាក់ឈ្មោះតាមគាត់។ ដូចគ្នាផងដែរ​ថេរហ្វារ៉ាដេយ ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល (ប្រហែល 96 485 គូឡុំ)។ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយបានចែងថាដែនម៉ាញ៉េទិច​ដែលប្រែប្រួលទៅតាមពេលវេលា​បង្កើតជាកំលាំងចលករអគ្គីសនីដែលសមាមាត្រនឹងបំរែបំរួលនោះ។


ជីវប្រវត្តិ

កែប្រែ
 
ម៉ៃឃើល ហ្វារ៉ាដេយ នៅអាយុខ្ទង់សាម

ម៉ៃឃើល ហ្វារ៉ាដេយ ចាប់កំនើតនៅ ញូវីងតុន បាត់ស៍(Newington Butts) ផ្នែកមួយរបស់ឡិនដិនខាងត្បូង ប្រទេសអង់គ្លេស។ គ្រួសាររបស់គាត់មិនធូរធារប៉ុន្មានទេ។ ឪពុករបស់លោក​ឈ្មោះ ចេមស៍ ហ្វារ៉ាដេយ (James Faraday) ជាជាងដែក។ ក្នុងគ្រួសារមួយដែលមានកូន៤នាក់ ម៉ៃឃើល​ ហ្វារ៉ាដេយមានលទ្ធភាពរៀនសូត្រកំរិតមូលដ្ឋានប៉ុណ្ណោះនៅសាលា ហើយក្រោពីនេះគាត់ត្រូវរៀនសូត្រដោយខ្លួនឯង។ នៅអាយុ១៤ឆ្នាំ គាត់បានទៅធ្វើជាកូនជាងរបស់អ្នកធ្វើនិងលក់សៀវភៅម្នាក់ឈ្មោះ ចច រីបៅ (George Riebau)។ ក្នុងរយៈពេល៧ឆ្នាំនៅទីនោះ ហ្វារ៉ាដេយបានអានសៀវភៅជាច្រើន និងបានបណ្ដុះចំនាប់អារម្មណ៍យ៉ាងពិសេសលើផ្នែកអគ្គីសនី។ ជាពិសេសទៅទៀត គាត់មានការកោតសរសើរយ៉ាងខ្លាំងចំពោះសៀវភៅឈ្មោះ Conversations in Chemistry (បទសន្ទនាក្នុងគីមីវិទ្យា) សរសេរដោយ ចេន ម៉ារសិត (Jane Marcet)។

នៅអាយុ២០ឆ្នាំ គឺក្នុងឆ្នាំ១៨១២ គាត់បានបញ្ចប់ការងារជាកូនជាង​ ហើយបានចូលរៀនក្នុងថ្នាក់រៀនរបស់គីមីវិទូអង់គ្លេសដ៏ឧត្តមឈ្មោះ ហាំហ្វ្រី ដាវី (Humphry Davy) របស់ Royal Institution និង Royal Society និង ចន តាធូម (John Tatum)។ ហ្វារ៉ាដេយបានទទួលសំបុត្រចូលរៀន​ពី វិល្លៀម ដាន់ស៍ (William Dance)។ ក្រោយមកទៀត ហ្វារ៉ាដេយ បានផ្ញើសៀវភៅមួយក្បាលដែលមានកំរាស់៣០០ទំព័រ​ ដែលគាត់សរសេរក្នុងពេលរៀនក្នុងថ្នាក់នោះ ទៅអោយដាវី។ ដាវីបានឆ្លើយតបទៅវិញភ្លាមៗ ប្រកបដោយសប្បុរស​និងអនុគ្រោះ។ នៅពេលដែលដាវីបាន​បាត់បង់ចក្ខុវិញ្ញាណ​ក្នុងឧប្បត្តិហេតុ​ពិសោធន៍នីត្រូសែនទ្រីក្លរីត គាត់បានសំរេចចិត្តជួលហ្វារ៉ាដេយអោយធ្វើជាលេខា​របស់គាត់។ នៅពេលដែលជំនួយការនៅ Royal Institutionឈ្មោះចន ផេយនី (John Payne) ត្រូវបានគេដេញចេញពីការងារ ហាំហ្វ្រី ដាវីត្រូវបានគេស្នើសុំអោយជួយរកមនុស្សមកធ្វើការជំនួស។ ដាវី​បានជ្រើសតាំង​ហ្វារ៉ាដេយ​អោយធ្វើជា​ជំនួយការគីមីវិទ្យា​នៅទីនោះ នៅថ្ងៃទី១ មីនា។

ហ្វារ៉ាដេយបានរៀបអាពាហ៍ពិពាហ៍ជាមួយ​នាង សារ៉ា បារណាត (១៨០០-១៨៧៩) នៅថ្ងៃទី២ មិថុនា ១៨២១។ ពួកគេគ្មានកូនចៅទេ។ ពួកគេទាំង២ជួបស្គាល់គ្នានៅវិហារសាសនាគ្រឹស្តនិកាយ​សេនដឺម៉ានីមួយ។ គាត់បានជាប់ឆ្នោតជាំសមាជិក Royal Society នៅឆ្នាំ១៨២៤ ត្រូវគេតែងតាំងជានាយកមន្ទីរពិសោធន៍នៅឆ្នាំ១៨២៥ និងនៅឆ្នាំ១៨៣៣ ត្រូវគេតែងតាំងជា Fullerian professor of chemistry ពេញមួយជីវិត ដោយមិនចាំបាច់បង្រៀនទេ។

ស្នាដៃផ្នែកវិទ្យាសាស្ត្រ

កែប្រែ

គីមីវិទ្យា

កែប្រែ
 
ហ្វារ៉ាដេយនៅក្នុងបន្ទប់ពិសោធ

ការងារផ្នែកគីមីវិទ្យារបស់ហ្វារ៉ាដេយ ចាប់ផ្ដើមពេលដែលគាត់នៅធ្វើជាជំនួយការរបស់ហាំហ្វ្រី ដារី។ ហ្វារ៉ាដេយបានសិក្សាពិសេសអំពីក្លរ និងបានរកឃើញកាបូនក្លរីត២ប្រភេទ។ គាត់ក៏បានធ្វើការពិសោធន៍ត្រួសៗជាលើកដំបូង​អំពីសំនាយឧស្ម័ន។ បាតុភូតនេះត្រូវបានកត់សំគាល់មុនគេដោយ ចន ដាល់តុន និងត្រូវបានពន្យល់បកស្រាយ​ក្បោះក្បាយដោយ ថូម៉ាស់ ហ្គ្រាហាម(Thomas Graham) និង ចូសេហ្វ ឡូស្មីត (Joseph Loschmidt)។ ហ្វារ៉ាដេយបានសំរេចធ្វើកំនរជាអង្គធាតុរាវ​នូវឧស្ម័នជាច្រើន ដូចជាក្លរជាដើម។ គាត់បានសង្កេតពីសំលោហៈដែកថែប និងបានបង្កើតកែវជាច្រើនប្រភេទ​សំរាប់ប្រើក្នុងអុបទិច។

ហ្វារ៉ាដេយ​បានបង្កើតរបស់មួយដែលក្រោយមកប្លែងជាចំពុះប៊ុនសិន ដែលត្រូវបានគេប្រើប្រាស់ជាសាកល​នៅក្នុងបន្ទប់ពិសោធវិទ្យាសាស្ត្រ​ សំរាប់ជាប្រភពកំដៅដែលងាយប្រើ។ ហ្វារ៉ាដេយធ្វើការយ៉ាងទូលំទូលាយ​លើផ្នែកគីមីវិទ្យា ដោយបានរកឃើញបង់សែននិង បង្កើតប្រព័ន្ធចំនួនអុកស៊ីតកម្ម។ នៅឆ្នាំ១៨២៩ ហ្វារ៉ាដេយ​បានធ្វើរបាយការអំពី​ការធ្វើសំយោគអង្គធាតុសមាស​ជាលើកដំបូង​ពីកាបូននិងក្លរ គឺ C2Cl6 (អិចសាក្លរ៉ូអេតាន) និង C2Cl4 (តេត្រាក្លរ៉ូអេតាន)។ និងបានបោះពុម្ពលទ្ធផលនេះនៅឆ្នាំបន្ទាប់។

ហ្វារ៉ាដេយក៏បានរកឃើញច្បាប់នានា​ទាក់ទងនឹងអគ្គីសនីវិភាគ និងបានបំផុសបំផុល​ការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ដែលជាវាក្យស័ព្ទបង្កើតដោយ វិល្លៀម វីវ៉ែល (William Whewell)។

អគ្គីសនីនិងម៉ាញ៉េទិច

កែប្រែ

ស្នាដៃដ៏អស្ចារ្យជាងគេរបស់ហ្វារ៉ាដេយ ប្រហែលជាស្ថិតក្នុងផ្នែកអគ្គីសនីនិងម៉ាញ៉េទិច។ ពិសោធន៍ដំបូងគេដែលគាត់ធ្វើគឺ ការផលិតថ្មពិលវ៉ុលតា​ដោយតំរៀបសន្លឹកស័ង្កសី៧ឆ្លាស់គ្នាជាមួយ​ក្រដាសជ្រលក់ទឹកអំបិល​៦សន្លឹក។។ ដោយប្រើថ្មពិលនេះ គាត់បានបំបែក​ម៉ាញ៉េស្យូមស៊ុលផាត។

 
ពិសោធន៍របស់​ហ្វារ៉ាដេយ​អំពីរង្វិលអេឡិចត្រូម៉ាញ៉េទិច

នៅឆ្នាំ១៨២១ មិនយូរប៉ុន្មានបន្ទាប់ពីរូបវិទូនិងគីមីវិទូដាណឺម៉ាក ហាន់ គ្រីស្ទៀន អឺស្តែដ (Hans Christian Ørsted) បានរកឃើញបាតុភូត​អេឡិចត្រូម៉ាញ៉េទិច ដាវីនិងវិល្លៀម ហាយ វុល្លាស្តុន (William Hyde Wollaston) បានព្យាយាមទាំងមិនបានសំរេចក្នុងការគូរប្លង់ម៉ូទ័រអគ្គីសនី។ ហ្វារ៉ាដេយបានពិភាក្សាជាមួយអ្នកទាំង២នោះ និងបានបន្តផលិតឧបករណ៍២ដែលបង្កើតចលនាដែលគាត់ហៅថា​ចលនារង្វិលម៉ាញ៉េទិច (ចលនាវង់ដែលកើតពីកំលាំងម៉ាញ៉េទិចវង់ជុំវិញខ្សែ​ចំលង)។​ ខ្សែចំលងដែលជ្រលក់ចូលក្នុងផើងបារ៉តដែលមានដាក់មេដែកនៅខាងក្នុង នឹងវិលជុំវិញមេដែកនោះ ប្រសិនបើគេផ្ដល់ចរន្តពីថ្មពិលទៅអោយវានោះ។ ឧបករណ៍នេះគេអោយឈ្មោះថា ម៉ូទ័រអូម៉ូប៉ូល។ ពិសោធន៍និងរបកគំហើញនេះ​បានក្លាយជាគ្រឹះរបស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចបច្ចុប្បន្ន។ ហ្វារ៉ាដេយ​បានបោះផ្សាយលទ្ធផលទាំងនេះ​ដោយមិនបានបញ្ជាក់ថាជាការងារបន្តពី ដាវី និង វុល្លាស្តុន ហើយដែលភាពចំរូងចំរាស់នេះ​បានធ្វើអោយហ្វារ៉ាដេយដកខ្លួនពីការស្រាវជ្រាវអេឡិចត្រូម៉ាញ៉េទិច ជាច្រើនឆ្នាំ។

នៅក្នុងដំនាក់កាលនេះ គេមានភស្ដុតាងដែលថាដាវី​អាចព្យាយាមបង្អាក់ដំនើររបស់ហ្វារ៉ាដេយ​ក្នុងការក្លាយខ្លួនជាអ្នកវិទ្យាសាស្ត្រ។ ឧទាហរណ៍នៅឆ្នាំ១៨២៥ ដាវី​បានអោយហ្វារ៉ាដេយធ្វើពិសោធពីកែវអុបទិច ដែលមិនបានហុចលទ្ធផលធំដុំឡើយក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់ពីមរណភាពរបស់ដាវីនៅឆ្នា១៨២៩ ទើបហ្វារ៉ាដេយឈប់ធ្វើការងារគ្មានបានការបែបនេះ និងងាកមកធ្វើការប្រឹងប្រែងលើអ្វីដែលមានតំលៃ​អោយធ្វើជាង។ នៅឆ្នាំ១៨៣១ គាត់បានផ្ដើមធ្វើពិសោធជាស៊េរី​ដ៏អស្ចារ្យរបស់គាត់ ដែលក្នុងនោះគាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចម៉ាញ៉េទិចចូសេហ្វ ហិនរី តំនងជារកឃើញបាតុភូតអូតូអាំងឌុចស្យុង​​រយៈពេលពីរបីខែមុននេះ។

 
ម៉ៃឃើល ហ្វារ៉ាដេយនៅឆ្នាំ១៨៤២

នៅពេលដែលហ្វារ៉ាដេយរុំខ្សែរបុំ​ខ្សែចំលងដែលមានអ៊ីសូឡង់ពីគ្នា ជុំវិញកងដែកមួយ គាត់បានរកឃើញថាមានចរន្តអគ្គីសនីមួយប៉ប្រិចកើតឡើងក្នុងរបុំមួយទៀត។ គាត់ហៅបាតុភូតនេះថា អាំងឌុចស្យុងមុយទុយអែល។ នៅក្នុងពិសោធន៍បន្ទាប់ទៀត គាត់បានរកឃើញចរន្តអគ្គីសនីឆ្លងកាត់ខ្សែចំលង​ប្រសិនបើគាត់ផ្លាស់ទីមេដែកមួយ​ក្នុងរបុំខ្សែចំលង ឬពេលរបុំផ្លាស់ទីលើមេដែកនៅនឹងថ្កល់។ គាត់បានស្រាយបញ្ជាក់ថា ដែលម៉ាញ៉េទិចប្រែប្រួល បង្កើតដែនអគ្គីសនី ដូចមានចែងនៅក្នុងច្បាប់ហ្វារ៉ាដេយ។ ហ្វារ៉ាដេយបានប្រើគោលការណ៍នេះ​ក្នុងការផលិតឌីណាម៉ូអគ្គីសនី ដែលជាបុព្វបុរសរបស់ម៉ាស៊ីនភ្លើងសព្វថ្ងៃ។

នៅឆ្នាំ១៨៣៩ ហ្វារ៉ាដេយ​បានសំរេចស៊េរីពិសោធន៍​ក្នុងគោលដៅ​ស្វែងរកធម្មជាតិគ្រឹះរបស់អគ្គីសនី។ គាត់បានប្រើ អេឡិចត្រូស្តាទិច បាត់តឺរី និង អគ្គីសនីក្នុងសត្វ ដើម្បីបង្កើតបាតុភូតទំនាញអេឡិចត្រូស្តាទិច អគ្គីសនីវិភាគ ម៉ាញ៉េទិច ជាដើម។ គាត់បានធ្វើការសន្និដ្ឋានថា គំនិតនៅសម័យនោះដែលថាមានប្រភេទអគ្គីសនីច្រើនប្រភេទ​នោះ វាមិនពិតទេ។ ផ្ទុយទៅវិញគាត់បានស្នើឡើងថា មានអគ្គីសនីតែមួយប្រភេទប៉ុណ្ណោះ ហើយបំរែបំរួលតំលៃទំហំ និងអាំងតង់ស៊ីតេ អាចបង្កើតជាបាតុភូតច្រើនយ៉ាង។

នៅចុងអាជីពរបស់គាត់ ហ្វារ៉ាដេយបានស្នើឡើងថាកំលាំងអេឡិចត្រូម៉ាញ៉េទិច​រីកចូលទៅក្នុងលំហទទេជុំវិញអង្គធាតុចំលង។ គំនិតនេះត្រុវបានអ្នកវិទ្យសាស្ត្រស្នងគាត់បដិសេដ ហើយហ្វារ៉ាដេយ​មិនអាចរស់នៅមើលឃើញ​ពេលដែលគំនិតគាត់នេះត្រូវគេទទួលយកទៅពេលក្រោយមកទេ។ គំនិតរបស់ហ្វារ៉ាដេយ​ពីខ្សែហ្វ្លុចចេញពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនី​និងមេដែក ជួយអោយគេស្រមើមើលដែនអគ្គីសនីនិងម៉ាញ៉េទិច។

ដ្យាម៉ាញ៉េទិច

កែប្រែ
 
ម៉ៃឃើល ហ្វារ៉ាដេយ កាន់របារកែវមួយដែលគាត់ប្រើនៅឆ្នាំ១៨៤៥​សំរាប់បង្ហាញថាម៉ាញ៉េទិចមានអំពើលើពន្លឺ

នៅឆ្នាំ១៨៤៥ ហ្វារ៉ាដេយ​បានរកឃើញថា​រូបធាតុជាច្រើនទទួលរងកំលាំងច្រានចេញយ៉ាងខ្សោយ​មួយពីដែនម៉ាញ៉េទិច។ គាត់បានហៅបាតុភូតនេះថា ដ្យាម៉ាញ៉េទិច

ហ្វារ៉ាដេយក៏បានរកឃើញផងដែរថា​ប្លង់ប៉ូលកម្មរបស់ពន្លឺមានប៉ូលលីនេអ៊ែរ​ អាចបង្វិលបានដោយប្រើដែលម៉ាញ៉េទិចស្របនឹងទិសដៅរបស់ពន្លឺផ្លាស់ទី។ គេអោយឈ្មោះបាតុភូតនេះថា ផលហ្វារ៉ាដេយ។ បាតុភូតនេះបង្ហាញថាកំលាំងម៉ាញ៉េទិចនិងពន្លឺមានទំនាក់ទំនងជាមួយគ្នា។

នៅឆ្នាំ១៨៦២ ហ្វារ៉ាដេយបានប្រើស្ពិចត្រូទស្សន៍ក្នុងការស្រាវជ្រាវពីទំរង់ផ្សេងៗរបស់ពន្លឺ ក្រោមឥទ្ធិពលដែនម៉ាញ៉េទិច។ ប៉ុន្តែឧបករណ៍ដែលគាត់ប្រើមិនគ្រប់គ្រាន់ក្នុងការកំនត់បំរែបំរួល​ស្ពិចច្បាស់លាស់​មួយទេ។ ភីធើរ ហ្ស៊ីម៉ាន់ (Pieter Zeeman) ក្រោយមកបានប្រើឧបករណ៍ទំនើបជាងដើម្បីសិក្សាពី​បាតុភូតដដែលនេះ និងបានបោះផ្សាយលទ្ធផលនៅឆ្នាំ១៨៩៧ និងទទួលបានរង្វាន់ណូបែលផ្នែករូបវិទ្យានោឆ្នាំ១៩០២សំរាប់ស្នាដៃនេះ។

ខែលហ្វារ៉ាដេយ

កែប្រែ
 
ចេម ឃ្លើក ម៉ាកស្វែល

នៅក្នុងផ្នែកអេឡិចត្រូស្តាទិច ហ្វារ៉ាដេយ​បានបង្ហាញថា​បន្ទុកអគ្គីសនីដែល​មាននៅលើផ្ទៃខាងក្រៅឬនៅក្រៅអង្គធាតុចំលងអគ្គីសនីមួយ គ្មានឥទ្ធិពលទៅលើអ្វីៗដែល​នៅក្នុងអង្គធាតុចំលងនោះទេ។ នេះបណ្ដាលមកពីបន្ទុកដែលនៅផ្ទៃខាងក្រៅ​រាយប៉ាយក្នុងរបៀបមួយដែល​ដែនរបស់វាក្នុងអង្គធាតុនោះ​ទូទាត់គ្នា។ បាតុភូតនេះត្រូវបានគេអោយឈ្មោះថា ខែលហ្វារ៉ាដេយ

ហ្វារ៉ាដេយជាអ្នកពិសោធដ៏ពូកែ​ដែលពន្យល់គំនិតនានារបស់គាត់​បានច្បាស់​ដោយប្រើភាសាសមញ្ញៗ។ ប៉ុន្តែសមត្ថភាពគណិតវិទ្យារបស់គាត់​បានត្រឹមតែពិជគណិតងាយៗ មិនដល់ត្រីកោណមាត្រផង។ គឺ ចេម ឃ្លើក ម៉ាកស្វែល (James Clerk Maxwell) ដែលបានយកស្នាដៃរបស់ហ្វារ៉ាដេយ​និងអ្នកដទៃទៀត​ ទៅចងក្រងបញ្ចូលគ្នាដើម្បីបង្កើតជាសំនុំសមីការដែលគេស្គាល់ថាជាសមីការម៉ាកស្វែល សំរាប់ពន្យល់រាល់ទ្រឹស្ដីបទទំនើបៗក្នុងអេឡិចត្រូម៉ាញ៉េទិច។

សាយ័ន្តវ័យ

កែប្រែ
 
ហ្វារ៉ាដេយ ក្នុងវ័យចំនាស់

នៅខែមិថុនា ១៨៣២ សាកលវិទ្យាអក់ហ្វដ​បានផ្ដល់សញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ស៊ីវិល (សញ្ញាប័ត្រកិត្តិយស) ដល់ហ្វារ៉ាដេយ។ ក្នុងជីវីតរបស់ហ្វារ៉ាដេយ គាត់បានបដិសេដងារ knighthood ម្ដងនិង តំនែងជាប្រធាន Royal Society ២ដង។

ហ្វារ៉ាដេយបានបដិសេដមិនចូល​រួមផលិអាវុធគីមីសំរាប់ប្រើក្នុងសង្គ្រាមគ្រីមៀ ក្នុងបុព្វហេតុសីលធម៌។

ហ្វារ៉ាដេយបានទទួលមរណភាពនៅក្នុងផ្ទះរបស់លោក នៅ Hampton Court នៅថ្ងៃទី២៥ សីហា ១៨៦៧។

 
ផ្នូររបស់ហ្វារ៉ាដេយនៅ​ឈាបនដ្ឋានហាយហ្គេត (Highgate Cemetery)

រូបសំនាកនិងការចងចាំ

កែប្រែ
 
រូបសំនាកហ្វារ៉ាដេយន Savoy Place, ឡិនដិន

រូបសំនាក

កែប្រែ
  • រូបសំនាកហ្វារ៉ាដេយ​នៅ Savoy Place ក្រុងឡិនដិន នៅខាងក្រៅ វិទ្យាស្ថានវិស្វកម្មនិងបច្ចេកវិទ្យា
  • រួបសំនាកអនុស្សាវរីយ៍ហ្វារ៉ាដេយ​រចនាឡើយដោយស្ថាបត្យករ Rodney Gordon សាងសង់នៅ ឆ្នាំ១៩៦១ ក្បែរស្រុកកំនើតរបស់ហ្វារ៉ាដេយ។

អាគារសិក្សា

កែប្រែ

ក្រដាសប្រាក់

កែប្រែ

ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០១ រូបរបស់ហ្វារ៉ាដេយ​ត្រូវគេបោះពុម្ពលើផ្នែកខាងខ្នងនៃក្រដាស​ប្រាក់ £20 (២០ផោន) Series E បោះផ្សាយដោយធនាគារអង់គ្លេស

តំនភ្ជាប់ក្រៅ

កែប្រែ

ជីវប្រវត្តិ

កែប្រែ

ផ្សេងទៀត

កែប្រែ