លោក ខៀវ-សំផន គឺ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​របស់​របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋ និង​ជានាយករដ្ឋមន្ត្រីនៃ​របប​នេះ។

ខៀវ សំផន
លោក ខៀវ សំផន នៅឆ្នាំ ២០១៣
ប្រវត្តិរូបសង្ខេប
ឈ្មោះ ខៀវ សំផន
ហៅក្រៅ តាឈុន ឬ​តាហុង
ថ្ងៃកំនើត ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១
ទីកន្លែងកំនើត ឃុំ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង
ឪពុកឈ្មោះ ខៀវ ឡុង
ម្តាយឈ្មោះ ប៉ោ គង់
មុខងារ ប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ ។

ជីវប្រវត្តិ កែប្រែ

លោកជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ-ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ-គង់។ លោក ខៀវ-សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ-សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ-សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ-សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។

ប្រវត្តិសិក្សា កែប្រែ

លោក ខៀវ សំផន បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ចនយោបាយនៅ​ ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ ១៩៥៩​​ ព្រោះ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៦២ ក្នុង​របប សង្គម​រាស្រ្ត​និយម​​ និងបាន បង្កើត​កាសែត​មួយ​ឈ្មោះ​ថា “ ឡុបស៊ែរវ៉ាទ័រ” ដែល​មាន​ទិសដៅ​ឆ្លុះ​បញ្ចាំង​មតិ​របស់​បញ្ញា​ជន គ្រូ​បង្រៀន និង​មន្រ្តី​រាជការ​មួយចំនួន​ធំ ដែល​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេចព្រះបាទនរោត្ដម សីហនុ ពេលនោះស្រុកខ្មែរគ្មាន មហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឡើយទេ ដូច្នេះ រៀន មហាវិទ្យាល័យ ៤ ឆ្នាំ បានថ្នាក់ បណ្ឌិត សមឬទេ  ?

ស្ថានភាពការងារ កែប្រែ

នៅ​ឆ្នាំ​១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើ​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​សង្គមរាស្រ្ត​និយម ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​កាល​នោះ​លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មហាជន​ជាច្រើន​សរសើរ​ថា​ជា​មន្រ្តី​ស្អាតស្អំ​ម្នាក់។ នៅ​ឆ្នាំ​១៩៦០ លោក ខៀវ សំផន ប្រកាស​ឲ្យ​មាន​ការ​តស៊ូ​មួយ ដើម្បី​រំដោះ​ទឹកដី​កម្ពុជាក្រោម​មក​វិញ។ ឆ្នាំ​១៩៦២ លោក ខៀវ សំផន បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ហើយ​នៅ​ឆ្នាំ​១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ម្តង​ទៀត។ ខៀវ សំផន បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការ​គំរាម​កំហែង​ពី​កង​កម្លាំង​សន្តិសុខ​របស់​សម្តេច សីហនុ ហើយ​លេច​មុខ​ជា​ថ្មី ជា​មួយ​ចលនា​តស៊ូ​របស់់​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។ នៅ​ឆ្នាំ​១៩៧៥ គាត់ ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ នៅ​ឆ្នាំ​១៩៨៧ គាត់​បាន ជំនួស​តំណែង ប៉ុលពត ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស។

ការចូលរួមជាមួយខ្មែរក្រហម កែប្រែ

ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ប៉ុលពតនៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧១ ដដែល ខៀវ សំផន បាន​ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ បាន​ត្រូវ​គណៈមជ្ឈិម​បក្ស​ទទួល​ជា​សមាជិក​ពេញ​សិទ្ធិ។ នៅ​ឆ្នាំ​១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ។ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ ខៀវ សំផន បាន​ចូល​ប្រជុំ​គណៈអចិន្ត្រៃយ៍ ស្តីពី​ការ​បែងចែក​ការងារ ហើយ​អង្គប្រជុំ​នោះ បាន​ចាត់តាំង​ឲ្យ​លោក​ទទួល​បន្ទុក​ផ្នែក​រណសិរ្ស និង​រាជ​រដ្ឋាភិបាល​ពាណិជ្ជកម្ម​ខាងបញ្ជី និង​តម្លៃ។ ថ្ងៃ​ទី​៨ ខែ​មីនា ១៩៧៦ ខៀវ សំផន បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ការងារ​មូលដ្ឋាន ស្តីពី​បញ្ហា​បោះឆ្នោត​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៧៦ និង​អំពី​សភាពការណ៍​នៅតំបន់ ១០៣ និង ១០៦ នៃ​ភូមិភាគ​ឧត្តរ​។ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក ខៀវ សំផន ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធើ្វជា​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ នៅ​ពាក់កណ្តាល ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​ កុម្មុយនីស្ត​កម្ពុជា ដែល​ជា​គោលការណ៍​កិច្ចការ​សំខាន់ៗ ក៏​ដូចជា​គោលនយោបាយ​រដ្ឋាភិបាល សុទ្ធតែ​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​មួយ​នេះ។ យោង​តាម​សម្តី​របស់​លោក អៀង សារី នៅ​ដើម​ឆ្នាំ​១៩៧៧ លោក ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ ៨៧០ ដែល​ជា​មន្ទីរ​របស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជំនួស​កន្លែង​របស់​សមមិត្ត ឌឿន។ ប៉ុន្តែ​លោក ខៀវ សំផន បាន​បដិសេធ​នៅ​ក្នុង​លិខិត​ចំហ​របស់​លោក​ថា ការ​អះអាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​លោក​បន្ថែម​ថា លោក​គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​មួយ​រូប​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរ​នេះ។ ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដួល​រលំ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ លោក ខៀវ សំផន នៅតែ​ជា​តំណាង​ជាន់ខ្ពស់​របស់​ភាគី​ខ្មែរក្រហម នៅក្នុង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​អ្នក​តស៊ូ​ប្រឆាំង​វត្តមាន​របស់​វៀតណាម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨២។

ស្ថាន​ភាព​ករណី កែប្រែ

 
លោក ខៀវ សំផន ស្ថិតក្នុងការកាត់ក្តីនៅក្នុងសាលាក្តីខ្មែរក្រហម

បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។

ចំណុច​ចោទ​ប្រកាន់ កែប្រែ

ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖

  • ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម
  • ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
  • អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាសនា ដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។

ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ ទាំងអស់មកលើគាត់។

ដំណើការកាត់ក្តី កែប្រែ

ឯកសារយោង កែប្រែ