គណបក្សកុម្មុយនិស្តឥណ្ឌូចិន

គណបក្សកុម្មុយនិស្តឥណ្ឌូចិន (បារាំង: Parti Communiste Indochinois, វៀតណាម:Đảng Cộng sản Đông Dương, លាវ:ອິນດູຈີນພັກກອມມູນິດ) គឺជាគណបក្សនយោបាយស្នងឱ្យគណបក្សកុម្មុយនិស្តវៀតណាមចាស់នៅខែតុលា ឆ្នាំ១៩៣០។ គណបក្សនេះត្រូវបានរំលាយទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥។

គណបក្សកុម្មុយនិស្តឥណ្ឌូចិន
Parti Communiste Indochinois
Đảng Cộng sản Đông Dương
印度支那共產黨
ອິນດູຈີນພັກກອມມູນິດ
ស្ថាបនិកហូ ជីមិញ
បង្កើត៣ កុម្ភៈ ១៩៣០
រំលាយ១១ វិច្ឆិកា ១៩៤៥
បក្សស្នងប.ក.វ, ប.ក.ក និង ប.ប.ប.ល
មនោគមវិជ្ជាលទ្ធិកុម្មុយនិស្ត
ម៉ាក្ស-លេនីននិយម
ប្រឆាំងអាណានិគមនិយម
គោលជំហរនយោបាយឆ្វេងនិយម
ទំនាក់ទំនងអន្តរជាតិComintern
ពណ៌ផ្លូវការ     ក្រហម
នយោបាយនៅវៀតណាម
គណបក្សនយោបាយ
ការបោះឆ្នោត

ប្រវត្តិដើម កែប្រែ

បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដោយបង្រួបបង្រួមគណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន (បក្សកុម្មុយនិស្តនៅតុងកឹង) និងបក្សកុម្មុយនិស្តអាណ្ណាម (នៅកូសាំងស៊ីន) រួមគ្នា។ ក្រោយមកក្រុមសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន (នៅអាណ្ណាម) ក៏បានសម្រេចចុះចូលជាមួយបក្សកុម្មុយនិស្តវៀតណាមរួមថ្មី។ ប៉ុន្តែ Comintern បានប្រកែកថាចលនាកុម្មុយនិស្តគួរតែមាននៅក្នុងឥណ្ឌូចិនទាំងមូល (ពោលគឺកម្ពុជា លាវ និងវៀតណាម) ជាជាងមានតែនៅក្នុងប្រទេសវៀតណាម ដូច្នេះហើយ Comintern ក៏បានជំរុញឱ្យ"បក្សកុម្មុយនិស្តវៀតណាម"ផ្លាស់ឈ្មោះមក"បក្សកុម្មុយនិស្តឥណ្ឌូចិន"។[១]

សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា កែប្រែ

សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា គឺជាចលនាតស៊ូគាំទ្រវៀតមិញរបស់ប្រជាជនវៀតណាមនៅប្រទេសកម្ពុជា។ អង្គការនេះបានផុសចេញពីខ្សែនៃគណៈកម្មាធិការបដិវត្តដែលបានបង្កើតឡើងដោយបណ្តាប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជារហូតដល់ចុងឆ្នាំ១៩៤៦។[២] អង្គការនេះបានចែកចេញជាក្រុមតូចៗនៅតាមខេត្តតាកែវ ខេត្តព្រៃវែង និងភាគខាងត្បូងនៃខេត្តកណ្តាល[២] សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា បានបង្កើតឡើងជាអង្គការជួរមុខរបស់បក្សកុម្មុយនិស្តឥណ្ឌូចិនក្នុងខែមីនា ឆ្នាំ១៩៤៧, ដោយមានការចូលរួមពីគណៈកម្មាធិការក្នុងស្រុកជាច្រើន។[២][៣] មានឯកសារមួយក្នុងចំណោមឯកសារប្រវត្តិសាស្រ្តដំបូងៗរបស់វៀតមិញដែលថតបានដោយបារាំងនៅកម្ពុជាបានចេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩។ ក្នុងឯកសារនោះបានបង្ហាញពីអត្ថិភាពនៃក្រុមសម្ព័ន្ធមួយនេះក៏ដូចជាការបង្ហាញលម្អិតៗនូវការស្នើសុំបង្កើតជាសម្ព័ន្ធភាពខ្មែរ-វៀតណាមប្រឆាំងនឹងអាណានិគមបារាំងផងដែរ។[៤][៥][៦]

ក្នុងឆ្នាំ១៩៥០, មានប្រភពមួយមកពីវៀតណាមបានបញ្ជាក់ថា អង្គការសម្ព័ន្ធនេះមានសមាជិកភាពរហូតដល់ទៅ ៥០,០០០ នាក់ឯណោះ។[៧]

ការបម្រែបម្រួលបក្ស កែប្រែ

នៅក្នុងសេចក្តីសម្រេចមួយរបស់បក្សកុម្មុយនិស្តវៀតណាមនៅខែតុលា ឆ្នាំ១៩៣០ បានឱ្យដឹងថាបក្សនេះបានរិះគន់បទបញ្ញត្តិនិងឈ្មោះបក្សរបស់ខ្លួនដោយលើកឡើងនូវដំណោះស្រាយមួយគឺ"នៅពេលដែលដាក់ឈ្មោះបក្សថា'បក្សកុម្មុយនិស្តវៀតណាម'នេះបានបញ្ជាក់ថាប្រទេសកម្ពុជានិងឡាវគឺមិនជាប់ពាក់ព័ន្ធអ្វីជាមួយនោះទេ។ បើមិនរាប់បញ្ចូលប្រទេសទាំងពីរចូលជាមួយ វាហាក់ដូចជាមិនត្រឹមត្រូវព្រោះថាអាណ្ណាម កម្ពុជា និងឡាវគួរតែមានទំនាក់ទំនងជិតស្និទនឹងគ្នាទាំងខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចទោះបីមិនចែករំលែកភាសា ទំនៀមទម្លាប់ និងក្រមសីលធម៌ដូចគ្នាក៏ដោយ"។ ដូច្នេះហើយ "បក្សកុម្មុយនិស្តវៀតណាម"ក៏បានផ្លាស់ប្តូរឈ្មោះមក"គណបក្ស/បក្សកុម្មុយនិស្តឥណ្ឌូចិន"វិញ។[៨]

ក្រោយៗមក ប.ក.ឥ បានចេញសេចក្តីថ្លែងការណ៍ដើម្បីពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះបក្ស។ ដោយការកត់សំគាល់ពីទំនាក់ទំនងប្រវត្តិសាស្រ្តរវាងវៀតណាម ឡាវ និងកម្ពុជា, ខិត្តប័ណ្ណមួយបានចុះផ្សាយពីតម្រូវការនៃសហភាពនៃប្រទេសទាំងបីដើម្បីផ្តួលរំលំរបបអាណានិគមបារាំងនៅឥណ្ឌូចិន។[៩]

គម្រោងសកម្មភាពបក្ស កែប្រែ

គម្រោងសកម្មភាពរបស់បក្សត្រូវបានចែកជា ១០ ចំណុចសំខាន់ៗ:[១០]

  1. ផ្តួលរំលំរបបចក្រពត្តិនិយមបារាំង របបសក្តិភូមិនៅវៀតណាម និងវណ្ណៈគហបតីភាពប្រតិកិរិយា
  2. ផ្តល់ឯករាជ្យឱ្យឥណ្ឌូចិន
  3. បង្កើតរដ្ឋាភិបាលដែលមានកម្មករ-កសិករ-ទាហាន ជាតំណាង
  4. រឹបអូសយកទ្រព្យសម្បត្តិធនាគារនិងសហគ្រាសផ្សេងៗដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយម (មូលធនិក) រួចផ្ទេររបស់ទាំងអស់នោះទៅឱ្យរដ្ឋាភិបាលតំណាងកម្មករ កសិករ និងទាហាន
  5. រឹបអូសដីស្រែចម្ការនិងទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយមនិងពួកវណ្ណៈគហបតីហើយចែកចាយទ្រព្យទាំងនោះទៅឱ្យកសិករក្រីក្រ
  6. អនុវត្តការធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ
  7. លុបបំបាត់ចោលនូវការបង្ខំទិញប័ណ្ណបំណុលរដ្ឋាភិបាល ការបង់ពន្ធស្ទង់មតិ និងការយកថ្លៃពន្ធខ្ពស់ពីជនក្រីក្រ
  8. ផ្តល់នូវលទ្ធិប្រជាធិបតេយ្យសេរីដល់មហាជន
  9. ផ្តល់ការអប់រំដល់ប្រជាជនគ្រប់រូប (មិនថាក្រ ឫមាន)
  10. អបរំជាតិឱ្យយល់ដឹងពីសមភាពបុរសនិងស្រ្តី។

ការរំលាយបក្ស កែប្រែ

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥, គណបក្សកុម្មុយនិស្តឥណ្ឌូចិនបានចេញសេចក្តីប្រកាសរំលាយបក្សខ្លួន។[១១] ក្រោយមកនៅឆ្នាំ១៩៥១, អតីតសមាជិកវៀតណាមនៃ គ.ក.ឥ ក៏បានទៅបង្កើតបក្សពលករវៀតណាម ចំណែកឯសមាជិកខ្មែរវិញបានទៅបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា និងសមាជិកលាវបានទៅបង្កើតបក្សប្រជាជនឡាវ

ឯកសារយោង កែប្រែ

  1. "ហូ-ជីមិញនិងចលនាកុម្មុយនិស្តរបស់លោក" Archived 16 April 2009 at the វេយប៊ែខ ម៉ាស៊ីន..
  2. ២,០ ២,១ ២,២ Stephen J. Morris (1999). Why Vietnam Invaded Cambodia: Political Culture and the Causes of War. Stanford University Press. p. 33. ល.ស.ប.អ. 978-0-8047-3049-5. https://books.google.com/books?id=uEYKCGj6J0wC&pg=PA33. 
  3. UQAM. COMMITTEE FOR EXTERNAL AFFAIRS (Ban Ngoại Vụ)
  4. T. Smith (1960-10-24). "The Winds of Change, May 1948-January 1950". Britain and the Origins of the Vietnam War: UK Policy in Indo-China, 1943-50. p. 109. ល.ស.ប.អ. 9781349535347. https://books.google.co.uk/books?id=6FV9DAAAQBAJ. 
  5. Ben Kiernan (1981). "Origins of Khmer Communism". Southeast Asian Affairs: 161–180.
  6. Camille Scalabrino (1985). Cambodge: histoire et enjeux : 1945-1985. L'Harmattan. p. 83. ល.ស.ប.អ. 978-2-85802-671-5. https://books.google.com/books?id=VdccAAAAMAAJ. 
  7. Kiernan, Ben. How Pol Pot Came to Power. London: Verso, 1985. p. 129-130
  8. "Án Nghị quyết của Trung ương toàn thể Đại hội nói về tình hình hiện tại ở Đông Dương và nhiệm vụ cần kíp của Đảng 10-1930". Archived 29 September 2011 at the វេយប៊ែខ ម៉ាស៊ីន..
  9. "Truyền đơn giải thích việc đổi tên Đảng". Archived 29 September 2011 at the វេយប៊ែខ ម៉ាស៊ីន..
  10. "Appeal Made on the Occasion of the Founding of the Indochinese Communist Party". Selected Writings of Ho Chi Minh (1920-1969). Marxists Internet Archive. Retrieved 2 February 2011.
  11. "Thông cáo Đảng Cộng sản Đông Dương tự ý giải tán, ngày 11-11-1945".