គហេ
តាគហេ លោកតាគឺជាអ្នកជ្រោមជ្រែង និង ទំនុកបំរុងតាំងពីព្រះបាទបក្សីចាំក្រុងនៅវ័យកុមារ។ លោកជាមន្ត្រីចាស់កំសត់កម្រនឹងព្រះបាទបក្សីចាំក្រុងនិងព្រះមាតារបស់ទ្រង់។
កាលបានជួបបក្សីចាំក្រុង
កែប្រែកាលណោះ ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី១៦ មានមហេសីមួយឈ្មោះអ្នកម្នាងកែវ។ ព្រះនាងទ្រង់មានគភ៌នៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ដែលត្រូវជា គ.ស ១០០០ គឺនៅក្នុងសម័យកាលដែលដំបងគ្រញូងបានបះបោរ លើកកងទ័ពមកវាយប្រហារដណ្ដើមយករាជ្យ។ ក្នុងឱកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេចភៀសខ្លួន ចេញផុតពីមហានគរ ទៅរស់នៅតាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។ ព្រះនាងបានតាយាយពីរនាក់ប្ដីប្រពន្ធ តាគហេ យាយលក្ខណ៍ ទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សា ជួយលាក់បំពួនបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្ដេចដំបងគ្រញូង។ ខែមាឃ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវជាម.ស. ៩២៣ ច.ស ៣៦៣ និងគ.ស ១០០១ ព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ មានសម្បុរភ្លឺស្រស់បំព្រង ហើយមានសញ្ញាកងចក្រលើបាតដៃ និងបាតជើង ដែលបញ្ជាក់លក្ខណៈជាអ្នកមានបុណ្យ។ តាគហេ យាយលក្ខណ៍ បានស្រឡាញ់ថ្នាក់ថ្នមទំនុកបំរុងព្រះនាងកែវ និងទារកដូចជាកូន និងចៅបង្កើត។ សម័យថ្ងៃមួយ ប្ដីប្រពន្ធតាគហេ យាយលក្ខណ៍ និងព្រះនាងកែវបាននាំព្រះរាជបុត្រទៅច្រូតស្រូវជាមួយ។ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់ឲ្យផ្ទុំក្រោមម្លប់ឈើ។ ដោយរវល់ជាប់ជក់នឹងការងារពេក ម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៍ដល់ទារកដែលកំពុងតែត្រូវស្ថិត នៅក្រោមកំដៅកាំរស្មីព្រះអាទិត្យឡើយ។ ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យដែលគេមិនធ្លាប់ឃើញ ហើយដែលមិនធ្លាប់កើតមាននោះ បានកើតឡើង គឺទេពឥន្ទ្រី និងបក្សាបក្សីជាច្រើនទាំងហ្វូងបានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារកមិនឲ្យត្រូវកំដៅថ្ងៃ។ តាគហេឃើញដូច្នេះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿនស្លេវទៅដេញបង្អើលហ្វូងសត្វបក្សាបក្សី។ ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថ្នាក់ ឬមានរបួសស្លាកស្នាម តែគាត់មើលមិនឃើញមានអ្វីដែលជាការគួរឲ្យភ័យព្រួយបារម្ភ ឡើយ។ ផ្ទុយទៅវិញទារកហាក់បីដូចជាបានទទួលនូវសេចក្ដីសុខ និងការថ្នាក់ថ្នមឥតហ្មងពីហ្វូងបក្សាបក្សី។ បាតុភូតដ៏សែនអស្ចារ្យនេះ បានបណ្ដាលឲ្យព្រះនាងកែវ តាគហេ និងយាយលក្ខណ៍ដាក់ឈ្មោះទារកនោះថា បក្សីចាំក្រុង។ តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូងលើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថានតំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មក ព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ។ តែ គេមិនបានស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី។ ព្រះមហេសីទ្រង់គភ៌បាន ១០ ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសិន្ធពអមរិន្ទ កោះហៅហោរាឲ្យមកទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រកាណាមួយឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថា ពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព។ ស្ដេចពញាក្រែក ឬព្រហ្មកិល ឬសិន្ធពអមរិន្ទ កាលបើបានព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់កំណើតបាន ១០ ខែក្នុងត្រកូលក្សត្រហើយ ក៏ចេញបញ្ជាឲ្យនាម៉ឺនពលទ័ពសេនាគ្រប់ទិសទី ចាប់ប្រមូលស្ដ្រីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ ខែ យកទៅប្រហារជីវិតកុំឲ្យមានសល់។ ពេជ្ឈឃាដត្រូវកាប់ស្ដ្រីទាំងនោះជាបីកង់ គឺត្រង់ក និងពោះ។ អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួនរស់នៅក្នុងស្រុកស្ទោង មិនបានគេចផុតពីគ្រោះកំណាចនោះទេ។ ព្រះនាងត្រូវស្ដេចចាមសេន្ទ្រា ជាស្ដេចចាមចំណុះខ្មែរ តាំងតែពីសម័យរាជ្យ ព្រះថោងនាងនាគ ឬស្ដេចកុម៉ែរាជ ព្រះមហាក្សត្រខ្មែរទី១ នៅស្រុកស្ទោង ចាប់យកទៅថ្វាយព្រះរាជា។ ព្រះសិន្ធពអមរិន្ទក៏បង្គាប់ឲ្យក្រុមពេជ្ឈឃាដស្ដេចចាមយកទៅ ប្រហារជីវិតដោយគ្មានស្រណោះប្រោសប្រណី។ កន្លែងពិឃាដអ្នកម្នាងទេពស្ថិតនៅខាងត្បូងកំពង់ព្រះជិន (ប្រហែលជា កំពង់ចិន ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ) ហើយនៅខាងលិចវាំងស្ដេចចាមសេន្ទ្រា។ នៅពេលដែលពួកពេជ្ឈឃាដ កាប់ប្រហារត្រង់ពោះ ព្រះនាងទេពទារកនោះរត់ឡើងទៅនៅទ្រូងម្ដាយ ហើយដល់ពួកពេជ្ឈឃាដចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេលនោះហើយដែលទេពឥន្ទ្រី និងហ្វូងបក្សាបក្សីជាច្រើនបានហោះកុះករ កកកុំចុះមករោមក្រុងការពារ ព័ទ្ធជុំវិញ។ សត្វខ្លះទៀតត្រដាងស្លាបដាក់ក្រោមទារក ការពារកុំឲ្យប៉ះប្រឡាក់នឹងដី។ តាគហេដែលឃ្វាលគោនៅជិតនោះ ឃើញហ្វូងសត្វបក្សាបក្សីជាច្រើនហោះក្រវែល ក្រឡឹងចុះក្រឡឹងឡើង ឆ្វាត់ឆ្វែងច្រើនពេកក្នុងមេឃ កើតក្ដីឆ្ងល់សង្ស័យ ហើយក៏ដើរតម្រង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រើត នឹកគិតទៅអស្ចារ្យខ្លាំងពេក កាលបើឃើញទារកមួយ ត្រូវបានហ្វូងបក្សាបក្សីចោមរោម ក្រុងការពារ គាត់ក៏លើកបីទារកយកមកចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមយ៉ាងប្រុងប្រយ័ត្ន និងស្រឡាញ់ជាទីបំផុត។ តាគហេបានដាក់ឈ្មោះ បក្សីចាំក្រុង ឲ្យទារកនោះជាប់រៀងរហូតមក។
ការតាមចាប់បក្សីចាំក្រុង
កែប្រែតាគហេត្រូវនាំបក្សីចាំក្រុងទៅមហានគរធ្វើការពិសោធន៍នឹងគេដែរ។ បក្សីចាំក្រុងដាក់ដៃដាក់ជើងទៅលើម្សៅ ហើយដកមកវិញកាលណា ស្រាប់តែរូបកងចក្រដាមដិតជាប់ក្រឡៅ ធ្វើឲ្យមនុស្សម្នានាម៉ឺនពលរេហ៍ទាំងឡាយភ្ញាក់ផ្អើលឆោឡោ ឈូឆរ ច្របូកច្របល់ទ្រហឹងអឺងកង។ មើលឃើញមិនស្រួល យល់ថាស្ថានការណ៍មិនល្អ អាចនាំមកនូវគ្រោះថ្នាក់ តាគហេក៏ចាប់កញ្ឆក់ដៃ លើកបក្សីចាំក្រុងដាក់អៀវលើ-ក រត់យ៉ាងលឿនហើយគេចខ្លួនយ៉ាងរហ័សចេញផុតពីទីប្រជុំជនដែលមាន មនុស្សអ៊ូអរ។ គ្រានោះមានសត្វម្រឹគីម្រឹគាបក្សាបក្សីទាំងហ្វូងៗ រត់ស្រុះស្រដង្ហែអមតាមផ្លូវចាំការពារបក្សីចាំក្រុង ពីក្រោយ។ ព្រះមហាក្សត្រព្រះសិន្ធពអមរិន្ទ ឬស្ដេចព្រហ្មកិល គ្រាន់តែបានទទួលដំណឹង ដឹងអស់គ្រប់ហេតុការណ៍ច្បាស់លាស់ភ្លាមកាលណា ក៏បញ្ជាឲ្យកងទ័ពដេញតាមចាប់បក្សីចាំក្រុង និងតាគហេ។ តាគហេអៀវបក្សីចាំក្រុងបណ្ដើរ រត់បណ្ដើរ ងាកឆ្វេងស្ដាំមើលក្រោយបណ្ដើរ។ គាត់ភ័យតក្កមា នៅពេលដែលងាកមើលទៅឃើញទ័ពស្ដេចដេញតាមប្រកិតពីក្រោយ។ រត់ចូលទៅដល់ព្រៃមួយ គាត់យកបក្សីចាំក្រុងទៅដាក់លាក់ហើយមានប្រសាសន៍ថា «បាពួននៅឲ្យស្ងៀមកុំមាត់កអ្វីទាំងអស់!»។ បន្ទាប់មកគាត់ចេញទៅស៊ើបលបលួចមើលចលនាទ័ពស្ដេច។ ហេតុតែបក្សីចាំក្រុងជាអ្នកមានបុណ្យបារមី ទ័ពពញាក្រែកដេញតាមមិនទាន់ រកមិនឃើញឡើយ ហើយចេះតែទៅផុត មកផុត ដើរហួសទៅហួសមក។ កាលបើស្ថានភាពបានធូរស្រាលបន្ដិចហើយ តាគហេលើកបក្សីចាំក្រុងដាក់លើ-ក ហើយអៀវរត់កាត់វាលចូលព្រៃតូច ចូលព្រៃធំមានព្រៃក្រាស់ មានព្រៃស្ដើង វិលត្រលប់តំរង់ទៅគេហដ្ឋានវិញ។ មកដល់ជិតផ្ទះ តាគហេយកបក្សីចាំក្រុងទៅលាក់ក្នុងគម្ពោតព្រៃដោយពោលថា «បារង់ចាំនៅទីនេះសិនហើយ!»។
ដំណើរភៀសព្រះកាយជាមួយតាគហេ
កែប្រែលោកតាបាន រៀបរាប់គ្រប់ហេតុការណ៍ពីដើមដល់ចប់ប្រាប់ប្រពន្ធ និងទូលថ្វាយ អ្នកម្នាងកែវ ហើយគាត់ក៏ឲ្យភរិយាចាត់ចែងរៀបចំបាយទឹកស្បៀងអាហារ និងបង្វេចសំរាប់រត់ភៀសខ្លួនចាកចេញពីទីប្រជុំជន ទៅនៅឲ្យឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងសង្ឃឹមថា នឹងបានសន្ដិសុខដល់រូបបក្សីចាំក្រុង។ រួចស្រេចហើយកាលណា តាគហេត្រលប់ទៅយកបក្សីចាំក្រុងលើកអៀវដាក់លើ-ក ហើយធ្វើដំណើរផ្សងព្រេង កាត់វាលចូលព្រៃដោយគ្មានទិសដៅអ្វីជាពិតប្រាកដ។
តំបន់សៀមរាប
កែប្រែទៅដល់ទួលមួយ មានដើមរលួសដុះជាច្រើន យល់ឃើញថា ជាកន្លែងល្អសមរម្យតាគហេ និងបក្សីចាំក្រុងក៏នាំគ្នាឈប់សំរាកនិទ្រា។ ទីកន្លែងដើមរលួសនេះ ថ្ងៃក្រោយក្លាយជាខេត្ដរលួស ហើយមានវត្ដមួយឈ្មោះវត្ដរលួស (ក្នុងស្រុកនិគម ខេត្តសៀមរាប) ជាប់រហូតដល់សព្វថ្ងៃ។ ព្រឹកព្រហាម តាគហេនាំបក្សីចាំក្រុងធ្វើដំណើររត់ភៀសខ្លួនទៅមុខទៀត។ ទៅដល់ព្រែកមួយ គាត់បានជួបអ្នកកំលោះម្នាក់ឈ្មោះជីក្រែង ដែលកំពុងតែអុំទូកស្ទូចត្រី ជីក្រែងបានយកអាសា ជួយចម្លងទូកយកទៅដាក់ត្រើយម្ខាង ព្រែកនោះជាប់ឈ្មោះថា «ព្រែកជីក្រែង» រហូតមកដល់សព្វថ្ងៃ ដើម្បីរំលឹកប្រវត្ដិបក្សីចាំក្រុង និងគុណបំណាច់របស់ជីក្រែង។
តំបន់កំពង់ធំ
កែប្រែតាគហេ និងបក្សីចាំក្រុង ខំធ្វើដំណើរទៅមុខទៀត កាត់វាលចូលព្រៃ កាត់ព្រៃចូលវាលរហូតដល់ភ្នំមួយ។ នៅទីនេះគាត់បានជួបតាម្នាក់ឈ្មោះតាម៉ឹង គាត់រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់តាម៉ឹង ពីដើមដល់ចប់។ គាត់បានពោលបន្ថែមថា «ឥឡូវនេះ តាក៏រឹងរឹតតែអាសន្នមានទុក្ខពិបាកយ៉ាងធ្ងន់ ពីព្រោះគាត់អស់ស្បៀងអាហារ»។ តាម៉ឹងស្ដាប់ឮសូរដូច្នេះ កើតមានចិត្ដអាណិតអាសូរស្រឡាញ់រាប់អាន ហើយជួយលាក់បំពួនផ្គត់ផ្គង់តាគហេ និងបក្សីចាំក្រុង។ រួចហើយ គាត់ចេញទៅប្រមែប្រមូល វេចខ្ចប់បាយទឹកអង្ករត្រីសាច់ ទុកឲ្យតាគហេធ្វើជាស្បៀង ក្នុងការធ្វើដំណើរទៅមុខ។ កន្លែងព្រៃភ្នំនោះ តាំងតែពីសម័យបក្សីចាំក្រុង មកដល់សព្វថ្ងៃបានទទួលឈ្មោះថា ភ្នំអាសន្នទុក្ខ ដែលឥឡូវក្លាយទៅជា ភ្នំសន្ទុក (នៅក្នុងខេត្តកំពង់ធំ)។ ឆ្លងផុតពីព្រៃភ្នំចូលមកដល់វាល តា និងចៅនាំគ្នាឈប់សំរាក។ សត្វល្មាំងមួយហ្វូងបានចេញមកយាមកាពារបក្សីចាំក្រុង កន្លែងនោះក៏ជាប់ឈ្មោះថា គោកល្មាំង ឬគោកព្រះកង តរៀងមក។ អ្នកខ្លះហៅថា គោកព្រះកង ពីព្រោះនៅក្បែរបឹងជិតនោះ ពេលបក្សីចាំក្រុង ព្រះអង្គច្រត់ដៃអោនក្បាលសោយទឹក ស្នាមកងចក្របានដិតដៅក្រឡៅជាប់លើដីភក់។ ចេញផុតពីស្រុកអាសន្នទុក្ខទៅដល់វាលផ្សេងមួយទៀត បក្សីចាំក្រុងបានជួបនឹងសេះពណ៌ខៀវមួយមានកំពស់ប្រមាណជាបីហត្ថ។ សេះពណ៌ខៀវដើរចេញមកលុតជង្គង់សំពះបក្សីចាំក្រុងបីដង។ បក្សីចាំក្រុងក៏បានសេះនោះមកធ្វើជាជំនិះ ឯតាគហេវិញគាត់ដើរពីមុខនាំផ្លូវ។ កន្លែងដែលបក្សីចាំក្រុងជួបសេះ បានមានឈ្មោះជាប់មកថា គោកសេះ។
តំបន់ក្នុងកំពង់ចាម-ចូលកណ្ដាល
កែប្រែតាគហេ និងបក្សីចាំក្រុង ទាំងតាទាំងចៅ នាំគ្នារត់គេចបន្ដជានិច្ច ឆ្លងកាត់ព្រែក ស្ទឹង ទន្លេធ្លាក់ទៅដល់ខេត្ដជើងព្រៃ។ ពេលនោះ កងទ័ពពលរេហ៍របស់ស្ដេចពញាក្រែក ឬព្រហ្មកិល ឬសិន្ធពអនុរាជ ក៏បានដេញតាមប្រកិតផិតមកដល់ដែរ។ អ្នកទាំងពីរខំពួនលាក់ខ្លួនក្នុងព្រៃយ៉ាងសែនវេទនាជាទីបំផុត។ យប់ឡើងគេយកផែនពសុធាធ្វើជាគ្រែ យកមេឃធ្វើមុង យកសូរសព្ទសព្វសត្វ ក្នុងព្រៃស្ងាត់ជ្រៅជ្រងំ ធ្វើជាវង់ដូរតន្ដ្រីប្រគំបទភ្លេង បំពេរលួងលោមក្ដីទុក្ខព្រួយ។ ទៅដល់កន្លែងមួយឈ្មោះ ត្រពាំងកងមាស ជួនចំជាពេកយប់ តា និងចៅនាំគ្នាឈប់សំរាកនិទ្រាយកកំលាំង។ ទីនោះ មានមូសច្រើនណាស់ ដែលរំខានធ្វើឲ្យសំរាកមិនបាន បក្សីចាំក្រុង ក៏បន់ស្រន់សំបូងសង្រូង សុំកុំឲ្យមានមូស។ រំពេចនោះមូសយ៉ាងច្រើនខ្មៅងងឹត ក៏បាត់អស់ដូចតាមមាត់មែន។ កន្លែងនោះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថា មុងមាសអ្នកតាគហេ តែពង្សាវតាររបស់សម្ដេចវាំជួន បញ្ជាក់ថា កន្លែងដែលបក្សីចាំក្រុងសំពះបន់កុំឲ្យមានមូសមានឈ្មោះថា ទូលតាគហេ ដែលស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាលសព្វថ្ងៃ។ តាគហេ និងបក្សីចាំក្រុង ចេះតែខំប្រឹងរត់តទៅទៀត ទាំងយប់ទាំងថ្ងៃ ឥតមានហ៊ានឈប់ឈរ។ យូរថ្ងៃមក គេបានរត់ទៅដល់មាត់ទន្លេធំ ដែលសព្វថ្ងៃខ្មែរយើងបានដាក់ឈ្មោះថាទន្លេមេគង្គ។ ចំណែកខាងកងទ័ពរបស់ស្ដេចព្រហ្មកិលវិញក៏ដេញកិតជាប់ពីក្រោយ ដែរ។ តា និងចៅទាំងពីរនាក់ ស្ថិតក្នុងស្ថានភាពទាល់ច្រក ចង់ឆ្លងទឹកក៏មិនរួច ព្រោះគ្មានទូក ចង់ថយក្រោយរកផ្លូវផ្សេងទៀតរត់ក៏មិនរួច។ គ្រានោះបក្សីចាំក្រុងក្រឡេកមើលទៅមាត់ទន្លេ ឃើញដើមរកា និងដើមល្វា ហើយនឹកគិតថា បើដើមរកាកោងទៅ ហើយដើមល្វាទេរមក នោះយើងច្បាស់ជាអាចឆ្លងរត់រួចជាមិនខាន។ ទាល់ចំណេះ អស់មធ្យោបាយ បក្សីចាំក្រុងក៏លុតជង្គង់ទៅនឹងដី លើកដៃប្រទូលដាក់លើក្បាល ឧទ្ទិសបួងសួងថា បើទូលព្រះបង្គំជាខ្ញុំពិតជាអ្នកមានបុណ្យមែន ហើយត្រូវឡើងគ្រងនគរនោះ សូមឲ្យរកាកោងទៅ ល្វាទេរមក!។ ភ្លាមនោះដោយអំណាចគុណបុណ្យតេជបារមី និងមាត់ទិព្វរបស់បក្សីចាំក្រុង ដើមរកាក៏កោងទៅមែន ហើយដើមល្វាក៏ទេរមកជួបគ្នា ក្លាយជាស្ពានដូចក្ដីប្រាថ្នា។ បក្សីចាំក្រុង និងតាគហេក៏នាំគ្នាដើរសួលើដើមឈើទាំងពីរឆ្លងកាត់ទៅ ត្រើយម្ខាង។ កងទ័ពស្ដេចពញាក្រែក ក៏មកដល់ដែរ តែរកឆ្លងដេញចាប់មិនបាន ពីព្រោះដើមរកា និងល្វាបានងើបឡើងត្រង់វិញដូចដើម។ ដោយសារភាពអច្ឆរិយៈដ៏អស្ចារ្យនេះ ទើបបានជាទីកន្លែងនោះ មានឈ្មោះជាប់មកថា រកាកោង និងល្វាទេរ ហើយថ្ងៃក្រោយមកក៏កើតមានជាលំនៅស្ថានភូមិស្រុក រកាកោង ល្វាទេរ រៀងរហូតមកដល់បច្ចុប្បន្ន។ ចំណែកសេះពណ៌ខៀវវិញ មកដល់កន្លែងរកាកោង ល្វាទេរនេះ ក៏បាត់រូបរាងក្នុងភាពយ៉ាងអស្ចារ្យដែរ។ ពីពេលនោះមកបក្សីចាំក្រុងចាប់ផ្ដើមមានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យ មានឫទ្ធិអំណាចតេជៈបារមីខ្លាំងពូកែមែន។ អ្នកទាំងពីរធ្វើដំណើរគេចខ្លួន កាត់វាលកាត់ព្រៃតទៅមុខទៀត។ ទៅដល់ក្រោមដើមល្វាមួយយ៉ាងធំមានម្លប់ត្រឈឹងត្រឈៃ គេឈប់សំរាកប្រាសខ្លួនលើផែនថ្មដាមួយធំ ដែលជប់ឡើងដោយទេវតារក្សាដើមល្វា សំរាប់ទុកថ្វាយបក្សីចាំក្រុង។ កន្លែងនោះក៏ជាប់ឈ្មោះថា ថ្មដា ដែលសព្វថ្ងៃស្ថិតនៅក្នុងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ថ្ងៃមួយតាគហេ និងបក្សីចាំក្រុង ធ្វើដំណើរទៅដល់ទីទួលមួយកន្លែង ដែលមានបឹងនៅជិតជាប់នោះ តាគហេបានទៅកាច់មែកជ្រៃយកមកដោតបាំងធ្វើម្លប់ឲ្យ បក្សីចាំក្រុង។ ដោយអស់កំលាំងពេក បក្សីចាំក្រុង ក៏ផ្ទំលក់ទៅ។ គ្រានោះ មានហ្វូងបក្សាបក្សីជាច្រើន ចុះមកក្នុងបឹងដើម្បីរាវរកចាប់ចំណី។ មិនយូរប៉ុន្មានផង ស្រាប់តែបក្សាបក្សីទាំងនោះស្រែកផ្អើលកោកកាកឆោឡោហោះហើរចេញទៅ។ ឮសូរខ្ញៀវខ្ញាសន្ធឹកសន្ធប់ដូច្នេះ តាគហេនឹកស្មានថាកងទ័ពស្ដេចលើកមកដល់ហើយ កំពុងតែឡោមព័ទ្ធចាប់។ គាត់ភ័យណាស់ខំរត់ទៅដាស់បក្សីចាំក្រុង។ បក្សីចាំក្រុងភ្ញាក់ទាំងសើងមម៉ើង ភ័យចំប្រប់ ហើយខំស្ទុះស្ទារឡើងដើមជ្រៃសំលឹងមើលគ្រប់ទិសទី។ តែបក្សីចាំក្រុងមើលមិនឃើញកងទ័ពស្ដេចទេ ឃើញតែហ្វូងសត្វជាច្រើនដែលកំពុងតែហោះហើរ។ បាត់ភ័យធូរទ្រូងបន្ដិច បក្សីចាំក្រុងចុះពីមែកជ្រៃដោយទាំងទុកស្នាមដានជើងជាប់នៅលើ មែកឈើ។ ដើមជ្រៃនោះបានគង់រស់រហូតមកដល់សព្វថ្ងៃ។ បក្សីចាំក្រុងនឹកខឹងមួរម៉ៅចំពោះតាគហេដែលបានធ្វើឲ្យខ្លួនភ័យ លួសព្រលឹង ព្រះអង្គមានបន្ទូលលលេងថា កាលណាបានឡើងសោយរាជ្យខ្ញុំនឹងកាប់តាធ្វើបុណ្យ! (តាមឪពុកខ្ញុំ ដែលធ្លាប់និទានរឿងបក្សីចាំក្រុងឲ្យស្ដាប់ កាលខ្ញុំនៅក្មេង ពាក្យសំដីនេះគ្រាន់តែជាការនិយាយចំអន់លេងសើចកំប្លែងតែប៉ុណ្ណោះ បក្សីចាំក្រុងមិនដែលមានចិត្ដអាក្រក់រមឹលគុណដូច្នេះឡើយ)។ ទីទួលដែលតាគហេបានយកមែកជ្រៃទៅដោតធ្វើម្លប់ ត្រូវបានគេឲ្យឈ្មោះថា ទួលស្រួលទឹកមិនលិច។ ចំណែកដើមជ្រៃវិញ យូរខែឆ្នាំមក ក៏ដុះធំត្រសុំត្រសាយ ក្លាយទៅជាទីកន្លែងសក្ការៈបូជាយ៉ាងឆុតឆាប់ ដែលខ្មែរតែងតែនាំគ្នាមកបន់ស្រន់ជាហូរហែ។ ឈ្មោះនេះក្លាយបន្ដិចម្ដងៗ ទៅជាទួលសួគ៌លោក ហើយឥឡូវនេះទៅជាវិហារសួគ៌។ រីឯកងទ័ពពល រេហ៍របស់ស្ដេចព្រហ្មកិល នៅតែបន្ដបេសកកម្មរុករកដេញតាមចាប់បក្សីចាំក្រុងឥតសំចៃដៃ។ បក្សីចាំក្រុង និងតាគហេនៅតែខំរត់គេចដដែល ហើយបានធ្វើដំណើរចុះទៅទិសខាងត្បូង។ ទៅជិតដល់មាត់ទន្លេប្រទះឃើញមានផ្លែល្វាល្អល្អះគួរឲ្យឆ្ងាញ់ បក្សីចាំក្រុងក៏បេះផ្លែល្វាយកមកសោយចំអែតកាយ។ ផ្លែល្វាមានរសជាតិផ្អែមឆ្ងាញ់ពិសា ធ្វើឲ្យបក្សីចាំក្រុងកើនកំលាំងខ្លាំងក្លា។ ទឹកដីម្ដុំដើមល្វា ក៏ជាប់ឈ្មោះថា ល្វាផ្អែម ហើយក្លាយទៅជាល្វាឯមរហូតមកដល់សព្វថ្ងៃ គឺនៅក្នុងខេត្តកណ្ដាល។ កងទ័ពស្ដេច ពញាក្រែក ឬព្រហ្មកិល ឬសិន្ធពអមរិន្ទ ដែលដឹកនាំដោយមេទ័ពពីរនាក់គឺ ចៅពញាចក្រី និងចៅពញារាជាសេដ្ឋា បានតាមដានដេញរកចាប់បក្សីចាំក្រុងអស់រយៈពេលបីឆ្នាំ តែនៅតែរកចាប់មិនបាន។ មិនតែប៉ុណ្ណោះ មេទ័ពស្ដេចទាំងពីរនាក់ត្រូវបាត់បង់ជីវិតនៅភ្នំអាសន្នទុក្ខ ដោយចាញ់បុណ្យបារមីរបស់បក្សីចាំក្រុង។ ព្រះមហាក្សត្រខ្មែរខឹងច្រឡោតខ្លាំងណាស់ ដោយមេទ័ពរបស់ខ្លួនទាំងប៉ុន្មានគ្មានសមត្ថភាព ទទួលបរាជ័យ រកចាប់ចង និងកំទេចសំលាប់បក្សីចាំក្រុងមិនបានដូចបំណង។ ព្រះអង្គរឹងរឹតតែភ័យព្រួយបារម្ភខ្លាំងឡើងៗ រកបិទភ្នែកមិនជិត ពីព្រោះព្រះអង្គភ័យខ្លាចអស់បុណ្យ អស់អំណាច អស់រាជសម្បត្ដិ អស់បានធ្វើជាស្ដេច។ ព្រះអង្គក៏សំរេចចិត្ដលើកកងទ័ពពលសេនាទៅដោយខ្លួនឯង ដើម្បីដេញតាមរុករកចាប់សំលាប់បក្សីចាំក្រុង អ្នកមានបុណ្យឲ្យទាល់តែបាន នេះបើតាមពង្សាវតារវត្ដទឹកវិល។
បរិវេណភ្នំពេញដល់កណ្ដាលវិញ
កែប្រែចំណែក តាគហេ និងបក្សីចាំក្រុង កាលបើដល់មាត់ទន្លេ ក៏សុំតាមទូកគេឆ្លងទៅត្រើយខាងលិចត្រង់ម្ដុំកោះឫស្សីកែវ (សង្កាត់មួយនៅផ្នែកខាងជើងនៃទីក្រុងភ្នំពេញ)។ គ្រានោះកងទ័ពស្ដេចក៏តាមមកដល់ដែរ តាគហេ និងបក្សីចាំក្រុង នាំគ្នារត់ចូលពួនក្នុងបឹងរាជ ដែលមានឈូកដុះពាសពេញ។ កងពលសេនាស្ដេចដេញតាមស្អិតពីក្រោយ ហើយយកដំរី គោ ក្របី មកឲ្យដើរសាចុះសាឡើងជាន់ឈ្លីបឹងឈូក បែកភក់វក់វល់ ដើម្បីសំលាប់បក្សីចាំក្រុងកុំឲ្យរត់រួច។ តែដំរី គោ ក្របី កាលដើរមកដល់ម្ដុំដើមឈូកដែលបក្សីចាំក្រុង និងតាគហេពួន ចេះតែនាំគ្នាដើរឃ្វាងរហូត តា និងចៅបានរួចជីវិតជាថ្មីម្ដងទៀត។ បឹងឈូកដោយសារគោ ក្របី ដំរី ដើរជាន់ឈ្លីមិនឈប់ឈរ ក៏រឹងខះទឹកបែរជាគោកស្ងួត។ ដើម្បីទុកជាអនុស្សាវរីយរំលឹកដល់ប្រវត្ដិតស៊ូ រត់គេចភៀសខ្លួនរបស់បក្សីចាំក្រុង និងតាគហេ គេបានដាក់ឈ្មោះទឹកដីនោះថា គោកបញ្ជាន់។ បក្សីចាំក្រុង និងតាគហេ នាំគ្នារត់បន្ដដំណើរសំដៅទៅទិសខាងលិច។ តាមផ្លូវបក្សីចាំក្រុងបានប្រទះជួបឃើញនារីក្រមុំម្នាក់មានរូបរាង ដំណើរ សម្ផស្ស សាច់ល្អស្រស់ស្អាតគួរឲ្យចាប់ចិត្ដស្នេហា នាងកំពុងតែដងទឹក។ កន្លែងជួបប្រទះស្រីស្រស់ ត្រូវគេដាក់ឈ្មោះថា ប្រទះនាង ដែលក្លាយជា ប្រទះឡាង។ នៅតាមផ្លូវ ទៅដល់ទួលមួយ តា និងចៅ ដោយស្រេកឃ្លានខ្លាំងពេក បានបេះផ្លែឈើឪជ្រឹង យកមកបរិភោគចម្អែតកាយ។ ទីនោះជាប់ឈ្មោះថា ទ្រនំជ្រឹង ជារៀងរហូតតមក។ ដើរហួសកន្លែងនោះឆ្ងាយបន្ដិច ស្រាប់តែបក្សីចាំក្រុង និងតាគហេត្រូវកងពលទាហានស្ដេចឡោមចោមចាំចាប់។ កន្លែងចោមចាប់ទី១ បានក្លាយទៅជា ភូមិចោមចាប់។ កន្លែងចោមចាប់ទីពីរ នៅម្ដុំជិតគ្នានោះដែរ បានក្លាយទៅជាភូមិចោមចៅ។ ដើម្បីរត់ដោះដៃ រករួចខ្លួន ម្ដងនេះដូចលើកមុនដែរ តាគហេនាំបក្សីចាំក្រុងចុះពួនក្នុងបឹងទៀត។ ពួកពលរេហ៍ស្ដេចក៏នាំយកដំរី គោ ក្របី ប្រើឲ្យជាន់ដីជាន់ឈ្លីបញ្ជាន់បឹងដូចលើកមុន តែនៅតែមិនបានសម្រេច។ បក្សីចាំក្រុង និងតាគហេនៅតែរត់រួចពីកណ្ដាប់ដៃស្ដេចពញាក្រែក ឬព្រហ្មកិល ឬសិន្ធពអមរិន្ទ។ បឹងនោះត្រូវបានគេដាក់ឈ្មោះថា បឹងបុកបែន ដែលថ្ងៃក្រោយមក ក្លាយជាបឹង បឹងក្បែន។ រត់ រួចចេញពីបឹងកាលណា ចៅ និងតា នាំគ្នារត់ទៅលាក់ខ្លួនពួនអាត្មាក្នុងព្រៃក្រាស់ជិតនោះ។ ព្រៃនោះមានឈ្មោះថា ព្រៃពួន ដែលឥឡូវក្លាយទៅជា ព្រៃពួច (ឈ្មោះទីកន្លែង ភូមិស្ថាន ដែលយើងបានរៀបរាប់ជាហូរហែ ក្រោយពេលដែលបក្សីចាំក្រុងរត់មកដល់កោះឫស្សីកែវ សុទ្ធតែស្ថិតនៅក្នុងខេត្តកណ្ដាល ខាងលិច និងទិសខាងជើងទីក្រុងភ្នំពេញសព្វថ្ងៃ)។ កងទ័ពស្ដេចនៅតែដេញតាមប្រកិតពីក្រោយជានិច្ច។ តាគហេ និងបក្សីចាំក្រុងចេះតែខំរត់ពួនគេចវេះ ខំដើរ ខំរត់កាត់វាលចូលព្រៃទៅដល់ជើងភ្នំរូង (គឺភ្នំបាសិទ្ធ សព្វថ្ងៃ ដែលស្ថិតនៅប្រវែងប្រមាណជាជាង ២០ គ.ម ខាងជើងក្រុងភ្នំពេញ។ ភ្នំបាសិទ្ធមានកំពូលទាំងអស់ពីរ មួយក្នុងឃុំម្កាក់ ស្រុកភ្នំពេញ ខេត្តកណ្ដាល និងកំពូលមួយទៀត ស្ថិតក្នុងខេត្តកណ្ដាលដដែល តែក្នុងឃុំឈ្វាំង ស្រុកពញាឮ)។ នៅក្នុងភ្នំនេះមានរូងមួយយ៉ាងធំរបស់ស្ដេចកណ្ដុរស។ ស្ដេចកណ្ដុរសក៏បានជួយសង្គ្រោះយកអាសាបក្សីចាំក្រុង នាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួន។ រំពេចនោះដែរ ពីងពាងជាច្រើនក៏នាំគ្នាបញ្ចេញកំលាំងធ្វើមង ចាក់ស្រះព័ទ្ធព័ន្ធបិទបាំងមាត់រន្ធស្ដេចកណ្ដុរស។ កងទាហានស្ដេចព្រហ្មកិលមកដល់ទីនោះដែរ តែរកបក្សីចាំក្រុង និងតាគហេមិនឃើញ។ មកដល់រូងភ្នំ បក្សីចាំក្រុង និងតាគហេបានបុណ្យគុណបារមីវត្ថុស័ក្ដិសិទ្ធ និងអ្នកសច្ចំបំបាំងបាត់ ជួយថែរក្សាទំនុកបំរុង ឧបត្ថម្ភ ណែនាំ បង្ហាត់បង្រៀន អប់រំ ប្រដែប្រដៅ ផ្ដល់នូវមុខវិជ្ជាសិល្ប៍សាស្ដ្រគ្រប់បែបបទ និងជួយចំលងឲ្យផុតពីគ្រោះកាចចង្រៃគ្រប់បែបយ៉ាង។ តាំងតែពីពេលនោះមក បក្សីចាំក្រុង និងតាគហេ រស់នៅឯភ្នំរូងដោយសុវត្ថិភាពសុខសប្បាយ គ្មានសៅហ្មង គ្មានភ័យព្រួយបារម្ភខ្លាចស្ដេចសិន្ធពអមរិន្ទឡើយ។
សម្ដេចចៅហ្វាទឡ្ហៈ
កែប្រែពង្សាវតារសម្ដេចវាំងជួន បានសរសេរបន្ដទៅទៀតថា ព្រះបាទបក្សីចាំក្រុង បានយាងព្រះមាតា អ្នកម្នាងកែវឲ្យមកគង់ក្នុងបរមរាជវាំងជាមួយ។ ព្រះអង្គបានប្រទានដល់ព្រះមាតាព្រះបរមនាម សម្ដេចព្រះវររាជនីទេវីលក្ខិណាមហាក្សត្រី។ តាគហេ និងយាយលក្ខណ៍ត្រូវបានព្រះអង្គទុកដាក់ និងប្រទានឋានៈជាជីដូនជីតាចិញ្ចឹម មិនតែប៉ុណ្ណោះ តាគហេបាទទទួលឋានន្ដរសក្ដិជាសម្ដេចចៅហ្វា ដោយមានអំណាចគ្រប់គ្រាន់ពេញលេញ ក្នុងការចាត់ចែងរៀបចំសំរេចកិច្ចការធំៗក្នុងនគរ។
ព្រះបាទបក្សីចាំក្រុង ព្រោះតែពាក្យសំដីចំអន់លេងសើច ដោយស្មានថាពាក្យសំដីទាំងប៉ុន្មានរបស់ព្រះអង្គ គ្មានន័យគ្មានផលរមាស់ ត្រូវគ្រប់កំលាំងបារមី និងវត្ថុស័ក្ដិសិទ្ធិយាងចុះមកព្រមានប្រដែប្រដៅឲ្យគោរពធ្វើតាម ពាក្យពេចន៍ដែលពោលនិយាយចេញមក។ ពីព្រោះពាក្យសម្ដីរបស់ស្ដេច ឬអ្នកដឹកនាំនគរ ដែលហាខ្ជាក់ចេញមកជាពាក្យសច្ចៈ។ បក្សីចាំក្រុងខំប្រឹងរៀបចំធ្វើពិធីឧបកិច្ច បន្លែបន្លំបោកបញ្ឆោតទេវតាដែរ តែបារមីទាំងអស់នៅតែមិនព្រមទទួល និងសុខចិត្ដ។ ទេវតា និងវត្ថុសក្ដិសិទ្ធិនៅតែទាមទារឲ្យគោរពធ្វើតាមពាក្យសច្ចៈ បើពុំដូច្នោះទេ នឹងមកផ្ដាច់យកអាយុជីវិតប្រជាពលរដ្ឋ ហើយនឹងធ្វើឲ្យនគរស្រុកទេសទាំងមូល ជួបប្រទះតែទុក្ខភ័យវេទនា វិនាសអន្ដរាយហិនហោច ព្រាត់ប្រាសគ្នាជាមិនខាន។ បើគោរពតាមពាក្យសច្ចៈ ដើម្បីប្រទេសជាតិ បក្សីចាំក្រុង ត្រូវដាច់ចិត្ដលះបង់ ប្រហារជីវិតលោកតាគហេអ្នកមានគុណដ៏ធំ និងដ៏ធ្ងន់របស់ព្រះអង្គ។