ចក្រព័ត្រ
ព្រះបាទចក្រព័ត្រ (សំស្ក្រឹត: ចក្រវរ្តិន៑) (គ.ស ៩៥១-១០០១) រជ្ជកាល (គ.ស ៩៧២-១០០១) កាលដែលព្រះបាទស័ង្ខចក្រ ឬស្ដេចគម្លង់ ព្រះមហាក្សត្រខ្មែរទី១៥ ចូលទិវង្គត ព្រះចក្រព័ត្រ ព្រះរាជបុត្រព្រះអង្គ បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាជាបន្ដពីព្រះបិតា។ ព្រះអង្គមានព្រះជន្ម ២១ វស្សា។
ចក្រព័ត្រ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ៩៧២-១០០១ | ||||
រាជ្យមុន | ព្រះបាទស័ង្ខចក្រ | ||||
រាជ្យបន្ត | ព្រះបាទគោត្តមអមរទេវរាជ | ||||
ស្វាមី/មហេសី | អ្នកម្នាងកែវ អ្នកម្នាងទង | ||||
បុត្រ | ព្រះបទុមកុមារ ព្រះសិរីកុមារ ពញាពេជ្រ បក្សីចាំក្រុង | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទស័ង្ខចក្រ | ||||
មាតា | ព្រះនាងកើត | ||||
ប្រសូត | គ.ស ៩៥១ មហានគរ | ||||
សុគត | គ.ស ១០០១ មហានគរ នគរគោកធ្លក | ||||
ព្រះសុសាន | ភ្នំក្រោម |
ពិធីអភិសេកព្រះចក្រព័ត្រជាព្រះមហាក្សត្រ បានប្រារព្ធយ៉ាងឱឡារិកនៅថ្ងៃ ៣កើត ខែចេត្រ ឆ្នាំវក ព.ស ១៥១៦ ត្រូវជា ម.ស ៨៩៤ ច.ស ៣៣៤ និងត្រូវជា គ.ស ៩៧២ ព្រះអង្គជាស្ដេចខ្មែរទី១៦ ហើយមានព្រះបរមនាម ព្រះបាទសម្ដេចព្រះចក្រព័ត្រាធិរាជ បរមបពិត្រ។ ព្រះអង្គគង់ និងមានបរមរាជវាំង នៅមហានគរដដែល។
ព្រះរាជបុត្រ និង រាជវង្ស
កែប្រែព្រះបាទចក្រព័ត្រមានព្រះរាជបុត្រពីរព្រះអង្គ។ បុត្រច្បងព្រះនាមបទុមកុមារ ប្រសូតនៅឆ្នាំឆ្លូវ។ ព្រះរាជបុត្របន្ទាប់ព្រះនាមសិរីកុមារ ប្រសូតនៅឆ្នាំរកា ច.ស ៣៥៩។ ជាមួយគ្នានោះ អ្នកម្នាងកែវ មហេសីមួយទៀតរបស់ព្រះចក្រព័ត្រក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ត្រូវជាគ.ស ១០០០។
ព្រឹត្តិការណ៍ក្នុងរាជ្យ
កែប្រែសម័យមួយ ព្រះរាជាបានចេញបញ្ជាឲ្យនាម៉ឺនមុខមន្ដ្រីកេណ្ឌប្រជានុរាស្ដ្រ គ្រប់ខេត្ដខណ្ឌសម្រាប់យកមកកាប់ឈើសាងសង់ព្រះបរមរាជវាំង និងបាចទឹកសំអាត ស្រះ អូរ ប្រឡាយ តូចធំក្នុងព្រះនគរ។ ព្រឹត្ដិការណ៍កំណែននេះ បានធ្វើឲ្យប្រជាជនខ្មែរទាំងស្រីទាំងប្រុស ខឹងសម្បាក្ដៅក្រហាយគ្រប់ៗគ្នា ។ ដោយសារខ្លាចអំណាចស្ដេច ខ្លាចទទួលទោសពៃរ៍ ម្នាក់ៗចេះតែខំខាំមាត់សង្កត់ធ្មេញគោរពធ្វើតាមតែបញ្ជា ។
ក្នុង ចំណោមប្រជាជនកំណែនទាំងនោះ មានបុរសកំលោះម្នាក់ មាឌមាំធំសម្បុរខ្មៅ ឈ្មោះនាយគ្រញូង។ ថ្ងៃមួយ នាយញូងត្រូវដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចម្អិនម្ហូបអាហារសម្រាប់ក្រុមកំណែនឯទៀតដែល ចេញទៅបំពេញការងារ។ ដាំបាយឆ្អិនកាលណា នាយញូងរកអ្វីមកជ្រួយបាយមិនបាន នាយងាកឆ្វេងងាកស្ដាំ ស្រាប់តែក្រឡេកទៅប្រទះឃើញមែកដើមរកាខ្មៅ នាយក៏ឈោងចាប់យកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយសស្គុសក៏ប្រែពណ៌ទៅជាខ្មៅ។ ដោយក្ដីហេវហត់ និងឃ្លានផង នាយញូងក៏កាយញាត់ៗ បរិភោគបាយពណ៌ខ្មៅនោះទាល់តែអស់រលីងពីខ្ទះ។ បន្ទាប់មក នាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីសម្រាប់សមាជិកកំណែនឯទៀត។ តែម្ដងនេះ ដល់នាយរកមែកឈើដើមរកាខ្មៅនោះមកជ្រួយបាយ ស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញ មែកដើមរកាខ្មៅដែលបាត់ទៅនោះ គេមិនដឹងឡើយថាជាអន្ដរាគមន៍ ទេព្តា ឬខ្មោចអារក្ស យកមកដាក់ ហើយលាក់បំបាំងយកទៅវិញ? ពង្សាវតារវត្ដទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្ដាល បានកត់ត្រាទុកមកថា ដោយគុណបុណ្យបារមីនាយញូងត្រូវឡើងធ្វើជាស្ដេចទើបបានជាទេវតាចុះ មកជបបណ្ដុះឲ្យមានដើមរកាខ្មៅ ដុះនៅចំកណ្ដាលកន្លែងដែលពួកកំណែនរបស់នាយបោះជំរុំតាំងទី។ ហើយនាយញូងធ្លាប់បានបង្គាប់ឲ្យកូនចៅក្រោមបង្គាប់ កាប់ដើមរកានោះធ្វើជាឧសដុត នៅសល់តែខ្លឹមដើមរកាខ្មៅទេ ដែលគេមិនទាន់ដុត។ ហេតុដូច្នេះហើយបានជានៅពេលខ្វះវែកជ្រួយបាយ នាយញូងលូកដៃចាប់យកខ្លឹមរកាខ្មៅ។ គ្រានោះនាយញូងអាយុ ២១ ឆ្នាំ។
គ្រាន់តែ បរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លា កើនឡើងប្រឹសៗជាលំដាប់ ដោយមិនដឹងខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយ ទើបនាយដឹងថាមានកម្លាំងខ្លាំងអស្ចារ្យស្មើនឹងដំរីសារ ប្រាំពីរ។ នាយញូងអាចពត់កាច់ និងដកដើមឈើទាលបានយ៉ាងស្រួលមិនបាច់ខំ។ ក្រុមកំណែនទាំងអស់ កាលបើបានឃើញមហិទ្ធិឫទ្ធិបារមីនាយញូង ក៏នាំគ្នាបាក់បបខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗយល់ និងជឿថានាយញូងជាតួអង្គព្រះបាទធម្មិក ដែលយាងចុះមកចាប់កំណើតជាមនុស្សលោក ដើម្បីស្រោចស្រង់ និងលើកស្ទួយដង្ហែព្រះពុទ្ធសាសនា។ ប្រជាជនកំណែនទាំងនោះនាំគ្នាសុំចុះចូល បម្រើនាយញូង ហើយសុំតែងតាំងឲ្យឡើងធ្វើជាស្ដេច។
នាយញូងមានដើមកំណើតនៅស្រុកសួនមង្ឃុត។ ឪពុកឈ្មោះសួន ម្ដាយឈ្មោះសែន។ មុននឹងនាយញូងមកទំពោះម្ដាយ បុរសជាឪពុកបានសុបិនឃើញព្រះកាល (ជាព្រះអាទិទេពផ្នែកកាលវេលា ឬក៏ជាមច្ចុរាជ) យកដាវមកហុចប្រគល់ឲ្យ។ លោកគ្រូចៅអធិការវត្ដភ្នំ បានទស្សន៍ទាយថា ប្ដីប្រពន្ធគាត់នឹងបានកូនប្រុស។ កូនប្រុសនោះនឹងបានឡើងសោយរាជ្យ តែមិនបានអាយុវែងទេ។ នៅពេលដែលគាត់មានផ្ទៃពោះ នាងសែនតែងចង់បរិភោគប្រមាត់ដី (ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលតែងតែយកមកដាំជាប់គ្នារដឹកលំអតាមសួនច្បារ ជាស្មៅពួកប្រមាត់កង្កែប មានរសល្វីងឆ្អិតស្រដៀងនឹងរសទឹកប្រមាត់ ប្រើជាបន្លែស្លស្រឡក់បាន រាប់អានថាជាសម្លកែរោគគ្រុនស្រៀវ) នាយសួនជាប្ដីតែងតែទៅកាត់បះយកមកចម្អិនធ្វើអាហារឲ្យប្រពន្ធ បរិភោគតាមចំណង់ជាប្រក្រតី។ គ្រប់ថ្ងៃខែពេលវេលាកាលណា ថ្ងៃ ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ និងត្រូវជា គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសមួយឈ្មោះញូង។ ទារកនោះមានសម្បុរខ្មៅស្រអែមស្វាយដែលជាហេតុនាំឲ្យម្ដាយឪពុក ដាក់ឈ្មោះថា «អាញូង»។ ធំបន្ដិចនាយញូងបានទៅរៀនសូត្រស្វាធ្យាយនៅវត្តភ្នំជាមួយនឹង លោកគ្រូចៅអធិការ។
ក្នុងឆ្នាំដែល ព្រះមហាក្សត្រតម្រូវឲ្យកេណ្ឌកៀរប្រជារាស្ដ្រមកកាប់ឈើ ជញ្ជូនថ្ម នាយញូងត្រូវបានចៅហ្វាយខេត្ដចាត់ឲ្យធ្វើជាមេរយពួកកំណែន ហើយបញ្ជូនទៅបំពេញការងារឯមហានគរ។ នាយត្រូវគេបង្គាប់ឲ្យទៅកាប់ឈើ និងជញ្ជូនថ្មនៅជើងភ្នំដងរែក ក្រុមកំណែនខ្លះទៀតក៏មានទៅធ្វើការឯភ្នំគូលែនដែរ។
នៅ ពេលដែលនាយញូងកំពុងតែមានកម្លាំងងកើនមហិមាដូចដំរីសារទាំងប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញមកយ៉ាងអស្ចារ្យ។ នាយញូងរើសយកដំបងនោះមកធ្វើជាអាវុធ គឺជាដំបងឈើគ្រញូង មានប្រវែងប្រាំហត្ថមួយចំអាម។ នាយញូងចាប់យកដំបងគ្រញូងមកគ្រវី វិលញាប់ស្មេដូចកងចក្រ ហើយនាយក៏អាចហក់លោតបានកម្ពស់ដល់ទៅ ១៥ ហត្ថដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញឫទ្ធិចេស្ដានាយញូងខ្លាំងអស្ចារ្យ ដូច្នេះ បាននាំគ្នាដាក់ឈ្មោះឲ្យថា «ដំបងគ្រញូង» ជាប់រៀងរហូតមក។ ដឹងច្បាស់ថាខ្លួនមានកម្លាំងខ្លាំងក្លា ពូកែលើសអស់មនុស្សធម្មតា ហើយមានឫទ្ធិបុណ្យអំណាច នាយញូងក៏ចាប់ផ្ដើមបែកគំនិត ចង់សោយរាជ្យធ្វើជាស្ដេច ដូចដែលក្រុមជនកំណែនបានស្នើសុំ។ នាយញូងស្រែកប្រកាសប្រាប់ពួកកំណែនទាំងអស់ឲ្យឈប់កាប់ឈើ ដែលសម្រាប់យកទៅសង់ព្រះរាជវាំងស្ដេច។ ក្រុមកំណែនទាំងអស់ត្រូវកាប់ឈើធ្វើដំបងព្រនង់ នាំគ្នាប្រដាប់អាវុធមានកាំបិត ដាវ លំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជាកងទ័ព ដើម្បីចេញដំណើរទៅព័ទ្ធវាយវាំងប្រហារស្ដេចចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីដើរតាម ដំបងគ្រញូង។ ដូច្នេះ គេអាចរួចពីកំណែន លែងហត់នឿយកាប់ឈើជញ្ជូនថ្មបម្រើស្ដេចទៀត។
ដំបងគ្រញូង លើកទ័ព ១០ ម៉ឺននាក់ច្បាំងឡោមព័ទ្ធព្រះមហានគរ (ចំនួនកងទ័ពដំបងគ្រញូង ដែលពង្សាវតារវត្ដទឹកវិលបានផ្ដល់)។ ព្រះមហាក្សត្រព្រះចក្រព័ត្រ គ្រានោះដែលកំពុងតែមានជំងឺរោគាព្យាធិជាទម្ងន់ បានចែកទ័ពជាពីរឲ្យចេញទៅទប់ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយ ត្រូវចេញទៅក្រៅទីក្រុង វាយប្រយុទ្ធប្រឈមមុខផ្ទាល់នឹងសត្រូវ ឯទ័ពផ្នែកទីពីរវិញ ត្រូវនៅប្រចាំការ ការពាររាជធានី ការបះទង្គិចរាំងជលគ្នារវាងកងទ័ពទាំងពីរមានសភាពខ្លាំងក្លាគួរ ឲ្យរន្ធត់។ ទាហានពលសេនាទាំងសងខាងស្លាប់ និងរបួសជាច្រើនមីដេរដាស។ ប៉ុន្ដែមិនយូរប៉ុន្មានទ័ពដំបងគ្រញូងក៏ចាប់ផ្ដើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកម្ទេចអស់ទ័ពទី១របស់ស្ដេច។ ដំបងគ្រញូងវាយសម្រុករុលតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះមហានគរ។ ខាងព្រះមហាក្សត្រ នៅសល់តែកងទ័ពទុកសម្រាប់ការពារទីក្រុងតែប៉ុណ្ណោះ។ ទោះបីដូច្នេះក៏ដោយ ក៏កងទ័ពរបស់ដំបងគ្រញូងនៅតែពុំទាន់វាយដណ្ដើមយករាជធានីបានជ័យ ជំនះផ្ដាច់ព្រ័តទៀត។ ក្នុងឱកាសនោះ ដំបងគ្រញូងចាត់ពលសេនាគ្រប់រូបឲ្យប្រដាប់មានជាប់នឹងខ្លួននូវ ចន្លុះ និងជ័រឈើ។ យប់ជ្រៅកណ្ដាលអាធ្រាត្រឈានចូលមកដល់កាលណា ដំបងគ្រញូងក៏បញ្ជាឲ្យរេហ៍ពលទាំងអស់វាយប្រហារសន្ធប់សន្ធាប់យ៉ាង គគ្រឹកគគ្រេង ដាក់ជណ្ដើរលោតផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួន ហើយចាក់ស្រោចស្រពគប់ដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណ ក្រុង មិនយូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូងក៏វាយកម្ទេចទ្វារមហានគរបានដោយជោគជ័យ ហើយក៏រត់ស្រសម្រុកចូលវាយលុករុលប្រហារកាប់ចាក់សម្លាប់យ៉ាងសាហាវ ឥតត្រាប្រណី កងទ័ពព្រះរាជា និងប្រជាពលរដ្ឋស្លូតត្រង់ ទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេង។ គ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរផ្ទំនៅលើព្រះទែន កាលបើឮសូរអាវុធប៉ះទង្គិចគ្នា ឮសូរភ្លើងកំពុងឆាបឆេះព្រះបរមរាជវាំង ឮសូរសំឡេងសម្រែកហ៊ោកញ្ជ្រៀវអឺងកងលាយឡំទៅដោយការយំយែកស្រែកឈឺ ចុកចាប់ ព្រះអង្គខំប្រឹងងើបឈរ ដកព្រះខ័នរកចេញទៅតស៊ូតែព្រះអង្គត្រូវដួលធ្លាក់មកលើព្រះ ក្រឡាបន្ទំសុគតក្នុងគ្រានោះទៅ។
ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម ៤៩ វស្សា។ ព្រះអង្គសោយរាជ្យបាន២៩ឆ្នាំ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូង កាលបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកឯភ្នំក្រោម។
កាលនោះ ព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែបានអាយុ ១៣ វស្សាភ័យភិតឥតឧបមា ហើយបានគេចលួចរត់ផុតពីកណ្ដាប់ដៃពួកស្ដេចដំបងគ្រញូង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីថ្ងៃនោះមក។ គេបានដឹងថាព្រះអង្គមិនដែលទាក់ទង ឬនិមន្ដចេញចូលស្រុកភូមិអ្នកស្រុកឡើយ។ គេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចងចាំគ្រប់សិល្ប៍សាស្ដ្រ វេទមន្ដវិជ្ជាការខ្លាំងពូកែអស្ចារ្យ។
ចំណែក ព្រះរាជបុត្រទី២ ព្រះសិរិកុមារ ដែលទើបតែបានព្រះជន្ម ៥ វស្សា ជាមួយនឹងមេដោះខំរត់ពួនគេចវាសវាងយករួចខ្លួនដែរ តែរត់មិនផុត ត្រូវក្រុមសេនាដំបងគ្រញូងចាប់បាន។ ព្រះសិរិកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូលទៅក្នុង ភ្នក់ភ្លើងដុតសម្លាប់។ នាកាលនោះពេលល្ងាចព្រលប់យប់បន្តិចទៅហើយ ហេតុតែសំណាងបុណ្យបារមីមកជួយទាន់ ស្រាប់តែពលទាហានមួយក្រុមមកដល់ មើលឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្ដសង្វេគអាណិតអាសូរ នាំគ្នាលួចទាញអូសព្រះសិរិកុមារចេញពីភ្លើងយកមកលាក់ទុកក្នុង គុម្ពោតព្រៃ ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះ រលេះរលួយ មានដំបៅស្លាកស្នាមពាសពេញរាងកាយតែប៉ុណ្ណោះ។
បន្ទាប់ មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្ដកាត់មកតាមនោះទៀត បានយល់បានឃើញព្រះសិរិកុមារក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃក៏កើតមានចិត្ដមេត្ដាករុណា រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្ដិចមក ដំបៅរាជកុមារក៏បានជាសះស្បើយ។ តែដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញីងក្រញង់ រួញជាប់គ្នារកងើបដើរមិនកើត ដើម្បីនឹងធ្វើចលនាទៅមុខទៅក្រោយ ទៅឆ្វេងទៅស្ដាំ ព្រះអង្គត្រូវតែខំប្រឹងរំកិលដោយគូទ ហេតុនោះហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះឲ្យថា ព្រហ្មកិល អ្នកខ្លះទៀតនិយមហៅថា ពញាក្រែក។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទស័ង្ខចក្រ |
មហានគរ | តដោយ ព្រះបាទគោត្តមអមរទេវរាជ |