បទុមសុរិយវង្ស

(ត្រូវបានបញ្ជូនបន្តពី បទុមសូរ្យវង្ស)

ព្រះបាទបទុមសុរិយវង្ស (សំស្ក្រឹត: បទ្មសូយ៌្យវំឝ) (គ.ស. ៦០៦-៧២៩) រជ្ជកាល (គ.ស. ៦២១-៧២៩) កាលនោះ ព្រះ​បទុមសុរិយវង្ស​ទើបតែ​បាន​ព្រះ​ជន្ម ​១៦​ វស្សា។​ ​ព្រះ​អង្គ​ត្រូវ​ឡើង​គ្រប់គ្រង​រាជសម្បត្ដិ​បន្ដ​ពី​ព្រះ​បិតា នៅ​ថ្ងៃ​ ១០​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំម្សាញ់​ ​ព.ស​ ១១៦៥ ត្រូវជា​គ.ស ​៦២១ ក្រោយ​ដែល​មាន​ពិធី​អភិសេក​យ៉ាង​អធិកអធម។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១១។​ ​ព្រះ​អង្គ​មាន​ឫទ្ធានុភាព​ ​តេជៈ​បារមី​ ​កម្លាំងកំហែង​ខ្លាំងពូកែ​អស្ចារ្យ។​ ​មិនតែប៉ុណ្ណោះ​ព្រះ​អង្គ​មាន​ព្រះ​នេត្រ​ទិព្វ​ទៀត​ផង។​ ​គឺ​អាច​មើលឃើញ​ដឹង​ឮ​យល់​ ​អស់​គ្រប់​កិច្ចការ​ ​គ្រប់​ព្រឹត្ដិការណ៍​ដែល​កើត​មាន​ឡើង​នៅ​គ្រប់​ជ្រុងជ្រោយ​គ្រប់​ទិស​ទី​ ​ក្នុង​នគរ​ ​ក៏​ដូច​ជា​ក្រៅ​នគរ។​ ព្រះ​អង្គ​សោយរាជសម្បត្ដិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ​១០៩ ​ឆ្នាំ។ ព្រះ​បទុមសុរិយវង្ស​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំម្សាញ់ ​ព.ស​ ១២៧៣ ត្រូវជា​គ.ស ​៧២៩ ក្នុង​ព្រះ​ជន្ម ១២៤ ​វស្សា។ បើតាមលោកកេង-វ៉ាន់សាក់ធ្វើបទសម្ភាសន៍នៅក្នុងវិទ្យុអាស៊ីសេរី លោកថាព្រះបទុមសុរិយវង្សនេះត្រូវនឹងព្រះបាទជ័យវម៌្មទី៧ រឺ ព្រះបាទជ័យវម៌្មទី៨ (បើរាប់ទាំងព្រះបាទជ័យវម៌្មទី១ស្ទួនមក) ហើយពញារោងនោះត្រូវនឹង ស្រីឥន្ទ្រាទិត្យ ដែលជាបរមនាមរបស់ពញារោង ហើយឈ្មោះដើមជាសៀមថា ពុកឃុនបាងខ្លោងផ្វា ដែលមានន័យថា លោកឪបាខ្លោងមេឃ

បទុមសុរិយវង្ស
ព្រះបាទ
រជ្ជកាលគ.ស ៦២១-៧២៩
រាជ្យមុនព្រះបាទបទុមវរវង្ស រឺ ព្រះបាទអាទិត្តវង្ស (ពង្សាវតារវត្តទឹកវិល)
រាជ្យបន្តព្រះបាទធនញ្ជ័យគោរពរាជ្យ រឺ ស្ដេចកំជិលផេះ
ស្វាមី/មហេសីអ្នកព្រះម៉ែនាងបទុមកេសរ
បុត្រធនញ្ជ័យកុមារ, ព្រះស្រីជ័យជេដ្ឋ, ព្រះជេដ្ឋាជ័យ, ស្ដេចកំជិលផេះ, ពញារាជ
ព្រះនាមពេញ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទបទុមវរវង្ស , ព្រះបាទអាទិត្តវង្ស (ពង្សាវតារវត្តទឹកវិល)
មាតាព្រះអគ្គមហេសីនាងនាគ
ប្រសូតគ.ស ៦០៦
មហានគរ
សុគតគ.ស ៧២៩
មហានគរ នគរគោកធ្លក

សំគាល់

ព្រឹត្តិការណ៍ក្នុងរាជ្យព្រះអង្គ

កែប្រែ

ចំណែកឯ​នាយ​រោង​ វិញ​ក៏​បាន​ពេញវ័យ​ដែរ​ ​ក្រោយ​ដែល​គង់​ស្រមូវ​បាន​ចូល​មរណៈកាល​ទៅ​ ​នាយ​រោង​បាន​ឡើង​ឋានៈ​ជំនួស​ឪពុក​ ​ជា​មេក្រុម​កង​កំណែន​ដឹក​ជញ្ជូន​ទឹក​ ​និង​ត្រី​កន្ធរ​ ​យក​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ។​ ​ថ្ងៃមួយ ដល់​ពេលវេលា​ដែល​ត្រូវ​តែ​នាំ​ពល​កំណែន​ទៅ​ដងទឹក​យក​ទៅ​ថ្វាយ​ស្ដេច​ខ្មែរ​ ​នាយ​រោង​បាន​បញ្ជា​ឲ្យ​ក្រុម​កំណែន​ទាំងនោះ​ ​ត្បាញ​កញ្ជើ​ឲ្យ​ញឹក​ល្អិត​ជាទី​បំផុត​ ​ហើយ​ឲ្យ​នាំ​គ្នា​ដងទឹក​យក​ទៅ​ចាក់​ដាក់​ក្នុង​កញ្ជើ​ទាំងនោះ​ ​កញ្ជើ​នោះ​មានឈ្មោះ​ជាប់​មក​ថា​ ​ជាល​ភ្នែក​ក្រួច។​ ​បន្ទាប់​មក នាយ​រោង​និយាយ​បង្គាប់​ទៅ​កាន់​ជាល​ទាំងនោះ​ឲ្យធ្វើ​ដូច​ម្ដេច​កុំឲ្យ​ទឹក​ លេច​ចេញ​សោះ។​ ​ទិព្វ​ដូច​មាត់​មែន​ ​ទឹក​ឥត​មាន​ជ្រាប​លេច​បន្ដិច​ឡើយ។​ ​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​នាយ​រោង​ដឹក​ជញ្ជូន​យក​ទៅ​ថ្វាយ​ព្រះ​ បទុមសុរិយវង្ស​នៅ​ឯ​ព្រះ​មហានគរ។​

ចំណែក ​ព្រះបាទ​បទុមសុរិយវង្ស​ ​ដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។​ ​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កម្ទេចបាន​ឡើយ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ ទៀត​ទេ។​

បើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់​ពញា​រោង​នោះ ​គឺ​មក​អំពី​នាយ​រោង​បាន​ប្រមាថ​មាក់ងាយ​ចេស្ដា​ព្រះ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក​នាយ​រោង​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសុរិយវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន​ច្រលោង​ខាម​នេះ​ ហើយ​ ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​ ​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​ឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោដាំដី (តំដិន) ​ត្រូវ​នាំ​ពល​សេនា​ចំនួន ​៣០០ ​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​សុខោទ័យ។​ ​កងទ័ព​តេជោដាំដី​វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ ​ពញា​រោងរ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​ ​មក​ដល់ទី​នេះ​ ​ពញា​រោង​រត់​ចូល​ទៅ​ពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​ ​សុំ​លោក​ចៅអធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​

រសៀល​ ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសម្អាត​ទីធ្លា​មុខ​ព្រះ​វិហារ​ ​ស្រាប់តែ​ចៅពញា​តេជោដាំដីជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​ តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា​ពញា​រោង​ ​តេជោដាំដី​ក៏​ទូល​សុំ​សួរ​លោក​រក​ពញា​រោង។​ ​នេន​រោង​ស្គាល់​ច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​ ​បាន​មានសង្ឃ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​ ​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ​តេជោដាំដី​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោតំឌិន​បាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​ នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

ក្រោយ ​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសុរិយវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។

ការធ្វើគត់របស់ពញារោង

កែប្រែ
  • លើក​ទី​មួយ ពញា​រោង​បាន​ធ្វើ​ដំណើរ​លួច​មក​ស្រុក​ខ្មែរ​ ​ដោយ​មាន​នាំ​មក​ជាមួយ​នូវ​ពល​រេហ៍​ចំណានៗ​ ​និង​មាន​លាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ខ្លួន​ផង​ ​មក​ដល់​ព្រះ​មហានគរ​ ​ពញា​រោង​បាន​នាំ​គ្នា​បន្លំ​ខ្លួន​ដើរ​សំដៅ​តម្រង់​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជវាំង។​ ពេល​នោះ​ ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ទាំង​តូច​ទាំង​ធំ​ ​ទាំង​មនុស្ស​ទាំង​នាគ​ ​កំពុង​តែ​នាំ​គ្នា​មក​ប្រជុំ​ក្នុង​ព្រះ​បរមរាជវាំង​រង់ចាំ​ទទួល​គោរព​ ​និង​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​បទុមសុរិយវង្ស​ ​ព្រះរាជា​យាង​គង់​លើ​បល្ល័ង្ក​រាជ្យ ​ហើយ​ទ្រង់​ត្រាស់​មាន​បន្ទូល​ថា​ ​«តើ​មាន​មនុស្ស​ក្រៅ​ឯណា​ចូល​មក​ក្នុង​ទី​នេះ​ឬទេ?» នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ឆ្លើយ​តប​ទូល​ព្រម​គ្នា​ទៅ​វិញ​ថា​ ​គ្មាន​បាន​ឃើញ​មនុស្ស​ចម្លែក​ឯណា​ទេ​ ​ព្រះរាជា​ក៏​មាន​បន្ទូល​តទៅ​ទៀត​យ៉ាង​ខ្លាំងៗ​ថា​ ​ជនជាតិ​សៀម​ឯង​ ​ដែល​មានចិត្ដ​ថ្លើមធំ​ចូល​មក​ដល់ទី​នេះ​តើ​ឯង​មាន​គោលបំណង​ដូច​ម្ដេច​ ដែរ?។ ពញា​រោង ដែល​អាង​ទៅ​លើ​មន្ដ​វិជ្ជាការ​សិល្ប៍​សាស្ដ្រ​បំបាំង​ខ្លួន​ ​លុះ​ព្រះមហាក្សត្រ​ខ្មែរ​មើលឃើញ​ ​ដឹង​ស្គាល់​យល់​អំពើ​អស់​គ្រប់​សកម្មភាព​កាយវិការ​របស់​ខ្លួន​ ​ក៏​កើត​ភ័យ​ស្លន់ស្លោ​តក់ស្លុត​របូត​ដាវ​ទាំង​ពីរ​ធ្លាក់​ពី​ដៃ​ ​ពញា​រោង​ខំ​ប្រើ​មាត់ទិព្វ​ដែរ​ ​តែ​គ្មាន​ប្រសិទ្ធភាព​ ​ប្រើ​មិនកើត។​ ​គ្រានោះ​ ​ពញា​រោង​ដឹង​ច្បាស់​ណាស់​ថា​មហិទ្ធិឫទ្ធិ​តេជៈ​របស់​ខ្លួន​មិន​អាច​នឹង​ យកជ័យ​ជំនះ​លើ​ព្រះ​បទុមសុរិយវង្ស​បាន​ឡើយ​ ​ភ្លាម​នោះ​ដែរ​ ​ព្រះមហាក្សត្រ​យាងចុះ​ពីលើ​រាជបល្ល័ង្ក​ ​ដក​ដាវ​ដើរ​សំដៅ​ទៅ​រក​ប្រហារជីវិត​ពញា​រោង​ ​ពញា​រោង​ដឹង​ថា​ខ្លួន​អស់​ផ្លូវ​ ​អស់​ច្រកចេញ​ ​ក៏​លុតជង្គង់​គ្រឹប​ក្រាបថ្វាយបង្គំ​សុំ​ខមាទាន​ទោស​ព្រះ​បទុមសុរិយវង្ស​ ​ព្រះ​អង្គ​យល់ព្រម​លើក​លែង​ទោស​ ​ឲ្យ​រួច​រស់រាន​មានជីវិត​ដោយ​ព្រមទាំង​មាន​បន្ទូល​ថា​ «មិន​ពិតប្រាកដ​ច្បាស់​ជាមហិទ្ធិឫទ្ធិ​ឯង​ខ្លាំងពូកែ​នោះ​ទេ​!»។ បន្ទាប់ ​មក​ ​ពញា​រោង​ក៏​ក្រាប​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​ខ្មែរ​ ​ដើម្បី​វិល​ត្រលប់​ទៅ​ស្រុក​សៀម​វិញ​ ​ប៉ុន្ដែ​ក្នុង​ចិត្ដ​ ​ពញា​រោង​មិន​ដែល​ព្រម​ដាក់ខ្លួន​ចុះចាញ់​ស្ដេច​ខ្មែរ​ឡើយ​ ​ពញា​រោង​គុំ​ទុក​ជាប់​ក្នុង​ក្រអៅបេះដូង​ថា​ថ្ងៃ​ល្អ​ណាមួយ​នឹង​ធ្វើឃាត​ សម្លាប់​ស្ដេច​ខ្មែរ​ដណ្ដើម​យក​រាជសម្បត្ដិ​ឲ្យ​ទាស់​តែ​បាន។​
  • លើក​ទី​២​ ​ឆ្លៀត​ឱកាស​ល្អ​ពញា​រោង​បាន​រៀប​ចំ​ខ្លួន​ ​និង​ក្រុម​បក្សពួក​ធ្វើ​ដំណើរ​ចូល​មក​មហានគរ​ ​ក្នុង​គោលបំណង​លួច​ប្រហារជីវិត​ស្ដេច​ខ្មែរ​ ​ថ្ងៃ​នោះ ព្រះ​បទុមសុរិយវង្ស​ដោយ​មាន​ព្រះ​ខ័ន​ជាប់​នឹង​ខ្លួន​ ​បាន​យាងចុះ​មក​ក្រសាល​លេង​នៅ​ទីធ្លា​ក្នុង​បរមរាជវាំង។​ ​ពញា​រោង​ ​ដែល​អាង​ទៅ​លើ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​របស់​ខ្លួន​ ​ជិះ​លើ​ដំរីសារ​មួយ​យ៉ាង​ធំ​ ​បំបាំង​ខ្លួន​ហើយ​បំបោល​ដំរី​នោះ​លឿន​ស្លេវ​សំដៅ​ចូល​ទៅ​ក្នុង​វាំង​ ​ដើម្បី​ជាន់ឈ្លី​សម្លាប់​ព្រះមហាក្សត្រ​ ​នៅ​ចំពោះ​មុខ​ហេតុភេទ​ដូច្នេះ គ្មាន​នាម៉ឺន​មន្ដ្រី​ពល​សេនា​ណា​ម្នាក់​មើលឃើញ​ពញា​រោង​ឡើយ។​ ​តែ​ព្រះ​បទុមសុរិយវង្ស​ដែល​មាន​ភ្នែក​ទិព្វ​ ​បាន​ក្រឡេក​មើលឃើញ​ទាន់​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ហើយ​ស្រែ​សន្ធាប់​ថា​ ​«អា​សៀម​នេះ​ ​វា​ប្រមាថ​មាក់ងាយ​យើង​ជ្រុល​ពេក​ហើយ​! វា​គិត​អាង​មហិទ្ធិឫទ្ធិ​របស់​វា​ខ្លាំងពូកែ​ ម្ដងនេះ​ ​យើង​លែង​អត់ឱន​លើកទោស​ឲ្យ​ទៀត​ហើយ​!»។ ពញា​រោង​ខំ​បំបោល​ ដំរី​ឲ្យ​សម្រុក​រឹង​រឹត​តែ​លឿន​ឡើង​ ​ទៅ​ជាន់​សម្លាប់​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ប៉ុន្តែ​មក​ដល់​មុខ​ព្រះ​បទុមសុរិយវង្ស​កាលណា​ ​ដំរី​នោះ​ទប់​ជើង​ឈប់​ងក់​ហើយ​បែរជា​លុតជង្គង់​ថ្វាយបង្គំ​សំពះ​ព្រះ​អង្គ​ ទៅ​វិញ​ ​ដោយ​មិន​បាន​សម្រេច​ជោគជ័យ​ដូចដែល​ប៉ង​ ​ពញា​រោង​ភ័យ​ណាស់​លោត​ចុះ​ពីលើ​ខ្នង​ដំរី​ ​មក​ក្រាបថ្វាយបង្គំ​ព្រះមហាក្សត្រ​ខ្មែរ​សុំ​ឲ្យ​ព្រះ​អង្គ​លើកលែងទោស​ពៃ​ ​ឲ្យ​រួច​រស់រាន​មានជីវិត​បន្ដ​ទៅ​ទៀត។​ ​ពញា​រោង​ប្រកាស​ជា​ឧឡារិក​ថា​ ​អំណឹះ​តទៅ​លែង​ហ៊ាន​ប្រមាថកាតទាន​លើ​រូប​ព្រះ​អង្គ​ទៀត​ហើយ​ ​ព្រះ​បទុមសុរិយវង្ស​ ​ដែល​ដឹង​អំពី​ប្រវត្ដិ​ពញា​រោង​មាន​ជាប់​សាច់ឈាម​ជា​បងប្អូន​បង្កើត​ ​ព្រះ​អង្គ​ក៏​សុខចិត្ដ​សន្ដោស​ប្រោសប្រណី​លើកលែងទោស​ ​ហើយ​ថែម​ទាំង​កាត់​ផ្ដាច់​ទឹកដី​មួយ​ចំណែក​ប្រគល់​ឲ្យ​ទៀត។​

ព្រះកែវមរកត និង ព្រះត្រៃបិដក

កែប្រែ

នៅឆ្នាំរោង​ ​ព.ស​ ១២០០​ ត្រូវនឹង ​គ.ស​ ៦៥៦ ក្នុង​រជ្ជកាល​ព្រះបាទ​បទុមសុរិយវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១១​ ​ដែល​មាន​ព្រះ​នេត្រ​ទិព្វ​ ​មាន​សំពៅមួយ​គ្រឿង​ត្រូវ​ខ្យល់ព្យុះសង្ឃរា​វាយ​បោកបក់​យ៉ាង​ខ្លាំង​ ​បាន​រសាត់អណ្ដែត​មក​កឿង​គល់​ចត​នៅ​កំពង់​ផែព្រះ​មហានគរ។​ ​សំពៅ​នោះ​ត្រូវ​បែកបាក់​ធ្លុះធ្លាយ​ដោយសារ​កម្លាំង​ទឹក​រលក​រុញ​បោក​ច្រាន​ ទៅ​ប៉ះនឹង​ផ្ទាំង​ថ្ម​ ​តែ​ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​សំពៅ​បាន​មក​កឿង​នៅ​ត្រង់​ដង​ទន្លេ​ក្នុង​ខេត្ដ​បន្ទាយមាស។​

សំពៅ ​នោះ​មាន​ដឹក​ជញ្ជូន​នូវ​គម្ពីរ​ព្រះ​ត្រៃបិដក​(ត្រៃ​ ​ឬ​ត្រ័យ​ ​ឬ​ត្រី​ ​មាន​ន័យ​ថា​បី។​ ​ឯ​បិដក​ប្រែ​ពី​សំស្ក្រឹត​មក​បាន​សេចក្ដី​ថា​កញ្ជើ​ ​ល្អី​ ​ថាស​ ​ឬ​ភាជន៍។​ ​ដូច្នេះ​ព្រះ​ត្រៃបិដក​ជា​ល្អី​បី​ ​ដែល​គេ​តម្កល់​ព្រះធម៌​ ​ព្រះ​ត្រៃបិដក​ ​ឬ​ធម៌​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ចែក​ចេញ​ជា​បី​គឺ​ ​១‑វិន័យ​បិដក​ ​ដែល​រៀបរាប់​អធិប្បាយ​អំពី​វិន័យ​ ​និង​បទ​បញ្ញត្តិ, ​២‑សត្ដន​បិដក​ ​ដែល​ជា​ព្រះពុទ្ធ​ឱវាទ​ ​ឬ​ជា​អត្ថបទ​ដើម​ផ្សេងៗ,​ ៣‑អភិធម្ម​បិដក​ ​ដែល​ពណ៌នា​ ​អធិប្បាយ​វែកញែក​អំពី​ចិត្ដ​ការ​កើត​ ​ឈឺ​ ​ចាស់​ ​ស្លាប់​ ​រូប​ ​និង​និព្វាន) និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ (ក្នុង​ព.ស ​៥០០​ ​ដោយ​ព្រះសង្ឃ​ព្រះ​មហានាគ​សេន​ ​គង់នៅ​នគរ​បាតលីបុត្ត​ ​មាន​បំណង​ចង់​យក​ត្បូងមុនី​ជោគ​មក​ឆ្លាក់​កសាង​ព្រះពុទ្ធ​បដិមាករ​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​បញ្ចេញ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​ឲ្យ​យក​ត្បូង​មរកត​ពី​ភ្នំ​វិបុលបព៌ត​មក​កសាង​ព្រះពុទ្ធរូប។​ ​អស់​រយៈពេល​ ៧​ យប់ ​៧​ ថ្ងៃ​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​បាន​កសាង​ព្រះ​កែវមរកត​ហើយ​ ​ដោយ​មាន​ទាំង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះពុទ្ធ​សមណគោត្តម​ប្រាំពីរ​ក្នុង​នោះផង។​ ​គឺ​១​ក្នុង​ព្រះ​កេស​ ២​ក្នុង​ទ្រូង​ឆ្វេង​ស្ដាំ​ ២​ក្នុង​បាត​ព្រះហស្ថ​ឆ្វេង​ស្ដាំ និង​២​ទៀត​ក្នុង​ព្រះបាទ។​ ​ដំបូង​ ​ព្រះ​កែវមរកត​គង់នៅ​នគរ​បាតលីបុត្ត។​ ​កាលនោះ​ព្រះ​មហានាគ​សេន​បាន​ទាយ​ទុកជា​មុន​ថា​ ​«ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ត្រូវ​គង់នៅ​នគរ​បាតលីបុត្ត​ ​៣៥ ​ឆ្នាំ នៅ​កោះ​លង្កា​ចំនួន​ ​៤៥០ ​ឆ្នាំ នៅ​ឥន្ទបត្តបុរី​ ​ឬ​ ស្រុក​ខ្មែរ ២០៨ ​ឆ្នាំ​ ​នៅ​ស្រុក​លាវ ​៨១៧ ​ឆ្នាំ​ ​និង​ចុង​ក្រោយ​នៅ​ទីក្រុង​រតន​បុរី​ស្រីអយុធ្យា​ ​ប្រទេស​សៀម​រហូត​ដល់​ព្រះបាទ​ធម្មិករាជ​បាន​ត្រាស់​ដឹង​ ​យាង​មក​លើក​ស្ទួយ​តម្កើង​ព្រះពុទ្ធ​សាសនា​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុង​ស្រុកស្អាងខេត្តកណ្ដាល។​ ​នៅ​ឆ្នាំមមែ​ ​ព.ស​ ៨៥០​ ​ត្រូវ​គ.ស. ​៣០០ ដោយ​មាន​សង្គ្រាម​រាំងជល់​យ៉ាង​ខ្លាំងក្លា​នៅ​នគរ​បាតលីបុត្ត​ ​ស្ដេច​កោះ​លង្កា​ក៏​ទៅ​សុំ​យក​មក​តម្កល់​ទុក​បូជា​ក្នុង​នគរ​របស់​ខ្លួន​ តរៀង​មក។) ឯការ​មក​ដល់​សំពៅ​នេះ​ ​គឺ​សុទ្ធតែ​ជា​រឿង​ចៃដន្យ​ដែល​គ្មាន​នរណា​ម្នាក់​បាន​គ្រោងទុក​ដឹង​ជា​មុន​ ឡើយ។​ ព្រឹត្ដិការណ៍​ចម្លែក​មិន​ធ្លាប់​មាន​នេះ​ ​បាន​ធ្វើ​ឲ្យ​នាម៉ឺន​រាជការ​តូច​ធំ​ផ្អើល​ច្រួល​ច្របល់​នាំ​គ្នា​កុះករ​ ​ចុះ​ទៅ​កំពង់​ផែ​សាកសួរ​ចង់​ដឹង​ព័ត៌មាន។​

កាលនោះ នៅ​ប្រទេស​មាឡាន​ ​ឬ​ប្រទេស​លាវ​ ​មាន​ស្ដេច​មួយ​អង្គ​ ​ព្រះ​នាម​ធម្មាអនុរថ​ (អ្នក​ស្រាវជ្រាវ​ខ្លះ ដូចជា​លោក សឺដេស សម្គាល់​ថា ស្ដេច​អង្គ​នេះ​សោយរាជ្យ​នៅ​ប្រទេស​ភូមា)។ ព្រះ​អង្គជា​ស្ដេច​លាវ​មួយ​អង្គ​ ​ព្រះ​អង្គ​មាន​ឫទ្ធានុភាព​ខ្លាំងពូកែ​អស្ចារ្យ។​ ​ព្រះ​អង្គ​បាន​បញ្ជា​ ​និង​បញ្ជូន​សំពៅ​ពីរ​គ្រឿង​ ​ដោយ​មាន​ព្រះសង្ឃ​ និង​ក្រុម​ដើរ​សំពៅ​រួម​ដំណើរ​ផង​ ​ឲ្យ​ចេញ​ឆ្ពោះទៅ​កោះ​សេរីលង្កា​ ​ដើម្បី​នឹង​សុំ​ចម្លង​ព្រះ​ត្រៃបិដក។​ ​សំពៅ​ទាំង​ពីរ​ត្រូវ​ចេញ​ដំណើរ​ទៅ​មុន​ព្រះ​អង្គ​ ​បន្ទាប់​ទើប​ព្រះ​អង្គ​ឡើង​ជិះសេះ​ហោះ​សំដៅ​តម្រង់​ទៅ​កោះ​សេរីលង្កា​ជា​ក្រោយ។​

ទៅ​ដល់​កាលណា​ ​ព្រះបាទ​ធម្មាអនុរថ​ ​សុំ​សេចក្ដី​អនុញ្ញាត​ពី​ព្រះមហាក្សត្រ​កោះ្្្្​សេរីលង្កា​ដើម្បី​ចម្លង​ព្រះ​ ត្រៃបិដក​ដែល​សរសេរ​ចងក្រង​ជា​ភាសា​មគ្គធៈ​ (ភាសា​បាលី)។ ចម្លង​ចប់​សព្វគ្រប់​ហើយ​ ​ព្រះ​អង្គ​សុំ​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ទៀត។​ ​ព្រះរាជា​កោះ​សេរីលង្កា​ក៏​ប្រទាន​ទៅ​តាម​ការ​គួរ។​ ​គេ​បាន​តម្កល់​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ ​ដែល​ចម្លង​ដោយ​អ្នកស្រុក​ប្រទេស​លាវ​ក្នុង​សំពៅ​មួយ​ ​ចំណែកឯ​ព្រះ​ត្រៃបិដក​ដែល​ចម្លង​ដោយ​អ្នកស្រុក​កោះ​សេរីលង្កា​ ​ត្រូវ​តម្កល់​ទុក​ក្នុង​សំពៅ​ពីរ។​ ​រៀបចំ​រួច​ស្រេចបាច់​ហើយ​ ​ស្ដេច​លាវ​បញ្ជា​ឲ្យ​សំពៅ​ទាំង​ពីរ​ចេញដំណើរ​ត្រលប់​ទៅ​មុន។​ ​ឯ​ព្រះ​អង្គ​វិញ​ទ្រង់​ឡើង​ជិះសេះ​ ​ហោះ​ទៅ​តាម​ជា​ក្រោយ។​

មក ​តាម​ផ្លូវ​ ​ដល់​កណ្ដាល​មហានគរ​ ​ខ្យល់ព្យុះសង្ឃរា​មួយ​យ៉ាង​ធំ​ ​បាន​បោកបក់​ធ្វើ​ឲ្យ​សំពៅ​ទាំង​ពីរ​វង្វេង​បែកផ្លូវ​គ្នា​ សំពៅ​ដែល​មាន​ដឹក​ជញ្ជូន​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ត្រូវ​បែកបាក់​ខូចខាត​ធ្លុះធ្លាយ​ ​ហើយ​រសាត់អណ្ដែត​មក​កឿង​ចត​តាម​ឆ្នេរ​សមុទ្ទ​ខ្មែរ​ ​ចំពោះ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​សំពៅ​នេះ​បាន​មក​កឿង​ចត​នៅ​កោះ​ឫស្សីកែវ​ ​ក្នុង​សំពៅ​នោះ​មាន​ព្រះពុទ្ធ​ ​ព្រះ​កែវមរកត​ ​កែវព្រះភ្លើង​ ​ព្រះ​ឧណ្ណាលោម​ (គេ​មិន​បានដឹង​ច្បាស់​ថា​ ​ជា​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះពុទ្ធ​ ​ឬ​របស់​ព្រះ​មហាថេរ​អង្គ​ណាមួយ​ឡើយ) វិន័យ​បិដក​ ​និង​អភិធម្ម​បិដក​ ​គណៈសង្ឃ​លាវ​ដែល​ដង្ហែ​តាម​មក​ជាមួយ​មាន​ប្រាំមួយ​អង្គ​ ​ព្រះសង្ឃ​ដែល​មាន​ឋានៈ​ធំ​ជាងគេ​ ​មាន​ព្រះ​នាម​ព្រះពុទ្ធឃោសា។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រេក​អរសាទរ​ជា​អតិបរមា​ ​កាលបើ​បានដឹង​មាន​ភ័ព្វ​វាសនា​អាច​ធ្វើបុណ្យ​កសាង​កុសល​ក្នុង​ព្រះពុទ្ធ​សាសនា​ គេ​នាំ​គ្នា​ស្រុះស្រួល​រួម​កម្លាំង​មូល​មី​កុះករ​ ​កសាង​សង់​វត្ដ​ប្រាំ​ ​គឺ​ ​វត្ដ​លង្កា​ ​សម្រាប់​តម្កល់​ព្រះ​ត្រៃបិដក​ ​វត្ដ​ឧណ្ណាលោម​ដែល​នៅ​ទីនោះ​គេ​បាន​សង់​ចេតិយ​មួយ​យ៉ាង​ធំ​នៅ​ខាងក្រោយ​ ព្រះវិហារ​ ​សម្រាប់​តម្កល់​បូជា​រោម​ប្រជុំ​ចិញ្ចើម​ព្រះពុទ្ធ ​វត្ដ​កែវព្រះភ្លើង​ ​សម្រាប់​តម្កល់​កែវព្រះភ្លើង​ ​វត្ដ​ព្រះពុទ្ធឃោសា​ ​សម្រាប់​ទទួល​ព្រះសង្ឃ​លាវ​ ​និង​វត្ដ​ព្រះពុទ្ធមានបុណ្យ​សម្រាប់​តម្កល់​បូជា​ព្រះ​កែវមរកត។​

គ្រានោះ ​ ​ចៅពញា​រាជាមេត្រី​ ​ស្ដេចត្រាញ់​នៅ​ស្រុក​ឫស្សីកែវ​បាន​ធ្វើ​ចុតហ្មាយ​ថ្វាយ​ទៅ​ទូល​ ព្រះមហាក្សត្រ​ព្រះបាទ​បទុមសុរិយវង្ស​ ​ក្រុម​មន្ដ្រី​ក៏​បាន​យក​ដំណឹង​នេះ​ ​ទៅ​ទូល​ថ្វាយ​ស្ដេច​ជា​បន្ទាន់។​ ​ព្រះ​អង្គ​ទ្រង់​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ឥតឧបមា​ ​ហើយ​ចេញ​បញ្ជា​បង្គាប់​ឲ្យ​រៀបចំ​ជា​ពិធី​មាន​ក្បួន​ចុះ​ទៅ​ក្រាប​ ថ្វាយបង្គំ​សុំ​និមន្ដ​ដង្ហែ​ព្រះ​កែវមរកត​ ​ព្រះ​ត្រៃបិដក​ ​និង​ព្រះសង្ឃ​ឡើង​ចូល​មក​ក្នុង​ព្រះ​នគរ ។​ ​ឯកសារ​ដដែល​សរសេរ​ថា​ ​ព្រះបាទ​បទុមសុរិយវង្ស​បាន​ធ្វើ​ដំណើរ​យាង​តាម​ទន្លេ​ ​ចុះ​មក​ស្រុក​ឫស្សីកែវ​ ​ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​វត្ដ​អារាម​ទាំង​អស់នោះ ។​

ព្រះសង្ឃ ​ ​និង​អ្នក​ដើរ​សំពៅ​លាវ​ ​រិះគិត​នឹក​ពិចារណា​ឃើញ​ថា​ សំពៅ​របស់​ខ្លួន​ត្រូវ​ខូចខាត​ខ្ទេចខ្ទី​អស់​ ​គ្មាន​លទ្ធភាព​នឹង​អាច​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​បាន​ឡើយ​ ​ហើយ​ម្យ៉ាងទៀត​ព្រះមហាក្សត្រ​ខ្មែរ​ក៏​មាន​ទសពិធរាជធម៌​ ​មានបុណ្យ​បារមី​ ​និង​គោរព​បូជា​ព្រះពុទ្ធ​សាសនា​ដែរ​ ​ដូច្នេះ​ហើយ​ទើប​បានជា​លាវ​ទាំងអស់​គ្នា​សុខចិត្ដ​យល់ព្រម​ប្រគល់​ថ្វាយ​ ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ​ព្រមទាំង​ចុះចូល​ស្ម័គ្រចិត្ដ​បម្រើ​ព្រះមហាក្សត្រ​ខ្មែរ​ ​ចាប់តាំងពី​ថ្ងៃ​នោះ​ត​មក។​ ​ក្បួន​ធំ​ឱឡារិក​មួយ​ត្រូវ​បាន​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​ ​ទៅ​ដង្ហែ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​យក​មក​តម្កល់​ទុក​ក្នុង​ប្រាសាទ​នគរវត្ដ។​ ​មិនតែប៉ុណ្ណោះ​ព្រះរាជា​បាន​បញ្ជា​ឲ្យ​ធ្វើ​បុណ្យ​ទាន​យ៉ាង​អឹកធឹក​ពាសពេញ​ ទូទៅ​ទាំង​ប្រទេស​ ​ដើម្បី​អបអរសាទ​ស្វាគមន៍​ចំពោះ​ព្រឹត្ដិការណ៍​ដ៏​ធំ​នេះ។​ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​អង្គ​បាន​ឲ្យ​ចម្លង​ព្រះ​ត្រៃបិដក​ជា​បី​ច្បាប់​មួយ​ចម្លង​លើ​ ស្លឹករឹត​ ​មួយ​លើ​ប្រាក់​សន្លឹក​ ​និង​មួយទៀត​លើ​មាស​សន្លឹក។​ ​ដោយ​ខ្លាចក្រែង​បាត់​ច្បាប់​ចាស់​ព្រះ​ត្រៃបិដក​ ​និង​ខ្លាចក្រែង​ព្រះពុទ្ធ​សាសនា​សាបរលាប​ ​ពីព្រោះ​មាន​ជនជាតិ​សាសន៍​ផ្សេងៗ​ទៀត​ ​ដែល​ប្រាថ្នា​ចង់បាន​ដែរ​ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​សរសេរ​កត់ត្រា​ចម្លង​ព្រះ​ត្រៃបិដក​ជា​ច្រើន​ ក្បាល​ ​លើ​សាស្ត្រា​ស្លឹករឹត​ ​ទុក​សម្រាប់​ចែកចាយ​តម្កល់​តាម​វត្ដ​អារាម​នានា​ ​គឺ​ក្នុង​គោលបំណង​ការពារ​ទំនុកបម្រុង​ ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ចម្រុងចម្រើន​តទៅ​អនាគត​ ​និង​ដើម្បី​អប់រំ​បង្ហាត់បង្រៀន​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ មានចំណេះ​វិជ្ជា​ ​ចេះ​ចង​ចាំ​ ​គោរព​ប្រណិប័តន៍​ ​អនុវត្ដ​ទៅ​តាម​គន្លង​ធម៌។​

ពង្សាវតារ​វត្ដ​ កោកកាក​បាន​សរសេរ​ថា​ ​ថ្ងៃ​ដែល​សំពៅ​នាំ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ចូល​មក​ដល់​ទឹកដី​ខ្មែរ​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​បទុមសុរិយវង្ស​ ​កំណត់​ចាត់ទុកជា​សករាជ​ថ្មី​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​សករាជ​ថ្មី​ ​មាន​ឈ្មោះ​ថា​ ​«ចុល្លសករាជ» ដែល​ត្រូវ​សន្មត​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ថ្ងៃ​ ១២​កើត​ ​ខែចេត្រ​ ​ឆ្នាំកុរ​ ​ព.ស ​១១៨៣ ក្នុង​មហាសករាជ​ ​៥៦១ និង​ត្រូវជា​ថ្ងៃ​ទី ​២២ មីនា​ ​គ.ស ៦៣៩ (តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ​F. G​. Faraut) ។

ព្រះ​បទុមសុរិយវង្ស​ ​ព្រះ​អង្គ​ទ្រង់​គោរព​បូជា​ ​ការពារ​ ​និង​បាន​ទំនុកបម្រុង​ព្រះពុទ្ធ​សាសនា​ឥតបី​មាន​ធ្វេសប្រហែស​ ​ព្រះ​អង្គ​បាន​កសាង​ប្រាង្គ​ប្រាសាទ​ ​វត្ដ​ ​និង​ព្រះពុទ្ធ​បដិមាករ​ជា​ច្រើន​ទុកជា​កន្លែង​សក្ការៈបូជា​ផ្ដល់​នូវ​ក្ដី​ សុខ​សប្បាយ​ក្សេមក្សាន្ត​ដល់​ប្រជារាស្ដ្រ​ក្នុង​នគរ។​ ​ដើម្បី​ទុកជា​សញ្ញា​ជា​ប្រផ្នូល​ឲ្យ​ខ្មែរ​ប្រុស​ស្រី​ទាំងអស់​ដឹង​ ​និង​យល់​អំពី​ដំណើរ​ជីវិត​របស់​ស្រុក​ទេស​ ​ព្រះបាទ​បទុមសុរិយវង្ស​បាន​កសាង​ព្រះពុទ្ធរូប​ព្រះ​ចូល​បរិនិព្វាន​មួយ​ អង្គ​យ៉ាង​ធំ​នៅ​ប្រាសាទ​ខ្វាវព្រះធាតុ​ ​ក្នុងស្រុក​ព្រហ្ម​ទេព។​ ​គេ​ត្រូវ​ពិនិត្យ​មើល​ទឹកភ្លៀង​ដែល​ធ្លាក់​មក​លើ​ព្រះបាទ​បដិមាករ ៖​

  • ប្រការ​១​ ​បើ​ទឹកភ្លៀង​នោះ​មាន​ពណ៌​ក្រហម​ដូច​ឈាម​ ​នោះ​ស្រុក​ខ្មែរ​នឹង​ស្គាល់​នូវ​ភ្លើងសង្គ្រាម។
  • ប្រការ​២​ ​បើ​ទឹកភ្លៀង​នោះ​ល្អក់​ ​ហើយ​ធុំក្លិន​ស្អុយ​ ​នោះ​នឹង​មាន​ជំងឺ​ពាសពេញ​នគរ។​
  • ប្រការ​៣​ ​បើ​ទឹកភ្លៀង​នោះ​ធ្លាក់​មក​ថ្លា​ល្អ​ ​នោះ​នគរ​នឹង​បាន​សុខក្សេមក្សាន្ដ​ហើយ​ប្រជាពលរដ្ឋ​នឹង​បាន​ទទួល​ភោគផល​ល្អ​ប្រសើរ។​
  • ប្រការ​៤​ ​បើ​ព្រះ​ពុទ្ធរូប​ព្រះ​ចូល​និព្វាន​មាន​ស្នាម​ប្រេះ​ ​ហើយ​មាន​ឈាម​ចេញ​នៅ​ត្រង់​ដើមទ្រូង​ ​នោះ​ត្រូវ​បរទេស​នឹង​ចូល​មក​ឈ្លានពាន។​ ​
  • ប្រការ​៥​ ​បើ​ទឹកភ្លៀង​នោះ​ធ្លាក់​មក​លើ​ដើមទ្រូង​ ​និង​ព្រះបាទ​ព្រះ​អង្គ​ក្លាយទៅជា​ឈាម​ ហើយ​មាន​ស្រមោច​ក្នុង​នោះ​ ​នោះ​នឹង​កើត​មាន​ទុរ្ភិក្ស​ក្នុង​នគរ​ជា​ពុំខាន។​ ​

ព្រះរាជបុត្រ

កែប្រែ

ព្រះ​បទុមសុរិយវង្ស​ ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ធនញ្ជ័យ​កុមារ​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ​ ​ព.ស​ ១២៤៥ ត្រូវជា​ គ.ស​ ៧០១​ ​ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​ទាំងអស់​បួន​ព្រះ​អង្គ​ ​ដែល​ឡើង​សោយរាជ្យ​បន្ដបន្ទាប់​គ្នា។​ ​ព្រះ​អង្គ​សោយរាជសម្បត្ដិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ​១០៩​ឆ្នាំ។ ​

ព្រះរាជបុត្រ ​របស់​ព្រះ​អង្គ​ ​ព្រះ​ជេដ្ឋាជ័យ​កុមារ​ ​ត្រូវ​ឡើង​សោយរាជ្យ​បន្ដ​ ​ហើយ​ពិធី​អភិសេក​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ ​៩កើត ខែបុស្ស​ ​ឆ្នាំរកា​ ​ព.ស​១៣៩៧ ត្រូវជា ​គ.ស ​៨៥៣​ ​ដោយ​មាន​ព្រះរាជ​បរម​នាម​ព្រះបាទ​សម្ដេច​ ​បរម​ជេដ្ឋាជ័យ​រាជាធិបតី ​កាលនោះ​ព្រះ​អង្គ​ទើបតែ​បាន​ព្រះ​ជន្ម​២៤​វស្សា។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ទី​១៤​(ក្នុង​បញ្ហា​ឈ្មោះ​ ​ដើម​កំណើត​សែស្រឡាយ​ ​ថ្ងៃ​ខែ​ឆ្នាំ​កើត​ស្ដេច​ទាំង​អស់នេះ​ ​គេ​មានការ​ពិចារណា​យ៉ាងច្រើន​ក្នុង​ការ​រៀបចំ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ ​ពីព្រោះ​ពង្សាវតារ​ ​និង​ឯកសារ​ផ្សេងៗ​ ​បាន​កត់ត្រា​ខុស​អំពី​គ្នា​ទាំងអស់​ ​មាន​ជា​អាទិ​ ​ដូច​ពង្សាវតារ​កោកកាក​ ​ក្នុងស្រុក​កណ្ដាលស្ទឹង​ ​ខេត្ដកណ្ដាល​ ​បាន​សរសេរ​ថា​ ​ព្រះ​ស្រីជ័យជេដ្ឋ ​ព្រះ​ជេដ្ឋាជ័យ ​ព្រមទាំង​ព្រះធនញ្ជ័យគោរពរាជ្យ​សុទ្ធតែ​ត្រូវជា​បងប្អូន​បង្កើត​ ​និង​ត្រូវជា​កូន​របស់​ព្រះបាទ​បទុមសុរិយវង្ស)។

  • ១- ក្នុង​បញ្ហា​កូនចៅ​របស់​ព្រះបាទ​បក្សីចាំក្រុង​ ​គណៈកម្មកា​រៀបចំ​ពង្សាវតារ​ខ្មែរ​ ​ដឹកនាំ​ដោយ​សម្ដេច​សង្ឃនាយក​ទៀង​ ​ដែល​ក្នុង​នោះ​មាន​សម្ដេច​សង្ឃនាយក​ប៉ាន់​ដែរ​ ​បាន​តាក់តែង​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​បទុមវរវង្ស។​ ​ស្ដេច​អង្គ​នេះ​ដែល​បាន​យាង​ទៅ​កំសាន្ដ​នៅ​ទួល​បាសាន្ត​ ​បាន​ជួប​ស្រឡាញ់​ ​និង​រៀប​ការ​ជាមួយ​នឹង​នាងនាគ។​​ ព្រះ​នាង​ប្រសូត​បាន​ពង​ ​ដែល​ជាពញារោង ​និង​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ ​ដែល​មាន​ភ្នែក​ទិព្វ​ ​គឺ​ព្រះបាទ​បទុមសុរិយវង្ស (សូមអាន​​ជំពូក​ទី​៤ ​ពញារោង)។​ ព្រះបាទបទុមសុរិយវង្ស​ ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ស្ដេចកំជិលផេះ។​ ​ស្ដេច​អង្គ​នេះ​សោយរាជ្យ​នគរ​ខ្មែរ​បាន ​១៩០ ​​ឆ្នាំ។​
  • ២- ចំណែក​ឯ​ពង្សាវតារ​វត្ដ​ទឹកវិល​វិញ​ ​ក៏​បាន​កត់សម្គាល់​ដែរ​ថា​ ​ស្ដេចកំជិលផេះ​ជា​កូន​របស់​ព្រះបាទ​បទុមសុរិយវង្ស។​ តែ​ព្រះ​បទុមសុរិយវង្ស​ជា​កូន​របស់​ព្រះបាទអាទិត្តវង្ស។ ព្រះបទុមសុរិយវង្ស​ជាមួយ​ស្នំ​ឯក​អ្នក​ព្រះ​ម៉ែនាងបទុមកេសរ​ ​បាន​ព្រះរាជបុត្រ​ស្ដេច​កំជិល​ក្នុង​ឆ្នាំវក។​ ​ហើយ​ក្នុង​ឆ្នាំច​ ​ព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយទៀត​ ​ព្រះ​នាមពញារាជ។ ពង្សាវតារ ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ស្ដេច​កំជិលផេះ​នេះ​ខ្ជិល​ណាស់​ ​គឺ​ខ្ជិល​តាំង​តែ​ពី​ដើរ​ ​ពី​ដេក​ ​ពី​រៀនសូត្រ​៘​ ​និង ៘​ ​ធំ​ឡើង​កាលណា​ ​ថ្ងៃមួយ​ ​ពួក​​មីនុំមីនាង​បរិវារ​បាន​នាំ​ទៅ​លេង​ក្រសាល​ក្នុង​ព្រៃ។​ ​អស់កម្លាំង​ ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​ផ្ទំ​លង់លក់​ក្រោម​ដើម​ជ្រៃ​មួយ​ក្បែរ​មាត់​ស្ទឹង។​ ​ហេតុតែ​ព្រះ​អង្គ​មានបុណ្យ​ ​ត្រូវ​ឡើង​គ្រងរាជ្យ​ប្រទេស​កម្ពុជា​ ទេពតា​ក៏​ជប់​ដំណែង​ឲ្យ​ចេញ​ជា​សត្វ​មួយ​ ​ហោះ​ទៅ​យំ​ដាក់​ត្រចៀក​ស្ដេច​កំជិលផេះ។​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ ​ចាប់​សត្វ​នោះ​ជាប់​ ​ហើយ​ហុច​ឲ្យ​ក្រុម​ស្រី​បរិវារ​ ​យក​ទៅ​អាំង​ចម្អិន​ទុក​ថ្វាយ​ព្រះ​អង្គ​សោយ។​ ​សោយ​រួច​កាលណា​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ទេវតា​ធ្វើ​ឲ្យ​ស្រក់​ទឹក​អម្រឹត​មកលើ​ព្រះ​អង្គ។​ ​ភ្លាម​មួយ​រំពេច​នោះ​ដែរ​ ​ពញា​កំជិលផេះ​ក៏​ចេះ​ចាំ​ស្ទាត់​ ​គ្មាន​ភ្លេច​ភ្លាត់​អ្វី​ទាំងអស់​ ​នូវ​គ្រប់​ចំណេះវិជ្ជា​ ​ដោយ​មិនបាច់​ខំប្រឹង​ប្រែង​រៀនសូត្រ។​ រីឯ​ ពញារាជ ​ថ្ងៃ​ក្រោយមក​ ​ត្រូវ​ស្ដេច​កំជិលផេះ​ជា​បង​ ​តែងតាំង​ឲ្យទៅ​គ្រប់គ្រង​ទឹកដី​នៅ​កោះ​ឫស្សីកែវ។​ ​ព្រះ​អង្គ​មាន​ព្រះ​គោរម​នាម​ ​ចៅពញារាជមេត្រី​ ដោយ​ទទួល​ភារកិច្ច​បន្ថែម​ពី​ព្រះមហាក្សត្រ​ ​ស្ដេច​កំជិលផេះ​ ត្រូវ​ថែរក្សា​ទំនុកបម្រុង​ផ្គត់ផ្គង់​វត្ដ​អារាម​ទាំង​ប្រាំ​ ​និង​ព្រះ​ចេតិយ​ដែល​តម្កល់​ទុក​ព្រះ​ឧណ្ណាលោម។​ ដោយសារ ​ព្រះ​អង្គ​បាន​ទទួល​ទឹក​អម្រឹត​ប្រក់ព្រំ​ពី​ទេវតា​ ​ស្ដេចកំជិលផេះ​មាន​អាយុ​វែង​យឺនយូរ​ណាស់។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​១៩០​ ​ឆ្នាំ​ ​ហើយ​សុគត​ក្នុង​ព្រះ​ជន្ម​២០៥​វស្សា។​
  • ៣- ម្យ៉ាងវិញទៀត​ ​តាម​រយៈ​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​យើង​កត់សម្គាល់​ឃើញ​ថា​ ​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​ចូល​ទិវង្គត​ ​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​នាំ​គ្នា​ទៅ​សុំ​យាង​ស្ដេច​ឲ្យ​ឡើង​ សោយរាជ្យ។​ ​ជា​ហេតុ​មួយ​ដែល​យើង​មិន​បាន​កត់សំគាល់​ឃើញ​មាន​ទេ​ ​ក្នុង​រាជ្យ​ក្សត្រ​អង្គ​មុន។​ ​ដូច្នេះ​យើង​អាច​ចោត​សួរ​ថា​ ​តើ​នេះ​ជា​របៀបរបប​ជ្រើសរើស​ព្រះ​មហាក្សត្រ​ ​ក្នុង​ជំនាន់​នោះ​មែន​ ​ឬ​មួយ​គ្រាន់តែ​ជា​ការ​បន្ថែម​បញ្ចូល​ថ្មី​របស់​អ្នកនិពន្ធ​ ​ឲ្យ​ស្រប​ទៅ​តា​មការ​វិវឌ្ឍ​របស់​សង្គម​ជាតិ?

ព្រំប្រទល់សីមា

កែប្រែ

ក្នុង ​សម័យ​នោះ​ ​ព្រំប្រទល់​ដែនទឹក​ដី​ខ្មែរ​នៅ​ទិស​ខាងលិច​ ​ត្រូវ​ថយ​រួញ​មក​នៅ​ត្រឹម​ ​បស្ចិម​បុរី​ ​ដែល​សព្វថ្ងៃ​សៀម​ដាក់​ឈ្មោះ​ថា​ ​ប្រជិនបុរី​ ​ឬ​ខេត្ដ​ខាងកើត​ ​និង​ខាងជើង​ត្រឹម​នគររាជ​សីមា ​ដែល​សៀម​កាឡៃ​ប្ដូរ​ឈ្មោះ​ដាក់​ជា​ ​កូរ៉ាត (គោរាជ)​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ព្រះ​បទុមសុរិយវង្ស​បាន​ដាក់​កំណត់​លក្ខខណ្ឌ​ឲ្យ​គ្រប់​ស្ដេច​សៀម​ត្រូវ​តែ ​នាំ​ផ្កា​មាស​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ​បន្ទាប់​មក​ពញា​រោង​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​សុំ​អនុញ្ញាត​វិល​ត្រលប់​ទៅ ​សុខោទ័យ​វិញ។​ ​ពញា​រោង​បាន​ទស្សទ៍​ទាយ​ ​ដាក់​ទំនាយ​ស្រុក​ខ្មែរ​ថា​ ​នឹង​រលត់​រលាយ​វិនាស​ខ្ចាត់ខ្ចាយ​ ​នៅ​ថ្ងៃ​ដែល​រូបសំណាក​ចៅពញា​តេជោដាំដី​ត្រូវ​បាក់បែក​ខ្ទេចខ្ទី​អស់ ។ ​ត្រង់ព្រះរោងនេះ បើតាមលោកកេង-វ៉ាន់សាក់លោកបានដឹងតាមរយៈឯកសាររបស់លោក អាដឺម៉ាឡឺក្លេរ លោកថាដោយសារមូលហេតុពីរយ៉ាងទើបស្ដេចជយវម៌្មទី៨ (ទី៨) ទីមួយដោយសារតែនាយរងនេះជាបងប្អូនបង្កើតផង មួយទៀតដោយទ្រង់ចង់ពង្រឹងនឹងអោយមានមូលដ្ឋាននៃពុទ្ធសាសនាផងទើបទ្រង់បានផ្ដាច់ទឹកដីនេះអោយទៅសៀមទៅ។ ក្នុងសម័យកាលនោះដែរ ប្រទេសខ្មែរមិនទាន់មានការគោរពប្រកាន់សាសនាឯកភាពតែមួយនៅឡើយ ក្នុងនោះស្ដេចជយវម៌្មទី៨ និង មហេសី ទ្រង់ទាំងពីរបានកាន់ពុទ្ធសាសនាតែបែបមហាយានដើម្បីសម្របសម្រួលទៅនឹងសាសនាពួកព្រាហ្មណ៍ផង និង ពួកសាសនាជីដែលជាសាសនាខ្មែរដើម ទើបក្រោយមកទៀតមានស្ដេចសំរែមួយអង្គត្រសក់ផ្អែមបានធ្វើបដិវត្តន៍ដើម្បីលើកតម្កើងជំនឿខ្មែរដើមមកវិញ (កិច្ចសម្ភាសន៍លោកកេង-វ៉ាន់សាក់នៅក្នុងវិទ្យុអាស៊ីសេរី ស្ដីអំពីព្រះបាទជយវម៌្មទី៨)។

ពង្សាវតា​របស់​សម្ដេច​វាំង​ជួន​ ​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​បទុមសុរិយវង្ស​ដែល​មាន​ភ្នែក​ទិព្វ​ ​អាច​មើលឃើញ​អ្វី​ទាំងអស់​បាន​កាត់​ទឹកដី​ខ្មែរ​មួយ​ផ្នែក​នៅ​ទិស​ខាងកើត​គឺ ​ ​ស្រុក​គោកអង្ក្រង​ឲ្យ​ទៅ​យួន​ដែរ។​ ​ពីព្រោះ​ព្រះ​អង្គ​មើលឃើញ​ទៅ​អនាគត​ ​ថា​ស្រុក​នេះ​នឹង​ក្លាយទៅជា​នគរ​មួយ​ឯករាជ្យ​ដែល​គេ​ពុំ​អាច​ បំផ្លិចបំផ្លាញ​បាន​ឡើយ​ ​ពង្សាវតារ​ដដែល​នេះ​បាន​រៀបរាប់​ថា​ ​នៅ​ស្រុក​គោកអង្ក្រង​ មាន​ឈ្មួញ​លក់​សូត្រ​ម្នាក់​ ​បាន​នាំ​ខ្ញុំកំដរ​អ្នកបម្រើ​ទៅ​នេសាទ​ត្រី​ ​ខណៈនោះ​ស្រាប់តែ​រើស​បាន​ត្រា​មាស​មួយ​ក្នុង​ទឹក​ ​លើ​ត្រា​នោះ​មាន​ចារ​ថា​ ​ព្រះ​បង្គាប់បញ្ជា​តម្រូវ​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​កុះករ​ទៅ​សុំ​ចំណុះ​ចុះចូល​នៅ​បម្រើ​ជាមួយ​ ​ហើយ​បាន​នាំ​គ្នា​តែងតាំង​ឈ្មួញ​នោះ​ជា​ស្ដេច​ ​ដោយ​ដាក់​ឈ្មោះ​ថា​ស្ដេច​ទេវតា​ ​ដូចនេះ​ទឹកដី​ខ្មែរ​នៅ​ទិស​ខាងកើត​ត្រូវ​រំកិល​ត្រឹម​ ​បារា​ ​និង​ដូនណយ​ (ដូនណៃ) ​ចំណែក​ព្រំប្រទល់​ទឹក​ខ្មែរ​ផ្នែក​ខាងជើង​ ​និង​ខាង​ត្បូង​នៅ​ដដែល​ឥត​មាន​រើរុះ​ផ្លាស់​ប្ដូរ​ទេ។​

ឯកសារយោង

កែប្រែ
មុនដោយ
ព្រះបាទបទុមវរវង្ស
ព្រះបាទអាទិត្តវង្ស
មហានគរ តដោយ
ព្រះបាទធនញ្ជ័យគោរពរាជ្យ
ស្ដេចកំជិលផេះ