ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ

ជីវប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញត្ថេរ


ជីវប្រវត្តិរបស់ព្រះអរហន្តសាវ័កអ្នកបានលំដាប់ជាសាវ័កទី១ ក្នុងព្រះពុទ្ធសាសនានេះ ត្រូវបានទៅលើព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ព្រោះមានជោគជាទី១ច្រើនប្រការក្នុងអត្តភាពនេះ ដែលភិក្ខុដទៃរកបានដោយកម្រ ព្រោះបុគ្គលមួយរូបបានទទួលការលើកតម្កើងច្រើនយ៉ាង។ គឺភាវៈជាកំពូលរបស់លោក បានដល់ការទាយគតិរបស់ព្រះសិទ្ធត្ថរាជកុមារ ថាមានគតិតែម្យ៉ាង​គឺស្តេចទ្រង់ចេញសាងផ្នួស មិនមែនជាអ្នកគ្រប់គ្រងផ្ទះ មួយទៀតការសម្រេចចិត្តចេញបួសតាមព្រះបរមពោធិសត្វ ការបានស្តាប់បឋមទេសនា គឺការសម្តែងធម៌ជាដំបូង ទាំងបានសម្រេចអរិយធម៌ ការបានជាបឋមសាវ័ក គឺសាវ័កមុនគេ និងការបានទទួលតែងតាំងអំពីព្រះដ៏មានព្រះភាគថាជាឯតទគ្គៈ ខាងមានវស្សាចាស់ជាងគេ [រត្តញ្ញូនំ យទិទំ អញ្ញាកោណ្ឌញ្ញោ]។ ក្នុងអដ្ឋកថាមនោរថបូរណី ដែលអធិប្បាយសេចក្តីនៃគម្ពីរអង្គុត្តរនិកាយ ថេរគាថា មានសេចក្តីថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ កើតជាបុត្ររបស់ព្រាហ្មណ៍មហាសាល ក្នុងព្រាហ្មណគ្រាមឈ្នោះថា ទោណវត្ថុ ដែលនៅជិតនឹងក្រុងកបិលព័ស្ថុពីដើមឡើយលោកមានឈ្មោះថា កោណ្ឌញ្ញៈ កាលលោកមានវ័យវឌ្ឍនាការចម្រើនឡើង បានសិក្សាវិជ្ជាចេះចប់ត្រៃវេទ ព្រមទាំងរៀនមន្តលក្ខណៈ គឺតម្រាទាយលក្ខណៈ ឬក្នុងសម័យនេះ ហៅថាតម្រា នរលក្ខណ៍ គឺក្បួនតម្រាមើលលក្ខណៈមនុស្ស វិជ្ជាទាយលក្ខណៈនេះឯង ជាវិជ្ជាជួយឲ្យលោកបានទទួលការអញ្ជើញរួមជាមួយព្រាហ្មណ៍ ១០៧នាក់ ចូលទៅក្នុងព្រះរាជវាំងរបស់ព្រះបាទសិរីសុទ្ធោទនមហារាជ ក្នុងគ្រាដែលព្រះពោធិសត្វប្រសូត្រហើយបានប្រមាណ៥ថ្ងៃ ព្រះបាទសុទ្ធោទនមហារាជ មានព្រះរាជបញ្ជាឲ្យអញ្ជើញព្រាហ្មណ៍មក១០៨នាក់ ដើម្បីទំនុកបម្រុងមធុបាយាសមានទឹកតិច ក្នុងថ្ងៃទាយព្រះលក្ខណៈ និងថ្វាយព្រះនាមតាមរាជប្រពៃណី លុះទំនុកបម្រុងអាហាររួចរាល់ហើយ ជ្រើសរើសព្រាហ្មណ៍ដែលឈ្លាសវៃក្នុងការមើលព្រះលក្ខណៈ ក្នុងចំណោមព្រាហ្មណ៍ទាំង១០៨នាក់នោះ ជ្រើសរើសយកត្រឹមតែ៨នាក់ប៉ុណ្ណោះដែលបានទទួលកិត្តិយស ឲ្យជាអ្នកទស្សន៍ទាយព្រះលក្ខណៈព្រះពោធិសត្វសិទ្ធត្ថរាជាកុមារ។ ព្រាហ្មណ៍ទាំង៨នាក់នោះមានឈ្មោះតាមដែលប្រកដក្នុងអដ្ឋកថាជាតក អវិទូរេនិទាន នៃព្រាហ្មណកថាគឺ រាមា១ ធជៈ១ លក្ខណៈ១ សុជាតិមន្តី១ ភោជៈ១ សុយាមៈ១ សុទត្ត១ កោណ្ឌញ្ញៈ១។ ចំណែកក្នុងបឋមពោធិកថា និងអដ្ឋកថាសារត្ថបកាសិនី ក៏សម្តែងដែរ តែមានការខុសប្លែកគ្នាដោយឈ្មោះខ្លះៗ។ ក្នុងចំនួនព្រាហ្មណ៍ទាំង៨នាក់ដែលបានជ្រើសរើសទុកនោះ មានកោណ្ឌញ្ញព្រាហ្មណ័ ជាព្រាហ្មណ៍ដែលនៅក្មេងជាគេទាំងអស់ និងឆ្លាតឈ្លាសជាងគេ។​ កាលជ្រើសរើសព្រាហ្មណ៍អ្នកពិចារណាមើល ព្រះមហាបុរិសលក្ខណៈទាំង៣២ប្រការ ក៏បានអញ្ជើញឲ្យឡើងទៅអង្គុយលើអាសនៈក្នុងផ្ទៃព្រះរោងហើយ ទើបតាក់តែងព្រះពោធិសត្វសិទ្ធត្ថរាជកុមារឲ្យផ្ទុះលើសំពត់កម្ពលយ៉ាងល្អ ហើយនាំចេញមកដើម្បីឲ្យព្រាហ្មណ៍ទាំង៨នាក់បានពិចារណាមើល ព្រះលក្ខណៈ និងទាយឲ្យបានដឹងថា តើល្អ ឬអាក្រក់យ៉ាងណា? ព្រាហ្មណ័ទាំង៨នាក់ ពិនិត្យមើលព្រះលក្ខណៈរបស់មហាបុរសហើយ ព្រហ្មណ៍៧នាក់លើកម្រាមដៃឡើង២ ព្រោះថាឃើញមានគតិ២យ៉ាងដោយ ក្រាបបង្គំទូលទាយថា បើព្រះរាជកុមារនេះនៅសោយរាជសម្បត្តិ នឹងបានជាស្តេចចក្រពត្តិ បើស្តេចចេញបព្វជា នឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ រីឯកោណ្ឌញ្ញព្រាហ្មណ៍ ឃើញមានគ្រប់តាមតម្រាមហាបុរិសលក្ខណៈ៣២ប្រការ របស់ព្រះមហាបុរស និងពិចារណាដល់ទីកន្លែងដែលទ្រង់ប្រសូត្រ យល់ឃើញថា ជានិម្មិតនៃការចេញបួស ដោយកោណ្ឌញ្ញៈបាន កសាងបុណ្យបារមីគ្រប់បរិបូណ៌ហើយ ធ្វើឲ្យលោកមានបញ្ញាពិចារណាឃើញគតិតែម្យ៉ាងរបស់ព្រះពោធិសត្វ ទើបលើកម្រាមដៃតែមួយឡើង ក្រាមបង្គំទូលទាយថា ព្រះលក្ខណៈដ៏ប្រសើរដូច្នេះ មិនមែនជាលក្ខណៈនៃអ្នកគ្រប់គ្រងផ្ទះទេ​ ព្រះរាជកុមារនេះនឹងចេញបព្វជាបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធដោយពិតប្រាកដ ពាក្យទំនាយរបស់កោណ្ឌញ្ញៈ មិនមានព្រហ្មណ៍ណាម្នាក់ហ៊ានជំទាស់ឡើយ។ កាលពួកព្រាហ្មណ៍ត្រឡប់មកផ្ទះរៀង៊២ខ្លួន ក៏បានផ្តាំកូនៗ របស់ខ្លួនថា កូនអើយ ឪពុកចាស់ហើយ នឹងមានជីវិតរស់នៅមិនបានយូរ និងមិនទាន់ ឃើញព្រះរាជឱរសព្រះបាទសុទ្ធោទនមហារាជ ដែលនឹងបានសម្រេច ព្រះសព្វញ្ញុត្តញ្ញាណ ដូច្នេះហើយ បើព្រះរាជកុមារនោះទ្រង់បានត្រាស់ជា ព្រះសម្មាសម្ពុទ្ធហើយ ពួកកូនៗ ចូរបួសក្នុងសាសនារបស់ព្រះអង្គចុះ។ ចំណែកព្រះបាទសុទ្ធោទនមហារាជទ្រង់ស្តាប់ទំនាយដូច្នោះហើយ ទើបទ្រង់ទំនុកបម្រុងព្រះពោធិសត្វសិទ្ធត្ថកុមារយ៉ាងល្អក្រែលែង ធ្វើឲ្យព្រះសិទ្ធត្ថកុមារបានសោយសម្បត្តិដូចជាទេវបុត្រ ព្រោះមានប្រាសាទប្រថាប់៣ខ្នង សម្រាប់៣រដូវ មានពួកស្រ្តីស្រីស្នំ រងចាំគាល់បម្រើគ្រប់ពេល ធ្វើដូច្នេះព្រោះព្រះបាទសុទ្ធោទនមហារាជ ទ្រង់ប្រាថ្នាឲ្យព្រះសិទ្ធត្ថកុមារនៅសោយរាជ្យសម្បត្តិជាស្តេចចក្រពត្តិភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។