វិបុលរាជសម
ឧកញ៉ាវិបុលរាជសម រឺ គាំ (កាន់.គស.១៥១៦-ប្រ.១៥៦៧) ជាមន្ត្រីក្នុងរជ្ជកាលព្រះបាទសម្ដេចបរមខត្តិយា មហាចន្ទរាជា។ ហើយក៏ជាព្រះភីលៀងជំនិតនៃសម្ដេចព្រះភាគិនេយ្យោយសរាជាកាលទ្រង់យាងនិរទេសទៅស្រុកសៀម។ កាលណោះលោកមានយសសក្ដិជា ម៉ឺនវិជិតសិទ្ធិរស។
វិបុលរាជសម | |
---|---|
ឧកញ៉ាវិបុលរាជនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស. ១៥១៦ – ប្រ.១៥៦៧ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ចៅពញាវិបុលរាជទេព |
ម៉ឺនវិជិតសិទ្ធិរសនៃក្រុងមានជ័យ | |
ក្នុងការិយាល័យ គ.ស.១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សម រឺ គាំ |
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨
កែប្រែ
លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ (កែន) និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ (សម) ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈទេពឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វារមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វារ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
សមរភូមិកំពង់សៀម គស.១៥១៩
កែប្រែ
សម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំងឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខែត្រកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខែត្រកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខែត្រកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខែត្រធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរា-មកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួងខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះ ក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខែត្រកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
ឯកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។
លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។
ឯកសារយោង
កែប្រែយសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ វង្សាអគ្គរាជទេព |
ឧកញ៉ាវង្សាអគ្គរាជនៃកម្ពុជាធិបតី គ.ស.១៥១៦-ប្រ.១៥៦៧ |
តដោយ មិនស្គាល់ |
មុនដោយ មិនស្គាល់ |
ម៉ឺនវិជិតសិទ្ធិរសនៃក្រុងមានជ័យ គ.ស.១៥១៦ |
តដោយ មិនស្គាល់ |