សម័យស្រីសន្ធរ (១៥៩៤-១៦១៨) វាជាសម័យកាលមួយចាប់ផ្ដើមពីការបែកបន្ទាយលង្វែក ពេលនោះប្រទេសខ្មែរបានធ្លាក់ក្នុងចលាចល ពួកសៀមបានចាប់រាជវង្សានុវង្សខ្មែរទៅឃុំទុកនៅស្រុកវាអស់។ បន្តបន្ទាប់មកពួកស្ដេចត្រាញ់ក្នុងតំបន់បានឆ្លៀតឱកាសក្នុងភាពវឹកវរ ហើយក៏បានលបវាយឆ្មក់យកបន្ទាយលង្វែកពីពួកសៀមមកវិញបានហើយក៏តាំងរាជធានីនៅស្រីសន្ធរ។ ស្ដេចដែលបានសោយរាជ្យនៅទីនោះ ព្រះនាម ព្រះរាមាជើងព្រៃ ជាស្ដេចត្រាញ់មួយអង្គ។

ប្រវត្តិ

កែប្រែ

ព្រះរាជា​កម្ពុជា​ ព្រះ​បរមឥន្ទរាជា​ (ព្រះ​សត្ថា) បាន​ភៀស​ព្រះ​អង្គ​ចេញ​ពី​បន្ទាយលង្វែក តាំង​តែ​ពី​មុន​ពេល​ដែល​សៀម​វាយលុក​ចូល​មក ដោយ​ទុក​ឱ្យ​ព្រះ​ឧភយោរាជ ស្រីសុរិយោពណ៌ ដែល​ទើប​វាយ​សៀម​ឈ្នះ​នៅ​អម្រិតបូរ (បរិបូណ៌) នៅ​ការពារ​រាជធានី។ ទ្រង់​បាន​យាង​ជាមួយ​នឹង​ព្រះរាជ​វង្ស​ទាំងអស់​កាត់​ទៅ​រក​ព្រះ​រាជបុត្រ​ច្បង ព្រះ​ជ័យជេដ្ឋា ដែល​រង​ការ​គាប​សង្កត់​ពី​ទ័ព​សៀម​មក​ពី​ទិស​ខាងត្បូង​ ហើយ​បាន​វាយ​ដកថយ​ទៅ​កាន់​ស្រីសឈរ (បច្ចុប្បន្នស្រីសន្ធរ) ជាមួយ​នឹង​ព្រះ​អនុជ​ចៅពញា​តន់​ និង​ពួក​អឺរ៉ុប​២​នាក់​ផង។

គង់​នៅ​ស្រីសឈរ​បាន​បន្ដិច ព្រះរាជ​វង្សានុវង្ស​យល់​ឃើញ​ថា សុវត្ថិភាព​នៅ​ទី​នេះ​មិន​ល្អ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង។ ទីកន្លែង​ត្រង់​នេះ ប្រហែល​មិន​មែន​ជា​ទឹកដី​របស់​លាវ​ទេ​មើល​ទៅ​នា​សម័យ​នោះ ប៉ុន្ដែ ក៏​ប្រហែល​ជា​គ្មាន​ទំនាក់​ទំនង​អ្វី​ធំដុំ​ជាមួយ​កម្ពុជា​ដែរ ព្រោះ​នៅ​ឆ្ងាយ គឺ​នៅ​ពី​ខាងជើង​ជួរ​សម្បុក​សម្បូរ និង​ព្រះ​តាពាង (ប៉ាតាង) ទៅ​ទៀត ម្យ៉ាង​ទៀត អ្នកស្រុក​ភាគ​ច្រើន​ជា​ជនជាតិ​លាវ​ផង។

បើតាមរាជពង្សាវតារ​បាន​លើក​មូលហេតុ​ផ្សេង​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង​នេះ ដោយ​លើក​ឡើង​ថា មាន​ព្រះ​វង្ស​មួយ​អង្គ​ព្រះ​នាម​ថា​ ព្រះ​រាមាជើងព្រៃ មាន​បំណង​ដណ្ដើម​យក​មហាក្សត្រីយ​ព្រះ​ភគវតី​ស្រី​ចក្រពត្ដិ ជា​ព្រះ​ជាយា​ទី​១​របស់​ព្រះ​សត្ថា ធ្វើ​ឱ្យ​ស្ដេច​អង្គ​នេះ​ភ័យ​បារម្ភ​ចំពោះ​ព្រះ​ក្សត្រីយ ក៏​នាំ​គ្នា​រត់​ភៀស​ព្រះ​កាយ​ទៅ​ស្ទឹងត្រែង​ទៅ ដើម្បី​បាន​គេច​ផុត​ពី​គោល​បំណង​អាក្រក់​របស់​ព្រះ​រាមា​ជើងព្រៃ​ផង និង​បាន​គេច​ផុត​ពី​ទ័ព​សៀម ដែល​ធ្វើ​ដំណើរ​មក​ដល់​ទន្លេ​មេគង្គ​រួច​ទៅ​ហើយ​ផង។

ពេល​នោះ ព្រះ​ទេវី​ក្សត្រីយ ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា មិន​បាន​យាង​ទៅ​តាម​ព្រះរាជា​ទេ តែ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​ស្រីសន្ធរ​ទៅ​គង់​នៅ​ឯ​ភ្នំ​ពាមជាំង ជាមួយ​រាជបុត្រា​របស់​ព្រះ​សត្ថា គឺ​ចៅពញា​តន់ និង ចៅពញា​យោម ហើយ​និង​នាម៉ឺន​ដែល​ស្មោះត្រង់​មួយ​ចំនួន ។ ចំណែក​ឯ​ ឌីយឺហ្គោ​បែឡូសូ​ និង​មិត្ដភក្ដិ​របស់​គេ​វិញ ដែល​ទើប​តែ​ត្រលប់​មក​ពី​ម៉ានីល ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ឧភយោរាជ និង​ព្រះរាជា​នៅ​ឯ​ស្ទឹងត្រែង ហើយ​ទាល់​តែ​ដល់​ពេល​ក្រោយ​យូរ​ណាស់ គឺ​ពេល​ដែល​ទ័ព​ឆ្មក់​កម្ពុជា​ដែល​មិន​ទាន់​មាន​ការ​រៀបរយ​ត្រឹម​ត្រូវ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម​ដែល​ចង់​ពង្រីក​អំណាច​មក​ទិស​ខាងកើត និង​ខាងត្បូង ទើប​ពួក​នេះ​ត្រលប់​ចុះ​មក​វិញ​ដើម្បី​ចូលរួម​ជាមួយ។ បេឡូសូ ត្រូវ​សៀម​ចាប់​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ឆ្នាំ​១៥៩៤។ ចំណែក​ឯ​ ​ប្លារូហ្ស៍​-អង់តូនីញ៉ូ​ម៉ាសាដូ និង​ប៉ង់តាលេអុង​ការណៃរ៉ូ ត្រូវ​ចាប់ខ្លួន​បាន​ពេល​ក្រោយ​បន្ដិច​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​នាវា។

ព្រះ​ឧភយោរាជ​ព្រះ​សត្ថា និង​ព្រះរាជា​ជ័យជេដ្ឋា បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ នៅ​ឯ​ស្ទឹងត្រែង ព្រះសត្ថា​ពេល​នោះ មាន​ព្រះ​ជន្មាយុ​៤១​ព្រះ​វស្សា ទ្រង់​បាន​សោយរាជ្យ​ ឬ​ដឹកនាំ​ប្រទេស​បាន​១៧​ឆ្នាំ ឯ​ព្រះ​ជ័យជេដ្ឋា​មាន​ព្រះ​ជន្មាយុ​៣០​ព្រះ​វស្សា​ទ្រង់​បាន​សោយរាជ្យ​ក៏​ប៉ុន្ដែ​មិន​បាន​ដឹកនាំ​ប្រទេស​ទេ​អស់​ពេល​១០​ឆ្នាំ។

បើ​តាម​ការ​និទាន​តៗ​គ្នា​នៅ​សម្បូរ ព្រះ​អដ្ឋិធាតុ​របស់​ស្ដេច​ទាំង​២​អង្គ បាន​ត្រូវ​គេ​នាំ​យក​មក​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ​នៅ​ក្នុង​បរិវេណ​វត្ដ​សម្បូរ។ សម្បូរ​ពេល​នោះ គឺជា​ទីក្រុង​ធំ​មួយ។

ដោយ​ពិនិត្យ​ឃើញ​ថានគរ​គ្មាន​ស្ដេច ហើយ​ពញា​តន់​ក៏​គ្មាន​សមត្ថភាព​នឹង​ឈ្លោះ​ដណ្ដើម​រាជសម្បត្ដិ​បាន ព្រះវង្សា​រាមា​ជើងព្រៃ​ដែល​មាន​ព្រះ​ជន្ម​៥០​ព្រះ​វស្សា​ទៅ​ហើយ បាន​ចាប់​ផ្ដើម​ដណ្ដើម​យក​អំណាច។ ទ្រង់​បាន​ចាប់​ផ្ដើម​រជ្ជកាល​របស់​ព្រះ​អង្គ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​មោះមុត​ឥត​ខ្លាច​ស្លាប់ គឺ​ទ្រង់​បាន​កេណ្ឌ​ទ័ព​ដោយ​ស្ងាត់​កំបាំង រួច​វាយ​ចូល​រាជធានី​ភ្លាម​ គ្មាន​ឱ្យ​នរណា​ដឹង​ទាន់ សម្លាប់មេទ័ព​ពញា​មហាមន្ដ្រី​សៀម ដែល​គ្រប់​គ្រង​នៅ​ទីនោះ​ជាមួយ​នឹង​ពលរេហ៍​សៀម​២​ម៉ឺន​នាក់។ បន្ទាប់​មក ប្រហែល​ដោយ​ខ្លាច​ពួក​សៀម​វិល​ត្រលប់​មក​វិញ ណា​មួយ​រាជធានី​ស្ថិត​នៅ​ជិត​ព្រំប្រទល់​ខែត្រ​បាត់ដំបង និង​អង្គរ ជាទី​ដែល​សៀម​បាន​ដាក់​ទ័ព​ប្រមូល​ផ្ដុំ​ផង ព្រះរាជា​ក៏​យាង​មក​គង់​នៅ​ឯ​ស្រីសន្ធរ​វិញ ហាក់​បីដូច​ថា​ព្រះ​អង្គជា​ព្រះរាជា​ពេញ​សិទ្ធិ មាន​បរិពារ​ហែហម និង​សេវា​បម្រើ​ផ្សេងៗ​សម្រាប់​ព្រះរាជវាំង។

នៅ​ពេល​បាន​ទទួល​ព័ត៌មាន​ស្ដីពី​មរណភាព​របស់​ស្ដេច​ទាំង​ពីរ​អង្គ​ដែល​ជា​អ្នក​គាំពារ​របស់​ខ្លួន​ បេឡូសូ​ ដែល​នៅ​ជាប់​ក្នុង​ទី​ឃុំឃាំង​របស់​សៀម​មាន​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ថា​នឹង​លែង​អាច​វិល​ត្រលប់​មក​ជាន់​ដី​កម្ពុជា​វិញ​ជា​រៀង​រហូត​ហើយ ក៏​យល់​ព្រម​បំពេញ​បេសកកម្ម​ឱ្យ​ស្ដេច​សៀម ដោយ​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​ស្នើ​សុំ​ឱ្យ​អភិបាល​ក្រុង​ម៉ានីល ចង​មេត្រី​ភាព​រវាង​អេស្ប៉ាញ និង​ស្រុក​សៀម។ ពេល​ទៅ​ដល់​ម៉ានីល​ បេឡូសូ បាន​ជួប​ជាមួយ​មិត្ដភក្ដិ​របស់​គាត់​ដែល​ទើបតែ​ទៅ​ដល់​ដែរ ក្រោយ​ពី​បាន​ចាប់​ពួក​ទាហាន​ដែល​ស្ដេច​សៀម​ប្រគល់​ភារកិច្ច​ឱ្យ​ថែរក្សា​ពួក​គេ​បោះ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ឬ​ចង​ដាក់​ច្រវាក់ ដោយ​មាន​ការ​ឃុបឃិត​ពី​ក្រុម​អ្នក​ដើរ​សំពៅ​ចិន រួច​ក៏​បើក​សំពៅ​រត់​ទៅ។ បេឡូសូ​ក៏​ចាប់​ប្រែ​ចិត្ដ​វិញ មិន​បាន​ធ្វើ​កិច្ចការ​ដើម្បី​គាំទ្រ​ឱ្យ​មាន​ចំណង​មេត្រីភាព​ជាមួយ​សៀម​ទេ តែ​បែរ​ជា​ទៅ​សំណូមពរ​ឱ្យ​ជួយ​គាត់​មក​កម្ពុជា​វិញ តែ​មិន​មែន​គាំទ្រ​ព្រះ​រាមា​ជើងព្រៃ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែករាជ្យ​ ហើយ​ដែល​ប្រហែល​ជា​នឹង​មិន​ស្វាគមន៍​ខ្លួន​ផង​នោះ​ទេ​តែ​គឺ​ដើម្បី​ជួយ​ដល់​រជ្ជទាយាទ​របស់​ព្រះមហាក្សត្រ​ដែល​សុគត​ទៅ​នៅ​ឯ​ស្ទឹងត្រែង​ទៅ​វិញ។​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ដូមីនីកាំង​ និង​ពួក​អូហ្គូស្តាំងនៅ​ម៉ានីល ដែល​មាន​បំណង​ចង់​ឱ្យ​អេស្ប៉ាញ​ដណ្ដើម​យក​កម្ពុជា ដើម្បី​ខ្លួន​បាន​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​កាន់​សាសនា​កាតូលិក​វិញ រួច​ហើយ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ទីបំផុត​បេឡូសូ​ក៏​និយាយ​បញ្ចុះ​បញ្ចូល​លោក​អភិបាល​ល្វីប៉េរ៉េដាស​ម៉ារីញ៉ា ដែល​ជា​កូន​របស់​សព​លោក ហ្គោមេ​ប៉េរ៉េដាស​ម៉ារីញ៉ា បាន​សម្រេច​ដោយ​ទទួល​បាន​ទ័ព​អេស្ប៉ាញ ១២០​នាក់ និង​កប៉ាល់​៣​គ្រឿង ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អនុសេនីយ៍ឯកជន និង​ជេរៃ​ហ្គាលីណាតូ មាន​ដើម​កំណើត​មក​ពី​ឡាសប៉ាល់ម៉ាស (កោះ​កាណារី) ហើយ​និង​ពួក​ដូមីនីកាំង​៣​នាក់ ក្នុង​នោះ​មាន​លោក​ឪអាឡុងសូ​ជីមឺណេ អាយុ​ប្រហែល​៧០​ឆ្នាំ និង​លោក​ឪពុក ឌីយឺហ្គោ​អាឌូអាត ដែល​ជា​មនុស្ស​អង់អាច​ក្លាហាន​ផង​ដែរ។​ កប៉ាល់​ទាំង​៣​ចេញដំណើរ​ពី​ម៉ានីល​នៅ​ថ្ងៃ​ទី​ ១៩​ ខែ មករា​ ឆ្នាំ​ ១៥៩៦។​ មាន​តែ​កប៉ាល់​២​ទេ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា គឺ​កប៉ាល់​ដែល​បញ្ជា​ដោយ​បេឡូសូ និង​ប្លារូហ្ស៍ ចំណែក​កប៉ាល់​១​ទៀត​ដែល​បញ្ជា​ដោយ ហ្គ្រេហ្គ័រ​ដឺវ៉ាហ្គាស វង្វេង​ផ្លូវ ឬ​មក​ដល់​ក្រោយ​ក៏​មិន​ដឹង។

មក​ដល់​កម្ពុជា បេឡូសូ​ចត​កប៉ាល់​នៅ​បារ៉ារ៉ា (ខែត្រ​បារាជ)។ គឺ​នៅ​ទីនោះ​ឯង ដែល បេឡូសូ បាន​ទទួល​ដំណឹង​ថា​ ព្រះ​រាមា​ជើងព្រៃ​ដណ្ដើម​យក​រាជសម្បត្ដិ​បាន​ហើយ​យាង​មក​គង់​នៅ​ស៊ីស្ទ័រ​(ស្រីសន្ធរ)។ បេឡូសូ​គិត​ថា​ត្រូវ​ចុះចូល​នឹង​ព្រះរាជា​ថ្មី​នេះ​ហើយ​បាន​បញ្ជូន​ព័ត៌មាន​ស្ដីពី​ការ​មក​ដល់​របស់​ខ្លួន​ទៅ​ថ្វាយ​ព្រះ​រាមា​ជើងព្រៃ។ ដើម្បី​លើក​ជើង បេឡូសូ ព្រះ​រាមា​ជើងព្រៃ បាន​បញ្ជូន​ទៅ​វិញ​នូវ​លិខិត​តែង​តាំង បេឡូសូ ជា​អភិបាល​ខែត្រ និង​លិខិត​អនុញ្ញាត​ឱ្យ ប្លាសរូហ្ស៍ មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​នៅ​ក្នុង​ព្រះរាជា​ណាចក្រ រួច​ទ្រង់​រង់ចាំ​ស្ដាប់​ដំណឹង​ឆ្លើយ​តប​ពី​មិត្ដ​របស់​អតីត​ព្រះមហាក្សត្រ​ទាំង​ព្រះ​ទ័យ​ព្រួយ​បារម្ភ​ទៅ​វិញ។ បេឡូសូ និង​ប្លាសរូហ្ស៍ បាន​ធ្វើ​ដំណើរ​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​ភ្នំពេញ​ដែល​កាលនោះ​គេ​ហៅ​ថា​ ចតុម្មុខ។ បើ​តាម​ឯកសារ​របស់​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ថា ចតុម្មុខ​នា​ពេល​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ មាន​ជនជាតិ​ចិន​រស់នៅ​ចំនួន​៣​ពាន់​នាក់។ ពេល​នោះ​មាន​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ចិន​នឹង​ពួក​អឺរ៉ុប។ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ជប៉ុន ដែល​កាន់​គ្រិស្ដសាសនា​ចំនួន​២០​នាក់ ពួក​អឺរ៉ុប​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​ចិន ហើយ​សម្លាប់​ពួក​នេះ អស់​៣​រយ​នាក់​រួច​រឹបអូស​យក​សំពៅ​ចិន​ទាំង​អស់​ព្រមទាំង​ទំនិញ​ផង។​ ច្រើន​ថ្ងៃ​ក្រោយ​មក​ បេឡូសូ​ និង​ប្លាសរូហ្ស៍ បាន​បញ្ជូន​សំណើ​ទៅ​សុំ​ចូល​គាល់​ព្រះរាជា មិន​មែន​ដើម្បី​រាយការណ៍​ថ្វាយ​អំពី​ព្រឹត្ដិការណ៍​វាយ​ប្រហារ​នោះ​ទេ តែ​គឺ​ដើម្បី​ថ្វាយ​សត្វ​លា​មួយ​ក្បាល​ និង​ជំនូន​មួយ​ចំនួន​ដែល​អភិបាលក្រុង​ម៉ានីល​បាន​បន្ទុក​បណ្ដាក់​ឱ្យ​ខ្លួន​នាំ​យក​មក​ថ្វាយ។ ប៉ុន្ដែ​ព្រះរាជា​បាន​បដិសេធ​មិន​ព្រម​ទទួល​ទេ ដរាបណា​ពួក​អឺរ៉ុប​មិន​ទាន់​ប្រគល់​សំពៅ និង​ទំនិញ​ទៅ​ឱ្យ​ពួក​ចិន​វិញ ។

ឆ្លើយ​តប​ទៅ​នឹង​ព្រះរាជ​ឥរិយាបថ​នេះ​ បេឡូសូ​ និង​ប្លាសរូហ្ស៍​បាន​សម្រេច​ចាត់​ចែង​សភាព​ការណ៍​ឱ្យ​បាន​លឿន។ គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រីសន្ធរ ជាមួយ​នឹង​ដូមីនីកាំង​ឌីយ៉ឺហ្គោ​អាឌូអាត និង​កម្លាំង​មោះមុត​ដាច់​ខាត​ចំនួន​៣៨​នាក់។ ចេញ​ដំណើរ​ពី​ក្បាល​ព្រលប់ ដើរ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពួក​នេះ​បាន​មក​ដល់​រាជធានី​នៅ​ប្រហែលជា​ម៉ោង​២​ទៀប​ភ្លឺ ហើយ​បាន​ចាប់​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង​មុន​ថ្ងៃ​រះ។ ព្រះ​រាមា​ជើងព្រៃ បាន​ត្រូវ​ពួក​នេះ​ធ្វើឃាត នៅ​ពេល​ដែល​ទ្រង់​កំពុង​រៀបចំ​ភៀស​ខ្លួន​ចេញ​ជាមួយ​ស្រីស្នំ និង​សេនា​ការពារ ចំណែក​ឯ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​រាជបរិពារ ដែល​មាន​តែ​លំពែង និង​ធ្នូ​ស្នា​ជា​អាវុធ បាន​ត្រូវ​បាញ់​សម្លាប់​អស់​ជា​ច្រើន (ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ខែ ​ឧសភា ឆ្នាំ​ ១៥៩៦)។ ប្រតិបត្ដិការ​នេះ ទទួល​បាន​ជោគជ័យ​ទាំងស្រុង ក៏​ប៉ុន្ដែ​ពួក​អ្នក​ផ្សងព្រេង​បាន​ត្រូវ​អ្នកស្រុក​ចោមរោម​វាយបក​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​នេះ​មាន​ចំនួន​តិច​ជាង ដោយ​បង្ខំ​ឱ្យ​ពួក​គេ​ដកថយ​មក​កាន់​ភ្នំពេញ​វិញ​ទាំង​លំបាក ជាទី​ដែល​គេ​ចត​កប៉ាល់​ទុក។ បើ​កុំ​តែ​មេទ័ព​ខ្មែរ​ត្រូវ​របួស​ដោយ​លំពែង​ធ្លាយ​ពោះ​ស្លាប់ កុំ​អី​ពួក​នេះ​ពិបាក​នឹង​គេចខ្លួន​រួច​ណាស់។ គាប់​ជួន​ពេល​នោះ ហ្គាលីណាតូ និង​ពល​ទាហាន​របស់​គេ បាន​ធ្វើ​ដំណើរ​ពី​បារាជ​មក​ដល់​ល្មម ធ្វើ​ឱ្យ​សភាពការណ៍​នៅ​ភ្នំពេញ​ល្អ​ប្រសើរ​ឡើង​វិញ។ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​បាន​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​សង្គ្រាម​មួយ​រួច​មក ហើយ​ពិនិត្យ​ឃើញ​ថា ពួក​ខ្មែរ​អាច​នឹង​បើក​ការ​ប្រយុទ្ធ​បក​ម្ដង​ទៀត​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទប់​ទល់ ហ្គាលី​ណាតូ បាន​សម្រេច​លើក​យុថ្កា​បើក​កប៉ាល់​ចេញ​ពី​ភ្នំពេញ​ចុះ​តាម​ទន្លេ​មេគង្គ ធ្វើ​ដំណើរ​ទៅ​កាន់​តុងកឹង​វិញ​ក្នុង​គោល​បំណង​ទៅ​ទាមទារ​យក​កប៉ាល់​មួយ​គ្រឿង​ដែល​ពួក​ចិន​បាន​នាំ​យក​ទៅ​ក្រោយ​ពី​បាន​ធ្វើ​ឃាត​លោក​អភិបាលក្រុង​ម៉ានីល និង​ក្រុម​នាវិក​រួច​មក។ ទៅ​ដល់​តុងកឹង បែឡូសូ និង​ប្លារូហ្ស៍ ដែល​នៅ​តែ​មាន​គំនិត​មិន​ចង់​បោះបង់​គម្រោងការ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ បាន​នាំ​គ្នា​ដើរ​បែក​ចេញពី​ជន​រួមជាតិ​គេ ឆ្លង​កាត់​ជួរ​ភ្នំ​អាណ្ណាម ស្រុក​របស់​អ្នកព្រៃ​ខា ចូល​មក​ស្រុក​លាវ រួច​ត្រលប់​មក​កម្ពុជា​វិញ។ មក​ដល់​ស្ទឹងត្រែង​ ពួក​គេ​បាន​បញ្ចុះ​បញ្ចូល​អ្នក​អង្គ​ម្ចាស់​តន់​ថា​ ឱកាស​ដណ្ដើម​យក​រាជសម្បត្ដិ​មក​ដល់​ហើយ ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​មក​ជាមួយ​គេ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្រីសន្ធរ ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ដែល​កំពុង​តែ​នឿយ​ណាយ​នឹង​អនាធិបតេយ្យ បណ្ដាល​មក​ពី​មរណភាព​របស់​ព្រះ​រាមា​ជើងព្រៃ​ផង ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ មិន​មែន​គ្រាន់តែ​គ្មាន​ស្ដេច​សោយរាជ្យ​ប៉ុណ្ណោះ​ទេ គឺ​ខ្វះ​ទាំង​អ្នក​ឡើង​ស្នងរាជ្យ​បន្ដ​ថែម​ទៀត ក៏​សម្រេច​នាំ​គ្នា​លើក​ចៅពញា​តន់ ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៥៩៦ ទៅ ។ ក្នុងសម័យដែលព្រះរាមាជើងព្រៃក៏មានព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់ដែរ គឺរឿងស្នេហាស្មោះស្ម័គ្រ ទុំទាវ ដែលជារឿងស្នេហាគំរូមួយក្នុងប្រទេសខ្មែរ រឿងស្នេហានេះកើតឡើងក្នុងខែត្រត្បូងឃ្មុំ ដោយសារតែមានការបង្កើតជាកិច្ចកលល្បិចដើម្បីឱ្យនាងទាវបានរៀបការនឹងកូនខ្លួនម៉ឺនងួន ស្ដេចត្រាញ់ ខែត្រត្បូងឃ្មុំ អ្នកឧកញ៉ាអរជូន ត្រូវបានព្រះរាមជើងព្រៃ ដាស់ទោសប្រហារជីវិតដោយប្រើរនាស់ភ្ជួររាស់ក្បាល។ ហើយពួកអ្នកស្រុកដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នោះ ក៏បានក្លាយជាអ្នកព្រៃងារចាប់ពីពេលនោះមក។

ក្រោយពីការសោយទិវង្គតរបស់ព្រះរាមាជើងព្រៃមក ចៅពញាតន់ក៏បានឡើងសោយរាជ្យបន្ត។ ចៅពញា​តន់​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​១៨​ព្រះ​វស្សា។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ជ្រើសតាំង​ព្រះ​អង្គ​ជា​មហាក្សត្រ​នៅ​ថ្ងៃ​ទី​ ១៤ ខែ ​ឧសភា ឆ្នាំ​ ១៥៩៦ ដោយ​ថ្វាយ​ព្រះ​នាម​ថា​ «សម្ដេចព្រះ​បរមរាជា »។

ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ ព្រះ​បរមរាជា​បាន​សព្វ​ព្រះរាជហឫទ័យ​តបស្នង​សងគុណ​ដល់ បែឡូសូ និង​ប្លារូហ្ស៍ ភ្លាម ដោយ​ទ្រង់​លើក​អ្នក​ទី​១​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​បាភ្នំ និង​អ្នក​ទី​២​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​ទ្រាំង។ តាម​មើល​ទៅ ប្រជាជន​ប្រហែលជា​មិនសូវ​ពេញចិត្ដ​ប៉ុន្មាន​ទេ នឹង​ការ​តែង​តាំង​ពួក​អ្នក​ផ្សងព្រេង​ទាំង​២ ឱ្យ​ក្លាយ​ទៅជា​អភិបាល​ខែត្រ​ដ៏​មាន​អំណាច​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​នេះ​ ហើយ​មាន​មន្ដ្រី​ជា​ច្រើន​នាក់​ដែល​មិន​សប្បាយ​ចិត្ដ។ ដោយ​ហេតុ​នេះ ព្រះរាជា​ដែល​គង់​នៅ​ក្រោម​ស្វេតច្ឆត្រ មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ទេ។ បែឡូសូ និង​ប្លារូហ្ស៍​ យល់​ហេតុការណ៍​នេះ​ច្បាស់​ណាស់​ ក៏​តាំង​ស្វះ​ស្វែង​រក​ជំនួយ​ពី​ខាងក្រៅ។​ បែឡូសូ​បាន​សុំ​ជំនួយ​ពី​ពួក​ព័រទុយហ្គាល់ នៅ​ម៉ាឡាកា ឯ​ប្លារូហ្ស៍ ទៅ​សុំ​ជំនួយ​ពី​ពួក​អេស្ប៉ាញ​នៅ​ឯ​ហ្វីលីពីន។ អភិបាល​ក្រុង​ម៉ានីល​បាន​ប្រគល់​ទាហាន ២០០​នាក់ ឱ្យ​ជិះ​កប៉ាល់​៣​គ្រឿង​ចេញ​មក ក៏​ប៉ុន្ដែ​គ្មាន​កប៉ាល់​ណាមួយ​បាន​មក​ដល់​កម្ពុជា​ទេ ហើយ​មាន​តែ​កប៉ាល់​១​ប៉ុណ្ណោះ​ដែល​បាន​ត្រលប់​ទៅ​ដល់​ហ្វីលីពីន​វិញ។ ដូច្នេះ បែឡូសូ និង​ប្លារូហ្ស៍ មិន​អាច​ពឹង​ផ្អែក​អ្នក​ណា​បាន​ក្រៅ​តែ​ពី​ពឹង​លើ​ខ្លួនឯង​ឡើយ។

នៅ​ពេល​នោះ ពួក​ចាម និង​ម៉ាឡេ ដែល​ព្រះរាជា​ខ្មែរ​មុនៗ​អនុញ្ញាត​ឱ្យ​រស់នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ បើ​ទោះបី​ថា​ពួក​នេះ​ជា​ជនបរទេស​ហើយ​កាន់សាសនា​មហាម៉ាត់​ក៏​ដោយ បាន​នាំ​គ្នា​បះបោរ​ឡើង។ ពួក​នេះ​បាន​ពិនិត្យ​មើល​ឃើញ​ថា​ព្រះរាជា​ណាចក្រ​ចុះ​ទន់ខ្សោយ ក៏​មាន​បំណង​ចង់​កាន់​អាវុធ​ឡើង​ទាមទារ​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​មេ​២​នាក់ គឺ​ចាម​ឈ្មោះ ពោធិរតន៍ ដែល​ប្រហែល​ជា​ជាប់​ខ្សែស្រឡាយ​នឹង​រាជវង្ស​ចាម​ពី​មុន​ និង​ជន​ម៉ាឡេ​ឈ្មោះ​ ល័កស្មណៈ ដែល​ពង្រត់​ម្ចាស់​ក្សត្រី​១​អង្គ​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ប្រហែល​ជា​ក្សត្រីយ៍​ដែល​ធ្លាប់​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ បែឡូសូ ហើយ​ទ្រង់​មាន​គំនុំ​ស្អប់​ពួក​អឺរ៉ុប ជំរុញ​ឱ្យ​ល័កស្មណៈ​ធ្វើការ​សង​សឹក​ថ្វាយ។ បែឡូសូ និង​ប្លារូហ្ស៍ បាន​កេណ្ឌ​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ទឹកដី​របស់​ខ្លួន រួច​ចេញ​ច្បាំង​វាយ​កម្ទេច​ពួក​ចាម និង​ម៉ាឡេ បះបោរ​បរាជ័យ​អស់​ទៅ។ ពេល​មក​ដល់​រាជធានី​ស្រីសន្ធរ ព្រះ​បរមរាជា​ចៅពញា​តន់ បាន​ចាត់​ឱ្យ​អ្នក​ទាំង​២​បន្ដ​ដំណើរ​ទៅ​កាន់​ភ្នំពេញ ដើម្បី​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់ ដែល​ល្អក់​កករ​ដោយ​ជម្លោះ​រវាង​ពួក​ជប៉ុន និង​អេស្ប៉ាញ ២​កប៉ាល់​ដែល​ទើបតែ​មក​ដល់ ដោយ​ដឹក​អាវុធ​យុទ្ធភណ្ឌ​មក​ផ្គត់ផ្គង់​កប៉ាល់​៣​មុន ដែល​នៅ​ម៉ានីល​គេ​មិនដឹង​ថា​បាត់​ដំណឹង​ទៅ​ហើយ​ទេ។​ ក៏​ប៉ុន្ដែ​បែឡូសូ​ និង​ប្លារូហ្ស៍​មក​ដល់​យឺត​ពេល​ ពួក​ជប៉ុន​បាន​សម្លាប់​ពួក​អេស្ប៉ាញ​អស់​ជា​ច្រើន។ បន្ទាប់​មក ពួក​ជប៉ុន​បាន​រួម​ដៃ​ជាមួយ​នឹង​ពួក​ម៉ាឡេ ព្រួត​គ្នា​វាយ​មក​លើ​ទ័ព​ដ៏​តិចតួច​របស់ បែឡូសូ និង​ប្លារូហ្ស៍ ហើយ​សម្លាប់​អ្នក​ទាំង​២​បាន ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​រួច​មក។

ព្រះ​បរមរាជា​ចៅពញា​តន់​ក្រោយ​ពី​បាន​ជ្រាប​ពី​ដំណឹង​នេះ​បាន​បញ្ជា​ទ័ព​ផ្ទាល់​ខ្លួន​ព្រះ​អង្គ​ចេញពី​ស្រីសន្ធរ មក​វាយ​ពួក​ម៉ាឡេ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ល័កស្មណៈ និង​ពួក​ចាម​ដែល​ស្ដាប់​តាម​បញ្ជា​របស់​ពោធិរតន៍។ ក៏​ប៉ុន្ដែ​ដោយ​ចៃដន្យ​អាក្រក់​ ព្រះរាជា​ត្រូវ​បាន​សត្រូវ​ធ្វើឃាត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដំបូង នៅ​ក្នុង​ឆ្នាំ​១៥៩៧ ទៅ។

ព្រះរាជា​ដែល​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជ​វង្សានុវង្ស បាន​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅពញា​តន់ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​មួយ​អង្គ ព្រះ​នាម​ថា ពញា​អន។ ទ្រង់មាន​ព្រះ​អភិសេក​នាម​ថា «សម្ដេច​ព្រះ​បរមរាជា​បរមបពិត្រ»។

និយាយ​អំពី​ពួក​ចាម និង​ម៉ាឡេ​វិញ ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ចៅពញា​តន់​រួច​ហើយ​ បាន​ដណ្ដើម​យក​ខែត្រ​២​ដាក់​ជា​ចំណុះ ហើយ​ក៏​តាំង​រៀបចំ​ការ​គ្រប់គ្រង​ឡើង​វិញ​សា​ជា​ថ្មី។ ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​មិន​ព្រម​ស្ដាប់​បញ្ជា​ពួក​នេះ​ទេ ព្រោះថា​ជា​ជនបរទេស​មិន​ចេះ​និយាយ​ខ្មែរ ម្ល៉ោះ​ហើយ​ម្នាក់ៗ​គ្មាន​នរណា​ចង់​ធ្វើ​ជា​មន្ដ្រី ឬ​ក៏​ជា​ទាហាន​បម្រើ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ពួក​នេះ​នៅ​តែ​អាច​ជ្រើស​រើស​ទ័ព​បាន​ពី​ក្នុង​ចំណោម​ពួក​ចាម និង​ម៉ាឡេ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន​បំណង​ចង់​មក​ជួយ​ពួក​អ្នក​កាន់​សាសនា​ដូច​គ្នា​ដែរ។ ប៉ុន្ដែ​ស្ថានភាព​របស់​ពួក​នេះ​បាន​ស្រុត​ចុះ​ជា​រៀង​រាល់​ថ្ងៃ។

ព្រះរាជា​ដែល​ទើប​នឹង​ឡើង​សោយរាជ្យ​ថ្មី បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​នេះ​យ៉ាង​អង់អាច​ក្លាហាន​នៅ​លើ​សមរភូមិ​ជា​ច្រើន។​ នៅ​ទី​បញ្ចប់​ទ្រង់​ទទួល​បាន​នូវ​ជ័យជម្នះ។​ មេកោយ​របស់​ពួក​នេះ​ត្រូវ​ចាប់​បាន​ហើយ​សម្លាប់​ចោល​ជាមួយ​នឹង​កូនចៅ​បះបោរ​មួយ​ចំនួន ចំណែក​អ្នក​ដែល​ដោយ​រោយ​តាម​គេ​បាន​ត្រូវ​លើក​លែង​ទោស។

ការ​បះបោរ​របស់​ពួក​បរទេស​ទើបតែ​ស្ងប់​បាត់​ទៅ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏​លេច​មាន​ការ​បះបោរ​មួយ​ទៀត ដឹកនាំ​ដោយ​អ្នកស្រុក​អាយ​ម្នាក់​ឈ្មោះ​ថា នាយ​កែវ មាន​ដើម​កំណើត​ចេញ​មក​ពី​ខែត្រ​តាកែវ នៅ​ក្បែរ​ចតុម្មុខ (ភ្នំពេញ) ដែល​បាន​ប្រកាស​ខ្លួន​ថា​ជា​ ស្ដេច​កែវ​ព្រះ​ភ្លើង។​ ជន​នេះ​ជា​មនុស្ស​ចេះ​ដឹង​ម្នាក់​ហើយ អាច​កៀងគរ​គេ​ឯង​ឱ្យ​ចុះចូល​ដើរ​តាម បង្ក​បាន​ជា​ទ័ព​មួយ​កង។ ព្រះរាជា​ពញា​អន បាន​ដឹកនាំ​ទ័ព​មក​វាយ​ស្ដេច​កែវ​ព្រះ​ភ្លើង​នេះ​២​ដង ក៏​ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​បាន។

ក្រោយ​ពី​ប្រតិបត្ដិការ​លើក​ទី​២ ព្រះរាជា​ដែល​មាន​ចរិត​ច្រឡើសបើស​បន្ដិច​ដែរ បាន​ជួប​នឹង​នារី​ម្នាក់​ឈ្មោះ ទាវ នៅ​ពេល​ទ្រង់​យាង​វិល​ត្រលប់​ទៅ​ស្រីសន្ធរ​វិញ ក៏​ចាប់​ចិត្ដ​ស្រលាញ់​ចង់​បាន​នាង​មក​ធ្វើ​ជា​ស្នំ។ ប៉ុន្ដែ នាង​ទាវ​ដែល​ស្ម័គ្រស្មោះ​ជាមួយ​ពញាថី​ជា​ស្វាមី​បាន​ប្រកែក​មិន​យល់​ព្រម​ស្រលាញ់​ព្រះ​អង្គ​វិញ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់ ហើយ​បញ្ជា​ឱ្យ​គេ​ចាប់​នាង​ចង​ដាក់​ច្រវាក់។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ ពញាថី ខឹង​សម្បា​នឹង​ព្រះរាជា​ជា​ខ្លាំង ក៏​រត់​មក​ចុះចូល​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង ហើយ​រៀប​ផែនការ​ធ្វើ​គុត​ព្រះរាជា ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ក្នុង​ការ​ស្កាត់​លួច​វាយ​ប្រហារ​មួយ​ក្នុង​១៥៩៨។

នា​សម័យ​នោះ មាន​ពួក​អឺរ៉ុប​ជា​ច្រើន​នាក់ ជា​ពិសេស​គឺ​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ សុទ្ធតែ​មាន​ឥទ្ធិពល​ជា​ខ្លាំង​មក​លើ​រាជវាំង​កម្ពុជា។​ ពួក​នេះ​មាន​របរ​រកស៊ី​រីក​ចម្រើន​ល្អ​ណាស់​ បង្កើត​បាន​ជា​ការ​រំខាន​ដល់​ពួក​ចិន​ ចាម និង​ម៉ាឡេ ដែល​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​ដែរ ម្ល៉ោះ​ហើយ ក៏​នាំ​គ្នា​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​អាប់​យស។ ក្រោយ​ពី​មរណភាព​របស់ បែឡូសូ និង​ប្លារូហ្ស៍ នៅ​ក្នុង​ឆ្នាំ​១៥៩៧​រួច​មក ឥទ្ធិពល​របស់​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ​ក៏​ធ្លាក់​ចុះ ហើយ​ពួក​នេះ​ត្រូវ​បង្ខំ​ចិត្ដ​ចាក​ចេញពី​កម្ពុជា វិល​ត្រលប់​ទៅ​ហ្វីលីពីន​វិញ។

ប៉ុន្ដែ​ការ​បណ្ដេញ​កាត់កាល់​នេះ​មិន​មាន​អាយុកាល​យូរ​ប៉ុន្មាន​ទេ​ពី​ព្រោះ​ថា​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​នោះ​បន្ដិច​គេ​ប្រទះ​ឃើញ​ពួក​សេស្វ៊ីត និង​កាតូលិក​និកាយ​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា រួច​មាន​និគម​ព័រទុយហ្គាល់​មួយ ដែល​បាន​គេច​ចេញ​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ម៉ាកាសា តាម​ការ​អុចអាល​ពី​ពួក​ហូឡង់ ដែល​ជា​សត្រូវ​របស់​ពួក​គេ ពួក​ព័រទុយហ្គាល់​នេះ និង​បព្វជិត​សាសនា​កាតូលិក​របស់​គេ​បាន​មក​តាំង​ទីលំនៅ​មុន​ដំបូង​នៅ​ភ្នំពេញ ដែល​គេ​ហៅ​ថា កូលំប៉េ​ រួច​បន្ទាប់​មក​បាន​ទៅ​តាំងទី​លំនៅ​នៅ​ឯ​ពញាឮ​ដែល​គេ​ហៅ​ថា​ ពីញ៉ាលូ។​ មាន​ពួក​ជប៉ុន​មួយ​ចំនួន​ដែល​ត្រូវ​គេ​ធ្វើបាប​នៅ​ឯ​ប្រទេស​ជប៉ុន​ដោយ​សារ​ការ​កាន់​សាសនា​កាតូលិក បាន​មក​ចូលរួម​ជាមួយ​ពួក​ព័រទុយហ្គាល់​នេះ​ដែរ ហើយ​បាន​មក​តាំង​នៅ​លើ​ដង​ទន្លេ​ក្បែរ​ភ្នំពេញ​ត្រង់​កន្លែង​មួយ​ដែល​ពួក​អឺរ៉ុប​ហៅ​តាម​ឈ្មោះ​របស់​គេ​ថា​ ចូវដុកព្រះរាជានុសិទ្ធិ ចៅពញា​យោម (១៥៩៩-១៦០០) ព្រះ​អង្គ​ម្ចាស់​យោម ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​សត្ថា ពេល​នោះ​ទើប​តែ​មាន​ព្រះ​ជន្មាយុ ១៥​ព្រះ​វស្សា​ប៉ុណ្ណោះ។ ទ្រង់​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ ដោយ​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវ​ហ្វ៊ា គឺ​ថា ទ្រង់​មាន​អំណាច​ដូចជា​ព្រះរាជា ក៏​ប៉ុន្ដែ​មិន​មែន​ជា​ស្ដេច​ទេ។ ពេល​នោះ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី មិន​ចង់​លើក​ចៅពញា​យោម ឱ្យ​ឡើង​សោយរាជ្យ​ទេ គេ​ស្រលាញ់​ព្រះ​ស្រីសុរិយោពណ៌​ជាង ដែល​ព្រះ​បរម​ឥន្ទរាជា (ព្រះ​សត្ថា) បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​រួច​ជា​ឧភយោរាជ​ ហើយ​ត្រូវ​សៀម​ចាប់​យក​ទៅ​ជា​ឈ្លើយ​តាំង​តែ​ពី​ពេល​ក្រុង​លង្វែក​ត្រូវ​បែក​បាក់​ម្ល៉េះ។

ចៅពញា​យោម ក្នុង​ព្រះ​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ ទ្រង់​គង់​នៅ​ឯ​រាជធានី​ស្រីសន្ធរ ហើយ​បាន​ចាប់​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង។ ទី​បញ្ចប់​ទ្រង់​ចាប់​ស្ដេច​កែវ​ព្រះ​ភ្លើង​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ។

ចៅពញា​យោម​មាន​ព្រះ​ទ័យ​ស្រាល ហើយ​ក៏​ខិលខូច​មិន​ចាញ់​ពញា​អន​ប៉ុន្មាន​ដែរ។ ទ្រង់​សព្វព្រះទ័យ​នឹង​ការ​បរបាញ់​សត្វ និង​ការ​សប្បាយ​ផ្សេងៗ​ណាស់ ហើយ​មិន​ខ្លាច​នឹង​ចាប់​ប្រពន្ធ ឬ​កូន​ក្រមុំ​ប្រជាជន​ទេ កាលណា​ទ្រង់​សព្វព្រះទ័យ ហើយ​មិន​សូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ព្រះ​នគរ​ឡើយ។ ម្ល៉ោះ​ហើយ​ក៏​កើត​មាន​អំពើ​ឧក្រិដ្ឋ​ពាសពេញ​ប្រទេស បណ្ដា​ចៅហ្វាយ​ខែត្រ​ក៏​មិន​បាន​យកចិត្ដ​ទុកដាក់ ហើយ​ក៏​មិន​ដែល​ទទួល​ទោស​ពៃរ៍​អ្វី​ដែរ។ មាន​ការ​ចាប់​ពង្រត់​អ្នកស្រុក​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​យក​ពី​កន្លែង​មួយ​ទៅ​លក់​ជា​ខ្ញុំ​នៅ​កន្លែង​មួយ​ទៀត គឺ​លក់​ទៅ​វិញ​ទៅ​មក​ចុះ​ឡើង​ជា​ច្រើន​លើក​ច្រើន​សា។

សម្ដេចព្រះ​ទេវី​ក្សត្រីយ៍ ជា​ព្រះ​អយ្យកា​របស់​ចៅពញា​យោម​ដែល​គង់នៅ​ឯ​ចតុម្មុខ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ហើយ​មិន​សប្បាយ​ចិត្ដ​នឹង​ចៅពញា​យោម​ដូច្នេះ ក៏​បាន​ចាត់​គ្នា​ឱ្យ​ទៅ​គាល់​ស្ដេច​សៀម សុំ​ឱ្យ​បញ្ជូន​ព្រះ​ឧភយារាជ​ស្រីសុរិយោពណ៌ និង​ព្រះរាជបុត្រ​ទាំងអស់​មក​វិញ។

ស្ដេច​សៀម​ពេល​នោះ បាន​ទទួល​យក​សំណូមពរ​តែ​មួយ​ចំណែក​ទេ គឺ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ​តែ​ព្រះ​ស្រីសុរិយោពណ៌ និង​ព្រះរាជ​បុត្រា​ប្អូន​ព្រះ​នាម​ព្រះ​ឧទ័យ​ប៉ុណ្ណោះ ចំណែក​ឯ​ព្រះ​ជ័យចេស្ដា ជា​ព្រះរាជ​បុត្រា​ច្បង ទុក​ឱ្យ​នៅ​នឹង​ស្រុក​សៀម​សិន។

ព្រះរាជានុ​សិទ្ធិ​ពញា​យោម នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ព្រះ​ស្រីសុរិយោពណ៌ យាង​មក​ដល់ ស្លាកែត ហើយ ទ្រង់​បាន​ទប់​ព្រះ​ទ័យ​មិន​ឱ្យ​មាន​រឱសឋាន​អ្វី​ទេ ហើយ​បាន​នាំ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ជា​ច្រើន​ទៅ​គាល់ រួច​បាន​បង្វែរ​អំណាច​ជា​ផ្លូវការ​ថ្វាយ​នៅ​ក្នុង​ឆ្នាំ​១៦០០។

ព្រះ​ស្រីសុរិយោពណ៌ (១៦០០-១៦១៨) ព្រះ​ឧបយុវរាជ បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៦០០ ដោយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ស្រីសុរិយោពណ៌​ទេវតា​រាជា​បរមរាជា​ធិរាជ​រាមា»។​ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្មា​៤៦​ព្រះ​វស្សា​ហើយ។ មហេសី​របស់​ព្រះ​អង្គ​បាន​ឡើង​ទៅ​ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះ​ឋានៈ​ជា​ «សម្ដេច​ព្រះ​ភគវតី ស្រីសុជាតិ» ។ ព្រះ​ឧទ័យ​ជា​ព្រះរាជ​បុត្រា ដែល​ទើប​តែ​មាន​ព្រះ​ជន្មាយុ​១៣​ព្រះ​វស្សា បាន​ឡើងជា​ព្រះ​មហា​ឧបរាជ រីឯ​ព្រះរាជានុ​សិទ្ធិ​ចៅពញា​យោម នៅ​រក្សា​ព្រះ​ឋានៈ​ជា ព្រះកែវហ្វ៊ា ដដែល។

ចៅពញា​យោម​បាន​សម្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​នាំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទៅ​ចូល​គាល់​ព្រះ​ឧបយុវរាជ​នៅ​ឯ​ស្លាកែត​ថា ព្រះ​អង្គ​ស្វាគមន៍​អបអរ​ការ​យាង​មក​ដល់​របស់​ព្រះរាជា ដែល​ព្រះ​អយ្យកា​ព្រះ​អង្គ​បាន​ជ្រើស​រើស​ឡើង តែ​ក្នុង​ព្រះ​ទ័យ​របស់​រាជានុសិទ្ធិ​វិញ បាន​សន្សំ​ទុក​នូវ​គម្រោងការ​ដ៏​សែន​ឧក្រិដ្ឋ​ជា​ច្រើន។

បន្ទាប់​ពី​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​ភ្លាម ព្រះរាជា​ស្រីសុរិយោពណ៌​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេជោ​ព្រះ​អង្គ​ដែល​អ្នកស្រុក​ហៅ​ថា​ តេជោ​ក្រហម​ក ហើយ​និង​ឧកញ៉ា​យមរាជ​មឿង ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​អ្នកស្រុក​កំពង់ស្វាយ ស្រីសន្ធរ នគរវត្ដ ត្បូងឃ្មុំ និង​បាភ្នំ ដែល​កន្លង​មក​បះបោរ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​របស់​ព្រះកែវហ្វ៊ា។ យុទ្ធនាការ​នេះ​មិន​ជា​យូរ​ប៉ុន្មាន​ទេ ពីព្រោះ​ខែត្រ​ទាំង​អស់​នោះ មិន​បាន​ប្រឆាំង​ទប់ទល់​នឹង​ទ័ព​របស់​ព្រះរាជា​ឡើយ ហើយ​ឆាប់​នាំ​គ្នា​មក​សារភាព​ចុះចូល​ជា​បន្ទាន់។

ក្រោយ​មក​ទៀត តេជោ​ព្រះ​អង្គ បាន​ទទួល​ព្រះរាជ​បញ្ជា​ឱ្យ​ទៅ​បង្ក្រាប​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា អ្នក​ព្រះ​រៀម​ ហៅ​ កូម៉ែល​ ដែល​កំពុង​តែ​ក​ទ័ព​នៅ​ក្នុង​ខែត្រ​ទ្រាំង​ប្រកប​ដោយ​ជោគជ័យ។​ គេ​និយាយ​ថា​ជន​នេះ​បាន​ប្រើ​ប្រាស់​សីល​ធ្មប់​បំពុល​ទឹក​ត្រពាំង និង​ទឹក​អណ្ដូង​ទាំងអស់​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ដែល​ទ័ព​ព្រះរាជា​ធ្វើ​ដំណើរ​ទៅ ធ្វើ​ឱ្យ​ទាហាន​ពុល​ស្លាប់​អស់​ជា​ច្រើន។

ពេល​នោះ​ស្ដេច​សៀម​បាន​យល់​ព្រម​បញ្ជូន​ព្រះ​ជ័យចេស្ដា ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ តាម​សំណូមពរ​របស់​ព្រះរាជា​កម្ពុជា​ជា​ព្រះ​បិតា។ ក្នុង​ព្រះរាជ​ដំណើរ​យាង​ត្រលប់​មក​វិញ​នេះ ព្រះ​ជ័យចេស្ដា​ បាន​បង្ក្រាប​ធ្វើ​ឱ្យ​បណ្ដា​ខែត្រ​ដែល​នៅ​តាម​ផ្លូវ​មាន​សន្ដិភាព​ឡើង​វិញ មាន​ខែត្រ​នាងរង បាត់ដំបង ពោធិ៍សាត់ កំពត រហូត​ដល់​កោះស្លាកែត រួច​ទ្រង់​យាង​កាត់​ទៅ​ជួប​ជាមួយ​តេជោ​ព្រះ​អង្គ​ដែល​ទើប​តែ​ដាក់​តាំងទ័ព​នៅ​ពីមុខ​បន្ទាយ​ខ្មាំង​នៅ​ទ្រាំង។ ក្រោយ​ពី​បាន​ជួប​ជាមួយ​កងទ័ព ហើយ​ទទួល​ព័ត៌មាន​អំពី​យុទ្ធសាស្ដ្រ​បំពុល​ទឹក​របស់ កូម៉ែល ព្រះ​ជ័យចេស្ដា បាន​ចេញ​បញ្ជា​ហាម​មិន​ឱ្យ​ទាហាន​ផឹកទឹក​ត្រពាំង​ដែល​នៅ​តាម​ដងផ្លូវ​ទេ រួច​បាន​ចាត់​ឱ្យ​កេណ្ឌ​អ្នកស្រុក​ទៅ​ដង​ទឹក​ពី​ទី​ឆ្ងាយ ដាក់​បំពង់​រាប់​ពាន់​សែន យក​មក​ឱ្យ​ទាហាន​ផឹក​វិញ។

យប់​មួយ​នៅ​ពេល​ដែល​ពួក​ខ្មាំង​នៅ​ក្នុង​បន្ទាយ​ទ្រាំង​មិន​បាន​គិត​ដល់​ថា​នឹង​មាន​ការ​ប្រយុទ្ធ​ តេជោ​ព្រះ​អង្គ និង​យមរាជ​មឿង​បាន​ប្រមូល​ទាហាន​ដែល​មាន​កាំភ្លើង​កាន់​នៅ​ដៃ វាយលុក​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​បាញ់​សម្លាប់​ពួក​ខ្មាំង​ទាំងអស់ រួម​ទាំង​កូម៉ែល និង​ពួក​ធ្មប់​ផង។

ចប់​សង្គ្រាម ព្រះរាជាណាចក្រ​បាន​សុខ​សន្ដិភាព​ហើយ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​តេជោ​ព្រះ​អង្គ ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សំរោងទង

រយៈកាល​បន្ដិច​ក្រោយ​មក តេជោ​ព្រះ​អង្គ​បាន​ទទួល​មរណភាព​ទៅ​ដោយ​ជរាភាព។ ពេល​នោះ​ព្រះរាជា​បាន​លើក​ខ្ញុំបម្រើ​របស់​តេជោ​ព្រះ​អង្គ​ម្នាក់​ឈ្មោះ យ៉ត មាន​ដើម​កំណើត​ជា​ជនជាតិ​ព្នង ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​បន្ដ ពីព្រោះ​ខ្ញុំ​នេះ​តែង​តែ​ដើរ​តាម​នាយ​ចៅហ្វាយ​ទៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ និង​រៀន​សូត្រ​ចេះ​ដឹង​ពី​ចិត្ដ​គំនិត និង​ល្បិច​ប្រយុទ្ធ​ផ្សេងៗ​របស់​ចៅហ្វាយនាយ ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាច្រើន​លើក​ច្រើន​សា។ នាយ​យ៉ត​នេះ​បាន​ចាប់​បន្ដ​ធ្វើការ​បង្ក្រាប​ឱ្យ​ស្រុក​មាន​សុខ​សន្ដិភាព​ប្រកប​ដោយ​ជោគ ជ័យ ដែល​ត្រូវ​អាក់ខាន​មួយ​រយៈ​ដោយ​មរណភាព​របស់​តេជោ​ព្រះ​អង្គ។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះរាជា​បាន​សម្រេច​ប្ដូរ​ព្រះរាជវាំង​ពី​កោះស្លាកែត ដោយ​នាំ​ព្រះរាជ​បរិពារ រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មក​គង់នៅ​ឯ​ល្វាឯម ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ភ្នំពេញ​វិញ។ ទ្រង់​បាន​លើក​ព្រះ​អគ្គមហេសី​សម្ដេចព្រះ​ភគវតី​ស្រីសុជាតិ​ឱ្យ​ឡើង​ជា​ ព្រះ​មហាក្សត្រីយ។ ខែត្រ​ស្រីសឈរ​ក៏​ត្រូវ​បែងចែក​ជា​២​គឺ មួយ​ផ្នែក​ខាងលើ​នៅ​រក្សា​ឈ្មោះ​ថា ស្រីសឈរ ដដែល ឯ​មួយ​ផ្នែក​ខាងក្រោម​មាន​ឈ្មោះ​ថា ល្វាឯម នៅ​ក្នុង​ឆ្នាំ​១៦០៤។

ហើយ​នៅ​ពេល​នោះ​ដែរ​ដែល​ព្រះរាជា ដែល​ទ្រង់​គ្រង​តែ​អាវ​ផាយ​ពណ៌​លឿង​តាម​របៀប​សៀម និង​បាន​សម្រេច​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី តាំងពី​ពួក​មហាតលិក និង​នាយពល​ឡើង​ទៅ បោះបង់​សម្លៀក​បំពាក់​របៀប​លង្វែក ដែល​បង់​ក​ក្រមា​វែង​ចេញ​ ហើយ​ឱ្យ​ស្លៀក​ពាក់​ដូច​ព្រះ​អង្គ​វិញ។​ ទាំង​ការ​និយាយ​ស្ដី​ក៏​ទ្រង់​ឱ្យ​ដូរ​គឺ​ឱ្យ​ហៅ​ព្រះ​អង្គ​ថា​ ព្រះ​ស្រីសុរិយោពណ៌​សម្ដេច​មនាថ ​វិញ។ ស្ដ្រីៗ​ដែល​មាន​ឋានៈ​ខ្ពស់​ត្រូវ​ឆ្លើយ​នឹង​ព្រះរាជា​ថា​ ព្រះ​ពរ ឆ្លើយ​នឹង​ព្រះ​មហាក្សត្រីយ​ថា​ ព្រះម៉ែ​ ហើយ​ឆ្លើយ​នឹង​ពួក​អ្នក​អង្គ​ម្ចាស់​ថា ព្រះបាទម្ចាស់

នៅ​ពេល​នោះ អតីត​រាជានុ​សិទ្ធិ​ព្រះកែវ​ហ្វ៊ា​យោម​មិន​អាច​លាក់​កំបាំង​គំនិត​ដែល​ចង់​ដណ្ដើម​យក​អំណាច​ត​ទៅ​ទៀត​បាន​ទេ ទ្រង់​បាន​គេច​ខ្លួន​ទៅ​គង់​នៅ​ក្នុង​ខែត្រ​ស្ទោង ចន្លោះ​ខែត្រ​ជីក្រែង និង​ខែត្រ​កំពង់ស្វាយ នៅ​ក្នុង​ឆ្នាំ​១៦១១ ហើយ​ចាប់​កេណ្ឌ​កងទ័ព។ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​ទ័ព​ទៅ​វាយ​កែវហ្វ៊ា​យោម ចាប់ខ្លួន​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​ធ្វើឃាត​ចោល​ទៅ។

ពួក​សៀម​ដែល​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​ជាប់ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ស្ដី​អំពី​ការ​បំបែក​ខ្លួន​របស់​ពញា​យោម ក៏​បញ្ជូន​ទ័ព​មួយ​កង​ចូល​មក​ដល់​ក្នុង​ខែត្រ​ពោធិ៍សាត់ ដោយ​យក​លេស​ថាមក​ជួយ​ព្រះរាជា​កម្ពុជា។ ព្រះ​ស្រីសុរិយោពណ៌ បាន​ដឹកនាំ​ទ័ព​ទៅ​ជួប​ជាមួយ​ទ័ព​សៀម ពួក​នេះ​ក៏​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ព្រះរាជា តែ​ត្រូវ​ព្រះរាជា​រុញ​ច្រាន​ឱ្យ​ដក​ថយ​ទៅ​ប្រទល់​ដែន​វិញ​ទៅ។ ព្រះរាជា​បាន​យាង​ទៅ​កាន់​ស្លាកែត​នៅ​ក្នុង​ខែត្រ​កំពត ជាទី​ដែល​ព្រះ​អង្គ​គង់​នៅ​តាំងពី​ពេល​យាង​ត្រលប់​ពី​ស្រុក​សៀម​ម្ល៉េះ។

នៅ​ក្នុង​ឆ្នាំ​១៦០១ ព្រះ​សុរិយោពណ៌ បាន​កសាង​វត្ដ​សម្បុក ប្រទាន​ដី កាត់​ឫស​សីមា រួច​ទ្រង់​បញ្ជា​ចៅហ្វាយ​ខែត្រ​ឱ្យ​រៀបចំ​ទទួល​ទូត​មក​ពី​ទិសឧត្ដរ និង​ទិស​បូព៌ា បណ្ដា​អ្នកប្រាជ្ញ​បណ្ឌិត​មក​ពី​បរទេស ជា​ពិសេស ឱ្យ​ថ្វាយ​តង្វាយ​ដែល​ព្រះរាជា​កម្ពុជា​តាំងពី​បុរាណកាល​ធ្លាប់​ថ្វាយ​ជូន​ដល់​ស្ដេច​ភ្លើង និង​ស្ដេច​ទឹក​រាល់​៣​ឆ្នាំ​ម្ដង ដើម្បី​ឱ្យ​ជួយ​ថែរក្សា​ផ្លូវ និង​ព្រៃ​ព្រឹក្សា កុំ​ឱ្យ​សត្រូវ​បៀត​បៀន​បាន។

ព្រះ​ស្រីសុរិយោពណ៌​គ្រង​រាជសម្បត្ដិ​បាន​១៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​ទាន់​ទទួល​ព្រះ​រាជាភិសេក​នៅ​ឡើយ។ ព្រះ​រាជាភិសេក​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែ ​ធ្នូ ឆ្នាំ​១៦១៣ ព្រះរាជា​ទ្រង់​កាន់​ព្រះខ័នរាជ្យ គង់​នៅ​ក្រោម​ស្វេតច្ឆត្រ ហើយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេចព្រះ​បរមរាជាធិរាជ​រាមធិបតី​ព្រះ​ស្រីសុរិយោពណ៌»។

ព្រះរាជាសោយរាជ្យ

កែប្រែ
ព្រះរាជាសោយរាជ្យនៅសម័យស្រីសន្ធរ(១៥៩៤-១៦២០)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ រាមាធិបតីទី១ ព្រះរាមជើងព្រៃ ១៥៩៤-១៥៩៦
០២ រាមាធិបតីទី២ ពញានូ ១៥៩៦-១៥៩៧
០៣ បរមរាជាទី៥ (រាជ្យទី២) ចៅពញាតន់ ១៥៩៧-១៥៩៩
០៤ បរមរាជាទី៦ ពញាអន ១៥៩៩-១៦០០
០៥ កែវហ៊្វាទី១ ពញាញោម ១៦០០-១៦០២
០៦ បរមរាជាទី៧ ស្រីសុរិយោពណ៌៤ ១៦០៣-១៦១៩

សូមមើលផងដែរ

កែប្រែ