សុវណ្ណសាមជាតក
ព្រះបរមសាស្តា កាលទ្រង់គង់ប្រថា ៖ប់នៅជេតពនមហាវិហារ ទ្រង់ប្រារព្វភិក្ខុមួយអង្គ ដែលជាអ្នកចិញ្ចឹមមាតាបិតា ត្រាស់នូវព្រះធម៌ទេសនានេះថា ៖ កោ នុ មំ ឧសុនា វិជ្ឈិ ដូច្នេះជាដើម ។
ដូចបានស្តាប់មក ក្នុងក្រុងសាវត្ថី មានកុលបុត្រម្នាក់ ជាបុត្រតែមួយក្នុងត្រកូលសេដ្ឋី ដែលមានសម្បត្តិ ១៨កោដិ ។ កុលបុត្រនោះជាទីស្រឡាញ់ ជាទីចម្រើនចិត្តនៃមាតាបិតាដ៏ក្រៃលែង ។ ថ្ងៃមួយកុលបុត្រនោះឯង កំពុងនៅលើប្រាសាទ បានបើកសីហបញ្ជរ សម្លឹងមើលមកថ្នល់ធំ ឃើញពួកមហាជនកាន់ផ្កាកម្រង និងគ្រឿងក្រអូបជាដើម ទៅកាន់ព្រះជេតពនមហាវិហារ ដើម្បីនឹងជួបជុំគ្នាស្តាប់នូវព្រះធម៌ទេសនា ទើបគិតថា សូម្បីយើងក៏ត្រូវទៅនឹងគេដែរ ។ កាលគិតដូច្នោះហើយ ទើបបានចាត់ចែងនូវផ្កាកម្រង និងគ្រឿងក្រអូបនាំយកទៅកាន់ព្រះវិហារ ប្រកបដោយសទ្ធា ថ្វាយសំពត់ ភេសជ្ជះ និងទឹកជាដើម ដល់ព្រះសង្ឃ ហើយបូជាដល់អង្គព្រះដ៏មានព្រះភាគដោយផ្កាកម្រង និងគ្រឿងក្រអូបទាំងឡាយ ថ្វាយបង្គំរួច ក៏អង្គុយស្តាប់ព្រះធម៌ក្នុងទីដ៏សមគួរ ។
កាលកុលបុត្របានស្តាប់ព្រះធម៌ទេសនាហើយ ក៏បានឃើញទោសក្នុងកាមទាំងឡាយ និងបានកំណត់អានិសង្សនៃបព្វជ្ជា ។ លុះដល់បរិស័ទគ្រប់គ្នាត្រឡប់ទៅវិញអស់ហើយ ទើបថ្វាយបង្គំព្រះដ៏មានព្រះភាគ ទូលសូមបព្វជ្ជា ។ ព្រះអង្គទ្រង់ត្រាស់ដល់កុលបុត្រនោះយ៉ាងនេះថា ៖ ព្រះតថាគតទាំងឡាយមិនញុំាងបុត្រដែលមាតាបិតាមិនទាន់បានអនុញ្ញាតឲ្យបព្វជ្ជានោះឡើយ ។ កុលបុត្រនោះ កាលបានស្តាប់នូវព្រះពុទ្ធដីកាដូច្នោះហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ក្រាបទូលលាត្រឡប់មកគេហដ្ឋានវិញ ដល់ហើយ បានក្រាបសំពះមាតាបិតាដោយសេចក្តីគោរព រួចបានពោលថា ៖ បពិត្រ លោកឪពុក អ្នកម្តាយ កូននឹងបួសក្នុងសម្នាក់ព្រះតថាគត ។
លំដាប់នោះ មាតាបិតារបស់កុលបុត្រនោះ បានស្តាប់ពាក្យរបស់កូនហើយ ក៏មានសភាពដូចជាបែកបេះដូងជា៧ចម្រៀក ព្រោះមានបុត្រតែមួយ ញាប់ញ័រដោយសេចក្តីស្នេហាចំពោះបុត្រ បានពោលថា ៖ កូនសម្លាញ់ កូនជាទំពាំងនៃត្រកូល ហាក់ដូចជាកែវភ្នែក ឬដូចជាជីវិតរបស់យើងទាំងពីរនាក់ ។ ឪពុកនិងម៉ែ បើវៀរចាកកូនហើយ នឹងមានជីវិតបានដូចម្តេចទៅ ជីវិតរបស់យើងទាំងពីរក៏ចាស់ណាស់ទៅហើយ នឹងស្លាប់ក្នុងថ្ងៃនេះ ថ្ងៃស្អែក ឬក៏ខានស្អែក យ៉ាងនេះ កូននៅប្រាថ្នាចាកចោលឪពុកម្តាយទៅទៀតឬ ។ ធម្មតា បព្វជ្ជាគឺបុគ្គលធ្វើបានដោយលំបាកក្រៃលែង កាលត្រូវការត្រជាក់ ក៏រមែងបានក្តៅ កាលត្រូវការក្តៅ ក៏រមែងបានត្រជាក់ ព្រោះហេតុនោះ កូនកុំបួសឡើយ ។ កុលបុត្រនោះ បានស្តាប់ឮពាក្យរបស់មាតាបិតាដូច្នោះហើយ ក៏ដល់នូវទុក្ខទោមនស្ស អង្គុយឱនមុខ សៅសោក មិនបរិភោគអាហារអស់៧ថ្ងៃ ។ លំដាប់នោះមាតាបិតារបស់កុលបុត្រនោះ បានគិតគ្នាថា បើកូនរបស់យើងមិនបាននូវការអនុញ្ញាតបួសទេ មុខតែនឹងស្លាប់ជាមិនខាន ហើយយើងនឹងមិនបានឃើញកូនទៀតឡើយ តែបើកូនបានរស់នៅក្នុងភេទជាអ្នកបួស យើងគង់នឹងបានជួបប្រទះឃើញមុខតទៅទៀត ។ កាលបានគិតគ្នាហើយ ទើបអនុញ្ញាតថា ៖ នែកូនសម្លាញ់ មាតាបិតាអនុញ្ញាតឲ្យកូនហើយ ចូរកូនបួសចុះ ។ កុលបុត្រនោះ បានស្តាប់ដូច្នោះ មានចិត្តត្រេកអរ បង្អោនសរីរៈទាំងអស់ចុះ ក្រាបទៀបបាទានៃមាតាបិតា ថ្វាយបង្គំលា ចេញពីក្រុងសាវត្ថី ទៅកាន់ជេតពនមហាវិហារ ។ ទៅដល់ហើយ បានក្រាបថ្វាយបង្គំព្រះភគវា ទូលសូមបព្វជ្ជានឹងព្រះអង្គ ។ ព្រះបរមសាស្តាបានត្រាស់បង្គាប់ឲ្យភិក្ខុមួយអង្គ បំបួសកុលបុត្រនោះជាសាមណេរ ។ ចាប់តាំងអំពីសាមណេរនោះបួសហើយ លាភសក្ការៈបានកើតឡើងយ៉ាងច្រើនដល់លោក ។ សាមណេរនោះបានញុំាងអាចារ្យនិងឧបជ្ឈាយ៍ឲ្យត្រេកអរ លុះគ្រប់ព្រះជន្មហើយ ក៏បានឧបសម្បទាជាភិក្ខុ សិក្សាព្រះធម៌ព្រះវិន័យបាន៥វស្សាក៏គិតថា យើងនៅក្នុងទីនេះ ច្របូកច្របល់ទៅដោយពួកញាតិជាដើម មិនសមគួរដល់យើងឡើយ ។ ព្រះភិក្ខុប្រាថ្នានឹងបំពេញនូវវិបស្សនាធុរៈ ទើបរៀនព្រះកម្មដ្ឋានក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ហើយចេញអំពីជេតពនមហាវិហារ ទៅកាន់បច្ចន្តគ្រាម បានអាស្រ័យនៅនឹងសេនាសនៈក្នុងព្រៃ នាបច្ចន្តគ្រាមនោះឯង ។ ព្រះភិក្ខុអង្គនោះចម្រើនវិបស្សនាក្នុងទីនោះ សូម្បីព្យាយាមដល់ទៅ១២ឆ្នាំ ក៏មិនអាចញុំាងនូវគុណវិសេសឲ្យកើតឡើងបានឡើយ ។ ចំណែកមាតាបិតារបស់ភិក្ខុវិញ ពេលវេលាបានកន្លងទៅៗ ពួកជនទាំងឡាយដែលជាអ្នកធ្វើស្រែ ឬជាអ្នកជួញដូរឲ្យលោកសេដ្ឋីនោះ បានកាន់យកនូវសម្បត្តិនោះៗ ជារបស់ខ្លួន តាមដែលខ្លួនពេញចិត្ត សូម្បីទាសកម្មករក្នុងផ្ទះជាដើម ក៏កាន់យកមាសប្រាក់ និងរបស់របរផ្សេងៗ រត់ចេញពីផ្ទះអស់ទៅ ។ ក្រោយមកជនទាំងពីរនាក់នោះធ្លាក់ខ្លួន ដល់នូវក្តីទុក្ខលំបាក មិនមានអ្នកទំនុកបម្រុងសូម្បីតែម្នាក់ឡើយ ត្រូវលក់ផ្ទះហើយក៏មិនមានទីអាស្រ័យនៅ ដល់នូវភាពជាបុគ្គលដែលគួរឲ្យអាណិតក្រៃលែង ។ ជនទាំងពីរត្រូវស្លៀកដណ្តប់សំពត់ចាស់ៗ កាន់អំបែងដើរសូមទានគេ អាស្រ័យនៅក្រោមដើមឈើ ឬសំយាបផ្ទះនៃអ្នកដទៃ ។
ក្នុងកាលនោះ មានព្រះភិក្ខុមួយអង្គចេញចាកពីវត្តជេតពនមហាវិហារ ទៅដល់ទីនៅនាបច្ចន្តគ្រាម ចូលទៅក្នុងព្រៃ ដែលជាលំនៅនៃភិក្ខុបុត្ររបស់សេដ្ឋីអនាថា ៖នោះឯង ។ ភិក្ខុសេដ្ឋីបុត្របានធ្វើនូវអាគន្តុកវត្តដល់ភិក្ខុថ្មីនោះ និងគង់អង្គុយនៅជាសុខហើយ ទើបសួរថា ៖ លោកដ៏មានអាយុ និមន្តមកពីណា? ព្រះភិក្ខុអាគន្តុកក៏បានឆ្លើយថា ៖ ខ្ញុំព្រះករុណាមកអំពីព្រះជេតពនមហាវិហារ ។ ព្រះភិក្ខុសេដ្ឋីបុត្រក៏បានសួរដល់ការគង់នៅជាសុខរបស់ព្រះបរមសាស្តា និងព្រះមហាសាវ័កជាដើម ហើយក៏បានសួរដល់មាតាបិតារបស់ខ្លួនថា ៖ លោកដ៏មានអាយុ ត្រកូលសេដ្ឋីឈ្មោះនោះ ក្នុងក្រុងសាវត្ថីសុខសប្បាយទេ? ភិក្ខុអាគន្តុកតបថា ៖ "អាវុសោ លោកកុំសួរនាំដល់ត្រកូលនោះឡើយ ។ ភិក្ខុសេដ្ឋីបុត្រសួរថា ៖ តើយ៉ាងដូចម្តេច លោកដ៏មានអាយុ? ភិក្ខុអាគន្តុកបានរៀបរាប់ថា ៖ ត្រកូលនោះ ខ្ញុំព្រះករុណាបានឮមកថា ៖ មានកូនប្រុសតែមួយ ហើយកូននោះបានចេញបួសក្នុងព្រះពុទ្ធសាសនា ចាប់តាំងពីកូនចេញបួសទៅកាលណា ត្រកូលនោះក៏មានការធ្លាក់ចុះ វិនាសហិនហោចនូវទ្រព្យសម្បត្តិជាបន្តបន្ទាប់ ឥឡូវនេះ សេដ្ឋីទាំងពីរនោះ ជាមនុស្សអត់ទ្រព្យកំព្រីកំព្រាគួរឲ្យអាណិតក្រៃលែង ។ គាត់ទាំងពីរកាន់អំបែងដើរសូមទាន អាស្រ័យនៅតាមសំយាបផ្ទះរបស់អ្នកដទៃ ។ ភិក្ខុសេដ្ឋីបុត្រស្តាប់ហើយ ក៏មិនអាចនឹងទប់ចិត្តបាន ទឹកភ្នែកស្រក់មកជោគព្រះភ័ក្ត្រ យំញ័រញាក់អស់ទាំងខ្លួនក្នុងពេលនោះឯង ។ ព្រះភិក្ខុអាគន្តុកឃើញដូច្នោះ សួរថា ៖ "អាវុសោ ម៉េចបានជាលោកយំ? ព្រះភិក្ខុសេដ្ឋីបុត្រ តបថា ៖ លោកដ៏មានអាយុ អ្នកទាំងពីរនោះជាមាតាបិតារបស់ខ្ញុំព្រះករុណា ។ ភិក្ខុអាគន្តុកៈ ពោលថា ៖ មាតាបិតារបស់អាវុសោ ដល់នូវសេចក្តីវិនាសព្រោះអាស្រ័យអាវុសោហ្នឹងហើយ ចូរអាវុសោទៅបដិបត្តិមាតាបិតានោះទៅ ។ ភិក្ខុសេដ្ឋីបុត្រគិតថា អាត្មាអញសូម្បីព្យាយាមអស់១២ឆ្នាំ ក៏មិនអាចសម្រេចបាននូវមគ្គផលអ្វីឡើយ គឺយើងជាបុត្រអភ័ព្វ ប្រយោជន៍អ្វីដោយទ្រព្យគឺបព្វជ្ជានេះ អាត្មាអញនឹងសឹកទៅជាគ្រហស្ថ ចិញ្ចឹមមាតាបិតា ឲ្យទាន ដូច្នេះនឹងជាបុគ្គលមានសុគតិភពប្រព្រឹត្តទៅក្នុងជាតិខាងមុខបានដែរ ។ គិតដូច្នោះហើយ ក៏បានប្រគល់កន្លែងនៅក្នុងព្រៃនោះ ដល់ភិក្ខុអាគន្តុកៈ នមស្ការព្រះភិក្ខុអាគន្តុកៈ ដែលលោកជាព្រះថេរៈហើយ ស្អែកឡើងទើបចេញអំពីព្រៃ ទៅដោយលំដាប់ផ្លូវរហូតដល់វិហារខាងក្រោយព្រះជេតពន មិនឆ្ងាយពីក្រុងសាវត្ថី ។ កន្លែងត្រង់នោះមានផ្លូវបែកជាពីរ ផ្លូវមួយទៅក្រុងសាវត្ថី ឯផ្លូវមួយទៀតទៅកាន់ព្រះជេតពនមហាវិហារ ។ ព្រះភិក្ខុឈប់ ហើយរេរានៅទីនោះ គិតថា នឹងទៅរកមាតាបិតាមុន ឬទៅគាល់ព្រះទសពលមុនហ្ន៎ ហើយគិតទៀតថា ៖ យើងមិនបានជួបមាតាបិតាយូរហើយក៏ពិតមែន តែចាប់តាំងពីនេះទៅ យើងនឹងគាល់ព្រះពុទ្ធជាអម្ចាស់បានដោយលំបាក ថ្ងៃនេះយើងនឹងគាល់ព្រះអង្គ ហើយស្តាប់ព្រះធម៌ទេសនាសិន ស្អែកឡើងសឹមទៅរកមាតាបិតាពីព្រលឹម ។ គិតហើយ ព្រះភិក្ខុក៏លះបង់ផ្លូវទៅទីក្រុងសាវត្ថី ព្រោះមានឧបនិស្ស័យល្អជាគ្នា ទើបចូលកាន់មាគ៌ាទៅកាន់មហាវិហារព្រះជេតពន ក៏បានដល់មហាវិហារក្នុងវេលាល្ងាច ។ ក្នុងថ្ងៃនោះឯង ព្រះសាស្តាទ្រង់ត្រួតមើលឧបនិស្ស័យនៃសត្វ ក្នុងវេលាជិតភ្លឺ ទ្រង់ទតឃើញឧបនិស្ស័យនៃភិក្ខុអង្គនោះ ទើបព្រះអង្គទ្រង់ត្រាស់ពណ៌នាគុណនៃមាតាបិតា ដោយមាតុបោសកសូត្រ ក្នុងពេលដែលភិក្ខុនោះនិមន្តមកដល់ ។ ភិក្ខុនោះឈរនៅខាងក្រោយបំផុតនៃបរិស័ទ ស្តាប់ព្រះធម្មកថា ៖ដ៏ពិរោះ ទើបរំពឹងថា ៖ អាត្មាអញបានគិតថា នឹងទៅជាគ្រហស្ថ ទើបអាចបដិបត្តិបម្រុងបម្រើមាតាបិតាបាន ប៉ុន្តែព្រះសាស្តាទ្រង់ត្រាស់ថា ៖ សូម្បីបព្វជិតក៏ធ្វើនូវឧបការៈដល់មាតាបិតាបានដែរ ។ បើយើងមិនបានមកគាល់ព្រះសាស្តាជាមុនទេ យើងនឹងបាត់បង់នូវបព្វជ្ជាដែលមានសភាពបែបនេះជាពុំខាន ។ ឥឡូវនេះយើងមិនត្រូវសឹកជាគ្រហស្ថឡើយ គឺនៅជាបព្វជិតបែបនេះឯង ហើយនឹងទំនុកបម្រុងមាតាបិតាតទៅ ។ ព្រះភិក្ខុអង្គនោះបានក្រាបបង្គំព្រះបរមសាស្តា ។ ព្រលឹមឡើង បានចូលទៅកាន់រោងស្លាកទទួលភត្តាហារនិងយាគូដែលបានដោយស្លាក ។ ជាភិក្ខុនៅព្រៃ ១២ឆ្នាំ បានដល់នូវភាពដូចជាអ្នកបរាជ័យហើយ ។ ព្រះភិក្ខុចេញអំពីព្រះជេតពន ចូលទៅកាន់ក្រុងសាវត្ថី គិតថា នឹងទទួលយាគូមុន ឬក៏ទៅរកមាតាបិតាមុនហ្ន៎ ហើយបានសម្រេចចិត្តថា ៖ទៅទទួលយាគូសិន ព្រោះការមានដៃទទេចូលទៅរកមនុស្សកំព្រា ជាការពុំសមគួរឡើយ ។ ព្រះភិក្ខុទើបកាន់យកយាគូ និមន្តទៅឈរនៅក្លោងទ្វារផ្ទះចាស់ របស់មាតាបិតា បានឃើញមាតាបិតាដើរសូមបបរយាគូ ហើយចូលទៅអាស្រ័យនឹងសំយាបផ្ទះអ្នកដទៃ អង្គុយនៅទីនោះ ដល់នូវភាពជាមនុស្សកំព្រានិងលំបាកតោកយ៉ាកដ៏ក្រៃលែង ។ ព្រះភិក្ខុក៏មានសេចក្តីសោកកើតឡើង មានទឹកភ្នែកហូរ ឈរនៅក្នុងទីជិតនោះ ។ មាតាបិតាសូម្បីឃើញកូនហើយក៏ចាំមិនបាន ។ មាតារបស់ភិក្ខុនោះ សំគាល់ថា ៖ ភិក្ខុនោះឈរដើម្បីបិណ្ឌបាត ទើបពោលថា ៖ បពិត្រ លោកម្ចាស់អើយ ចង្ហាន់បិណ្ឌបាត ឬក៏អ្វីៗដែលគួរទំពាឆាន់ ដែលនឹងគួរប្រគេនលោកម្ចាស់នោះ ខ្ញុំព្រះករុណាមិនមានទេ សូមនិមន្តទៅខាងមុខទៀតចុះ ។ ព្រះភិក្ខុបានស្តាប់ហើយ ក៏បន្ថែមសេចក្តីសោកយ៉ាងខ្លំាងក្លា ទឹកនេត្រាជោគព្រះភ័ក្ត្រ ដើមកអួលអាក់និយាយមិនរួច ក្តុកក្តួលក្នុងចិត្តក្រៃលែង ។ សូម្បី មាតាពោលដូច្នោះពីរបីដង ក៏នៅឈរធ្មឹងក្នុងទីនោះ ។ លំដាប់នោះបិតារបស់ភិក្ខុបាននិយាយនឹងភរិយាថា ៖ ទៅមើលឲ្យជិតមើល ជាបុត្ររបស់យើងទេដឹង ។ មាតាក៏ក្រោកឡើង ដើរទៅជិតសម្លឹងមើល ក៏ចាំបាន ។ មាតាទន់ជើងអង្គុយចុះ យំស្រែកពេញទំហឹង ឱនក្រាបទៅជិតបាទារបស់ភិក្ខុ បរិទេវនាការញ័រអស់ទាំងកាយដូចគេអង្រួន ។ ចំណែកបិតា ក៏ស្រែកយំដើរទៅជិតកូនរបស់ខ្លួន គួរឲ្យស្រណោះក្រៃលែង ។ ភិក្ខុនោះ ឃើញមាតាបិតាដូច្នេះ ក៏មិនអាចនឹងទប់កាយបាន ក៏យំចេញសម្លេងមកក្រៅហ៊ូៗ មួយភ្លែកក្រោយមក ទើបភិក្ខុខំទប់សេចក្តីសោក ហើយពោលថា ៖ ញោមទាំងពីរកុំគិតអ្វីឡើយ អាត្មានឹងចិញ្ចឹមញោមទាំងពីរឲ្យជាសុខសម្រាន្ត ។ ព្រះភិក្ខុបានញុំាងមាតាបិតាឲ្យកក់ក្តៅក្នុងចិត្តហើយ បានជូននូវយាគូដល់ញោមទាំងពីរ និងឲ្យគាត់អង្គុយក្នុងទីដ៏សមគួរមួយ ហើយបាននិមន្តទៅបិណ្ឌបាត នាំភិក្ខាហារមកជូនគាត់ឲ្យបរិភោគទៀត កាលដែលសួរដឹងថា ៖ គាត់បរិភោគឆ្អែតហើយ ទើបនិមន្តរកចង្ហាន់ដើម្បីខ្លួនឯង ។ ព្រះភិក្ខុបានរកទីកន្លែងដ៏សមគួរជូនឲ្យមាតាបិតាអាស្រ័យនៅ ហើយបានបដិបត្តិទំនុកបម្រុងនូវញោមទាំងពីរ ដោយយកចិត្តទុកដាក់ជាទីបំផុត សូម្បីភត្តដែលកើតឡើងក្នុងបក្ខគឺបក្ខភត្តជាដើម ដែលខ្លួនបានមក ក៏ជូនដល់មាតាបិតា ។ ខ្លួនឯងនិមន្តបិណ្ឌបាត បានមកក៏ឆាន់ មិនបានក៏អត់ ។ បានសំពត់ចាំវស្សាក៏ដោយ សំពត់យ៉ាងណាមួយដែលជាអតិរេកលាភក៏ដោយ ក៏ជូនដល់មាតាបិតា ហើយបោកគក់ជ្រលក់សំពត់ចាស់ៗ ដែលញោមទាំងពីរស្លៀកដណ្តប់ហើយ ដេរប៉ះសម្រាប់ប្រើប្រាស់ស្លៀកដណ្តប់ខ្លួនឯង ។ ថ្ងៃដែលភិក្ខុអង្គនោះបានចង្ហាន់ឆាន់មានតិចថ្ងៃណាស់ ថ្ងៃដែលមិនបានមានច្រើនជាង ឯចំណែកសំពត់ស្លៀកដណ្តប់ដែលជាចីវររបស់លោក សៅហ្មងពេញទី ។ កាលភិក្ខុចិញ្ចឹមបដិបត្តិមាតាបិតារហូតមក ក៏មានរូបកាយស្គមស្គាំង ទាំងសម្បុរក៏សៅហ្មង ឆ្អឹងជំនីររគីមរគាម រវីមរវាមទៅដោយសរសៃ ទាំងសាច់លឿងស្លាំងទៀតផង ។
ព្រះភិក្ខុសង្ឃទាំងឡាយ បានឃើញរូបកាយរបស់ភិក្ខុនោះហើយ ក៏សួរថា ៖
"អាវុសោ កាលមុនសរីរវណ្ណៈរបស់លោកស្រស់បស់ណាស់ ប៉ុន្តែឥឡូវនេះ មានសភាពស្លេកស្លាំងស្គាំងស្គម សៅហ្មង មិនស្រស់បស់ តើព្យាធិកើតឡើងដល់អាវុសោឬ?"
ភិក្ខុនោះបានតបថា ៖ "លោកទាំងឡាយ ខ្ញុំព្រះករុណាមិនមានព្យាធិទេ តែមានធុរៈត្រូវចិញ្ចឹមមាតាបិតា ។"
ភិក្ខុទាំងឡាយក៏ពោលតិះដៀលថា ៖ "អាវុសោកាន់យករបស់ដែលគេឲ្យដោយសទ្ធា ទៅឲ្យដល់ពួកគ្រហស្ថ ជាការធ្វើមិនសមគួរឡើយ ។"
ភិក្ខុនោះបានស្តាប់ពាក្យភិក្ខុទាំងឡាយហើយ មានការអៀនខ្មាស ហើយលះបង់នូវការទំនុកបម្រុងមាតាបិតារបស់ខ្លួនទៀតផង ។ ភិក្ខុទាំងឡាយនៅមិនទាន់ពេញចិត្ត ទើបនាំគ្នាទៅគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលថា ៖ "បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុរូបនោះ បានញុំាងរបស់ដែលគេឲ្យដោយសទ្ធាឲ្យធ្លាក់ចុះ ដោយការចិញ្ចឹមគ្រហស្ថ ។"
ព្រះសម្ពុទ្ធទ្រង់ត្រាស់ហៅភិក្ខុអង្គនោះមកសួរថា ៖ "នែភិក្ខុ បានឮថា ៖ អ្នកបានយកវត្ថុដែលគេឲ្យដោយសទ្ធាទៅចិញ្ចឹមគ្រហស្ថពិតមែនឬ?" ភិក្ខុនោះតបថា ៖ "បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។" ព្រះដ៏មានព្រះភាគ មានព្រះបំណងនឹងសរសើរការប្រព្រឹត្តរបស់ភិក្ខុនោះ និងព្រះអង្គទ្រង់ព្រះបំណងនឹងប្រកាសនូវបុព្វចរិយារបស់ព្រះអង្គ ទើបទ្រង់ត្រាស់សួរបន្ថែមថា ៖ កាលដែលអ្នកចិញ្ចឹមនូវពួកគ្រហស្ថនោះ តើចិញ្ចឹមនូវពួកគ្រហស្ថណា?
ភិក្ខុនោះឆ្លើយថា ៖ "បពិត្រព្រះអង្គដ៏ចម្រើន ពួកគ្រហស្ថនោះគឺជាមាតាបិតារបស់ខ្ញុំព្រះករុណា ។"
ដើម្បីញុំាងឧស្សាហៈឲ្យកើតឡើងដល់ភិក្ខុនោះ ព្រះសាស្តាបានប្រទាននូវសាធុការបីដងថា ៖
សាធុ! សាធុ! សាធុ! ហើយព្រះអង្គត្រាស់ថា ៖
ម្នាលភិក្ខុ អ្នកតាំងនៅក្នុងផ្លូវដែលតថាគតដើរហើយ ព្រោះថា សូម្បីបុព្វចរិយារបស់តថាគត ក៏បានទំនុកបម្រុង ចិញ្ចឹមមាតាបិតារបស់ខ្លួនដែរ ។ ភិក្ខុដែលចិញ្ចឹមមាតាបិតានោះ ក៏បាននូវការរីករាយចិត្តដ៏ក្រៃលែង ។ លំដាប់នោះ ព្រះភិក្ខុទាំងឡាយក៏បានក្រាបទូលអារាធនាសូមព្រះភគវាទ្រង់ប្រកាសនូវព្រះបុព្វចរិយា ទើបព្រះអង្គនាំនូវអតីតនិទានមកសម្តែងដូចតទៅ
អតីតនិទាន
កែប្រែម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល នៅទីដែលមិនឆ្ងាយពីក្រុងពារាណសី មានភូមិរបស់នាយព្រានមួយឋិតនៅត្រើយអាចនៃទន្លេគង្គា និងភូមិរបស់នាយព្រានមួយទៀតឋិតនៅត្រើននាយនៃទន្លេ ។ ក្នុងភូមិទាំងពីរនោះ ភូមិនីមួយៗមានប្រមាណជា ៥០០ ត្រកូល នាយនេសាទដែលជាធំពីរនាក់នៃភូមិទាំងពីរនោះជាសម្លាញ់នឹងគ្នា ពួកគេសន្យាថា បើម្នាក់មានកូនប្រុស ហើយម្នាក់ទៀតមានកូនស្រី ពួកគេនឹងធ្វើអាវាហវិវាហមង្គលដល់បុត្រធីតានោះ ។ លំដាប់នោះ ក្នុងផ្ទះនាយនេសាទដែលជាធំក្នុងភូមិត្រើយអាយ បានប្រសូត្របុត្រសមតាមប្រាថ្នា មាតាបិតាដាក់ឈ្មោះថា ៖ ទុកូលកុមារ ព្រោះកុមារនោះ ពួកញាតិទាំងឡាយទទួលដោយទុកូលពស្ត្រក្នុងខណៈដែលប្រសូត្រ ។ ឯនាយនេសាទក្នុងភូមិត្រើយនាយ ក៏បានធីតា ឲ្យឈ្មោះថា បារិកាកុមារី ព្រោះនាងស្រីប្រសូត្រនៅត្រើយនាយ ។ ដល់ពេលកុមារទាំងពីរចម្រើនវ័យ មាតាបិតាទាំងពីរខាងក៏ផ្សំផ្គំអ្នកទាំងពីរជាភរិយាស្វាមី ទោះជាបុត្រទាំងពីរមិនប្រាថ្នានឹងកាមគុណក៏ដោយ ។ ក្រោយពីបានធ្វើអាវាហវិវាហមង្គលហើយ ពួកគេទាំងពីរមិនបានធ្លាក់ចុះកាន់សមុត្រគឺកិលេសឡើយ គឺគេនៅជាមួយគ្នាដូចជាមហាព្រហ្មដូច្នោះឯង ។ ទុកូលបណ្ឌិតមិនសម្លាប់ត្រីឬសត្វដទៃឡើយ សូម្បីតែសាច់ដែលបុគ្គលនាំមក ក៏មិនលក់ដូរអ្វីទាំងអស់ ។ ក្រោយមកមិនយូរប៉ុន្មាន អ្នកទាំងពីរក៏សុំអនុញ្ញាតមាតាបិតាដើម្បីចេញបួស ។ មាតាបិតាក៏អនុញ្ញាត ។ ទុកូលបណ្ឌិតនិងនាងបារិកាដ៏ឆ្លាតវៃ មានសេចក្តីរីករាយត្រេកអរ ក្រាបសំពះមាតាបិតាហើយចេញអំពីផ្ទះ ទៅកាន់ហិមវន្តប្រទេសតាមដងទន្លេគង្គា សំដៅត្រង់ទៅស្ទឹងមិគសម្មតាដែលហូរមកពីភ្នំហិមពាន្ត ចាក់ចូលទៅទន្លេគង្គានោះឯង ។ ខណៈនោះ ពិភពនៃសក្កទេវរាជសម្តែងនូវអាការៈក្តៅឡើង ស្តេចសក្កទ្រង់អាវជ្ជនាការត្រួតត្រាពិចារណាមើល បានជ្រាបហេតុការណ៍នោះ ទ្រង់ក៏បានឲ្យវិស្សកម្មទេវបុត្រមក ហើយត្រាស់ថា ៖ នែម្នាលវិស្សកម្មទេវបុត្រ មហាបុរសរ័ត្នទាំងពីរអង្គានាំគ្នាចេញចាកផ្ទះ ប្រាថ្នានឹងបួសជាតបៈឥសី បានចូលទៅកាន់ព្រៃនាហិមវន្តប្រទេស ព្រោះដូច្នោះ គួរឲ្យលោកទាំងពីរនោះបានទីនៅអាស្រ័យផង ។ អ្នកចូរនិម្មិតនូវបណ្ណសាលា ព្រមទាំងបព្វជិតបរិក្ខារ ដើម្បីលោកទាំងពីរនោះ ក្នុងទីចាប់អំពីសម្មតានទីមក ឲ្យមានបរិវេណដ៏សមរម្យ ។ ព្រះវិស្សកម្មទេវបុត្រ បានទទួលនូវព្រះរាជបញ្ជារហើយ បានចាត់ចែងនូវកិច្ចការទាំងពួងរួចរាល់ហើយ ទើបវិលមកទីឋានរបស់ព្រះអង្គវិញ ។ ទុកូលបណ្ឌិត និងនាងបារិកា បានឃើញផ្លូវដ៏សមរម្យដែលវិស្សកម្មទេវបុត្រនិម្មិតនោះ ក៏ដើរតាមផ្លូវនោះរហូតដល់អាស្រមបទ ។ ដោយដឹងថា ៖បរិក្ខាបព្វជិតទាំងឡាយដែលមាននៅក្នុងបណ្ណសាលានោះ សក្កទេវរាជជាអ្នកប្រទានឲ្យ ពួកគេទាំងពីរក៏ដោយនូវសំពត់សាដកចេញ ទ្រង់ភេទជាតបស្សី តបស្សិនី ។ ទាំងពីរអង្គចម្រើនមេត្តាភាវនាក្នុងព្រៃមិនមានសៅហ្មងឡើយ ។ ដោយមេត្តានុភាពថ្នាក់កាមាវចរភូមិរបស់បព្វជិតទាំងពីរ ម្រឹគីម្រឹគា ទាំងបក្សីក្នុងព្រៃទាំងពួង ត្រឡប់ជាមានមេត្តាចិត្តដល់គ្នា មិនមានសត្វណាបៀតបៀនដល់សត្វណាឡើយ ។ បារិកាតបស្សិនីនៅពេលបច្ចូសសម័យ បានរៀបចំទឹកនិងរបស់សម្រាប់ឆាន់ទុកស្រេចហើយ បោសសម្អាតអាស្រមបទ ព្រមទាំងកិច្ចទាំងពួង ។ ដល់វេលាបុព្វណ្ហសម័យ តបស្សី តបស្សិនី មិនមានអ្វីជាការខ្វល់ខ្វាយ បាននាំយកផលាផលមកឆាន់ ហើយចូលកាន់បណ្ណសាលារៀងខ្លួន ចម្រើនសមណធម៌ សម្រេចការនៅក្នុងទីនោះៗឯង ។
វេលាកន្លងទៅ សក្កទេវរាជបានពិចារណាឃើញថា ៖ នឹងមានអន្តរាយភ្នែកដល់ព្រះមុនីទាំងពីរនេះ ។ ទ្រង់ក៏បានចុះពីទេវលោក ចូលទៅរកទុកូលបណ្ឌិត នមស្ការហើយទ្រង់ស្ថិតនៅក្នុងទីដ៏សមគួរ ហើយត្រាស់ថា ៖ បពិត្រ អ្នកស្វែងរកគុណដ៏ចម្រើន អន្តរាយនឹងប្រាកដដល់លោកទាំងពីរ ដូច្នេះគួរតែលោកទាំងពីរមានបុត្រទុកសម្រាប់បដិបត្តិតទៅ គឺសូមលោកទាំងពីរសេពនូវលោកធម៌ ។ ទុកូលបណ្ឌិតស្តាប់ហើយ ពោលថា ៖ បពិត្រ សក្កទេវរាជ ព្រះអង្គត្រាស់អ្វីនឹង អាត្មាទាំងពីរសូម្បីនៅកណ្តាលផ្ទះ ក៏មិនបានសេពនូវលោកធម៌ឡើយ គឺយើងទាំងពីរលះនូវលោកធម៌នេះដោយខ្ពើមរអើម ដូចជាការខ្ពើមនូវគំនរលាមកដែលពេញទៅដោយដង្កូវ ក៏ឥឡូវយើងទាំងពីរចូលមកបួស នឹងធ្វើនូវកម្មដូច្នោះបានយ៉ាងដូចម្តេចទៅ ។ សក្កទេវរាជត្រាស់ថា ៖ បពិត្រ ឥសីដ៏ចម្រើន លោកមិនចាំបាច់ធ្វើយ៉ាងនោះឡើយ លោកគ្រាន់តែយកដៃទៅស្ទាបអង្អែលពោះបារិកាតបស្សិនីប៉ុណ្ណោះ ក្នុងវេលាដែលនាងមានរដូវ អត់មានត្រូវធ្វើអ្វីទៀតទេ ។ ទុកូលបណ្ឌិតតបថា ៖ មហាបពិត្រ បើត្រឹមប៉ុណ្ណេះ អាត្មានេះអាចធ្វើបាន ។ សក្កទេវរាជនមស្ការទុកូលតបស្សី ហើយ ទើបវិលទៅឋានព្រះអង្គវិញ ។ ចំណែកទុកូលបណ្ឌិត ក៏បានប្រាប់ការពិតដល់បារិកា ឲ្យនាងដឹងខ្លួនជាមុន លុះដល់វេលានាងមានរដូវ ទើបយកហត្ថា ៖ទៅស្ទាបអង្អែលត្រង់ផ្ទៃរបស់នាងក្នុងកាលនោះ ។ គ្រានោះព្រះពោធិសត្វក៏ចុះចាប់បដិសន្ធិក្នុងផ្ទៃនាងបារិកា លុះកន្លងទៅ១០មាសា នាងក៏ប្រសូត្របុត្រមានសម្បុរល្អល្អះដូចមាស ទើបមាតាបិតាដាក់ឈ្មោះថា សុវណ្ណសាមកុមារ ។ ក្នុងវេលាដែលបារិកាតបស្សិនីចូលព្រៃដើម្បីរកផល្លា នាងកិន្នរីទាំងឡាយដែលឋិតនៅខាងក្នុងព្រៃភ្នំ បានមកប្រជុំគ្នាធ្វើនាទីជាមេដោះ រីករាយសប្បាយរួមរស់ជាមួយសុវណ្ណសាមកុមារ ។ តបស្សី តបស្សិនីទាំងពីរ បានស្រង់វារីឲ្យដល់ព្រះពោធិសត្វហើយ ក៏ដាក់ឲ្យផ្ទំនាបរមសាលា ក្នុងខណៈនោះនាងកិន្នរីទាំងឡាយ នាំគ្នាបីសុវណ្ណសាមកុមារទៅស្រង់ទឹកនៅនាចន្លោះភ្នំ ហើយឡើងកាន់កំពូលភ្នំប្រជុំទៅដោយផ្កា បានប្រដាប់ឲ្យសុវណ្ណសាមកុមារទៅដោយបុប្ផជាតិផ្សេងៗ ប្រោះព្រំផាត់លាបលើកាយដោយហរិតាលមនោសិលា និងបន្តក់មួយគ្រាប់ឲ្យជាប់នាកណ្តាលថ្ងាស ហើយក៏បាននាំយកមកដាក់នៅលើសេយ្យាសន៍ក្នុងបណ្ណសាលា ។ ឯនាងបារិកាត្រឡប់មកឲ្យបុត្របៅដោះ ក្នុងសភាពបែបនេះរហូតដល់ព្រះកុមារធំ ។ លុះដល់កុមារមានអាយុ១៦ឆ្នាំ សម័យមួយមាតាបិតានាំគ្នាទៅរកផល្លារហូតដល់ពេលល្ងាចត្រឡប់មកវិញ ដល់ទីជិតអាស្រមបទ មហាមេឃក៏បានតាំងឡើង ភ្លៀងយ៉ាងខ្លាំងបានធ្លាក់មក លោកទាំងពីរបានចូលទៅកាន់គល់ឈើមួយ ឈរនៅពីលើដំបូក ។ អាសិរពិសនៅខាងក្នុងតំបូកនោះ ត្រូវទឹកភ្លៀងលាយដោយក្លិនញើសចាកសរីរៈនៃអ្នកទាំងពីរ ហូរចូលក្នុងរន្ធច្រមុះ ។ អាសិរពិសនោះមានសេចក្តីក្រោធ បានបញ្ចេញខ្យល់ពីរន្ធច្រមុះមកត្រូវចក្ខុទាំងពីររបស់តបស្សី តបស្សិនីនោះ ។ ទាំងពីរអ្នកក៏ងងិតភ្នែកមិនអាចមើលអ្វីឃើញឡើយ ។ អ្នកទាំងពីរក៏យំសោករៀបរាប់ ដោយយល់ថា ៖ ឥឡូវនេះ ជីវិតយើងទាំងពីរនឹងមិនមានតទៅទៀតឡើយ ។
បុព្វកម្មរបស់ទុកូលបណ្ឌិតនិងនាងបារិកា
កែប្រែបានឮថា ៖ ក្នុងជាតិមុនអ្នកទាំងពីរបានកើតក្នុងត្រកូលពេទ្យ គ្រាមួយ ពេទ្យនោះរក្សារោគក្នុងភ្នែករបស់បុរសអ្នកមានទ្រព្យច្រើនម្នាក់ ។ បុរសនោះមានភ្នែកបានផុតចាករោគហើយ មិនឲ្យថ្លៃព្យាបាលដល់គ្រូពេទ្យ ។ លោកគ្រូពេទ្យនោះ មានសេចក្តីក្រោធ ទៅដល់ផ្ទះរៀបរាប់ប្រាប់ភរិយារបស់ខ្លួនអំពីអ្នកជំងឺដែលមិនឲ្យថ្លៃព្យាបាលនោះ ។ ភរិយាស្តាប់ហើយ ក៏ខឹងក្រោធ ហើយពោលថា ៖ យើងមិនត្រូវការទ្រព្យរបស់វានោះឡើយ អ្នកចូរផ្សំថ្នាំឲ្យវាបន្តក់ដាក់ឲ្យវាខ្វាក់ទាំងពីរតែម្តងទៅ ។ ស្វាមីក៏យល់ស្របតាមយ៉ាងនោះ ទើបចេញពីផ្ទះទៅរកបុរសនោះ ហើយបានធ្វើដូច្នោះឯង ។ បុរសនោះមិនយូរប៉ុន្មាន ភ្នែកទាំងពីរក៏ត្រឡប់ជាងងឹតវិញ ។ តបស្សី និងតបស្សិនី បានសាងនូវបាបកម្មនេះទុកមក ទើបបានជាឥឡូវត្រូវងងឹតភ្នែកទាំងអស់គ្នា ដោយបាបកម្មនោះឯង ។
លំដាប់នោះ ព្រះពោធិសត្វគិតថា មាតាបិតាយើងហេតុអីថ្ងៃនេះហួសពេលដូច្នេះ ។ ព្រះពោធិសត្វបានចេញទៅរកអ្នកទាំងពីរ ទៅតាមទិសដែលបានកំណត់ទុក ស្រែកហៅជាបណ្តើរៗ ។ មាតាបិតាស្តាប់ឮហើយ ក៏ឆ្លើយតប ហើយពោលហាមបុត្រថា ៖ កូនសម្លាញ់ ទីនេះមានអន្តរាយ កូនកុំចូលមកឡើយ ។ ព្រះពោធិសត្វបានតបថា ៖ បើដូច្នោះ សូមមាតាបិតាចាប់នូវចុងឈើច្រត់នេះចុះ ។ លោកទាំងពីរបានចាប់ចុងឈើហើយ ដើរមករកបុត្រ ។ ព្រះពោធិសត្វសួរថា ៖ ចក្ខុមាតាបិតាងងិតទៅដោយសារអ្វី? លោកទាំងពីរក៏បានពោលរៀបរាប់ថា ៖ កូនអើយ កាលដែលភ្លៀងធ្លាក់ យើងទាំងពីរបានមកឈរនៅលើតំបូកក្បែរគល់ឈើនេះ ហើយចក្ខុទាំងអស់ក៏ស្រាប់តែងងឹតតែម្តងទៅ ។ ព្រះពោធិសត្វបានស្តាប់ពាក្យមាតាបិតាហើយដឹងថា ៖មានអាសិរពិសនៅក្នុងដំបូក ។ ព្រះពោធិសត្វឃើញមាតាបិតាដូច្នេះហើយ ក៏យំរួចសើច ។ មាតាបិតាសួរថា ៖ កូនសម្លាញ់ ម៉េចបានជាយំហើយសើចអីចឹង? ព្រះពោធិសត្វតបថា ៖ កូនយំដោយខូចចិត្តត្បិតចក្ខុរបស់អ្នកទាំងពីរវិនាសទៅ ទាំងដែលកូននៅក្មេងវ័យ តែកូនសើច ដោយសេចក្តីសប្បាយចិត្តថា ៖ កូននឹងបានបដិបត្តិទំនុកបម្រុង ដល់មាតាបិតាជាអ្នកមានគុណទាំងពីរតទៅ ។ សូមមាតាបិតាកុំគិតបារម្ភអ្វីឡើយ កូននឹងបម្រើលោកទាំងពីរបានដល់នូវផាសុក ។ ព្រះពោធិសត្វលួងលោមផ្លូវចិត្ត ឲ្យមាតាបិតាបានធូរក្នុងចិន្តា ហើយក៏បាននាំមកកាន់បណ្ណសាលា ។ ព្រះពោធិសត្វរៀបចំចងខ្សែជាស្នួបង្កាន់ដៃក្នុងទីទាំងពួង គឺទីសម្រាកពេលថ្ងៃ ទីសម្រាកពេលយប់ ទីចង្ក្រម បណ្ណសាលា និងទីបន្ទោបង់ ឧច្ចារៈបស្សាវៈ ។ ចាប់ផ្តើមពីនោះមក ព្រះពោធិសត្វ ចេញទៅរកផល្លាមកតាំងទុកក្នុងបណ្ណសាលា បោសសម្អាតទីនៅ តាំងពីព្រលឹមស្រាងៗ ថ្វាយបង្គំមាតាបិតាហើយ កាន់ក្អមទឹកទៅកាន់មិគសម្មតានទី ដងទឹកយកមក ហើយរៀបចំរបស់ឆាន់ ចាត់ចែងឈើជម្រះព្រះទន្តនិងទឹកខ្ពុរព្រះឱស្ឋជាដើម ហើយប្រគេនផល្លាដែលមានរសល្អ ។ កាលមាតាបិតាឆាន់រួច ទើបខ្លួនឯងបរិភោគតាមក្រោយ ។ ព្រះពោធិសត្វបានដងទឹក ដាំឲ្យក្តៅ ទើបផ្ងូតដល់មាតាបិតា ទាំងដុសលាងព្រះបាទាតាមអធ្យាស្រ័យ រួចហើយជួយរៀបចំគ្រឿងស្លៀកដណ្តប់ និងយកថ្មដុតដោយភ្លើង មកដាក់កំដៅចុងជើងចុងដៃ ដើម្បីកំចាត់បង់នូវភាពរងារ ។
មេត្តាចិត្តព្រះពោធិសត្វ
កែប្រែសម័យមួយ ព្រះរាជាទ្រង់ព្រះនាមថា ៖ បិលយក្ខរាជ សោយរាជសម្បត្តិនៅក្នុងក្រុងពារាណសី ទ្រង់ល្មោភចំពោះសាច់ម្រឹគក្នុងព្រៃ ក៏ផ្ទេររាជសម្បត្តិឲ្យព្រះរាជជននីគ្រប់គ្រង ។ ទ្រង់ចងសៀតរាជាវុធ៥យ៉ាង ចូលកាន់ហិមវន្តប្រទេស សម្លាប់ម្រឹគទាំងឡាយសោយសាច់ ស្តេចបានយាងទៅដល់មិគសម្មតានទីដោយលំដាប់ រហូតយាងដល់កំពង់ដែលសុវណ្ណសាមដងទឹករាល់ថ្ងៃ ។ ព្រះរាជាបានទតឃើញច្បាស់នូវស្នាមជើងម្រឹគដ៏ច្រើន ទ្រង់ក៏បានធ្វើស៊ុមដោយមែកឈើស្រស់ហើយត្រៀមព្រះអង្គនៅក្នុងស៊ុមនោះ ជាមួយនឹងធ្នូសរដែលលាបទៅដោយថ្នាំពិស ។ ចំណែកព្រះពោធិសត្វនាំផល្លាមកដល់ក្នុងវេលាល្ងាច ទុកដាក់ក្នុងបណ្ណសាលាហើយថ្វាយបង្គំមាតាបិតារួចទៅដងទឹក មានហ្វូងម្រឹគហែហម ។ ព្រះរាជាទតឃើញព្រះពោធិសត្វ គិតថា យើងត្រាច់មកកាន់ហិមវន្តប្រទេស រហូតអស់កាលត្រឹមនេះ មិនទាន់ឃើញមនុស្សឡើយ តើបុគ្គលនេះជាទេវតាឬក៏ជានាគហ្ន៎ ។ ប្រសិនបើយើងនឹងចូលទៅសួរ បើជាទេវតា នឹងហោះឡើងទៅលើអាកាស បើជានាគ នឹងមុជចុះទៅក្នុងដី ឯយើងនឹងមិននៅទីនេះរហូតទេ ។ ដល់យើងត្រឡប់ទៅពារាណសីវិញ អាមាត្យទាំងឡាយនឹងសួរយើងថា ៖ កាលព្រះអង្គយាងទៅហិមវន្តប្រទេស បានទតឃើញអ្វីអស្ចារ្យខ្លះ ។ កាលបើសួរដូច្នេះ យើងនឹងប្រាប់ថា ៖ បានឃើញសត្វដូចនេះ ។ គេនឹងសួរដេញដោលថា ៖ សត្វនោះឈ្មោះអ្វី កាលបើយើងមិនស្គាល់ គេនឹងតិះដៀលយើង ។ ព្រោះហេតុនោះយើងនឹងបាញ់បុគ្គលនេះ ធ្វើឲ្យដល់នូវទុព្វលភាពហើយ យើងនឹងសួរឲ្យដឹងរឿង ។ លំដាប់នោះ ព្រះពោធិសត្វចុះទៅងូតទឹករម្ងាប់នូវការក្រវល់ក្រវាយកាយសមគួរ ហើយឡើងមកស្លៀកដណ្តប់សំពត់សំបកឈើ និងយកស្បែកខ្លាដាក់លើស្មា ហើយយកក្អមទឹកឡើងដាក់លើស្មាខាងឆ្វេង ។ ក្នុងកាលនោះ ព្រះរាជាទ្រង់គិតថា កាលនេះសមគួរនឹងបាញ់ហើយ ទើបលើកធ្នូនិងសរដែលលាបដោយថ្នាំពិសនោះ បាញ់ព្រះពោធិសត្វត្រូវខាងស្តាំ ធ្លុះចេញទៅខាងឆ្វេង ។ ហ្វូងម្រឹគដឹងថា ៖ ព្រះពោធិសត្វត្រូវគេបាញ់ ក៏តក់ស្លុតភ្ញាក់ផ្អើលរត់អស់ ។ សុវណ្ណសាម សូម្បីត្រូវព្រួញពិសក៏នៅទ្រក្អមទឹកទុកដោយប្រក្រតី មានស្មារតីដាក់ចុះក្រោម ដោយកាយដីខ្សាច់ឲ្យក្រហូងបន្តិច ទើបដាក់ក្អមទឹកឲ្យនឹង នៅទីនោះ រួចហើយកំណត់ទិស ទើបបែរសីសៈទៅខាងបណ្ណសាលា បីដូចសុវណ្ណបដិមាដែលដួលដេកនៅលើផ្ទៃខ្សាច់ពណ៌ប្រាក់ ។ សុវណ្ណសាម តាំងសតិពោលថា ៖ បុគ្គលដែលមានពៀរនឹងយើង ក្នុងហិមវន្តប្រទេសនេះ មិនមានឡើយ ឯបុគ្គលដែលមានពៀរជាមួយនឹងមាតាបិតាយើងក៏មិនមានដែរ ពោលរួច ក៏បានខ្ជាក់លោហិតចេញពីមាត់ ។ កាលដែលមិនបានឃើញព្រះរាជា ទើបពោលនូវគាថា ៖សួរថា ៖
នរណាហ្ន៎បាញ់ខ្ញុំជាអ្នកដងទឹក ដែលកំពុងភ្លឹកសតិបង់បាត់ ជាព្រាហ្មណ៍វេស្សៈឬក៏ជាក្សត្រ នរណាពួនស្កាត់បាញ់ខ្ញុំដោយសរ ។
បណ្តាបទទាំងនោះ ដោយសេចក្តីថា ៖ បុគ្គលមិនបានតាំងនូវសតិក្នុងការចម្រើនមេត្តា គឺបានធ្វើខ្លួនជាអ្នកប្រមាថក្នុងខណៈនោះ បាញ់ហើយពួនកាយបាត់ ។
ក្នុងគ្រាដែលព្រះពោធិសត្វពោលយ៉ាងនេះហើយ ដើម្បីនឹងសម្តែងភាពនៃមំសៈក្នុងសរីរៈរបស់ខ្លួនឲ្យឃើញថា ៖មិនមែនជាភក្សាហារ ទើបពោលគាថា ៖បន្តថា ៖
សាច់ខ្ញុំមិនមែនជាម្ហូបអាហារ ស្បែកខ្ញុំនេះណាឥតការបវរ ហេតុអ្វីខ្ញុំនេះត្រូវបាញ់ដោយសរ សំគាល់ថា ៖ល្អឋិតនៅត្រង់ណា ។
ក្នុងគាថា ៖នោះមានសេចក្តីថា ៖ ម្នាលមាណពដ៏ចម្រើនអើយ សាច់របស់ខ្ញុំ គឺសាច់ក្នុងសរីរៈរបស់ខ្ញុំបរិភោគមិនបាន គឺមនុស្សទាំងឡាយមិនគប្បីបរិភោគ ។ ស្បែករបស់ខ្ញុំ គឺស្បែកក្នុងសរីរៈរបស់ខ្ញុំ មិនមានប្រយោជន៍ដល់មនុស្សទាំងឡាយ ។ កាលបើដូច្នោះ បុរសនេះសំគាល់ថា ៖ ខ្ញុំគួរបាញ់ ដោយមិនពិចារណា ដោយវណ្ណៈអ្វី គឺដោយហេតុអ្វី ។
ឱសម្លាញ់អើយខ្ញុំសូមសួរអ្នក បាញ់ខ្ញុំហើយលាក់បំពួនអាត្មា តើអ្នកជាអ្វីជាបុត្រអ្នកណា ខ្ញុំដឹងហេតុការណ៍បានដូចម្តេចទៅ ។
កាលព្រះពោធិសត្វពោលគាថា ៖យ៉ាងនេះហើយ ក៏បានស្ងៀមក្នុងថ្លុកឈាមនោះឯង ។ ព្រះរាជាទ្រង់ស្តាប់យ៉ាងនេះហើយ គិតថា បុរសនេះសូម្បីត្រូវយើងបាញ់ដោយព្រួញលាបថ្នាំពិសដួលចុះហើយ ក៏មិនបានជេរយើង ហើយក៏មិនត្អូញត្អែរអ្វីដែរ បែរជាហៅរកយើងដោយពាក្យគួរជាទីស្រឡាញ់ទៅវិញ បេះដូងយើងដូចជាត្រូវគេអារដោយកាំបិត យើងនឹងទៅរកគេ ។ ទ្រង់គិតដូច្នេះហើយ ស្តេចក៏យាងទៅប្រថា ៖ប់ឈរក្នុងទីជិតព្រះពោធិសត្វហើយពោលថា ៖
គេស្គាល់ខ្ញុំថា ៖ឈ្មោះបិលយក្ខ ជាស្តេចនៃអ្នកក្នុងដែនកាសី ខ្ញុំលះបង់ដែនស្វែងរកម្រឹគព្រៃ ព្រោះល្មោភនឹងឆីសោយរសមំសំ ។ ម្យ៉ាងទៀតខ្ញុំល្បីវៃខាងសិល្ប៍សាស្ត្រ ធ្នូសរខ្ញុំច្បាស់បាញ់ពេញកំលាំង សត្វណាមកចំមុខព្រួញខ្ញុំតាំង ទោះដំរីខ្លាំងមិនរួចដេកដី ។
គាថា ៖ទាំងនោះមានសេចក្តីថា ៖ ព្រះបាទបិលយក្ខនោះមានព្រះតម្រិះថា ៖ ទេវតាក៏ដោយ នាគក៏ដោយ រមែងនិយាយភាសាមនុស្សបាន យើងមិនដឹងថា ៖បុគ្គលនោះជាអ្វី បើគេក្រោធ នឹងធ្វើឲ្យយើងវិនាសទៅបាន ដូច្នេះកាលបើប្រាប់ថា ៖យើងជាស្តេច អ្នកណាដែលមិនខ្លាច រមែងមិនមានឡើយ ។ កាលតម្រិះដូច្នេះហើយ ទើបត្រាស់ថា ៖ ម្នាលមាណព យើងជាព្រះរាជារបស់ដែនកាសី ប្រជាជនស្គាល់យើងដោយនាមថា ៖ ព្រះបាទបិលយក្ខ ។ ដោយមានសេចក្តី ល្មោភនឹងសាច់ ក៏បានប្រគល់រាជសម្បត្តិដល់ព្រះជននី ហើយចេញមកស្វែងរកសាច់ម្រឹគ ។ យើងជាអ្នកទ្រទ្រង់នូវកម្លាំង អាចយឹតធ្នូដ៏ធ្ងន់បាន គឺធ្នូមានទំងន់ដែលបុរសធម្មតា១ពាន់អ្នកទើបអាចលើករួចបាន រឿងនេះបានល្បីពេញជម្ពូទ្វីប ។ ដំរីដែលមានកម្លាំងមកចំមុខព្រួញ ក៏មិនអាចផុតចាកពីកន្លែងទៅបាន៧ជំហានឡើយ ។ ព្រះរាជាទ្រង់សរសើរកម្លាំងរបស់ព្រះអង្គហើយ ក៏ត្រាស់សួរនាមនឹងគោត្ររបស់ព្រះពោធិសត្វថា ៖
ចុះអ្នកជាអ្វីជាបុត្រអ្នកណា យើងម្តេចដឹងដឹងអ្នកមានឈ្មោះអ្វី ព្រមទាំងត្រកូលបិតាផងនៃ សូមអ្នកស្រដីប្រាប់យើងឲ្យស្គាល់ ។
ព្រះពោធិសត្វ គិតថា យើងជាទេវតា នាគ យក្ស កិន្នរ ឬថា ៖ជាក្សត្រជាដើមយ៉ាងណាមួយ ព្រះរាជាក៏គង់តែជឿ ប៉ុន្តែយើងគួរពោលតែពាក្យពិតប៉ុណ្ណោះ លុះគិតហើយ ទើបពោលថា ៖
ខ្ញុំកូនឥសីបុត្រអ្នកនេសាទ ពេលរស់ពួកញាតិហៅខ្ញុំថា ៖សាម ទ្រង់អើយថ្ងៃនេះខ្ញុំត្រូវមារតាម មច្ចុចាប់ច្បាមផ្តេកលើប្រឹថពី ។ ដូចព្រានបាញ់ម្រឹគដែលទ្រង់បាញ់ខ្ញុំ ដោយព្រួញពិសធំបាញ់ចំពេញទី ខ្ញុំត្រាំឈាមឯងដេកលើធរណី ព្រួញពិសយាយីទ្រង់ទតឃើញពិត ។ សូមទ្រង់ទតព្រួញមុតស្តាំធ្លាយឆ្វេង ឈឺពើតក្រៃលែងមាត់ខ្ពុរលោហិត ខ្ញុំសួររឿយៗចំពោះបពិត្រ ទ្រង់យឹតបាញ់ហើយម្តេចឡើយលាក់កាយ ។ សម្លាប់ខ្លាដំបងប៉ងយកស្បែក ចំណែកដំរីព្រោះភ្លុកទាំងឡាយ ឯទូលបង្គំព្រោះអ្វីក្នុងកាយ ទើបទ្រង់ខ្វល់ខ្វាយចំណាយពេលបាញ់ ។
បទទាំងនោះថា ៖ បពិត្រមហារាជ សូមព្រះអង្គទ្រង់ចម្រើន ខ្ញុំព្រះអង្គជាបុត្រឥសីដែលឥសីនោះជាបុត្រនាយព្រាន ។ ញាតិទាំងឡាយហៅទូលបង្គំដែលនៅមានជីវិតមុននេះថា ៖ សាម ។ ថ្ងៃនេះខ្ញុំព្រះអង្គទៅដល់ គឺចូលទៅក្នុងមាត់នៃមរណៈហើយយ៉ាងនេះ ។ ម្រឹគត្រូវព្រានបាញ់ដោយព្រួញធំលាបថ្នាំពិសយ៉ាងណា សូម្បីខ្ញុំព្រះអង្គក៏ជាអ្នកដែលត្រូវព្រះអង្គបាញ់យ៉ាងនោះឯង ។ សូមព្រះអង្គទ្រង់ទតមើលនូវខ្ញុំព្រះអង្គដែលដេកមានសភាពបែបនេះ ។ ព្រះរាជាទ្រង់សណ្តាប់ហើយ មិនត្រាស់សេចក្តីពិត កុហកថា ៖
ម្រឹគមកប្រាកដចំមុខព្រួញខ្ញុំ ឃើញអ្នកជាធំក៏ផ្អើលអស់ទៅ ព្រោះហេតុនោះទើបចិត្តក្រោធគ្របនៅ បង្វែរព្រួញទៅបាញ់សាមដងទឹក ។
លំដាប់នោះ ព្រះពោធិសត្វទូលព្រះរាជាថា ៖ បពិត្រ ព្រះរាជា ព្រះអង្គត្រាស់អ្វីហ្នឹង ដែលថា ៖ម្រឹគឃើញខ្ញុំព្រះអង្គ ហើយរត់គេចទៅនោះ មិនមានក្នុងហិមវន្តប្រទេសនេះឡើយ ។
តាំងពីខ្ញុំដឹងអ្វីខុសអ្វីត្រូវ សត្វព្រៃទូទៅដោយច្រើនពួកម្រឹគ ទោះសត្វសាហាវក៏ច្រើនសន្ធឹក មិនដែលភ្លូកភ្លឹកផ្អើលនឹងខ្ញុំឡើយ ។ តាំងពីខ្ញុំបានចេះស្លៀកដណ្តប់ ចេះដឹងគ្រប់សព្វវ័យចម្រើនហើយ គឺថា ៖ពាឡម្រឹគមិនផ្អើលខ្ញុំឡើយ ជិតខ្ញុំបង្កើយម្រឹគមិនតក់ស្លុត ។ បពិត្រមហារាជដ៏ចម្រើនអើយ កិន្នរហ្នឹងហើយតែងខ្លាចបំផុត នៅភ្នំគន្ធមាទន៍ព្រៃភ្នំបរិសុទ្ធ តែនៅមិនស្លុតនឹងទូលបង្គំ ។ ពួកយើងតែងតែរីករាយនឹងគ្នា ទៅព្រៃនានាឬក៏ឡើងភ្នំ ដូច្នោះពួកម្រឹគផ្អើលអីនឹងខ្ញុំ ពីតូចដល់ធំខ្ញុំនៅនឹងម្រឹគ ។
ធម្មតាម្រឹគទាំងឡាយឃើញខ្ញុំព្រះអង្គហើយ រមែងមិនភ័យខ្លាចតក់ស្លុតឡើយ ។ បពិត្រព្រះរាជាជាធំ ម្រឹគទាំងឡាយចូរលើកទុកសិនចុះ ពោលពីធម្មតានៃកិន្នរទាំងឡាយ រមែងជាអ្នកភ័យខ្លាចដ៏ក្រៃលែង ប៉ុន្តែកិន្នរទាំងនោះ ឃើញខ្ញុំព្រះអង្គហើយ រមែងមិនភ័យតក់ស្លុតឡើយ តាមពិតពួកយើងរីករាយជាមួយគ្នាទៅវិញទៅមកទៅតាមព្រៃភ្នំ ។ ព្រះពោធិសត្វសម្តែងនូវសេចក្តីថា ៖ ព្រោះហេតុអ្វី ទើបព្រះអង្គឲ្យខ្ញុំព្រះអង្គជឿថា ៖ ម្រឹគទាំងឡាយឃើញខ្ញុំព្រះអង្គហើយភ័យតក់ស្លុតនោះ ។ ព្រះរាជាសណ្តាប់ហើយ ទ្រង់ព្រះតម្រិះថា ៖ យើងបាញ់សាមដែលជាអ្នកមិនមានកំហុសនេះហើយ នៅពោលមុសាវាទទៀត ឥឡូវយើងនឹងពោលតែពាក្យពិតប៉ុណ្ណោះ ទើបត្រាស់ថា ៖
ម្រឹគមិនមែនផ្អើលនឹងសាមទេណា ខ្ញុំនឹងមុសាធ្វើអ្វីទៀតនោះ ត្បិតក្រោធនិងលោភវាគ្របឲ្យលុះ ទើបខ្ញុំគិតខុសបាញ់សាមនឹងសរ ។
កាលដែលបានត្រាស់យ៉ាងនេះហើយ ព្រះរាជាទ្រង់ព្រះតម្រិះថា ៖ សាមនេះ នឹងមិនមែនអាស្រ័យនៅក្នុងព្រៃនេះតែម្នាក់ឯងទេ ញាតិទាំងឡាយរបស់គេគប្បីមានជាប្រាកដ យើងនឹងសួរគេមើល ទើបត្រាស់ថា ៖
សាមអើយអ្នកមកពីប្រទេសណា | ឬថា ៖អ្នកណាប្រើឲ្យត្រាច់ចរ |
ថា ៖អ្នកទៅដងទឹកស្ទឹងថ្លាល្អ | ទើបចរមកកាន់មិគសម្មតា ។ |
ព្រះពោធិសត្វបានស្តាប់នូវព្រះតម្រាស់ហើយ អត់ទ្រាំចំពោះទុក្ខវេទនាដ៏ខ្លាំងក្លា ខ្ពុរព្រះលោហិតហើយពោលថា ៖
ខ្ញុំអ្នកចិញ្ចឹមមាតាបិតា | លោកខ្វាក់នេត្រានៅក្នុងមហាវ័ន |
ខ្ញុំដងទឹកថ្វាយដល់ព្រះអរហន្ត | រួសរាន់មកកាន់សម្មតានទី ។ |
មាតាបិតាមានត្រឹមអាហារ | មិនដល់សប្តាហ៍រក្សាជីវី |
ព្រោះគាត់ងងឹតខ្វាក់ភ្នែកទាំងពីរ | នឹងក្ស័យជីវីដោយសារអត់ទឹក ។ |
ទុក្ខត្រូវព្រួញនេះមិនសូវប៉ុន្មាន | បុរសត្រូវបានប៉ុន្តែការនឹក |
មិនឃើញមាតាទុក្ខក្រៃពន្លឹក | ទុក្ខច្រើនព្រោះនឹកដល់អ្នកមានគុណ ។ |
ទុក្ខត្រូវព្រួញនេះមិនសូវប៉ុន្មាន | បុរសត្រូវបានប៉ុន្តែទុក្ខធ្ងន់ |
មិនឃើញបិតាទុក្ខក្រៃពេកពន់ | ទុក្ខច្រើនលើសលន់ច្រើនជាងត្រូវព្រួញ ។ |
ឱម្ល៉េះសមម្តាយនឹងនៅកំព្រា | ចិរទិវារាត្រីយំទួញ |
អធ្រាត្រយប់ស្ងាត់មានតែទំនួញ | យំទួញរីងខះដូចស្ទឹងខែប្រាំង ។ |
ឱម្ល៉េះសមឪនឹងនៅកំព្រា | ចិរទិវារាត្រីទុក្ខំ |
អធ្រាត្រយប់ស្ងាត់យំរឹតតែខ្លាំង | ដូចស្ទឹងខែប្រាំងទុក្ខំសោកសៅ ។ |
ម្យ៉ាងទៀតខ្ញុំក្រោកមួយយប់ច្រើនគ្រា | បម្រើបាទាច្របាច់គក់ភ្លៅ |
ឥឡូវបាត់ខ្ញុំលោកនឹងដើរហៅ | ទៅក្នុងព្រៃជ្រៅអើយសាមកូនហ្នា៎ ។ |
ហរទ័យនៃខ្ញុំត្រូវសរទីពីរ | កក្រើកវក់វីដោយសរសោកា |
ព្រោះមិនបានឃើញអ្នកខ្វាក់នេត្រា | ជីវិតខ្ញុំរ៉ាមុខជាសាបសូន្យ ។ |
ព្រះរាជាទ្រង់សណ្តាប់នូវការរៀបរាប់ពិលាបសោការបស់ព្រះពោធិសត្វហើយ ទ្រង់គិតថា បុរសនេះជាអ្នកតាំងនៅក្នុងធម៌ដ៏ប្រសើរ បានបដិបត្តិមាតាបិតាដ៏ប្រពៃក្រៃលែង ឥឡូវនេះបានដល់សេចក្តីទុក្ខមានសភាពបែបនេះហើយ នៅពិលាបរៀបរាប់ដល់មាតាបិតាទៀត ។ យើងបានធ្វើខុសក្នុងបុរសដែលសម្បូរណ៍ដោយគុណធម៌យ៉ាងនេះ ដូច្នេះយើងគួរតែលួងលោមយកចិត្តបុរសនេះយ៉ាងណាទៅហ្ន៎ ។ ហើយទ្រង់សន្និដ្ឋានថា ៖ ក្នុងវេលាដែលយើងធ្លាក់នរក រាជសម្បត្តិនឹងធ្វើអ្វីបាន យើងនឹងបដិបត្តិមាតាបិតានៃបុរសនេះ ដោយទំនងដែលបុរសនេះធ្លាប់បដិបត្តិហើយ ការស្លាប់របស់បុរសនេះហាក់ដូចជាការមិនស្លាប់ ដោយប្រការដូច្នេះ ទើបទ្រង់ត្រាស់ថា ៖
ឱសាមកល្យាណគួរឱ្យទស្សនា | អ្នកកុំសោកាទួញយំខ្លាំងឡើយ |
យើងរ៉ាប់ធ្វើការចិញ្ចឹមលោកហើយ | ជំនួសអ្នកអើយនៅក្នុងព្រៃធំ ។ |
ម្យ៉ាងទៀតខ្ញុំឈ្លាសក្នុងសិល្បះធ្នូ | ល្បីអស់កាលយូរទ្រង់ធ្នូខ្លាំងមាំ |
យើងរ៉ាប់ធ្វើការចិញ្ចឹមថែទាំ | នៅក្នុងព្រៃធំនទីបព្វតា ។ |
ខំធ្វើការងាររករំពាម្រឹគ | មើមឈើផ្លែស្លឹកក្នុងព្រៃព្រឹក្សា |
ដើម្បីចិញ្ចឹមជនទាំងនោះណា | ក្នុងព្រៃបព្វតាទឹកធ្លាក់ចាកទី ។ |
ឪពុកម្តាយសាមនៅក្នុងព្រៃណា | ព្រៃដូចម្តេចរ៉ាឋានអ្នកទាំងពីរ |
អ្នកបានចិញ្ចឹមដោយការសំភី | យ៉ាងណានាទីខ្ញុំយ៉ាងនោះដែរ ។ |
ព្រះរាជាត្រាស់ថា ៖ យើងជាអ្នកឆ្លាតក្នុងធ្នូ នឹងសម្លាប់ម្រឹគធាត់ៗ ចិញ្ចឹមមាតាបិតារបស់អ្នក ដោយមំសៈដ៏មានឱជារសឆ្ងាញ់ ។ ព្រះពោធិសត្វពោលតបថា ៖ បពិត្រមហារាជដ៏ជាធំ ព្រះអង្គកុំសម្លាប់សត្វព្រោះហេតុពួកទូលព្រះបង្គំឡើយ ។ ព្រះអង្គក៏ត្រាស់បន្តថា ៖ អ្នកបានចិញ្ចឹមនូវលោកទាំងពីរនោះយ៉ាងណា សូម្បីខ្ញុំក៏នឹងចិញ្ចឹមលោកទាំងពីរនោះយ៉ាងនោះដូចគ្នាដែរ ។ លំដាប់នោះព្រះពោធិសត្វទូលថា ៖ ល្អហើយព្រះអង្គដ៏ចម្រើន បើយ៉ាងនោះ សូមព្រះអង្គមេត្តាប្រោសជួយចិញ្ចឹមបីបាច់ថែរក្សានូវមាតាបិតានៃទូលបង្គំជាខ្ញុំផងចុះ ។
បពិត្រមហារាជសូមទតឲ្យជាក់ | ផ្លូវចុះជើងម្នាក់ទិសក្បាលដំណេក |
នៃទូលបង្គំជាខ្ញុំដែលដេក | មិនជាឆ្ងាយពេកកន្លះឃោសៈ ។ |
ស្តេចយាងទៅឃើញបណ្ណសាលា | មាតាបិតាឋិតក្នុងសម្នាក់ |
សូមទ្រង់អនុគ្រោះដោយក្តីស្មោះស្ម័គ្រ | សូមទ្រង់ភារៈចិញ្ចឹមលោកផង ។ |
ការព្រួយបារម្មណ៍
កែប្រែព្រះពោធិសត្វ បានទូលប្រាប់ផ្លូវដល់ព្រះរាជាហើយ ខំអត់ទ្រាំនឹងទុក្ខវេទនាមានសភាពបែបនេះ ទុកដោយសិនេហចិត្ត ក្នុងមាតាបិតាជាកម្លាំង ហើយប្រណមអញ្ជលីទូលអង្វរក្នុងបំណងត្រូវការឲ្យព្រះរាជាចិញ្ចឹមមាតាបិតា
បពិត្រមហារាជគ្រងដែនកាសី | ទ្រង់មានសេចក្តីចម្រើនកន្លង |
ខ្ញុំសាមសូមថ្វាយបង្គំសេ្តចផង | នមោច្រើនដងបង្គំរាជា ។ |
មាតាបិតានៃទូលបង្គំ | នៅក្នុងព្រៃធំអន្ធោអន្ធា |
សូមទ្រង់ចិញ្ចឹមឲ្យមានជន្មា | នៅជាតបស្សី តបស្សិនី ។ |
ទូលបង្គំជាខ្ញុំសូមផ្គងអញ្ជលី | រាជាគ្រងទីនាដែនកាសី |
ទូលបង្គំសូមពរស្តេចទ្រង់ប្រណី | នាំយកសេចក្តីនៃខ្ញុំព្រះអង្គ ។ |
ខ្ញុំសូមបង្គំមាតាបិតា | ឱនក្រាបសិរសាផ្តាំផ្ញើតាមទ្រង់ |
សាមត្រូវព្រួញពិសបានជាបាត់អង្គ | ដួលដេកនៅត្រង់ឆ្នេរខ្សាច់មាត់ស្ទឹង ។ |
មរណភាពរបស់សាម
កែប្រែព្រះរាជាទ្រង់ទទួលពាក្យនៃព្រះពោធិសត្វ ។ ឯចំណែកព្រះពោធិសត្វ កាលបានផ្ញើនូវការថ្វាយបង្គំចំពោះមាតាបិតារួចហើយ ក៏ដល់នូវវិសញ្ញីសន្លប់ស្ងៀមទៅ ។ ព្រះអង្គ ក៏រលត់អស្សាសៈ មិនបានពោលតទៅទៀតឡើយ ក៏ក្នុងកាលនោះ ពាក្យដែលប្រព្រឹត្តទៅ អាស្រ័យហទយរូប មានចិត្តជាសមុដ្ឋាន របស់ព្រះពោធិសត្វនោះបានដាច់ហើយ ព្រោះកម្លាំងនៃពិសជ្រួតជ្រាប ។ មាត់របស់ព្រះពោធិសត្វបិទ ចក្ខុក៏បិទ ដៃជើងឡើងរឹង និងរាងកាយទាំងអស់ប្រឡាក់ទៅដោយលោហិត ។ លំដាប់នោះ ព្រះរាជាទ្រង់ត្រួតមើលខ្យល់អស្សាសៈ បស្សាសៈរបស់សាម ឃើញថា ៖រលត់ទៅហើយ សរីរៈក៏រឹងហើយដែរ ។ ទ្រង់ទតឃើញហេតុនោះ ក៏ទ្រង់ជ្រាបថា ៖សាមស្លាប់ហើយ ។ ទ្រង់មិនអាចអត់ទ្រាំនូវសេចក្តីសោកទុកបាន ក៏ដាក់ព្រះហស្ថលើព្រះសីសៈ ព្រះកន្សែងរៀបរាប់ដោយសំឡេងខ្លាំងៗ ថា ៖ អាត្មាអញប្រាកដជានឹងទៅកាន់នរកពុំខាន ឥតមានសង្ស័យឡើយ ព្រោះអំពើបាបដែលអាត្មាអញបានធ្វើហើយក្នុងគ្រានេះនឹងជាទោសឲ្យផលដ៏អាក្រក់អស់រាត្រីកាលជាអង្វែង បើនៅក្នុងស្រុក ក្នុងប្រទេស តែងមានមនុស្សគេដឹង គេតិះដៀល តែក្នុងអរញ្ញប្រទេសដែលឥតមានមនុស្ស តើនរណានឹងចោទប្រកាន់អាត្មាអញបាន ។ កាលនោះ ទេពធីតាមាននាមថា ៖ ពសុន្ធរី នៅភ្នំគន្ធមាទន៍ ធ្លាប់ជាមាតារបស់ព្រះពោធិសត្វ ក្នុងអត្តភាពទី៧ ។ ក្រោយពីបានដឹងថា ៖បុត្ររបស់ខ្លួនត្រូវបាញ់ដួលដេកនៅលើឆ្នេរខ្សាច់ ក៏បានស្រែកយំយ៉ាងខ្លាំង ហើយពិចារណាថា ៖ បើយើងមិនទៅទីនោះទេ សុវណ្ណសាម នឹងវិនាសក្នុងទីនោះឯង សូម្បីព្រះរាជាក៏នឹងបែកធ្លាយព្រះហឫទ័យ ឯមាតាបិតារបស់សុវណ្ណសាម នឹងអត់អាហារ អត់ទឹក ហើយនឹងត្រូវបាត់បង់ជីវិត ។ ទេពធីតានោះ បានយាងទៅស្ថិតនៅព្ធដ៏អាកាស ដោយមិនប្រាកដកាយ នាមាត់ស្ទឹងមិគសម្មតា ហើយពោលទៅកាន់ព្រះរាជាថា ៖ បពិត្រមហារាជ ព្រះអង្គបានធ្វើនូវបាបជាទម្ងន់ ជនទាំង៣នាក់ គឺមាតាបិតានិងបុត្រ ជាអ្នកមិនប្រទូស្ត ទ្រង់បានសម្លាប់ហើយ ដោយព្រួញតែមួយ ។ សូមទ្រង់ចិញ្ចឹមនូវជនទាំងពីរដែលងងឹតភ្នែកនោះដោយធម៌ សុគតិភពនឹងគប្បីមានដល់ព្រះអង្គ ។ ព្រះរាជាក៏ជឿតាមពាក្យរបស់ទេពធីតា ហើយបានបូជាព្រះពោធិសត្វដោយផ្កា ប្រោះព្រំទឹក ហើយធ្វើប្រទក្សិណបីជុំ រួចយាងសំដៅទៅកាន់បណ្ណសាលា ។ ទុកូលបណ្ឌិត អង្គុយនៅខាងក្នុងបានស្តាប់សំឡេងព្រះបាទរបស់ស្តេចបិលយក្ខ ក៏នឹកថា ៖ នេះមិនមែនជាសាមបុត្រយើងឡើយ ជាស្នូរជើងរបស់អ្នកណាហ្ន ។ ទុកូលបណ្ឌិតក៏សួរថា ៖ ជាអ្នកណា ព្រោះបើជាសាម គង់មានស្នូរជើងស្រាលៗដើរមក ។ ព្រះរាជាក៏បានណែនាំខ្លួនជាមុន (ក្នុងគំនិតដើម្បីឲ្យតបស្សី មានចិត្តរអែងខ្លះ) រួចទើបរៀបរាប់សេចក្តីទាំងឡាយដែលខ្លួនបានសម្លាប់សាម ។ បារិកាតបស្សិនី អង្គុយក្នុងបណ្ណសាលាជិតនោះបានស្តាប់ហើយ ក៏បំណងនឹងដឹងនូវព្រឹត្តិការណ៍នោះ ទើបចេញពីបណ្ណសាលាខ្លួន ទៅកាន់សម្នាក់ទុកូលបណ្ឌិត តាមខ្សែដែលសាមចងសម្រាប់ដើរ ។ កាលបើដឹងសេចក្តីច្បាស់លាស់ហើយ អ្នកទាំងពីរក៏គក់ទ្រូង យំរៀបរាប់គុណរបស់សាម ។ ព្រះរាជាក៏ពោលលួងលោមនឹងចិញ្ចឹមថែរក្សាឲ្យដូចជាសាមរហូតដល់អស់ជីវិត ។ ព្រះអង្គ ទ្រង់គិតថា គួរអស្ចារ្យ សូម្បីត្រឹមតែពាក្យអាក្រក់របស់ឥសីទាំងពីរ ក៏មិនមានចំពោះព្រះអង្គឡើយ ។ ជនទាំងពីរបានពោលបដិសេធការចិញ្ចឹមរបស់ព្រះរាជា ដោយថា ៖ នេះមិនមែនជាភារៈរបស់ទ្រង់ឡើយ តែសូមឲ្យទ្រង់នាំទៅកាន់ទីដែលសាមដេកស្លាប់ ។ ក្រោយពីបានទៅដល់ទីនោះ តបស្សី ទ្រសីសៈព្រះពោធិសត្វដាក់លើភ្លៅ ឯតបស្សិនីក៏លើកជើងព្រះពោធិសត្វដាក់លើភ្លៅខ្លួន អង្គុយយំរៀបរាប់ ។ លំដាប់នោះ តបស្សិនីបានយកដៃស្ទាបទ្រូងរបស់ព្រះពោធិសត្វ ដឹងថា ៖នៅមានកំដៅភ្លើងធាតុនៅឡើយ នាងក៏ធ្វើនូវសច្ចកិរិយា ដើម្បីនឹងដកពិសចេញ ក្នុងកាលមុន សាមនេះជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូមឲ្យពិសរបស់សាម សាបរលាបទៅ ដោយការពោលនូវពាក្យសច្ចៈនោះ ។ ក្នុងកាលមុន សាមជាអ្នកពោលនូវពាក្យពិត (មាននូវសច្ចវាចា) ដោយសច្ចៈណា សូមពិសរបស់សាមសាបរលាបទៅ ដោយការពោលនូវពាក្យសច្ចៈនោះ ។ សាមជាអ្នកចិញ្ចឹមមាតាបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមសាបរលាបទៅ ដោយការពោលនូវពាក្យសច្ចៈនោះ ។ សាមជាអ្នកប្រព្រឹត្តនូវការកោតក្រែង នូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមពិសរបស់សាមសាបរលាបទៅ ដោយការពោលនូវពាក្យសច្ចៈនោះ ។
ឯកសារយោង
កែប្រែព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សុវណ្ណសាមជាតក (សៀវភៅភាគ ៦២ ទំព័រទី ៤៩)
The Story of Thuwannashan or Suva.n.na Sâma Jâtaka, according to the Burmese version, published at the Hanthawati Press, Rangoon. By R. F. ST. ANDREW ST. JOHN, M.R.A.S.
พระไตรปิฎก เล่มที่ ๒๘ > พระสุตตันตปิฎก เล่มที่ ๒๐ > ขุททกนิกาย ชาดก ภาค ๒ > ๓. สุวรรณสามชาดก