អក្សរខ្មែរ
អក្សរខ្មែរកែប្រែ
អក្សរខ្មែរ គឺជាអក្សរប្រើសម្រាប់សរសេរភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា ។ វាក៏ប្រើសម្រាប់សរសេរភាសាបាលីនៅពិធីបុណ្យព្រះពុទ្ធសាសនារបស់កម្ពុជានិងថៃផងដែរ។ វាត្រូវបានប្រែប្រួលពីស្គ្រីប Pallava ជាអក្ខរក្រមនៃហ្គ្រេនតាដែលបានមកពីអក្សរព្រហ្មីដែលត្រូវបានគេប្រើនៅភាគខាងត្បូងប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលសតវត្សទី ៥ និងទី ៦។ សិលាចារឹកចាស់ជាងគេ ដែលអាចកំណត់បានជាភាសាខ្មែរត្រូវបានរកឃើញនៅ ស្រុកអង្គរបុរី ខេត្តតាកែវនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានកាលបរិច្ឆេទចារក្នុងអំឡុងឆ្នាំ ៦១១។ បច្ចុប្បន្ន អក្សរខ្មែរសម័យទំនើបមានភាពខុសគ្នាពីទំរង់គំរូ ដែលគេរកឃើញនៅលើសិលាចារឹកនៃប្រាសាទអង្គរ។ អក្សរថៃ និងឡាវត្រូវបានកម្លាយចេញពីទំរង់ចាស់នៃអក្សរខ្មែរ។
ដើមកំណើតនៃអក្សរខ្មែរកែប្រែ
ទាក់ទងទៅនឹងបញ្ហាប្រភពកំណើតរបស់អក្សរខ្មែរនេះ សមណនិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះតេជគុណ អ៊ឹម ទៀង មានដីកាពន្យល់ថា អក្សរខ្មែរមានប្រភពមកពីព្រហ្មញ្ញសាសនានិងពីបាលីសំស្រ្កឹត ព្រមទាំងមកពីខ្មែរមនផងដែរ ៖ «អក្សរសាស្រ្ដខ្មែរមានប្រវត្តិ ទី១ មកពីព្រហ្មី ព្រហ្មីហ្នឹងព្រហ្មមញ្ញសាសនា ដែលមានមកតាំងពីមុនសម័យអង្គរ ហើយអក្សរសាស្រ្ដខ្មែរយើងបានកើតចេញពីបាលីសំស្រ្កឹតខ្លះដែរ។ ហើយមួយទៀត កំណើតប្រភពមកពីខ្មែរមន»។[១]។
ព្យញ្ជនៈកែប្រែ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង
ចឆជឈញ
ដឋឌឍណ
តថទធន
បផពភម
យរលវ សហឡអ
២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ ។
writed by : Seila Oudom
ឯកសារយោងកែប្រែ
- ↑ សៀវភៅ វប្បធម៌ អរិយធម៌ ឆ្នាំ១៩៧១-១៩៧២ ទាវ ឆៃ សុក ទំព័រទី១៣