អង់ដ្រេ ម៉ារី អំពែរ
André-Marie Ampère | |
កើតនៅ | ថ្ងៃទី ២០ មករា ១៧៧៥ លីយ៉ុង , បារាំង |
មរណភាព | ថ្ងៃទី ១០ មិថុនា ១៨៣៦ (អាយុ៦១ឆ្នាំ) ម៉ាកសី , បារាំង |
សញ្ជាតិ | បារាំង |
ស្នាដៃសំខាន់ៗ | ច្បាប់អំពែរ |
ហត្ថលេខា |
អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) (២០ មករា ១៧៧៥ - ១០ មិថុនា ១៨៣៦) ជារូបវិទូនិងគណិតវិទូបារាំង ដែលបានរួមចំនែកក្នុងរបកគំហើញអេឡិចត្រូម៉ាញ៉េទិច។ គាត់ជាស្ថាបនិកទូរលេខអគ្គីសនី និងអេឡិចត្រូមេដែក(សហការគ្នាជាមួយហ្វ្រង់ស័រ អារ៉ាហ្គោ(François Arago))។ អំពែរដែលជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ ត្រូវបានដាក់ឈ្មោះតាមលោក។
ជីវប្រវត្តិ
កែប្រែអំពែរចាប់កំនើតនៅថ្ងៃទី២០ មករា ១៧៧៥ នៅក្រុងលីយ៉ុង ប្រទេសបារាំង និងបានរស់នៅភូមិក្បែរនោះឈ្មោះ Poleymieux-au-Mont-d'Or ពីឆ្នាំ១៧៧៥ដល់ឆ្នាំ១៧៩៦។ តាំងពីកុមារភាព អំពែរជាមនុស្សស្រេកឃ្លានការរៀនសូត្រ។ គេនិយាយថាគាត់ចេះធ្វើការគណនាវែងៗដោយប្រើគ្រាប់ក្រួសនិងកំទេចនំប៊ីស្គីត នៅមុនពេលគាត់ស្គាល់លេខទៅទៀត។ ឪពុករបស់លោកបានបង្រៀនអក្សរឡាតាំងដល់លោក និងបានរកឃើញថាអំពែរមានចំនាប់អារម្មណ៍និងនិស្ស័យនឹងគណិតវិទ្យា។ កុមារអំពែរបានប្រើប្រាស់ភាសាឡាតាំងរបស់ខ្លួន ក្នុងការសិក្សាពីស្នាដៃរបស់អឺលែរ និង ប៊ែរនុយយី។
នៅសម័យបដិវដ្តន៍បារាំង ឪពុករបស់អំពែរត្រូវពួកបដិវដ្តន៍ចាប់ខ្លួននិងកាត់ទោសប្រហារជីវិតដោយម៉ាស៊ីនកាត់ក ដោយសារគាត់បានរិះគន់ដល់បដិវដ្តន៍ថាបានធ្វើជ្រុលហួសហេតុ។ មរណភាពរបស់ឪពុកជាភាពតក់ស្លុតមួយសំរាប់អំពែរ រហូតដល់គាត់លែងមានចិត្តចង់ធ្វើអ្វីៗទាំងអស់។ មានពេលមួយគាត់បានទទួលនូវពង្រាងនិក្ខេបបទស្ដីពីរុក្ខជាតិ ហើយគាត់ក៏មានចំនាប់អារម្មណ៍ឡើងវិញជាមួយវិទ្យាសាស្ត្រ។
នៅឆ្នាំ១៧៩៦ អំពែរបានជួបជាមួយនាង ហ្សូលី ការរ៉ុង (Julie Carron) ដែលជាកូនស្រីរបស់ជាងដែកម្នាក់នៅក្បែរក្រុងលីយ៉ុង ហើយបានរៀបការជាមួយនាងនៅឆ្នាំ១៧៩៩។ ចាប់ពីឆ្នាំ១៧៩៦ អំពែរធ្វើជាគ្រូឯកជននៅលីយ៉ុង ដោយបង្រៀនមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា និង ភាសា។ ប៉ុន្តែនៅឆ្នាំ១៨០១ គាត់បានរើទៅក្រុងបួក(Bourg) ទៅធ្វើជាសាស្ត្រាចារ្យរូបវិទ្យានិងគីមីវិទ្យា ដោយទុកចោលភរិយាកំពុងមានជំងឺព្រមទាំងកូនប្រុសឈ្មោះហ្សង់ហ្សាក់ អំពែរ (Jean-Jacques Ampère)នៅលីយ៉ុង។ ភរិយារបស់លោកបានទទួលមរណភាពនៅឆ្នាំ១៨០៣ ដែលប្រការនេះធ្វើអោយអំពែរមានវិបត្តិក្នុងចិត្តពេញមួយជីវិតរបស់គាត់។ នៅឆ្នាំ១៨០៤ អំពែរត្រូវបានគេតែងតាំងជាសាស្ត្រចារ្យគណិតវិទ្យានៅវិទ្យាល័យលីយ៉ុង។
នៅថ្ងៃទី១ សីហា ១៩០៦ គាត់បានរៀបការជាថ្មីជាមួយនាង ហ្សង់ ហ្វ្រង់ស័រ ប៉ូតូ(Jeanne-Françoise Potot) (ភរិយាទី២នេះទទួលមរណភាពនៅឆ្នាំ១៨៦៦នៅវ៉ែកសៃ នៅអាយុ៨៨ឆ្នាំ)។ ពួកគេទាំង២នាក់មានកូនស្រីម្នាក់ឈ្មោះ អាល់ប៊ីន(Albine) (១៨០៧ - ១៨៤២)។
នៅឆ្នាំ១៩០៩ អំពែរក្លាយជាសាស្ត្រាចារ្យគណិតវិទ្យានៅសាលាពហុបច្ចេកទេសនៅប៉ារីស។ នៅទីនោះ គាត់បានបន្តការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងប្រឹងប្រែងសិក្សាជាច្រើនផ្នែកទៀតដោយឥតស្រាកស្រាន។ គាត់ត្រូវបានគេទទួលស្គាល់ជាសមាជិកនៃវិទ្យាស្ថាននេះនៅឆ្នាំ១៨១៤។
កេរ្តិ៍ឈ្មោះរបស់អំពែរបានពីការណ៍ដែលគាត់បានរកឃើញទំនាក់ទំនងរវាងអគ្គីសនីនិងម៉ាញ៉េទិច ដែលបានពង្រីកតទៅទៀតជាអេឡិចត្រូម៉ាញ៉េទិច (តាមអំពែរគាត់ហៅថាអេឡិចត្រូឌីណាមិច)។ នៅថ្ងៃទី១១ សីហា ១៨២០ គាត់បានលឺពីរបស់គំឃើញរបស់អឺស្តែដ អំពីទ្រនិចត្រីវិស័យដែលងាកដោយសារចរន្តអគ្គីសនី។ រយៈពេលមួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី១៨ សីហា អំពែរបានបង្ហាញនិក្ខេបបទមួយនិយាយបកស្រាយកាន់តែជ្រៅពីបាតុភូតស្រដៀងគ្នានោះ ទៅកាន់បណ្ឌិតសភា។ នៅថ្ងៃដដែល អំពែរបានបកស្រាយនៅចំពោះមុខសមាជិកបណ្ឌិតសភា ថាខ្សែចំលងស្របគ្នាឆ្លងកាត់ដោយចរន្តអគ្គីសនី ទាញគ្នាចូលឬច្រានគ្នាចេញ (អាស្រ័យលើទិសដៅចរន្ត៖ បើដូចគ្នាទាញចូល បើផ្ទុយគ្នាច្រានគ្នាចេញ)។ នេះជាគ្រឹះរបស់អេឡិចត្រូឌីណាមិច។
ផ្នែកអេឡិចត្រូឌីណាមិចត្រូវបានបើកទ្វារឡើង។ អំពែរបានរកឃើញទ្រឹស្ដីគណិតវិទ្យាដែលអាចពន្យល់ពីបាតុភូតអេឡិចត្រូម៉ាញ៉េទិចដែលត្រូវបានគេសង្កេតឃើញហើយ និងបានប្រមើលឃើញពីបាតុភូតថ្មីៗទៀតផង។
ស្នាដៃចុងក្រោយរបស់អំពែរ(ដែលបោះពុម្ភក្រោយមរណភាពរបស់គាត់)មានចំនងជើងថា Essai sur la philosophie des sciences, ou exposition analytique d'une classification naturelle de toutes les connaissances humaines ("អត្ថបទសាកល្បងស្ដីពីទស្សនវិជ្ជារបស់វិទ្យាសាស្ត្រ ឬការបង្ហាញបែបវិភាគនៃចំនាត់ថ្នាក់ជាធម្មជាតិនៃចំនេះដឹងមនុស្សជាតិ")។
អំពែរទទួលមរណភាពនៅម៉ាកសីនៅឆ្នាំ១៨៣៦ ហើយសពរបស់គាត់ត្រូវបានបញ្ចុះនៅឈាបនដ្ឋានម៉ុងម៉ារត្រឹ នៅប៉ារីស។
ស្នាដៃ
កែប្រែ- នៅផ្នែកគណិតវិទ្យា អំពែបានធ្វើការស្រាវជ្រាវលើទ្រឹស្ដីប្រូបាប៊ីលីតេ និង ការធ្វើអាំងតេក្រាលសមីការឌីផេរ៉ង់ស្យែលដោយផ្នែក។
- នៅក្នុងផ្នែកម៉ាញ៉េទិច គាត់បានលើកឡើងពីវិធានមនុស្សអំពែរ ដើម្បីកំនត់ពីទិសដៅងាករបស់ទ្រនិចត្រីវិស័យពេលមានចរន្តអគ្គីសនីរត់កាត់ក្បែរវា។ វិធានមនុស្សអំពែរនាពេលនោះចែងថា៖ បើសិនមនុស្សអំពែរដេកនៅលើខ្សែចំលង ដាក់ភ្នែកសំលឹងទៅម្ជុលមេដែក ហើយចរន្តអគ្គីសនីឆ្លង់កាត់ពីចុងជើងទៅក្បាល ពេលនោះប៉ូលជើងរបស់ម្ជុលមេដែកត្រូវតែងាកទៅខាងឆ្វេង។ វិធានមនុស្សអំពែរនេះក្រោយមកត្រូវបានគេប្រើសំរាប់កំនត់ប៉ូលរបស់សូលេណូអ៊ីដពេលមានចរន្តឆ្លងកាត់រប៊ុំខ្សែចំលងវាដែរ។
- នៅក្នុងផ្នែកអេឡិចត្រូឌីណាមិច អំពែរបានរកឃើញច្បាប់អំពែរ ដែលនិយាយពីខ្សែចំលងស្របគ្នា ច្រានគ្នាចេញបើទិសដៅចរន្តផ្ទុយគ្នា និងទាញគ្នាចូលបើសិនជាទិសដៅចរន្តដូចគ្នា។
- អំពែរបានបកស្រាយពីបាតុភូតម៉ាញ៉េទិចដោយប្រើទ្រឹស្ដីចរន្តម៉ូលេគុល គឺថាមានភាគល្អិតផ្ទុកបន្ទុកអគ្គីសនីរាប់មិនអស់ដែលរត់ឆ្លងកាត់ខ្សែចំលង។ ទ្រឹស្ដីនេះត្រូវអ្នកវិទ្យាសាស្ត្រនៅជំនាន់នោះច្រានចោល។ រយៈពេល៦០ឆ្នាំក្រោយមក ទ្រឹស្ដីនេះត្រូវបានផ្ទៀងផ្ទាត់ តាមរយៈការរកឃើញអេឡិចត្រុង។
- នៅក្នុងផ្នែកគីមីវិទ្យា គាត់បានផ្ដល់សម្មតិកម្មដំនាលគ្នានឹងអាវ៉ូហ្គាដ្រូ(Amedeo Avogadro)ដែរដែលថា ចំនួនម៉ូលេគុលឧស្ម័នសមាមាត្រនឹងមាឌរបស់វា។
- អំពែរបានរកឃើញហ្គាល់វ៉ាណូម៉ែត្រ ទូរលេខអគ្គីសនី និង អេឡិចត្រូមេដែក(សហការគ្នាជាមួយអារ៉ាហ្គោ)។
តំនភ្ជាប់ក្រៅ
កែប្រែ- អំពែរនិងប្រវត្តិរបស់អគ្គីសនី - ជីវប្រវត្តិ ពិសោធន៍ និងស៊ីមុយឡាស្យុង3D (ជាភាសាបារាំង)
- សារមន្ទីរអំពែរ Archived 2008-04-18 at the វេយប៊ែខ ម៉ាស៊ីន. - (ជាភាសាបារាំង)
- សព្វវចនាធិប្បាយកាតូលីកអំពីអង់ដ្រេ ម៉ារី អំពែរ