អង្គព្រហ្ម រជ្ជកាលព្រះបាទអរិដ្ឋពលពាហនោ ត្រូវជាបុត្ររបស់ព្រះអង្គនិង នាងពៅ រឺ នាងខ្មៅ។

ព្រហ្ម
អង្គ
រជ្ជកាលរជ្ជកាលព្រះកេតុមាលា
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាកេតុមាលា
មាតានាងពៅ រឺ នាងខ្មៅ
សុគតមហានគរធំ

ប្រវត្តិទាក់ទង

កែប្រែ
  • កាលស្តេចព្រះនាម ព្រះកេតុមាលាសោយរាជ្យនៅមហានគរជាស្តេចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ ស្តេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីនាំងនាវានៅត្រើយនោះដោយសោមនស្សហើយទ្រង់ បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថា ស្តេចយាងពីនគរវត្តមកដោយមិនដែលស្គាល់ស្តេចនោះសោះក៏នាំគ្នាជាច្រើនអ៊ូអែរមកថ្វាយបង្គំគាល់យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះ មានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភ ជាងអ្នកស្រុកទាំងអស់គាត់មានកូនក្រមុំមួយឈ្មោះ “នាងពៅ” មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ គាត់នាំកូនក្រមុំមកគាល់ស្តេចរាល់ថ្ងៃ។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យ ប្រតិព័ទ្ធចង់ចំអន់លេងរាល់ពេលវេលា។ យាយដឹងថា ស្តេចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី។ ទន្លេបាទី ខេត្តតាកែវ៖ ស្តេចបាននាងពៅធ្វើជាព្រះមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេកព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ។ ស្តេចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌។ លុះនាងមានគភ៌បានបីខែព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចូរប្អូននៅក្នុងទីនោះចុះពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ”។ ហើយទ្រង់ព្រះរាជទាន ព្រះទំរង់មួយទុកជាកេរថា “បើព្រះរាជបុត្រប្រសូតមកកាលណាធំដឹងក្តីឡើង ចង់ទៅ សួររកបង ចូរនាងឱ្យពាក់ព្រះទំរង់នេះយកទៅជាសាក្សី”។ នាងពៅបានស្តាប់ព្រះរាជ បន្ទូលដូច្នោះ ក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេកក្រៃ ដោយទ្រង់មិនឱ្យទៅតាមផង។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់ស្តេចយាងទៅកាន់ ព្រះមហានគរវិញ។ ក្រោយមកគភ៌នាងពៅគ្រប់ខែក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឱ្យនាមថា “អង្គព្រហ្មកុមារ” ដោយហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះ។ ទន្លេបាទី៖ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ ឆ្នាំសួររកបិតា នាងពៅដំណាលប្រាប់សព្វ គ្រប់ហើយព្រះរាជកុមារចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទំរង់ មាសឱ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្ថខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅ។ លុះបានទៅដល់ក្លោងទ្វារព្រះមហានគរបានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ក៏ចាត់មន្ត្រីឱ្យទៅក្រាបបង្គំទូលស្តេច ស្តេចជ្រាបទ្រង់មានព្រះតម្រាស់ឱ្យចូលទៅ។ អង្គព្រហ្មក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទំរង់ថ្វាយ។ ស្តេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទំរង់ ហើយទ្រង់ចាត់អង្គព្រហ្មឱ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទន្លេនោះ។ ប្រាសាទតាព្រហ្ម៖ ដោយហេតុថា ព្រះអង្គព្រហ្មប្រសូតក្នុងទីនោះផង ដោយទីនោះពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផងក៏ទ្រង់ ព្រះរាជសារមានត្រាតាំងអង្គព្រហ្មជាស្តេចត្រាញ់មួយអង្គជាធំក្នុងស្រុកនោះហើយ ដោយហេតុអង្គព្រហ្មជាស្តេច ជាមេបានៅស្រុកនោះមុនគេបានជាស្រុកនោះឈ្មោះស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទីគឺទីរបស់ស្តេចជាបាពីត្រឹមនោះមក។ លុះអង្គ- ព្រហ្មបានជាស្តេចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឱ្យសាងប្រាសាទពីរមួយ ជូនមាតាមួយ គង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់បានចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀត នៅក្បែរប្រាសាទនោះជាទីក្រសាល និង ជាទីធ្វើការរាជការផ្សេងៗ តាមមុខក្រសួងនាម៉ឺនសព្វមុខមន្ត្រី។ ទីបរិវេណ នៃប្រាសាទទាំងនោះ សព្វថ្ងៃទៅជាវត្តមួយឈ្មោះ វត្តទន្លេបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើនចូលចិត្តទៅ​ទស្សនា។
  • កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំណើរតាមទន្លេចេញក្បួនទូកពីព្រះមហានគរយាងទៅក្រសាលក្នុងភូមិភាគខាងត្បូងនៃប្រទេសកម្ពុជាក្នុងខេត្ដទន្លេបាទី។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួងបាននាំគ្នារៀបចំសង់ដំណាក់ថ្វាយព្រះអង្គនៅជាប់មាត់ទន្លេបាទីអ្នកតូចអ្នកធំជិតឆ្ងាយមានទាំងសេដ្ឋីមានទាំងប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គក្នុងចំណោមនោះ នាងពៅបុត្រីមហាសេដ្ឋីក៏បានធ្វើដំណើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោម លោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះលើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហានិយាយផ្ដោះផ្ដងសាសងឥតរុញរា។ ចំណែកសេដ្ឋីជាឪពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំរបស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សឥតឧបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហាក្សត្រទុកអោយធ្វើជាភីលៀងបំរើព្រះអង្គតាមតែព្រះហឫទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅអស់ជា ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញដោយនឹកអាណិតអាសូរដល់មាតា បិតាក្មេកដែលកាន់តែចាស់ជរា ព្រះកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀតនាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំណើរ។ មុននឹងចេញដំណើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់ឪពុកក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃប្រទានហុចទៅអោយ ទុកជាចំណងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។ ឆ្នាំជូតនាងពៅប្រសូត្របានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុងពង្សាវតារសម្ដេចវាំងជួនមួយតែប៉ុណ្ណោះ រីឯពង្សាវតារ ឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។ កាលនោះអាយុបាន ២១ ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅដើម្បីសុំធ្វើដំណើរទៅព្រះមហានគររកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំណងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលាទុកប្រគល់អោយ កូនសំរាប់ធ្វើជា សាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ បង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្មដោយមានអ្នកបំរើ ៩នាក់ហែហមអម ដំណើរផងនាំគ្នាជិះសេះ ធ្វើដំណើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់ បិតាហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសណ្ដាប់តាមដំណើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រគ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនាអាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសម្ដេចវាំងជួនគឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំណែកឯអង្គព្រហ្មវិញជាមួយនិងបងព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃឥតបីហ៊ានធ្វេសប្រហែសឡើយ។ ថ្ងៃមួយ ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមានម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្មដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុមគ្រួសារញាតិសន្ដានគិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដតែងតាំងអង្គព្រហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្ម និងមានឱកាសវេលា ថែទាំទំនុកបំរុងម្ដាយផងគឺនៅឆ្នាំមមីក្នុងព.ស ៩២៦ ត្រូវជាគ.ស ៣៨២ កាលនោះអង្គព្រហ្មបានអាយុ ៣១ ឆ្នាំ។ អង្គព្រហ្មបានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្មនៅនាមាត់ទន្លេបាទីផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គគឺនាងពៅដើម្បីទុកធ្វើជាកន្លែងសក្ការៈគោរពបូជា។ រហូតមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយប្រាសាទនាងពៅទៅជាប្រាសាទយាយពៅ
  • ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំណាលថា កាលនោះថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដទន្លេបាទី។ នៅទីនោះមាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមកធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ នឹងនាងខ្មៅ នាងខ្មៅមិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុតនាងសុខចិត្ដ ចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយ និងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។ ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី ព្រះអង្គបានជួប និងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ផស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះនឹងរកនារី ឯណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដណ្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅតាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។ ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមកគេបានដឹងថាកាលនោះ ស្នេហារវាងព្រះព្រហ្មកុមារ និងនាងពៅមិនមានបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំណត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅក្រុមបុរសរបស់អង្គព្រហ្ម និង ក្រុមនារីរបស់នាងពៅត្រូវនាំគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។ ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេក្រុមស្រ្ដីបានប្រើល្បិចបង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើលពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំណែកខាង នាងពៅវិញគេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាល ពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។