កម្ពុជាសម័យសង្គ្រាមលោកទាំងពីរ

ចាប់ពីផ្ទុះសង្គ្រាមលោកលើកទី១ រហូតដល់សង្គ្រាមលោកលើកទី២ ប្រទេសកម្ពុជាកំពុងឋិតនៅក្នុងកណ្ដាប់ដៃអាណានិគមនិយមបារាំងនៅឡើយ។ ចាប់ពីថ្ងៃតាំងអាណាព្យាបាលបារាំងជាផ្លូវការថ្ងៃទី១១ សីហា ១៨៦៣ រហូតដល់សង្គ្រាមលោកលើកទី២ផ្ទុះឡើង ព្រះរាជាដែលសោយរាជ្យនៅប្រទេសកម្ពុជាមានជាអាទិ ព្រះបាទនរោត្តម(១៨៥៩ - ១៩០៤) ព្រះបាទស៊ីសុវត្ថិ(១៩០៤ - ១៩២៧) និងព្រះបាទស៊ីសុវត្ថិមុនីវង្ស(១៩២៧ - ១៩៤១)។

សង្គម និងសេដ្ឋកិច្ចខ្មែរក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ(១៩០៤ - ១៩២៧)

កែប្រែ

ស្ថានភាពសង្គម

កែប្រែ

ការងាររដ្ឋបាល ឬការងារគ្រប់គ្រងប្រទេស

កែប្រែ

[[ព្រះបាទនរោត្ដមទ្រង់បានសោយទិវង្គតនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩០៤ វេលាម៉ោង៣ល្ងាច។ ព្រះអង្គទ្រង់មានមរណនាមថា សុវណ្ណកោដ្ឋ ។ នៅថ្ងៃដដែលនោះ វេលាម៉ោង៣ និង២០នាទីល្ងាច ក្រុមប្រឹក្សារាជបល្ល័ង្កបានបើកសម័យប្រជុំក្រោមអធិបតីភាពនៃលោករេស៊ីដង់ស៊ុបប៉េរីយ័រ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីទៅតាមប្រពៃណីខ្មែរ។ ដោយព្រះបាទនរោត្ដមពុំសូវស្និទ្ធស្នាលនឹងបារាំង ព្រះរាជបុត្ររបស់ព្រះអង្គពុំត្រូវបានជ្រើសរើសឲ្យឡើងសោយរាជ្យស្នងបិតាទេ។ ពេលនោះ ក្រុមប្រឹក្សារាជបល្ល័ង្កដែលមានរេស៊ីដង់ស៊ុបប៉េរីយ័រជាអធិបតីនោះ បានសម្រេចជ្រើសរើសព្រះមហាឧបរាជស៊ីសុវត្ថិជាព្រះអនុជព្រះបាទនរោត្ដមឲ្យឡើងសោយរាជ្យ។
លុះបានឡើងសោយរាជ្យភ្លាម ព្រះអង្គបានប្រកាសឲ្យប្រើព្រះរាជបញ្ញត្តិ ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ១៩០៤ ដែលបញ្ជាឲ្យលុបចោលការធ្វើទុក្ខបុកម្នេញលើរាងកាយនៃជនមានទោស និងជនជាប់ចោទ។
នៅឆ្នាំក្រោយ ព្រះអង្គទ្រង់បានបញ្ញត្តិឲ្យលុបចោលនូវកំនាន់ខេត្ត(ទទួលបន្ទុកខេត្ត) និងសេនា(រដ្ឋមន្ត្រីទី១) រួចត្រូវដាក់ជូនទៅលោករេស៊ីដង់ពិនិត្យទៀត(រាជបញ្ញត្តិថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ១៩០៥)។ គួរគប្បីជ្រាបថា នៅមុននេះទឹកដីប្រទេសកម្ពុជាទាំងមូលត្រូវបែងចែកជាមណ្ឌលរដ្ឋបាលធំៗប្រាំ តាមចំនួនរដ្ឋមន្ត្រីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ ហើយមានងារជាកំនាន់ខេត្ត។
ចំពោះទឹកដីដែលត្រូវបាត់បង់ទៅក្នុងដៃសៀមនោះ គេដឹងថាក្នុងឆ្នាំ១៩០៤ ប៉ុន្មានខែក្រោយដែលព្រះបាទស៊ីសុវត្ថិបានឡើងសោយរាជ្យ ប្រទេសសៀមបានបង្វិលទៅឲ្យបារាំង ហើយបារាំងព្រះអង្គវិញនូវខេត្តត្រាត កោះកុង ម្លូព្រៃ និងទន្លេរពៅ។ នៅពេលជាមួយគ្នានោះ ខេត្តស្ទឹងត្រែង និងស្រុកសៀមប៉ាងក៏ត្រូវហូតពីប្រទេសឡាវ ហើយប្រគល់មកឲ្យព្រះរាជាខ្មែរវិញដែរ។
តាមសន្ធិសញ្ញាថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩០៧ រដ្ឋាភិបាលសៀមបានប្រគល់ឲ្យបារាំងវិញនូវខេត្តបាត់ដំបង ខេត្តសៀមរាប និងស៊ីសូផុន។ ប៉ុន្តែបារាំងត្រូវឲ្យជាថ្នូរទៅវិញនូវដែនដីដាន់សៃ(Dan – sai) និងត្រាត។ ខេត្តទាំងបីខាងលើ បារាំងប្រគល់មកឲ្យខ្មែរវិញ។ ទាំងនេះជាជោគជ័យមួយនៃនយោបាយបារាំងនៅប្រទេសកម្ពុជា ដែលមានចារឹកទុកជាអនុស្សាវរីយ៍នៅត្រង់ភាគខាងត្បូងវត្តភ្នំដូនពេញសព្វថ្ងៃ។

ផ្នែកអប់រំសិក្សា និងវប្បធម៌

កែប្រែ

នៅឆ្នាំដដែលនោះ មានបង្កើតគណៈកម្មការពីរ សម្រាប់ចងក្រងរាជពង្សាវតារខ្មែរ គណៈកម្មការទី១មានលោកឧកញ៉ាវាំងជួនជាប្រធាន គណៈកម្មការទី២ មានលោកឧកញ៉ាវង្សាឌុចជាប្រធាន។
តាមរាជបញ្ញត្តិថ្ងៃទី ១១ ខែ មេសា ឆ្នាំ ១៩១២ ឪពុកម្ដាយត្រូវតែបញ្ជូនកូនប្រុសស្រី ឲ្យទៅកាន់សាលារៀន បើពុំដូចនោះទេ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងទម្ងន់។ នៅសម័យនោះ ក្រៅពីសាលាវត្ត រាជការបានបង្កើតសាលានៅតាមឃុំជាច្រើន ដើម្បីឲ្យក្មេងៗសិក្សាភាសាជាតិរបស់ខ្លួន។ ចំពោះសិស្សានុសិស្សចង់បន្តការសិក្សាបន្ថែមទៀត រដ្ឋការអាណាព្យាបាលបារាំងបានបង្កើតសាលាបឋមសិក្សាជាន់ដំបូងដែលនៅទីនោះគេផ្ដើមបង្រៀនជាភាសាបារាំង។ នៅពីលើសាលាទាំងនោះ នៅមានសាលាដែលមានកម្រិតវិជ្ជាខ្ពស់ជាង នៅតាមទីរួមខេត្ត ហើយដែលមានចាងហ្វាងជាបារាំង។
សម្រាប់មធ្យមសិក្សា គឺមានតែអនុវិទ្យាល័យស៊ីសុវត្ថិមួយគត់នៅរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩០៤មកម្ល៉េះ។
ក្នុងវិស័យសិក្សាអប់រំ និងវប្បធម៌នេះ គេបានដឹងថា រាជបញ្ញត្តិថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩១៥ ព្រះបាទស៊ីសុវត្ថិទ្រង់បានបង្កើតគណៈកម្មការមួយដែលមាននាទីរៀបចំវចនានុក្រមខ្មែរជាលើកដំបូង។ នៅគ.ស.១៩២១ ព្រះអង្គទ្រង់បានសាងសាលាបាលីជាន់ខ្ពស់ និងរាជបណ្ណាល័យ។ ម្យ៉ាងទៀតនៅឆ្នាំ១៩១៨ លោកស៊កក្រូសលីយេ(Georges Groslier) បានបង្កើតសារមន្ទីរមួយនៅក្រុងភ្នំពេញដើម្បីប្រមែប្រមូលស្នាដៃខ្មែរ ដែលជាបុរាណវត្ថុយកមកថែរក្សាឲ្យបានគង់វង្សតទៅ។

តុលាការ

កែប្រែ

ចាប់តាំងពីឆ្នាំ១៩១២ ព្រះរាជាទ្រង់បានប្រកាសឲ្យប្រើនូវក្រមព្រហ្មទណ្ឌថ្មី និងនៅឆ្នាំបន្ទាប់ក្រមស៊ើបអង្កេតបទឧក្រិដ្ឋ ហើយនៅឆ្នាំ១៩២០ក្រមរដ្ឋប្បវេណី ក៏ត្រូវបានប្រកាសឲ្យប្រើជាបន្ត។ ក្រោយមកទៀត រាជបញ្ញត្តិថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៩២២ បានបង្កើតឲ្យមានសាលាលហុ សាលាដំបូង សាលាឧទ្ទរណ៍ សាលាឧក្រិដ្ឋ និងសាលាវិនិច្ឆ័យ។ ប៉ុន្តែសាលាទាំងនោះ ឬវិស័យតុលាការទាំងមូលត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់រាជការអាណាព្យាបាលបារាំង។

វិស័យហិរញ្ញវត្ថុ

កែប្រែ

គួររំឮកថា ចាប់តាំងពីឆ្នាំ១៨៩០មក បញ្ជីចំណូលចំណាយនៃប្រទេសកម្ពុជា ត្រូវកាន់កាប់ដោយហិរញ្ញិកម្នាក់។ ម្យ៉ាងទៀត នៅរៀងរាល់ឆ្នាំ លោករេស៊ីដង់ស៊ុបប៉េរីយ័រ ត្រូវរៀបចំថវិកាសម្រាប់ឆ្នាំខាងមុខ។ ចាប់ពីឆ្នាំ១៩១៤ គេបានគ្រោងក្នុងផ្នែកចំណាយ នូវមុខចំណាយដូចតទៅ៖

  • មុខចំណាយសម្រាប់រដ្ឋបាលទាំងខាងខ្មែរ ទាំងខាងបារាំង
  • មុខចំណាយសម្រាប់សន្តិសុខសាធារណៈ និងតុលាការ
  • មុខចំណាយសម្រាប់ហិរញ្ញវត្ថុ និងធនធានសាធារណៈ
  • មុខចំណាយសម្រាប់គិលានសង្គ្រោះ និងសិក្សាធិការ។


ដើម្បីទប់ទល់នឹងមុខចំណាយទាំងប៉ុន្មានខាងលើនេះ គេបានបង្កើតនូវប្រភេទពន្ធផ្សេងៗមាន៖

  • ពន្ធលើខ្លួន ឬពន្ធមនុស្ស(បង់កាត) ម្នាក់២,៥០៛ ក្នុងមួយឆ្នាំ(ឆ្នាំ១៩២៨ ពន្ធនេះបានឡើងដល់៩,៤០៛)
  • ពន្ធលើការឲ្យខ្ចី(ឥណទាន)
  • ពន្ធលើដីធ្លី ដំណាំ ផ្ទះសម្បែង នេសាទ និងលើសត្វពាហនៈ
  • ពន្ធបាតង់
  • ពន្ធលើផលិតផលព្រៃឈើ លើផលិតផលដាក់ភាស៊ី លើផលិតផលអាជីវកម្ម ឧស្សាហកម្ម និងផលិតផលផ្សេងៗ។

ស្ថានភាពសេដ្ឋកិច្ច

កែប្រែ

ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ចំការកៅស៊ូត្រូវបានបង្កើតជាលើកដំបូងនៅជប់(១៩២១)។ ដោយការសាកល្បងនេះបានជោគជ័យ ពួកមូលធននិយមបារាំង បានបង្កើតចំការកៅស៊ូធំៗ ផ្សេងទៀតនៅត្រង់តំបន់ដីក្រហម ក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។ ដប់ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៣១ ទំហំផ្ទៃដីដាំកៅស៊ូឡើងលើសពី២៥ ០០០ហិចតា។ ក្រៅពីកៅស៊ូ ពួកអាណានិគមក៏បានធ្វើអាជីវកម្មលើដំណាំពោត ស្រូវនិងម្រេចដែរ ក្នុងខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តកំពត
បារាំងបាននាំចេញពីកម្ពុជាក្នុងមួយឆ្នាំៗគឺ៖

  • កៅស៊ូ១៥០០០តោន ទៅ២០០០០តោន
  • ស្រូវ៣០០០០០តោន
  • ពោត ពី៣០០០០០តោន ទៅ៤០០០០០តោន
  • ម្រេច ពី៣២០០តោន ទៅ៣៥០០តោន ព្រមទាំងផលិតផលនេសាទ និងព្រៃឈើដ៏មានតម្លៃជាច្រើនទៀត។


ផ្នែកឧស្សាហកម្ម បារាំងបានស្ថាបនារោងឧស្សាហកម្មធុនស្រាលតិចតួចបំផុត សម្រាប់បំលែងផលិតផលកសិកម្ម ឬព្រៃឈើ។ គេឃើញមានឧស្សាហកម្មបិតស្រា ម៉ាស៊ីនកិនស្រូវ កម្មន្តសាលធ្វើបារី ម៉ាស៊ីនអារឈើ និងសិប្បកម្មធ្វើស្ករសមួយកន្លែង។ មានក្រុមហ៊ុនបារាំងមួយចំនួនបានចូលមកធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ដោយស្ថិតនៅក្រោមការត្រួតពិនិត្យនៃធនាគារឥណ្ឌូចិន ដែលជាអ្នកប្រមូលយកចំណេញបានច្រើនបំផុត។
គួរកត់សម្គាល់ថា ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ រាស្ត្រខ្មែរបានក្រោកឡើងប្រឆាំងនឹងការរំលោភជិះជាន់របស់បារាំងពីរលើក។ យ៉ាងណាមិញ នៅឆ្នាំ១៩១៦ ដើម្បីជាការដឹងគុណចំពោះរដ្ឋការបារាំង ព្រះបាទស៊ីសុវត្ថិទ្រង់បានអនុញ្ញាតឲ្យពួកនេះ កែនរាស្ត្រខ្មែរធ្វើទាហានយកទៅច្បាំងនៅប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១(១៩១៤ - ១៩១៨)។ ប៉ុន្តែមិនយូរប៉ុន្មាន រាស្ត្រខ្មែរចំនួន១សែននាក់បានបះបោរឡើង ប្រឆាំងនឹងការរំលោភក្នុងកំនែននេះ និងការស្ថាបនាផ្លូវថ្នល់។ ជាកុសល ព្រះរាជាទ្រង់បានធ្វើអន្តរាគមន៍យ៉ាងសក្តិសិទ្ធិ ហើយប្រជារាស្ត្ររបស់ព្រះអង្គសុខចិត្ត ព្រមវិលទៅលំនៅស្ថានរៀងៗខ្លួនវិញ។
ក្រោយមក ដោយសារបារាំងត្រូវការលុយកាក់ នាំយកទៅស្រុកបារាំងដែលបានងើបពីចម្បាំងជាមួយអាល្លឺម៉ង់ បារាំងក៏បានតម្លើងពន្ធដារ ហើយបន្តឹងទារពីរាស្ត្រខ្មែរដែលមានជីវភាពដុនដាបស្រាប់ ឲ្យកាន់តែយ៉ាប់ទៅៗ។ ម្ល៉ោះហើយ ប្រជារាស្ត្រខ្មែរនៅកន្លែងខ្លះអត់ទ្រាំនឹងអំពើជិះជាន់នេះមិនបាន ក៏នាំគ្នាបះបោរឡើង រហូតដល់ហ៊ានសម្លាប់រេស៊ីដង់បារាំង ដូចករណីលោករេស៊ីដង់បាដេស(Bardez) នៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩២៥។

សង្គមសេដ្ឋកិច្ចខ្មែររាជ្យព្រះបាទស៊ីសុវត្ថិមុនីវង្ស(១៩២៧ - ១៩៤១)

កែប្រែ

ព្រះបាទស៊ីសុវត្ថិបានសោយទិវង្គតនៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩២៧ ក្នុងជន្មាយុ៨៧ព្រះវស្សា។ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោកលឺផុល(Le Fol) រេស៊ីដង់ស៊ុបប៉េរីយ័របានជ្រើសរើសរាជបុត្រច្បងនាមស៊ីសុវត្ថិមុនីវង្ស ឲ្យឡើងសោយរាជ្យស្នងព្រះបិតា។ ពិធីរាជាភិសេកបានប្រារព្ធឡើង នៅរាជធានីភ្នំពេញ ក្នុងខែ កក្កដា ឆ្នាំ ១៩២៨ នៅចំពោះមុខលោកអង្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុបប៉េរីយ័រនៃប្រទេសខ្មែរ។

ស្ថានភាពសេដ្ឋកិច្ច

កែប្រែ

ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានយាងទៅសិក្សាយោធវិជ្ជានៅប្រទេសបារាំង ព្រមទាំងបានក្លាយជាមេទាហានមួយរូបនៃកងទ័ពប្រទេសទៀតផង។
ដូចយើងបានឃើញរួចមកហើយ នៅឆ្នាំ ១៩៣១ ទំហំផ្ទៃចំការកៅស៊ូនៅប្រទេសកម្ពុជាកាន់តែកើនឡើងជាលំដាប់។ ចំការកៅស៊ូនៅមេមត់ ដែលមានផ្ទៃ ៦០០០ហិចតា និងមានដើមកៅស៊ូ៥៥០០០០ដើម ជាចំការធំបំផុតក្នុងពិភពលោកនាសម័យនោះ។ ឯដំណាំថ្នាំជក់ និងពោតក៏ត្រូវបានគេធ្វើដែរ។
ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានដាក់ឲ្យបង្កបង្កើនផលឡើងវិញ លើដីស្រែដ៏ធំទូលាយ ដែលត្រូវជនជាតិខ្មែរបោះបង់ចោលដោយការភៀសខ្លួន គេចឲ្យផុតពីខ្មាំងឈ្លានពាន ឬដោយការចាប់យកទៅប្រទេសសៀម ជាឈ្លើយសឹកកាលពីសម័យសង្គ្រាម។ ដូចនេះតំបន់ខ្លះ ដូចជាត្រពាំងជងជាដើម(ក្នុងខេត្តពោធិ៍សាត់ បានក្លាយទៅជាមណ្ឌលកសិកម្ម និងពាណិជ្ជកម្មមួយយ៉ាងសំខាន់។ នៅឆ្នាំ១៩៣០ ព្រះអង្គទ្រង់បានប្រកាសឲ្យប្រើនូវព្រះរាជបញ្ញត្តិ ដែលបង្កើតធនាគារសម្រាប់ផ្ដល់ឥណទានឲ្យកសិករនៅខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តកំពង់ចាម
ក្នុងវិស័យផ្លូវគមនាគមន៍ បណ្ដាញផ្លូវថ្នល់ត្រូវបានគេពង្រីកយ៉ាងខ្លាំង។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញទៅព្រំដែនប្រទេសសៀម ដោយកាត់តាមខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅគ.ស.១៩៣២។ ផ្លូវនេះមានប្រវែង២៧៥គីឡូម៉ែត។ ក្រៅពីនេះ ស្ពានធ្វើពីបេតុងជាច្រើនបានស្ថាបនាផងដែរ ជាពិសេសស្ពានដែលឆ្លងកាត់ទន្លេបាសាក់(ប្រវែង២៩២ម៉ែត) ហើយដែលមានឈ្មោះថាស្ពានព្រះមុនីវង្ស ត្រូវបានសម្ពោធនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩២៨។

ស្ថានភាពសង្គម

កែប្រែ

ក្នុងវិស័យនយោបាយ និងវប្បធម៌ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗ ដូចជា៖

  • សភាសម្រាប់ឲ្យយោបល់មួយ(សភាខ្មែរ) តាមរាជបញ្ញត្តិថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩២៨។ ប៉ុន្តែបើតាម លោកហង់រីរូស៊ីយេ(Henri Russier)ថា សភានេះត្រូវបានបង្កើតតាំងពីរជ្ជកាលមុនមកម្ល៉េះ ហើយត្រូវមានភារៈផ្ដល់យោបល់ពីបញ្ហាពន្ធដារ បញ្ហារដ្ឋបាល ឬបញ្ហាបង្កើតផលទាក់ទងនឹងជីវភាពប្រជារាស្ត្រខ្មែរ។ សភានេះមានសមាជិក៤៦នាក់។ ក្នុងចំណោមនេះ ៤១នាក់ត្រូវបោះឆ្នោតជ្រើសរើសដោយពួកបញ្ញវន្តខ្មែរ និង៥នាក់ទៀតត្រូវបានតែងតាំងដោយគណៈរដ្ឋមន្ត្រី។
  • ក្រុមជំនុំប្រែព្រះត្រៃបិដក ដែលបានត្រូវបង្កើតនៅថ្ងៃទី១៤ ខែ វិច្ឆិការ ឆ្នាំ ១៩២៩ ហើយដែលមានភារៈបកប្រែព្រះត្រៃបិដក(វិន័យបិតក សុត្តន្តបិដក និងអភិធម្មបិដក)។ សព្វថ្ងៃនេះ គម្ពីរទាំងបីត្រូវបានបកប្រែចប់សព្វគ្រប់ហើយ មានទាំងអស់១១១ក្បាល។
  • វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានត្រូវបង្កើតឡើងនៅឆ្នាំ១៩៣០ មានភារៈធ្វើការសិក្សាស្រាវជ្រាវពីព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាតែម្ដង មិនបាច់ចេញទៅបរទេសដូចមុនៗទៀត។ ក្នុងឆ្នាំដដែល តាមរាជបញ្ញត្តិថ្ងៃទី ១៦ ខែ ធ្នូ ព្រះបាទស៊ីសុវត្ថិមុនីវង្សទ្រង់បានរៀបចំការសិក្សាភាសាបាលី និងលទ្ធិព្រះពុទ្ធក្នុងខេត្តទាំងឡាយនៃព្រះរាជាណាចក្រ។ សាលាទាំងនោះ អនុវត្តសម្រាប់ព្រះសង្ឃ ហើយព្រះសង្ឃទាំងអស់បានទៅសិក្សាពីវិធីបង្រៀនតាមបែបទំនើប។


នៅឆ្នាំ១៩៣៩ សង្គ្រាមលោកលើកទី២បានផ្ទុះឡើង។ ប្រទេសសៀមមានវិវាទជាថ្មីជាមួយប្រទេសបារាំង ហើយបានទទួលការគាំទ្រពីប្រទេសជប៉ុន។ នៅទីបំផុត ជប៉ុនបានគាបសង្កត់ប្រទេសបារាំង ដណ្ដើមយកខេត្តបាត់ដំបង និងទឹកដីនៅត្រង់ជួរភ្នំដងរែក ប្រគល់ឲ្យសៀមកាន់កាប់វិញ។
ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះសុខភាពទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទស៊ីសុវត្ថិមុនីវង្សទ្រង់សោយទិវង្គតនៅរាត្រីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៩៤១ នៅបូកគោ ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា។
រហូតមកដល់ខែធ្នូ ឆ្នាំ ១៩៤៦ ដើម្បីធ្វើឲ្យចលនាបះបោររបស់ប្រជារាស្ត្រខ្មែរបានស្ងប់ ពួកអាណានិគមបារាំង បានគាបសង្កត់ និងគំរាមកំហែងរដ្ឋាភិបាលសៀម ឲ្យប្រគល់ខេត្តបាត់ដំបង និងខេត្តសៀមរាបមកឲ្យខ្មែរវិញ៕

ឯកសារពិគ្រោះ

កែប្រែ
  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០