សង្គ្រាមលោកលើកទី១
សង្គ្រាមលោកលើកទី១ (ភាសាអង់គ្លេស៖ World War I ឬ First World War) គឺជាសង្គ្រាមសកលមួយ ដែលមានប្រភពចេញពីទ្វីបអឺរ៉ុប ពីឆ្នាំ ១៩១៤ ដល់ ១៩១៨។ ជាលទ្ធផល មនុស្សជាង ៤០លាននាក់បានស្លាប់ និងរបួស ដែលក្នុងនោះមានទាហាន និងជនស៊ីវិលប្រមាណ ២០ លាននាក់បានបាត់បង់ជីវិត។ នៅអឺរ៉ុបទាហានជាង ៦០ លាននាក់ត្រូវបានកេណ្ឌចាប់ពីឆ្នាំ ១៩១៤ ដល់ ១៩១៨។
សង្គ្រាមនេះ គឺជាការប្រយុទ្ធគ្នារវាងប្លុកធំៗពីរ។ ប្លុកមហាអំណាចសម្ព័ន្ធមិត្ត (Entente Powers) ដែលមាន បារាំង អង់គ្លេស និង រុស្ស៊ី ព្រមទាំងបណ្ដាអាណានិគម និងស្រុកចំណុះរបស់ពួកគេ។ ក្រោយមក ប្រទេសមហាអំណាចសំខាន់ៗដូចជា៖ អ៊ីតាលី បានចូលរួមនៅខែមេសា ឆ្នាំ១៩១៥ និងសហរដ្ឋអាមេរិក ចូលរួមនៅខែមេសា ឆ្នាំ១៩១៧។ ប្លុកមហាអំណាចកណ្ដាល (Central Powers) មានចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ព្រមទាំងអាណាខេត្តនៃចក្រភពរបស់ខ្លួន។ ក្រោយក៏មក ចក្រភពអូតូម៉ង់ បានចូលរួមនៅខែតុលា ឆ្នាំ១៩១៤ និងមួយឆ្នាំក្រោយចូលរួមដោយប្រទេសប៊ុលហ្ការី។ ជាទីបំផុតទៅ មានតែប្រទេសហុឡង់ដ៍ ស្វីស អេស្ប៉ាញ និង ប្រជាជាតិស្កង់ឌីណាវ នៅតែរក្សាអព្យាក្រឹតភាពដដែលក្នុងបណ្ដាប្រទេសអឺរ៉ុប។ បើទោះជា ប្រទេសមួយចំនួនបានផ្គត់ផ្គង់ប្រាក់ និងសម្ភារៈដល់ភាគីជម្លោះណាមួយ ឬ ប្រទេសដទៃទៀតក៏ដោយ។
បុព្វហេតុនៃសង្គ្រាមកែប្រែ
ព្រឹត្តិការណ៍ ដែលគេសន្មតថាជាបុព្វហេតុនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី១ គឺការធ្វើឃាតលើព្រះអង្គម្ចាស់ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទ នៃចក្រភពអូទ្រីស-ហុងគ្រី ដោយនិស្សិតស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពីក្រុម Young Bosnia កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ នៅតាមដងវិថីមួយនៃទីក្រុងសារាយេវ៉ូ។ ជាប្រតិកម្មតបនឹងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានដាក់ឱសានវាទ បង្ខំឲ្យរាជាណាចក្រស៊ែប៊ី ចាប់ឃាតករឲ្យបាន ប្រសិនបើមិនដូច្នេះទេ សង្គ្រាមនឹងផ្ទុំឡើង។
ទីបំផុតទៅ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយស៊ែបី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពរុស្ស៊ី បានប្រកាសការពារស៊ែប៊ីទល់នឹងអូទ្រីស-ហុងគ្រី។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់បានប្រកាសសង្គ្រាមជាមួយរុស្ស៊ី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩១៤ និង ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩១៤ ជាមួយបារាំង ហើយកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសអព្យាក្រឹតបែលហ្សិក។ ចក្រភពអង់គ្លេស បានទាមទារឲ្យអាល្លឺម៉ង់គោរពអព្យាក្រឹតភាពបែលហ្សិក តែមិនបានទទួលចម្លើយ ចក្រភពអង់គ្លេសក៏ប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩១៤។
ដំបូងឡើយ សង្គ្រាមនេះមានលក្ខណៈជាសង្គ្រាមនៅទ្វីបអឺរ៉ុបប៉ុណ្ណោះ តែក្រោយមកមានប្រទេសជាច្រើនទៀតបានចូលរួមក្នុងសង្គ្រាមជាបន្តបន្ទាប់ ហេតុនេះហើយសង្គ្រាមនេះបានរាលដាលពីសង្គ្រាមទ្វីបអឺរ៉ុប ទៅជាសង្គ្រាមលោកតែម្ដង។
ទិសដៅនៃការចូលរួមសង្គ្រាមកែប្រែ
- ចក្រភពអាល្លឺម៉ង់ ប៉ុនប៉ងបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើផ្ទៃមហាសមុទ្រ និងធ្វើយ៉ាងណាដើម្បីធ្វើឲ្យអង់គ្លេសចុះខ្សោយនៅក្នុងការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ និងដើម្បីធ្វើការបែងចែកពិភពលោកសាជាថ្មី។ ជាពិសេស អាល្លឺម៉ង់ចង់ដណ្ដើមយកតំបន់ឧស្សាហកម្មនៅប៉ែកឦសានប្រទេសបារាំង កាត់ផ្ដាច់ប្រទេសតំបន់បាលទិកពីចក្រភពរុស្ស៊ី កាន់កាប់តំបន់ដុនបាស គ្រីម តំបន់អាសូវ និងកាវកាស។
- ចក្រភពអូទ្រីស-ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី ដើម្បីបង្កើតអំណាចរបស់ខ្លួននៅតំបន់បាល់កង់ និងដណ្ដើមទឹកដីប៉ូឡូញមួយផ្នែក ប៉ូដុល និងវ៉ូលិញពីចក្រភពរុស្ស៊ី។
- ចក្រភពអូតូម៉ង់ (ចក្រភពទួរគី) បានចូលរួមក្នុងសង្គ្រាមភាគីខាងអាល្លឺម៉ង់នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ១៩១៤ មានទិសដៅឈ្លានពានតំបន់ភ្នំកាវកាសរបស់ចក្រភពរុស្ស៊ី និងបង្កើតការគ្រប់គ្រងរបស់ខ្លួននៅលើតំបន់បាល់កង់។
- ចក្រភពអង់គ្លេស មានទិសដៅចង់ថែរក្សានូវអាណានិគមរបស់ខ្លួន និងអំណាចគ្រប់គ្រងរបស់ខ្លួនលើដែនសមុទ្រ។ លើសពីនេះ អង់គ្លេសក៏មានបំណងដណ្ដើមកាន់កាប់តំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឧបទ្វីបអារ៉ាប់ពីចក្រភពអូតូម៉ង់។
- បារាំង មានទិសដៅទាមទារតំបន់អាលសាស និងឡូរ៉ែនពីចក្រភពអាល្លឺម៉ង់មកវិញ ដែលខ្លួនបានបាត់បង់ទៅឲ្យអាល្លឺម៉ង់កាលពីបរាជ័យរបស់ណាប៉ូលេអុងទី៣ ក្នុងសង្គ្រាមបារាំង-ព្រុស ឆ្នាំ១៨៧០ និងដណ្ដើមយកតំបន់សម្បូរធ្យូងថ្មសាអារ ព្រមទាំងភ្ជាប់តំបន់ខាងឆ្វេងទន្លេរ៉ែនមកប្រទេសបារាំង។
- ចក្រភពរុស្ស៊ី មានទិសដៅចង់ថែរក្សាឥទ្ធិពលរបស់ខ្លួននៅតំបន់បាល់កង់ គ្រប់គ្រងតំបន់ហ្កាលីស៊ី តំបន់ណរម៉ាន់ភាគខាងក្រោម គ្រប់គ្រងច្រកចេញពីសមុទ្រខ្មៅ បូស្ទ័រ និងដាដាណេស។
- ជប៉ុន បានប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩១៤ មានទិសដៅចូលឈ្លានពានតំបន់ទឹកដីដែលចិនបានជួលឲ្យអាល្លឺម៉ង់ និងតំបន់កោះមហាសមុទ្រប៉ាស៊ីហ្វិក។
សរុបទៅ សង្គ្រាមនេះគឺជាសង្គ្រាមចក្រពត្តិ ប្រកបដោយភាពអយុត្តិធម៌ទាំងសងខាង។ មានតែ ប្រទេសស៊ែប៊ី និងបែលហ្សិកប៉ុណ្ណោះដែលប្រយុទ្ធតស៊ូ ដើម្បីការពារជាតិ។ អ្នកទទួលខុសត្រូវនៅក្នុងសង្គ្រាមនេះគឺភាគីទាំងសងខាង តែមេភ្លើងគឺចេញពីចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី។