អ្នកព្រះម្នាងកេសរបុប្ផា ឈ្មោះដើមនាង រឺ នាងពៅ ជាព្រះស្នំរបស់ព្រះបាទឝ្រីឝៅគន្ធបទ នេះនឹងនិយាយក្នុងផែនដី ព្រះបាទសម្ដេចព្រះសុគន្ធបទវិញ។

ស រឺ ពៅ
អ្នកព្រះម្នាង
រជ្ជកាលរជ្ជកាល ព្រះបាទឝ្រីឝៅគន្ធបទ
ស្វាមី/មហេសីឝ្រីឝៅគន្ធបទ
បុត្រយសរាជា
បិតាព្រះពិជ័យនាគគឹម
មាតាអ្នកព្រះមាតាបាន
ប្រសូតទួលបាសាន

ការជួបប្រសព្វនឹងព្រះឝ្រីឝៅគន្ធបទ

កែប្រែ

សម័យថ្ងៃមួយនោះ ព្រះបរមពិត្រស្ដេចទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយា មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបំរើល្អងធូលីព្រះបាទ តរៀងទៅ។ ព្រះបរមបពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា: នាងនេះ កូនឯងឬ? ព្រះពិជ័យនាគ ក្រាបទូលថា: នាងនេះហើយដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលសួរថា: ស្រីនេះពីណាមក កូនចៅអ្នកណា ដែលឈរនៅខឿនព្រះវិហារនោះ គឺនាង សនេះឯង។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យ ពន់ប្រមាណ តាំងនាមនាង ស (ឯកសារខ្លះថានាងពៅ) ជាអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក។ ទ្រង់ព្រះចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តិឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រីសឈរខែត្រស្រីសឈរ វិញតែពាក្យនេះយារៗមក ក៏ប្រែក្លាយជាខែត្រស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ។ បិតាមាតាអ្នកព្រះម្នាងកេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតាពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតាមេបាន។

លុះក្រោយនោះព្រះម៉ែនាង កេសរបុប្ផា ព្រះស្នំឯក កើតរោគាជាទំងន់។ ពេទ្យហ្មច្រកថ្នាំប៉ុន្មាន ក៏មិនបានស្រាកស្រាន្តសោះឡើយ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសថានថា: សូមឲ្យតែព្រះម្នាងកេសរបុប្ផាសះជាចុះ ព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គនឹងឲ្យខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯកទៅជំរះស្មៅព្រះអារាមរាល់ថ្ងៃសីល។ ទ្រង់បួងសួងតមក ៧ ថ្ងៃ ជំងឺនោះបានសះស្បើយជាដូចព្រះហឫទ័យ។ ព្រះអង្គស្ដេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឲ្យសាងព្រះវិហារមួយជាព្រះអារាមលួង។ អ្នកព្រះមាតាបិតា ក៏ធ្វើបុណ្យឆ្លងតាមព្រះពុទ្ធានុញ្ញាតរួចស្រេច ស្ដេចត្រាស់បង្គាប់ ភ្នាក់ងារព្រះសន្ធិយា (មកពីពាក្យសាណីក្លាយ មកជាសាណីយ ហើយក្លាយមកទៀតជាសន្ធិយា ប្រែថាវាំងនន) ឲ្យយកវាំងនន ទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពីព្រះរាជវាំងរៀងទៅដល់វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំ អករ៍យាយថា: បើដល់ថ្ងៃឧបោសថកាលណា ឲ្យនាំអ្នក ព្រះស្នំឯក ទៅជំរះស្មៅព្រះវិហារនោះ ឲ្យរាល់ថ្ងៃសីល កុំឲ្យខានឡើយ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែង វាំងននក៏ចេះតែដាច់ដាចទៅជារឿយៗ នឹង តាំងដេរធ្វើជាថ្មីឡើងវិញ ក៏គ្មានប្រយោជន៍ប៉ុន្មាន។ ខណៈនោះ ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ឲ្យមន្ត្រីក្រុមវាំង រកកូនឈើឫស្សីព្រេចមកដាំជារបងជាកំពែងទ័ពទាយរាយរៀប ដាក់ឲ្យជិតគ្នា ជារបាំងវាំងនន ជាស្នួមិនឲ្យមនុស្សមើលពីក្រៅទៅឃើញ អស់អ្នកអស់នាងនោះឡើយ។ អាស្រ័យហេតុនោះហើយបានជាកាលជាអនាគតរៀងមកខ្លះហៅ វត្តម៉ែបាន ខ្លះហៅ វត្តព្រែបាំងព្រោះចូលចិត្តតាមហេតុ ដែលខ្លួនដឹងទីទៃៗគ្នា។ ក្រោយពីនោះមក អ្នកព្រះស្នំឯក មានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមចៅពញាយសរាជា ជាព្រះរាជឱរសាធិរាជនៃព្រះបរមបពិត្រ អ្នកជាម្ចាស់ជីវិតលើត្បូង។

បងប្អូន

កែប្រែ

ឯឈ្មោះ កន ដែលជាកូន អ្នកព្រះបិតាពិជ័យនាគនោះ លុះចំរើនធំឡើង មានចំណេះប្រាជ្ញាឆ្លៀវឆ្លាត បំរើគ្រូ គ្រូក៏ពេញព្រះទ័យ និង រៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់។ សម្ដេចព្រះមហាសង្ឃរាជ (ព្រះសង្ឃសត្ថា ទ្រង់ប្រិតប្រៀនទាំងអក្សរសាស្ត្រ ទាំងសិល្បសាស្ត្រមន្តវិជ្ជាការ គាថា កៅទណ្ឌ ក្បួនតំរាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះហើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបានទំនាយឲ្យថា: កននេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន។ អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុសមានរូបរាងល្អ មានចំណេះវិជ្ជា ប្រាជ្ញាក៏ពូកែអាយុ ១៦ ឆ្នាំហើយ ក៏នាំខ្លួនកូនទៅក្រាបទូលព្រះបរមបពិត្រ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបថា កនជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណ ឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំង នាយ កន ជាឧកម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជា កោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ត ចូលពឹងបុណ្យអំណាច អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្តជាច្រើន។

មានថ្ងៃមួយនោះ ព្រះបរមបពិត្រ ទ្រង់ចង់ទតព្រះនេត្រពីសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ ឧកម៉ឺនស្នេហាចមចិត្តកន ទើបទ្រង់ត្រាស់ឲ្យសំដែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកម៉ឺនស្នេហាចមចិត្តដំឡើងធ្នូចាប់ព្រួញម្ដង ៥ បាញ់ទៅម្ដងព្រួញចេញទៅត្រូវដើមឈើ ផ្លែឈើទាំង ៥ ទិស។ ឧកម៉ឺនសូត្រគាថាបាលី និង ក្បួនតំរាអ្វីៗ ក៏ឃើញថាស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថាវិជ្ជាការទាំងនេះចេះពីគ្រូណាមក។ ឧកម៉ឺនស្នេហាចមចិត្តក្រាបទូលថា: ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជកាលនៅជាព្រះសង្ឃសត្ថា

ថ្ងៃមួយព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្ក តាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។ ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា: ការផែនដីពេលនេះមានហេតុគ្រប់ប្រការដូច្នេះអស់អ្នកយល់ថាដូចម្ដេច? សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា: ព្រះខឌ្ដជ័យមង្គល ដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថាមុខជានឹងកើតហេតុធំពុំខានឡើយ។ ព្រះរាជហោរាធិបតី យកសេចក្ដីក្រាបបង្គំទូលថា: តាមហេតុនេះ ផែនដីកើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។ លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា: "រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?"

ហោរាតាំងលេខតំរា គន់គូរបូកហត្ថទៅទៀត ដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា: " រាជសត្រូវនោះ នៅក្នុងព្រះនគរ"។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំពោះត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួនព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះកំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។ ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិមិត្ត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា: អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវា ក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹង ក្រែងនឹងញុះញង់កូនវា ឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯង នាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងក៏មិនរួច ហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅ សេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច? ព្រះឥសីភ័ទ្ទ និង រាជហោរា ឆ្លើយថាយល់តាម ព្រះរាជបរិហារគ្រប់គ្នា។ ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រី ប្រឹក្សាការផែនដីនោះ លបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។ ឯមុខមន្ត្រី ដែលចូលជំនុំរាជការនោះ លុះទៅដល់មុខព្រះលានក្រៅហើយ ក៏បង្គាប់ឲ្យត្រៀមព្រះរាជយាន និង ព្រះទីនាំងនាវា សំរាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួង តំរូវឲ្យមានសំណាញ់មួយ ទូកមួយ។ សំណាញ់មួយម្នាក់ ប្រចាំហែស្ដេចទៅប្រពាតមច្ឆាក្នុងបឹង ថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុមខ្ញុំព្រះរាជការ ក៏ទទួលតាមបង្គាប់ ព្រៀងព្រមស្ដេចរង់ចាំនៅតាមតំណែងព្រះរាជការ។ លុះព្រឹកព្រាងស្វាងស្រេច ស្ដេចគង់ព្រះរាជយាន នាំអស់រាជការខាងក្នុងក្រៅ ហែចុះព្រះទីនាំងតូច សំរាប់ទ្រង់សំណាញ់នោះ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅដល់ទំនាបមានម្លប់ព្រឹក្សាទើបស្ដេចត្រាស់ឲ្យឈប់តាំងគ្រឿងសោយ ហើយឲ្យរៀបលៀងភោជនាហារ អស់ខ្ញុំព្រះរាជការទាំងក្នុងទាំងក្រៅពុំរើសមុខជាសុខសប្បាយរាល់គ្នា។ តែអ្នកព្រះស្នំឯកដែលបានដឹងសេចក្ដីនៃការជំនុំប្រឹក្សារាជការនោះមានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្តសោះ។ កាលព្រះបរមបពិត្រ ស្ដេចឲ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះព្រះស្នំឯកបង្គាប់ថា ឲ្យថយទូកទៅទីស្ងាត់រួចសឹមបរិភោគគ្រប់គ្នា។ លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯក ក៏តាំងសរសេរជាអក្សររាយសេចក្ដីតាមហេតុស្រេចដាក់ក្នុងកញ្ចប់បាយ ហើយឲ្យទាសីម្នាក់យកទៅឲ្យឃុនហ្លួងព្រះស្ដេចជាប្អូន។ ឃុនហ្លួងព្រះស្ដេចធិបតី កាលឃើញកញ្ចប់បាយនោះហើយ ក៏គិតថា: បងអញពុំដែលឲ្យបាយកញ្ចប់ដូច្នេះសោះ។​ បងធ្លាប់ឲ្យតែនឹងតុនឹងថាស។ ម្ដងនេះបងឲ្យយ៉ាងដូច្នេះ គួរឲ្យសង្ស័យណាស់។ លុះគិតដូច្នេះ ក៏កាន់បាយកញ្ចប់នោះទៅជ្រកក្នុងព្រៃស៊ុំទ្រុំ។ លុះយល់ថាស្ងាត់ហើយឃុនហ្លួងព្រះស្ដេច ក៏លាកញ្ចប់បាយនោះមើល ហើយឃើញកំណត់មួយច្បាប់មានសេចក្ដីថា "ឲ្យប្អូនប្រយ័ត្នឲ្យមែនទែន គេនឹងសំលាប់ហើយ។ បើហ្លួងប្រើឲ្យមុជទឹក ឲ្យប្អូនចេញរត់ទៅឲ្យឆ្ងាយ កុំត្រឡប់មកវិញឡើយ" ឃុនហ្លួងព្រះស្ដេចធិបតី ដឹងជាក់សេចក្ដីហើយ ធ្លាក់ថ្លើមក្ដុកភ័យណាស់ ចាប់ដីដាក់លើក្បាលប្រណម្យដៃទាំងពីរ ហើយតាំងសច្ចាថា: "ខ្លួនខ្ញុំនេះ សុចរិតពិតត្រង់ណាស់ ឥតមានបើទាស់ខុសនឹងអ្នកណាសោះឡើយ។ ដូច្នេះ សូមគុណបុណ្យលោកជួយខ្ញុំ ឲ្យខ្ញុំបានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងទីថ្ងៃនេះទៅ ប្រាកដជាអស់ទីពឹងហើយ។ លុះសច្ចាចប់ហើយ ក៏ត្រឡប់មកទីប្រជុំមន្ត្រីវិញ។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេចហើយ ស្ដេចចុះគង់ព្រះទីនាំង សំរាប់បង់សំណាញ់ អស់ខ្ញុំរាជការ ក៏ចាប់បង់សំណាញ់ លយតាមជលធីហែទៅ។ តែឃុនហ្លួងព្រះស្ដេចធិបតី ក៏ចុះទូកតូចតាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និង ជំទាវនាងឃុនណាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និង អស់ខ្ញុំរាជការធំតូចបង់សំណាញ់។ អ្នកទាំងអស់ បង់ទំនងល្អអាក្រក់ផ្សេងៗគ្នា ខ្លះបានត្រីធំ ខ្លះបានត្រីតូច ខ្លះបានមែកឈើ ខ្លះពានទៅលើត្រឹប ចឿនចក អស់អ្នកអស់នាងជំទាវឃុនណាង ដែលនៅលើគោកនោះ ក៏ស្ដីចំអន់ចំអក សើចឡើងតែសព្វខ្លួន។ ចំណែកឯ ព្រះបរមបពិត្រ ជាអម្ចាស់ជីវិត ព្រះអង្គទ្រង់បង់សំណាញ់ពាក់ត្រូវមច្ឆាតរៀងៗទៅ។ លុះដល់អន្លង់មួយអន្លើ ជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ច្រើន ទើបមន្ត្រីម្នាក់ បង់សំណាញ់ចុះទៅក្នុងទីនោះ ហើយក្លែងថា: ជាប់សំណាញ់ហើយ។ ហើយក្រាបទូលថា: ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញ លើកឡើងពុំរួចសោះ។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ទ្រង់ជ្រាបកលឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ ឲ្យប្រមូលទូកសំណាញ់ មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សំរាប់ព្រះហត្ថា ចុះទៅក្នុងព្រះគង្គា ជាមួយនឹងមន្ត្រីដែលបង់មុននោះ។ ខណៈនោះទ្រង់បង្គាប់ថា: អាកនឯង លោតចុះទៅដោះសំណាញ់ឲ្យអញ មួយរំពេច ឃុនហ្លួងព្រះស្ដេចធិបតីថ្វាយបង្គំលោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ។ ទូកមន្ត្រីជាងពីររយ ចូលព្រួតប្រឹង បង់គ្របប្រកិត ច្រើនត្រួតច្រើនជាន់ ដោយគិតថាឲ្យស្លាប់ កុំឲ្យហែលរត់ចេញអំពីទីនោះរួច។ ឃុនហ្លួងព្រះស្ដេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះ ភ័យណាស់ គិតអ្វីក៏ពុំឃើញ លុះដល់បាតដីហើយ គាតឮសព្ទសូរសំណាញ់ បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពង ទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា: អញមុខជានឹងស្លាប់ប្រាកដណាស់ម្ដងនេះ។ សំណាញ់ទាំងពួង ​​​​​​​​ក៏កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថា ជាតេជៈ កុសលដែលគាត់បានសាង ក៏បណ្ដាលឲ្យមាននាគរាជមួយមកព័ទ្ធកណ្ដាលខ្លួន នាំហែលរត់យ៉ាងរហ័ស ផុតពីសំណាញ់ រួចអំពីចំណោម ហើយហែលបណ្ដោយបឹងទៅទិសខាងជើង រួចហើយនាគនោះ ក៏ភៀសកាយបាត់ទៅ។ ឃុនហ្លួងព្រះស្ដេចធិបតី ក៏ផុសលោតឡើង ដើរបន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យឲ្យបានសោយរាជ្យ ពេលនោះទើបមានសត្វទាព្រៃ ហើរពីលើខ្មួលខ្មៅ ហើយចុះទៅទុំលើក្បាលឃុនហ្លួងព្រះស្ដេច ប្រមាណជាងពីរឱបមើលពីឆ្ងាយទៅ ដូចជាគល់ឈើ បាំងបាត់ខ្លួនព្រះស្ដេច។ ព្រះស្ដេចខំបន្លុយខ្លួនក្នុងទឹករត់ដោះទៅជ្រកពួនក្នុងត្រឹបច្រើនមួយអន្លើ ទំរាំយប់នឹងរត់តទៅទៀត។ អាស្រ័យហេតុនេះហើយ បានជាបឹងនោះ មានឈ្មោះហៅថា: បឹងទា យូរមកហៅថា បឹងទទាវិញ ទីបំផុតប្រែក្លាយជាបឹងទទង លុះដល់សព្វថ្ងៃនេះ។ សម្ដេចព្រះបរមបពិត្រ លុះបាត់ព្រះស្ដេចកនយូរពេក ទ្រង់ឲ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះស្ដេចកនសោះ។ ស្ដេចឲ្យយកច្បូក សម ចាក់រកគ្រប់រាម ក៏ពុំឃើញទៀត។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឲ្យមនុស្សពូកែមុជទឹក ឲ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្ដេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: "អានេះរត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ"។ ចៅពញាយមរាជ ចៅពញាវង្សាអគ្គរាជ ក្រាបទូលថា: ចំពោះស្ថានការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ។ ទូលព្រះបង្គំទាំងពីរនាក់ នឹងតាក់តែងទាហាន ឲ្យចាប់ខ្លួនឃុនហ្លួងព្រះស្ដេចថ្វាយ ស្នងព្រះតេជៈគុណឲ្យបាន ថាហើយ ក៏ថ្វាយបង្គំលា ចេញទៅចាត់ទាហាន ស្រាល ឲ្យទៅល្បាតក្រវែល ចាំរកចាប់ខ្លួន ឃុនហ្លួងព្រះស្ដេចកន ជុំវិញបឹង។ សម្ដេចព្រះបរមបពិត្រ ទ្រង់គិតមកនេះ ពុំបានសំរេចដូចព្រះចិន្តា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្ដេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្ដេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅទៀត។ ចំណែកឯ ឃុនហ្លួងព្រះស្ដេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹងហើយ ក៏ខំដើរទាំងយប់ទាំងអធ្រាត្រឥតឈប់ឈរ។