អ្នកព្រះមាតាបាន

អ្នកព្រះមាតាបាន រជ្ជកាល (ព្រះបាទស្រីធម្មរាជាទី១ ព្រះឝ្រីឝៅគន្ធបទ និង ព្រះស្រីជេដ្ឋា) អ្នកព្រះមាតាជាមាតាក្មេកនៃព្រះបានឝ្រីឝៅគន្ធបទ អ្នកមាតាមានប្ដីជាព្រះពិជ័យនាគ ហើយមានកូនពីរនាក់ម្នាក់នាមកេសរបុប្ផា (ឈ្មោះដើម នាងស រឺ នាងពៅ) ជាព្រះស្នំឯកនៃព្រះបាទឝ្រីឝៅគន្ធបទ និង កូនប្រុសជាមហាតលិកជាសេវកាមាត្យជំនិតរបស់ទ្រង់ មានងារជាឱកម៉ឺនស្នេហាចមចិត្ត ដែលថ្ងៃក្រោយក្លាយជាស្ដេចជ្រែករាជ្យ ព្រះឝ្រីឝៅគន្ធបទ។

បាន
អ្នកព្រះមាតា
រជ្ជកាលឝ្រីឝៅគន្ធបទ - ស្រីជេដ្ឋា
ស្វាមី/មហេសីពិជ័យនាគគឹម
បុត្រស្រីជេដ្ឋា កេសរបុប្ផា
ព្រះនាមពេញ
​អ្នកព្រះមាតាបាន
សន្តតិវង្សស្រីជេដ្ឋា
ប្រសូតសតវត្សទី១៦
ក្រុងបាសាន (ស្រីសន្ធរ)

ប្រវត្តិគ្រួសារ

កែប្រែ

លោកគឹម ដែល​ធ្វើ​ការ​ជា​មន្រ្តី​រាជការមាន​ងារ​ជា​ ហ្លួងមន្រ្តី​ស្នេហា, ឯ​អ្នក​ស្រីបានមាន​ឋានៈ​​ជា​ពល​ព្រះនៅបំរើ​ក្នុង​វត្ត​ច្រើន​ជំនាន់​មក​​ហើយ។ ​​ក្រោយ​ពេល​ដែល​នាង​ពៅ រឺ នាងស បាន​ក្លាយ​ជា​ស្នំឯក​របស់​​​ស្តេច​ឝ្រីឝៅគន្ធបទ និងមាន​ងារ​ជា​អ្នក​ម្នាង​ហើយ ស្តេច​ឝ្រីឝៅគន្ធបទក៏​បាន​តំឡើង​ងារលោកគឹមពី​​ហ្លួង​មន្រ្តី​ស្នេហា ទៅ​ជា ​ព្រះពិជ័យនាគ។ ចំណែកអ្នកស្រី បាន ក៏បានទទួលឋានៈជា អ្នកម៉ែបាន ចាប់​តាំង​ពី​ពេល​នោះ​មក។ កាលក្នុងផែនដី ព្រះបាទសម្ដេចព្រះធម្មរាជានៅឡើយ នាងបាន មានកូនស្រីមួយ ឈ្មោះ ស។ ក្រោយនោះ នាងបានមានគភ៌គ្រប់ខែទៀត ទៀបនឹងប្រសូតទារកហើយ។ ថ្ងៃមួយ នាងចុះទៅដោះទុកសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកទៅ។ គ្រានោះមានហេតុជាអស្ចារ្យនាំឲ្យឃើញថាទារកនោះមានបុណ្យមែនគឺថាវេលានោះ ស្រាប់តែត្រីពោធំមួយ មកទទួលលេបទារកនោះទៅក្នុងពោះបាត់ទៅ។ បន្ទាប់ពីនោះមក ព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសលទារក នឹងមានបុណ្យមិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យសម្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កប់ទៅយល់សប្តិឃើញថា: ដូចជាមានទេវតាមកទូលថា: ព្រឹកនោះឲ្យស្ដេចយាងទៅកំពង់ទឹកដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យមានវាសនាផង។ លុះតើនឡើង សម្ដេចក៏ទ្រង់នូវត្រៃចីវរចុះគង់ក្នុងទូកឲ្យសិស្សានុសិស្សអុំចេញទៅ។ ទ្រង់បិណ្ឌបាត្រតាមសព្វដង តែព្រះនេត្រតែងគន់រំពៃមើល ក្រែងមានហេតុអ្វីជាចំលែក ដ្បិតមានិមិត្តពីយប់មិញនោះដូចជាច្បាស់ពេកណាស់។ លុះសិស្សអុំបានបន្តិចទៅទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្ដេចព្រះសង្ឃរាជ ស្ដេចឃើញត្រីពោក្នុងទូកព្រានប្រមង់នោះធំប្លែក ស្ដេចប្រឹងសង្កេតទតឲ្យច្បាស់។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះក៏បង្កើតឲ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ។ ព្រះអង្គទ្រង់ទទួលហើយ ក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត។ លុះបិណ្ឌអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្ស ត្រឡប់មកអារាមវិញ។ ខណៈនោះសម្ដេចព្រះសង្ឃរាជ ស្ដេចមានព្រះថេរវាចាថា ត្រីពោនេះជាពោធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វី ក្នុងពោះត្រីនេះជាពុំខានឡើយ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដិកាហើយ ក៏នាំគ្នាយកកាំបិតទៅវះត្រីនោះ វះទៅឃើញទារកមួយនៅរស់។ ទើបសម្ដេចឲ្យកូននោះទៅ អាបានមេទាគឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទានេះជាប្ដីប្រពន្ធនឹងគ្នា (សម័យពីដើម មនុស្សដែលឥតមានបណ្ដាសក្ដិ ឥតបានបួសរៀន បើប្រុសគេហៅ អា បើស្រីគេហៅមេ ជាខ្ញុំរបស់សម្ដេចព្រះសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា។ ព្រះពិជ័យនាគ និង ភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឲ្យនៅនឹងសម្ដេចព្រះសង្ឃរាជចុះ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះ អា កៅ តែឪពុកម្ដាយហៅថា អាកន រៀងមក។

វត្តម៉ែបាន

កែប្រែ

មានទីតាំង​ស្ថិត​ក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់​កណ្តាល វត្តម៉ែបានស្ថិត​​នៅ​លើ​ទី​ទួល​មួយ​ដែល​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ទឹក​សស្ញាច​​ក្នុង​រដូវ​វស្សា។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ៨ ពេល​ហួស​វត្ត​វិហារសួគ៌ ទៅ​ដល់​ជិត​បង្គោល​គីឡូម៉ែត្រ​លេខ៤៣ នឹង​មាន​ឃើញ​ស្លាក​ធ្វើ​ពី​ស៊ីម៉ង់ត៍​មួយ​ផ្ទាំង​នៅ​ខាង​ឆ្វេង​ដៃមាន​សរសេរ​អក្សរ​ធំៗ ​ដាក់​ថា «វត្តម៉ែបាន» ហើយ​​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​​ចូល​ទៅ​ មាន​ចំងាយ​ប្រហែល​ ១ គ.ម នឹង​ទៅ​ដល់​ទី​អារាម​នេះ​ហើយ។

សំរាប់​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​ គឺ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា ​ឈ្មោះ​វត្ត «ម៉ែបាន» នេះ គឺដាក់​តាម​ឈ្មោះ​​របស់​​មាតា​ហ្លួង​ព្រះស្តេចកន​ ។ តាម​ឯកសារ​បាន​អោយ​ដឹង​ថា មុន​ពេលដែល​​ នាយ​កន​ មិន​ទាន់​ត្រូវ​បាន​ព្រះរាជា​តែង​តាំង​ជា ហ្លួង​ព្រះស្តេច​កន នៅឡើយគឺនាយកន មាន​បង​ស្រី​ម្នាក់​ឈ្មោះ ​នាង​ពៅ និង​មាន​បិតា​ឈ្មោះ​ គឹម, មាតា​​​ឈ្មោះ បាន ។ លោកគឹមដែល​ធ្វើ​ការ​ជា​មន្រ្តី​រាជការមាន​ងារ​ជា​ ហ្លួងមន្រ្តី​ស្នេហា, ឯ​អ្នក​ស្រី បាន មាន​ឋានៈ​​ជា​ពល​ព្រះ នៅ​បំរើ​ក្នុង​វត្ត​ច្រើន​ជំនាន់​មក​​ហើយ។ ​​ក្រោយ​ពេល​ដែល​នាង​ពៅ បាន​ក្លាយ​ជា​ស្នំឯក​របស់​ ​​ស្តេចឝ្រីឝៅគន្ធបទ និងមាន​ងារ​ជា​អ្នក​ម្នាង​ហើយ, ស្តេចឝ្រីឝៅគន្ធបទ ក៏​បាន​តំឡើង​ងារលោក​ គឹម ពី​​ហ្លួង​មន្រ្តី​ស្នេហាទៅ​ជា ​ព្រះពិជ័យនាគ។ ចំណែកអ្នកស្រី បាន ក៏បានទទួលឋានៈជា អ្នកម៉ែបាន ចាប់​តាំង​ពី​ពេល​នោះ​មក។ ​នេះ​គឺ​ជា​ប្រវត្តិ​សង្ខេប​ទាក់​ទង​នឹង​ទីទួលម៉ែបាន ដែលមាន​​អារាម​ព្រះ​ពុទ្ធ​​សាសនាមួយ​​នៅ​ទីនេះ មាន​ឈ្មោះ​ថា វត្តម៉ែបាន

បច្ចុប្បន្ន អារាម​វត្ត​ម៉ែបាន មាន​ព្រះវិហារ​ពីរៈ មួយតូច​​នៅខាងលិច មានតំកល់​ពុទ្ធ​បដិមាដូច​ព្រះ​វិហារ​នានា​ទូទៅ​ដែរ, ឯមួយទៀត​នៅ​ខាង​កើត មាន​ទំហំ​ធំ ដែល​សង់​គ្រប​ពីលើ​ចេតីយ៍​ចំណាស់​មួយ និង​នៅ​ពីមុខ​ចេតីយ៍​ចំណាស់​នោះ គឺ​មាន​រូប​បដិមា​ព្រះពុទ្ធ​ចូល​និព្វានធំ​មួយ ស្ថិត​នៅ​ទទឹង​ព្រះ​វិហារតែ​ម្តង។ នៅ​ព្រះបាទាព្រះពុទ្ធ​ចូល​និព្វាន​នេះ យើង​ឃើញ​មានក្មេងៗពីរបី​នាក់ នៅ​​​ឈររង់​​​ចាំ​ទទួល​ផ្តិត​បោះពុម្ភក្រយៅ​ស្នាម​ព្រះបាទា​ ទៅ​​លើ​ក្រដាស​ប្រាក់ សំរាប់​អោយ​អ្នក​ទៅ​គោរព​បន់​ស្រន់​នៅ​ទី​នោះ ដោយ​​ពួក​គេ​មាន​ជំនឿ​ថានឹង​នាំ​លាភនាំ​សំណាង​ទៅ​ដល់​ម្ចាស់​ប្រាក់​​ពេល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ។ នៅជ្រុង​ខាង​លិច​ឆៀង​ខាង​ជើង​នៃ​ព្រះវិហារ​ធំ​នេះ មាន​រូប​សំណាក​លោក​យាយម៉ែបានដែល​​ដាក់​តាំង​​ក្នុង​តូប​មួយ​​សង់​ទាប​ផ្ទាល់​ដី។​ []

ក្លាយជាមាតាក្មេកព្រះឝ្រីឝៅគន្ធបទ

កែប្រែ

សម័យថ្ងៃមួយនោះ ព្រះបរមពិត្រ ស្ដេចទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយា មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបំរើល្អងធូលីព្រះបាទ តរៀងទៅ។ ព្រះបរមបពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា: នាងនេះ កូនឯងឬ? ព្រះពិជ័យនាគក្រាបទូលថា: នាងនេះហើយ ដែលទ្រង់ទតឃើញហើយមានព្រះបន្ទូលសួរថា: ស្រីនេះពីណាមក កូនចៅអ្នកណាដែលឈរនៅខឿនព្រះវិហារនោះគឺនាងសនេះឯង។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យពន់ប្រមាណតាំងនាមនាង ស (ឯកសារខ្លះថានាងពៅ) ជាអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក។ ទ្រង់ព្រះចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តិឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រីសឈរ ឬ ខែត្រស្រីសឈរ វិញ តែពាក្យនេះយារៗមក ក៏ប្រែក្លាយជាខែត្រស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ (ដែលថាស្រីសឈរ មក ស្រីសន្ធរ គ្មានទំនងទេ)។ បិតាមាតា អ្នកព្រះម្នាងកេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ឯឈ្មោះកន ដែលជាកូន អ្នកព្រះបិតាពិជ័យនាគនោះ លុះចំរើនធំឡើង មានចំណេះប្រាជ្ញាឆ្លៀវឆ្លាត បំរើគ្រូ គ្រូក៏ពេញព្រះទ័យ និង រៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់។ សម្ដេចព្រះមហាសង្ឃរាជ (ព្រះសង្ឃសត្ថា ទ្រង់ប្រិតប្រៀនទាំងអក្សរសាស្ត្រ ទាំងសិល្បសាស្ត្រមន្តវិជ្ជាការ គាថា កៅទណ្ឌ ក្បួនតំរាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះហើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបានទំនាយឲ្យថា: កននេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន។ អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុស មានរូបរាងល្អមានចំណេះវិជ្ជា ប្រាជ្ញា ក៏ពូកែ អាយុ ១៦ ឆ្នាំហើយ ក៏នាំខ្លួនកូនទៅក្រាបទូលព្រះបរមបពិត្រ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបថា កនជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណ ឲ្យហៅនាយកន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំងនាយកន ជាឧកម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជា កោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្តចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្តជាច្រើន។ មានថ្ងៃមួយនោះ ព្រះបរមបពិត្រ ទ្រង់ចង់ទតព្រះនេត្រពីសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ ឧកម៉ឺនស្នេហាចមចិត្តកន ទើបទ្រង់ត្រាស់ឲ្យសំដែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកម៉ឺនស្នេហាចមចិត្តដំឡើងធ្នូ ចាប់ព្រួញម្ដង ៥ បាញ់ទៅម្ដង ព្រួញចេញទៅត្រូវដើមឈើ ផ្លែឈើទាំង ៥ ទិស។ ឧកម៉ឺនសូត្រគាថាបាលី និង ក្បួនតំរាអ្វីៗ ក៏ឃើញថាស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះចេះពីគ្រូណាមក។ ឧកម៉ឺនស្នេហាចមចិត្តក្រាបទូលថា: ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជកាលនៅជាព្រះសង្ឃសត្ថា។ លុះក្រោយនោះព្រះម៉ែនាងកេសរបុប្ផា ព្រះស្នំឯកកើតរោគាជាទំងន់។ ពេទ្យហ្មច្រកថ្នាំប៉ុន្មាន ក៏មិនបានស្រាកស្រាន្តសោះឡើយ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសថានថា: សូមឲ្យតែព្រះម្នាងកេសរបុប្ផាសះជាចុះ ព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គនឹងឲ្យខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯកទៅជំរះស្មៅព្រះអារាមរាល់ថ្ងៃសីល។ ទ្រង់បួងសួងតមក ៧ ថ្ងៃ ជំងឺនោះបានសះស្បើយជាដូចព្រះហឫទ័យ។ ព្រះអង្គស្ដេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឲ្យសាងព្រះវិហារមួយជាព្រះអារាមហ្លួង។ អ្នកព្រះមាតាបិតា ក៏ធ្វើបុណ្យឆ្លងតាមព្រះពុទ្ធានុញ្ញាតរួចស្រេច ស្ដេចត្រាស់បង្គាប់ភ្នាក់ងារព្រះសន្ធិយា (មកពីពាក្យសាណីក្លាយមកជាសាណីយ ហើយក្លាយមកទៀតជាសន្ធិយា ប្រែថាវាំងនន) ឲ្យយកវាំងននទៅបាំងជួរស្នួទាំងសងខាងផ្លូវតាំងពីព្រះរាជវាំងរៀងទៅដល់វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំ អករ៍យាយថា: បើដល់ថ្ងៃឧបោសថកាលណាឲ្យនាំអ្នកព្រះស្នំឯកទៅជំរះស្មៅព្រះវិហារនោះឲ្យរាល់ថ្ងៃសីល កុំឲ្យខានឡើយ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែង វាំងននក៏ចេះតែដាច់ដាចទៅជារឿយៗនឹងតាំងដេរធ្វើជាថ្មីឡើងវិញ ក៏គ្មានប្រយោជន៍ប៉ុន្មាន។ ខណៈនោះ ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ឲ្យមន្ត្រីក្រុមវាំង រកកូនឈើឫស្សីព្រេចមកដាំជារបងជាកំពែងទ័ពទាយរាយរៀបដាក់ឲ្យជិតគ្នាជារបាំងវាំងនន ជាស្នួមិនឲ្យមនុស្សមើលពីក្រៅទៅឃើញអស់អ្នកអស់នាងនោះឡើយ។ អាស្រ័យហេតុនោះហើយបានជាកាលជាអនាគតរៀងមកខ្លះហៅ វត្តម៉ែបាន ខ្លះហៅ វត្តព្រែបាំងព្រោះចូលចិត្តតាមហេតុ ដែលខ្លួនដឹងទីទៃៗគ្នា។ ក្រោយពីនោះមកអ្នកព្រះស្នំឯកមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមចៅពញាយសរាជាជាព្រះរាជឱរសាធិរាជនៃព្រះបរមបពិត្រអ្នកជាម្ចាស់ជីវិតលើត្បូង។

ស្ដេចកនភៀសខ្លួន

កែប្រែ

ព្រះស្ដេចកនបានដាវនោះរត់ទៅដល់វត្តសម្ដេចព្រះសង្ឃរាជ "សង្ឃសត្ថា" តាមដំណើរ។ សម្ដេចមានថេរវាចាថា: បាកុំនៅក្នុងទីនេះឡើយបានឹងមានរាជភ័យជាមិនខាន។ បើបាឯងចង់ឲ្យរួចភ័យចូរបារត់ទៅទិសបូព៌ចុះ តែ ៣ ឆ្នាំបានឹងបានជាធំពុំខានឡើយ។ ព្រះស្ដេចកនបាន ឮទំនាយគ្រូហើយត្រេកអរណាស់ ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ត។ នៅទីនោះ ព្រះស្ដេចកនបានប្រទះនឹងទាសកម្មកររបស់ខ្លួនដែលបិតាមាតាឲ្យមករកលោកចាប់យាមឲ្យ។ ព្រះស្ដេចកន ​​​​​​​​​ត្រេកអរណាស់ ក៏ប្រើឲ្យទៅយកធ្នូព្រួញសំរាប់ខ្លួននៅឯផ្ទះនោះ ហើយប្រមូលបាវព្រាវសន្មតឲ្យមកជួបជុំនៅព្រៃថ្មដា។ ឯខ្លួនក៏រត់ទៅពួននៅប្របភូមិថ្មដានោះ ចាំអស់បាវព្រាវនិងស្ម័គ្របក្សពួក។ ទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយក៏ជំរាបអ្នកបិតាពិជ័យនាគ និង អ្នកមាតាម៉ែបានថាទៅជួបនឹងលោកព្រះស្ដេចហើយ។ លោសុខសប្បាយទេ។ លោកប្រើខ្ញុំបាទឲ្យត្រឡប់មកយកធ្នូសំរាប់កាន់នោះទៅជូនលោកវិញ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេក៏មានចិត្តត្រេកអរណាស់យកធ្នូនោះប្រគល់ឲ្យទៅទាសកម្មករជាបំរើ។ ​​​​​​បំរើទាំងនោះក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួកបានប្រមាណ ៥០ នាក់ហើយក៏រត់ត្រឡប់មកជួបនឹងព្រះស្ដេចកនវិញ។ ព្រះស្ដេចកននាំស្ម័គ្របក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ។ វេលាព្រលប់ហើយទាំងអស់គ្នាក៏នាំគ្នាឡើងទៅលើផ្ទះចៅហ្វាយស្រុក។ ព្រះស្ដេចកន ឃើញចៅហ្វាយស្រុកកំពុងស្ដីការរាជការ យល់ប្រហែលខ្លួន ទើបស្ដេចកនក្លែងស្រែកថា: មានព្រះរាជឱង្ការឲ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់​​​​ចូលនឹងចៅពញាចន្ទរាជា។ ថាហើយ កនក៏ស្ទុះទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ។ អស់ក្រមការ រាស្ត្រប្រជា ក៏ភ្ញាក់ផ្អើលឆោឡោអឺងកង ទើបព្រះស្ដេចកន ឧបាយស្រដីថា: "ហ្លួងទ្រង់ជ្រាបថា" ចៅហ្វាយស្រុកនេះក្បត់ចូលនឹងចៅពញាចន្ទរាជាដើម្បីនឹងដណ្ដើមរាជ្យ។ ហេតុនោះហើយបានជាទ្រង់ត្រាស់បង្គាប់ឲ្យអញចេញមកសំលាប់។ បើអញសំលាប់បានហើយឲ្យកេណ្ឌទ័ពនាំចូលទៅលើកចៅពញាយសរាជាជាព្រះរាជឱរសដែលត្រូវជាក្មួយអញឲ្យឡើងសោយរាជ្យ។ អស់អ្នករាល់គ្នាដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ។ ចូលអ្នកនាំគ្នាយកអាសាថ្វាយព្រះករុណាវិញទើបជា។ បើបានសំរេចការណ៍ថ្ងៃណានោះពល (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្ដាវណ្ណៈទាំងបួនគឺ ព្រាហ្មណ៍ ក្សត្រិយ៍ វៃស្ស សូទ្រ ពលព្រះរតនត្រៃ) នឹងឲ្យរួចជាព្រៃងារ (ព្រៃងារ គឺមនុស្សអ្នកជាធម្មតាជាមនុស្សយកភាគទី៣។ ​​​​មនុស្សពួកនេះ មានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង)។ ព្រៃងារនឹងឲ្យឡើងជាមន្ត្រី ហើយមន្ត្រីនឹងឲ្យជានាម៉ឺនធំតាមមានគុណបំណាច់តិចច្រើន។ ឯអស់ក្រមការ ប្រជារាស្ត្របានឮ ឃុនហ្លួងព្រះស្ដេចកន និយាយបោកប្រាស់ដូច្នោះ ក៏ជឿចិត្តចុះចូលទាំងអស់។ ព្រះស្ដេចកនចែកចាត់ជា មេកង មេទ័ព ទៅកេណ្ឌពលហើយឲ្យចេញទៅសង្កត់ស្រុកតូចធំរៀងមកដល់ខេត្តព្រៃវែងជាមុនបណ្ដាលឲ្យចៅហ្វាយស្រុកទាំងនោះជឿស្ដាប់ទៅទើបបានខែត្រព្រៃវែងនោះ និង ​​​​​​​​​​​​​​​ខែត្រឯទៀតជាច្រើនជាចំណុះ។ ឯកងល្បាតរបស់ពញាយមរាជ និង វង្សាអគ្គរាជយល់មនុស្សម្នាក់ស្លាប់ក៏ដឹងថាព្រះស្ដេចកនសំលាប់ តែពុំដឹងជារត់ទៅទិសណា។ លុះស៊ើបតាមរាស្ត្រប្រជាទៅទើបដឹងជាក់ជារត់ទៅតាំងខ្លួនឯស្រុកបាភ្នំ។ ទាហានរបស់ពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថានឹងលើកទ័ពតាមទៅចាប់ព្រះស្ដេចកន តែរាស្ត្រទាំងនោះឃាត់ថានឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះស្ដេចកនសង្កត់បានតាំងពីខេត្តតូចធំ ចុះចូលជាច្រើនមានកងទ័ពរាប់ម៉ឺនរាប់ពាន់ទៅហើយ។ ឯនាយកងល្បាតស្ដាប់បានដំណឹងជាក់ហើយក៏នាំគ្នាយកសេចក្ដីនោះចូលទៅប្ដឹងចៅពញាយមរាជ និង ចៅពញាវង្សាអគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះយកសេចក្ដីនោះនាំឡើងក្រាបបង្គំទូលថា: សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឲ្យធ្វើសំបុត្រប្រាប់ប្រាមទៅកូនឲ្យចូលមកគាល់។ បើកូនពុំចូលមកទេ សឹមយើងលើកទ័ពធំទៅចាប់ព្រះស្ដេចកន ព្រះស្ដេចកនគង់រត់មិនរួចឡើយ។ សម្ដេចព្រះបរមពិត្រទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និង ព្រះស្នំឯកជាបងឲ្យធ្វើសំបុត្រប្រាប់ទៅព្រះស្ដេចកនឲ្យចូលមកគាល់ចុះទ្រង់នឹងលើកទោស លែងឲ្យមានទោសតទៅទៀតហើយ។ ព្រះពិជ័យនាគ និង ព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់។ លុះបំរើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា: ខ្ញុំជារាជបំរើហ្លួង។ ហ្លួងឲ្យខ្ញុំនាំសំបុត្រព្រះពិជ័យបិតា មកជូនឃុនហ្លួងព្រះស្ដេច។ ឃុនហ្លួងព្រះស្ដេចដឹងកលនេះយល់ប្រាកដជាបិតាឲ្យមកយកខ្លួនហើយក៏គិតថា: អញបានចំណាប់ហើយ អញត្រូវនិយាយឲ្យរាស្ត្រដឹងឮច្បាស់ថា ហ្លួងឲ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួងព្រះស្ដេចកន ក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា: ព្រះរាជឱង្ការនេះឲ្យមកតឿនការសំងាត់ហើយ។ ថាយើង ក៏រៀបចំមិនទាន់ស្រេច ដោយក្រមការធ្វើការធ្វេសប្រហែសពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការឲ្យអញ្ជើញមកដល់ហើយ ដូច្នេះចូរអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញព្រះរាជឱង្ការនោះចូលមក។ ក្រមការឮដូច្នោះហើយ រឹងឃើញថាកលរបស់ឃុនហ្លួងព្រះស្ដេចកននេះជាការណ៍ពិតណាស់ក៏តែងខ្លួនតាមយសសក្ដិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និង គ្រែមួយ ព្រមទាំងតោក ៥ជាន់ ចេញទៅតំកល់សំបុត្រនោះចូលមកតំកល់ក្នុងបន្ទាយ។ ព្រះស្ដេចកនក៏ក្លែងធ្វើជាក្រាបថ្វាយបង្គំ ៣ ដងហើយបណ្ដេញក្រមការទាំងអស់ឲ្យចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសំងាត់។ ក្រមការទាំងអស់ ក៏ជឿពិតថា សេចក្ដីព្រះរាជឱង្ការនោះជាសំងាត់ ឲ្យមកតឿនការសំងាត់ គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះ ព្រះស្ដេចកនមើលដឹងសេចក្ដីថា ព្រះពិជ័យនាគបិតា និង ព្រះស្នំឯកប្រាប់មកឲ្យខ្លួនចូលទៅគាល់ហ្លួង ហ្លួងនឹងលើកទោសហើយ។ ព្រះស្ដេចកន មើលចប់ដឹងសេចក្ដីហើយ ក៏ឆ្លើយប្រាប់ក្លែងទៅនឹងបំរើវិញថា: ឲ្យជំរាបលោកឪពុក និង អ្នកបងថា! ទ្រង់ព្រះមេត្តាប្រោស លើកលែងទោសដូច្នោះ នោះព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការតាមដើមវិញ តែសូមបង្អង់ចាំចាត់ឲ្យរាស្ត្រប្រជាដែលតាមមកផងនោះ ត្រឡប់ទៅទីលំនៅវិញសិន។ ខ្ញុំចាត់ការនេះស្រេចកាលណា ខ្ញុំនឹងចូលទៅជាក្រោយ កុំឲ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយ នាយកនក៏ឲ្យរាជបំរើនោះត្រឡប់មកវិញ។ រាជបំរើនោះចេញផុតទៅ ព្រះស្ដេចកនធ្វើជារត់តាមទៅស្រែកផ្ដាំថា: ឲ្យលោកឪពុក និង អ្នកបងក្រាបទូលការណ៍នោះថាជិតបានសំរេចហើយខ្ញុំនឹងលើកទៅឆាប់ហើយឲ្យទ្រង់ទុកព្រះរាជហឫទ័យចុះ។ អ្នកឯងមកឃើញមនុស្សម្នាមកកកកុំនឹងភ្នែកហើយ។ ខណៈដែលព្រះស្ដេចកនស្រែកផ្ដាំដូច្នោះ បំរើចូលចិត្តថាប្រាកដជានឹងលើកលែងក្បត់ហើយ ហើយឲ្យកងទ័ពត្រឡប់ទៅស្រុកវិញមែន។ ចំណែកក្រមការ និង កំណែនទាំងប៉ុន្មាន កាលបានស្ដាប់សំដីថ្លែងរបស់ព្រះស្ដេចកននេះហើយក៏ជឿចូលចិត្តថាហ្លួងឲ្យមកតឿនកងទ័ពឲ្យប្រញាប់ទៅមែន។ ក្រោយនោះមក ព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ត្រឲ្យដឹងគ្រប់គ្នាថា: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើងឲ្យយើងចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជាបំរើឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយពុំដឹងឧបាយក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។ ព្រះរាជបំរើនោះត្រឡប់វិញទៅដល់ហើយ ក៏ចូលទៅក្រាបបង្គំទូលដំណើរតាមសេចក្ដីព្រះស្ដេចកនផ្ដាំមក។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការក៏ស្មានថាជាការពិតមែន ទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា: ឲ្យចាត់បំរើស្រីៗ ឲ្យស្ដីលួងលោមព្រះស្ដេចកន ឲ្យចូលមកឲ្យឆាប់ កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ។ អ្នកព្រះស្នំឯក ​​​​​​​​​​​​ពុំហ៊ានទូលទាស់ ក៏ចាត់បំរើស្រីស្រដីថា ឲ្យទៅស្រដីលួងលោមបញ្ចុះបញ្ចូលតាមត្រាស់បង្គាប់។ លុះបំរើទៅដល់ជំរាបថា: អ្នកជាម្ចាស់បានក្រាបបង្គំទូលសុំព្រះរាជទានលើកទោសអ្នកព្រះស្ដេចអស់ហើយ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឲ្យយូរទៅ ការណ៍នេះនឹងកើតជាសឹកសង្គ្រាមជ័យ ហើយអ្នកជាម្ចាស់ នឹងជួយលោកពុំរួចទេ។

ប្អូនប្រុស

កែប្រែ

ចាប់តាំងពីនោះមកមន្ត្រីសេនាទាហាន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ។ ពេលនោះសេនាទាហានដែលជាមេកំណែន កេណ្ឌរេហ៍ពលបានពីខែត្រខាងកើត ១២០០០០ នាក់ហើយនាំមកថ្វាយស្ដេចកន។ មហាឧបរាជកន ភូសំរេចរាជការ មហាក្រស័ត្រសឹកយល់ថាពលជួបជុំហើយទើបតាំងនាយកៅជាប្អូនម៉ែបានដែលត្រូវជាមាខ្លួនបង្កើតឲ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈ ហើយឲ្យឃុំពលមួយម៉ឺនប្រាំពាន់លើកទៅជួយមេទ័ពរបស់ខ្លួន ដែលតាំងបន្ទាយនៅភ្នំពេញតនឹងទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួង តាំងពីឧកម៉ឺនកែវជាចៅពញាក្រឡាហោមឲ្យឃុំពល ១៥០០០ នាក់ឲ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ពចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង។ ឯខ្លួនមហាឧបរាជកន ភូសំរេចរាជការ មហាក្រស័ត្រសឹក ឯងវិញឃុំពល ៤០០០០ នាក់លើកទៅជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅខែត្រកំពង់សៀមតនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈនោះ មេទ័ព និងខ្លួនមហាឧបរាជ ភូសំរេចរាជការ មហាក្រស័ត្រសឹក លើកទៅដល់បន្ទាយទាំង ៣ ហើយក៏ចូលតនឹងមេទ័ពហ្លួង ទាំង ៣ ផ្លូវបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែងរហូតដល់អាវុធខ្លីចូលប្រកាប់គ្នា កងទ័ពពីក្នុងបន្ទាយក៏បើកទ្វារបន្ទាយវាយផ្ទប់មកកងទ័ពហ្លួងនៅកណ្ដាលចំណោម។ កងទ័ពហ្លួងត្រូវនឹងអាវុធវែងខ្លីស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង ៣ ផ្លូវក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្ដេចព្រះបរមបពិត្រទ្រង់ប្រោសប្រណីដល់មេទ័ពទាំង ៣ នាក់មិនឲ្យមានទោសឡើយទ្រង់ប្រោសឲ្យធ្វើរាជការរៀងរាល់ខ្លួនតទៅទៀត។

ឯកសារយោង

កែប្រែ
  1. វត្តម៉ែបាន