វ្រះបាទជយវម៌្មទី៥ (ជ័យពម៌ទី៥) រជ្ជកាល (គ.ស ៩៦៨-១០០១) គឺជាក្សត្រមួយអង្គនៃកម្វុជទេឝ ព្រះនាមពេញ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីជ័យពម៌ទេព)។ ព្រះអង្គកសាងបង្ហើយប្រាសាទកែវតាកែវ។ រាជគ្រូព្រាហ្មណ៍យជ្ញវរាហ។ រាជបុរោហិតព្រាហ្មណ៍ ស្តេងអញ ឝិវាចាយ៌្យ ជាចៅរបស់ព្រាហ្មណ៍អាត្មឝិវ។ ក្រោយ​ពី​វ្រះបាទរាជេន្ទ្រវម៌្មទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​ទ្រង់​នៅ​មាន​វ័យ​ក្មេង​ណាស់​នៅ​ឡើយ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា វ្រះបាទ​ជយវម៌្មទី៥។ ក៏ប៉ុន្តែប្រហែល ៦​ ឆ្នាំ​ក្រោយ ទើប​ព្រះអង្គ​កាន់​អំណាច​ពិត​ប្រាកដ។ វ្រះបាទ​ជយវម៌្មទី៥ ទ្រង់​ជា​ស្ដេច​ដែល​មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ ដោយ​បាន​ទទួល​ការ​អប់រំ​ពី​សំណាក់​ព្រះ​គ្រូ​បាធ្យាយ​ព្រះអង្គគឺ​ព្រាហ្មណ៍យជ្ញវរាហ ហើយ​ទ្រង់​មាន​ព្រះទ័យ​សន្តោស​ប្រោសប្រណី និង​យុត្តិធម៌​ណាស់។

ជយវម៌្មទី៥
វ្រះបាទ
រជ្ជកាល៩៦៨-១០០១
រាជ្យមុនរាជេន្ទ្រវម៌្មទី២
រាជ្យបន្តឧទយាទិត្យវម៌្មទី១
ស្វាមី/មហេសីមិនស្គាល់
សន្តតិវង្សកៅណ្ឌិន្យ
បិតារាជេន្ទ្រវម៌្មទី២
មាតាមាតាបងប្អូនជាមួយមាតា ឧទយាទិត្យវម៌្មទី១

ថ្វី​ត្បិត​តែ​ព្រះអង្គ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​កាន់​សាសនា​ព្រះ​ឝិវ ក៏ប៉ុន្តែ​រជ្ជកាល​នេះ​ក៏​ដូច​ជា​រជ្ជកាល​មុនៗ​ដែរ ព្រះអង្គ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​ព្រះពុទ្ធ​សាសនា ដូចជា​ទ្រង់​បាន​បញ្ជា​អោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ គតិ ខិតខំ​ខ្នះខ្នែង​ជួសជុល និង​កសាង​បន្ថែម​ថ្មី​នូវ​ព្រះពុទ្ធ​បដិមា​ជាច្រើន ហើយ​បាន​ជាវ​ពី​បរទេស​នូវ​ក្បួន​ខ្នាត​គម្ពីរ​ដីកា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន ថែម​ទៀត​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ វ្រះបាទ​ជយវម៌្មទី៥ ទ្រង់​បាន​កសាង​ប្រាសាទ​តាកែវ ដែល​ចាត់​ទុក​ថា ជា​ភ្នំ​ហេមគីរី នៅ​ចំ​កណ្ដាល​ក្រុង​ថ្មី ជយេន្ទ្រនគរី ដែល​ព្រះអង្គ​ទ្រង់​បាន​បង្កើត​ឡើង។ ឯ​ព្រះ​គ្រូ​យជ្ញវរាហវិញ បាន​បង្កើត​ស្នាដៃ​ដ៏​ប្រណីត​បន្ទាយស្រី​ផង​ដែរ។ វ្រះបាទ​ជយវម៌្មទី៥ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ ​៩៦៨ ហើយ​សោយ​ទិវង្គត​នៅ​ឆ្នាំ​ ១០០១ ដែល​មាន​ព្រះ​មរណនាម​ថា វ្រះបាទបរមវិរលោក (ព្រះបាទបរមវីរលោក)។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៨) []

ប៉ុន្មានឆ្នាំដំបូង

កែប្រែ

ជយវម៌្មទី៥ បានស្នងរាជ្យបន្តពីព្រះបិតាទ្រង់ រាជេន្ទ្រវម៌្មទី២ នៅពេលនោះព្រះអង្គមានព្រះជន្មត្រឹមតែដប់វស្សា។ កំឡុងប៉ុន្មានឆ្នាំដំបូង ពួកមន្ត្រីក្នុងរាជវាំងនេះបានត្រួតពិនិត្យព្រះរាជកិច្ច។ ទ្រង់បានសិក្សាក្រោមបង្គាប់ព្រះរាជគ្រូដ៏សំបូរទៅដោយចំណេះដឹងមួយរូបគឺ យជ្ញវរាហ ជាព្រះនត្តានៃវ្រះបាទហឝ៌វម៌្មទី១។ យជ្ញវរាហជាអ្នកប្រាជ្ញដ៏ខ្លាំងពូកែ ដូច្នេះទ្រង់គឺជា "អ្នកទីមួយដែលមានចំណេះដឹងអំពីពុទ្ធសាសនា វេជ្ជសាស្ត្រ និង តារាសាស្ត្រ" [] និងនៅឆ្នាំ ៩៦៧ ទ្រង់បានកសាងប្រាសាទបន្ទាយស្រី ចាត់ទុកថាជារតនវត្ថុនៃសិល្បៈខ្មែរដោយសារសោភ័ណភាពដ៏ស្រស់ស្អាត និង ចំលាក់លៀនរាក់ៗ។ នៅពេលជយវម៌្មមានព្រះជន្មបានដប់ប្រាំពីរវស្សា ទ្រង់បានចាប់ផ្ដើមការសាងសំណង់ទីកន្លែងសក្ការៈបូជារដ្ឋរបស់ព្រះអង្គគឺ ប្រាសាទតាកែវ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដែលមិនអាចស្មានទុកបាន បានកើតឡើងនៅពេលនោះគឺមហាគ្រឹះត្រូវបានបាញ់ដោយរន្ទះបាញ់កំឡុងពេលសាងសង់។ រឿងនេះវាបាននាំមកនូវប្រផ្នូលអាក្រក់ ពួកព្រាហ្មណ៍នៅក្នុងរាជវាំងបានធ្វើពិធីបណ្ដេញព្រាយបិសាច ក្រោយមក ថ្ម និងដំរីត្រូវបាននាំយកមកដើម្បីបញ្ចប់ការងារសាងសង់នេះ ផ្ទុយទៅវិញវាមិនបានសំរេចបង្ហើយនៅឡើយ។ សំណង់នេះត្រូវបានគេបន្សល់ទុកដោយមិនទាន់បានបញ្ចប់។[]

ពង្សាវលី

កែប្រែ

ពួកឥស្សរជនដឹកនាំប្រទេស

កែប្រែ

គ្រួសារអភិជនបានគ្រប់គ្រងព្រះរាជវាំងរបស់ជយវម៌្មទី៥។ លោកប៊្រិហ្គស៍ សរសេរថា "ទំនងជាមិនមានរជ្ជកាលណាក្នុងប្រវត្តិសាស្ត្រខ្មែរបុរាណដែលនៅក្នុងនោះពួកមន្ត្រី អ្នកប្រាជ្ញ និង អ្នកមានបុណ្យសក្ដិជាច្រើនត្រូវបានគេវែកញែកក្នុងសិលាចារឹកជាច្រើន។"[] អាត្មឝិវបានធ្វើការបំរើក្រោមរាជ្យព្រះមហាក្សត្រអង្គមុនពីរអង្គជា រាជបុរោហិត និង មហាព្រាហ្មណ៍។ និងនរាយណ៍ ក៏បានបំរើក្រោមរាជ្យវ្រះបាទរាជេន្ទ្រវម៌្មទី២ជា ហោត្រ របស់ទ្រង់ ក៏ជាព្រាហ្មណ៍ជាន់ខ្ពស់មួយរូបដែរ។ យ៉ាងណាក្ដី គ្រួសារគ្រប់គ្រងដ៏មានឥទ្ធិពល និង អំណាចបំផុតក្នុងចំណោមគ្រួសារទាំងអស់នោះគឺត្រកូលសប្តទេវកុលដែលបានពិនិត្យចាត់ចែងរាជកិច្ចភាគច្រើនបំផុត។ គួរអោយចាប់អារម្មណ៍ដែលនោះ ត្រកូលនេះក៏បានជួយជ្រោមជ្រែងវ្រះបាទសូរ្យវម៌្មទី១ ឈោងយកអំណាចបាននៅឆ្នាំ ១០០២។

ប្រាសាទ

កែប្រែ
  • ប្រាសាទភិមានអាកាស កសាងនៅចុងស.វ ទី១០ និងដើមស.វទី១១ នៃគ.ស ឧទ្ទិសដល់សាសនាព្រហ្មញ្ញ ប្រាសាទព្រះពិធូរមានទីតាំងជាប់ប្រាសាទបាយ័ន ក្រោយលានប្រជល់ដំរី
  • ប្រាសាទ​ឃ្លាំង​ខាងជើង​កសាងឡើង​នៅ​សតវត្ស​ទី១០ ដោយ​វ្រះបាទ​ជយ​វម៌្មទី៥។ ក្រៅពី​ប្រាសាទ​ទាំងពីរ​ដែល​ឋិត​ក្នុង​រចនាបថ​ឃ្លាំង នៅមាន​ប្រាសាទ​ផ្សេងទៀត​ដូចជា​ប្រាសាទភិមានអាកាស និង​ប្រាសាទតាកែវ​ក៏​ឋិត​ក្នុង​រចនាបថ​ឃ្លាំង​ផងដែរ។ ឃ្លាំង​មានន័យថា​ជា​បន្ទប់​សំរាប់​ផ្ទុក​នូវសំភារៈផ្សេងៗ ក៏ប៉ុន្តែ​ប្រាសាទ​នេះ​មិនមែន​ជាឃ្លាំង​ផ្ទុក​ដូច​ឈ្មោះ​នោះទេ ផ្ទុយទៅវិញ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ទីនេះ​ទំនងជា​កន្លែង​សំរាប់​ទទួលភ្ញៀវ​របស់​ព្រះមហាក្សត្រដូចជា​ពួក​អភិជន ឬ​ជនបរទេស​ជាដើម។ ប្រាសាទ​ឃ្លាំង​ខាងជើង​កាលដើមឡើយ​ក្នុង​រាជ​វ្រះបាទ​រាជេន្ទ្រវម៌្មទី២ សាងសង់ឡើង​ពី​ឈើ ប៉ុន្តែ​ត្រូវ​រុះរើ​ជួសជុល​ពី​ថ្មភក់​វិញ​ម្ដង​ដោយ​វ្រះបាទ​ជយវម៌្មទី៥ មុន​ការសាងសង់​ប្រាសាទ​ឃ្លាំងខាងត្បូង។ ក្រោយ​ពីវ្រះបាទ​ជយវម៌្មទី៥ ទ្រង់​សោយ​ទិវង្គត​ទៅ ក្មួយ​ខាង​ព្រះ​មាតា​របស់​ព្រះអង្គ​ព្រះនាម​ឧទយាទិត្យាវម៌្មទី១ ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ​វ្រះបាទ​ឧទយាទិត្យាវម៌្មទី១ សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ព្រះអង្គ​ក៏​ទ្រង់​ដាក់​រាជ្យ ឬ​ក៏​ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ក្នុង​ឆ្នាំ​ ១០០២។ ក្រោយ​ពី​ពេល​នោះ​មក សង្គ្រាម​ស៊ីវិល​មួយ​ក៏​បាន​ផ្ទុះ​ឡើង​មាន​រយៈពេល ៩ ​ឆ្នាំ។
  • ប្រាសាទបន្ទាយស្រី បានសាង​ឡើង​ដោយ​មុខ​មន្ត្រីមួយ​រូប​ឈ្មោះ យជ្ញវរាហ ​ដែល​មាន​ងារ​ជា "ព្រះ​គ្រូ" នៃ​វ្រះ​បាទ​រាជេន្ទ្រវម៌្ម ហើយ​បន្ទាប់​មក​ទៀតនៃ​វ្រះ​បាទ​ជយវម៌្មទី៥ ដែល​ជា​ព្រះ​រាជ​បុត្រ​ផង​។ ស្នា​ដៃ​នេះ​មានប្អូន​ប្រុស​ម្នាក់ ​និង​ប្អូន​ស្រី​ម្នាក់​ទៀត​របស់​គាត់​មក ​រួម​ចំណែក​ដែរ។ ប្រាសាទ​នេះ ផ្ដើម​សាង​ឡើង​នៅ​គ.ស ៩៦៧ ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​ឦឝ្វរ ដែល​មាន​នាម​ពិសេស​ថា "ត្រីភុវតមហេឝ្វរ" ។ ចំលាក់ក្បូរ​ក្បាច់​រចនា​នៅ​ទីនោះ​មាន​ភាព​លំអិត​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គេ​ឯង​រាល់​គ្នា​និយម​ហៅ​ប្រាសាទ​នេះ​ថា​ជា​ "អលង្ការ​ដ៏​ប្រណិត​នៃ​សិល្បៈ​ខ្មែរ​"។

[]

ការផុសឡើងនៃពុទ្ធសាសនាមហាយាន: ការផុសឡើងនៃអំណាចស្ត្រី

កែប្រែ

ទោះបីយ៉ាងណា ជយវម៌្មទី៥គឺជាអ្នកឝៃវ ព្រះអង្គក៏មានការសណ្ដោសប្រណីយ៉ាងខ្លាំងចំពោះពុទ្ធសាសនាដែរ។ និងនៅក្រោមរជ្ជកាលរបស់ទ្រង់ ពុទ្ធសាសនាបានរុងរឿងរីកចំរើន។ កិរ្តិបណ្ឌិត មន្ត្រីពុទ្ធសាសនារបស់ទ្រង់ បាននាំយកអត្ថបទបុរាណពីដែនដីបរទេសចូលមកកម្ពុជទេឝ យ៉ាងណាក្ដីវាមិនបាននៅគង់វង្សទេ។ ទ្រង់មិនតែប៉ុណ្ណោះបានបង្គាប់បញ្ជាដល់បព្វជិតទាំងនោះឱ្យប្រើអ្នកសូត្រមន្តពុទ្ធសាសនាសូត្រមន្តដូចខាងព្រហ្មញ្ញសាសនាកំឡុងពេលធ្វើពិធីសាសនា។

ព្រះពុទ្ធបង្រៀនឱ្យមានមេត្តាធម៌ចំពោះសព្វសត្វទាំងឡាយ និង ការងើបឡើងនៃពុទ្ធសាសនាកំឡុងរជ្ជកាលជយវម៌្មទី៥ ក៏បាននាំឱ្យស្ត្រីឈានដល់មុខតំណែងខ្ពង់ខ្ពស់ជាច្រើន។ ជហវី ប្អូនស្រីនៃយជ្ញវរាហ បានជួយរៃអង្គាសថវិកាដើម្បីការសាងសង់បន្ទាយស្រី ដែលពេលនោះប្រាសាទនេះមិនបានកសាងឡើងដោយព្រះមហាក្សត្រអង្គនេះឡើយ។ ប្រាណស្ថិតនៅក្នុងគ្រួសារសប្តទេវកុលគឺជាទីប្រឹក្សាជាទីទុកចិត្តរបស់ព្រះអង្គ។ "ស្មេរចិនកោតសរសើរដល់ស្ត្រីនៅកម្វុជទេឝចំពោះចំណេះវិជ្ជាខាងហោរាសាស្ត្រ និង រាជការរបស់ខ្លួន និងនិយាយថាស្ត្រីក្នុងខត្តិយវង្សជួនកាលបានកាន់តំណែងនយោបាយ រួមមានជាចៅក្រមទៀតផង។" []

បច្ឆាមរណនាម

កែប្រែ

រជ្ជកាលរបស់ជយវម៌្មទី៥ បានបន្តអស់រយៈពេលប្រហែល ៣០ ឆ្នាំ និងនគររបស់ទ្រង់មានសន្តិភាព និង រុងរឿង។ ទ្រង់បានសោយទិវង្គតនៅឆ្នាំ ១០០១ និងទទួលបានបច្ឆាមរណនាម វ្រះបាទបរមវិរលោក

គោរម្យងារសំរាប់រាជ្យ
មុនដោយ
រាជេន្ទ្រវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
៩៦៨–១០០១
តដោយ
ឧទយាទិត្យវម៌្មទី១

កំណត់

កែប្រែ
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-08-31. Retrieved 2018-06-07.
  2. Briggs, The Ancient Khmer Empirep. 134
  3. Higham, The angkor Civilization p. 79
  4. Jump up to: ៤,០ ៤,១ Briggs, The Ancient Khmer Empire p. 135
  5. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-04-07. Retrieved 2018-06-07.

ឯកសារយោង

កែប្រែ
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.
  • Higham, Charles. The Civilization of Angkor. University of California Press 2001.