បរមសោករាជ
ព្រះបាទ
រជ្ជកាលគ.ស ១៤១២-១៤១៦
រាជ្យមុនព្រះបាទស្រីសុរិយោវង្ស
រាជ្យបន្តព្រះចៅឥន្ទរាជា
ព្រះនាមពេញ
​​​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមសោករាជ​ ​មហារាជាធិរាជ
សន្តតិវង្សទេវង្សអស្ចារ្យ រឺ អង្គជ័យ
បិតាព្រះបាទធម្មាសោករាជ
ប្រសូតគ.ស ១៣៨៣
មហានគរ
សុគតគ.ស ១៤១៦
មហានគរ

ព្រះបាទ​បរមសោករាជ (គ.ស ១៣៨៣-១៤១៦) រជ្ជកាល (គ.ស ១៤១២-១៤១៦)​ ​ដែល​ត្រូវជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ធម្មាសោករាជ​ ​ព្រះមហាក្សត្រ​ទី​៣១​ ​បាន​ទទួល​ព្រះ​រាជាភិសេក​យ៉ាង​មហោឡារិក​ ​នៅ​ថ្ងៃ ​៥​កើត ខែកត្ដិក​ ​ឆ្នាំម្សាញ់​ ​ព.ស​ ១៩៥៧, ម.ស ​១៣៣៥, ច.ស​ ១៤១៣។ ព្រះ​អង្គ​ទ្រង់​បាន​ព្រះ​ជន្ម​ ២៩ ​វស្សា។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​ទី​៣៣។​ ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម​ជា​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមសោករាជ​ ​មហារាជាធិរាជ។​ ឆ្នាំវក​ ​ព.ស​ ១៩៦០, ម.ស ​១៣៣៨, ច.ស​ ៧៧៨, គ.ស​ ​១៤១៦ (កាលបរិច្ឆេទ​នេះ​ ​មិន​ដូច​គ្នា​ទាំងអស់​ទេ​ ​បើ​ប្រៀបធៀប​ជាមួយ​ពង្សាវតារ​ឯទៀត)។ កាលនោះ​ព្រះអង្គ​មាន​ព្រះ​ជន្ម ​៣២ ​វស្សា​ ​ហើយ​សោយរាជ្យ​ទើបតែ​បាន​ ៤ ​ឆ្នាំ​ ​ស្ដេច​សៀម​ដែល​សោយរាជ្យ​នៅ​ក្រុង​ស្រីអយុធ្យា​ ​បាន​លើកទ័ព​យ៉ាង​ធំ​ច្រើន​គគ្រឹកគគ្រេង​អស្ចារ្យ​ ​ចូល​មក​វាយប្រហារ​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​ម្ដងទៀត។​ ទ្រង់ប្រហែលសុគតនៅ គ.ស ១៤១៦។

ព្រឹត្តិការណ៍ឈ្លានពានរបស់សៀម

កែប្រែ

ស្ដេច​សៀម​អង្គ​នេះ​ដែល​ជាប់​ជា​កូនចៅ​របស់​ព្រះ​រាមេសូរ​ ​មានឈ្មោះ​ថា​ ​ចៅសោមពញា។​ ​ឯ​គោរម​នាម​ព្រះមហាក្សត្រ​វិញ​គឺ​ ​ព្រះ​បរមរាជា​ (បើ​តាម​អ្នក​ប្រវត្ដិវិទូ​ឯកទេស​ខ្លះ​ ​គេ​បាន​ប៉ាន់​ស្មានថា​ ​ស្ដេច​សៀម​អង្គ​នេះ​ ​ជា​ព្រះ​បរមរាជា​ទី​២​ ​ដែល​សោយរាជ​សម្បត្តិ​នៅ​ប្រទេស​សៀម​ពី​គ.ស ​១៤០៤​ ​ដល់​ ១៤៤៨ តែ​ចំណោទ​ស្ថិត​នៅ​ត្រង់​កាលបរិច្ឆេទ​ ​ថ្ងៃខែ​ឆ្នាំ​ដែល​មិន​ស្របគ្នា)។ គ្រានោះ​កងទ័ព​សៀម​ដែល​ដឹកនាំ​ដោយ​ចៅសោមពញា​ ​ឬ​ព្រះ​បរមរាជា​ទី​២​ ​មាន​ចំនួន​ដល់​ទៅ ​១០ ​ម៉ឺន​នាក់ ចែក​ចេញ​ជា​៤​កងពល​ធំៗ។​ព្រះ​អង្គ​បាន​ចាត់​កូនប្រុស​ព្រះ​អង្គ​ ​ឈ្មោះ​ឥន្ទរាជា​ ​ជា​មេទ័ព​ស្រួច ។​

កងទ័ព​សៀម​ វាយប្រហារ​ ​ដណ្ដើម​យក​បាន​ខេត្ដ​ខ្មែរ​មួយ​ម្ដងៗ​ ​ជាប់​តែ​តាម​ផ្លូវ​រហូត​ដល់ទី​ក្រុង​មហានគរ។​ ​ស្ដេច​សៀម​បាន​បញ្ជា​ឲ្យ​មេទ័ព​ពល​សេនា​ ​ឡោម​ហ៊ុំព័ទ្ធ​ជិតជុំ​វិញ​មហានគរ។ ​ចំណែក​ខាង​ខ្មែរ​វិញ​ ​ដែល​នៅ​ក្នុង​មហានគរ​ ​ព្រះ​បរមសោករាជ​បាន​បញ្ជា​ឲ្យ​ការពារ​កំពែង​នគរ​ដោយ​មុតមាំ។​ ​ព្រះ​អង្គ​បាន​ចាត់តាំងពញាកែវ ​ជា​មេទ័ព​ការពារ​កំពែង​រាជធានី​ទិស​ខាងលិច​ ​ពញា​ទ័យ​(ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ ​ម្ដង​ថា​ ​ពញា​កែវ​ ​និង​ពញា​ទ័យ​ ​ជា​កូន​ព្រះបាទ​ធម្មាសោករាជ ​ម្ដងទៀត​ថា​ជា​កូន​ព្រះបាទ​ស្រីសុរិយោវង្ស) ជា​មេទ័ព​កំពែង​ខាងជើង​ ​ព្រះចៅពញាយ៉ាត​ ​ព្រះរាជបុត្រ​ព្រះ[ស្រីសុរិយោវង្ស ​ជា​មេទ័ព​ការពារ​កំពែង​ទិស​ខាងត្បូង​ ​និង​សម្ដេច​ចៅ​ហ្វាទឡ្ហៈ​ ​ជា​មេទ័ព​ទិស​ខាងកើត។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ ​បាញ់កាំភ្លើង​ (នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន) ព្រួញធ្នូ​ ស្នា​ ​គប់​ចោល​លំពែងដុំ​ថ្ម​ ​ស្រោប​ស្រប់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​សភាព​ខ្លាំង​សម្បើម​អស្ចារ្យ​ ​ជា​ហូហែ​រៀងរាល់ថ្ងៃ​ ​ឥត​មាន​ស្រាកស្រាន្ដ​ឈប់​សម្រាក​សោះឡើយ។​ ​ពល​រេហ៍​ទាំង​សងខាង​មាន​របួស​ ​និង​ស្លាប់​ជា​ច្រើន​ដេរដាស​ដេក​ពាសពេញ​តាម​ជើង​កំពែង​មហានគរ។​ ​រហូត​មក​ដល់​ខែជេស្ឋ​ ​ត្រូវជា​ប្រាំពីរ​ខែ​ហើយ​ ​ដែល​ចម្បាំង​កាប់​ចាក់​ប្រយុទ្ធ​គ្នា​រវាង​ខ្មែរ​ ​និង​សៀម​នៅ​តែ​បន្ដ​យ៉ាង​សាហាវ​ជានិច្ច មិនទាន់​មាន​ចាញ់ ឬ​មាន​ឈ្នះ។​​ ​កងទ័ព​សៀម​នៅ​តែ​ហ៊ុំឡោម​ព័ទ្ធ​ជិតជុំវិញ​ព្រះរាជធានីខ្មែរ​ដដែល តែ​សៀម​នៅ​តែ​វាយ​បំបែក​ ​ដណ្ដើម​យក​មហានគរ​មិន​បាន។

គ្រានោះ ​បើ​តាម​ពង្សាវតា​សម្ដេច​វាំង​ជួន​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៣​ ​ព្រះ​បរមសោករាជ​មាន​ជំងឺជា​ទម្ងន់​ ​ដោយសារ​អាក់អន់​ស្រពន់​ព្រះ​ហឫទ័យ​ ​តូចចិត្ដ​នឹង​ក្រុម​អ្នក​ជិត​ស្និទមុខមន្ដ្រី​ខ្លះ​ដែល​ក្បត់​ទៅ​ឃុបឃិត ​ផ្សំ​គំនិត​ ​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​សត្រូវ។​ ​ពង្សាវតារ​វត្ដ​កោកកាក​បាន​បញ្ជាក់​ថា​ ​ជន​ក្បត់​ទាំងនោះ​ ​គឺ​ពញា​កែវ​ ​និងពញាទ័យ។​ ​ជន​ក្បត់​ទាំង​ពីរ​នាក់​ជា​អ្នក​ដៃដល់​ធ្វើឃាត​ព្រះមហាក្សត្រ។​ ​ព្រះបាទ​បរមសោករាជ​ ​ចូល​ទិវង្គត​នៅ​ឆ្នាំវក​ដដែល​ ​ក្នុង​ព្រះ​ជន្ម ​៣២ ​វស្សា ក្រោយ​ដែល​សោយរាជសម្បត្តិ​ប្រទេស​ខ្មែរ​បាន​ ៤​ ឆ្នាំ។​

ការ​ក្បត់​លក់​ជាតិ​របស់​ព្រះ​ញាតិវង្ស​ស្ដេច​ ​និង​មន្ដ្រី​ខ្មែរ​ ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មហានគរ​ត្រូវ​បែកបាក់​រលំរលាយ ​សៀម​យក​បាន។​ ​យុទ្ធវិធី​សៀម​ទី​១​ ​គឺ​បញ្ចុះបញ្ចូល​ ​បញ្ជា​ទិញ​បំបែកបំបាក់​អ្នកដឹកនាំ​ខ្មែរ​នៅ​ខាងក្នុង។​ ​និង​ទី​២​ សៀម​បញ្ជូន​មនុស្ស​ឲ្យទៅ​បង្កប់ខ្លួន​ផ្ទៃក្នុង​ ចាំ​ស្ដាប់​លប​លួច​យកការណ៍​ ​និង​ធ្វើ​វិទ្ធង្សនា​ផ្សេងៗ។​ ​សៀម​ប្រើ​ជា​និច្ច​នូវ​គ្រប់​មធ្យោបាយ​ ​ល្បិច​កិច្ចកល​ ​ដើម្បី​លួច​ប្លន់​ដណ្ដើម​យក​ទឹកដី​ខ្មែរ។​ ​ពង្សាវតា​វត្ដ​ទឹកវិល​ ​បាន​សរសេរ​គូសបញ្ជាក់​ថា​ ឧបាយកល​ដែល​ស្ដេច​សៀម​យក​មក​ប្រើ​នោះ​ ​គឺ​គេ​យក​មេទ័ព​ស្មោះត្រង់​ប្រាំមួយ​នាក់​ ​ឲ្យមក​ដើរតួ​ជា​ជន​ក្បត់​ ហើយ​រត់ទៅ​សុំ​ចុះចូល​នៅ​បម្រើ​ស្ដេច​ខ្មែរ។​ ​ស្ដេច​សៀម​បាន​សន្យា​អះអាង​ប្រាប់​មេទ័ព​ស្មោះត្រង់​ទាំងនោះ​ថា​ ​បើ​វាយ​យក​មហានគរ​បាន​ដូច​ក្ដី​បំណង​មែន​នោះ ​ព្រះ​អង្គ​ប្រទាន​រង្វាន់​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​ ​និង​ទ្រព្យសម្បត្តិ​សម្បូរ​ហូរហៀរ​តាម​ចិត្ដ​ប្រាថ្នា។​ ​មេទ័ព​សៀម​ទាំង​ ៦​ នាក់​មាន​ឈ្មោះ​ ​នាយ​អៀន​ ​នាយ​សាន​ ​នាយ​ច័ន្ទ​ ​នាយ​ដេត​ ​នាយ​កៅ​ ​និង​នាយ​ឌី។​ ​ដើម្បី​រៀបចំ​គម្រោងការណ៍​ ​ឆាកល្ខោន​ក្បត់​ឲ្យ​សមរម្យ​ល្អ​ ​មើលទៅ​ឃើញ​ពិតជា​រឿង​ក្បត់​មែនទែន​ ព្រះមហាក្សត្រ​សៀម​បាន​ចោទប្រកាន់​មេទ័ព​ទាំង ​៦​ នាក់​ថា​ ​មិន​បាន​នាំ​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តាម​បទបញ្ជា​ទេ​ ​ហើយ​បែរជា​ខ្លាច​សត្រូវ​នាំ​កូន​ទ័ព​រត់​ដកថយ​ទៅ​វិញ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​ទទួលទោស​ទៅ​តាម​ច្បាប់​វិន័យ​ដែល​បាន​កម្រិត។​ ​ស្ដេច​សៀម​បញ្ជា​ឲ្យ​ចាប់​មេទ័ព​សៀម​ទាំង​៦​នាក់​យក​ទៅ​ចង​ផ្អោប​នឹង​ បង្គោល​ ​វាយ​ម្នាក់ ​៥០ ​រំពាត់​ ​ដែក​ដុត​ថ្ងាស​ធ្វើ​សញ្ញា​ជើងក្អែក​ ​ហើយ​សម្លាប់​ចោល​ទុកជា​មេរៀន​ ​ព្រមាន​ដល់​ពល​សេនា​ឯទៀត។​ ​តែ​នៅ​ពេល​ប្រហារជីវិត​ ​ពេជ្ឈឃាត​សៀម​ទាំង​ ១៥​ នាក់​ដែល​ទទួល​ភារកិច្ច​យក​ទៅ​សម្លាប់​នៅ​ជិត​ទ្វារ​ មហានគរ​ខាងលិច​ ​បាន​ដោះ​លែង​មេទ័ព​ជាប់​ទោស​ទាំង​ប៉ុន្មាន​ ឲ្យ​រត់​រួច​មាន​សេរីភាព​គ្មាន​សល់។​ ​មេទ័ព​ទាំងនោះ​បាន​ទៅ​ក្រាបថ្វាយបង្គំ​សំពះ​សុំ​ចុះចូល​ ​បម្រើ​ព្រះមហាក្សត្រ​ខ្មែរ​ ​ដូចដែល​បាន​គ្រោងទុក​មែន។​ ​ព្រះរាជា​ និង​នាម៉ឺន​ខ្មែរ​ទាំងឡាយ​ ​ក្រោយ​ដែល​ស្ដាប់​ពិនិត្យ​ ​ពិចារណា​សព្វគ្រប់​ហើយ​ ​យល់​ជឿជាក់​ថា​ជា​ការ​ពិត​ ​មិនមែន​ជា​ការ​ក្លែងបន្លំ​ឡើយ។​ ​ព្រះ​អង្គ​ទ្រង់​អាណិត​ខ្លោចផ្សា​ ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​សេរីភាព​រស់នៅ​ ​ថែទាំ​មើលជំងឺមុខរបួស​ក្នុង​មហានគរ។​ ​ដោយ​មានមុខ​របួស​ធំ​ធ្ងន់​ ​មិន​អាច​ព្យាបាល​បាន​ ​មេទ័ព​សៀម​ទាំង​ពីរ​នាក់​ក៏​ត្រូវ​ផុត​ជីវិត​ទៅ។​ ​ចំណែក​មេទ័ព​សៀម​បួន​នាក់​ទៀត​ដែល​នៅ​រស់​មិនយូរ​ប៉ុន្មាន​ ​របួស​ក៏​បានជា​សះស្បើយ​ដូច​ធម្មតា។​ ​គេ​អាច​ចេញ​មុខ​ធ្វើការ​បម្រើ​ព្រះមហាក្សត្រ​ខ្មែរ​ដោយ​អង់អាច​ក្លាហាន​ ​គួរ​ជាទី​ទំនុក​ទុកចិត្ដ។​ ​ឃើញ​ដូច្នោះ​ ​ព្រះ​បរមសោករាជ​ព្រះ​អង្គ​បាន​ប្រទាន​រង្វាន់​ធនធាន​ ​និង​ឋានន្ដរស័ក្ដិ​ជា​ញឹកញាប់។​ ​កាលបើ​ដឹង​ច្បាស់​ថា​ខ្មែរ​ទុកចិត្ដ​ ​ជឿ​ស៊ប់​ហើយ ​មេទ័ព​សៀម​បង្កប់ខ្លួន​ទាំង ​៤​ ​ឆ្លៀត​ឱកាសល្អ​ដែល​ហុច​ឲ្យ​ ​នាំ​គ្នា​យក​ដែកគោល​ញាត់​បុក​បិទ​ភ្ជិត​រន្ធ​កាំភ្លើង​កាណុង​ ​ធ្វើ​ឲ្យ​ខូច​លែង​បាញ់​ប្រើប្រាស់​កើត។​ ​រួច​ហើយ​ ​ពួក​សៀម​បង្កប់ខ្លួន​បាញ់​ព្រួញ​ដោយ​មាន​ចង​ភ្ជាប់​សំបុត្រ​សម្ងាត់​ ​ធ្វើ​ទៅ​ថ្វាយ​ប្រាប់​ស្ដេច​សៀម​ ​ព្រះ​បរមរាជា​ទី​២​ ​តាម​ដំណើរ​ការណ៍​ ​ដែល​ពួក​គេ​បាន​រៀបចំ​ធ្វើ​ហើយ​ជា​ស្រេច។​

ស្ដេច​សៀម​ព្រះ​បរមរាជា​ទី​២​ ​គ្រាន់តែ​បាន​ទទួល​ដំណឹង​ល្អ​ភ្លាម​ ​ឥត​បង្អង់​យូរ​ ​ក៏​បញ្ជា​ឲ្យ​លើកទ័ព​ពល​រេហ៍​ ​ចេញ​ទៅ​វា​យសម្រុក​ផ្ទប់​ចូល​ព្រះ​មហានគរ​ទាំង ​៤​ ទិស។​ ​ទ័ព​សៀម​វាយលុក​ប្រយុទ្ធ​បាញ់កាំភ្លើងស្នា​ ព្រួញ​ ​គប់​ចោល​លំពែង​ ​ទូងស្គរ​វាយគង​ ​ស្រែក​ហ៊ោកញ្ជ្រៀវ​ ​សន្ធាប់​លាន់ឮ​សន្ធឹក​ដូច​ព្យុះសង្ឃរា​ ​ដែល​កំពុង​តែ​ហោះ​បោកបក់​ហក់​លឿន​ស្លេវ​ ​ស្ទុះ​ទៅ​កម្ទេច​មហានគរ។​ ពលទាហា​ខ្មែរ​ដែល​យាម​ត្រៀម​ចាំការពារ​តាម​ដង​កំពែង ឃើញ​ដូច្នោះ នាំ​គ្នា​ទៅ​អូស​ទាញ​យក​កាំភ្លើង​កាណុង​ធំ មក​បាញ់​តបត​នឹង​ខ្មាំង។ តែ​គ្រឿង​អាវុធ​ទាំងអស់ ត្រូវ​ខូចខាត​ប្រើ​លែងកើត។ ​ទោះបីជា​ស្ថានភាព​មានការ​យ៉ាប់យ៉ឺន​ចុះ​ដុនដាប​ក៏​ដោយ​ ​ក៏​កងទ័ព​ខ្មែរ​មិន​ទាន់​ទន់ដៃទន់ជើង​ដែរ។​ ​ប្រយុទ្ធ​គ្នា​អស់​មួយ​ថ្ងៃ​ហើយ​ ​មហានគរ​នៅ​រឹងប៉ឹង​មាំមួន​ឈរ​នឹង​ដដែល ។​ ​ទ័ព​សៀម​នៅ​តែ​មិន​ទាន់​មាន​លទ្ធភាព​អាច​យកជ័យ​ជំនះ​ ​វាយ​បំបែក​ចូល​ដណ្ដើម​យក​មហានគរ​បាន។​ ​ប្រហែលជា​ក្នុង​ឱកាស​នេះ​ហើយ​ដែល​ក្រុម​ក្បត់​ពញា​កែវ​ ​និង​ពញា​ទ័យ​បាន​នាំ​គ្នា​ធ្វើឃាត​ព្រះបាទ​ព្រះ​បរមសោករាជ។​ ​ព្រឹត្ដិការណ៍​នេះ​ ​បាន​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ ខ្វល់ខ្វាយ​ ​ចលាចល​វិលវក់​ជា​ខ្លាំង​ក្នុង​មហានគរ​ ​គ្មាន​អ្នកត្រួតត្រា​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​ផែនដី​ ​ដឹកនាំ​ការពារ​ប្រទេស​ជាតិ។​

ពេល​នោះ​ ​ពញា​កែវ​ ​ពញា​ទ័យ​ ​និង​ពួក​សៀម​ទាំង​បួន​នាក់​ ​ដែល​លាក់​បង្កប់ខ្លួន​ ​ក្នុង​ជួរ​កងទ័ព​ ​និង​ប្រជាជន​ខ្មែរ​ ​នាំ​គ្នា​ចេញ​ទៅ​លួច​បើកទ្វារ​មហានគរ​ទិស​ខាងលិច​ ​ឲ្យ​កងទ័ព​សៀម។​ ​សេនា​ទាហាន​ឃើញ​ដូច្នោះ​ ​ក៏​បាន​បាញ់​ចាក់​សម្លាប់​សៀម​ទាំង​៤​នាក់​នេះ​ទៅ។​ ​មួយ​រំពេច​នោះ​ដែរ​កងទ័ព​សៀម​ក៏​បាន​រុល​បុក​សម្រុក​រត់​ហក់លោត​ចូល​តាម​ទ្វារ​ដែល​បើក​ស្រាប់​នោះ​ដូច​ទឹកបាក់​ទំនប់។​ ​កងពល​ខ្មែរ​ខំប្រឹង​ទប់ទល់​ ​ប្រយុទ្ធ​យ៉ាង​ប្ដូរផ្ដាច់​ ​អង់អាច​ម៉ឺងម៉ាត់​ក្លាហាន​អស្ចារ្យ។​ ​គេ​ប្រយុទ្ធ​គ្នា​គ្រប់​ទិស​ទី​ ​ពាសពេញ​ក្នុង​មហានគរ ។​ ​មនុស្សម្នា​ស្រី​ប្រុស​ ​ចាស់​ក្មេង​ ​ដេក​ដួល​របួស​ ​ស្លាប់​គរ​ជើង​លើ​គ្នា។ ​គេ​ឮ​សូរ​តែ​សំឡេងស្រែក​ទ្រហឹង​អឺងកង​ ​លាយឡំ​ទៅ​ដោយ​សម្រែក​យំ​ថ្ងួចថ្ងូរ​ ​ព្រាត់ប្រាស​ ​ឈឺ​ចុកចាប់​ដង្ហោយហៅ​ឲ្យ​គេ​ជួយ។​ ​ម្នាក់ៗ​វង្វេងវង្វាន់​ ​ភាំងភាន់ស្មារតី​ ​ច្របូកច្របល់​ ​លែង​ស្គាល់​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់។​

ក្នុង​ គ្រា​ដ៏​សែន​លំបាក​នេះ​ ​មេទ័ព​ខ្មែរ​មួយ​ចំនួន​ ​ដែល​ដឹង​ ​និង​យស់​យ៉ាង​ជាក់ច្បាស់​ថា​ ​ស្ថានការណ៍​មិន​អនុញ្ញាត​ឲ្យ​ទ្រាំទ្រ​ ​ប្រយុទ្ធ​តតាំង​តទៅ​មុខ​ទៀត​បាន​ ​បាន​នាំ​គ្នា​ប្រមូលផ្ដុំ​កងកម្លាំង​ទ័ព​ដែល​នៅ​សេសសល់​ ​ហើយ​ចាប់ផ្ដើម​វាយ​បំបែក​ញែក​ ​សម្រុក​បុក​បើកផ្លូវ​ ​ដង្ហែ​ការពារ​ ​នាំ​យក​ព្រះចៅ​ពញាយ៉ាត​ ​ព្រះរាជបុត្រ​ព្រះបាទ​ស្រីសុរិយោវង្ស​ ​ព្រះមហាក្សត្រ​ទី​៣២​ ​រត់​ចេញពី​ព្រះ​មហានគរ។​ ​មេទ័ព​ ​និង​នាម៉ឺន​មន្ដ្រី​ ​ដែល​បាន​វាយ​ប្រយុទ្ធ​បំបែក​ទ័ព​សៀម​ ​រំដោះ​ការពារ​អមដំណើរ​ព្រះចៅ​ពញាយ៉ាត​ ​ក៏​បាន​នាំ​ទៅ​ជាមួយ​ដែរ​ ​ព្រះ​ខ័នរាជ្យ​លំពែងជ័យ​ ​បញ្ចក្សត្រ​ ​និង​ព្រះ​បដិមាករ​ស័ក្ដិសិទ្ធ​ផ្សេងៗ​ជា​ច្រើន​ទៀត។​ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​ ​បាន​រត់​រួច​គេចវេះ​ទៅ​ពួន​លាក់ខ្លួន​ ​រស់នៅ​តាម​ព្រៃ​ភ្នំ​ដែរ។​

នៅ​ទីបំផុត​កងទ័ព​សៀម​ ព្រះ​បរមរាជា​ទី​២​ ​បាន​យកជ័យ​ជំនះ​លើ​ទ័ព​ខ្មែរ​ ​ហើយ​បាន​ចូល​កាន់កាប់​ត្រួតត្រា​មហានគរ។​ នេះ​ជា​លើក​ទី​២​​ហើយ ​ដែល​សៀម​វាយប្រហារ​ឈ្លានពាន​លុកលុយ​ដណ្ដើម​យក​បាន​ព្រះ​មហានគរ​(ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​មហានគរ​ត្រូវ​សៀម​វាយ​ដណ្ដើម​យក​បានជា​លើក​ទី​២​នៅ​ក្នុង​ គ.ស ​១៤១៦។ ចំពោះ​ឯកសារ​ខ្មែរ​ខ្លះទៀត មាន​ពង្សាវតារ​សម្ដេច​សង្ឃនាយក​ប៉ាន់ ​និង​វត្ដ​ទឹកវិល​ជាដើម​ ​គឺ​នៅ​ក្នុង​គ.ស ​១៣៧៣។​ ​ចំណែកឯ​អ្នក​ស្រាវជ្រាវ​អាមេរិកាំង​ ​ឈ្មោះ​ ​L. P. ​Briggs​ មហានគរ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​សៀម​ក្នុង​គ.ស ​១៤៣១។ តែ​អ្នកប្រវត្ដិវិទូ​ម្នាក់​ទៀត​ឈ្មោះ​ ​O. W​ ​Wolter​ ​អះអាង​ថា​ ​នៅ​ក្នុង​គ.ស​១៣៨៩)។ ស្ដេច​សៀម​បង្គាប់​ឲ្យ​ប្រមែប្រមូល​លួច​ប្លន់​ ​ដឹក​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ខ្មែរ​ ​មាន​មាស ប្រាក់​ ​ពេជ្រ​ កែវកង ​ពិទូរ្យ​សូរ្យកាន្ដ​ ​ដែល​មាន​ច្រើន​ឥតឧបមា​ក្នុង​នគរ។​ ​រូបចម្លាក់​ជា​ច្រើន​ ​មាន​ព្រះ​គោ​ ​ដែល​ក្នុង​ពោះ​ ​អ្នកប្រាជ្ញ​ ​គ្រូអាចារ្យ​បាធ្យាយ​បូរម្យបូរាណ​ខ្មែរ​ ​ធ្លាប់​បាន​តម្កល់​ទុក​នូវ​ព្រះ​ត្រៃបិដក​ ​ត្រៃវេទ​ ​និង​ក្បួន​គម្ពីរ​សីល​សាស្ដ្រ​វិជ្ជា​វេទមន្ដ​គ្រប់​បែប​យ៉ាង​ ​និង​ព្រះ​បដិមាករ​ជា​ច្រើន​នៅ​នគរវត្ដ​ ​ក៏​ត្រូវ​ស្ដេច​សៀម​លួច​ប្លន់​ដឹក​ជញ្ជូន​យក​ទៅ​ក្រុង​ស្រីអយុធ្យា​ដែរ។​ ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ម៉ឺន​សែន​នាក់​ ​ត្រូវ​សៀម​សង្កត់សង្កិន​ជិះជាន់​ ​ធ្វើបាប​វាយដំ​ច្រំធាក់​ ​កាប់​ចាក់​សម្លាប់​ ចាប់ចង​ដាក់​ច្រវាក់​ខ្នោះឃ្នាង​ ចោះត្រចៀក​បង្ហូត​ខ្សែ​ដោត​ជា​ជួរ​ ​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ ​ជា​ទាសាទាសី។​ ​ពញា​កែវ​ ​និង​ពញា​ទ័យ​ ​បើ​តាម​ពង្សាវតារ​ដែល​រៀបចំ​ដោយ​សម្ដេច​សង្ឃនាយក​ប៉ាន់​ ​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ត្រូវ​ស្ដេច​សៀម​ចាប់ខ្លួន។​

កាលបើយកជ័យ​ជំនះ​លើ​ប្រទេស​ខ្មែរ​ ​និង​កាន់​ក្ដាប់​ព្រះ​មហានគរ​បាន​ហើយ​ ​នៅ​ក្នុង​ឆ្នាំរការ​ដដែល​ ​ស្ដេច​សៀម​ព្រះ​បរមរាជា​ទី​២​ ​ក៏​តែងតាំង​អភិសេក​កូនប្រុស​ព្រះឥន្ទរាជា ​ជា​ព្រះមហាក្សត្រ​សៀម​គ្រប់គ្រង​ ​ត្រួតត្រា​ ​មើល​ការ​ខុស​ត្រូវ​លើ​ប្រទេស​កម្ពុជា។​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​២៥​វស្សា។ ព្រះឥន្ទរាជា​ ​បាន​ខំ​ស៊ើបរក​វត្ថុ​ស័ក្ដិសិទ្ធ​ជា​ច្រើន​ទៀត​ ​ដូច​ជា​ ព្រះខ័នរាជ្យ​ ​និង​បញ្ចក្សត្រ​ជាដើម​ ​ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​សៀម។​ ​គោលបំណង​សៀម​ ​ដើរ​លួច​ប្លន់​ប្រទេស​ខ្មែរ​ ​បាន​ធ្វើ​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធ​ទាំងឡាយ​ ​មានការ​ក្ដៅក្រហាយ​ ​បង្កបង្កើត​ឲ្យ​មាន​អភូតហេតុ​ ​ដ៏​សែន​អស្ចារ្យ​កើត​ចេញ​ជា​ភ្លៀង​ខ្យល់ព្យុះសង្ឃរា​បោកបក់​ខ្លាំងក្លា​ទៅ​ លើ​គ្រប់​ទិសទី​ ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​ ​បាញ់​លាន់ឮ​កងរំពង​ពេញ​អស់​នភាល័យ​ ​គួរ​ឲ្យ​តក់ស្លុត​រន្ធត់​អនេកកប្បការ​ ​អស់​រយពេល​ច្រើន​យប់​ច្រើន​ថ្ងៃ។​ ​យប់​មួយ​ ​កំពុង​តែ​និទ្រា​លង់លក់​ ​ស្ដេច​សៀម​ព្រះឥន្ទរាជា​ ​យល់សប្ដ​ឃើញ​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ជំនាន់​ដើម​ ​យាង​មក​ឈរ​ចំ​លើ​ក្បាល​ដំណេក​ ព្រមាន​ថា​ ​ព្រះ​អង្គ​នឹង​មក​យក​ជីវិត​ជា​មិន​ខាន។​ ​ស្ដេច​សៀម​ភ្ញាក់​ដឹងខ្លួន​កាលណា​ ​ភ័យ​ញាប់​ញ័រ​តក្កមា​ ​សឹង​លែង​ហ៊ាន​នៅ​ក្នុង​ព្រះ​បរមរាជវាំង​មហានគរ។​ ​ទោះបីជា​សៀម​បាន​ជ័យ​ជំនះ​លើ​ខ្មែរ​ ​កាន់កាប់​មហានគរ​ ​និង​ខេត្ដ​ខណ្ឌ​ខ្មែរ​មួយ​ភាគ​ក៏​ដោយ​ ​ក៏​សៀម​មិន​ទាន់​បង្ក្រាប​ខ្មែរ​បាន​ទាំងអស់​ដែរ។​ ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ភាព​រំជើបរំជួល​បះបោរ​តស៊ូ​រំដោះជាតិ​ ​បាន​ផ្ទុះ​កើត​មាន​ឡើង​នៅ​គ្រប់​ទិសទី​ក្នុង​ប្រទេស​ ​ប្រឆាំង​នឹង​វត្ដមាន​សៀម។​

បរមសោករាជ និង ធម្មាសោករាជ

កែប្រែ

ក្នុងការប្រៀបធៀប រវាងពង្សាវតារផ្សេង គេថាសៀមឈ្លានពានខ្មែរលើកទីពីរគឺស្ថិតនៅក្នុងរាជ្យស្ដេចធម្មាសោករាជទៅវិញ ហើយព្រឹត្តិការណ៍ឈ្លានពានក៏មានភាពស្រដៀងគ្នា តាមការរៀបរាប់ខាងលើដែរ បើសិនយើងផ្អែកទៅលើការផ្ទឹមនេះយើងអាចសន្និដ្ឋានស្ដេច បរមសោករាជ និង ធម្មាសោករាជក៏អាជជាស្ដេចតែមួយអង្គដូចគ្នាដែរ។

ឯកសារយោង

កែប្រែ
  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទស្រីសុរិយោវង្ស
ព្រះបាទ​សម្ដេច​ ព្រះ​បរមសោករាជ
គ.ស ១៤១២-១៤១៦
តដោយ
ព្រះចៅឥន្ទរាជា