កែវ
ពញា
រជ្ជកាលធម្មាសោករាជ រឺ​ស្រីសុរិយោវង្ស
ស្វាមី/មហេសី
ព្រះនាមពេញ
​​​
វង្សអង្គជ័យ
សន្តតិវង្សទេវង្សអស្ចារ្យ
បិតាធម្មាសោករាជ រឺ ស្រីសុរិយោវង្ស
ប្រសូតមហានគរ

ពញាកែវ ត្រូវជាបុត្រព្រះបាទធម្មាសោករាជបើតាមពង្សាវតារខ្លះ ឯពង្សាវតារវត្តទឹកវិលថាជាបុត្រព្រះបាទស្រីសុរិយោវង្សទៅវិញ។

ប្រវត្តិ

កែប្រែ

លុះដល់មកឆ្នាំមមែ ឯកស័ក ព្រះចៅបរមរាជា ត្រាស់ឲ្យព្រះឥន្ទរាជា ជារាជបុត្រធ្វើជាមេទ័ពមុខលើកមកលុកលុយមហានគរ (ស្រុកខ្មែរ)។ ព្រះអង្គឯង ធ្វើជាមេទ័ពហ្លួង លើកទ័ពធំ ព្រមដោយសេនា ពល សេះ ដំរី យាត្រាប្រាបប្រាមស្រុកខ្មែរ តាមរយៈផ្លូវ ចូលមកដល់ក្រុងមហានគរ។ លុះមកដល់មហានគរកម្ពុជាហើយ ព្រះចៅបរមរាជា ក៏បញ្ជាទ័ព ឲ្យចូលចោមវាយបន្ទាយគ្រប់ទិស ឥតបង្អែបង្អង់ឡើយ។ ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាប ថាទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពល ឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ព រក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជវង្សទាំងបីព្រះអង្គ និងសម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។ ព្រះចៅបរមរាជា "ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរ ក៏បាញ់ ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវ ទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។ គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា ៧ ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះនាយអឿន ១ នាយលាន​ ១ នាយឆាន់ ១ នាយដេត ១ នាយកៅ ១ នាយឌី ១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា:

"ទ័ពសៀម ដែលនិងគិតការវាយយកមហានគរនោះ តាមដោយកំលាំងយុទ្ធសាស្ត្រ ឃើញថាពុំងាយនឹងយកបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ ទាំង ៦នាក់ សុំយកអាសានឹងទៅស្លង់កាំភ្លើងធំ របស់ មហានគរ ដែលដាក់មុខចាំផ្លូវថ្នល់ទាំងប៉ុន្មាននោះឲ្យបានសិន។ ថាបើស្លង់កាំភ្លើងនោះបានហើយទំនើង (ទំនើង , ធ្វើបានតាមចិត្ត , ស្រេចនូវចិត្តចង់ធ្វើអ្វីក៏ ធ្វើបានឥតទើសទាស់ឡើយ) តែកាំភ្លើងរបស់យើង បាញ់ចូលទៅ សេនាទាហានអាវុធខ្លីរបស់យើង ក៏នឹងចូលពានបន្ទាយខ្មែរលុះបានដោយងាយ។ ព្រះចៅរាមា ស្ដេចសៀមបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់។ ទ្រង់ត្រាស់ថា បើចៅទាំង ៦នាក់ ទទួលអាសាទៅស្លង់កាំភ្លើងបាននោះ សំរេចការសង្គ្រាមកាលណាយើងនឹងឲ្យរង្វាន់ ដល់ចៅឲ្យពេញចិត្ត, ត្រាស់តែម៉្លោះហើយ ក៏ក្លែងធ្វើជាទ្រង់ព្រះពិរោធណាស់ ហើយមានបន្ទូលថា: ម្សិលមិញអញឲ្យឯង ឡើងវាយបន្ទាយមហានគរ ម្ដេចក៏ឯងនាំពលរេហ៍រត់ថយក្រោយមកវិញ។ កំហុសរបស់ឯងនេះ ត្រូវអញយកទោស ឲ្យពេញច្បាប់។ តមកទើបទ្រង់ត្រាស់ឲ្យចងរ៉ាវ (ចងរ៉ាវ = ឲ្យមនុស្សដែលមានទោសដេកផ្កាប់មុខ រួចចងដៃទាំងពីរ ជើងទាំងពីរ ហើយទាញសន្ធឹងឲ្យតឹងភ្ជាប់នឹងស្នឹងទាំងបួនទិស) វាយខ្នងទាហានទាំង ៦នាក់នោះ ៥០ខ្វាប់ម្នាក់ ហើយឲ្យលាក់ថ្ងាស ជាជើងក្អែក គ្រប់ទាំង ៦នាក់។ ទ្រង់ត្រាស់បង្គាប់ឲ្យលែងវាចោលទៅ ដើម្បីជាបំរាម ដល់ទាហានទាំងឡាយតទៅ។ លុះដល់ជិតនឹងអាធ្រាត្រ ទាហានទាំង ៦នាក់នោះ ក៏លបលួចរត់ទៅជួបនឹងកងល្បាតខ្មែរ ដែលកំពុងតែល្បាត។ កងល្បាតខ្មែរចាប់ដាក់ក្ដី ហើយយកទៅជូនសម្ដេចចៅហ្វាទឡ្ហៈដែលនៅត្រួតទ្វារកំពែងខាងកើត។ សម្ដេចចៅហ្វាទឡ្ហៈ បានសួរទៅទាហានទាំង ៦នាក់នោះ តាមដំណើរ។ ទាហានទាំង ៦នាក់ ឆ្លើយថា : ខ្លួនជាទាហានសៀម រត់មកសុំចុះចូលនឹងទ័ពខ្មែរ សម្ដេចចៅហ្វាទឡ្ហៈ ឮហើយ ក៏នាំខ្លួនទាំង ៦នាក់ ទៅក្រាបទូលថ្វាយព្រះបរមបពិត្រ សូមស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រត្រាស់សួរ ថាហេតុអ្វី បានជាឯងបែកខ្នង បែកថ្ងាស ហើយចូលមកក្រាបយំ យ៉ាងដូច្នេះ។

ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖ "ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។ មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតំរាស់ថា : ព្រឹកនេះ ទ្រង់នឹងឲ្យសំលាប់ទូលព្រះបង្គំទាំង ៦នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។ កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា : ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥ នាក់ នាំយកភូឃុំ ១៥នាក់មកសំលាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅទាហានទាំងនោះប្រាប់ថា : នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។

ព្រះបរមបពិត្រ និង សេនាបតី ពិនិត្យសេចក្ដីរបស់មន្ត្រីខ្មែរនេះសព្វគ្រប់ទៅ ឃើញថា ត្រូវនឹងពាក្យទាហានទាំង ៦នាក់នោះមែន, ដូច្នេះ ទ្រង់ក៏ជឿ ចំលើយរបស់ទាហានទាំង ៦នាក់នោះណាស់ ទើបទ្រង់ឲ្យដោះក្ដី ឲ្យនៅមើលជំងឺខ្លួនឲ្យបានសះជា។ បណ្ដាទាហានទាំង ៦ នាក់នោះ ទាហានពីរនាក់ស្លាប់ដោយជំងឺបែកខ្នងនោះទៅ នៅសល់តែ ៤ នាក់មិនស្លាប់ទេ។ ទាហានសៀមទាំង ៤ នាក់នោះ កាលបើមើលជំងឺខ្លួនបានសះជាហើយ ក៏សំដែងខ្លួនជាអ្នកក្លាហាន ចេញជួយទាហានខ្មែរ ច្បាំងនឹងទាហានសៀមរឿយៗ។ កាលទ្រង់ទតឃើញទាហានទាំង ៤ នាក់នោះ មានចិត្តក្លាហានណាស់ ទ្រង់ក៏ប្រទានយសសក្ដិ ប្រាក់រង្វាន់ជារឿយៗ ហើយទុកព្រះទ័យលើទាហានសៀមទាំងនោះរៀងមក។ ទាហានសៀមទាំង ៤នាក់ដែលគិតកលនោះ លុះយល់ថា បានការណ៍ហើយ ក៏សរសេរសំបុត្រចងនឹងព្រួញ បាញ់ចេញទៅទូលថ្វាយ ព្រះចៅបរមរាជា តាមដំណើរដែលខ្លួនបានធ្វើការណ៍មកនោះ។ តមកទាហានទាំង ៤ នាក់នោះ ក៏លបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់។

ព្រះចៅបរមរាជា ទ្រង់ជ្រាបតាមសំបុត្រនោះហើយ ក៏លើកទ័ពធំប្រជុំចូលមករោមព្រះមហានគរទាំង ៤ ទិស។ ទាហាន កាលឃើញទ័ពសៀម ចោមព្រះមហានគរគ្រប់ទិសហើយ ក៏អុជកាំភ្លើងធំបាញ់សំដៅទៅទ័ពសៀម តែបាញ់ពុំចេញ ទើបទទួលច្បាំងតែនឹងកាំភ្លើងតូច និង ធ្នូ ស្នា សស្ត្រាវុធផ្សេងៗ។ ទ័ពសៀមស្លុតស្លាប់វិនាសពាសពេញសងខាងថ្នល់ទាំង ៤ ទិស។ សៀមចូលវាយតាំងអំពីព្រឹក លុះដល់រសៀល ក៏នៅតែវាយទំលាយព្រះមហានគរពុំបាន ទើបសៀមទាំង ៤ នាក់ លាក់ខ្លួនពួនអាត្មា លួចបើកទ្វារបន្ទាយទិសខាងលិច។ មួយរំពេចនោះ ទាហានខ្មែរឃើញហើយ ក៏ស្ទុះទៅកាប់សៀមទាំង ៤ នាក់នោះស្លាប់ភ្លាមមួយរំពេច។ ទ័ពសៀមឃើញទ្វារបន្ទាយរបើក ក៏ស្ទុះចូលទៅក្នុងមហានគរ។ លុះបានចំណាប់ហើយ ក៏បោះបាញ់ កាប់ចាក់គ្នា ច្រឡំបល់ក្នុងព្រះនគរ គ្រប់ទិសទាំង៤។ សម្ដេចព្រះធម្មាសោករាជ ជាអម្ចាស់ផែនដី ព្រះអង្គដល់នូវកាលទិវង្គតទៅ ទ័ពខ្មែរក៏បាក់បែកខ្ចាត់ខ្ចាយខ្លះក៏ទទួលសាពិភ័ក្ដិនឹងទ័ពសៀម។ សៀមមានជ័យជំនះ វាយបែកព្រះមហានគរ ក្នុងឆ្នាំ វក ទោស័ក ព.ស. ១៩២៤ - គ.ស. ១៣៨០-ម.ស. ១៣០២- ច.ស. ៧២៤។ លុះបានជ័យជំនះហើយ ព្រះបរមរាជា ស្ដេចសៀម ក៏លើកអស់សេនា យោធា ទាហាន ចូលក្នុងនគរចាប់ ពញាកែវ ពញាទ័យ ដែលជាព្រះរាជបុត្រ នៃ ព្រះបាទធម្មាសោករាជ និង មន្ត្រីសេនាទាហានច្រើន។ អស់ប្រជានុរាស្ត្រ រត់រួចបានមួយសួន គេចាប់បាន ៣ សួន។ បន្ទាប់មក ព្រះបរមរាជា ស្ដេចសៀម ទ្រង់ក៏អភិសេក ព្រះឥន្ទរាជា "ពញាក្រែក" ជាព្រះរាជបុត្រ ឲ្យសោយរាជ្យសម្បត្តិ ក្នុងប្រទេស ក្រុងកម្ពុជាធិបតី។ បើតាមពង្សាវតារផ្សេងការឈ្លានពាននេះស្ថិតក្នុងរាជ្យព្រះបាទបរមសោករាជទៅវិញទេ។

នេះ​ជា​លើក​ទី​២​​ហើយ ​ដែល​សៀម​វាយប្រហារ​ឈ្លានពាន​លុកលុយ​ដណ្ដើម​យក​បាន​ព្រះ​មហានគរ​ (ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​មហានគរ​ត្រូវ​សៀម​វាយ​ដណ្ដើម​យក​បានជា​លើក​ទី​២​នៅ​ក្នុង​គ.ស ​១៤១៦។ ចំពោះ​ឯកសារ​ខ្មែរ​ខ្លះទៀត មាន​ពង្សាវតារ​សម្ដេច​សង្ឃនាយក​ប៉ាន់​ ​និង​វត្ដ​ទឹកវិល​ជាដើម​ ​គឺ​នៅ​ក្នុង​គ.ស​ ១៣៧៣។​ ​ចំណែកឯ​អ្នក​ស្រាវជ្រាវ​អាមេរិកាំង​ ​ឈ្មោះ​ ​L. P. ​Briggs​ មហានគរ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​សៀម​ក្នុង​គ.ស ​១៤៣១។ តែ​អ្នកប្រវត្ដិវិទូ​ម្នាក់​ទៀត​ឈ្មោះ​ ​O. W​ ​Wolter​ ​អះអាង​ថា​ ​នៅ​ក្នុង​គ.ស ​១៣៨៩)។ ស្ដេច​សៀម​បង្គាប់​ឲ្យ​ប្រមែប្រមូល​លួច​ប្លន់​ ​ដឹក​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ខ្មែរ​ ​មាន​មាសប្រាក់​ ​ពេជ្រ​កែវកង​ពិទូរ្យ​សូរ្យកាន្ដ​ ​ដែល​មាន​ច្រើន​ឥតឧបមា​ក្នុង​នគរ។​ ​រូបចំលាក់ជា​ច្រើន​ ​មាន​ព្រះ​គោ​ ​ដែល​ក្នុង​ពោះ​ ​អ្នកប្រាជ្ញ​ ​គ្រូអាចារ្យ​បាធ្យាយ​បូរម្យបូរាណ​ខ្មែរ​ ​ធ្លាប់​បានតំកល់ទុក​នូវ​ព្រះ​ត្រៃបិដក​ត្រៃវេទ​ ​និង​ក្បួន​គម្ពីរ​សិល្ប៍​សាស្ដ្រ​វិជ្ជា​វេទមន្ដ​គ្រប់​បែប​យ៉ាង​ ​និង​ព្រះ​បដិមាករ​ជា​ច្រើន​នៅ​នគរវត្ដ​ ​ក៏​ត្រូវ​ស្ដេច​សៀម​លួច​ប្លន់​ដឹក​ជញ្ជូន​យក​ទៅ​ក្រុង​ស្រីអយុធ្យា​ដែរ។​ ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ម៉ឺន​សែន​នាក់​ ​ត្រូវ​សៀម​សង្កត់សង្កិន​ជិះជាន់​ ​ធ្វើបាប​វាយដំ​ច្រំធាក់​ ​កាប់​ចាក់​សំលាប់​ ចាប់ចង​ដាក់​ច្រវាក់​ខ្នោះឃ្នាង​ ចោះត្រចៀក​បង្ហូត​ខ្សែ​ដោត​ជា​ជួរ​ ​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ ​ជា​ទាសាទាសី។​ ​

ព្រះចៅបរមរាជា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ តមកទ្រង់ត្រាស់ឲ្យមន្ត្រី ៨ នាក់ រក្សាព្រះនគរជាមួយនឹងព្រះឥន្ទរាជា ជាព្រះរាជបុត្រ។ ព្រះអង្គឲ្យនិមន្តព្រះពុទ្ធរូបមាស ប្រាក់ សំរិទ្ធិ កែវ រូបព្រះគោ រូបសត្វទីទៃជាច្រើន និង ព្រះសង្ឃសមណៈ ឲ្យនាំយកទាំង ពញាកែវ ពញាទ័យ ជាព្រះរាជបុត្រ នៃព្រះបាទធម្មាសោករាជ និង ទ្រង់ឲ្យកៀរគ្រួខ្មែរបាន ៧ ម៉ឺននាក់ ហើយឲ្យលើកទ័ពទៅក្រុងស្រីអយុធ្យាវិញ។ ព្រះឥន្ទរាជា នៅគ្រប់គ្រងកម្ពុជា ស៊ើបបានព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រហើយ ទ្រង់គិតនឹងឲ្យនាំយកទៅស្រុកសៀម។ ខណៈនោះ ក៏បង្កើតជាអស្ចារ្យ មហារាយោ ព្យុះធំ រងំខ្ទ័រ ផ្គរ អសនីបាញ់គ្រប់ទិស។ ក្នុងរាត្រីយប់នោះ ស្ដេចផ្ទំស្កល់ទៅ ទ្រង់សុបិនឃើញថា ព្រះមហាក្សត្រខ្មែរ អំពីបូរាណមក មកឈរពីលើក្រឡាព្រះបន្ទំ របស់ព្រះអង្គ ហើយត្រាស់កំហែងថា បើឯងយកព្រះខាន់នេះទៅ ខ្លួនឯងនឹងស្លាប់ ដោយឫទ្ធិអាវុធ ព្រះខាន់នេះពុំខានឡើយ។ ហេតុនេះហើយ បានជាស្ដេចសៀមខាននាំព្រះខាន់ នឹងគ្រឿងបញ្ចក្សត្រទៅស្រុកសៀម ដោយខ្លាចព្រះតេជៈ នៃព្រះមហាក្សត្រអំពីបូរាណ។

​​ពញា​កែវ​ ​និង​ពញា​ទ័យ​ បើ​តាម​ពង្សាវតារ​ដែល​រៀបចំ​ដោយ​សម្ដេច​សង្ឃនាយក​ប៉ាន់​ ​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ត្រូវ​ស្ដេច​សៀម​ចាប់ខ្លួន។​

ឯកសារយោង

កែប្រែ
  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ