ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យកំពូលមួយដែលមានអំណាចកំណត់តិចតួច។[២] ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសមាជជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន 中华人民共和国主席 | |
---|---|
បែបបទ | លោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) ឯកឧត្តម (阁下) (ការទូត) |
ស្ថានភាព | ប្រមុខរដ្ឋ |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | អគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ) |
អ្នកតែងតាំង | គណៈប្រធានសមាជជាតិប្រជាជន |
អ្នកចាត់តាំង | សមាជជាតិប្រជាជន |
រយៈពេល | ប្រាំឆ្នាំ, មិនកំណត់អាណត្តិ |
Constituting instrument | រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន |
អ្នកកាន់តំណែងមុន | ម៉ៅ សេទុង |
អ្នកសម្ពោធតំណែង | លី ស៊ីអាននាន |
និម្មិតកម្ម | ២៧ កញ្ញា ១៩៥៤ ១៨ មិថុនា ១៩៨៣ |
បានលុបបំបាត់ | មករា ១៩៧៥ – សីហា ១៩៨២ |
ឈ្មោះក្រៅផ្លូវការ | ប្រធានរដ្ឋ |
អនុប្រធាន | អនុប្រធានាធិបតី |
ប្រាក់ខែ | ¥១៥២,១២១ យ័ន ($២២,០០០ ដុល្លារអាមេរិក)[១] |
គេហទំព័រ | ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន |
តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកឱ្យនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។
យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីគឺត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តែតាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងព្រមទាំងវិស័យយោធានៅពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ តែគួរកត់សម្គាល់ថា លោកប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី ព្រោះថាអ្នកទាំងពីរជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលចិនដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (ពោលគឺសមាជិកជើងចាស់នៃបក្សកុម្មុយនីស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[៣]
ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលប្រទេសចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (អគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតនានា រីឯប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។
នៅអំឡុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ប៉ុន្តែដល់ត្រឹមឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលដោយអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។
ប្រធានាធិបតីចិនបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។
លក្ខណៈសម្បត្តិ និងការបោះឆ្នោត
កែប្រែយោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្ន ប្រធានាធិបតីគឺត្រូវមានសញ្ជាតិជាជនជាតិចិនដែលមានសិទ្ធិបោះឆ្នោតពេញលេញ និងមានអាយុលើសពី ៤៥ ឆ្នាំឡើងទៅ។
ប្រធានាធិបតីត្រូវជ្រើសតាំងដោយសមាជជាតិប្រជាជន ដែលជាស្ថាប័នរដ្ឋខ្ពស់បំផុតនៃប្រទេសចិន។ សមាជជាតិប្រជាជនមានសិទ្ធិអំណាចដកប្រធានាធិបតីនិងមន្រ្តីរដ្ឋដទៃទៀតចេញពីតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបោះឆ្នោតនិងការដកចេញគឺត្រូវសម្រេចដោយការបោះឆ្នោតសម្លេងភាគច្រើន។[៤]
ច្បាប់ចាត់តាំងរបស់សមាជជាតិប្រជាជនបានបញ្ជាក់ថា ប្រធានាធិបតីគឺត្រូវបានតែងតាំងដោយគណៈប្រធានសមាជជាតិប្រជាជនដែលជាស្ថាប័នអង្គការប្រតិបត្តិរបស់សមាជនោះ។[៥]
ចំពោះការអនុវត្តជាក់ស្តែង បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចបានបម្រុងទុកតំណែងប្រធានាធិបតីសម្រាប់អគ្គលេខាធិការបក្សបច្ចុប្បន្ន។ ដូចមន្រ្តីរដ្ឋទាំងអស់ដែលត្រូវបានជ្រើសរើសដោយសមាជអញ្ចឹង ប្រធានាធិបតីត្រូវបានជ្រើសរើសចេញពីសន្លឹកឆ្នោតតែមួយ។
នៅចន្លោះឆ្នាំ១៩៨២ រហូតដល់ខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីនិងអនុប្រធានាធិបតីត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែពីរអាណត្តិជាប់ៗគ្នាប៉ុណ្ណោះ។[៦] ក៏ប៉ុន្តែនៅក្នុងសម័យប្រជុំសមាជជាតិប្រជាជននៅក្នុងឆ្នាំ២០១៨ គេបានសម្រេចលុបបំបាត់ច្បាប់កំណាត់អាណត្តិរបស់ប្រធានាធិបតីចោល។[៧][៨]
អំណាច និងតួនាទី
កែប្រែយោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលបានអនុម័តឡើងកាលពីឆ្នាំ១៩៨២ ដោយមានការកែប្រែបន្តិចបន្តួចនៅឆ្នាំបន្ទាប់ៗបានចែងថា ប្រធានាធិបតីមានអំណាចក្នុងការប្រកាសអនុវត្តច្បាប់ ជ្រើសរើសនិងបណ្តេញនាយករដ្ឋមន្ត្រីណាមួយនិងព្រមទាំងរដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋផងដែរ ផ្តល់ការលើកលែងទោស ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ចេញបទបញ្ជាចលនាមហាជន និងចេញសេចក្តីគោរពកិត្តិយលរបស់រដ្ឋ។ លើសពីនេះ ប្រធានាធិបតីអាចចុះឈ្មោះនិងបញ្ជូនឯកអគ្គរដ្ឋទូតខ្លួនទៅកាន់បរទេសដើម្បីចុះឬលុបចោលសន្ធិសញ្ញាជាមួយអង្គភាពបរទេសណាមួយ។ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញ អំណាចទាំងអស់នេះគឺតម្រូវឱ្យមានសេចក្តីយល់ព្រមឬការបញ្ជាក់ពីសមាជជាតិប្រជាជនជាមុន។ ប្រធានាធិបតីគឺជាអ្នកដឹកនាំដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងនាមជាអ្នកតំណាងសាធារណរដ្ឋប្រជាមានិតរបស់ខ្លួន។ នៅក្រោមរដ្ឋធម្មនុញ្ញ ឃ្លា"ដំណើរទស្សនកិច្ចផ្លូវរដ្ឋ"គឺជាសកម្មភាពរបស់ប្រធានាធិបតីតែមួយគត់ដែលមិនកំណត់ទម្រង់ណាមួយនៃការត្រួតពិនិត្យពីសមាជជាតិ។ ដោយសារអំណាចប្រធានាធិបតីភាគច្រើនពឹងផ្អែកលើការផ្តល់សច្ចាប័នពីសមាជ ដូចនេះប្រធានាធិបតីត្រូវបានចាត់ទុកជាតំណែងនិមិត្តរូបដោយគ្មានសិទ្ធិផ្ទាល់ខ្លួននៅក្នុងអភិបាលកិច្ចរដ្ឋនោះឡើយ។ ដោយហេតុដូច្នេះ តំណែងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាស្ថាប័ននិមិត្តរូបរបស់រដ្ឋជាជាងការិយាល័យដែលមានអំណាចប្រតិបត្តិពិតប្រាកដ។[២][៦][៩]
តាមទ្រឹស្តី ប្រធានាធិបតីមានឆន្ទានុសិទ្ធិលើការជ្រើសរើសនាយករដ្ឋមន្រ្តីផ្ទាល់ខ្លួន ប៉ុន្តែតាមការអនុវត្តជាក់ស្តែង នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសជារឿយៗតាមរយៈការពិភាក្សាថ្នាក់កំពូលរបស់បក្សកុម្មុយនីស្តចិន។ នៅពេលតែងតាំងនាយករដ្ឋមន្រ្តី សមាជត្រូវធ្វើការកោះប្រជុំដើម្បីបញ្ជាក់ពីការតែងតាំងនេះប៉ុន្តែដោយសារមានឈ្មោះបេក្ខជនតែមួយនៅលើសន្លឹកឆ្នោតទើបពួកគេមានតែជម្រើសតែពីរប៉ុណ្ណោះគឺអាចអនុម័តទទួលយក ឬអាចបដិសេធ។ រហូតមកដល់បច្ចុប្បន្ន សមាជចិនគឺមិនដែលបដិសេធការតែងតាំងបុគ្គលណាមួយជានាយករដ្ឋមន្ត្រីទេ។[១០]
ដោយសារតែនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាលនៅក្នុងប្រទេសចិនដូច្នេះវាគឺជាតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងជួររដ្ឋាភិបាលចិន។ អំណាចតែងតាំងក្នុងកាលៈទេសៈខ្លះអាចផ្តល់ឱ្យប្រធានាធិបតីនូវឥទ្ធិពលនយោបាយពិតប្រាកដ។[១១]
ដូច្នេះក្នុងករណីនេះ តំណែងប្រធានាធិបតីចិនគឺមិនមានលក្ខណៈដូចនៅក្នុងសហរដ្ឋអាមេរិក ឬរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីដទៃទៀតឡើយប៉ុន្តែជាការប្រៀបផ្ទឹមនឹងលក្ខខណ្ឌអំណាចរបស់វាបើប្រៀបធៀបជាមួយប្រព័ន្ធសភា។
នៅក្នុងឆ្នាំ២០១៩ របាយការណ៍មួយរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក–ចិនបានថ្លែងថា មនុស្សគ្រប់រូបគួរឈប់ហៅមេដឹកនាំចិនលោកស៊ី ជីនពីងថាជា"ប្រធានាធិបតី"ទៅហើយគួរតែហៅលោកថា"អគ្គលេខាធិការ"វិញព្រោះចិនសព្វថ្ងៃកំពុងស្ថិតនៅក្រោមការដឹកនាំរបស់បក្សតែមួយ។[១២]
ចំណាត់ថ្នាក់នយោបាយ
កែប្រែសម្រាប់ប្រធានាធិបតីលីវ សាវគី គាត់គឺជាអនុប្រធានទីមួយនៃបក្សកុម្មុយនីស្តចិនដែលត្រូវជាតំណែងខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងបក្សកុម្មុយនីស្តចិនដោយនៅពីក្រោយតែប្រធានបក្សម៉ៅសេទុងប៉ុណ្ណោះ។[១៣] សម្រាប់ប្រធានាធិបតីលី ស៊ីអាននាន គាត់គឺជាសមាជិកលំដាប់ទីប្រាំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន[១៤]។ ចំពោះប្រធានាធិបតីយ៉ាង សាងគុនវិញ គាត់គឺមិនមែនជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សនោះទេប៉ុន្តែគាត់ជាអ្នកនយោបាយកំពូលលំដាប់ទីបីដោយនៅពីក្រោយតែលេខាបក្សចាវ ស៊ីយ៉ាង និងលោកតេង សៀវពីងប៉ុណ្ណោះ។[១៥] ចាប់តាំងពីសម័យលោកជាំង ហ្សឺមីនមក តំណែងប្រធានាធិបតីត្រូវបានកាន់ជាមួយគ្នានឹងតំណែងអគ្គលេខាធិការបក្សដែលជាតំណែងខ្ពស់បំផុតទីមួយទាំងនៅក្នុងបក្សនិងរដ្ឋ។[១៦]
ប្រវត្តិ
កែប្រែការបង្កើតឡើងដំបូង
កែប្រែការិយាល័យប្រធានរដ្ឋ (ដើមឡើយតំណែងនេះគឺបកប្រែមក"ប្រធានរដ្ឋ") ត្រូវបានបង្កើតឡើងដំបូងនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤។ អំណាចនៃតំណែងមួយនេះគឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹងអ្វីដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចែង។[១៧]
អំណាចនៃការិយាល័យឆ្នាំ១៩៥៤ មានលក្ខណៈខុសគ្នាពីការិយាល័យបច្ចុប្បន្ននៅត្រង់វិស័យពីរគឺ យោធា និងរដ្ឋាភិបាល។ អំណាចយោធារបស់ប្រធានរដ្ឋត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដូចតទៅ៖ "ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិនគឺជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ (ភាសាចិនថា៖ 国防委员会)"។[១៨] ក្រុមប្រឹក្សាការពារជាតិមានលក្ខណៈពិសេសនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដោយវាជាអំណាចបញ្ជាការស៊ីវិលចំពោះកងទ័ពរំដោះប្រជាជន។ វាត្រូវបានលុបចោលវិញនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥។
អំណាចរដ្ឋាភិបាលរបស់ប្រធានរដ្ឋត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដូចតទៅ៖ "ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិននៅពេលណាដែលចាំបាច់ត្រូវរៀបចំសន្និសីទរដ្ឋកំពូល (ភាសាចិន៖ 最高国务会议) ហើយតម្រូវឱ្យធ្វើជាប្រធាននៃសន្និសីទនោះ"។ សមាជិកនៃសន្និសីទរដ្ឋកំពូលរួមមានមន្រ្តីធំៗរបស់រដ្ឋហើយទស្សនៈរបស់វានឹងត្រូវបង្ហាញដល់អង្គការចាត់តាំងសំខាន់ៗរបស់រដ្ឋនិងរដ្ឋាភិបាលរួមទាំងសមាជជាតិប្រជាជន និងក្រុមប្រឹក្សាការពារជាតិនិងរដ្ឋ។[១៩] សន្និសីទរដ្ឋកំពូលក៏មានលក្ខណៈពិសេសនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៤ ដែរ។ វាត្រូវបានលុបបំបាត់ចោលនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ ហើយក្រោយមកៗរដ្ឋធម្មនុញ្ញមិនដែលបានរាប់បញ្ចូលស្ថាប័នដែលមានលក្ខណៈស្រដៀងគ្នាទៀតទេ។
ប្រវត្តត្រឹមឆ្នាំ១៩៧៤
កែប្រែប្រធានបក្សកុម្មុយនីស្តលោកម៉ៅសេទុងគឺជាបុគ្គលដំបូងដែលបានកាន់តំណែងជាប្រធានរដ្ឋ។ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំសមាជជាតិប្រជាជនដំបូងបង្អស់នៅឆ្នាំ១៩៥៥។ នៅក្នុងសម័យប្រជុំសមាជលើកទីពីរក្នុងឆ្នាំ១៩៥៩ ម៉ៅត្រូវបានជំនួសដោយលោកលាវ សាវគីដែលកាលនុះជាអនុប្រធានទីមួយនៃបក្សកុម្មុយនីស្ត។ លីវត្រូវបានជ្រើសរើសជាប្រធានរដ្ឋនៅក្នុងសម័យប្រជុំសមាជលើកទីបីនៅអំឡុងខែមករា ឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៦៦ លីវបានសម្តែងការមិនពេញចិត្តនឹងបដិវត្តន៍វប្បធម៌ដែលប្រធានបក្សម៉ៅបានផ្តើមអនុវត្ត។ នៅខែសីហា ឆ្នាំ១៩៦៦ ម៉ៅនិងក្រុមអ្នកគាំទ្ររបស់គាត់បានសម្រេចដកលីវចេញពីតំណែងជាអនុប្រធានគណបក្ស។ ប៉ុន្មានខែក្រោយមក លីវត្រូវបានគេចាប់ឃុំឃាំងក្នុងគេហដ្ឋានរបស់ខ្លួនហើយបន្ទាប់មក ការតស៊ូអំណាចបានអូសបន្លាយរហូតដល់កិច្ចប្រជុំពេញអង្គលើកទី ១២ នៃសមាជបក្សកុម្មុយនីស្តលើកទី ៨ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦៨ ដោយក្នុងកិច្ចប្រជុំនេះ គេបានសម្រេចដកហូតសិទ្ធិអំណាចគ្រប់ជាន់ថ្នាក់ទាំងអស់របស់លោកលីវ សាវគី រួមទាំងតំណែងប្រធានរដ្ឋផងដែរ។ ករណីនេះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញដែលបានតម្រូវឱ្យមានការបោះឆ្នោតនៅក្នុងសមាជជាមុនសិនដើម្បីដកប្រធានរដ្ឋចេញ។
បន្ទាប់ពីលីវត្រូវបានដកចេញពីតំណែងនៅឆ្នាំ១៩៦៨ ការិយាល័យប្រធានរដ្ឋបានរក្សានូវទំនេរ។ ទោះជាយ៉ាងណានៅចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានសម្តៅលើអនុប្រធានរដ្ឋលោកដុង ប៊ីវូថាជា"ប្រធានរដ្ឋស្តីទី"។
ការលុបបំបាត់ចោលនៅឆ្នាំ១៩៧៥
កែប្រែនៅក្នុងសម័យប្រជុំសមាជលើកទីបួននៅឆ្នាំ១៩៧៥ សកម្មភាពចម្បងក្នុងសម័យប្រជុំនោះគឺត្រូវអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលនឹងលុបតំណែងប្រធានរដ្ឋចោល និងលើកតម្កើងថ្នាក់ដឹកនាំបក្សកុម្មុយនីស្តលើរដ្ឋនិងរួមទាំងប្រការមួយដែលចែងថាប្រធានបក្សគឺនឹងក្លាយជាមេបញ្ជាការកំពូលនៃកងទ័ពរំដោះប្រជាជនស្របគ្នាក្នុងនាមជាប្រធានគណៈកម្មការយោធាកណ្តាលរបស់បក្ស។[២០] ការិយាល័យប្រធានាធិបតីត្រូវបានដាក់ឱ្យដំណើរការវិញនៅក្នុងរដ្ឋធម្មនុញ្ញទីបួនដែលត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទីប្រាំនៃបក្សកុម្មុយនីស្តលើកទីប្រាំនៅឆ្នាំ១៩៨២។
ការស្តារឡើងវិញនៅឆ្នាំ១៩៨២
កែប្រែនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៨២ ប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាតំណែងនិមិត្តនៅក្នុងរដ្ឋដែលអំណាចរដ្ឋពិតប្រាកដត្រូវស្ថិតនៅក្នុងដៃអគ្គលេខាធិការបក្សកុម្មុយនីស្ត រដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ និងប្រធានគណៈកម្មការយោធាកណ្តាល ហើយតំណែងទាំងបួននេះត្រូវបានរចនាឡើងដើម្បីកាន់ដោយបុគ្គលផ្សេងៗគ្នា។ ដូច្នេះប្រធានាធិបតីគឺមានទំនួលខុសត្រូវតិចតួចខ្លាំងដូចជា ការចេញទៅជួបឥស្សរជនបរទេស និងចុះហត្ថលេខាលើការតែងតាំងបុគ្គលិកស្ថានទូតជាដើមហើយប្រធានាធិបតីមិនអាចជ្រៀតជ្រែកក្នុងកិច្ចការរបស់ក្រុមប្រឹក្សារដ្ឋឬគណបក្សបានឡើយ។
នៅក្នុងផែនការរដ្ឋធម្មនុញ្ញដើមឆ្នាំ១៩៨២ គណបក្សនឹងបង្កើតគោលនយោបាយខណៈរដ្ឋនឹងអនុវត្ត។ គោលដៅចម្បងគឺការបែងចែកអំណាចរដ្ឋដើម្បីការពារកុំឱ្យមហាជនឬសមាជិកបក្សឈ្លក់វង្វេងនឹងមេដឹកនាំណាមួយដូចក្នុងករណីលោកម៉ៅសេទុងដែលកាលពីសម័យនោះ អំណាចនយោបាយនៅប្រទេសចិនគឺមានលក្ខណៈលម្អៀងទៅរកលោកច្រើនជាងគេ។ ដូច្នេះនៅក្នុងឆ្នាំ១៩៨២ ទោះបីជាលោកតេង សៀវភីងត្រូវបានគេចាត់ទុកថាជា"មេដឹកនាំកំពូល"របស់ប្រទេសក៏ដោយតែលោកគឺជាមេដឹកនាំដ៏សំខាន់ម្នាក់នៅក្នុងចំណោមមេដឹកនាំសំខាន់ៗចំនួនបួននាក់ទៀតមាន៖ លោកហ៊ូ យ៉ាវប៉ាវជាអគ្គលេខាធិការបក្ស, ចាវ ស៊ីយ៉ាងជានាយករដ្ឋមន្រ្តី, លី ស៊ីអាននានជាប្រធានាធិបតី និងតេងខ្លួនលោកជាប្រធានគណៈកម្មការយោធាកណ្តាល។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គេបានធ្វើការពិសោធន៍បែងចែកបក្សនិងតំណែងរដ្ឋហើយជាលទ្ធផលបាននាំឱ្យមានជម្លោះរវាងលោកតេង សៀវភីង និងចាវ ស៊ីយ៉ាងលើសំណុំរឿងបាតុកម្មនៅឯទីលានធានអានមិន។ នៅឆ្នាំ១៩៩៣ តំណែងប្រធានាធិបតីត្រូវបានកាន់ដោយជាំង ហ្សឺមីនដែលកាលនុះបានកាន់តំណែងជាអគ្គលេខាធិការបក្សផងនិងជាប្រធានគណៈកម្មការយោធាកណ្តាលផង ដូច្នេះលោកបានក្លាយជាមេដឹកនាំដ៏មានអំណាជាងគេរបស់បក្សនិងរដ្ឋ។[២១][២២] នៅពេលដែលលោកជាំង ហ្សឺមីនបានចុះចេញពីតំណែងនៅក្នុងឆ្នាំ២០០៣ ការិយាល័យរបស់អគ្គលេខាធិការនិងប្រធានាធិបតីត្រូវបានប្រគល់ទៅឱ្យបុគ្គលតែមួយម្តងទៀតគឺលោកហ៊ូ ជីនតាវដោយលោកបានក្លាយជាអនុប្រធានាធិបតីចិនដំបូងបង្អស់ដែលបានឡើងកាន់តំណែងនេះ។ ដល់ចុងអាណត្តិ ហ៊ូបានទម្លាក់ខ្លួនពីតំណែងទាំងពីរទុកឱ្យស៊ី ជីនពីងឡើងកាន់កាប់នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣។[២៣]
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ សមាជជាតិប្រជាជនបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដោយទទួលបានសម្លេងគាំទ្រចំនួន ២,៩៥៨ សម្លេងជំទាស់ចំនួនពីរ និងសម្លេងអនុបវាទចំនួនបីដោយវានឹងអនុញ្ញាតឱ្យប្រធានាធិបតីកាន់អំណាចដោយលែងកំណត់អាណត្តិ។ នេះត្រូវបានគេបកស្រាយថាជាផ្នែកមួយនៃការពង្រីកអំណាចរបស់លោកស៊ីដែលធ្វើឱ្យគាត់ក្លាយជាមេដឹកនាំកំពូលនិងប្រធានាធិបតីពេញមួយជីវិត។[៨] ស៊ីបានពន្យល់អំពីការសម្រេចចិត្តនេះថា វាជាតម្រូវការចាំបាច់សម្រាប់ការសម្របតំណែងប្រធានាធិបតីឱ្យស្របទៅនឹងតំណែងរបស់លោកដទៃទៀតគឺអគ្គលេខាធិការបក្សនិងជាប្រធានគណៈកម្មការយោធាកណ្តាលដែលសុទ្ធតែជាតំណែងមិនកំណត់អាណត្តិ។[២៤]
បញ្ជីប្រធានាធិបតី
កែប្រែល.រ | ប្រធានាធិបតី | ចូលកាន់តំណែង (អាណត្តិដំបូង) |
ចុះពីតំណែង (អណត្តិចុងក្រោយ) |
រយៈពេលកាន់តំណែង (សរុប) |
---|---|---|---|---|
១ | ម៉ៅសេទុង ២៦ ធ្នូ ១៨៩៣–៩ កញ្ញា ១៩៧៦ |
២៧ កញ្ញា ១៩៥៤ | ២៧ មេសា ១៩៥៩ | ៤ ឆ្នាំ, ២១២ ថ្ងៃ |
២ | លីវ សាវគី ២៤ វិច្ឆិកា ១៨៩៨–១២ វិច្ឆិកា ១៩៦៩ |
២៧ មេសា ១៩៥៩ | ៣១ តុលា ១៩៦៨ | ៩ ឆ្នាំ, ១៨៧ ថ្ងៃ |
តំណែងនូវទំនេរ | ||||
ស្តីទី | ដុង ប៊ីវូ ៥ មីនា ១៨៨៦–២ មេសា ១៩៧៥ |
២៤ កុម្ភៈ ១៩៧២ | ១៧ មករា ១៩៧៥ | ២ ឆ្នាំ, ៣២៧ ថ្ងៃ |
ស្តីទី | សុង ឈីងលីង ២៧ មករា ១៨៩៣–២៩ ឧសភា ១៩៨១ |
៦ កក្កដា ១៩៧៦ | ៥ មីនា ១៩៧៨ | ១ ឆ្នាំ, ២៤២ ថ្ងៃ |
តំណែងត្រូវលុបចោល | ||||
៣ | លី ស៊ីអាននាន ២៣ មិថុនា ១៩០៩–២១ មិថុនា ១៩៩២ |
១៨ មិថុនា ១៩៨៣ | ៧ មេសា ១៩៨៨ | ៤ ឆ្នាំ, ២៩៥ ថ្ងៃ |
៤ | យ៉ាង សាងគុន ៣ សីហា ១៩០៧–១៤ កញ្ញា ១៩៩៨ |
៩ មេសា ១៩៨៨ | ២៧ មីនា ១៩៩៣ | ៤ ឆ្នាំ, ៣៥២ ថ្ងៃ |
៥ | ជាំង ហ្សឺមីន ១៧ សីហា ១៩២៦–៣០ វិច្ឆិកា ២០២២ |
២៧ មីនា ១៩៩៣ | ១៥ វិច្ឆិកា ២០០២ | ៩ ឆ្នាំ, ៣៥៣ ថ្ងៃ |
៦ | ហ៊ូ ជីនតាវ ២១ ធ្នូ ១៩៤២–បច្ចុប្បន្ន |
១៥ មីនា ២០០៣ | ១៤ មីនា ២០១៣ | ១០ ឆ្នាំ, ០ ថ្ងៃ |
៧ | ស៊ី ជីនពីង ១៥ មិថុនា ១៩៥៣–បច្ចុប្បន្ន |
១៤ មីនា ២០១៣ | កំពុងកាន់តំណែង | 11 years, 224 days |
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
- ↑ ២,០ ២,១ Chris Buckley and Adam Wu (10 March 2018). "Ending Term Limits for China's Xi Is a Big Deal. Here's Why. - Is the presidency powerful in China?". ញូវយ៉កថែមស៍. https://www.nytimes.com/2018/03/10/world/asia/china-xi-jinping-term-limit-explainer.html.
- ↑ MacFarquhar, Roderick. "Foreword" in Zhao Ziyang (2009). Prisoner of the State: The Secret Journal of Zhao Ziyang. New York, NY: Simon and Schuster. ISBN 1-4391-4938-0
- ↑ (អង់គ្លេស) រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ និង ៦៣។
- ↑ "Organic Law of the National People's Congress of the PRC". Archived from the original on 15 កក្កដា 2015. Retrieved 11 កញ្ញា 2021., មាត្រា ១៣។
- ↑ ៦,០ ៦,១ Krishna Kanta Handique State Open University Archived 2 May 2014 at the វេយប៊ែខ ម៉ាស៊ីន., EXECUTIVE: THE PRESIDENT OF THE CHINESE REPUBLIC.
- ↑ "CPC proposes change on Chinese president's term in Constitution - Xinhua - English.news.cn". Xinhua. 25 កុម្ភៈ 2018. http://www.xinhuanet.com/english/2018-02/25/c_136998770.htm.
- ↑ ៨,០ ៨,១ "China approves 'president for life' change". BBC News. 11 March 2018. https://www.bbc.co.uk/news/world-asia-china-43361276.
- ↑ Constitution of the People's Republic of China Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ នៃជំពូក ៥។
- ↑ Yew, Chiew Ping; Gang Chen (13 មីនា 2011). "China's National People's Congress 2010: Addressing Challenges With No Breakthrough in Legislative Assertiveness". Background Brief. Singapore: East Asian Institute. http://www.eai.nus.edu.sg/BB513.pdf។ បានយកមក 11 កញ្ញា 2021.
- ↑ Weng, Byron (September 1982). "Some Key Aspects of the 1982 Draft Constitution of the People's Republic of China". The China Quarterly 91 (91): 492–506. DOI:10.1017/S0305741000000692.
- ↑ Kate O’Keeffe and Katy Stech Ferek (14 November 2019). "Stop Calling China's Xi Jinping 'President,' U.S. Panel Says". The Wall Street Journal. https://www.wsj.com/articles/stop-calling-chinas-xi-jinping-president-u-s-panel-says-11573740000..
- ↑ Mathews, Jay (4 March 1980). "5 Children of Liu Shaoqi Detail Years in Disfavor". The Washington Post. https://www.washingtonpost.com/archive/politics/1980/03/04/5-children-of-liu-shaoqi-detail-years-in-disfavor/024ff499-48af-4c41-b47c-fd7e0031bf75/.
- ↑ "Li Xiannian: China's new president". UPI. 18 June 1983. https://www.upi.com/Archives/1983/06/18/Personality-SpotlightNEWLNLi-Xiannian-Chinas-new-president/5105424756800/.
- ↑ Del Vecchio, Mark S.. "Yang Shangkun elected Chinese president". UPI. https://www.upi.com/Archives/1988/04/08/Yang-Shangkun-elected-Chinese-president/9536576475200/.
- ↑ "Jiang Zemin to have lower rank in Communist party". The Telegraph. 2013. https://www.telegraph.co.uk/news/worldnews/asia/china/9823478/Jiang-Zemin-to-have-lower-rank-in-Communist-party.html.
- ↑ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ១៩៥៤ Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤០–៤២។
- ↑ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤៣។
- ↑ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 1 June 2014 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៤៤។
- ↑ Cohen, Jerome Alan (1978-12-01). "China's Changing Constitution". The China Quarterly 76 (76): 794–841. ISSN 0305-7410. DOI:10.1017/S0305741000049584.
- ↑ "A simple guide to the Chinese government". South China Morning Post. Archived from the original on 13 ឧសភា 2018. Retrieved 12 កញ្ញា 2021.
- ↑ "China sets stage for Xi to stay in office indefinitely". Reuters. 2018-02-25. https://www.reuters.com/article/us-china-politics/china-sets-stage-for-xi-to-stay-in-office-indefinitely-idUSKCN1G906W.
- ↑ "Does Chinese leader Xi Jinping plan to hang on to power for more than 10 years?". 2017-10-06. http://www.scmp.com/news/china/policies-politics/article/2111123/does-chinese-leader-xi-jinping-plan-hang-power-more-10.
- ↑ Mitchell, Tom. "China's Xi Jinping says he is opposed to life-long rule". Financial Times. Archived from the original on 17 មេសា 2018. Retrieved 12 កញ្ញា 2021.
តំណភ្ជាប់ក្រៅ
កែប្រែ- គេហទំព័រប្រធានាធិបតីផ្លូវការ (ភាសាអង់គ្លេស)