សម្ដេចចៅពញាកំហែង

សម្ដេចចៅពញាកំហែង រឺ ហែង (អានថា:សំដាច់-ចៅ-ភ្ញា-ហែង) លោកត្រូវជាបិតាក្មេក ព្រះស្ដេចកន ដែលកូនស្រីរបស់លោកជាម្នាងរបស់ព្រះស្រីជេដ្ឋាទី២ ម្នាងអង្គនេះ មានព្រះនាមថា ជាលែង។ លោកមានប្រពន្ធមានងារ និងឈ្មោះថា ជំទាវសួស ហើយមានបុត្រាម្នាក់ ជាលន់ ដែលត្រូវបានគេតាំងងារជា ស្នងធ្នឹមព្រះនគរជាលន់ ឱ្យយាមទ្វារបន្ទាយពិជ័យព្រៃនគរ។

សម្ដេចចៅពញាកំហែង
សម្ដេចចៅពញានៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
សតវត្សទី ១៥
ព្រះមហាក្សត្រស្រីជេដ្ឋា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
កំហែង
ស្លាប់ក្រុងស្រឡប់ដូនតី
ពន្ធភាពជំទាវសួស
កូនជាលែង ជាលន់

ប្រវត្តិ

កែប្រែ

សុបិន្តចៅហ៊្វាកៅ

កែប្រែ

កាលណោះ សម្ដេច​ចៅហ៊្វា​កៅ​ដែល​ចាំ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​នោះបាន​ ៣​ ថ្ងៃ​យល់សប្ត​ឃើញ​ខ្យល់​កំបុតត្បូង​កួច​ទង់ជ័យ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ភ្លើង​ឆេះ​អណ្ដែត​កណ្ដាល​អាកាស ហើយ​ធ្លាក់​នៅ​កំពង់ចាម។ លុះ​ភ្ញាក់​ឡើង​ភ័យ​ណាស់​និយាយ​ប្រាប់​និមិត្ដ​នោះ​ឲ្យ​សម្ដេច​ចៅពញា​ហែង ជា​បិតាក្មេក​សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដាប់ ហើយ​ហៅ​ហោរា​មក​ប្រាប់​ហេតុ​ឲ្យ​ទាយ។ ហោរា​ពិនិត្យ​ទៅ​ឃើញ​ថា យល់សប្ដិ​ថ្ងៃ​អង្គារ​ជា​ភ្លើង ហើយ​ឃើញ​ឆេះ​ទង់ជ័យ​នោះ ទំនាយ​ថាទ័ព​ហ្លួង​បរាជ័យ​ហើយត្រង់​ដល់​ឃើញ​ខ្យល់កំបុតត្បូង​កួច​នាំ​ទៅ​កណ្ដាល​អាកាស​នោះ ថា​បុណ្យ​បារមី​នៅ​មាន​ទេវតា​នាំ​ឲ្យ​រួច​ពី​ចំណោម​ត្រង់​ដែល​ភ្លើង​ធ្លាក់ទឹក​នៅ​កំពង់ចាម​នោះ ថា​ហ្លួង​នឹង​រត់ទៅ​ដល់ទី​នោះ។ សម្ដេច​ចៅហ៊្វា​កៅ​ឮ​ហើយ​ភ័យ​ណាស់ ក៏​ឲ្យ​សម្ដេចចៅពញា​ហែង​នៅ​រក្សា​បន្ទាយ រួច​ផ្ដាំ​ថាឲ្យ​ខិតខំ​កេណ្ឌ​រេហ៍ពល​ទុក​បំរុងឲ្យ​បាន​ច្រើន។ ឯ​ខ្លួន​សម្ដេចចៅហ៊្វា​កៅ​នាំខ្មាន់​ធ្នូ និង​ទាហានកាំភ្លើង១០០០​ នាក់ និង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ​ទៅ​បោះទីតាំង​នៅ​ដូនម៉ៅ​ជា​ត្រើយ​ខាងកើត។ លុះ​ឃើញ​សម្ដេចព្រះ​ស្រីជេដ្ឋា​គង់​លើ​សេះ​នាំ​ទាហាន​ហែល​ឆ្លង​មក​ដល់​ច្រាំង​ហើយ សេះ​នោះ​ក៏​លិច​វិនាស​ទៅ​ក្នុង​ទឹក​ទៅចៅហ៊្វា​កៅ​ក៏​ស្ទុះ​ទៅ​ទទួល​យក​រួច ​តែ​សម្ដេចព្រះ​ស្រីជេដ្ឋា និង​ទាហាន​រួម​មិត្ដ​ ២០​ នាក់​នោះ​ដល់​ទៅ​មាត់ច្រាំង​ល្មម​ព្រះ​ទីនាំង​ចក្រពត្ដិ​នោះ​ត្រឡប់​មក​ដល់សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ទាហាន​បាញ់​ធ្នូ បាញ់​កាំភ្លើង កុំឲ្យ​ព្រះ​ភាគិនេយ្យ​យសរាជា​ឡើង​តាម​មក​ទាន់។ ព្រះ​យសរាជា​ក៏​ត្រឡប់​ព្រះ​ទីនាំង​មក​រក​ទ័ព​ទូក​ដែល​តាម​មក​ពីក្រោយ​នោះ​វិញ លុះ​ជួប​ហើយ​ស្ដេច​ឲ្យ​ឈប់​នៅ​ទី​មួយអន្លើ។ ជួន​ជា​ពេល​នោះ​មាន​ខ្យល់ព្យុះ​ខ្លាំង​ណាស់ ស្ដេច​ត្រាស់​ឲ្យ​យក​អាវុធ​សឹក​ទុក​សិន ហើយ​ចូល​ទូក​ចំបាំង​ទៅ​ឈប់​ក្នុង​បឹង​មួយអន្លើ។ ទ្រង់​ឲ្យ​សាង​វត្ដ​មួយ​នៅ​ទីនោះ​ទុកជា​ព្រះ​កេរ្ដិ៍ ហេតុនេះ​ហើយ​បានជា​ជាប់​ឈ្មោះ​ថា វត្ដ​ព្រែកហ្លួង​រៀង​មក​ដល់​សព្វ​ថ្ងៃនេះ។ ឯ​សម្ដេចចៅហ៊្វា​កៅ​កាល​បាន​ទទួល​សម្ដេចព្រះ​ស្រីជេដ្ឋា​រួច​ហើយ ជួន​ជា​វេលា​យប់​ ក៏​យាង​ស្ដេចផ្ទុំសំរាកកំលាំង​​នៅ​ក្នុង​ព្រៃ​ដូនម៉ៅ​ នោះ​ទៅតែ​ទីនោះ​មាន​មូស​ខ្លាំង​ណាស់​ទ្រាំ​ពុំ​បាន ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ផ្សង​មិន​ឲ្យ​មាន​មូស មូស​ក៏​គ្មាន​ក្នុង​ទីនោះ​រៀង​មក។ លុះ​ព្រឹក​ឡើង​សម្ដេចចៅហ៊្វា​កៅ​យាង​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នាំ​រេហ៍ពល​ទាំង ​១០២០ ​នាក់​ស្រូត​រូត​ទៅ​ដល់​ភូមិ​ដំរី​ស ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ​នោះ​ឈឺ​ស្រុត​នៅ​ទីនោះ​ទៅព្រះស្ដេច​កន​ទ្រង់​ធ្វើបុណ្យ​ហើយ​ឲ្យ​កប់​ដំរី​នៅ​ទីនោះបានជា​ជាប់​ហៅ​ ទួល​កប់​ព្រះ​ដំរី​រៀង​មក។ សម្ដេច​ស្រីជេដ្ឋា​ទ្រង់​ពិនិត្យ​ពី​ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ និង​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​កាលណា ទ្រង់​សង្ស័យ​នឹង​បុណ្យ​បារមី​ជា​ពន់ពេក ទ្រង់​នឹក​ថាកាលណា​ខ្លួន​អញ​នឹង​មានបុណ្យត្រូវ​បាន​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នោះគឺ​បាន​ក្នុង​កាល​កសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កំពស់ ១០ ​ហត្ថ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ។ ឯ​ព្រះ​ទីនាំង​ស័ង្ខរស្មី​ទៀត កាល​អញ​លើកទ័ព​ដេញ​ព្រះ​ស្រីសុគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​នោះ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ​នឹង​ឲ្យ​រង្វាន់​ក៏​រក​ពុំ​ឃើញ​ដែរ។ ព្រះ​ទីនាំង​ទាំង​ពីរ​នេះ​ដូច​ជា​ទេវតា​និម្មិត​ថ្វាយ ឥឡូវ​វិនាស​អស់ទាំង​ពីរ​ទៅ​ហើយដូច្នេះ​ឃើញ​ថាបុណ្យ​បារមី​អញ​មិន​យឺនយូរ​ប៉ុន្មាន​ឡើយ។ គិត​ហើយ​ព្រះស្ដេច​កន​ក៏​ទ្រង់​ព្រះ​កន្សែង​សោក​ជា​រ៉ាំរ៉ៃ​ក្រៃពេក​ណាស់។ សម្ដេចព្រះ​ចៅហ៊្វា​កៅ​យល់​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ក្មួយ​យំសោក​ស្ដាយ​ ព្រះ​ទីនាំង​ខ្លាំង​ពេក​ដូច្នោះ ក៏​គិត​ថា បើ​អញ​មិន​ក្លែង​និយាយ​ឲ្យ​មាន​តំរេក​ទេ ឃើញ​ថា​សម្ដេចព្រះ​ស្រីជេដ្ឋា​នឹង​ដល់​អស់​ព្រះជន្ម​ក្នុង​គ្រានេះ​មិន​ខាន។ គិត​ហើយចៅហ៊្វា​កៅ​ក៏​ក្រាបទូល​ថា សូម​ទ្រង់​កំសាន្ដ​ព្រះរាជ​ហឫទ័យ​ខ្លះ​ទៅកុំ​អាល័យ​ព្រះ​ទីនាំង​ទាំង​ពីរ​នោះ​ខ្លាំង​ពេក ព្រះ​ទីនាំង​នោះ​វា​ស្រុត​ស្នង​ព្រះ​អង្គ​ដែល​ទ្រង់មាន​ព្រះ​គ្រោះ​ជា​ទំងន់​នោះ។ ឯ​បុណ្យ​បារមី​ព្រះ​អង្គ​នៅ​មាន​ទៅ​មុខជា​ច្រើន ពីព្រោះ​ថាក្រោយ​ព្រះ​អង្គ​លើកទ័ព​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចន្ទរាជា​នោះ ចៅហ្វាយស្រុក​ជើង​បាក់​ដែង​នាំ​ដំរី ​២ សេះ​ ២ មក​ចាំ​ក្រាបទូល​ថ្វាយ ទំហំ និង​កំពស់​ប្រហែលៗ​គ្នា និង​ព្រះ​ទីនាំង​មុន​នេះ ហេតុនេះ​សូម​ទ្រង់​កុំ​ព្រួយព្រះទ័យ​ស្ដាយ​អ្វី​សេះ​ ១ ​ដំរី​ ១ ​នោះ។ វា​បាត់​ទៅ​ទាំង​ពីរ យើង​បាន​ដល់​ទៅ​​ ៤ ​ឡើង​វិញ​ហើយ។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ ទ្រង់​ព្រឺព្រួច​ក្នុង​ព្រះរាជ​ហឫទ័យ​ណាស់ ទ្រង់​តំរង់ព្រះ​ស្មារតី​បាន ទ្រង់​ក៏​ត្រាស់​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​នឹង​ទៅ​ក្រុងស្រឡប់​ពិជ័យ ឬ​នៅ​ក្រុង​ស្រីសឈរ។ ដ្បិត​ក្នុង​ស្រុក​ស្រីសឈរ​នោះ​យើង​មាន​គ្រប់​គ្រួ​នៅ​ទីនោះ​ច្រើន។ ទើប​សម្ដេចចៅហ៊្វា​កៅ​ទូល​ថា យើង​ធ្វើសង្គ្រាម​មាន​ជ័យ​ជា​ច្រើន​ដង យើង​បានជា​ស្ដេច​ជា​ចៅហ្វាយ​នេះ​តាំងពី​នៅ​តតាំង​ច្បាំង​គ្នា​នៅ​ស្រីសឈរ ដូច្នោះ​គួរ​យើង​យក​ក្រុង​ស្រីសឈរ​នោះ​ជាទី​ចំបាំង។ បើ​ពុំ​ឈ្នះ​នៅ​ទីនោះ​ទេ ចាំ​យើង​ទៅ​តាំង​ត​នៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ត្រាស់​ផ្ដាំ​នឹង​សម្ដេចចៅហ៊្វា​កៅ​ថាឲ្យ​កេណ្ឌ​រេហ៍ពល​ឲ្យ​បាន​ច្រើន​នៅ​រក្សា​បន្ទាយ​នោះ។ សម្ដេចចៅហ៊្វា​កៅ​ក៏​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ ឯ​សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ កែវ​នាយក ព្រះ​អង្គ​ចាំ​បាត់​ពុំ​ឃើញ​ទ័ពជើងគោក​លើក​មក ព្រះ​អង្គ​ក៏​ថយ​ទ័ព​ទូក​មក​ភ្នំពេញ​វិញដើម្បី​នឹង​ស្ដាប់​ព្រះរាជា​សម្ដេចព្រះ​បិតុលា​រាជាធិរាជ។

ចំបាំងតទល់នឹងចន្ទរាជា

កែប្រែ

សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខែត្រ​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដីដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​ លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន្ត។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខែត្រ​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទខែត្រ​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ាមហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។ ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពលកាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់នឹង​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួសឃុំ​ពល​ ២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភគិយ្យោ​យសរាជាជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។ សម្ដេចចៅហ៊្វា​កៅ​ ដែល​នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។ ក្នុង​ខណៈនោះ ចូល​ក្នុង​ឆ្នាំមមី ចត្វា​ស័ក ព.ស​ ២០៦៦, គ.ស ​១៥២២, ម.ស ​១៤៤៤, ច.ស ​៨៨៤ ខែជេស្ឋ ដែល​គួរ​ទុក​ឱកាស​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ​ច្បារ​ដំណាំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់ផែនដី​គ្រប់គ្រង​ពិជ័យ​នគរមាន​ព្រះរាជសារ​ចាត់​ឲ្យ​ចៅពញា​មន្ដ្រី​ជា​រាជទូត​នាំ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​បពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង​ផែនដី​ត្រើយ​ខាងលិច ដែល​មាន​សេចក្ដី​ថា៖ ព្រះរាជសារ​មហា​ទ័ព​វិសេស ​ព្រះបាទ​សម្ដេច ស្ដេច​ព្រះរាជ​ឱង្ការ ​ព្រះ​ស្រីជេដ្ឋា បរមខត្តិយាមហា​ធិបតី​សិរី​យសោធរ គ្រង​ពិជ័យ​នគរ​បវរ​រាជធានី​ជា​អម្ចាស់​លើ​ត្បូង។ ចំរើន​ផ្លូវ​ព្រះរាជ​មេត្រី​មក​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ ព្រះ​មហា​ចន្ទរាជា​រាមាធិបតី​ទិស​ខាងលិច​បាន​ទ្រង់​ជ្រាប។ យើង​ធ្វើ​មហា​ពិជ័យសង្គ្រាម​នឹង​គ្នា​ជា​អង្វែង​ឆ្នាំ​មក​ហើយ អស់​អាណា​ប្រជានុរាស្ដ្រ ទាសកម្មករ បវរ​រាជធានី ក៏​នឿយ​ព្រួយ​ព្រាត់ប្រាស់​បុត្រ​ភរិយា​ជា​ច្រើន។ ឥឡូវនេះ​រដូវ​ដែល​ត្រូវ​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ក៏​មក​ដល់​ហើយ។ យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​យល់​ថា គួរ​ឈប់​ធ្វើសង្គ្រាម​មួយ​វេលា បង្អង់​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ​សិន លុះ​រាស្ដ្រ​ធ្វើ​រួច​កាលណា​សុំ​យើង​ធ្វើសង្គ្រាម​ល្បង​ព្រះ​បារមី​តទៅ​ទៀត។ ព្រះ​អង្គ​ជា​អម្ចាស់​ទិស​ខាងលិច​យល់​ដូច​ម្ដេច? ថាបើ​យល់ព្រម​ហើយ ឲ្យ​រំសាយ​កងទ័ព​ទៅ​ធ្វើស្រែ​ចំការ​យក​ប្រយោជន៍​ចិញ្ចឹម​បុត្រ​ភរិយា​តាម​ប្រវេណី​ចុះ។ ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយា​មហា​ចន្ទរាជាធិរាជជា​អម្ចាស់​លើ​ត្បូង ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ត្រាស់ នឹង​ព្រះ​រាជទូត​ថា ម្ចាស់​ឯង​គិត​នេះ​ក៏​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ហើយ។ សេចក្ដី​នេះ​អញ​យល់ព្រម​តាម​ហើយ តែ​ឲ្យ​ម្ចាស់​ឯង​រំលាយ​កងទ័ព​ទៅ​ជា​មុន​ចុះចាំ​អញ​រំសាយ​កងទ័ព​ទៅ​តាម​ក្រោយ។ វេលា​នោះ ចៅពញា​មន្ដ្រី​រាជទូត​ក៏​ថ្វាយបង្គំ​ត្រឡប់​ទៅ​ក្រាបទូល​សម្ដេចព្រះ​ស្រីជេដ្ឋា​វិញ។ សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កនបាន​ទ្រង់​ជ្រាប​ហើយ​ក៏​ឲ្យ​រំសាយកងទ័ព​ទៅ​ធ្វើស្រែ​ចំការតាម​ភូមិ​លំនៅ​ទីទៃៗ។ ឯ​សម្ដេចព្រះ​បរម​ឧត្ដម​ខត្តិយា​ចន្ទរាជា​ទ្រង់​ជ្រាប​ដោយ​កង​ល្បាត​ថា ព្រះស្ដេច​កន​រំសាយ​កងទ័ព​ហើយ ព្រះ​អង្គ​ក៏​រំសាយ​កងទ័ព​ដែរ ទ្រង់​ទុក​នៅ​សំរាប់​តែ​បន្ទាយប្រមាណ​ ១០០០ ​នាក់។ ក្នុង​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការយាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ធាតុ​តាម​សព្វដង។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួសជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​ ១០០ ​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុងព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស​ចាត់​ទៅ​នោះក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​ គ្រាប់។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញ​ម្ដង​ចេញ​ទៅ​ ព្រួញបាញ់ ​៥ ​ដង​ត្រូវជា​ ២៥​ ព្រួញបណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​ ២៥​ នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញតាម​ដំណើរ​គ្រប់​ប្រការ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមខត្តិយា​មហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះគឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស​ទៅសំលាប់​ភ្លាម។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះលុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច​នោះ​ទៅ​ធ្វើបុណ្យ រួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​ ៧៥ ​នាក់​នោះ​ជា​ពល​រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សំរាប់​ងារ​យមរាជ​នោះ​រៀង​មក។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សំរាប់​ការពារ​បន្ទាយ​ ១០០០០​ នាក់ ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភគិនេយ្យា​យស​រាជា​កែវ​នាយក​ និង​សេនា​ទាហាន ​៤០០០ ​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល ​៦០០០​ នាក់យាង​ត្រឡប់​ទៅ​ខែត្រ​ពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​ជ័យ វិញ។

ញាតិវង្ស

កែប្រែ

សម្ដេចព្រះ​ស្រីជេដ្ឋា​អង្គ​នេះ ព្រះ​អង្គ​ពុំ​មាន​អគ្គមហេសី​ទេ ព្រះ​អង្គ​មាន​ព្រះ​នាង​ជាលែងជា​កូន​សម្ដេច​ចៅពញា​ហែងលើក​ឡើងជា​ស្នំ​ឯក។ ទ្រង់​សព្វព្រះទ័យ​នឹង​ព្រះ​ស្នំ​ឯក​ណាស់ ហើយ​តាំង​ប្អូន​ព្រះ​ស្នំ​ឯក​ជា​ស្នងធ្នឹម​ព្រះ​នគរ។ ឯ​បន្ទាយ​នោះ​មាន​ទ្វារធំ​ ៤ ទ្វារ​តូច​តាម​ជ្រុង​បន្ទាយ​ ៤។ ទ្វារធំ​ខាងកើត​ឲ្យ​ឈ្មោះ ហៅ​ថា ទ្វា​រចក្រឲ្យ​ពញា​ឆ្លូក​រាជការ​នៅ​រក្សា​ជា​ទ្វារ​សំរាប់​ស្ដេច​ឡើង​គង់​ព្រះ​បញ្ជា​ទត​ទិស​នានា។ ទ្វារធំ​ខាងត្បូង​ឲ្យ​ឈ្មោះ​ហៅថា​ ទ្វារ​ស្នង​ទ្រង់ ស្ដេច​ឲ្យ​ស្នង​ធ្នឹម​ព្រះ​នគរ​ជា​ប្អូនថ្លៃ​នៅ​រក្សា​ត្រួតត្រា ហើយ​ជា​សំរាប់​ស្ដេច​ចេញ​ទត​សេនា​ទាហាន​សម​ថ្វីដៃ។ ទ្វារធំ​ខាងលិច​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​រោង​ ស្ដេច​ឲ្យ​ពញា​រោង​រាជភក្ដី​នៅ​ត្រួតត្រា​សំរាប់ស្ដេច​ចេញ​ទត​ដំរី​សេះ​ ព្រះ​រាជយាន។ ទ្វារធំ​ខាងជើង​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​ត្រាច់ឲ្យ​ពញា​ត្រាច់​សារវន្ដ​នៅ​ត្រួតត្រា​សំរាប់​ស្ដេច​នាំ​ព្រះ​ស្នំក្រុម​ការចេញ​ទៅ​ប្រពាត​ព្រឹក្សា​ទាំងឡាយ​ជាទី​កំសាន្ដ​ព្រះរាជ​ហឫទ័យ។ ក្នុង​កំពែង​ព្រះ​វិហារ ស្ដេច​សាង​វត្ដសាង​ប្រាសាទ​មួយ ហើយ​យក​មាស​ខ្មៅ​សាង​ព្រះពុទ្ធរូប​មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ្នែន​ ១២ធ្នាប់ កំពស់២០ ​ធ្នាប់ តំកល់​ក្នុង​ប្រាសាទ​នោះ។ ទ្រង់​តាំង​នាម​ហៅ​ព្រះ​អង្គ​ខ្មៅ ទ្រង់​តាំង​នាម​ចៅអធិការ​វត្ដ​នោះ​ថា ព្រះ​អរិយញាណ​សាគរ​អាប៉ោរួច​ប្រគេន​រេហ៍ពល​ ៥០០​ នាក់​ជា​សំរាប់​វត្ដ។ ទ្រង់​តាំង​នាម​វត្ដ​នោះ​ហៅ​ថា វត្ដ​ប្រាសាទ ខ្លះ​ហៅ​ថា​វត្ដខ្មៅ។ ឯ​អ្នក​ព្រះ​ម្នាង​ជាលែង​នោះ​សាង​វត្ដ​អារាម​មួយ​ខាងជើង​បន្ទាយ​ពិជ័យ​ព្រៃនគរ។ លុះ​សាង​រួច​ហើយ នាង​ឲ្យ​ជញ្ជូន​សព្វ​ទ្រព្យ​ទាំងពួង​ទៅ​គរ​ថ្វាយ​ព្រះ​រតនត្រ័យ​នៅ​ទីនោះ​បាន​ជាប់​ឈ្មោះ​មក​ហៅ​វត្ដគរ​សព្វ​ថ្ងៃនេះ។ ឯ​ក្រុង​ពិជ័យ​ព្រៃនគរ​នោះ​ទ្រង់​ឲ្យ​សាង​ថ្នល់​មួយ​តំរង់​ទៅ​ខែត្រ​រោង​ដំរីដើម្បី​ជា​សំរាប់ព្រះ​អង្គ​យាង​ទៅ​ក្រសាល​សមុទ្រថ្នល់​មួយទៅ​វត្ដ​ព្រះ​ធាតុ​ដើម្បី​ជា​សំរាប់ស្ដេច​ព្រះរាជ​ដំណើរ​ថ្វាយបង្គំ​គោរព​ព្រះ​បរម​ធាតុ​ព្រះអរហន្ដ​ថេរ។ ក្នុង​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការយាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ធាតុ​តាម​សព្វដង។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួសជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​ ១០០ ​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុងព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស​ចាត់​ទៅ​នោះក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​ ៥ ​គ្រាប់។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញបាញ់​ម្ដង​ចេញ​ទៅ​ ៥ ​ព្រួញបាញ់ ​៥ ​ដង​ត្រូវជា​ ២៥​ ព្រួញបណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​ ២៥​ នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញតាម​ដំណើរ​គ្រប់​ប្រការ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមខត្តិយា​មហាចន្ទរាជា​សូម​ទ្រង់ជ្រាប។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះគឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស​ទៅសំលាប់​ភ្លាម។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះលុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច​នោះ​ទៅ​ធ្វើបុណ្យរួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​ ៧៥ ​នាក់​នោះ​ជា​ពល​រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សំរាប់​ងារ​យមរាជ​នោះ​រៀង​មក។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សំរាប់​ការពារ​បន្ទាយ​ ១០០០០​ នាក់ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភគិនេយ្យា​យស​រាជា ​កែវ​នាយក​ និង​សេនា​ទាហាន ​៤០០០ ​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល ​៦០០០​ នាក់យាង​ត្រឡប់​ទៅ​ខែត្រពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​ជ័យ វិញ។

អវសានជីវិត

កែប្រែ

អស់ពីនោះមក ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និងឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខែត្រពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នានឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅខែត្រ​រោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខែត្រ​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នាំ​អ្នក​ម្នាង​ជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ។ លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែងឲ្យ​បាំង​ស្រមោល​វាស់​ល​មើលឃើញ​ ២៤ព្យាម សំណុំ៩​ ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨ ​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨​ ព្យាម។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ។ បើ​ហ៊ាន​អុំ​ភ្នាល់ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧ ​ព្យាម​នោះគង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូកង​មួយ​វែង ​២៥​ ព្យាម ទទឹង ​១២​ ហត្ថទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយមួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​មហានគរ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយនឹង​សិត​ទូក​នោះ កងទ័ពបិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ទាំង​ផែន​ប្រឹថពី។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និង​ចក្រី​នីរត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូងទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀតចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នាឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ថ្ងៃនេះ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូងចំកាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួចអស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ។ លុះ​ដើរទៅ​ទៀតនាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នីឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹងបានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​អុង​ម៉ុង​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា អុង​ម៉ុង​ព្រះ​មហោសថ។ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ​ ៧ ​ហត្ថ​បួន​ជ្រុង អុង​ម៉ុង​ធំ​នោះ មាន​ទំហំ​ ១៣ ​ហត្ថ​បួន​ជ្រុង។ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន។ លុះ​ពេល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​សំរាកមួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោង​អុង​ម៉ុង​ធំ​នោះ នាង​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា​រៀង​មក។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទំលាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ជាប់​ជា​ភូមិ​ស្វា​ស។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់ចំការពោត​មួយអន្លើ ម្ចាស់​ចំការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថាឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ ​រៀង​មក។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កំលាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​ ៦​ ហត្ថ កំពស់ ​១​ ហត្ថ ទទឹង ​៣ ​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ ភូមិ​ថ្ម​គ្រែ។ ឯ​សម្ដេចចៅពញា​ហែង នាង​ជាលែង ចៅពញា​ស្រាល ចៅពញា​លំពាំង​នោះ​នៅ​ជាមួយ​នឹង​ព្រះស្ដេច​កន​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ក្នុង​ព្រៃ​នោះ តែ​ជិត​កើតជា​បន្ទាយ​កាលណា​ក៏​ចេះ​តែ​ឮ​សូរដូច​ជា​កងទ័ព​គេ​លើក​ទៅ​ចោម។ ដូច្នោះ​ហើយ​ស្ដេច​កន​ក៏​នាំ​គ្នា​ជិះ​ដំរី​ទៅ​ជ្រក​ក្នុង​ព្រៃ​មួយ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ ​ភូមិ​ដំរី​ជ្រាប។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ជួប​មេមត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់ ស្ដេច​កន​ឲ្យ​បញ្ជាន់​សួរ​ពី​សុខ​ឬ​មិន​សុខ។ មេមត់​នោះ​ឆ្លើយ​ថា ពុំ​សុខ​ទេ បើ​ចង់​សុខ​ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាងលិច ក្រោយមក​នោះ​មាន​គេ​ទៅ​នៅ​ទីនោះ​ក៏​ជាប់​ហៅ​ថា ភូមិ​មេមត់​ រៀង​មក។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​ព្រៃ​មួយអន្លើ ពួក​យាម​គ្មាន​ឫស្សី​ធ្វើ​ត្រដោក តែ​ឃើញ​ផ្ទាំង​ថ្ម​មួយ​មាន​រូង​ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ខ្ទ័រ​ដូច​ស្គរ​ដូច​ ត្រដោក។ ក្រោយមក​មាន​គេ​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ត្រដោក។ រត់​ទៅ​ទៀត​ស្ដេច​កន​ឃើញ​ទន្លេ​ចាម​មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ ក៏​ឈប់​ទ័ព​នៅ​ទីនោះ។ មាន​កំពង់​ចុះ​ងូត​ដងទឹក​នោះ​ដោយ​ខ្លួនមាន​ឈ្មោះ​កំពង់​នាង​ជាលែង កំពង់ហ្លួង កំពង់​សម្ដេចចៅពញា​ហែង​រៀង​មក។ លុះ​នៅ​ទីនោះ​យូរ​ទៅ​សម្ដេចចៅពញា​ហែង ជំទាវ​សួសក៏​មាន​ជំងឺ​ហើយ​អនិច្ចកម្ម​ទៅ នៅ​តែម​ន្ដ្រី​សេនា​ទាហាន​ជាន់​តូចៗ និង​រេហ៍ពល​ប្រាំ ឬ​ប្រាំមួយ​រយ​នាក់ ទើប​ព្រះ​ស្រីជេដ្ឋា​ជំនុំ​នឹង​រេហ៍ពល​ទាំងឡាយ​ថា យើង​រត់​មក​នោះ​ឆ្ងាយ​ណាស់ ស្បៀងអាហារ​ក៏​តិច​ណាស់ កេណ្ឌ​រេហ៍ពល​ថែម​ទៀត​ក៏​ពុំ​បាន។ យើង​យល់​ថា ព្រះ​ចន្ទរាជា​ទៅ​ខែត្រ​ពោធិ៍សាត់ទៅ​ហើយ នៅ​តែ​ពញា​យសរាជា​នោះ​ជា​ក្មួយ​អញ​បង្កើត ដូច្នោះ​បើ​ទុក​ជា​ម្ដេច​ម្ដា ក៏​ចៅពញា​យសរាជា​មិន​យកទោស​អញ​ទេ ទ្រង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេចជា​សម្ដេច​ចៅហ៊្វា​ដែរ ហើយ​ពួក​ឯង​រាល់គ្នា​គង់​បាន​សេចក្ដីសុខ​ដែរ។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ អញ​និង​ទំនុក​បំរុង​បាន​ដោយ​ងាយ។ អញ​យល់​ថា យើង​ចាក់ចោល​គ្រាប់រំសេវ​ឲ្យ​អស់ ហើយ​សុំ​ចុះចូល​វិញ​ឃើញ​ថាបាន​សេចក្ដីសុខ​ប្រសើរ​ជាង។ អស់​ពល​ក៏​យល់​ព្រម​តាម សព្វថ្ងៃ​ទីនោះ​ហៅ​ថា ភូមិ​ជំនុំ​ រៀង​មក។ ព.ស​ ២០៦៩, គ.ស ​១៥២៥, ម.ស​ ១៤៤៧, ច.ស ​៨៨៧ ឆ្នាំរកាសប្ដស័ក សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កនបាន​ចាក់ចោល​គ្រាប់រំសេវ ហើយ​ក៏​នាំ​រេហ៍ពល​មក​ដល់​វត្ដ​គរ​ដែល​ព្រះ​នាង​ជាលែង​សាង​នោះ។ នៅ​ទីនោះ​ស្ដេច​កន​ឲ្យ​រេហ៍ពល​ជីក​ស្រះ​មួយ​នៅ​ផ្នែក​កើត​ព្រះ​វិហារ​ទុក​ជាទី​សំរាប់​វត្ដ។ ក្រោយមក​ស្ដេច​កន​នាំ​រេហ៍ពល​ទៅ​ទិស​ខាងជើងដល់​វត្ដ​មួយ​ដែល​សម្ដេច​ចៅពញា​ហែង បិតា​ព្រះ​ម្នាង​ជាលែង​សាង​នោះ​ឲ្យឈ្មោះ​ជាប់​នឹង​វត្ដ​ដែល​សាង​នោះ​ហៅ​ថា វត្ដ​គរ​ការ​ទួល​តា​ហែងតាម​នាម​សម្ដេច​ហែង។ រួច​ចេញ​ទៅ​ខាងលិច​ភូមិ​ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​បណ្ដោយ​ប្រវែង​ ៥០​ ព្យាម ទទឹង​ ២៥ ព្យាម ហើយ​សាង​វត្ដ​មួយ​សាង​ព្រះពុទ្ធរូប និង​ដើម​រកា ​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ហៅ​ថា វត្ដ​ភូមិ​រកា​ព្រះ​ប្រាំ​រៀង​មក។

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
សម្ដេចចៅពញានៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ប្រ.សតវត្សទី១៦
តដោយ
មិនស្គាល់